vin vbu pd បាលី cs-km: vin.vbu.pd អដ្ឋកថា: vin.vbu.pd_att PTS: ?
បាដិទេសនីយកណ្ឌ
មាតិកា
ធ្វើឡើងសម្រាប់ព្រះសង្ឃ ដោយ
ពុទ្ធបរិស័ទ នៃ sangham.net
«បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិបាដិទេសនីយៈទាំង៤នេះ តែងមកកាន់ឧទ្ទេស។»
បឋមបាដិទេសនីយសិក្ខាបទំ៖ «ភិក្ខុណាមួយទទួលយកខាទនីយៈ ឬភោជនីយៈដោយដៃរបស់ខ្លួន អំពីដៃភិក្ខុនីដែលមិនមែនជាញាតិ ដែលចូលទៅកាន់ចន្លោះផ្ទះ ហើយទំពាស៊ីក្តី បរិភោគក្តី ភិក្ខុនោះត្រូវសំដែងអាបត្តិបាដិទេសនីយៈថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិបាដិទេសនីយៈ ដែលព្រះដ៏មានព្រះភាគទ្រង់តិះដៀលហើយ មិនជាទីសប្បាយ ឥឡូវខ្ញុំសូមសំដែងអាបត្តិនោះចេញ។»
ទុតិយបាដិទេសនីយសិក្ខាបទំ៖ «ភិក្ខុទាំងឡាយដែលជនបាននិមន្តហើយ ឆាន់ក្នុងសំណាក់របស់ត្រកូលទាំងឡាយ។ បើមានភិក្ខុនីមកឈរបង្គាប់គេជិតទីនោះថា អ្នកទាំងឡាយចូរប្រគេនសម្លមកក្នុងទីនេះ អ្នកទាំងឡាយចូរប្រគេនបាយមកក្នុងទីនេះ។ ភិក្ខុទាំងនោះត្រូវបណ្តេញភិក្ខុនីនោះថា នែនាង ៗ ចូរថយចេញទៅសិន ទម្រាំតែពួកភិក្ខុឆាន់រួចសព្វគ្រប់។ ភិក្ខុសូម្បី១រូប បើមិនបានពោលបណ្តេញភិក្ខុនីនោះដោយពាក្យថា នែនាង ៗ ចូរថយចេញទៅ ទម្រាំតែពួកភិក្ខុឆាន់រួចសព្វគ្រប់ ដូច្នេះសិនទេ ភិក្ខុទាំងនោះត្រូវសំដែងដោយពាក្យថា ម្នាលអាវុសោ យើងត្រូវហើយនូវអាបត្តិឈ្មោះបាដិទេសនីយៈ ដែលព្រះដ៏មានព្រះភាគទ្រង់តិះដៀល មិនជាទីសប្បាយចិត្ត ឥឡូវយើងសូមសំដែងអាបត្តិនោះចេញ។»
តតិយបាដិទេសនីយសិក្ខាបទំ៖ «ពួកត្រកូលណាមួយដែលសង្ឃបានសន្មតថាជាសេក្ខត្រកូលហើយ ភិក្ខុណាមួយ ឥតមានគេនិមន្តក្នុងកាលមុន ហើយឥតទាំងមានជម្ងឺ បានទទួលយកខាទនីយៈក្តី ភោជនីយៈក្តី ដោយដៃរបស់ខ្លួន អំពីពួកត្រកូលដែលសង្ឃបានសន្មតថាជាសេក្ខត្រកូលបែបនោះហើយ (យកមក) ទំពាស៊ី ឬបរិភោគ ភិក្ខុនោះត្រូវសំដែងថា ម្នាលអាវុសោ ខ្ញុំត្រូវហើយនូវអាបត្តិបាដិទេសនីយៈ មិនជាទីសប្បាយ ដែលព្រះដ៏មានព្រះភាគទ្រង់តិះដៀល ខ្ញុំសូមសំដែងអាបត្តិនោះចេញ។»
ចតុត្ថបាដិទេសនីយសិក្ខាបទំ៖ «ទីសេនាសនៈទាំងឡាយណាមួយដែលមាននៅក្នុងព្រៃ ដែលគេសន្មតថាជាទីប្រកបដោយរង្កៀស ប្រកបដោយភ័យចំពោះមុខ ភិក្ខុណាមួយ ឥតមានជម្ងឺនៅក្នុងទីសេនាសនៈទាំងឡាយមានសភាពដូច្នោះ បានទទួលយកខាទនីយៈក្តី ភោជនីយៈក្តី ដែលគេមិនបានឲ្យដំណឹងជាមុន ដោយដៃរបស់ខ្លួនក្នុងអារាម (ហើយយកមក) ទំពាស៊ី ឬបរិភោគ ភិក្ខុនោះត្រូវសំដែងអាបត្តិថា ម្នាលអាវុសោ ខ្ញុំត្រូវហើយនូវអាបត្តិបាដិទេសនីយៈ មិនជាទីសប្បាយ ដែលព្រះដ៏មានព្រះភាគទ្រង់តិះដៀល ខ្ញុំសូមសំដែងនូវអាបត្តិនោះចេញ។»
«បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិបាដិទេសនីយៈទាំង៤ ខ្ញុំបានសំដែងរួចហើយ។ ខ្ញុំសូមសួរអស់លោកដ៏មានអាយុក្នុងអាបត្តិទាំងនោះ លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ ខ្ញុំសូមសួរជាគំរប់ពីរដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ ខ្ញុំសូមសួរជាគំរប់បីដងផង លោកទាំងឡាយជាអ្នកបរិសុទ្ធហើយឬ លោកដ៏មានអាយុទាំងឡាយជាអ្នកបរិសុទ្ធហើយក្នុងអាបត្តិទាំងនេះ ព្រោះហេតុនោះបានជាលោកស្ងៀមនៅ។ ខ្ញុំចាំទុកនូវសេចក្តីបរិសុទ្ធ ត្រង់ការស្ងៀមនៅនេះឯង។»