km:tipitaka:vin:vbu:pd:vin.vbu.pd.3

(បាដិទេសនីយ) សិក្ខាបទ ទី៣

សង្ខេប

តតិយ​បាដិទេសនីយ​សិក្ខាបទំ៖ «ពួក​ត្រកូល​​ណា​មួយ​ដែល​​សង្ឃ​បាន​​សន្មត​ថា​ជា​សេក្ខ​ត្រកូល​ហើយ ភិក្ខុ​ណា​មួយ ឥត​មាន​​គេ​និមន្ត​​ក្នុង​កាល​មុន ហើយ​ឥត​ទាំង​មាន​​ជម្ងឺ បាន​​ទទួល​យក​​ខាទនីយៈ​ក្តី ភោជនីយៈ​ក្តី ដោយ​ដៃ​​របស់​ខ្លួន អំពី​​ពួក​ត្រកូល​​ដែល​សង្ឃ​​បាន​សន្មត​​ថា​ជា​​សេក្ខ​ត្រកូល​​បែប​នោះ​ហើយ (យក​មក) ទំពា​ស៊ី ឬ​បរិភោគ ភិក្ខុ​នោះ​​ត្រូវ​​សំដែង​ថា ម្នាល​អាវុសោ ខ្ញុំ​ត្រូវ​​ហើយ​​នូវ​អាបត្តិ​​​បាដិទេសនីយៈ មិន​ជា​​ទី​​សប្បាយ ដែល​ព្រះ​ដ៏​​មាន​ព្រះ​ភាគ​​ទ្រង់​តិះ​ដៀល ខ្ញុំ​​សូម​សំដែង​​​អាបត្តិ​​នោះ​ចេញ។»

vbu pd 3 បាលី cs-km: vin.vbu.pd.3 អដ្ឋកថា: vin.vbu.pd.3_att PTS: ?

(បាដិទេសនីយ) សិក្ខាបទ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

អានដោយ ព្រះ​រដ្ឋបាល

(៣. តតិយបាដិទេសនីយសិក្ខាបទំ)

[៤០៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ក្នុងក្រុង​សាវត្ថី មានត្រកូល១មាន​សេចក្តីជ្រះថ្លា​ទាំងពីរ​នាក់​​1) (ប្តីប្រពន្ធ) បានចំរើន​ដោយ​សទ្ធា តែសាបសូន្យ​ចាក​ទ្រព្យសម្បត្តិ។ ខាទនីយៈ ឬភោជនីយៈ​ណាដែលកើត​ឡើងក្នុង​ត្រកូលនោះ​ក្នុងវេលាមុនភត្ត ជនទាំងនោះ​ជួន​កាលខាន​បរិភោគ​ខ្លួនឯង ព្រោះចាត់ចែង​ខាទនីយៈ ឬភោជនីយៈ​ទាំងអស់​នោះប្រគេន​ដល់​ភិក្ខុទាំងឡាយ។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ​ជាសក្យបុត្ត​ មិនគួរ​នឹង​មិនស្គាល់​ប្រមាណ ហើយទទួលយកសោះ ជនទាំងឡាយ​នេះ​បាន​ប្រគេន​នូវខាទនីយៈ និងភោជនីយៈ​ដល់ភិក្ខុ​ទាំងនេះ ហើយជួនកាល​ខាន​បរិភោគ​ខ្លួនឯង។ កាលពួកមនុស្សទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ ភិក្ខុទាំងឡាយ​ក៏បាន​ឮច្បាស់។ វេលានោះ ភិក្ខុទាំងនោះ​ក៏បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ទ្រង់​ធ្វើ​នូវធម្មីកថា​ក្នុងគ្រានោះ ហើយទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក​ដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុ​ទាំងឡាយ ត្រកូល​ណាដែលចំរើន​ដោយសទ្ធា តែសាបសូន្យ​ចាកទ្រព្យសម្បត្តិ តថាគត​អនុញ្ញាត​ដើម្បី​ឲ្យ​ៗនូវ​សេក្ខសម្មតិ គឺសម្មតិត្រកូល​នោះថា ជាសេក្ខត្រកូល ដោយកម្មមានញត្តិ​ជាគំរប់ពីរ ចំពោះត្រកូល​បែបនេះចុះ ម្នាលភិក្ខុទាំងឡាយ (សេក្ខសម្មតិ) សង្ឃ​ត្រូវឲ្យយ៉ាងនេះ។ ភិក្ខុ១រូប​ដែលជា​អ្នក​ឈ្លាស​ប្រតិពល​ ត្រូវផ្តៀងសង្ឃ​ឲ្យដឹងថា បពិត្រព្រះសង្ឃ​ដ៏ចំរើន ព្រះសង្ឃសូមស្តាប់​នូវពាក្យខ្ញុំ (ដ្បិត) ត្រកូលឈ្មោះនេះតែងចំរើន​ដោយសទ្ធា តែសាបសូន្យ​ចាកទ្រព្យសម្បត្តិ។ បើកម្ម​មានកាល​ដ៏​សមគួរដល់​សង្ឃហើយ សង្ឃគប្បីឲ្យនូវ​សេក្ខសម្មតិ​ដល់​ត្រកូលឈ្មោះនេះចុះ។ នេះជាពាក្យ​ផ្តៀង​សង្ឃ​ឲ្យដឹង។ បពិត្រព្រះសង្ឃ​ដ៏ចំរើន ព្រះសង្ឃសូមស្តាប់​នូវពាក្យខ្ញុំ (ដ្បិត) ត្រកូលឈ្មោះ​នេះ ចំរើន​ដោយសទ្ធា តែសាបសូន្យ​ចាកទ្រព្យ។ ឥឡូវសង្ឃ​ឲ្យនូវ​សេក្ខសម្មតិ​ដល់​ត្រកូល​ឈ្មោះ​នេះ។ កិរិយាឲ្យនូវ​សេក្ខសម្មតិ​ដល់​ត្រកូលឈ្មោះនេះ បើសមគួរ​ដល់លោក​ដ៏មានអាយុ​អង្គណា លោកដ៏មានអាយុ​អង្គនោះ​ត្រូវស្ងៀម បើមិនសមគួរ​ដល់​លោកដ៏មាន​អាយុ​អង្គណា លោកដ៏​មានអាយុ​អង្គនោះ​គប្បី​ពោលឡើង។ សេក្ខសម្មតិ សង្ឃ​បានឲ្យ​ដល់ត្រកូល​មានឈ្មោះនេះ​រួច​ស្រេច​ហើយ។ ការឲ្យ​សេក្ខសម្មតិ​សមគួរ​ដល់​សង្ឃហើយ ព្រោះហេតុនោះ​បានជា​សង្ឃស្ងៀម​នៅ។ ខ្ញុំ​សូមចាំទុក​នូវរឿង​នេះ ត្រង់​ហេតុ​ដែល​ស្ងៀម​នៅយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ​​គប្បីសំដែង​ឡើងនូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ពួកត្រកូល​ណាមួយដែល​សង្ឃបាន​សន្មត​ថាជាសេក្ខត្រកូលហើយ ភិក្ខុណាមួយ​ទទួលយក​ខាទនីយៈក្តី ភោជនីយៈក្តី ដោយដៃ​របស់ខ្លួន អំពី​ពួកត្រកូល​ដែលសង្ឃ​បាន​ឲ្យ​សេក្ខសម្មតិ​បែបនោះ ហើយ​ទំពាស៊ីក្តី បរិភោគក្តី ភិក្ខុនោះ​ត្រូវ​សំដែងថា ម្នាលអាវុសោ ខ្ញុំត្រូវ​អាបត្តិ​ឈ្មោះ​បាដិទេសនីយៈ មិនជាទីសប្បាយ ដែលព្រះដ៏​មានព្រះភាគ​ទ្រង់តិះដៀល ឥឡូវខ្ញុំ​សូមសំដែង​នូវ​អាបត្តិ​នោះចេញ។

សិក្ខាបទ​នេះ ព្រះដ៏មានព្រះភាគ​ទ្រង់បាន​បញ្ញត្ត​ហើយដល់​ពួកភិក្ខុយ៉ាងនេះ។

[៤០៧] សម័យ​នោះឯង មហោស្រព (គេលេង) នៅក្រុង​សាវត្ថី។ ពួកមនុស្ស គេ​បាននិមន្ត​ភិក្ខុទាំងឡាយ​ឲ្យឆាន់។ ចំណែក​ខាងត្រកូលនោះឯង ក៏បាននិមន្ត​ភិក្ខុទាំងឡាយ​ឲ្យ(ឆាន់ចង្ហាន់)។ ភិក្ខុទាំងឡាយ​នឹក​រង្កៀស មិនហ៊ានទទួល​និមន្ត ព្រោះគិតថា ការដែលទទួល​ យក​ខាទនីយៈក្តី ភោជនីយៈក្តី ដោយដៃ​របស់ខ្លួន អំពី​ពួកត្រកូល​ដែលសង្ឃ​បានសន្មត​ថាសេក្ខ​ហើយ (យកមក)​​ទំពាស៊ី ឬបរិភោគ ព្រះដ៏មានព្រះភាគ​ឃាត់ហើយ។ មនុស្សទាំងឡាយ​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា យើងនឹង​រស់នៅ​ប្រយោជន៍​អ្វី ដ្បិត​លោកម្ចាស់​ទាំងឡាយ មិនហ៊ានទទួល​យក​ខាទនីយៈភោជនីយៈរបស់យើង កាលមនុស្សទាំងនោះ​ពោល​ទោស តិះដៀល បន្តុះបង្អាប់ ពួកភិក្ខុ​ក៏បានឮច្បាស់។ វេលានោះ ភិក្ខុទាំងនោះ​បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ទ្រង់​ធ្វើ​ធម្មីកថា​ ហើយ​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកក្នុងវេលានោះថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​​អនុញ្ញាត​ដើម្បី​ឲ្យ​ភិក្ខុ​ដែលមានគេនិមន្ត ហើយទទួលយក​ខាទនីយៈក្តី ភោជនីយៈក្តី ដោយដៃ​របស់ខ្លួន អំពី​ពួកត្រកូល​ដែលសង្ឃ​បានសន្មត​ថាជា​សេក្ខត្រកូល ហើយ(យកមក) ​ទំពាស៊ី ឬបរិភោគបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើងនូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ពួកត្រកូល​ណាមួយដែល​សង្ឃបាន​សន្មត​ថាជាសេក្ខត្រកូលហើយ ភិក្ខុណាមួយ ឥតមាន​គេនិមន្ត​ក្នុងកាលមុន ហើយ​ទទួលយក​ខាទនីយៈក្តី ភោជនីយៈក្តី ដោយដៃ​របស់ខ្លួន អំពី​ពួកត្រកូល​ដែលសង្ឃ​បានសន្មត​ថាជា​សេក្ខត្រកូល មានសភាព​បែបនោះហើយ (យកមក) ទំពាស៊ីក្តី បរិភោគក្តី ភិក្ខុនោះ​ត្រូវ​សំដែងថា ម្នាលអាវុសោ ខ្ញុំត្រូវ​ហើយ​នូវអាបត្តិ​​បាដិទេសនីយៈ មិនជាទីសប្បាយ ដែលព្រះដ៏​មានព្រះភាគ​ទ្រង់តិះដៀល ខ្ញុំ​សូមសំដែង​នូវ​អាបត្តិ​នោះចេញ។

