User Tools

Site Tools


Translations of this page?:
km:tipitaka:vin:vbu:pr:index

បារាជិកកណ្ឌេ មាតិកា



vin vbu pr បាលី cs-km: vin.vbu.pr អដ្ឋកថា: vin.vbu.pr_att PTS: ?

បារាជិកកណ្ឌេ

មាតិកា

ធ្វើ​​ឡើង​​សម្រាប់​​ព្រះ​​សង្ឃ​ ដោយ​

ពុទ្ធ​បរិស័ទ នៃ sangham.net

សង្ខេប

បារាជិកសិក្ខាបទទាំង៤ គឺ សេពមេថុន១ លួចទ្រព្យគេ១ សម្លាប់មនុស្ស១ ពោលអួតឧត្តរិមនុស្សធម្ម១ ហៅថាឆេជ្ជវត្ថុ (វត្ថុដាច់ចាកភិក្ខុភាវៈ) មិនត្រូវសង្ស័យឡើយ។

មាតិកា បារាជិកកណ្ឌេ

បារាជិកកណ្ឌេ បឋមសិក្ខាបទំ (vin.vbu.pr.01 | ភាគ ១)

បារាជិកសិក្ខាបទ គឺ សេពមេថុន៖ «ភិក្ខុណា​​មួយ​ដល់​ព្រម​ដោយ​សិក្ខា​និង​សាជីវៈ (ដែល​តថាគត​បញ្ញត្ត​ហើយ) សម្រាប់​ភិក្ខុ​ទាំងឡាយ ហើយ​មិនពោលលា​សិក្ខា មិន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ភាវៈ​ជា​អ្នក​មាន​កំឡាំងថយ ហើយ​សេពមេថុនធម្ម ដោយហោច​ទៅសូម្បីតែ​នឹងសត្វ​តិរច្ឆានញី ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​បារាជិក រកសំវាសគ្មាន។»

 

បារាជិកកណ្ឌេ ទុតិយសិក្ខាបទំ (vin.vbu.pr.02 | ភាគ ១)

បារាជិកសិក្ខាបទ គឺ លួចទ្រព្យគេ៖ «ភិក្ខុណា​មួយ​កាន់យក​ទ្រព្យ​ដែលគេមិន​បានឲ្យ​ដោយចំណែក​នៃចិត្ត​លួច អំពី​ស្រុកក្តី ព្រៃក្តី ស្តេច​ទាំងឡាយ​ចាប់បាន​ចោរហើយ​ត្រូវសម្លាប់​ក្តី ឃុំខាំង​ក្តី និរទេស​ក្តី ដោយ​ពាក្យថា ឯង​ជាចោរ ជាមនុស្ស​ពាលវង្វេង ជា​មនុស្សល្មួច ព្រោះ​អទិន្នាទាន​មានសភាព​យ៉ាងណា ភិក្ខុ​កាលដែល​កាន់យក​ទ្រព្យដែល​គេមិន​បានឲ្យ មាន​សភាព​យ៉ាងនោះ ភិក្ខុនេះ​ក្តី ក៏ត្រូវ​អាបត្តិ​បារាជិក​រកសំវាសគ្មាន (គឺឥត​មាន​កិរិយានៅ​រួបរួមគ្នា​បាន)។»

 

បារាជិកកណ្ឌេ តតិយសិក្ខាបទំ (vin.vbu.pr.03 | ភាគ ១)

បារាជិកសិក្ខាបទ គឺ សម្លាប់មនុស្ស៖ «ភិក្ខុណា​មួយក្លែង​ផ្តាច់បង់​រាងកាយ​របស់មនុស្ស ឲ្យឃ្លាត​ចាក​ជីវិត​ក្តី ទោះបី​ស្វែងរក​គ្រឿង​សស្ត្រាវុធ (ឲ្យគេ​សម្លាប់) រាងកាយ​មនុស្សនោះ​ក្តី ពណ៌នា​គុណ​នៃ​​សេចក្តី​ស្លាប់ក្តី ឬនិយាយ​ណែនាំដើម្បី​សេចក្តី​ស្លាប់ថា នែបុរស​ដ៏ចំរើន អ្នកមាន​ប្រយោជន៍អ្វី​​ដោយ​ជីវិត​អាក្រក់លាមក​នេះ អ្នកស្លាប់​ទៅ​ប្រសើរ​ជាងរស់នៅ (ភិក្ខុ) មាន​ចិត្តគិត​ដូច្នេះ មានសេចក្តី​ត្រិះរិះ​ក្នុង​ចិត្ត​ដូច្នេះ គប្បីពណ៌នា​គុណនៃ​សេចក្តីស្លាប់ ឬគប្បី​ណែនាំដើម្បី​សេចក្តីស្លាប់​ដោយអនេក​​បរិយាយ ភិក្ខុនេះ​ក្តី ហៅថា​ត្រូវអាបត្តិ​បារាជិក មិនមាន​សំវាសឡើយ។»

 

បារាជិកកណ្ឌេ ចតុត្ថសិក្ខាបទំ (vin.vbu.pr.04 | ភាគ ១)

បារាជិកសិក្ខាបទ គឺ ពោលអួតឧត្តរិមនុស្សធម្ម៖ «ភិក្ខុណា​មួយ មិនដឹង​ច្បាស់ ហើយពោល​អួតឧត្តរិ​មនុស្សធម្ម ជាធម៌​មានញាណ (សេចក្តីដឹង) និងទស្សនៈ (កិរិយាឃើញ) ដ៏ប្រសើរ អាចកំចាត់​នូវកិលេស គួរបង្អោន​មកដាក់ក្នុង​ខ្លួនដោយ​ពាក្យថា ខ្ញុំដឹង​ដូច្នេះ ខ្ញុំឃើញ​ដូច្នេះ លុះដល់​សម័យដទៃ​អំពីនោះមក ទោះមាន​គេសាកសួរ​ក្តី ឥតមាន​គេសាកសួរ​ក្តី ក៏ហៅថា ត្រូវ​អាបត្តិបារាជិក​ហើយ (ទោះបី) មានប្រាថ្នា​ចង់ឲ្យបរិសុទ្ធ ហើយ​ត្រឡប់ជានិយាយ​កែសំនួន​យ៉ាងនេះ​វិញថា នែ​អាវុសោ ខ្ញុំមិនដឹង​យ៉ាងនេះទេ (ប៉ុន្តែ) ពោល​ថាដឹង ខ្ញុំមិន​ឃើញយ៉ាង​នេះទេ (ប៉ុន្តែ) ពោល​ថាឃើញ ខ្ញុំពោល​កុហកសោះ​ទេ ភិក្ខុនេះ​ក្តី ក៏ត្រូវ​អាបត្តិបារាជិក រកសំវាសគ្មាន វៀរលែង​តែ សំគាល់ថា​ខ្លួនបាន​ត្រាស់ដឹង។»

 

«បពិត្រលោកដ៏មានអាយុ​ទាំងឡាយ អាបត្តិឈ្មោះ​បារាជិកទាំង៤ ដែលខ្ញុំ​បានសំដែង​ហើយនេះ បណ្តា​អាបត្តិទាំង​៤នុ៎ះ ភិក្ខុណា​ត្រូវអាបត្តិ​ណាមួយ​ហើយ ក៏មិនបាន​នូវកិរិយា​នៅរួបរួមជាមួយ​នឹងភិក្ខុ​ទាំងឡាយ​ឡើយ ភិក្ខុនោះ​ជាបារាជិក រកសំវាសគ្មាន កាលពី​មុនយ៉ាង​ណាមិញ ខាងក្រោយ​ក៏ដូច្នោះ​ដែរ។ ខ្ញុំព្រះករុណា សូម​សួរលោក​ដ៏មានអាយុ​ទាំងឡាយ ក្នុង​អាបត្តិ​បារាជិក​ទាំង៤នោះ លោក​ទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយឬ ខ្ញុំព្រះករុណា សូមសួរ​គំរប់ពីរ​ដងទៀត លោក​ទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយឬ ខ្ញុំព្រះករុណា សូមសួរ​គំរប់៣ដង​ទៀត លោកទាំង​ឡាយជាអ្នក​បរិសុទ្ធ​ហើយឬ លោក​ដ៏មាន​អាយុ​ទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយ​ក្នុងបារាជិកាបត្តិ​ទាំង៤នុ៎ះ ព្រោះ​ហេតុដូច្នោះ បានជា​ស្ងៀម។ ខ្ញុំព្រះករុណា​ដឹងថា លោក​ទាំងឡាយ​បរិសុទ្ធ​ហើយ ដោយហេតុ​ដែលស្ងៀម​យ៉ាងនេះ។»



km/tipitaka/vin/vbu/pr/index.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann