ព្រះត្រៃបិដក » វិន័យបិដក » មហាវិភង្គ » បាដិទេសនីយកណ្ឌ »
បឋមបាដិទេសនីយសិក្ខាបទំ៖ «ភិក្ខុណាមួយទទួលយកខាទនីយៈ ឬភោជនីយៈដោយដៃរបស់ខ្លួន អំពីដៃភិក្ខុនីដែលមិនមែនជាញាតិ ដែលចូលទៅកាន់ចន្លោះផ្ទះ ហើយទំពាស៊ីក្តី បរិភោគក្តី ភិក្ខុនោះត្រូវសំដែងអាបត្តិបាដិទេសនីយៈថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិបាដិទេសនីយៈ ដែលព្រះដ៏មានព្រះភាគទ្រង់តិះដៀលហើយ មិនជាទីសប្បាយ ឥឡូវខ្ញុំសូមសំដែងអាបត្តិនោះចេញ។»
vbu pd 1 បាលី cs-km: vin.vbu.pd.1 អដ្ឋកថា: vin.vbu.pd.1_att PTS: ?
(បាដិទេសនីយ) សិក្ខាបទ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
អានដោយ ព្រះរដ្ឋបាល
(១. បឋមបាដិទេសនីយសិក្ខាបទំ)
[៣៩៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានភិក្ខុនី១រូបទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី កាលដែលត្រឡប់មកវិញ បានឃើញភិក្ខុ១រូប ហើយបាននិយាយពាក្យនេះថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ទទួលចង្ហាន់សិន។ ភិក្ខុនោះតបថា នែនាង ប្រពៃហើយៗ ក៏ទទួលយកចង្ហាន់ទាំងអស់។ កាលបើវេលាជិត (ថ្ងៃត្រង់ហើយ) ភិក្ខុនីនោះក៏មិនអាចនឹងដើរទៅបិណ្ឌបាតបានឡើយ ក៏ដាច់ចង្ហាន់។ លុះគ្រាខាងក្រោយមក ភិក្ខុនីនោះទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី អស់ថ្ងៃជាគំរប់ពីរដងផង។បេ។ អស់ថ្ងៃជាគំរប់បីដងផង ក្នុងវេលាដែលត្រឡប់មកវិញ ក៏បានឃើញភិក្ខុនោះទៀត ហើយបាននិយាយពាក្យនេះថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ទទួលយកចង្ហាន់សិន។ ភិក្ខុនោះតបថា នែនាង ប្រពៃហើយៗ ក៏ទទួលយកចង្ហាន់ទាំងអស់។ កាលបើវេលាជិត(ថ្ងៃត្រង់ហើយ) ភិក្ខុនីនោះក៏មិនអាចនឹងដើរទៅបិណ្ឌបាតបានឡើយ ក៏ដាច់ចង្ហាន់។ លំដាប់នោះ លុះដល់ថ្ងៃទី៤ ភិក្ខុនីនោះក៏ធេងធោងដើរទៅតាមច្រក។ មានសេដ្ឋីគហបតីម្នាក់ កាលបររថមកដល់ផ្លូវប្រសព្វគ្នា ក៏បាននិយាយពាក្យនេះនឹងភិក្ខុនីនោះថា បពិត្រលោកម្ចាស់ លោកចូរចៀសចេញ។ ភិក្ខុនីនោះកាលចៀសចេញទៅ ក៏ដួលជិតកន្លែងនោះឯង។ សេដ្ឋីគហបតីក៏បានញុំាងភិក្ខុនីនោះឲ្យអត់ទោសថា បពិត្រលោកម្ចាស់ សូមលោកមេត្តាអត់ទោស (ដ្បិត) លោកម្ចាស់ ខ្ញុំបានធ្វើឲ្យដួលហើយ។ ភិក្ខុនីនោះតបថា នែគហបតី ខ្លួនអាត្មា អ្នកឯងនឹងបានធ្វើឲ្យដួលក៏ទេ ខ្លួនអាត្មាជាស្រីមានកំលាំងអន់ស្រាប់ទេតើ។ សេដ្ឋីគហបតីសួរថា បពិត្រលោកម្ចាស់ ព្រោះហេតុអ្វីបានជាលោកមានកំលាំងអន់ថយ។ ខណៈនោះ ភិក្ខុនីនោះ ក៏បានប្រាប់សេចក្តីនុ៎ះដល់សេដ្ឋីគហបតី (ដោយសព្វគ្រប់)។ សេដ្ឋីគហបតីក៏បាននាំយកភិក្ខុនីនោះទៅឯផ្ទះឲ្យឆាន់ចង្ហាន់ រួចហើយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ទាំងឡាយមិនគួរនឹងទទួលអាមិសៈអំពីដៃភិក្ខុនីសោះ ដ្បិតមាតុគ្រាមតែងបានលាភដោយកម្រ។ កាលដែលសេដ្ឋីគហបតីពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនគួរនឹងទទួលយកអាមិសៈអំពីដៃភិក្ខុនីសោះ។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ ឮថាអ្នកឯងទទួលយកអាមិសៈអំពីដៃភិក្ខុនី ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា នែភិក្ខុ ភិក្ខុនីនោះត្រូវជាញាតិរបស់អ្នកដែរ ឬមិនត្រូវជាញាតិទេ។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ភិក្ខុនីនោះមិនត្រូវជាញាតិទេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា នែមោឃបុរស បុគ្គលដែលមិនមែនជាញាតិ តែងមិនដឹងនូវអំពើសមគួរ ឬមិនសមគួរ អំពើល្អិតល្អ ឬមិនល្អិតល្អរបស់ស្រីដែលមិនមែនជាញាតិឡើយ នែមោឃបុរស អ្នកឯងមិនគួរនឹងទទួលយកអាមិសៈអំពីដៃភិក្ខុនីដែលមិនមែនជាញាតិទេ នែមោឃបុរស អំពើនេះមិនមែននាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យកាន់តែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយទទួលយកខាទនីយៈ ឬភោជនីយៈដោយដៃរបស់ខ្លួន អំពីដៃភិក្ខុនីដែលមិនមែនជាញាតិ ដែលចូលទៅកាន់ចន្លោះផ្ទះ ហើយទំពាស៊ីក្តី បរិភោគក្តី ភិក្ខុនោះត្រូវសំដែងអាបត្តិបាដិទេសនីយៈថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិបាដិទេសនីយៈ ដែលព្រះដ៏មានព្រះភាគទ្រង់តិះដៀលហើយ មិនជាទីសប្បាយ ឥឡូវខ្ញុំសូមសំដែងអាបត្តិនោះចេញ។
[៤០០] ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ភិក្ខុនីដែលមិនបានជាប់ទាក់ទងគ្នាអំពីចំណែកខាងមាតា ឬបិតាដរាបតាំងពីគូនៃជីដូនជីតាទី៧ ហៅថាមិនមែនជាញាតិ។ ស្រីដែលបានឧបសម្បទាក្នុងសំណាក់សង្ឃទាំងពីរពួក ហៅថា ភិក្ខុនី។ ច្រករហូត(ក្តី) ច្រកទាល់(ក្តី) ទីប្រជុំផ្លូវមានជ្រុង៤ ឬមានជ្រុង៣(ក្តី) ផ្ទះរបស់ត្រកូល(ក្តី) ហៅថាចន្លោះផ្ទះ។ ដែលហៅថា ខាទនីយៈ គឺលើកលែងភោជនទាំង៥ និងរបស់ដែលជាយាមកាលិក សត្តាហកាលិក យាវជីវិកចេញ ក្រៅពីនោះហៅថា ខាទនីយៈទាំងអស់។ ដែលហៅថា ភោជនីយៈនោះ គឺភោជនមាន៥យ៉ាង បានដល់បាយ១ នំកុម្មាស១ សដូវ១ ត្រី១ សាច់១។ ភិក្ខុទទួលយកខាទនីយៈ ឬភោជនីយៈ ដោយបំណងថា អាត្មាអញនឹងទំពាស៊ី នឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិបាដិទេសនីយៈគ្រប់ៗវារៈដែលលេបចូលទៅ។ ភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនជាញាតិ ហើយទទួលយកខាទនីយ ឬភោជនីយៈដោយដៃរបស់ខ្លួន អំពីដៃភិក្ខុនីដែលចូលទៅកាន់ចន្លោះផ្លូវ យកមកទំពាស៊ីក្តី បរិភោគក្តី ត្រូវអាបត្តិបាដិទេសនីយៈ។ ភិក្ខុមានសេចក្តីសង្ស័យនឹងភិក្ខុនីដែលមិនមែនជាញាតិ ហើយទទួលយកខាទនីយៈ ឬភោជនីយៈដោយដៃរបស់ខ្លួន អំពីដៃភិក្ខុនីដែលចូលទៅកាន់ចន្លោះផ្ទះ យកមកទំពាស៊ីក្តី បរិភោគក្តី ត្រូវអាបត្តិបាដិទេសនីយៈ។ ភិក្ខុនីមិនមែនជាញាតិ ភិក្ខុសំគាល់ថាជាញាតិ ហើយទទួលយកខាទនីយៈ ឬភោជនីយៈដោយដៃរបស់ខ្លួនអំពីដៃភិក្ខុនីដែលចូលទៅកាន់ចន្លោះផ្ទះ យកមកទំពាស៊ីក្តី បរិភោគក្តី ត្រូវអាបត្តិបាដិទេសនីយៈ។ ភិក្ខុទទួលយករបស់ដែលជាយាមកាលិក សត្តាហកាលិក និងរបស់ដែលជាយាវជីវិក ដើម្បីជាអាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិទុក្កដគ្រប់ៗវារៈដែលលេបចូលទៅ។ ភិក្ខុទទួលយកខាទនីយៈ ឬភោជនីយៈអំពីដៃភិក្ខុនីដែលបានឧបសម្បទាក្នុងសំណាក់សង្ឃតែម្ខាង ដោយបំណងថា អាត្មាអញនឹងទំពាស៊ី នឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិទុក្កដគ្រប់ៗវារៈដែលលេបចូលទៅ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាជាញាតិ មិនត្រូវអាបត្តិឡើយ។
[៤០១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១១យ៉ាង) គឺភិក្ខុនីជាញាតិ១ ភិក្ខុនីមិនមែនជាញាតិឲ្យគេឲ្យនូវខាទនីយៈ និងភោជនីយៈមិនបានឲ្យដោយខ្លួនឯង១ ភិក្ខុនីមិនមែនជាញាតិ បានដាក់ចុះនូវខាទនីយៈនិងភោជនីយៈហើយឲ្យ១ ភិក្ខុនីមិនមែនជាញាតិ បានឲ្យនូវខាទនីយៈនិងភោជនីយៈក្នុងលំនៅរបស់ភិក្ខុនីខាងក្នុងអារាម១ ភិក្ខុនីមិនមែនជាញាតិ បានឲ្យនូវខាទនីយៈនិងភោជនីយៈក្នុងដំណេករបស់តិរ្ថិយ១ ភិក្ខុនីមិនមែនជាញាតិ បាននាំយកខាទនីយៈនិងភោជនីយៈអំពីស្រុក ហើយឲ្យក្នុងវេលាដែលត្រឡប់មកវិញ១ ភិក្ខុនីបាននាំយករបស់ដែលជាយាមកាលិក សត្តាហកាលិក និងរបស់ដែលជាយាវជីវិក ឲ្យដោយពាក្យថា កាលបើហេតុមាន សូមលោកម្ចាស់និមន្តឆាន់ចុះ១ ភិក្ខុទទួលយកខាទនីយៈ និងភោជនីយៈអំពីដៃរបស់សិក្ខមានា១ ភិក្ខុទទួលយកខាទនីយៈនិងភោជនីយៈអំពីដៃសាមណេរី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ១ ចប់។