សិក្ខាបទ​នេះ ព្រះដ៏មានព្រះភាគ​ទ្រង់បាន​បញ្ញត្ត​ហើយដល់ភិក្ខុទាំងឡាយ​យ៉ាងនេះ។

[៤០៨] សម័យ​នោះឯង មានភិក្ខុ១រូប ជាជីតុន​របស់ត្រកូលនោះ។ លំដាប់នោះ ក្នុងវេលា​ព្រឹកព្រហាម ភិក្ខុនោះបាន​ស្លៀក​ស្បត់ ហើយប្រដាប់​ដោយបាត្រ​និងចីវរ ដើរចូល​ទៅកាន់​ត្រកូល​នោះ លុះចូលទៅហើយ ក៏អង្គុយ​លើអាសនៈ​ដែលគេក្រាលទុក។ វេលានោះ ភិក្ខុនោះជួន​ជាមាន​ជម្ងឺផង។ គ្រានោះ មនុស្សទាំងឡាយ ក៏បាននិយាយ​ពាក្យនេះ​នឹងភិក្ខុនោះថា បពិត្រលោក​ម្ចាស់​ដ៏ចំរើន ចូរលោកម្ចាស់​និមន្ត​ឆាន់សិន។ វេលានោះ ភិក្ខុនោះ​នឹក​រង្កៀសថា ភិក្ខុដែល​គេ​មិនបាន​និមន្ត ហើយទទួលយក​ខាទនីយៈក្តី ភោជនីយៈក្តី ដោយដៃ​របស់ខ្លួន អំពី​ពួកត្រកូល​ដែលសង្ឃ​បានសន្មត​ថាជាសេក្ខត្រកូល​ហើយ (យកមក)​​ទំពាស៊ី ឬបរិភោគ ព្រះដ៏មានព្រះភាគ​ហាម​ហើយ បានជា​មិនហ៊ាន​ទទួល ហើយ​មិនអាច​ដើម្បី​ដើរទៅ​បិណ្ឌបាត​បាន ក៏អត់ចង្ហាន់។ វេលានោះ ភិក្ខុនោះ​ត្រឡប់​ទៅវត្តវិញ បានដំណាល​ប្រាប់រឿង​នុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ក៏បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មាន​ព្រះភាគ​​ទ្រង់​ធ្វើ​ធម្មីកថា​ ​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកក្នុងវេលានោះថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​​អនុញ្ញាត​​ឲ្យ​ភិក្ខុ​ដែលមានជម្ងឺ ទទួលយក​ខាទនីយៈក្តី ភោជនីយៈក្តី ដោយដៃ​របស់ខ្លួន អំពី​ពួកត្រកូល​ដែលសង្ឃ​បានសន្មត​ថាជា​សេក្ខត្រកូល ហើយ(យកមក) ​ទំពាស៊ី ឬបរិភោគបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើងនូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ពួកត្រកូល​ណាមួយដែល​សង្ឃបាន​សន្មត​ថាជាសេក្ខត្រកូលហើយ ភិក្ខុណាមួយ ឥតមាន​គេនិមន្ត​ក្នុងកាលមុន ហើយឥត​ទាំងមាន​ជម្ងឺ បាន​ទទួលយក​ខាទនីយៈក្តី ភោជនីយៈក្តី ដោយដៃ​របស់ខ្លួន អំពី​ពួកត្រកូល​ដែលសង្ឃ​បានសន្មត​ថាជា​សេក្ខត្រកូល​បែបនោះហើយ (យកមក) ទំពាស៊ី ឬបរិភោគ ភិក្ខុនោះ​ត្រូវ​សំដែងថា ម្នាលអាវុសោ ខ្ញុំត្រូវ​ហើយ​នូវអាបត្តិ​​បាដិទេសនីយៈ មិនជា​ទី​សប្បាយ ដែលព្រះដ៏​មានព្រះភាគ​ទ្រង់តិះដៀល ខ្ញុំ​សូមសំដែង​​អាបត្តិ​នោះចេញ។

[៤០៩] ពាក្យថា ពួកត្រកូលណាមួយ​ដែលសង្ឃ​បានសន្មត​ថាជាសេក្ខត្រកូលហើយ សេចក្តីថា ត្រកូល​ណាដែល​ចំរើន​ដោយសទ្ធា តែសាបសូន្យចាកទ្រព្យសម្បត្តិ សង្ឃ​បានឲ្យ​សេក្ខសម្មតិ​ដោយញត្តិ​ទុតិយ​កម្មចំពោះ​ត្រកូល​បែបនេះ (ត្រកូលនោះ) ឈ្មោះថា​សង្ឃបាន​សន្មត​ថាជាសេក្ខត្រកូល។ ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នា្​នឹង​សិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ពាក្យថា អំពី​ពួក​ត្រកូល​ដែលសង្ឃបាន​សន្មត​ថាជាសេក្ខត្រកូល​បែបនោះ គឺ​អំពី​ពួក​ត្រកូល​ដែលសង្ឃ​បានសន្មត​ថាជាសេក្ខត្រកូល មានសភាព​យ៉ាងនោះ។ ដែលហៅថា ឥតគេ​និមន្ត គឺ​ឥត​គេនិមន្ត​ដើម្បីឆាន់​ក្នុងថ្ងៃនេះ ឬដើម្បី​ឆាន់​ក្នុងថ្ងៃ​ស្អែក ទោះបី​ភិក្ខុដើរ​ទៅកាន់​ឧបចារ​របស់ផ្ទះ ទើប​មាន​ពួកជន​និមន្ត ភិក្ខុនេះ​ក៏ហៅថា ឥតមាន​គេនិមន្តដែរ។ ដែលហៅថា មានគេនិមន្ត គឺមាន​គេនិមន្ត​ដើម្បីឆាន់​ក្នុងថ្ងៃនេះ ឬដើម្បី​ឆាន់​ក្នុងថ្ងៃ​ស្អែក កាលភិក្ខុមិនទាន់​បានដើរ​ទៅកាន់​ឧបចារ​របស់ផ្ទះ​នៅឡើយ ស្រាប់តែ​មានពួកជន​និមន្ត ភិក្ខុនេះ​ហៅថា មានគេនិមន្ត។ ភិក្ខុណា​ដែល​អាច ដើម្បីនឹង​ដើរ​ទៅបិណ្ឌបាត​បាន ភិក្ខុនោះ​ហៅថា មិនមានជម្ងឺ។ ភិក្ខុណា​ដែល​មិនអាច​នឹង​ដើរ​ទៅបិណ្ឌបាត​បានទេ ភិក្ខុនោះ​ហៅថា មានជម្ងឺ។ ដែលហៅថា ខាទនីយៈ គឺវៀរ​លែងតែ​ភោជន​៥យ៉ាង និងរបស់​ជាយាមកាលិក សត្តាហកាលិក និងរបស់​ជាយាវជីវិក​ចេញ ក្រៅពី​នោះហៅថា ខាទនីយៈ​ទាំងអស់។ ដែលហៅថា ភោជនីយៈ បានដល់​ភោជន​៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ភិក្ខុឥត​មានគេ​និមន្ត ឥតមាន​ជម្ងឺ ទទួល​យក​នូវ​ខាទនីយៈ ឬភោជនីយៈ​ដោយគិតថា អាត្មាអញ​នឹង​ទំពាស៊ី នឹងបរិភោគ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុត្រូវ​អាបត្តិ​បាដិទេសនីយៈ​គ្រប់ៗ​វារៈ​ដែលលេប​ចូលទៅ។

[៤១០] ត្រកូលដែល​សង្ឃ​បាន​សន្មត​ថាជាសេក្ខៈ ភិក្ខុសំគាល់ថា ត្រកូល​ សង្ឃ​បាន​សន្មត​ថាជាសេក្ខៈ​មែន ឥតមានគេ​និមន្ត ឥតមាន​ជម្ងឺ ហើយទទួលយក​​ខាទនីយៈក្តី ភោជនីយៈក្តី​ដោយដៃរបស់ខ្លួន (យកមក) ទំពាស៊ី ឬបរិភោគ ត្រូវអាបត្តិបាដិទេសនីយៈ។ ភិក្ខុសង្ស័យ​ក្នុង​ត្រកូលដែលសង្ឃ​បាន​សន្មត​ថាជាសេក្ខៈ​ ឥតមានគេ​និមន្ត ឥតទាំងមាន​ជម្ងឺ ហើយទទួលយក​​ខាទនីយៈក្តី ភោជនីយៈក្តី​ដោយដៃរបស់ខ្លួន (យកមក) ទំពាស៊ី ឬបរិភោគ ត្រូវអាបត្តិ​បាដិទេសនីយៈ។ ត្រកូលដែល​សង្ឃ​សន្មត​ថាជាសេក្ខៈ ភិក្ខុសំគាល់ថាត្រកូលដែលសង្ឃ​មិនបាន​សន្មត​ជាសេក្ខៈ​ ឥតមានគេ​និមន្ត ឥតទាំងមាន​ជម្ងឺ ហើយទទួលយក​​ខាទនីយៈក្តី ភោជនីយៈក្តី​ដោយដៃរបស់ខ្លួន (យកមក) ទំពាស៊ី ឬបរិភោគ ត្រូវអាបត្តិបាដិទេសនីយៈ។ ភិក្ខុទទួល​របស់​ជា​យាមកាលិក សត្តាហកាលិក និងរបស់​ជាយាវជីវិក ដើម្បី​ប្រយោជន៍​ដល់អាហារ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុត្រូវ​អាបត្តិ​ទុក្កដ​គ្រប់ៗវារៈ​ដែល​លេបចូលទៅ។ ត្រកូលដែល​សង្ឃ​មិនបាន​សន្មត​ថាជា​សេក្ខៈ ភិក្ខុសំគាល់​ថាត្រកូល​ សង្ឃ​បាន​សន្មត​ជាសេក្ខៈវិញ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុមាន​សេចក្តី​សង្ស័យ​ក្នុងត្រកូល​ដែលសង្ឃ​មិនបាន​សន្មតថា​ជាសេក្ខៈ ត្រូវអាបត្តិ​ទុក្កដ។ ត្រកូលដែល​សង្ឃ​មិនបាន​សន្មត​ថាជា​សេក្ខៈ ភិក្ខុសំគាល់​ថាត្រកូលដែលសង្ឃ​មិនបាន​សន្មត​ថាជាសេក្ខៈមែន មិនត្រូវអាបត្តិឡើយ។

[៤១១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១៣យ៉ាង) គឺភិក្ខុមានគេ​និមន្ត១ ភិក្ខុ​មានជម្ងឺ១ ភិក្ខុឆាន់​របស់​ដែល​សល់​អំពី​ភិក្ខុដែល​គេបាន​និមន្ត ឬរបស់​ដែល​សល់​អំពី​ភិក្ខុ​មានជម្ងឺ១ ចង្ហាន់​ដែលគេ​បាន​តាក់តែង​ទុក​ក្នុងទីនោះ​ចំពោះ​ពួក​ភិក្ខុ​ដទៃ១ ពួក​ជន​បាននាំ​យកខាទនីយៈ ឬភោជនីយៈ​មកពីផ្ទះ​ហើយប្រគេន១ ភិក្ខុទទួល​ឆាន់និច្ចភត្ត១ សលាកភត្ត១ បក្ខិកភត្ត១ ឧបោសថិកភត្ត១ បាដិបទិកភត្ត១ ជនបាន​ប្រគេន​នូវរបស់​ជាយាមកាលិក សត្តាហកាលិក និងរបស់​ជាយាវជីវិក​ដោយវាចា​ថា កាលបើមាន​ហេតុ និមន្ត​លោកម្ចាស់​ឆាន់ចុះ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទ ទី ៣ ចប់។

 

លេខយោង

1)
អដ្ឋកថា បានឮថា​ក្នុងត្រកូលនោះមានជនពីរនាក់​បានសម្រេច​ព្រះសោតាបត្តិផល។
km/tipitaka/vin/vbu/pd/vin.vbu.pd.3.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann