User Tools

Site Tools


Translations of this page?:
km:tipitaka:vin:vbu:pc:index

បាចិត្តិយកណ្ឌ មាតិកា



vin vbu pc បាលី cs-km: vin.vbu.pc អដ្ឋកថា: vin.vbu.pc_att PTS: ?

បាចិត្តិយកណ្ឌ

មាតិកា

ធ្វើ​​ឡើង​​សម្រាប់​​ព្រះ​​សង្ឃ​ ដោយ​

ពុទ្ធ​បរិស័ទ នៃ sangham.net

សង្ខេប

«បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំង​ឡាយ អាបត្តិ​បាចិត្តិយ​៩២​ទាំង​នេះ​ឯង​តែង​មក​កាន់​​ឧទ្ទេស។»

មាតិកា បាចិត្តិយកណ្ឌ

មុសាវាទវគ្គ (ទី១)

មុសាវាទវគ្គ

(បាចិត្តិយ មុសាវាទវគ្គ) បឋមសិក្ខាបទ (ទី១) (vin.vbu.pc.01 | ភាគ ៣)

បាចិត្តិយសិក្ខាបទ ទី១ គឺ សម្បជានមុសាវាទ៖ «ភិក្ខុ​ពោល​ពាក្យ​កុហក​ដោយ​ដឹង​ខ្លួន ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

(បាចិត្តិយ មុសាវាទវគ្គ) សិក្ខាបទ ទី២ (vin.vbu.pc.02 | ភាគ ៣)

បាចិត្តិយសិក្ខាបទ ទី២ គឺ ឱមសវាទ៖ «ភិក្ខុ​ពោល​ពាក្យ​ចាក់​ដោត ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

(បាចិត្តិយ មុសាវាទវគ្គ) សិក្ខាបទ ទី៣ (vin.vbu.pc.03 | ភាគ ៣)

បាចិត្តិយសិក្ខាបទ ទី៣ គឺ បេសុញ្ញវាទ៖ «ភិក្ខុត្រូវអាបត្ដិ បាចិត្ដិយ ព្រោះពោលពាក្យញុះញង់ភិក្ខុផងគ្នា។»

 

(បាចិត្តិយ មុសាវាទវគ្គ) សិក្ខាបទ ទី៤ (vin.vbu.pc.04 | ភាគ ៣)

បាចិត្តិយសិក្ខាបទ ទី៤ គឺ បទសោធម្ម៖ «ភិក្ខុ​ណា​មួយ បង្រៀន​ធម៌​ជា​បទ​ចំពោះ​អនុបសម្បន្ន ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

(បាចិត្តិយ មុសាវាទវគ្គ) សិក្ខាបទ ទី៥ (vin.vbu.pc.05 | ភាគ ៣)

បាចិត្តិយសិក្ខាបទ ទី៥ គឺ បឋមសហសេយ្យ៖ «ភិក្ខុ​ណា​មួយ សម្រេច​នូវ​ទី​ដេក​ជា​មួយ​នឹង​អនុបសម្បន្ន លើស​ជាង​ពីរ​យប់ ឬ​បី​យប់​ឡើង​ទៅ ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

(បាចិត្តិយ មុសាវាទវគ្គ) សិក្ខាបទ ទី៦ (vin.vbu.pc.06 | ភាគ ៣)

បាចិត្តិយសិក្ខាបទ ទី៦ គឺ ទុតិយសហសេយ្យ៖ «ភិក្ខុ​ណា​មួយ​សម្រេច​នូវ​ទី​ដេក​ជា​មួយ​នឹង​មាតុគ្រាម ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

(បាចិត្តិយ មុសាវាទវគ្គ) សិក្ខាបទ ទី៧ (vin.vbu.pc.07 | ភាគ ៣)

បាចិត្តិយសិក្ខាបទ ទី៧ គឺ ធម្មទេសនា៖ «ភិក្ខុ​ណា​មួយ សំដែង​ធម៌​ដល់​មាតុ​គ្រាម​លើស​ពី​ប្រាំម៉ាត់ ឬ​ប្រាំ​មួយ​ម៉ាត់​ឡើង​ទៅ ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បាចិត្ដិយ វៀរ​លែង​តែ​មាន​បុរស​ដែល​ដឹង​ក្ដី (អង្គុយ​ជិត)។»

 

(បាចិត្តិយ មុសាវាទវគ្គ) សិក្ខាបទ ទី៨ (vin.vbu.pc.08 | ភាគ ៣)

បាចិត្តិយសិក្ខាបទ ទី៨ គឺ ភូតារោចនៈ៖ «ភិក្ខុ​ណា​មួយ​ប្រាប់​ឧត្ដរិមនុស្សធម៌ ដល់​អនុបសម្បន្ន ត្រូវ​អាបត្ដិ​បាចិត្ដិយ ព្រោះ​ឧត្ដរិមនុស្សធម៌​នោះ​ភិក្ខុ​បាន​ពិត​មែន។»

 

(បាចិត្តិយ មុសាវាទវគ្គ) សិក្ខាបទ ទី៩ (vin.vbu.pc.09 | ភាគ ៣)

បាចិត្តិយសិក្ខាបទ ទី៩ គឺ ទុដ្ឋុល្លាបត្ដិ៖ «ភិក្ខុ​ណា​មួយ​ប្រាប់​ទុដ្ឋុល្លាបត្ដិ​របស់​ភិក្ខុ​ផង​គ្នា​ដល់​អនុបសម្បន្ន​បុគ្គល ត្រូវ​អាបត្ដិ​បាចិត្ដិយ វៀរ​លែង​តែ​ភិក្ខុ​ដែល​សង្ឃ​សន្មត​ឱ្យ​ប្រាប់។»

 

(បាចិត្តិយ មុសាវាទវគ្គ) សិក្ខាបទ ទី១០ (vin.vbu.pc.10 | ភាគ ៣)

បាចិត្តិយសិក្ខាបទ ទី១០ គឺ បឋវីខណនៈ៖ «ភិក្ខុ​ណា​មួយ​ជីក​ដោយ​ខ្លួន​ឯង​ក្ដី ប្រើ​អ្នក​ដទៃ​ឱ្យ​ជីក​ក្ដី នូវ​ផែន​ដី​ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

ភូតគាមវគ្គ (ទី២)

ភូតគាមវគ្គ

(បាចិត្តិយ ភូតគាមវគ្គ) សិក្ខាបទ ទី១ (១១) (vin.vbu.pc.11 | ភាគ ៣)

បាចិត្តិយ សិក្ខាបទ ទី១ (១១) គឺ ភិក្ខុ​ធ្វើ​ភូត​គាម​ឲ្យ​ដាច់​ចាក​៖ «ភិក្ខុ​ធ្វើ​ភូត​តាម មាន​ឈើ និង​ស្មៅ​ជា​ដើម​ឱ្យ​វិនាស ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

(បាចិត្តិយ ភូតគាមវគ្គ) សិក្ខាបទ ទី២ (១២) (vin.vbu.pc.12 | ភាគ ៣)

បាចិត្តិយ សិក្ខាបទ ទី២ (១២) គឺ ភិក្ខុ​យក​រឿង​ដទៃ​​មក​បន្លប់​ដើម្បី​​បិទ​បាំង​ទោស​ខ្លួន៖ «ភិក្ខុ​ត្រូវ​អាបត្ដិ​បាចិត្ដិយ ព្រោះ​​ពោល​នូវ​ពាក្យ​ដទៃ​(ឬ)ព្រោះ​ធ្វើ​ឱ្យ​សង្ឃ​បាន​សេចក្ដី​លំបាក។»

 

(បាចិត្តិយ ភូតគាមវគ្គ) សិក្ខាបទ ទី៣ (១៣) (vin.vbu.pc.13 | ភាគ ៣)

បាចិត្តិយ សិក្ខាបទ ទី៣ (១៣) គឺ ភិក្ខុ​​លើក​ទោស​​ភិក្ខុ​អ្នក​​ធ្វើ​ការ​សង្ឃ៖ «ភិក្ខុ​បង្គាប់​ភិក្ខុ​ដទៃ​ឱ្យ​ពោល​ទោស ( ភិក្ខុ​ផង​គ្នា​ឬ ) តិះ​​ដៀល ( ភិក្ខុ​ផង​គ្នា ) ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

(បាចិត្តិយ ភូតគាមវគ្គ) សិក្ខាបទ ទី៤ (១៤) (vin.vbu.pc.14 | ភាគ ៣)

បាចិត្តិយ សិក្ខាបទ ទី៤ (១៤) គឺ ភិក្ខុ​យក​គ្រែ​តាំង ពូក​កៅ​អី​របស់​​សង្ឃ​​ទៅ​ចោល​ក្នុង​ទី​វាល ហើយ​ចៀស​ចេញ​ទៅ៖ «ភិក្ខុ​ណា​មួយ​លាត​ឬ​សន្ធឹង​ខ្លួន​ឯង​ក្ដី ឱ្យ​គេ​លាត​ក្ដី នូវ​គ្រែ​ក្ដី តាំង​ក្ដី ពូក​ក្ដី កៅអី​ក្ដី ដែល​​ជា​របស់​សង្ឃ​ក្នុង​ទី​វាល ហើយ​កាល​នឹង​ដើរ​ចេញ​ទៅ មិន​​បាន​រើយក​គ្រឿង​សេនាសនៈ មាន​គ្រែ​ជា​ដើម​នោះ មកទុក​ដាក់​ឯង មិន​បាន​ប្រើ​គេ​ឱ្យ​រើយក​មក​ទុក​ដាក់ ហើយ​ឥត​បាន​ប្រាប់ ​(អ្នក​ដទៃ) ស្រាប់ តែ​ដើរ​ចេញ​ទៅ ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

(បាចិត្តិយ ភូតគាមវគ្គ) សិក្ខាបទ ទី៥ (១៥) (vin.vbu.pc.15 | ភាគ ៣)

បាចិត្តិយ សិក្ខាបទ ទី៥ (១៥) គឺ ភិក្ខុ​យក​កម្រាល​របស់​សង្ឃ​ទៅ​ក្រាល​ចោល ហើយ​ចៀស​ចេញ​ទៅ៖ «ភិក្ខុ​ណា​មួយ​ក្រាល ឬ​ប្រើ​គេ​ឱ្យ​ក្រាល​នូវ​កម្រាល​សម្រាប់​ដេក​ក្នុង​វិហារ​ជា​របស់​សង្ឃ ហើយ​កាល​នឹង​ដើរ​ចេញ​ទៅ មិន​បាន​រើយក​មក​ទុក​ដាក់ មិន​បាន​ប្រើ​គេ​ឱ្យ​រើយក​មក​ទុក​ដាក់ នូវ​គ្រឿង​សេនាសនៈនោះ ឬ​ឥត​បាន​ប្រាប់ (អ្នក​ដទៃ) ស្រាប់​តែ​ដើរ​ចេញ​ទៅ ត្រូវ​អាបត្ដិ​បាចិត្ដិយ។»

 

(បាចិត្តិយ ភូតគាមវគ្គ) សិក្ខាបទ ទី៦ (១៦) (vin.vbu.pc.16 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៦ (១៦) គឺ ភិក្ខុ​ដេក​បៀត​ច្រៀត​ភិក្ខុ​អ្នក​នៅ​មុន​ក្នុង​កុដិ​សង្ឃ៖ «ភិក្ខុ​ណា​មួយ​​ដឹង​ហើយ ​ចូល​ទៅ​ច្រៀត​បៀត​​នូវ​ភិក្ខុ​​ដែល​ចូល​​ទៅ​នៅ​មុន ហើយ​សម្រេច​​នូវ​ទី​ដេក​ក្នុង​វិហារ​​របស់​​សង្ឃ​​ដោយ​គិត​ថា ភិក្ខុ​ណា​​មាន​សេចក្តី​ចង្អៀត​ចង្អល់​ ភិក្ខុ​នោះ​​នឹង​ចៀស​ចេញ​ទៅ ត្រូវ​អាបត្តិ​​បាចិត្តិយ ព្រោះ​​ធ្វើ​​នូវ​សេចក្តី​ច្រៀត​បៀត​​នោះ​ឯង​​ឲ្យ​ជា​បច្ច័យ​ មិន​មែន​​ហេតុ​​ដទៃ​​ទេ។»

 

(បាចិត្តិយ ភូតគាមវគ្គ) សិក្ខាបទ ទី៧ (១៧) (vin.vbu.pc.17 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៧ (១៧) គឺ ភិក្ខុ​ខឹង​នឹង​ភិក្ខុ​ឯ​ទៀត ហើយ​បណ្តេញ​​ចាក​វិហារ​​របស់​សង្ឃ៖ «ភិក្ខុ​ណា​មួយ​មាន​ចិត្ត​ក្រោធ​ខឹង​នឹង​ភិក្ខុ​ផង​គ្នា ហើយ​ទង់​ទាញ​ឯង​ក្តី ប្រើ​គេ​ឲ្យ​ទង់​ទាញ​ក្តី ចេញ​ចាក​​វិហារ​​របស់​សង្ឃ ត្រូវ​អាបត្តិ​បាចិត្តយ។»

 

(បាចិត្តិយ ភូតគាមវគ្គ) សិក្ខាបទ ទី៨ (១៨) (vin.vbu.pc.18 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៨ (១៨) គឺ ភិក្ខុ​អង្គុយ ឬ​ដេក​លើ​គ្រែ​មាន​ជើង​ស៊ក​ទុក៖ «ភិក្ខុ​ណា​មួយ​​អង្គុ​យចុះ ដោយ​រហ័ស​​សង្កត់ ឬ​ដេក​សង្កត់​នូវ​គ្រែ​ក្តី នូវ​តាំង​ក្តី ដែល​មាន​ជើង​​គ្រាន់​​តែ​ស៊ក​​ទុក (ដោយ​បណ្តោះ​អាសន្ន) លើ​​ថ្នាក់​​ក្នុង​វិហារ​របស់​សង្ឃ ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ ភូតគាមវគ្គ) សិក្ខាបទ ទី៩ (១៩) (vin.vbu.pc.19 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៩ (១៩) គឺ ភិក្ខុ​លាប​បូក​វិហារ​ញយៗ បាន​កំណត់​ត្រឹម​សន្លឹក​ទ្វារ ឬ​សន្លឹក​បង្អួច​ដោយ​ជុំ​វិញ៖ «ភិក្ខុ​កាល​ឲ្យ​គេ​ធ្វើ​វិហារ​ធំ គប្បី​ឈរ (លាប​បូក​ញយ​ៗ​បាន) កំណត់​​ទី​​មាន​ឱ​កាស​ត្រឹម​តែស​ន្លឹក​ទ្វារ​ (និង​សន្លឹក​បង្អួច) ដើម្បី​​ទុក​ប្រើ​ប្រាស់​នូវ​ទ្វារ និង​ដើម្បី​បរិកម្ម​នូវ​សន្លឹក​បង្អួច ឯ​ដំបូល ភិក្ខុ​ត្រូវ​ឈរ​ក្នុង​ទី​ដែល​គ្មាន​ដំណាំ (នោះ​​ទើប) ប្រក់​បាន​ត្រឹម​ពីរ ឬ​បី​ជាន់ បើ​ភិក្ខុ​ប្រក់​ឲ្យ​ច្រើន​លើស​ជាង​កំណត់​នោះ​ទៅ ទុក​ជា​ឈរ​​នៅ​ក្នុង​​ទី​​ដែល​គ្មាន​ដំណាំ ក៏​គង់​ត្រូវ​អាបត្តិ​បាចិត្តយ។»

 

(បាចិត្តិយ ភូតគាមវគ្គ) សិក្ខាបទ ទី១០ (២០) (vin.vbu.pc.20 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី១០ (២០) គឺ ភិក្ខុ​យក​ទឹក​មាន​សត្វ​ស្រោច​ស្មៅ ឬ​ដី៖ «ភិក្ខុ​ណា​មួយ​ដឹង​ថា​ទឹក​​មាន​សត្វ​​ហើយ​ស្រោច​​ឯង​ក្តី ប្រើ​​គេ​ឲ្យ​ស្រោច​ក្តី នូវ​ស្មៅ​ឬ​ដី ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

ឱវាទវគ្គ (ទី៣)

ឱវាទវគ្គ

(បាចិត្តិយ ឱវាទវគ្គ) សិក្ខាបទ ទី១ (២១) (vin.vbu.pc.21 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី១ (២១) គឺ អសម្មតសិក្ខាបទ (ភិក្ខុ​នោវាទ​សិក្ខាបទ)៖ «ភិក្ខុ​ណា​មួយ​​ដែល​សង្ឃ​​មិន​បាន​​សន្មត ហើយ​ទៅ​ប្រដៅ​ពួក​ភិក្ខុនី ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ ឱវាទវគ្គ) សិក្ខាបទ ទី២ (២២) (vin.vbu.pc.22 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី២ (២២) គឺ អដ្ឋង្គតសិក្ខាបទ៖ «ភិក្ខុ​បើ​ទុក​ជា​សង្ឃ​បាន​សន្មត​ហើយ កាល​បើ​ព្រះ​អាទិត្យអស្តង្គត​ហើយ ទៅ​ប្រដៅ​ពួក​ភិក្ខុនី ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ ឱវាទវគ្គ) សិក្ខាបទ ទី៣ (២៣) (vin.vbu.pc.23 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៣ (២៣) គឺ ឧបស្សយសិក្ខាបទ (ភិក្ខុ​​នូបស្សយ)៖ «ភិក្ខុ​ណា​មួយ​ចូល​ដល់​លំនៅ​របស់​ភិក្ខុនី ហើយ​ប្រដៅ​ពួក​ភិក្ខុនី ត្រូវ​អាបត្តិ​បាចិត្តិយ វៀរ​លែង​​តែ​​មាន​​សម័យ ឯ​សម័យ​​ក្នុង​សិក្ខាបទ​នេះ គឺ​ភិក្ខុនី​មាន​ជម្ងឺ នេះ​ជា​សម័យ​ក្នុង​សិក្ខាបទ​នោះ។»

 

(បាចិត្តិយ ឱវាទវគ្គ) សិក្ខាបទ ទី៤ (២៤) (vin.vbu.pc.24 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៤ (២៤) គឺ អាមិសសិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​ពោល​យ៉ាង​នេះ​ថា ភិក្ខុ​ទាំង​ឡាយ ប្រដៅ​ពួកភិក្ខុនី ព្រោះ​ហេតុ​តែ​អាមិស ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ ឱវាទវគ្គ) សិក្ខាបទ ទី៥ (២៥) (vin.vbu.pc.25 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៥ (២៥) គឺ ទានសិក្ខាបទ (ចីវរ​​ទាន​​សិក្ខាបទ)៖ «ភិក្ខុ​ណា​មួយ​ឲ្យ​ចីវ​រដល់​ភិក្ខុនី​មិន​មែន​ជា​ញាតិ ត្រូវ​អាបត្តិ​​បាចិត្តិយ វៀរ​តែ​ផ្លាស់​ប្តូរ​គ្នា។»

 

(បាចិត្តិយ ឱវាទវគ្គ) សិក្ខាបទ ទី៦ (២៦) (vin.vbu.pc.26 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៦ (២៦) គឺ សិព្វនសិក្ខាបទ (ចីវរ​សិព្វន​​សិក្ខាបទ)៖ «ភិក្ខុ​ណា​មួយ ដេរ​ឯង ឬ​ប្រើ​គេ​ឲ្យ​ដេរ​នូវ​ចីវរ​ឲ្យ​ភិក្ខុនី​មិន​មែន​ញាតិ (ភិក្ខុ​នោះ) ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ ឱវាទវគ្គ) សិក្ខាបទ ទី៧ (២៧) (vin.vbu.pc.27 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៧ (២៧) គឺ អទ្ធានសិក្ខាបទ (សំវិធានសិក្ខាបទ)៖ «ភិក្ខុ​​ណា​មួយ​បបួល​ភិក្ខុនី​ដើរ​ទៅ​កាន់​ផ្លូវ​ឆ្ងាយ​មួយ​ជា​មួយ​គ្នា ដោយ​ហោច​ទៅ សូម្បី​​ទៅ​កាន់​​ទី​ជា​​លង្វែក​​នៃ​ស្រុក​១ ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​បាចិត្តិយ វៀរ​លែង​តែ​​មាន​សម័យ។ ឯ​សម័យ​ក្នុង​សិក្ខា​បទ​​នោះ​គឺ ផ្លូវ​ដែល​គួរ​នឹង​ទៅ​ដោយ​មាន​គ្នីគ្នា​ជា​ពួក​១ ដែល​គេ​សន្មត​ថា​ប្រកប​ដោយ​សេចក្តី​រង្កៀស​​១ ដែល​ប្រកប​ដោយ​ភ័យ​ចំ​ពោះ​មុខ​១ នេះ​ជា​សម័យ​ក្នុង​សិក្ខាបទ​នោះ។»

 

(បាចិត្តិយ ឱវាទវគ្គ) សិក្ខាបទ ទី៨ (២៨) (vin.vbu.pc.28 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៨ (២៨) គឺ នាវាភិរុហនសិក្ខាបទ៖ «ភិក្ខុ​​ណា​មួយ​បបួល​ភិក្ខុនី​​ឡើង​ជិះ​ទូក​១​​ជា​មួយ​គ្នា ទៅ​ច្រាស​ទឹក​ក្តី ទៅ​បណ្តោយ​ទឹក​ក្តី (ភិក្ខុ​នោះ) ត្រូវ​អាបត្តិ​បាចិត្តិយ វៀរ​លែង​តែ​ការ​ឆ្លង​ទទឹង។»

 

(បាចិត្តិយ ឱវាទវគ្គ) សិក្ខាបទ ទី៩ (២៩) (vin.vbu.pc.29 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៩ (២៩) គឺ ភុញ្ជនសិក្ខាបទ (បរិបាចន​សិក្ខាបទ)៖ «ភិក្ខុ​ណា​មួយ​​កាល​​ដឹង​​ហើយ ឆាន់​បិណ្ឌបាត​ដែល​ភិក្ខុនី​ចាត់​ចែង ត្រូវ​អាបត្តិ​បាចិត្តិយ វៀរ​លែង​តែ​ចង្ហាន់​​ដែល​​គ្រហស្ថ​​បាន​ប្រារព្ធ​​ជា​មុន។»

 

(បាចិត្តិយ ឱវាទវគ្គ) សិក្ខាបទ ទី១០ (៣០) (vin.vbu.pc.30 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី១០ (៣០) គឺ ឯកោឯកាយសិក្ខាបទ (រហោនិសជ្ជ​សិក្ខាបទ)៖ «ភិក្ខុ​ណា​មួយ សម្រេច​​ការ​អង្គុយ​​ក្នុង​ទី​ស្ងាត់​​ជា​មួយ​​នឹង​​ភិក្ខុនី​​តែ​ម្នាក់​នឹង​ម្នាក់ (ភិក្ខុ​នោះ) ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

ភោជនវគ្គ (ទី៤)

ភោជនវគ្គ

(បាចិត្តិយ ភោជនវគ្គ) សិក្ខាបទ ទី១ (៣១) (vin.vbu.pc.31 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី១ (៣១) គឺ បិណ្ឌ (សិក្ខាបទ)៖ «បិណ្ឌបាត​​ក្នុង​រោងទាន ភិក្ខុ​មិន​មាន​ជម្ងឺ​ត្រូវ​ឆាន់​បាន​តែ​ម្តង បើ​ឆាន់​ឲ្យ​លើស​​ពី​កំណត់​​នោះ​​ទៅ ត្រូវ​​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ ភោជនវគ្គ) សិក្ខាបទ ទី២ (៣២) (vin.vbu.pc.32 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី២ (៣២) គឺ គណ (សិក្ខាបទ)៖ «ភិក្ខុ​ត្រូវ​​អាបត្តិ​​បាចិត្តិយ ព្រោះ​​ឆាន់​​គណ​ភោជន វៀរ​​លែង​​តែ​មាន​សម័យ។ ឯ​សម័យ​​ក្នុង​សិក្ខាបទ​នោះ​គឺ សម័យ​​ដែល​​​មាន​ជម្ងឺ​១ សម័យ​​ដែល​គេ​ប្រគេន​ចីវរ​១ សម័យ​​ដែល​​ធ្វើ​នូវ​ចីវរ​១ សម័យ​​ដែល​ដើរ​​ផ្លូវ​ឆ្ងាយ​​១ សម័យ​​ដែល​​​ឡើង​ជិះ​ទូក​១ សម័យ​​ដែល​មាន​ភិក្ខុ​ច្រើន​អង្គ​១ សម័យ​​នៃ​សមណ​ភត្ត​១ នេះ​ជា​​សម័យ​​ក្នុង​សិក្ខាបទ​នោះ​។»

 

(បាចិត្តិយ ភោជនវគ្គ) សិក្ខាបទ ទី៣ (៣៣) (vin.vbu.pc.33 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៣ (៣៣) គឺ បរ​(សិក្ខាបទ)៖ «ភិក្ខុ​ត្រូវ​​អាបត្តិ​​បាចិត្តិយ ព្រោះ​ឆាន់​​បរម្បរ​ភោជន វៀរ​​លែង​តែ​មាន​សម័យ។ ឯ​សម័យ​​ក្នុង​សិក្ខាបទ​នោះ​គឺ សម័យ​​ដែល​​ភិក្ខុ​មាន​ជម្ងឺ​១ សម័យ​​នៃ​ចីវរ​ទាន​១ សម័យ​ជា​ទី​​ធ្វើ​នូវ​​ចីវរ​១ នេះ​ជា​សម័យ​​ក្នុង​​សិក្ខាបទ​នោះ។»

 

(បាចិត្តិយ ភោជនវគ្គ) សិក្ខាបទ ទី៤ (៣៤) (vin.vbu.pc.34 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៤ (៣៤) គឺ បូវ​(សិក្ខាបទ)៖ «ជន​បវារណា​នូវ​ភិក្ខុ​ដែល​ចូល​ទៅ​​កាន់​​ត្រកូល​ដោយ​នំ​ទាំង​ឡាយ​ក្តី ដោយ​សដូវ​ទាំង​ឡាយ​ក្តី ដើម្បី​នាំ​ទៅ​បាន​តាម​ប្រាថ្នា។ ភិក្ខុ​​មាន​សេចក្តី​ប្រាថ្នា ត្រូវ​ទទួល​​បាន​ត្រឹម​ពេញ​ពីរ​បី​បាត្រ។ បើ​ទទួល​​ឲ្យ​លើស​​ពី​កំណត់​​នោះ​ទៅ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​ដែល​បាន​ទទួល​នំ ឬ​សត្តូវ​កំណត់​ពេញ​ត្រឹម​ពីរ​បី​បាត្រ​ហើយ ត្រូវ​នាំ​​ចេញ​អំពី​ទី​នោះ​មក​ចែក​មួយ​អន្លើ​ដោយ​ភិក្ខុ​ទាំង​ឡាយ ការ​ចែក​នំ ឬ​សដូវ​​នេះ​ជា​សាមីចិកម្ម​​ក្នុង សិក្ខាបទ​នេះ។»

 

(បាចិត្តិយ ភោជនវគ្គ) សិក្ខាបទ ទី៥ (៣៥) (vin.vbu.pc.35 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៥ (៣៥) គឺ បវារណា​​(សិក្ខាបទ)៖ «ភិក្ខុ​ណា​មួយ​ឆាន់​ហើយ បាន​ហាម​ភោជន​​ហើយ ទំពាស៊ី​ក្តី ឆាន់​ក្តី នូវ​ខាទនីយាហារ ឬ​ភោជនីយាហារ​ដែល​ជា​អនតិរិត្ត គឺ​ជា​វត្ថុ​​ដែល​​មិន​បាន​​ធ្វើ​​វិនយកម្ម និង​មិន​មែន​​សល់​អំពី​ភិក្ខុ​ឈឺ ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ ភោជនវគ្គ) សិក្ខាបទ ទី៦ (៣៦) (vin.vbu.pc.36 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៦ (៣៦) គឺ បវារណា​(សិក្ខាបទ)៖ «ភិក្ខុ​ណា​មួយ កាល​ដឹង​ហើយ រំពៃ​​រក​ទោស នាំ​ភត្ត​ទៅ​បវារណា បង្ខំ​ភិក្ខុ​ដែល​ឆាន់​ហើយ ហាម​​ភត្ត​ហើយ ឲ្យ​​ទំពាស៊ី​ក្តី បរិភោគ​ក្តី នូវ​អនតិរិត្តភោជន ដោយ​ពាក្យ​ថា នែ​ភិក្ខុ អ្នក​ចូរ​ទំពា​ស៊ីក្តី បរិភោគ​ក្តី ដូ​ច្នេះ និមិត្ត​តែ​ភិក្ខុ​នោះ​​ឆាន់​​ហើយ ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ ភោជនវគ្គ) សិក្ខាបទ ទី៧ (៣៧) (vin.vbu.pc.37 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៧ (៣៧) គឺ វិកាល​(សិក្ខាបទ)៖ «ភិក្ខុ​ណា​មួយ ទំពា​ស៊ី​ក្តី បរិភោគ​ក្តី នូវ​ខាទនីយ ឬ​ភោជនីយ​ក្នុង​ពេល​វិកាល ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ ភោជនវគ្គ) សិក្ខាបទ ទី៨ (៣៨) (vin.vbu.pc.38 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៨ (៣៨) គឺ សន្និធិការ​(សិក្ខាបទ)៖ «ភិក្ខុ​ណា​មួយ ទំពា​ស៊ី​ក្តី បរិភោគ​ក្តី នូវ​ខាទនីយ ឬ​ភោជនីយ​ជា​សន្និធិកា​រកៈ គឺ​វត្ថុ​ដែល​ខ្លួន​ទុក​ដាក់​ឲ្យ​កន្លង​រាត្រី ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ ភោជនវគ្គ) សិក្ខាបទ ទី៩ (៣៩) (vin.vbu.pc.39 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៩ (៣៩) គឺ បណីត​​(សិក្ខាបទ)៖ «ភោជន​​ដ៏​ឧត្តម​ទាំង​ឡាយ​ណា​មួយ ភោជន​​ដ៏​ឧត្តម​​ទាំង​នោះ​ដូច​ម្តេច ភោជន​ដ៏​ឧត្តម​​ទាំង​នោះ​គឺ ទឹក​ដោះ​ថ្លា ទឹក​ដោះ​ខាប់ ប្រេង ទឹក​ឃ្មុំ ស្ករ​អំពៅ ត្រី សាច់ ទឹក​ដោះ​ស្រស់ ទឹក​ដោះ​​ជូរ។ ភិក្ខុ​ណា​មួយ​គ្មាន​ជម្ងឺ សូម​ភោជន​ដ៏​ឧត្តម​ទាំង​ឡាយ​មាន​សភាព​យ៉ាង​នេះ ដើម្បី​​ប្រយោជន៍​​ដល់​ខ្លួន ហើយ​ឆាន់ ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ ភោជនវគ្គ) សិក្ខាបទ ទី១០ (៤០) (vin.vbu.pc.40 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី១០ (៤០) គឺ ទ្វារក​(សិក្ខាបទ)៖ «ភិក្ខុ​ណា​មួយ​លេប​នូវ​អាហារ​​តាម​ទ្វារ​មាត់ ជា​អាហារ​​ដែល​​គេ​មិន​​បាន​ប្រគេន ត្រូវ​អាបត្តិ​បាចិត្តិយ វៀរ​​លែង​​តែ​​ទឹក និង​​ឈើស្ទន់។»

 

អចេលកវគ្គ (ទី៥)

អចេលកវគ្គ

(បាចិត្តិយ អចេលកវគ្គ) សិក្ខាបទ ទី១ (៤១) (vin.vbu.pc.41 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី១ (៤១) គឺ បូវសិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​ឲ្យ​​វត្ថុ​​ដែល​​បុគ្គល​​គួរ​ទំពា​ស៊ី ឬ​វត្ថុ​​ដែល​បុគ្គល​​គួរ​​បរិភោគ​​ដល់​អចេលក​ក្តី បរិព្វាជក​ក្តី បរិព្វាជិកា​ក្តី ដោយ​ដៃ​​របស់​​ខ្លួន ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ អចេលកវគ្គ) សិក្ខាបទ ទី២ (៤២) (vin.vbu.pc.42 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី២ (៤២) គឺ កថាសិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​និយាយ​នឹង​ភិក្ខុ​យ៉ាង​នេះ​ថា ម្នាល​អាវុសោ លោក​ចូរ​មក យើង​​ទាំង​ឡាយ​នឹង​ទៅ​កាន់​ស្រុក ឬ​និគម​ដើម្បី​បិណ្ឌបាត ហើយ​ឲ្យ​គេ​ឲ្យ ឬ​​មិន​ឲ្យ​គេ​​ឲ្យ (អ្វីៗ)​ ដល់​​ភិក្ខុ​នោះ ហើយ​បញ្ជូន​​ឲ្យ​ត្រឡប់​​ទៅ​វិញ​​ដោយ​ពាក្យ​ថា នែ​អាវុសោ លោក​ចូរ​ទៅ​វិញ​ចុះ ខ្ញុំ​​និយាយ ឬ​អង្គុយ​​ជា​មួយ​នឹង​​លោក​មិន​សប្បាយ​ទេ ខ្ញុំ​និយាយ ឬ​អង្គុយ​​តែ​ម្នាក់​ឯង​ស្រួល​ជាង ដូ​ច្នេះ ត្រូវ​អាបត្តិ​​បាចិត្តិយ ព្រោះ​​ធ្វើ​នូវ​ហេតុ​នុ៎ះ​​ឯង​​ឲ្យ​ជា​បច្ច័យ មិន​មែន​ជា​ហេតុ​ដទៃ​ឡើយ។»

 

(បាចិត្តិយ អចេលកវគ្គ) សិក្ខាបទ ទី៣ (៤៣) (vin.vbu.pc.43 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៣ (៤៣) គឺ ឧបនន្ទ៣សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​ចូល​ទៅ​សម្រេច​​ការ​​អង្គុយ​​នៅ​ក្នុង​​ត្រកូល​​ដែល​​មាន​​ជន​​តែ​​ពីរ​នាក់ ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ អចេលកវគ្គ) សិក្ខាបទ ទី៤ (៤៤) (vin.vbu.pc.44 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៤ (៤៤) គឺ ឧបនន្ទសិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​​សម្រេច​​ការ​អង្គុយ​លើ​អាសនៈ​​ជា​ទី​ស្ងាត់​​កំបាំង មួយ​អន្លើ​​ដោយ​មាតុគ្រាម ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ អចេលកវគ្គ) សិក្ខាបទ ទី៥ (៤៥) (vin.vbu.pc.45 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៥ (៤៥) គឺ ឧបនន្ទសិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​​សម្រេច​​ការ​អង្គុយ​ក្នុង​ទី​ស្ងាត់​ មួយ​អន្លើ​​ដោយ​មាតុគ្រាម​តែ​ម្នាក់​​និង​ម្នាក់ ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ អចេលកវគ្គ) សិក្ខាបទ ទី៦ (៤៦) (vin.vbu.pc.46 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៦ (៤៦) គឺ ឧបដ្ឋាកសិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​​បាន​ទទួល​និមន្ត​​គេ ជា​អ្នក​​មាន​​ភត្ត​​ហើយ មិន​បាន​លា ឬ​ប្រាប់​​ភិក្ខុ​ដែល​មាន​នៅ ហើយ​ដល់​នូវ​កិរិយា​ត្រាច់​​ទៅ​ក្នុង​​ត្រកូល​​ទាំង​ឡាយ ក្នុង​ពេល​​មុន​ភត្​តក្តី ក្រោយ​ភត្ត​ក្តី ត្រូវ​អាបត្តិ​​បាចិត្តិយ វៀរ​លែង​តែ​មាន​សម័យ។ ឯ​សម័យ​​ក្នុង​សិក្ខាបទ​នោះ​គឺ កាល​ដែល​​ទាយក​​ប្រគេន​ចីវរ​១ កាល​ដែល​​ភិក្ខុ​ធ្វើ​​ចីវរ​១ នេះ​ជា​សម័យ​ក្នុង​សិក្ខាបទ​នោះ។»

 

(បាចិត្តិយ អចេលកវគ្គ) សិក្ខាបទ ទី៧ (៤៧) (vin.vbu.pc.47 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៧ (៤៧) គឺ មហានាមសិក្ខាបទ៖ «ភិក្ខុ​ដែល​គ្មាន​ជម្ងឺ ​ត្រូវ​ត្រេកអរ​​នឹង​ការ​បវារណា​​ដោយ​បច្ច័យ​​កំណត់​​ត្រឹម​​៤​ខែ បើ​ភិក្ខុ​​ត្រេកអរ​​ក្រៃ​លែង​ជាង​នោះ​ទៅ ត្រូវ​អាបត្តិ​​បាចិត្តិយ វៀរ​លែង​តែ​គេ​​បាន​បវារណា​​ថែម​ទៀត វៀរ​លែង​​តែ​​គេ​បាន​​បវារណា​ជា​និច្ច។»

 

(បាចិត្តិយ អចេលកវគ្គ) សិក្ខាបទ ទី៨ (៤៨) (vin.vbu.pc.48 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៨ (៤៨) គឺ បសេនទិសិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​ទៅ​ដើម្បី​មើល​កង​ទ័ព​​ដែល​គេ​លើក​​ចេញ​ទៅ ត្រូវ​អាបត្តិ​​បាចិត្តិយ វៀរ​​លែង​​តែ​​មាន​ហេតុ​មាន​សភាព​យ៉ាង​នោះ។»

 

(បាចិត្តិយ អចេលកវគ្គ) សិក្ខាបទ ទី៩ (៤៩) (vin.vbu.pc.49 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៩ (៤៩) គឺ សេនាសិក្ខាបទ៖ «ភិក្ខុ​នោះ​មាន​ហេតុ​អ្វី​ៗ គួរ​​នឹង​ទៅ​កាន់​កងទ័ព​នោះ ភិក្ខុ​នោះ​​ត្រូវ​នៅ​​ក្នុង​កងទ័ព​​បាន​ត្រឹម​​ពីរ​បី​រាត្រី។ បើ​នៅ​ឲ្យ​ហួស​ពី​កំណត់​​នោះ​ទៅ ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ អចេលកវគ្គ) សិក្ខាបទ ទី១០ (៥០) (vin.vbu.pc.50 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី១០ (៥០) គឺ វិទ្ធសិក្ខាបទ៖ «កាល​បើ​ភិក្ខុ​នៅ​ក្នុង​កងទ័ព​កំណត់​​ពីរ​បី​រាត្រី​ហើយ ទៅ​កាន់​​ទី​ដែល​គេ​​ច្បាំង​គ្នា​ក្តី ទី​ដែល​គេ​ត្រួត​ពល​​ក្តី ទី​តាំង​​នៅ​នៃ​កងទ័ព​​ក្តី ទី​សម្រាប់​​គេ​ចាត់​ក្បួន​​ទ័ព​​ក្តី ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

សុរាបានវគ្គ (ទី៦)

សុរាបានវគ្គ

(បាចិត្តិយ សុរាបានវគ្គ) សិក្ខាបទ ទី១ (៥១) (vin.vbu.pc.51 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី១ (៥១) គឺ សុរា​សិក្ខាបទ៖ «ភិក្ខុ​ផឹក​សុរា​និង​មេរ័យ​ ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ សុរាបានវគ្គ) សិក្ខាបទ ទី២ (៥២) (vin.vbu.pc.52 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី២ (៥២) គឺ អង្គុលិ​សិក្ខាបទ៖ «ភិក្ខុ​ចាក់​ក្រលេក​ប្រលែង​គ្នា​ដោយ​​ជន្លួញ គឺ​ម្រាម​ដៃ​ ត្រូវ​​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ សុរាបានវគ្គ) សិក្ខាបទ ទី៣ (៥៣) (vin.vbu.pc.53 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៣ (៥៣) គឺ ហាសសិក្ខាបទ៖ «ភិក្ខុលេងទឹក ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ សុរាបានវគ្គ) សិក្ខាបទ ទី៤ (៥៤) (vin.vbu.pc.54 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៤ (៥៤) គឺ អនាទរិយ​សិក្ខាបទ៖ «ភិក្ខុ​មិន​អើពើ ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ សុរាបានវគ្គ) សិក្ខាបទ ទី៥ (៥៥) (vin.vbu.pc.55 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៥ (៥៥) គឺ ភឹសន​សិក្ខាបទ១៖ «ភិក្ខុ​ណា​មួយ​ធ្វើ​ភិក្ខុ​ផង​គ្នា​ឲ្យ​ខ្លាច ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ សុរាបានវគ្គ) សិក្ខាបទ ទី៦ (៥៦) (vin.vbu.pc.56 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៦ (៥៦) គឺ ជោតិសិក្ខាបទ៖ «ភិក្ខុណាមួយ​មិនមានជម្ងឺ មានបំណង​នឹងអាំងភ្លើង ហើយបង្កាត់ខ្លួនឯងក្តី ប្រើគេឲ្យបង្កាត់ក្តីនូវភ្លើង ត្រូវ​អាបត្តិបាចិត្តិយ វៀរលែងតែមាន​ហេតុ មាន​សភាពយ៉ាងនោះ។»

 

(បាចិត្តិយ សុរាបានវគ្គ) សិក្ខាបទ ទី៧ (៥៧) (vin.vbu.pc.57 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៧ (៥៧) គឺ ន្ហាន​សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​មិន​ទាន់​ដល់​កំណត់​កន្លះ​ខែ ហើយ​ងូត​ទឹក ត្រូវ​​អាបត្តិ​បាចិត្តិយ វៀរ​លែង​តែ​មាន​​សម័យ។ ឯ​សម័យ​​ក្នុង​សិក្ខាបទ​នោះ​គឺ មួយ​​ខែ​​កន្លះ​​ដ៏​សេស (ខាង​ចុង) នៃ​គិម្ហរដូវ និង​មួយ​ខែ​ខាង​ដើម​​នៃ​វស្សាន​រដូវ រួម​ខែ​​ទាំង​នេះ ត្រូវ​ជា​​២​ខែ​កន្លះ ហៅ​ថា​សម័យ​​ក្តៅ​ សម័យ​​ស្អុះ​ស្អាប់ សម័យ​មាន​ជម្ងឺ​ សម័យ​​ធ្វើ​ការងារ សម័យ​ដើរ​ផ្លូវ​ឆ្ងាយ​ សម័យ​ខ្យល់​និង​ភ្លៀង នេះ​ជា​សម័យ​​ក្នុង​សិក្ខាបទ​នោះ។»

 

(បាចិត្តិយ សុរាបានវគ្គ) សិក្ខាបទ ទី៨ (៥៨) (vin.vbu.pc.58 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៨ (៥៨) គឺ ទុព្វណ្ណសិក្ខាបទ៖ «ភិក្ខុបានចីវរថ្មីមកហើយ គប្បីកាន់យកនូវវត្ថុ​សម្រាប់​ធ្វើ​ឲ្យខូចពណ៌​៣​យ៉ាង គឺពណ៌ខៀវក្តី ពណ៌ភក់ក្តី ពណ៌ខ្មៅជាំក្តី វត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ណាមួយ បើភិក្ខុ​មិន​កាន់យក​នូវវត្ថុ​សម្រាប់​ធ្វើឲ្យខូចពណ៌​៣យ៉ាង វត្ថុសម្រាប់​ធ្វើឲ្យខូចពណ៌​ណាមួយ ហើយប្រើ​ប្រាស់​ចីវរ​ថ្មី ត្រូវអាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ សុរាបានវគ្គ) សិក្ខាបទ ទី៩ (៥៩) (vin.vbu.pc.59 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៩ (៥៩) គឺ សាម​សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​បាន​វិកប្ប​ចីវរ​ដោយ​ខ្លួន​​ឯង​​ចំពោះ​​ភិក្ខុ​​ផង​គ្នា​ក្តី ភិក្ខុនី​ក្តី សិក្ខមានា​ក្តី សាមណេរ​ក្តី សាមណេរី​ក្តី ហើយ​ប្រើ​​ប្រាស់​ចីវរ​​ដែល​​មិន​ទាន់​​ឲ្យ​​គេ​ដក​​វិកប្ប​​ចេញ​សិន ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ សុរាបានវគ្គ) សិក្ខាបទ ទី១០ (៦០) (vin.vbu.pc.60 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី១០ (៦០) គឺ អបនិធ​សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​​លាក់​ទុក​ឯង ឬ​ប្រើ​គេ​​ឲ្យ​លាក់​ទុក​នូវ​បាត្រ​ក្តី ចីវរ​ក្តី និសីទនៈ​ក្តី បំពង់​ម្ជុល​ក្តី វត្ថពន្​ធចង្កេះ​ក្តី របស់​ភិក្ខុ​ផង​គ្នា ដោយ​ហោច​ទៅ​សូម្បី​​គ្រាន់​​តែ​មាន​​បំណង​​នឹង​សើច​លេង ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

សប្បាណកវគ្គ (ទី៧)

សប្បាណកវគ្គ

(បាចិត្តិយ សប្បាណកវគ្គ) សិក្ខាបទ ទី១ (៦១) (vin.vbu.pc.61 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី១ (៦១) គឺ សញ្ចិច្ចវធ​សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​ក្លែង​ផ្តាច់​បង់​​សត្វ​ចាក​​ជីវិត ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ សប្បាណកវគ្គ) សិក្ខាបទ ទី២ (៦២) (vin.vbu.pc.62 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី២ (៦២) គឺ សប្បាណ​សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​​ដឹង​ហើយ បរិភោគ​​ទឹក​ដែល​​មាន​សត្វ​​មាន​ជីវិត (ភិក្ខុ​នោះ) ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ សប្បាណកវគ្គ) សិក្ខាបទ ទី៣ (៦៣) (vin.vbu.pc.63 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៣ (៦៣) គឺ ឧក្កោ​សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​កាល​​ដឹង​ថា​អធិករណៈ​​ដែល​សង្ឃ​​រម្ងាប់​​សម​គួរ​​តាម​ធម៌​​ហើយ សើរើ​​ដើម្បី​​ធ្វើ​​ជា​ថ្​មីទៀត ភិក្ខុ​នោះ ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ សប្បាណកវគ្គ) សិក្ខាបទ ទី៤ (៦៤) (vin.vbu.pc.64 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៤ (៦៤) គឺ ទុដ្ឋុលឆាទន​សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ កាល​​ដឹង​ហើយ បិទបាំង​​ទុក​នូវ​​អាបត្តិ​​អាក្រក់​​របស់​ភិក្ខុ​​ផង​គ្នា​ (ភិក្ខុ​នោះ) ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ សប្បាណកវគ្គ) សិក្ខាបទ ទី៥ (៦៥) (vin.vbu.pc.65 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៥ (៦៥) គឺ ឩនវីសតិ​សិក្ខាបទ៖ «ភិក្ខុ​​ណា​មួយ កាល​ដឹង​ហើយ ឲ្យ​ឧបសម្បទា​ដល់​​បុគ្គល​​ដែល​​មាន​​អាយុ​​មិន​ទាន់​​គ្រប់​២០​ឆ្នាំ បុគ្គល​​ដែល​មាន​អាយុ​​មិន​ទាន់​​គ្រប់​២០​ឆ្នាំ​​នោះ ក៏​នៅ​​ជា​អនុបសម្បន្ន​ដដែល ចំណែក​​ភិក្ខុ​ទាំង​ឡាយ​នោះ អ្នក​ប្រាជ្ញ​​គប្បី​តិះ​ដៀល នេះ​ជា​​អាបត្តិ​​បាចិត្តិយ ក្នុង​រឿង​នោះ។»

 

(បាចិត្តិយ សប្បាណកវគ្គ) សិក្ខាបទ ទី៦ (៦៦) (vin.vbu.pc.66 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៦ (៦៦) គឺ សត្ថ​សិក្ខាបទ៖ «ភិក្ខុ​​ណា​មួយ​ដឹង​ហើយ បបួល​គ្នា​​ដើរ​ផ្លូវ​​ឆ្ងាយ​​ជា​មួយ​គ្នា មួយ​​អន្លើ​​ដោយ​​ពួក​​ឈ្មួញ​​ជា​ចោរ ដោយ​ហោច​ទៅ​ សូម្បី​​ចន្លោះ​​ស្រុក​​មួយ ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ សប្បាណកវគ្គ) សិក្ខាបទ ទី៧ (៦៧) (vin.vbu.pc.67 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៧ (៦៧) គឺ សំវិធាន​សិក្ខាបទ៖ «ភិក្ខុ​​ណា​មួយ បបួល​គ្នា​ដើរ​ផ្លូវ​​ឆ្ងាយ​​ជា​មួយ​គ្នា មួយ​​អន្លើ​​ដោយ​មាតុគ្រាម ដោយ​ហោច​ទៅ​ សូម្បី​​ចន្លោះ​​ស្រុក​​មួយ ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ សប្បាណកវគ្គ) សិក្ខាបទ ទី៨ (៦៨) (vin.vbu.pc.68 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៨ (៦៨) គឺ អរិដ្ឋក​សិក្ខាបទ៖ «ភិក្ខុ​​ណា​មួយ ពោល​​យ៉ាង​នេះ​ថា ធម៌​ទាំង​ឡាយ​​ណា​​តែង​​ធ្វើ​​នូវ​សេចក្តី​​អន្តរាយ​​ដែល​​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ ធម៌​​ទាំង​ឡាយ​​នោះ​​មិន​អាច​​ធ្វើ​នូវ​​សេចក្តី​​អន្តរាយ​​ដល់​​បុគ្គល​​អ្នក​​សេព​ទេ ដោយ​ប្រការ​យ៉ាង​ណា ខ្ញុំ​ដឹង​​ច្បាស់​នូវ​​ធម៌​​ដែល​ព្រះ​ដ៏​​មាន​ព្រះ​ភាគ​​សំដែង​ហើយ ​ដោយ​ប្រការ​​យ៉ាង​នោះ។ ភិក្ខុ​នោះ គឺ​​ភិក្ខុ​​ទាំង​ឡាយ​​និយាយ​​ប្រដៅ​​យ៉ាង​នេះ​ថា លោក​ដ៏​មាន​​អាយុ លោក​​ចូរ​​កុំ​ពោល​​យ៉ាង​នេះ​ឡើយ កុំ​ពោល​​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​​ឡើយ ការ​​ពោល​​បង្កាច់​​ព្រះ​​ដ៏​មាន​ព្រះ​ភាគ​ មិន​ល្អ​ទេ ព្រះ​ដ៏​មាន​ព្រះ​ភាគ​មិន​ពោល​​យ៉ាង​នេះ​ទេ នែ​អាវុសោ ធម៌​​ទាំង​ឡាយ​​តែង​​ធ្វើ​នូវ​​សេចក្តី​​អន្តរាយ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​​សំដែង​ហើយ ដោយ​បរិយា​យ​ជា​ច្រើន ធម៌​ទាំង​​ឡាយ​​នោះ​​អាច​ធ្វើ​នូវ​សេចក្តី​​អន្តរាយ​ដល់​​អ្នក​សេព​មែន។ ឯ​ភិក្ខុ​នោះ កាល​ដែល​​ភិក្ខុ​ទាំង​ឡាយ​ពោល​​យ៉ាង​នេះ​ហើយ ក៏​​នៅ​តែ​​ប្រកាន់​​មាំ​​យ៉ាង​នោះ​ដដែល ភិក្ខុ​នោះ​​ត្រូវ​ភិក្ខុ​ទាំង​ឡាយ​​សូត្រ​​សមនុភាសនកម្ម​​អស់​វារៈ​បី​ដង ដើម្បី​​ឲ្យ​​លះ​ទិដ្ឋិ​​នោះ​ចេញ។ បើ​ភិក្ខុ​នោះ កាល​ភិក្ខុ​​ទាំង​ឡាយ​​សូត្រ​​សមនុភាសនកម្​ម​អស់​វារៈ​បី​ដង​ ហើយ​លះ​បង់​នូវ​ទិដ្ឋិ​​នោះ​បាន។ ការ​លះ​បង់​​បាន​នេះ ជា​ការ​​ល្អ បើ​ភិក្ខុ​​នោះ​​មិន​លះ​បង់​​ទេ ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ សប្បាណកវគ្គ) សិក្ខាបទ ទី៩ (៦៩) (vin.vbu.pc.69 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៩ (៦៩) គឺ ឧក្ខិត្ត​សិក្ខាបទ៖ «ភិក្ខុ​​ណា​មួយ​ដឹង​ហើយ បរិភោគ​រួម​ក្តី នៅ​រួម​ក្តី សម្រេច​​ឥរិយាបថ​​ដេក​រួម​ក្តី ជា​មួយ​​នឹង​ភិក្ខុ​​ដែល​មាន​ប្រក្រតី​ពោល​​យ៉ាង​នោះ ជា​អ្នក​មិន​​ធ្វើ​​តាម​​ធម៌ ជា​អ្នក​មិន​លះ​បង់​​ទិដ្ឋិ​នោះ ត្រូវ​អាបត្តិ​បាចិត្តិយ។»

 

(បាចិត្តិយ សប្បាណកវគ្គ) សិក្ខាបទ ទី១០ (៧០) (vin.vbu.pc.70 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី១០ (៧០) គឺ កណ្ឌក​​សិក្ខាបទ៖ «បើ​សមណុទ្ទេស​​ពោល​យ៉ាង​នេះ​ថា ខ្ញុំ​ដឹង​ច្បាស់​​នូវ​​ធម៌​​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​​សំដែង​ហើយ គឺ​ធម៌​ទាំង​ឡាយ​ណា ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​​សំដែង​ហើយ ថា​ជា​ធម៌​​ធ្វើ​សេចក្តី​​អន្តរាយ ធម៌​ទាំង​ឡាយ​​នោះ មិន​អាច​​ធ្វើ​សេចក្តី​អន្តរាយ​​ដល់​​បុគ្គល​​អ្នក​សេព​ទេ។ សមណុទ្ទេស​​នោះ ភិក្ខុ​ទាំង​ឡាយ​​ត្រូវ​និយាយ​​ប្រដៅ​​យ៉ាង​នេះ​ថា នែ​អាវុសោ​សមណុទ្ទេស អ្នក​ឯង​​កុំ​និយាយ​​យ៉ាង​នេះ​ឡើយ អ្នក​កុំ​ពោល​​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​​​ឡើយ ការ​​​ពោល​​​បង្កាច់​​​ព្រះ​​ដ៏​​មាន​​ព្រះ​​ភាគ​ មិន​​ល្អ​​ទេ ព្រោះ​​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មិន​ពោល​​យ៉ាង​នេះ​ទេ នែ​​អាវុសោ​សមណុទ្ទេស ធម៌​ទាំង​ឡាយ​ធ្វើសេចក្តី​​អន្តរាយ​ដែល​ព្រះ​​ដ៏​មាន​ព្រះ​ភាគ​​សំដែង​ហើយ ដោយ​​បរិយាយ​ជា​ច្រើន ធម៌​ទាំង​ឡាយ​នោះ​​អាច​ធ្វើ​​សេចក្តី​​អន្តរាយ​​ដល់​បុគ្គល​​អ្នក​សេព (មែន)។ សមណុទ្ទេស​​នោះ កាល​ដែល​ភិក្ខុ​​ទាំង​ឡាយ​​ពោល​យ៉ាង​នេះ​ហើយ ក៏​នៅ​តែ​ប្រកាន់​​ដដែល សមណុទ្ទេស​​នោះ ភិក្ខុ​ទាំង​ឡាយ​ត្រូវ​​និយាយ​​ប្រដៅ​យ៉ាង​នេះ​ថា នែ​អាវុសោ​សមណុទ្ទេស កាល​មាន​​ថ្ងៃ​នេះ​ជា​ដើម អ្នក​​មិន​ត្រូវ​​អាង​​ព្រះ​ដ៏​​មាន​ព្រះ​ភាគ​​នោះ​ថា​ជា​​សាស្តា​​របស់​អ្នក​ឡើយ សាមណេរ​​ទាំង​ឡាយ​​ដទៃ​​តែង​​បាន​​កិរិយា​​ដេក​​រួម​ឯ​ណា អស់​​រា​ត្រី​ពីរ​​បី​​ជាមួយ​​នឹង​​ភិក្ខុ​ទាំង​ឡាយ ការ​​ដេក​​នៅ​រួម​​នោះ​មិន​មាន​ដល់​អ្នក​ទេ នែ​មនុស្ស​​ក្រៅ​ការ អ្នក​​ចូរ​​ចៀស​​ចេញ​ទៅ ចូរ​វិនាស​​ទៅ។ ភិក្ខុ​ណា​មួយ​​ដឹង​ថា សមណុទ្ទេស​​ដែល​សង្ឃ​​ឲ្យ​វិនាស​យ៉ាង​នោះ​ហើយ បញ្ចុះ​បញ្ចូល​​ក្តី ឲ្យ​បម្រើ​​ក្តី បរិភោគ​ក្តី សម្រេច​​ឥរិយាបថ​​ដេក​រួម​ក្តី ភិក្ខុ​នោះ​​ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

សហធម្មិកវគ្គ (ទី៨)

សហធម្មិកវគ្គ

(បាចិត្តិយ សហធម្មិកវគ្គ) សិក្ខាបទ ទី១ (៧១) (vin.vbu.pc.71 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី១ (៧១) គឺ សហធម្មិក​សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ កាល​​ភិក្ខុ​ទាំង​ឡាយ​​ពោល​ពាក្យ​​ប្រកប​​ដោយ​ធម៌ ហើយ​ពោល​​យ៉ាង​នេះ​ថា នែ​អាវុសោ​ទាំង​ឡាយ ខ្ញុំ​​មិន​ទាន់​សាក​សួរ​ភិក្ខុ​ដទៃ​ ​ដែល​​ឈ្លាស​ ដែល​ទ្រទ្រង់​​វិន័យ​ដរាប​ណា ខ្ញុំ​នឹង​មិន​សិក្សា​​សិក្ខាបទ​​នេះ​ដរាប​នោះ ភិក្ខុ​នោះ​​ត្រូវ​អាបត្តិ​​បាចិត្តិយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​អ្នក​សិក្សា គួរ​​ដឹង​ច្បាស់​ គួរ​​សាកសួរ គួរ​​ពិចារណា។ នេះ​​ជា​​សាមីចិកម្ម​​ក្នុង​សិក្ខាបទ​នោះ។»

 

(បាចិត្តិយ សហធម្មិកវគ្គ) សិក្ខាបទ ទី២ (៧២) (vin.vbu.pc.72 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី២ (៧២) គឺ វិវណ្ណន​សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ កាល​​បើ​​ភិក្ខុ​សំដែង​​ឡើង​​នូវ​​បាតិមោក្ខ ហើយ​ពោល​យ៉ាង​​នេះ​ថា ប្រយោជន៍​​អ្វី​​ដោយ​​សិក្ខាបទ​តូច​ៗ​ទាំង​​នេះ​ ដែល​ភិក្ខុ​​ណា​មួយ​​សំដែង​​ឡើង​ហើយ សិក្ខាបទ​​ទាំង​ឡាយ​នេះ ប្រព្រឹត្ត​ទៅ​​ដើម្បី​​សេចក្តី​​ក្តៅ​​ក្រហាយ​​ចិត្ត ដើម្បី​សេចក្តី​​លំបាក​ចិត្ត ដើម្បី​សេចក្តី​រសេមរសាម​ចិត្ត​ប៉ុណ្ណោះ​ឯង ភិក្ខុ​នោះ​​ត្រូវ​អាបត្តិ​​បាចិត្តិយ ព្រោះ​​ពោល​បង្អាប់​​សិក្ខាបទ។»

 

(បាចិត្តិយ សហធម្មិកវគ្គ) សិក្ខាបទ ទី៣ (៧៣) (vin.vbu.pc.73 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៣ (៧៣) គឺ មោហាបន​សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ កាល​ភិក្ខុ​កំពុង​​សំដែង​​បាតិមោក្ខ​រាល់​​កន្លះ​​ខែ ហើយ​​ពោល​យ៉ាង​នេះ​ថា ខ្ញុំ​​ទើប​​តែ​​នឹង​ដឹង​ក្នុង​កាល​​ឥឡូវ​​នេះ​ថា ឮថា ធម៌​​នេះ​​មក​ហើយ​​ក្នុង​​សុត្តៈ រាប់​ចូល​​ហើយ​ក្នុង​​សុត្តៈ មក​កាន់​​ឧទ្ទេស​រាល់​កន្លះ​ខែ។ បើ​ភិក្ខុ​ទាំង​ឡាយ​​ដទៃ​​ដឹង​​នូវ​ភិក្ខុ​​នោះ​ថា ភិក្ខុ​នេះ​​ធ្លាប់​អង្គុយ​​ស្តាប់​​បាតិមោក្ខ ដែល​ភិក្ខុ​​សំដែង​​អស់​​វារៈ​ពីរ​​បី​ដង​ហើយ នឹង​ពោល​​ទៅ​​ថ្វី​ទៀត​​ដល់​​ការ​ស្តាប់​​ច្រើន​ដង សេចក្តី​រួច (ចាក​អាបត្តិ) ដោយ​អាការ​ដែល​​មិន​ដឹង មិន​មាន​​ដល់​​ភិក្ខុ​​នោះ​ទេ ភិក្ខុ​នោះ​​ត្រូវ​អាបត្តិ​​ណា ក្នុង​រឿង​​អនាចារ​​នោះ សង្ឃ​​គប្បី​ញុំាង​​ភិក្ខុ​នោះ​​ឲ្យ​​ធ្វើ​​នូវ​​អាបត្តិ​​នោះ ដោយ​គួរ​​តាម​ធម៌ ម្យ៉ាង​ទៀត គប្បី​លើក​មោហា​រោបនកម្ម​​ដល់​ភិក្ខុ​នោះ​​ថែម​ទៀត​ថា ម្នាល​​អាវុសោ (ការ​នេះ) មិន​ជា​លាភ​របស់​អ្នក​ឯង​ទេ អ្នក​​ឯង​​បាន​នូវ​​របស់​​អាក្រក់ ដោយ​ហេតុ​ថា កាល​​ភិក្ខុ​​កំពុង​​សំដែង​បាតិមោក្ខ អ្នក​មិន​បាន​​ធ្វើ​ទុក​​ក្នុង​ចិត្ត​​ឲ្យ​សម្រេច​​ប្រយោជន៍​ដ៏​ល្អ​ឡើយ។ នេះ​ជា​អាបត្តិ​​បាចិត្តិយ ព្រោះ​ក្លែង​​ធ្វើវ​ង្វេង​​នោះ (ធ្វើ​ពើរ)។»

 

(បាចិត្តិយ សហធម្មិកវគ្គ) សិក្ខាបទ ទី៤ (៧៤) (vin.vbu.pc.74 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៤ (៧៤) គឺ បហារកសិក្ខាបទ៖ «ភិក្ខុ​ណា​មួយ ក្រោធ​ខឹង ហើយ​ឲ្យ​​ប្រហា​រ​ដល់​ភិក្ខុ​ផង​គ្នា ភិក្ខុ​នោះ​​ត្រូវ​​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ សហធម្មិកវគ្គ) សិក្ខាបទ ទី៥ (៧៥) (vin.vbu.pc.75 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៥ (៧៥) គឺ តលសត្តិក​សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​ក្រោធ​ខឹង ហើយ​ងា​ឡើង​នូវ​លំពែង គឺ​បាត​ដៃ​ សំដៅ​​ភិក្ខុ​ផង​គ្នា ភិក្ខុ​នោះ​​ត្រូវ​​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ សហធម្មិកវគ្គ) សិក្ខាបទ ទី៦ (៧៦) (vin.vbu.pc.76 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៦ (៧៦) គឺ អមូលក​សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​ចោទ​​​ភិក្ខុ​ផង​គ្នា​​​ដោយ​អាបត្តិ​​សង្ឃាទិសេស​​មិន​មាន​មូល ​ត្រូវ​​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ សហធម្មិកវគ្គ) សិក្ខាបទ ទី៧ (៧៧) (vin.vbu.pc.77 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៧ (៧៧) គឺ សញ្ចិច្ច​សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​ក្លែង​បង្ក​ហេតុ​ឲ្យ​មាន​​សេចក្តី​​រង្កៀស​​សង្ស័យ ដល់​​ភិក្ខុ​​ផង​គ្នា​​ដោយ​គិត​​ថា (សេចក្តី​​រង្កៀស​សង្ស័យ​នេះ)​ កើត​ឡើង ការ​មិន​​សប្បាយ​ចិត្ត​​នឹង​មាន​​ដល់​​ភិក្ខុ​នោះ​១​រំពេច​​មិន​ខាន ភិក្ខុ​នោះ​​​ត្រូវ​​អាបត្តិ​​បាចិត្តិយ ព្រោះ​​ធ្វើ​សេចក្តី​​រង្កៀស​​សង្ស័យ​​នោះ​ឯង​​ជា​ហេតុ​ពិត មិន​មែន​​ហេតុ​​ដទៃ​ឡើយ។»

 

(បាចិត្តិយ សហធម្មិកវគ្គ) សិក្ខាបទ ទី៨ (៧៨) (vin.vbu.pc.78 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៨ (៧៨) គឺ ឧបស្សុតិ​សិក្ខាបទ៖ «ភិក្ខុ​ណា​​មួយ​​កាល​បើ​ភិក្ខុ​ទាំង​ឡាយ ​បង្ក​ហេតុ​​ប្រកួត​​ប្រកាន់​​ទាស់​ទែង​​គ្នា ទៅ​​ឈរ​អែប​​ស្តាប់ ដោយ​គិត​ថា ភិក្ខុ​​ទាំង​នេះ​​នឹង​ពោល​ពាក្យ​​ណា អញ​​នឹង​ស្តាប់​​ពាក្យ​នោះ ភិក្ខុ​នោះ​​​ត្រូវ​​អាបត្តិ​​បាចិត្តិយ ព្រោះ​​ធ្វើ​​កិរិយា​​​​ឈរ​អែប​​ស្តាប់​​នោះ​​ជា​ហេតុ​ពិត មិន​មែន​​ហេតុ​ដទៃ​ឡើយ។»

 

(បាចិត្តិយ សហធម្មិកវគ្គ) សិក្ខាបទ ទី៩ (៧៩) (vin.vbu.pc.79 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៩ (៧៩) គឺ បដិពាហន​សិក្ខាបទ៖ «ភិក្ខុ​ណា​​មួយ​​​ឲ្យ​ឆន្ទៈ​ ដើម្បី​​កម្ម​ទាំង​ឡាយ​​ដែល​​ប្រកប​ដោយ​​ធម៌ ហើយ​ពោល​តិះ​ដៀល​​ជា​ខាង​​ក្រោយ​ (ភិក្ខុ​នោះ) ​​ត្រូវ​​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ សហធម្មិកវគ្គ) សិក្ខាបទ ទី១០ (៨០) (vin.vbu.pc.80 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី១០ (៨០) គឺ ឆន្ទ​សិក្ខាបទ៖ «ភិក្ខុ​ណា​​មួយ ​កាល​ពាក្យ​​វិនិច្ឆ័យ​​​កំពុង​​ប្រព្រឹត្ត​ទៅ​​ក្នុង​សង្ឃ មិន​​ឲ្យ​​ឆន្ទៈ ហើយ​​ក្រោក​ចាក​អាសនៈ ចៀស​​ចេញ​ទៅ ​​ត្រូវ​​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ សហធម្មិកវគ្គ) សិក្ខាបទ ទី១១ (៨១) (vin.vbu.pc.81 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី១១ (៨១) គឺ ទព្វ​សិក្ខាបទ៖ «ភិក្ខុ​ណា​​មួយ (​កាល​បើ)​សង្ឃ​ព្រម​​ព្រៀង​គ្នា​​ឲ្យ​ចីវរ​ (ដល់​​ភិក្ខុ)​ ហើយ ក៏​ដល់​​នូវ​ធម៌ គឺ​​កិរិយា​​តិះ​ដៀល​ជា​ខាង​ក្រោយ​វិញ​ថា ភិក្ខុ​​ទាំង​ឡាយ​​បង្អោន​លាភ​​របស់​​សង្ឃ តាម​សេចក្តី​​គាប់​ចិត្ត ភិក្​ខុ​នោះ​​​ត្រូវ​​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ សហធម្មិកវគ្គ) សិក្ខាបទ ទី១២ (៨២) (vin.vbu.pc.82 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី១២ (៨២) គឺ បរិណាមន​សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​ដឹង​ថា​លាភ​​របស់​សង្ឃ​ គេ​បង្អោន​​ទៅ (ដើម្បី​​សង្ឃ​ហើយ) ត្រឡប់​បង្អោន​ទៅ​ដើម្បី​បុគ្គល​វិញ ភិក្ខុ​​នោះ​​​ត្រូវ​​អាបត្តិ​​បាចិត្តិយ។»

 

រតនវគ្គ (ទី៩)

រតនវគ្គ

(បាចិត្តិយ រតនវគ្គ) សិក្ខាបទ ទី១ (៨៣) (vin.vbu.pc.83 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី១ (៨៣) គឺ រាជ​សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​ (បើ)​ ស្តេច​​ជាក្ស​ត្រិយ៍​​បាន​មុទ្ធាភិសេក​​ហើយ មិន​ទាន់​​ជ្រាប​​ជា​មុន ឈាន​កន្លង​​ធរណី​ចូល​ទៅ​ក្នុង​ក្រឡា​​ព្រះ​បន្ទំ ដែល​​ស្តេច​​មិន​ទាន់​​យាង​​ចេញ ស្រី​កែវ​​ក៏​​មិន​ទាន់​​ចេញ ត្រូវ​អាបត្តិ​​បាចិត្តិយ។»

 

(បាចិត្តិយ រតនវគ្គ) សិក្ខាបទ ទី២ (៨៤) (vin.vbu.pc.84 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី២ (៨៤) គឺ រតន​សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​​រើស​​ឯង​ក្តី ឲ្យ​គេ​រើស​ក្តី នូវ​រតនៈ​ក្តី នូវ​​វត្ថុ​​ដែល​គេសន្មត​​ជា​រតនៈ​ក្តី ត្រូវ​​អាបត្តិ​​បាចិត្តិយ វៀរ​​លែង​​តែ​ខាង​ក្នុង​​វត្ត ឬ​ខាង​ក្នុង​ទី​ស្នាក់។ ម្យ៉ាង​​ទៀត ភិក្ខុ​​គប្បី​​រើស​ឯង ឬ​​ឲ្យ​គេ​រើស​នូវ​រតនៈ​ក្តី នូវ​វត្ថុ​​ដែល​គេ​សន្មត​​ជា​រតនៈ​ក្តី ខាង​ក្នុង​​អារាម​ក្តី ខាង​ក្នុង​​ទី​ស្នាក់​ក្តី ហើយ​ទុក​ដាក់​​ដោយ​គិត​ថា រតនៈ​​របស់​ជន​ណា ជន​នោះ​​នឹង​នាំ​យក​​ទៅ។ នេះ​​ជា​​សាមីចិកម្ម​​ក្នុង​សិក្ខាបទ​នោះ។»

 

(បាចិត្តិយ រតនវគ្គ) សិក្ខាបទ ទី៣ (៨៥) (vin.vbu.pc.85 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៣ (៨៥) គឺ សន្ត​សិក្ខាបទ៖ «ភិក្ខុ​ណា​​មួយ​មិន​បាន​លា​ភិក្ខុ​ដែល​​មាន​នៅ ហើយ​ចូល​ស្រុក​​ក្នុង​វេលា​វិកាល ត្រូវ​អាបត្តិ​​បាចិត្តិយ វៀរ​​លែង​​តែ​មាន​កិច្ច​​ប្រញាប់​ដូ​ច្នោះ។»

 

(បាចិត្តិយ រតនវគ្គ) សិក្ខាបទ ទី៤ (៨៦) (vin.vbu.pc.86 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៤ (៨៦) គឺ សូចិ​សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​ឲ្យ​​គេ​ធ្វើ​បំពង់​​ម្ជុល​​ជា​វិការ​​នៃ​ឆ្អឹង​​ក្តី ជា​វិការ​​នៃ​ភ្លុក​​ក្តី ជា​វិការ​​នៃ​​ស្នែង​ក្តី ត្រូវ​​ភេទ​នក​បាចិត្តិយ​​។»

 

(បាចិត្តិយ រតនវគ្គ) សិក្ខាបទ ទី៥ (៨៧) (vin.vbu.pc.87 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៥ (៨៧) គឺ មញ្ច​សិក្ខាបទ៖ «ភិក្ខុ​ឲ្យ​​គេ​ធ្វើ​​គ្រែ​ក្តី តាំង​ក្តី​ដ៏​ថ្មី ត្រូវ​ឲ្យ​​ធ្វើ​ឲ្យ​មាន​ជើង​​៨​ធ្នាប់​​ដោយ​ធ្នាប់​​ព្រះ​សុគត វាស់​ពី​​ត្រឹម​មេ​គ្រែ​ខាង​ក្រោម​ចុះ​ទៅ (បើ​ធ្វើ)​ ឲ្យ​កន្លង​​ហួស​ពីនោះ​ទៅ ត្រូវ​​ឆេទនក​បាចិត្តិយ​។»

 

(បាចិត្តិយ រតនវគ្គ) សិក្ខាបទ ទី៦ (៨៨) (vin.vbu.pc.88 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៦ (៨៨) គឺ តូលិក​សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​ឲ្យ​គេ​ធ្វើ​គ្រែក្តី តាំង​ក្តី​​ញាត់​ដោយ​សំឡី ត្រូវ​​ឧទ្ទាលនក​បាចិត្តិយ​។»

 

(បាចិត្តិយ រតនវគ្គ) សិក្ខាបទ ទី៧ (៨៩) (vin.vbu.pc.89 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៧ (៨៩) គឺ និសីទន​សិក្ខាបទ៖ «ភិក្ខុ​​នឹង​ឲ្យ​គេ​ធ្វើ​សំពត់​និសីទនៈ​ ត្រូវ​ឲ្យ​គេ​ធ្វើ​​ឲ្យ​ត្រូវ​នឹង​​ប្រមាណ។ ឯ​ប្រមាណ​​ក្នុង​​សំពត់​​និសីទនៈ​នោះ​យ៉ាង​នេះ គឺ​បណ្តោយ​២​ចំអាម ទទឹង​​១​ចំអាម​កន្លះ ​ដោយ​ចំអាម​​ព្រះ​សុគត និង​ជាយ​​១​ចំអាម។ (បើ​ភិក្ខុ​ធ្វើ) ឲ្យ​កន្លង​ហួស​ពី​នោះ​ទៅ ត្រូវ​ឆេទនក​បាចិត្តិយ។»

 

(បាចិត្តិយ រតនវគ្គ) សិក្ខាបទ ទី៨ (៩០) (vin.vbu.pc.90 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៨ (៩០) គឺ កណ្ឌុ​សិក្ខាបទ៖ «ភិក្ខុ​ឲ្យ​គេ​ធ្វើ​សំពត់​សម្រាប់​​គ្រប​កម​ ត្រូវ​ឲ្យ​គេ​ធ្វើ​​ឲ្យ​ត្រូវ​នឹង​​ប្រមាណ។ ឯ​ប្រមាណ​​ក្នុង​សំពត់​សម្រាប់​​គ្រប​កម​​នោះ​យ៉ាង​នេះ​គឺ​​បណ្តោយ​​៤​ចំអាម ទទឹង​២​ចំអាម ដោយ​ចំអាម​ព្រះសុគត។ បើ​ភិក្ខុ​​ធ្វើ​ឲ្យ​កន្លង​​ហួស​ប្រមាណ​​នោះ​​ទៅ ត្រូវ​ឆេទនក​បាចិត្តិយ។»

 

(បាចិត្តិយ រតនវគ្គ) សិក្ខាបទ ទី៩ (៩១) (vin.vbu.pc.91 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី៩ (៩១) គឺ វស្សិក​សិក្ខាបទ៖ «ភិក្ខុ​ឲ្យ​គេ​ធ្វើ​សំពត់​វស្សិក​សាដក ត្រូវ​ឲ្យ​គេ​ធ្វើ​​ឲ្យ​ត្រូវ​នឹង​​ប្រមាណ។ ឯ​ប្រមាណ​​ក្នុង​​សំពត់​​វស្សិក​សាដក​​នោះ​យ៉ាង​នេះ គឺ​​បណ្តោយ​​៦​ចំអាម ទទឹង​២​ចំអាម​កន្លះ ដោយ​ចំអាម​​ព្រះ​​សុគត។ បើ​ភិក្ខុ​​ធ្វើ​​ឲ្យ​កន្លង​​ហួស​ប្រមាណ​​នោះ​​ទៅ ត្រូវ​ឆេទនក​បាចិត្តិយ។»

 

(បាចិត្តិយ រតនវគ្គ) សិក្ខាបទ ទី១០ (៩២) (vin.vbu.pc.92 | ភាគ ៤)

បាចិត្តិយ សិក្ខាបទ ទី១០ (៩២) គឺ សុគត​សិក្ខាបទ៖ «ភិក្ខុ​ណា​មួយ​ឲ្យ​គេ​ធ្វើ​ចីវរ​ប៉ុន​ចីវរ​​ព្រះ​សុគត​​ឬ​ធំ​ជាង ត្រូវ​ឆេទនក​បាចិត្តិយ។ ឯ​ប្រមាណ​​សុគត​ចីវរ​​របស់​ព្រះ​សុគត​​នោះ​យ៉ាង​នេះ គឺ​បណ្តោយ​​៩​ចំអាម ទទឹង​៦​ចំអាម ដោយ​ចំអាម​​ព្រះ​សុគត។ នេះ​ជា​ប្រមាណ​​សុគត​​ចីវរ​​របស់​​ព្រះ​សុគត។»

 

«បពិត្រលោកដ៏មានអាយុ​ទាំងឡាយ អាបត្តិបាចិត្តិយ​ទាំង៩២ ខ្ញុំបាន​សំដែង​រួចហើយ។ ខ្ញុំសូមសួរអស់​លោកដ៏មានអាយុ​ក្នុងអាបត្តិទាំងនោះ លោកទាំងឡាយ​ជា​អ្នកបរិសុទ្ធ​ហើយឬ ខ្ញុំសូមសួរ​អស់​វារៈ​ជាគំរប់​ពីរដងផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ ខ្ញុំ​សូមសួរ​អស់វារៈ​ជាគំរប់​បីដងផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ លោកដ៏មានអាយុ​ទាំងឡាយ​សុទ្ធតែ​ជាអ្នក​បរិសុទ្ធ​ហើយ ក្នុងអាបត្តិទាំងនេះ ព្រោះហេតុ​នោះបានជាអស់​លោកស្ងៀម​នៅ។ ខ្ញុំ​សូម​ចាំទុក​នូវសេចក្តី​បរិសុទ្ធនេះ ដោយការស្ងៀមនៅយ៉ាងនេះឯង។»



km/tipitaka/vin/vbu/pc/index.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann