km:tipitaka:vin:vbu:pr:vin.vbu.pr.01

បារាជិកកណ្ឌេ បឋមសិក្ខាបទំ

សង្ខេប

បារាជិកសិក្ខាបទ គឺ សេពមេថុន៖ «ភិក្ខុណា​​មួយ​ដល់​ព្រម​ដោយ​សិក្ខា​និង​សាជីវៈ (ដែល​តថាគត​បញ្ញត្ត​ហើយ) សម្រាប់​ភិក្ខុ​ទាំងឡាយ ហើយ​មិនពោលលា​សិក្ខា មិន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ភាវៈ​ជា​អ្នក​មាន​កំឡាំងថយ ហើយ​សេពមេថុនធម្ម ដោយហោច​ទៅសូម្បីតែ​នឹងសត្វ​តិរច្ឆានញី ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​បារាជិក រកសំវាសគ្មាន។»

vbu pr 1 បាលី cs-km: vin.vbu.pr.01 អដ្ឋកថា: vin.vbu.pr.01_att PTS: ?

បារាជិកកណ្ឌេ បឋមសិក្ខាបទំ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

(១. បឋមបារាជិកំ)

សុទិន្នភាណវារោ

(សុទិន្នភាណវារោ)

[១០] ក្នុងសម័យនោះឯង មានស្រុកមួយឈ្មោះកលន្ទនៅ​មិនឆ្ងាយប៉ុន្មានអំពីក្រុងវេសាលី។ ក្នុងស្រុក​នោះមាន​កូនសេដ្ឋីម្នាក់​ឈ្មោះ​សុទិន្នកុមារជាបុត្ររបស់​ កលន្ទសេដ្ឋី។ គ្រានោះ សុទិន្នកុមារកលន្ទបុត្រ​ជាមួយនឹងសំឡាញ់​ទាំងឡាយ​ច្រើននាក់ នាំគ្នាទៅឯ​ក្រុងវេសាលី​ដោយ មានកិច្ចការ​អ្វីមួយ។ សម័យនោះ​ឯង ព្រះដ៏មានព្រះភាគ​ជាអង្គម្ចាស់មានពពួក​បរិសទ្យច្រើនគាល់​ត្រៀបត្រា ទ្រង់កំពុងគង់​សំដែងព្រះធម៌។ សុទិន្នកលន្ទបុត្រ ក៏ទៅប្រទះ​បានឃើញ​ព្រះអង្គមាន​បរិសទ្យ​ច្រើន​គាល់​ត្រៀបត្រា កំពុង​សំដែងធម៌។ លុះឃើញ​ហើយ សុទិន្នកុមារ​នោះក៏មាន​សេចក្តីតិ្រះរិះ​ថា អាត្មាអញ​គួរតែស្តាប់ធម៌សិន។ គ្រានោះ​សុទិន្នកលន្ទបុត្រក៏​ចូលទៅកាន់ទីដែល​បរិស័ទ្យអង្គុយនោះ លុះចូល​ទៅដល់ហើយ បានអង្គុយ​នៅក្នុងទីមួយ​ដ៏សមគួរ។ កាលដែល​សុទិន្នកុមារកលន្ទកបុត្រ​បានអង្គុយ​នៅក្នុងទីមួយ​ដ៏សមគួរហើយ ក៏មាន​សេចក្តីត្រិះរិះថា ធម៌​ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ហើយដោយ​ដំណើរ​យ៉ាងណាៗ អញក៏បាន​ស្តាប់​យល់តាម​ដំណើរ​ទាំងនោះ​ហើយ ប៉ុន្តែបើ​អញ​នៅជា​គ្រហស្ថ​គ្រប់គ្រងផ្ទះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌អោយបរិបូណ៌​តែម្យ៉ាង អោយ​បរិសុទ្ធ​តែម្យ៉ាង​ដូចជា​ស័ង្ខដែល​គេ​ខាត់ហើយ​​នោះទេ បើលុះ​តែអញ​កោរសក់​និងពុកមាត់​ពុកចង្កា រូចស្លៀក​ដណ្តប់​សម្ពត់​ជ្រលក់​អម្ចត់ ហើយចេញ​ចាកផ្ទះ​ទៅបួស​ប្រតិបត្តិ​ក្នុងផ្នួស​ដែល​គ្មានប្រយោជន៍ ដោយកិច្ចការ​ក្នុងផ្ទះ​(នោះទើប​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​កើត)។ គ្រានោះ ពួក​បរិសទ្យ​បានស្តាប់ធម្មីកថា​ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ណែនាំ​ពន្យល់​អោយជឿជាក់​កុសលធម៌ ឲ្យរីករាយ​រាល់គ្នាហើយ ក៏ក្រោក​ចាក​ទីអង្គុយ ក្រាបថ្វាយបង្គំ​ព្រះអង្គ រួចដើរ​ប្រទក្សិណ​ហើយក៏ចេញ​អស់ទៅ។ ឯ​សុទិន្នកលន្ទកបុត្រ កាល​បើពួក​ពុទ្ធបរិស័ទ្យ​ក្រោកទៅអស់​ហើយភ្លាម ក៏ចូលទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ ក្រាបថ្វាយ​បង្គំ​ព្រះអង្គ​ដោយគោរព រួចអង្គុយ​ក្នុងទីមួយ​ដ៏សមគួរ។ លុះ​សុទិន្នកលន្ទកបុត្រ អង្គុយ​នៅក្នុងទីមួយដ៏សម​គួរហើយ ក៏ក្រាបទូល​ព្រះអង្គថា សូមទ្រង់​ព្រះមេត្តា​ប្រោស ធម៌​ដែលព្រះអង្គ​សំដែងហើយ ដោយដំណើរ​យ៉ាងណាៗ ខ្ញុំព្រះអង្គ​បាន​យល់​តាមដំណើរ​ទាំង​នោះដែរហើយ ប៉ុន្តែ​បើខ្ញុំ​ព្រះអង្គ​នៅជា​គ្រហស្ថ​គ្រប់គ្រង​ផ្ទះ (យ៉ាង​នេះ) ក៏មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌ ឲ្យ​បរិបូណ៌​តែម្យ៉ាង ឲ្យបរិសុទ្ធ​តែម្យ៉ាង ដូចជា​ស័ង្ខដែល​គេ​ខាត់ហើយ​នោះទេ សូមទាន​ខ្ញុំ​ព្រះអង្គ​ចង់​កោរសក់ និងពុកមាត់​ពុកចង្កា រួចស្លៀក​ដណ្តប់​សម្ពត់​ជ្រលក់​អម្ចត់ ហើយចេញ​ចាក​ផ្ទះ​មកបួស​ប្រតិបត្តិ​ក្នុងផ្នួស ដែលគ្មាន​ប្រយោជន៍​ដោយ​កិច្ចការ​ក្នុងផ្ទះ (នោះ​ណាស់) សូម​ព្រះដ៏មាន​ជោគ ទ្រង់​បំបួស​ខ្ញុំព្រះអង្គ​ផង។ ព្រះសាស្តា​ទ្រង់ត្រាស់​សួរថា ម្នាលសុទិន្ន ចុះអ្នក​ឯងមាតាបិតា​បាន​យល់ព្រម​ឲ្យចេញចាក​ផ្ទះមក​បួសប្រតិបត្តិ​ ក្នុងបព្វជ្ជា ដែលគ្មាន​ប្រយោជន៍​ដោយ​កិច្ចការ​ក្នុង​ផ្ទះ​ហើយឬ។ សុទិន្នក្រាប​ទូលថា សូម​ទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំព្រះអង្គ​មាតាបិតា​មិនទាន់​បានយល់ព្រម​ឲ្យចេញចាក​ផ្ទះ​មកបួស​ក្នុង​ ព្រះពុទ្ធសាសនា​នៅឡើយទេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​តបថា ម្នាលសុទិន្ន ព្រះតថាគត​ទាំងឡាយ មិនដែល​បំបួសកូនដែល​មាតាបិតា មិនទាន់​អនុញ្ញាត​នោះទេ។ សុទិន្នក្រាប​ទូល​ថា សូម​ទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំព្រះអង្គ​នឹង​ទទួចលា​មាតាបិតា ត្រាតែ​អនុញ្ញាត​ឲ្យ​ខ្ញុំព្រះអង្គ​ចេញចាកផ្ទះ​មក​បួសក្នុង​ព្រះពុទ្ធសាសនា​ ឲ្យបាន។

[១១] លំដាប់នោះ សុទិន្នកលន្ទបុត្របានសម្រេចកិច្ចភារៈ​ដែលខ្លួន​ត្រូវធ្វើក្នុង​ ក្រុងវេសាលីនោះរួច​ស្រេច​ហើយ ក៏វិល​ត្រឡប់​មក​ស្រុកកលន្ទ​វិញ បានចូល​ទៅរកមាតាបិតា ហើយ​ជំរាប​មាតាបិតា​ថា បពិត្រ​អ្នកម្តាយ អ្នកឪពុក ខ្ញុំបាទ​បានស្តាប់​ធម៌​ដែល​ព្រះដ៏មាន​ជោគ​ទ្រង់សំដែង​ដោយ​ដំណើរ​យ៉ាងណាៗ ក៏យល់​តាម​ដំណើរ​ទាំងនោះ​ហើយ ខ្ញុំបាទ​គិតថា បើខ្ញុំ​នៅជា​គ្រហស្ថ​គ្រប់គ្រង​ផ្ទះ​នោះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិបូណ៌​​តែម្យ៉ាង ឲ្យបរិសុទ្ធ​តែម្យ៉ាងដូចជា​ស័ង្ខដែលគេខាត់​ហើយនោះទេ ខ្ញុំបាទ​ចង់កោរសក់ និងពុកមាត់​ពុកចង្កា រួចស្លៀក​ដណ្តប់​សម្ពត់​ជ្រលក់​អម្ចត់ ហើយចេញ​ចាកផ្ទះទៅ​បួសប្រតិបត្តិ​ក្នុងផ្នួស​ដែលគ្មាន​ប្រយោជន៍​ដោយកិច្ចការ​ ក្នុងផ្ទះ​(នោះ​ណាស់) សូមអ្នក​ម្តាយ អ្នកឪពុក​អនុញ្ញាត​ឲ្យ​ខ្ញុំបាទ​ចេញ​ចាកផ្ទះ​ទៅ​បួស​ក្នុង​ព្រះពុទ្ធសាសនា​ ឲ្យទាន។ មាតាបិតា​របស់​សុទិន្នកលន្ទបុត្រ កាលបើ​បានឮកូន​លាដូច្នេះ​ហើយ ក៏និយាយ​ឃាត់ថា ម្នាល​សុទិន្នកូន បាឯង​ជាបុត្រឯក​របស់យើង ជាទី​ស្រឡាញ់​ពេញចិត្ត​របស់យើង ធ្លាប់​ឋិត​នៅក្នុង​សេចក្តីសុខ មានអ្នក​ទំនុកបម្រុង​ឲ្យបានសេចក្តី​សុខ នែ​សុទិន្នកូន បាឯង​មិនដែល​ស្គាល់​ទុក្ខបន្តិច​បន្តួច​សោះឡើយ ទោះបី​បាឯងស្លាប់​ក្តី យើងក៏​មិន​ចង់ព្រាត់ប្រាស​ចាកបា​ឯងទេ យើង​នឹង​អនុញ្ញាត​បាកំពុង​រស់នៅ​ឲ្យ​ចេញចាក​ផ្ទះ​ទៅបួស​ក្នុង​ ព្រះពុទ្ធសាសនា​ម្តេចបាន។ ទើប​សុទិន្នកលន្ទបុត្រ​និយាយ​ពាក្យនេះ​នឹង​មាតាបិតា​ជាគំរប់ពីរដង​ថា បពិត្រមាតាបិតា ធម៌ដែល​ព្រះដ៏មានព្រះភាគ​សំដែង​ហើយ​ដោយ​ដំណើរ​យ៉ាងណាៗ ខ្ញុំបាន​យល់តាម​ដំណើរ​ទាំងនោះ​ដែរ​ហើយ ប៉ុន្តែ​បើខ្ញុំ​នៅជា​គ្រហស្ថ​គ្រប់គ្រងផ្ទះ​​(យ៉ាង​នេះ) ក៏មិន​ងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិបូណ៌​តែម្យ៉ាង ឲ្យបរិសុទ្ធ​តែម្យ៉ាង ដូចជា​ស័ង្ខ​ដែលគេខាត់​ហើយ​នោះទេ ខ្ញុំចង់​កោរសក់​និងពុកមាត់​ពុកចង្កា រួចស្លៀក​ដណ្តប់សម្ពត់​ជ្រលក់​អម្ចត់ ហើយ​ចេញ​ចាក​ផ្ទះ មកបួស​ក្នុងព្រះពុទ្ធសាសនា សូម​មាតា​បិតា​អនុញ្ញាត​ឲ្យ​ខ្ញុំចេញចាក​ផ្ទះ ទៅបួស​ក្នុងព្រះពុទ្ធ​សាសនា​ឲ្យទាន។ មាតាបិតា​របស់សុទិន្នកលន្ទបុត្រ ទើប​និយាយ​នឹង​សុទិន្នកលន្ទបុត្រ​ជាគំរប់ពីរដង​ដូច្នេះថា នែសុទិន្នកូន បាឯង​ជាបុត្រតែមួយ ជាទី​ស្រឡាញ់ពេញចិត្ត​របស់យើង (បាឯង) ធ្លាប់​ឋិត​នៅក្នុង​សេចក្តី​សុខ មាន​អ្នក​ថែរក្សា​ឲ្យបាន​សេចក្តី​សុខ នែបាសុទិន្ន បាមិនធ្លាប់​ស្គាល់សេចក្តី​ទុក្ខបន្តិច​បន្តួច​សោះ ទោះបី​បាឯង​ស្លាប់ក្តី យើងមិន​ចង់​ព្រាត់ប្រាស​ចាកបា​ទេ យើងនឹង​​អនុញ្ញាត​បា​កំពុងរស់​នៅឲ្យ​ចេញចាក​ផ្ទះ​ទៅបួស​ក្នុង​ព្រះពុទ្ធ​ សាសនា​ម្តេច​បាន។ សុទិន្នកលន្ទបុត្រ បាន​និយាយ​ពាក្យនេះ​នឹងមាតាបិតា​ជាគំរប់បី​ដងថា បពិត្រ​មាតាបិតា ខ្ញុំ​ដឹង​ច្បាស់​នូវធម៌​ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ដោយអាការ​ យ៉ាងណាៗ ធម្មតា​អ្នកនៅ​គ្រប់គ្រង​ផ្ទះ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិបូណ៌​ តែម្យ៉ាង ឲ្យបរិសុទ្ធ​តែម្យ៉ាង ដូចជា​ស័ង្ខដែល​បុគ្គល​ដុសខាត់​ហើយ មិនងាយ​ធ្វើទេ ខ្ញុំប្រាថ្នា​ដើម្បី​កោរសក់ និង​ពុកមាត់ ហើយ​ស្លៀក​ដណ្តប់​សម្ពត់កាសាយៈ ហើយចេញ​ចាក​ផ្ទះទៅបួសជា​បុគ្គល​មិនត្រូវ​ការដោយ​ផ្ទះ ហេតុនេះ​សូម​មាតា​បិតា​អនុញ្ញាត​ខ្ញុំ ឲ្យចេញ​ចាក​ផ្ទះទៅបួស​ជាបុគ្គល​មិនត្រូវ​ការ​ដោយផ្ទះ​វិញ​ចុះ។ មាតាបិតា​របស់​សុទិន្នកលន្ទបុត្រ បាន​និយាយ​ពាក្យនេះ​នឹងសុទិន្នកលន្ទបុត្រ​ជាគំរប់បី​ដងថា នែ​សុទិន្ន​កូន បាឯង​ជាបុត្រតែមួយ ជាទី​ស្រឡាញ់​ពេញចិត្ត​របស់​យើង ធ្លាប់ឋិតនៅ​ក្នុងសេចក្តី​សុខ មានអ្នក​ថែទាំឲ្យបាន​សេចក្តីសុខ នែបាសុទិន្ន បាមិន​ស្គាល់​សេចក្តី​ទុក្ខ​បន្តិច​សោះ ទោះបី​ស្លាប់ទៅក្តី យើងក៏​មិនប្រាថ្នាឲ្យ​ព្រាត់ប្រាសចាក​បា យើងនឹង​អនុញ្ញាតបា ដែល​កំពុង​រស់នៅ​ឲ្យ​ចេញ​ចាក​ផ្ទះ​ហើយ​បួសក្នុង​សាសនា​ម្តេចបាន។ គ្រានោះឯង​សុទិន្នកលន្ទបុត្រគិត​ថា មាតាបិតា​មិនអនុញ្ញាត​អញ​ឲ្យ​ចេញ​ចាក​ផ្ទះ​បួស​ក្នុង​សាសនា ដូច្នេះ​ហើយ ក៏ដួល​ដេក​នៅលើ​ផែនដី ប្រាសចាក​គ្រឿងកំរាល​ក្នុង​ទីនោះ​ឯងដោយ​គិតថា អញ​នឹង​ស្លាប់​ឬនឹង​បានបួស​ក្នុងទីនេះ​ជាប្រាកដ។ គ្រានោះ សុទិន្នកលន្ទបុត្រ មិនបាន​បរិភោគបាយ​អស់មួយ​ពេល ២ពេល​ក៏មាន ៣ពេលក៏មាន ៤ពេលក៏មាន ៥ពេល​ក៏មាន ៦ពេល​ក៏មាន ៧ពេលក៏មាន។

[១២] លំដាប់នោះ មាតាបិតារបស់សុទិន្នកលន្ទបុត្រនិយាយ​នឹង​សុទិន្នកលន្ទបុត្រថា ម្នាល​សុទិន្នកូន បាឯង​​ជាកូនប្រុស​​តែមួយ ហើយជា​ទីស្រឡាញ់​ពេញចិត្ត​របស់យើង ធ្លាប់សុខ​ធ្លាប់សប្បាយ​ដោយមាន​ស្រីពីលៀង​ថែរក្សា សុទិន្នកូន បាឯង​មិនធ្លាប់​ស្គាល់​សេចក្តីទុក្ខ​តិចតួច​សោះទេ ទោះបី​បាស្លាប់ទៅ​ក្តី យើង​ក៏មិនចង់​ឲ្យព្រាត់​ប្រាសចាក​បាឡើយ យើងនឹង​អនុញ្ញាត​អ្នកកំពុង​រស់នៅ ឲ្យចេញ​ចាកផ្ទះ ហើយ​បួសក្នុង​ព្រះពុទ្ធសាសនា​ដូចម្តេច​បាន សុទិន្នកូន អ្នកចូរ​ក្រោកឡើង​បរិភោគ​បាយ ផឹកទឹក និងឲ្យ​គេបំរើទៅ កាល​បើអ្នក​បរិភោគ​បាយ ផឹកទឹក និងឲ្យ​គេបំរើ​ហើយ ចូរបរិភោគ​កាមនិងធ្វើ​បុណ្យចុះ យើងមិន​ព្រមអនុញ្ញាត​ឲ្យអ្នក​ចេញចាក​ផ្ទះ ហើយបួស​ក្នុង​ព្រះពុទ្ធ​សាសនា​ទេ។ កាលបើ​មាតាបិតា​ពោលយ៉ាង​នេះហើយ សុទិន្នកលន្ទបុត្រ​ក៏ស្ងៀមនៅ។ ឯ​មាតាបិតា​សុទិន្នកលន្ទបុត្រ​និយាយលួង​លោម​សុទិន្នកលន្ទបុត្រ​ពីរដង។ បេ។ បីដង​ថា នែ​សុទិន្នកូន អ្នក​ឯងជា​កូនប្រុស​តែមួយ ជាទី​ស្រឡាញ់​ពេញចិត្ត​យើង ធ្លាប់ចំរើន​ដោយសេចក្តី​សុខ មានទាំង​ស្រីពីលៀង​ថែរក្សា​សប្បាយ សុទិន្នកូន អ្នកឯង​មិនដែល​ស្គាល់សេចក្តី​ទុក្ខតិចតួច​សោះ ទោះបី​អ្នកឯង​ស្លាប់ទៅ​ក្តី យើងមិន​ចង់ឲ្យព្រាត់​ប្រាសចាក​អ្នកឯង​ឡើយ យើង​នឹង​អនុញ្ញាត​ដល់អ្នក​កំពុង​រស់នៅ​ឲ្យចេញ​ចាកផ្ទះ ហើយ​បួសក្នុង​ព្រះពុទ្ធ​សាសនា​ដូចម្តេច​បាន សុទិន្នកូន អ្នកចូរ​ក្រោកឡើង​បរិភោគ​បាយ ផឹកទឹក និងឲ្យ​គេបំរើទៅ កាលបរិភោគ​បាយ ផឹកទឹក និងឲ្យគេ​បំរើហើយ ចូរបរិភោគ​កាម និងធ្វើ​បុណ្យតាម​ប្រាថ្នាចុះ យើងមិន​ព្រម​អនុញ្ញាត​ឲ្យអ្នក​ចេញចាក​ផ្ទះ ហើយ​បួសក្នុង​ព្រះពុទ្ធសាសនា​ទេ។ សុទិន្នកលន្ទបុត្រ​ក៏ស្ងៀមនៅ​ទៅវិញ​ជាគំរប់បីដង។

[១៣] លំដាប់នោះ ពួកសំឡាញ់​សុទិន្នកលន្ទបុត្របាន​នាំគ្នាចូលទៅ​និយាយអង្វរ​សុទិន្នកលន្ទបុត្រ ​ថា នែសុទិន្នសំឡាញ់ អ្នកឯង​ជាកូនប្រុស​តែមួយ ហើយ​ជាទីស្រឡាញ់​ពេញចិត្ត​របស់​មាតាបិតា ធ្លាប់បាន​សេចក្តីសុខ មានទាំង​ស្រីពីលៀង​ថែរក្សា​សប្បាយ នែ​សុទិន្ន​សំឡាញ់ អ្នកឯង​មិនធ្លាប់​ស្គាល់សេចក្តី​លំបាកតិច​តួចសោះ​ទេ ទោះបីអ្នក​ស្លាប់ទៅ​ក្តី មាតាបិតា​របស់អ្នក ក៏មិន​ចង់ឲ្យ​ព្រាត់ប្រាស​ចាកអ្នក​ឡើយ មាតាបិតា​ទាំងឡាយ​របស់អ្នក​នឹងអនុញ្ញាត​អ្នកដែល​កំពុងរស់​នៅឲ្យចេញ​ចាកផ្ទះ ហើយបួស​ក្នុង​ព្រះពុទ្ធសាសនា​ដូចម្តេច​បាន នែសុទិន្ន​សំឡាញ់ ចូរអ្នក​ក្រោកឡើង បរិភោគ​បាយ ផឹកទឹក ឲ្យគេ​បំរើទៅ កាលបើអ្នក​បរិភោគបាយ​ចំណី ផឹកទឹក​ឲ្យគេបំរើខ្លួន​ហើយ និងបរិភោគ​នូវកាមទាំង​ឡាយ ធ្វើបុណ្យ (ឲ្យទាន) រីករាយ​សប្បាយ​តាមសេចក្តី​ប្រាថ្នាចុះ មាតាបិតា​ទាំងឡាយ​របស់អ្នក មិនព្រម​អនុញ្ញាត​ឲ្យអ្នកចេញ​ចាកផ្ទះ ហើយ​បួសក្នុង​ព្រះពុទ្ធសាសនា​ទេ។ កាល​បើពួកសំឡាញ់​របស់សុទិន្ន​ពោលពាក្យ​យ៉ាងនេះ​ហើយ សុទិន្នកលន្ទបុត្រ​ក៏នៅស្ងៀម។ ពួក​សំឡាញ់​របស់​សុទិន្នកលន្ទបុត្រ​បានពោល​នូវពាក្យ​នេះនឹង​ សុទិន្នកលន្ទបុត្រ​ពីរដង។ បេ។ បីដង​ថា នែសុទិន្ន​សំឡាញ់ អ្នក​ឯង។ បេ។ សុទិន្នកលន្ទបុត្រ​ក៏នៅស្ងៀម​អស់វារៈជា​គំរប់បី​ដង។ គ្រានោះ​ឯង មាតាបិតា​ទាំងឡាយ​របស់​សុទិន្នកលន្ទបុត្រ​នៅក្នុង​ទីណា សំឡាញ់​ទាំងឡាយ​របស់​សុទិន្នកលន្ទបុត្រ​ក៏ចូលទៅ​ក្នុងទីនោះ លុះ​ចូលទៅ​ដល់ហើយ បានពោល​នូវពាក្យ​នេះនឹងមាតា​បិតាទាំងឡាយ​នៃសុទិន្នកលន្ទបុត្រ​ថា បពិត្រ​លោកម្តាយ លោក​ឪពុក សុទិន្ន​នេះដេកនៅ​លើផែនដី រក​គ្រឿង​កំរាល​អ្វីគ្មាន​សោះទេ ហើយ​គិតថា សេចក្តី​ស្លាប់ក្តី បព្វជ្ជា​ក្តី នឹងមាន​ដល់អញ​ក្នុងទីនេះ​ឯង បើលោក​ទាំងឡាយ​មិនព្រម​អនុញ្ញាត​ឲ្យសុទិន្ន​ចេញចាក​ផ្ទះហើយបួស​ ក្នុងព្រះពុទ្ធ​សាសនា​ទេ សុទិន្ន​នឹងដល់​នូវសេចក្តី​ស្លាប់ក្នុង​ទីនោះ​មិនខាន​ឡើយ ប្រសិន​ណាបើ​លោក​ទាំងឡាយ​ព្រម​អនុញ្ញាត​ឲ្យសុទិន្ន​ចេញចាក​ផ្ទះហើយបួស​ក្នុង ​ព្រះពុទ្ធ​សាសនា គង់តែ​នឹងបាន​ឃើញមុខ​សុទិន្ន ដែល​នៅជា​អ្នកបួស​តទៅ បើ​សុទិន្នមិន​ត្រេកអរ​ក្នុងបព្វជ្ជា​ហើយ គតិ​របស់សុទិន្ន​នោះប្រព្រឹត្ត​ទៅក្នុង​ទីដទៃ​ដូចម្តេច​បាន មុខជា​នឹងត្រឡប់​មកក្នុង​ទីនេះ​វិញ​មិនខាន ដូច្នេះ​សូម​លោក​ទាំងឡាយ​អនុញ្ញាត​ឲ្យសុទិន្ន​ចេញចាក​ផ្ទះហើយ​បួសក្នុង​ ព្រះពុទ្ធ​សាសនា។ មាតាបិតា​ទាំងឡាយ​នៃសុទិន្ន​ក៏ពោល​ថា ម្នាលអ្នក​ទាំងឡាយ យើង​ទាំងឡាយ​ព្រមអនុញ្ញាត​ឲ្យសុទិន្ន​ចេញចាក​ផ្ទះហើយ​បួសក្នុង​ ព្រះពុទ្ធសាសនា​ចុះ។

[១៤] គ្រានោះឯង សុទិន្នកលន្ទបុត្រនៅក្នុងទីណា សំឡាញ់​ទាំងឡាយ​នៃសុទិន្នកលន្ទបុត្រ ក៏​ចូលទៅក្នុង​ទីនោះ លុះ​ចូលទៅ​ដល់ហើយ បាន​ពោលនូវ​ពាក្យនេះ​នឹងសុទិន្នកលន្ទបុត្រ​ថា នែ​សុទិន្នសំឡាញ់ ចូរអ្នក​ក្រោកឡើង អ្នក​ឯងមាតា​បិតាព្រម​ព្រៀង​អនុញ្ញាត​ឲ្យចេញ​ចាកផ្ទះ​បួសក្នុង​ ព្រះពុទ្ធសាសនា​ហើយ។ គ្រានោះ​សុទិន្នកលន្ទបុត្រ​បានដឹង​ថាមាតាបិតា​ព្រមព្រៀង​អនុញ្ញាតឲ្យ​ចេញចាក ​ផ្ទះ ដើម្បី​បួសក្នុង​ព្រះពុទ្ធសាសនា (ដូច្នោះ) ហើយ ក៏មាន​ចិត្តរីករាយ​ដូចជា​អណ្តែត​ឡើង ជូត​សំអាត​ខ្លួនដោយ​ដៃទាំង​ឡាយ ហើយ​ក្រោកឡើង។ គ្រា​នោះ សុទិន្នកលន្ទបុត្រ​សំរាក​កំលាំង​បានពីរបី​ថ្ងៃ ព្រះដ៏មាន​ព្រះភាគ​គង់ក្នុង​ទីណា ក៏ចូល​ទៅកាន់​ទីនោះ លុះចូល​ទៅហើយ ក្រាបថ្វាយ​បង្គំព្រះដ៏មាន​ព្រះភាគ ហើយ​អង្គុយ​ក្នុងទីដ៏​សមគួរ។ លុះ​សុទិន្នកលន្ទបុត្រ​អង្គុយក្នុង​ទីដ៏សមគួរ​ហើយ បានក្រាប​បង្គំទូល​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏​ចម្រើន ខ្ញុំព្រះអង្គ​ជា​បុគ្គល គឺមាតា​បិតាអនុញ្ញាត​ឲ្យចេញ​ចាកផ្ទះ​ហើយបួស​ក្នុង​ភេទជា​បុគ្គលមិន​ មានប្រយោជន៍​ដោយ​ការងារ​ក្នុងផ្ទះ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចម្រើន សូម​ព្រះដ៏មាន​ព្រះភាគ​ទ្រង់បំបួស​ខ្ញុំព្រះអង្គ​ផងចុះ។ សុទិន្នកលន្ទបុត្រ​បានបព្វជ្ជា និង​ឧបសម្បទា​ក្នុងសំណាក់​ព្រះដ៏មាន​ព្រះភាគ​ហើយ។ សុទិន្នភិក្ខុ​ដ៏មាន​អាយុបាន​ឧបសម្បទា​ហើយ​មិនយូរ​ប៉ុន្មាន ក៏ប្រព្រឹត្ត​សមាទាន​ធុតង្គគុណ មាន​សភាព​យ៉ាងនេះ​គឺ ជាអ្នក​នៅក្នុង​ព្រៃ ប្រព្រឹត្ត​បិណ្ឌបាត ប្រើប្រាស់​សម្ពត់​បំសុកូល និងត្រេច​ទៅ​(បិណ្ឌបាត) តាម​លំដាប់ផ្ទះ ហើយ​ចូលទៅ​អាស្រ័យ​នៅក្នុង​ស្រុកវជ្ជី​ឯណា​នីមួយ។

[១៥] សម័យនោះឯង ស្រុកវជ្ជីមានអំណត់អត់បាយ មនុស្ស​ទាំងឡាយនឹង​ចិញ្ចឹមជីវិត​បានដោយ​កម្រក្រៃពេក មនុស្សណា​ដែលក្រលំ​បាកស្រាប់ ក៏ដល់​នូវសេចក្តី​ស្លាប់មាន​ឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស​ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញ​ដូរស្រូវ​អង្ករ​គេបាន ក៏​មិនងាយ​នឹងទិញ​ដូរដែរ លុះ​តែមានស្លាក​ជាទី​សំគាល់​ទើបទិញ​ដូរបាន ជនទាំង​អស់ក្នុង​ស្រុកនោះ​នឹងព្យាយាម​ស្វែងរក​អាហារបាន​ដោយកម្រ​ក្រៃពេក។ លំដាប់​នោះឯង​សុទិន្នភិក្ខុដ៏​មានអាយុ​មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ក្នុង​កាលឥឡូវ​នេះ ស្រុកវជ្ជី​មានអំណត់​អត់បាយ មនុស្ស​ទាំងឡាយ​នឹង​ចិញ្ចឹម​ជីវិត​បានដោយ​កម្រ​ក្រៃពេក មនុស្ស​ណាដែល​ក្រលំបាក​ស្រាប់ ក៏ដល់​នូវសេចក្តី​ស្លាប់មាន​ឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស​ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញ​ដូរស្រូវ​អង្ករបាន ក៏មិន​ងាយនឹង​ទិញដូរ​ដែរ លុះតែ​មានស្លាក​ជាទីសំគាល់ ទើប​ទិញដូរ​បាន ជង​ទាំងអស់​ក្នុងស្រុក​នោះ នឹង​ព្យាយាម​ស្វែងរក​អាហារ​បានដោយ​កម្រក្រៃ​ពេក ញាតិទាំង​ឡាយរបស់​អញមាន​ច្រើនក្នុង​ក្រុងវេសាលី ជា​អ្នកស្តុកស្តម្ភ​មានទ្រព្យ​ច្រើន មានភោគៈ​ច្រើន មានមាស​ប្រាក់ច្រើន មាន​គ្រឿង​ឧបករណ៍​ច្រើន មានទ្រព្យ​និងស្រូវ​ច្រើន បើ​ដូច្នោះ មានតែ​អាត្មាអញ​គប្បីចូល​ទៅអាស្រ័យ​នូវញាតិ​ទាំងឡាយ​ហើយ​នៅ ញាតិ​ទាំងឡាយ​សោត អាស្រ័យ​នូវអាត្មា​អញហើយ នឹង​បានឲ្យ​ទាន និង​ធ្វើបុណ្យ ភិក្ខុ​ទាំងឡាយ​នឹងបាន​លាភផង អាត្មាអញ​នឹងមិន​លំបាកដោយ​បិណ្ឌបាត​ផង។ ទើប​សុទិន្នភិក្ខុដ៏​មានអាយុ​រៀបចំ​សេនាសនៈ ហើយ​កាន់យក​បាត្រនិង​ចីវរ ក្រុងវេសាលី​នៅក្នុង​ទិសណា ក៏ចៀស​ចេញទៅ​ក្នុង​ទិស​នោះ កាល​ដែលត្រាច់​ទៅកាន់​ចារិកដោយ​លំដាប់ៗ ក្រុងវេសាលី​នៅក្នុង​ទីណា ក៏ចូល​ទៅដល់​ទីនោះ។ មាន​ដំណឹង​ថា សុទិន្នភិក្ខុដ៏​មានអាយុ​នៅក្នុង​កូដាគារសាលា​ព្រៃមហាវន​ទៀបក្រុង​វេសាលី​ នោះ។ ពួក​ញាតិ​សុទិន្នភិក្ខុដ៏​មានអាយុ​បានឮថា​សុទិន្នភិក្ខុ​ជាកលន្ទបុត្រ​មកដល់ ​ក្រុងវេសាលី​ហើយ ពួក​ញាតិ​ទាំងនោះ ក៏​នាំនូវ​ភោជន​ប្រមាណ​ហុកសិប​សម្រាប់ទៅ​ប្រគេន​សុទិន្នភិក្ខុ​ដ៏មានអាយុ។ លំដាប់​នោះឯង សុទិន្នភិក្ខុ​ដ៏មានអាយុ​ចែកចាយ​សម្រាប់​ប្រមាណ​ហុកសិបថាស​នោះ ដល់ភិក្ខុ​ទាំងឡាយ ហើយ​ស្លៀកស្បង់​ប្រដាប់ដោយ​បាត្រនិង​ចីវរក្នុង​វេលាព្រឹក ហើយ​ចូល​ទៅកាន់​កលន្ទគ្រាម​ដើម្បី​បិណ្ឌបាត កាលដើរ​ទៅដើម្បី​បិណ្ឌបាត​តាមលំដាប់​ផ្ទះក្នុង​កលន្ទគ្រាម លំនៅ​នៃបិតា​របស់ខ្លួន​នៅក្នុង​ទីណា ក៏ចូល​ទៅក្នុង​ទីនោះ។ ក៏ក្នុង​សម័យ​នោះឯង ទាសី​របស់ញាតិ​នៃសុទិន្នភិក្ខុ​ដ៏មានអាយុ មាន​ប្រាថ្នាដើម្បី​ចោលនំកុម្មាស​ផ្អូម។ គ្រានោះ សុទិន្នភិក្ខុ​ដ៏មាន​អាយុ​និយាយ​នឹងខ្ញុំស្រី​របស់ញាតិ​នោះថា ម្នាលនាង​ទាសី បើនំ​នោះជារបស់​ចោលហើយ ចូរនាង​ចាក់ដាក់​មកក្នុង​បាត្រអាត្មា​នេះវិញ។ លំដាប់​នោះ ខ្ញុំស្រីនៃ​ញាតិរបស់​សុទិន្នដ៏​មានអាយុ ក៏ចាក់​នំកុម្មាសផ្អូម​នោះទៅ​ក្នុងបាត្រ​របស់​សុទិន្ន ហើយ​បានស្គាល់​ជាក់នូវ​ដៃជើង និង​សំឡេង​របស់​សុទិន្ននោះ​ច្បាស់។ វេលា​នោះ មាតា​របស់សុទិន្ន​ដ៏មានអាយុ​នៅក្នុង​ទីណា ខ្ញុំស្រី​របស់ញាតិ​នៃសុទិន្ន​ដ៏មានអាយុ​ក៏ចូលទៅ​ក្នុងទីនោះ លុះ​ចូលទៅ​ដល់ហើយ ក៏​និយាយនឹង​មាតារបស់​សុទិន្នដ៏​មានអាយុ​ថា បពិត្រ​អ្នកម្ចាស់ សូម​អ្នកជ្រាប សុទិន្នជា​អយ្យបុត្រ​និមន្តមក​ដល់ហើយ។ មាតា​របស់​សុទិន្ន​ឆ្លើយថា នែ​ហង បើហង​ឯងនិយាយ​ពាក្យពិត​មែន អញ​នឹងឲ្យ​ហងរួចជា​អ្នកជា។ សម័យ​នោះឯង សុទិន្នភិក្ខុ​ដ៏មានអាយុ​ក៏ឆាន់​នំកុម្មាសផ្អូម​នោះប្រប​ជញ្ជាំង​សាលា១។ ចំណែក​ខាងបិតា​របស់សុទិន្ន​មកពីធ្វើ​ការងារវិញ ក៏បាន​ឃើញ​សុទិន្នកំពុង​ឆាន់នំកុម្មាសផ្អូម​នោះប្រប​ជញ្ជាំង​សាលា លុះឃើញ​ហើយ សុទិន្នភិក្ខុ​នៅក្នុង​ទីណា (បិតានោះ) ក៏ចូល​ទៅក្នុង​ទីនោះ លុះចូល​ទៅហើយ ក៏​និយាយ​នឹងសុទិន្ន​ដ៏មាន​អាយុថា នែ​សុទិន្នកូន យើង​ជាអ្នកមាន​ទ្រព្យ​សម្បត្តិ​ច្រើន ថ្វីក៏​លោកមក​ឆាន់នំកុម្មាសផ្អូម​វិញ សុទិន្ន​កូនគួរតែ​លោកទៅ​ឯផ្ទះរបស់​ខ្លួនវិញ។ សុទិន្នភិក្ខុ​ឆ្លើយថា បពិត្រ​គហបតី អាត្មា​បានទៅ​ឯផ្ទះ​ញោម​ហើយ នំកុម្មាសផ្អូម​នេះ អាត្មា​បានពីផ្ទះ​នោះមក។ លំដាប់​នោះ បិតា​សុទិន្នភិក្ខុ​ក៏ចាប់កំភួន​ដៃសុទិន្នភិក្ខុ ហើយ​និយាយ​នឹង​សុទិន្នថា សុទិន្ន​កូន លោក​ចូរមក យើង​នឹងទៅ​ផ្ទះ។ លំដាប់​នោះ លំនៅ​​បិតា​របស់​ខ្លួននៅ​ក្នុងទីណា សុទិន្ន​ដ៏មានអាយុ​ក៏ចូលទៅ​ក្នុងទីនោះ លុះ​ចូលទៅ​ដល់​ហើយ ក៏គង់​លើអាសនៈ​ដែលគេ​បានក្រាល​ប្រគេន។ បិតា​ក៏និយាយ​នឹងសុទិន្ន​ក្នុងពេល​នោះថា សុទិន្នកូន សូម​លោកនិមន្ត​ឆាន់ចង្ហាន់។ សុទិន្ន​ឆ្លើយថា ណ្ហើយ​គហបតី ថ្ងៃនេះ​អាត្មាភាព​ឆាន់រួច​ហើយ។ បិតា​ឆ្លើយថា សុទិន្ន សូម​លោក​និមន្ត​ទទួល​ចង្ហាន់​ក្នុងថ្ងៃ​ស្អែក។ សុទិន្នភិក្ខុ​ក៏ទទួល​និមន្ត​ដោយ​តុណ្ហីភាព។ សុទិន្នភិក្ខុ​ក៏ក្រោក​ចាកអាសនៈ ហើយ​និមន្តទៅ​ក្នុងពេល​នោះឯង។

[១៦] លុះដល់វេលាព្រឹកឡើង មាតាសុទិន្នភិក្ខុ​ប្រើមនុស្ស​ឲ្យបង្ហាប់​ប្រថពី​ដោយអាចមន៍គោ​ស្រស់ រួចឲ្យ​គរគំនរទ្រព្យ​ពីរគំនរ គឺប្រាក់​១គំនរ មាស​១គំនរ ជាគំនរ​ធំៗ បុរស​ឈរខាងអាយ​មើលទៅ​បុរសឈរ​ខាងនាយ​មិនឃើញ បុរស​ឈរខាង​នាយមើល​មកបុរស​ឈរខាង​អាយក៏​មិន​ឃើញ ហើយ​ឲ្យបិទ​បាំងគំនរ​ទាំងពីរនោះ​ដោយ​កន្ទេល ឲ្យ​ក្រាលអាសនៈ​ទុកត្រង់​កណ្តាល រួចឲ្យ​បាំងរនាំ​ជុំវិញពី​ខាងក្រៅ (គំនរ​នោះ) ហើយ​ហៅស្រីជា​គូពីមុន​របស់​សុទិន្នដ៏​មានអាយុ​មកបង្គាប់​ថា កូនស្រី បើ​ដូច្នោះ គ្រឿង​ប្រដាប់​ណាដែល​ឯងស្អិត​ស្អាង​ហើយ​ជាទី​ស្រឡាញ់​ពេញចិត្ត​របស់​សុទិន្ន ​កូនអញ ត្រូវឯង​ស្អិតស្អាង​គ្រឿងប្រដាប់​នោះចុះ។ ស្រីជាគូ​ពីមុន​របស់​សុទិន្នដ៏​មានអាយុ ក៏ទទួល​ពាក្យមាតា​របស់​សុទិន្ន​ដ៏មាន​អាយុថា ចា៎ស​អ្នកមាតា។ គ្រា​នោះ សុទិន្នដ៏​មានអាយុ​ស្លៀកស្បង់​រួចកាន់​យកបាត្រ​និងចីវរ​ក្នុងវេលា​ព្រឹក លំនៅ​បិតារបស់​ខ្លួននៅ​ត្រង់ទី​ណា ក៏ចូល​ទៅត្រង់​ទីនោះ លុះ​ចូលទៅដល់​ហើយ ក៏គង់​លើអាសនៈ​ដែលគេ​ក្រាលទុក​បំរុង។ លំដាប់​នោះ បិតា​របស់សុទិន្ន​ដ៏មានអាយុ សុទិន្ន​ដ៏មានអាយុ​នៅត្រង់​ទីណា ក៏ចូល​ទៅត្រង់​ទីនោះ លុះចូល​ទៅដល់​ហើយ បង្គាប់​អ្នកបំរើ​ឲ្យបើក​គំនរទ្រព្យ​ទាំងនោះ ហើយ​ប្រាប់សុទិន្ន​ដ៏មានអាយុ​ថា សុទិន្នកូន នេះជា​ទ្រព្យ​សម្បាច់​ដើមខាង​ស្រីរបស់​មាតា​លោក នៅមាន​ទ្រព្យសម្បាច់​ដើមខាង​ប្រុសរបស់​បិតានិង​មត៌ករបស់​ជីតាផ្សេង​ទៀត សុទិន្នកូន បើ​លោកបាន​សឹកចេញ​ជាគ្រហស្ថ​មក នឹងបាន​ប្រើប្រាស់​សម្បត្តិ​ផង ធ្វើបុណ្យ​ទាំងឡាយ​ផង សុទិន្នកូន ចូរ​លោកសឹក​ចេញជា​គ្រហស្ថ​មក ហើយ​នឹង​ប្រើប្រាស់​សម្បត្តិ​ទាំងឡាយ​ផង ធ្វើបុណ្យ​ឲ្យទាន​ផង។ សុទិន្ន​តបថា ញោម អាត្មា​មិនអាច​នឹងសឹក​បានទេ ព្រោះ​អាត្មាពេញ​ចិត្តតែ​ក្នុងការ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌។ បិតាសុទិន្ន​ដ៏មានអាយុ​និយាយ​នឹងសុទិន្ន​ដ៏មានអាយុ​ជាគំរប់​ពីរដង​ផង។ បេ។ ជាគំរប់​បីដង​ផងថា សុទិន្នកូន នេះ​ជាទ្រព្យ​សម្បាច់​ដើមខាង​ស្រីរបស់​មាតាលោក នៅមាន​ទ្រព្យ​សម្បាច់​ដើមខាង​ប្រុសរបស់​បិតានិង​មត៌ករបស់​ជីតាផ្សេង​ទៀត សុទិន្នកូន បើ​លោកបាន​សឹកចេញ​ជាគ្រហស្ថ​មក នឹងបាន​គ្រប់គ្រង​សម្បត្តិ​ទាំងឡាយ​ផង ធ្វើបុណ្យ​ឲ្យទាន​ផង។ សុទិន្នកូន ចូរ​លោកសឹក​ចេញជា​គ្រហស្ថ​មក ហើយ​គ្រប់គ្រង​សម្បត្តិ​ទាំងឡាយ​ផង ធ្វើបុណ្យ​ឲ្យទាន​ផង។ សុទិន្នតប​ថា គហបតី បើ​ញោមអត់​ទោសឲ្យ​អាត្មាភាព ៗ នឹង​សូមជំរាប​ញោមបន្តិច។ បិតា​ទទួល​ព្រមថា សុទិន្នកូន ចូរ​លោកនិយាយ​មកចុះ មិន​ជាអ្វីទេ។ សុទិន្នភិក្ខុ​ក៏ប្រាប់ថា គហបតី បើ​ដូច្នោះ ញោម​ត្រូវបង្គាប់​មនុស្ស​ឲ្យធ្វើ​ការុងធ្មៃ​ធំៗ ហើយ​ឲ្យច្រក​ប្រាក់​និងមាស​ឲ្យពេញ រួចផ្ទុក​ដោយ​រទេះ យក​ទៅចាក់​ចោលក្នុង​កណ្តាល​ខ្សែទឹក​ទន្លេគង្គា ហេតុអ្វី​បានជា​អាត្មាថា​ដូច្នោះ គហបតី ព្រោះថា​ទ្រព្យទាំង​ពួងតែង​មានដល់​អ្នកណា​ហើយ សេចក្តី​ខ្លាចក្តី សេចក្តី​តក់ស្លុតក្តី សេចក្តី​ព្រឺរោមក្តី ការថែ​រក្សាក្តី តែង​មានដល់​អ្នកនោះ​មិនខាន ព្រោះ​តែទ្រព្យ​ទាំងនោះ​ជាហេតុ (បើ​អ្នកយក​មាសប្រាក់​ទៅចាក់​ចោលក្នុង​ខ្សែទឹក​ហើយ) សេចក្តី​អន្តរាយ​មានភ័យ​ជាដើម​នោះ នឹង​មិនមាន​ដល់អ្នក​ឡើយ។ កាល​សុទិន្នដ៏មាន​អាយុពោល​យ៉ាងនេះ​ហើយ បិតា​របស់សុទិន្ន​ដ៏មានអាយុ មាន​សេចក្តី​ទោមនស្ស​តូចចិត្ត​ថា ហេតុ​ដូចម្តេច​បានជា​លោក​សុទិន្នជា​កូនពោល​យ៉ាងនេះ។ គ្រានោះ​ឯង បិតា​របស់​សុទិន្នដ៏​មានអាយុ ទើប​ហៅស្រី​បុរាណទុតិយិកា​របស់សុទិន្ន​ដ៏មានអាយុ​មកប្រាប់​ថា នែនាង​ក្រមុំ បើ​ដូច្នោះ នាងឯង​ជាទីស្រឡាញ់​ពេញចិត្ត​របស់​សុទិន្នកូន​អញ នាង​ធ្វើដូចម្តេច​នឹងឲ្យសុទិន្ន​កូនអញ​ធ្វើតាម​ពាក្យនាង​បាន។ គ្រានោះ​ឯង ស្រីបុរាណទុតិយិកា​របស់​សុទិន្នដ៏​មានអាយុ​បានប្រវា​ឱបជើង​ទាំងពីរ​ របស់សុទិន្ន​ដ៏មានអាយុ ហើយ​បាននិយាយ​ពាក្យនេះ​នឹងសុទិន្នភិក្ខុ​ថា បពិត្រ​អយ្យបុត្រ លោក​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ព្រោះ​ហេតុនៃ​ស្រីអប្សរ​ទាំងឡាយ​ណា ស្រីអប្សរ​ទាំងឡាយ​នោះមាន​ទ្រង់ទ្រាយ​ប្រពៃដូច​ម្តេចទៅ។ សុទិន្នភិក្ខុ​ឆ្លើយថា នែប្អូន​ស្រី អាត្មា​មិនបាន​ប្រព្រឹត្តព្រហ្មចរិយធម៌​ដើម្បីស្រីអប្សរ​ទាំងនោះ​ទេ។ វេលានោះ ស្រីបុរាណទុតិយិកា​របស់សុទិន្នភិក្ខុ​ក៏នឹក​ទោមនស្ស​តូចចិត្តថា តាំងពី​ថ្ងៃនេះទៅ លោក​សុទិន្ន​អយ្យបុត្រ​គ្រាន់តែហៅ​អញថាប្អូន​ស្រីៗប៉ុណ្ណោះ​ទេ ដូច្នេះ​ហើយក៏ជ្រប់​ដួល​ដេក​ក្នុងទី​នោះឯង។ គ្រានោះ សុទិន្ន​ដ៏មាន​អាយុ​ទើបនិយាយ​ពាក្យនេះ​នឹងបិតា​ថា គហបតី បើ​ញោមមាន​ភោជន គួរនឹង​ឲ្យទាន អាត្មា​បានសូម​ញោមឲ្យ​ទានមកចុះ កុំធ្វើ​អាត្មាឲ្យ​លំបាកពេក​ឡើយ។ បិតា​សុទិន្ន​ឆ្លើយថា សុទិន្នកូន ភោជនាហារ​នោះមាន សូមលោក​និមន្តឆាន់​ចុះ។ វេលានោះ មាតា​បិតារបស់​សុទិន្នដ៏មាន​អាយុ​បានចាត់​ចែងចង្ហាន់​ដ៏ឆ្ងាញ់ពិសារ​ឲ្យ​ សុទិន្នភិក្ខុ​ដ៏មានអាយុ​ឆាន់ដោយ​ដៃខ្លួនឯង។ សម័យ​នោះឯង មាតា​របស់សុទិន្ន​ដ៏មានអាយុ​បាននិយាយ​នឹងសុទិន្ន​ភិក្ខុនៅវេលា​ឆាន់រួចហើយ លែង​លូកដៃ​ទៅក្នុងបាត្រ​ហើយថា នែ​សុទិន្នកូន ត្រកូល​នេះស្តុកស្តម្ភ​មានទ្រព្យ​ច្រើន មានភោគៈ​ច្រើន មាន​មាសប្រាក់​បរិបូណ៌ មាន​គ្រឿង​ឧបករណ៍​បរិបូណ៌ មានស្រូវ​អង្ករ​បរិបូណ៌ នែ​សុទិន្នកូន សូមលោក​និមន្តសឹក​ចេញជា​គ្រហស្ថ​មក នឹងបាន​ប្រើប្រាស់​នូវទ្រព្យ​សម្បត្តិទាំង​ឡាយផង ធ្វើបុណ្យ​ឲ្យទានផង សុទិន្នកូន សូម​លោកនិមន្ត​សឹកចេញ​ជាគ្រហស្ថ​មក ហើយ​នឹងចាយ​វាយនូវ​សម្បត្តិ​ទាំងឡាយ ធ្វើ​បុណ្យ​ឲ្យទាន​ចុះ។ សុទិន្នភិក្ខុ​ឆ្លើយថា ញោម អាត្មា​មិនអាច​ហ៊ាន (ធ្វើ​យ៉ាងនោះ​ទេ) អាត្មា​ត្រេកអរ​ចំពោះតែ​ត្រង់ប្រព្រឹត្ត​ព្រហ្មចរិយធម៌​តែម្យ៉ាង។ មាតា​របស់​សុទិន្នដ៏​មានអាយុ​បាននិយាយ​ពាក្យនេះ​នឹងសុទិន្នភិក្ខុ​ដ៏មានអាយុ ​ជាគំរប់ពីរ​ដងផង។ បេ។ ជាគំរប់​បីដងផង​ថា សុទិន្នកូន ត្រកូល​នេះស្តុកស្តម្ភ​មានទ្រព្យ​ច្រើន មានភោគៈ​ច្រើន មានមាស​ប្រាក់បរិបូណ៌ មាន​គ្រឿង​ឧបករណ៍​បរិបូណ៌ មាន​ស្រូវអង្ករ​បរិបូណ៌ សុទិន្នកូន បើដូច្នេះ សូម​លោកអាណិត​គ្រាន់តែ​ឲ្យពូជ​បន្តិចចុះ កុំឲ្យ​ពួកស្តេច​លិច្ឆវីមក​រឹបជាន់ យក​ទ្រព្យសម្បត្តិ​ជារបស់​យើង ដែល​ជាត្រកូល​ឥតកូន​នោះឡើយ។ សុទិន្នភិក្ខុ​ឆ្លើយថា ញោម បើគ្រាន់​តែធ្វើ​កិច្ចប៉ុណ្ណេះ អាត្មា​អាចធ្វើ​ឲ្យបាន។ មាតា​សុទិន្ន​សួរថា សុទិន្នកូន ឥឡូវ​នេះលោក​គង់នៅ​ឯណា។ សុទិន្នភិក្ខុ​តបថា ញោម អាត្មា​នៅក្នុង​ព្រៃមហាវន។ គ្រានោះ​ឯង សុទិន្នដ៏​មានអាយុ ក៏​ក្រោកចាក​អាសនៈ​ហើយ​ចេញដើរ​ទៅ។

[១៧] គ្រានោះ មាតារបស់សុទិន្នដ៏មានអាយុ ហៅនាង​បុរាណទុតិយិកា​របស់សុទិន្នដ៏​មានអាយុមក ហើយ​និយាយ​ថា ម្នាលនាង​កូនប្រសា បើកាល​ណានាង​មានរដូវ​ហើយ ផ្កាគឺឈាម​របស់នាង​កើតឡើង​ហើយ នាងត្រូវ​ប្រាប់ដល់​ម៉ែក្នុង​កាលនោះ។ នាង​បុរាណទុតិយិកា​របស់​សុទិន្នដ៏​មានអាយុ បាន​ទទួល​ពាក្យមាតា​របស់​សុទិន្នដ៏​មានអាយុ​ថា ចា៎សម៉ែ។ លំដាប់​នោះ នាង​បុរាណទុតិយិកា​របស់សុទិន្ន​ដ៏មានអាយុ មិន​យូរប៉ុន្មាន នាង​ក៏មាន​រដូវ ផ្កា​គឺឈាម​នៃនាងនោះ​ក៏កើត​ឡើង។ ទើប​នាងបុរាណទុតិយិកា​របស់​សុទិន្នដ៏​មានអាយុ បាន​ប្រាប់មាតា​របស់​សុទិន្នដ៏​មានអាយុ​យ៉ាងនេះ​ថា ម៉ែ ខ្ញុំមាន​រដូវហើយ ផ្កា​គឺឈាម​របស់ខ្ញុំ​កើតហើយ។ មាតា​តបថា ម្នាល​នាង​កូនប្រសា បើ​ដូច្នោះ នាង​ឯងប្រដាប់​តាក់តែង​ដោយគ្រឿង​អលង្ការ​ឯណា ដែលជា​ទីស្រឡាញ់​ពេញចិត្ត​របស់​សុទិន្នកូន (យើង) នាង​ចូរប្រដាប់​តាក់តែង​ដោយគ្រឿង​សម្រាប់​ស្អិតស្អាង​នោះចុះ។ នាង​បុរាណទុតិយិកា​របស់​សុទិន្នដ៏​មានអាយុ បាន​ទទួលពាក្យ​មាតារបស់​សុទិន្នដ៏​មានអាយុថា ច៎ាសម៉ែ។ លំដាប់​នោះ មាតា​របស់សុទិន្ន​ដ៏មានអាយុ ក៏នាំនាង​បុរាណទុតិយិកា​របស់សុទិន្ន​ដ៏មានអាយុ​ចូលទៅ​កាន់​ព្រៃមហាវន​ ដែលសុទិន្នភិក្ខុ​នៅនោះឯង លុះ​ចូលទៅ​ហើយ ក៏​បានពោល​នូវពាក្យ​នេះនឹង​សុទិន្នដ៏មាន​អាយុថា ម្នាល​សុទិន្នកូន ត្រកូល​នេះស្តុកស្តម្ភ មាន​ទ្រព្យច្រើន មាន​របស់​សម្រាប់​ប្រើប្រាស់ មានមាស​ប្រាក់ច្រើន មាន​គ្រឿង​ឧបករណ៍​ជាទីគាប់ចិត្ត​ច្រើន មានធន​ធានស្រូវ​អង្ករច្រើន ម្នាល​សុទិន្នកូន អ្នក​ត្រឡប់មក​ដើម្បី​ហីនភេទ ក៏គង់​នឹងបាន​បរិភោគ​នូវភោគ​សម្បត្តិផង ធ្វើ​បុណ្យ​ទាំងឡាយ​ផង ម្នាល​សុទិន្នកូន អ្នក​ត្រូវត្រឡប់​មកកាន់​ហីនភេទ​ជាគ្រហស្ថ​វិញ ហើយ​បរិភោគ​នូវភោគ​សម្បត្តិផង ធ្វើ​បុណ្យទាំង​ឡាយផង។ សុទិន្ន​តបថា ញោម អាត្មា​សឹកមិនកើត​ទេ អាត្មាមិន​ព្រមសឹក​ទេ អាត្មា​ត្រេកអរ​តែប្រព្រឹត្ត​ព្រហ្មចរិយធម៌។ មាតា​របស់សុទិន្ន​ដ៏មានអាយុ បាន​និយាយ​នឹងសុទិន្ន​ដ៏មានអាយុ​អស់វារៈ២-៣​ដងយ៉ាងនេះ​ថា នែសុទិន្នកូន ត្រកូល​នេះស្តុកស្តម្ភ មាន​ទ្រព្យច្រើន មានភោគៈ​ច្រើន មាសប្រាក់​ច្រើន មាន​គ្រឿង​ឧបករណ៍​ជាទីគាប់​ចិត្តច្រើន មាន​ធនធាន​ស្រូវអង្ករ​ច្រើន នែសុទិន្ន​កូន បើដូច្នោះ អ្នក​ចូរអោយ​ត្រឹមតែពូជ​ចុះ កុំឲ្យ​ពួកស្តេច​លិច្ឆវីមក​រឹបយក​សម្បត្តិ​ទ្រព្យយើង ដែល​ជាត្រកូល​ឥតកូន​ទៅបាន។ សុទិន្ន​ឆ្លើយថា ញោម អាត្មាអាច​ធ្វើកិច្ចនេះ​ជូនបាន ហើយ​ក៏ចាប់ដៃ​នាងបុរាណទុតិយិកា កៀក​ចូលទៅ​កាន់ព្រៃ​មហាវន យល់​ឃើញថា​មិនមានទោស ព្រោះ​សិក្ខាបទ​ព្រះអង្គ​មិនទាន់​បានបញ្ញត្ត ហើយ​ញុំាង​មេថុនធម្ម​ឲ្យសម្រេច​ដោយនាង​បុរាណទុតិយិកា​អស់វារៈ៣​ដង នាង​ក៏មាន​គភ៌ដោយ​មេថុនសេវនៈ​នោះ។

[១៨] ភុម្មទេវតាទាំងឡាយ ក៏ញុំាងសំឡេងឲ្យឮ​ទូទ័រឡើងទៅថា ម្នាលគ្នា​យើងទាំងឡាយ ពួក​ភិក្ខុមិនដែលវឹកវរ មិន​ដែលមាន​ទោស (ឥឡូវនេះ) សុទិន្នកលន្ទបុត្រ​ធ្វើសេចក្តីវឹកវរ និង​ទោសឲ្យកើត​ឡើងហើយ។ ចាតុម្មហារាជិកា​ទេវតា​ទាំងឡាយ​ឮ​សំឡេង​ភុម្មទេវតា​ទាំងនោះ​ហើយ ក៏ញុំាង​សំឡេង​ឲ្យឮឡើង​ទៅ ពួកទេវតា​ជាន់តាវតឹង្ស យាមា តុសិតា និម្មានរតី បរនិម្មិតវសវត្តី (រហូត​ដល់) ពួកព្រហ្ម (បាន​ឮសំឡេង​តៗគ្នាមក​ហើយ) ក៏ញុំាង​សំឡេងឲ្យ​ឮឡើងៗ​ទៅថា ម្នាលគ្នា​យើងទាំង​ឡាយ ពួកភិក្ខុ​មិនដែល​វឹកវរ មិន​ដែលមាន​ទោស (ឥឡូវ​នេះ) សុទិន្នកលន្ទបុត្រ មក​ធ្វើ​សេចក្តី​វឹកវរ និងទោស​ឲ្យកើត​ឡើង​ហើយ។ សូរសព្ទ (យ៉ាង​នេះ) ក៏ឮ​កងរំពង​ឡើងទៅ​ដរាប​ដល់​ព្រហ្មលោក​ដោយ១ខណៈ ១រំពេច​នោះឯង។ គ្រានោះ នាង​បុរាណទុតិយិកា​របស់​សុទិន្នដ៏​មានអាយុ អាស្រ័យ​គភ៌នោះ​កាន់តែចាស់​ឡើងជា​លំដាប់ ទើប​សំរាលនូវ​កូនប្រុស​មួយ។ លំដាប់​នោះ ពួក​សំឡាញ់​សុទិន្នដ៏​មានអាយុ បាន​តាំងឈ្មោះ​ទារកនោះ​ថា ពីជក បាន​តាំងឈ្មោះ​នាងបុរាណទុតិយិកា​របស់​សុទិន្នដ៏​មានអាយុ​ថា ពីជក​មាតា បានតាំង​ឈ្មោះ​សុទិន្នដ៏មាន​អាយុថា​ពីជកបិតា។ លុះ​ដល់សម័យ​ខាងក្រោយ​មក អ្នក​ទាំងពីរ​នោះបាន​ចេញចាក​ផ្ទះ ហើយ​បួស​ក្នុងភេទ​ជាបុគ្គល​អ្នកមិន​មាន​ប្រយោជន៍​ដល់ការងារ​ក្នុងផ្ទះ​ ហើយបាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះអរហត្តផល។

[១៩] គ្រានោះ សេចក្តីសង្ស័យ និងសេចក្តីក្តៅក្រហាយ​ស្តាយក្រោយ ក៏កើត​មានដល់​សុទិន្នដ៏មាន​អាយុថា អាត្មាអញ​ពេញហៅ​ជាឥតលាភ លាភ​មិនមាន​ដល់អាត្មា​អញទេ ភាព​ជាមនុស្ស ពេញហៅ​អាត្មាអញ​បានដោយ​អាក្រក់ មិនមែន​អាត្មាអញ​បានដោយ​ល្អទេ ដោយ​ហេតុ​អាត្មាអញ​បានបួស​ក្នុងធម្មវិន័យ ដែល​ព្រះសាស្តា​ទ្រង់សំដែង​ដោយប្រពៃ​យ៉ាងនេះ ហើយ​មិនអាច​ដើម្បី​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិបូណ៌ បរិសុទ្ធ​ដរាបដល់​អស់ជីវិត។ ព្រោះ​សេចក្តី​សង្ស័យ និង​សេចក្តីក្តៅ​ក្រហាយ​ស្តាយក្រោយ​នោះឯង សុទិន្ន​ក៏ទៅជា​ស្គមប្រដក់ មាន​សម្បុរ​អាក្រក់​កើតទៅ​ជារោគ​លឿងស្លេកស្លាំង មានខ្លួន​រវាមដោយ​សរសៃ មានចិត្ត​ក្រៀមក្រំ​ទ្រមឹងទ្រមើយ កើត​ទុក្ខតូចចិត្ត​នឹកស្តាយ​ក្រោយ សញ្ជប់​សញ្ជឹង។ លំដាប់​នោះ ភិក្ខុ​ទាំងឡាយ​ជាសំឡាញ់​របស់សុទិន្ន​ដ៏មានអាយុ បាន​និយាយ​ពាក្យនេះ​នឹងសុទិន្ន​ដ៏មានអាយុ​ថា អាវុសោសុទិន្ន កាល​ពីដើម លោក​មានសម្បុរ​ល្អ មានឥន្ទ្រិយ​ពេញលេញ មាន​សម្បុរមុខ​ដ៏ថ្លា មាន​សម្បុរថ្ងៃ​ស្រស់បស់​ផូរផង់​ល្អ ឥឡូវ​នេះលោក​ទៅជាស្គម​សៅហ្មង មាន​សម្បុរ​អាក្រក់ កើតរោគ​លឿងស្លេក​ស្លាំង មានខ្លួន​រវាមដោយ​សរសៃមាន​ចិត្តក្រៀម​ក្រំទ្រមឹង​ទ្រមើយ កើត​ទុក្ខតូចចិត្ត​ក្តៅក្រហាយ​សញ្ជប់​សញ្ជឹង ម្នាល​អាវុសោ​សុទិន្ន លោក​មិនសូវ​ត្រេកអរ​ហើយចេះ​តែខំប្រព្រឹត្ត​ព្រហ្មចរិយធម៌​ទៅទេ​ឬអ្វី។ សុទិន្ន​ឆ្លើយតប​ថា នែលោក​ដ៏មានអាយុ​ទាំងឡាយ ខ្ញុំមិន​មែនមិន​ត្រេកអរ​ហើយចេះ​តែខំប្រព្រឹត្ត​ព្រហ្មចរិយធម៌​ទេ ខ្ញុំបាន​ធ្វើបាបកម្ម គឺ​សេពមេថុនធម្ម​នឹងស្រ្តីបុរាណទុតិយិកា ម្នាល​អាវុសោ​ទាំងឡាយ សេចក្តី​សង្ស័យ និង​សេចក្តីស្តាយ​ក្រោយ​ក៏កើត​មានដល់​ខ្ញុំនោះ​ឯងថា អាត្មាអញ​ពេញហៅ​ជាឥតលាភ លាភ​មិនមាន​ដល់អាត្មា​អញទេ ភាព​ជាមនុស្ស​ពេញហៅ​អាត្មាអញ​បានដោយ​អាក្រក់ មិន​មែនអាត្មា​អញបាន​ដោយល្អ​ទេ ដោយ​ហេតុ​អាត្មាអញ​បាន​បួសក្នុង​ធម្មវិន័យ​ដែល​ព្រះសាស្តា​ទ្រង់​សំដែង​ ដោយប្រពៃ​យ៉ាងនេះ ហើយ​មិនអាច​ដើម្បី​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិបូណ៌ បរិសុទ្ធ​ដរាប​ដល់អស់​ជីវិត។ ភិក្ខុ​ទាំងឡាយ​ជាសំឡាញ់​ក៏និយាយ​ថា អាវុសោ​សុទិន្ន លោកបួស​ក្នុងធម្មវិន័យ ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ល្អហើយ​យ៉ាងនេះ មិន​អាចដើម្បី​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិសុទ្ធ​ពេញលេញ​ដរាប​ដល់អស់​ ជីវិតបាន ព្រោះ​មេថុនធម្ម​សេវនកិច្ច​ណា ម្នាល​អាវុសោ មេថុនធម្មសេវនកិច្ច​នោះ ល្មមឲ្យ​លោកសង្ស័យ ល្មម​ឲ្យស្តាយ​ក្រោយមែន ម្នាល​អាវុសោ ធម៌​ដែលព្រះដ៏​មានព្រះភាគ​ទ្រង់សំដែង​ហើយដោយ​អនេក​បរិយាយ (សុទ្ធតែ) ដើម្បី​ឲ្យប្រាស​ចាករាគៈ មិន​មែន​សំដែង​ដើម្បីឲ្យ​ប្រកប​ដោយរាគៈ​ទេ ធម៌​ដែលព្រះអង្គ​សំដែង​ហើយ ដើម្បី​ឲ្យប្រាសចាក​កិលេស​ជាគ្រឿង​ប្រកប មិនមែន​សំដែង​ដើម្បីតម្រូវ​ទៅរក​កិលេស​ជាគ្រឿង​ប្រកប​ទេ ធម៌ដែល​ព្រះអង្គ​សំដែង​ហើយ ដើម្បីមិន​ឲ្យប្រកាន់​មាំ មិនមែន​សំដែង​ដើម្បី​ឲ្យប្រកាន់​មាំទេ (ក្រែង​ដូច្នេះ) មិនមែន​ឬ នែអាវុសោ ត្រង់​ធម៌ដែល​ព្រះដ៏មាន​ព្រះភាគទ្រង់​សំដែង​ហើយ ដើម្បី​ឲ្យប្រាស​ចាករាគៈ លោក​ត្រឡប់​ជាយល់​ក្នុងធម៌​នោះថា ប្រកប​ដោយរាគៈ​ទៅវិញ ត្រង់​ធម៌ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ហើយ ដើម្បី​ឲ្យប្រាស​ចាកកិលេស​ជាគ្រឿង​ប្រកប លោក​ត្រឡប់​ជាចូល​ចិត្ត​តម្រូវ​ទៅរក​កិលេស​ជាគ្រឿង​ប្រកប​ទៅវិញ ត្រង់​ធម៌ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​សំដែង​ហើយ ដើម្បី​មិនឲ្យ​ប្រកាន់មាំ លោក​ទៅជាចូល​ចិត្តថាឲ្យ​ប្រកាន់មាំ​វិញ ម្នាល​អាវុសោ ធម៌ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ហើយដោយ​អនេក​បរិយាយ ដើម្បី​ប្រាសចាក​រាគៈ ធម៌​ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ហើយ ដើម្បី​ញំាញី​នូវសេចក្តី​ស្រវឹង​ដើម្បីកំចាត់​បង់នូវ​សេចក្តី​ស្រេកឃ្លាន​ ក្នុងកាម ដើម្បី​ដកចេញ​នូវសេចក្តី​អាល័យ​ក្នុងកាម ដើម្បី​ផ្តាច់បង់​នូវវដ្តៈ ដើម្បី​អស់ទៅ​នៃតណ្ហា ដើម្បី​គ្មានរាគៈ ដើម្បី​និរោធ ដើម្បី​ព្រះនិព្វាន (ក្រែង​ដូច្នេះ) មិនមែន​ឬ ម្នាល​អាវុសោ កិរិយា​លះបង់​នូវកាម​ទាំងឡាយ ព្រះ​ដ៏មានព្រះភាគ​ទ្រង់​សំដែង​ហើយ ការកំណត់​ដឹងនូវ​សេចក្តី​សំគាល់​ក្នុងកាម ព្រះអង្គ​ក៏បាន​សំដែងហើយ កិរិយា​កំចាត់បង់​នូវសេចក្តី​ស្រេកឃ្លាន​ក្នុងកាម ព្រះអង្គ​ក៏បាន​សំដែង​ហើយ កិរិយា​ដកចេញ​នូវសេចក្តី​ត្រិះរិះ​ក្នុងកាម​ទាំងឡាយ ក៏​ព្រះអង្គ​បាន​សំដែង​ហើយ កិរិយា​ចូល​ទៅ​រម្ងាប់​នូវសេចក្តី​ក្តៅក្រហាយ​អន្ទះអន្ទែង​ក្នុងកាម​ទាំងឡាយ ក៏​ព្រះអង្គ​បានសំដែង​ហើយ​ដោយ​អនេក​បរិយាយ (យ៉ាងនេះ) មិន​មែនឬ ម្នាល​អាវុសោ កម្ម​ដ៏លាមក​របស់​លោកនេះ មិនមែន​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិន​ទាន់ជ្រះថ្លា​ នោះទេ មិន​មែន​ដឹកនាំ​ជនដែល​ជ្រះថ្លា​ហើយ ឲ្យរឹង​រឹតតែជ្រះ​ថ្លាឡើង​ទេ ម្នាល​អាវុសោ កម្មដ៏លាមក​របស់លោក​នេះ រមែង​ដឹកនាំ​សេចក្តី​មិនជ្រះថ្លា​ឲ្យកើត​មានដល់​ជនទាំងឡាយ​ដែលមិន​ ទាន់ជ្រះថ្លា​នៅឡើយ ដឹកនាំ​ជនទាំង​ឡាយខ្លះ​ដែលជ្រះថ្លា​ហើយឲ្យ​ទាស់ចិត្ត​គំនិត​ទៅវិញ​ទេតើ។ លំដាប់​នោះ ភិក្ខុ​ទាំងនោះ​ក៏តិះដៀល​សុទិន្ន​ដ៏មាន​អាយុ​ដោយ​អនេក​បរិយាយ ហើយនាំ​គ្នាក្រាប​ទូលនូវ​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ។

[២០] ព្រោះរឿងនេះ ព្រោះដំណើរនេះ ព្រះដ៏មានព្រះភាគ​ឲ្យប្រជុំភិក្ខុសង្ឃ ហើយ​ត្រាស់សួរសុទិន្នដ៏មាន​អាយុក្នុងកាល​នោះថា នែ​សុទិន្ន ឮថាអ្នក​ឯងសេពមេថុនធម្ម​នឹងនាងបុរាណទុតិយិកា ពិត​មែនឬ។ សុទិន្ន​ក្រាបទូល​ថា សូមទាន​ពិតមែន។ ព្រះសម្ពុទ្ធ​ដ៏មានព្រះភាគ​ទ្រង់​តិះដៀល​ថា នែមោឃបុរស បាបកម្ម​ដែលអ្នក​ឯងធ្វើនេះ​មិនសមគួរ មិន​ត្រូវទំនង មិនត្រូវ​បែប មិនមែន​ជារបស់​សមណៈ មិនគប្បី មិនគួរ​ធ្វើទេ នែ​មោឃបុរស គួរបើ​ដែរ អ្នកឯង​បួសក្នុង​ធម្មវិន័យ​ដែលតថាគត​សំដែង​ហើយ ដោយ​ប្រពៃ​យ៉ាងនេះ​ត្រឡំាង ទៅជា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិសុទ្ធ​ពេញលេញ​ដរាប​ដល់អស់​ជីវិត​ មិនកើត នែ​មោឃបុរស ធម៌​ដែលតថាគត​សំដែង​ហើយដោយ​អនេក​បរិយាយ (សុទ្ធតែ) ដើម្បី​ប្រាសចាក​រាគៈ មិនមែន​ដើម្បីប្រកប​ដោយរាគៈ​ទេ ធម៌​ដែល​តថាគត​សំដែង​ហើយ ដើម្បី​ឲ្យប្រាសចាក​កិលេសជា​គ្រឿង​ប្រកប មិន​មែន​សំដែង​ដើម្បីតម្រូវ​ទៅរក​កិលេស​ជាគ្រឿង​ប្រកប​ទេ ធម៌ដែល​តថាគត​សំដែង​ហើយ ដើម្បី​មិនឲ្យ​ប្រកាន់មាំ មិនមែន​សំដែង​ដើម្បីឲ្យ​ប្រកាន់មាំ​ទេ មិនមែន​ឬ ម្នាល​មោឃបុរស ត្រង់​ធម៌ដែល​តថាគត​សំដែង​ហើយ ដើម្បី​ឲ្យប្រាស​ចាករាគៈ អ្នកឯង​ត្រឡប់​ចូលចិត្ត​ក្នុងធម៌​នោះថា​ឲ្យប្រកប​ដោយរាគៈ​វិញ ត្រង់​ធម៌ដែល​តថាគត​សំដែង​ហើយ ដើម្បី​ឲ្យប្រាសចាក​កិលេស​ជាគ្រឿង​ប្រកប អ្នកឯង​ត្រឡប់​ជាចូលចិត្ត​ថា ឲ្យប្រកប​ដោយ​កិលេស​ជាគ្រឿង​ប្រកបវិញ ត្រង់​ធម៌ដែល​តថាគត​សំដែង​ហើយ ដើម្បី​មិនឲ្យ​ប្រកាន់មាំ អ្នកឯង​ត្រឡប់ទៅ​ជាចូលចិត្ត​ថាឲ្យប្រកាន់​មាំវិញ នែ​មោឃបុរស ធម៌ដែល​តថាគត​សំដែង​ហើយដោយ​អនេក​បរិយាយ ដើម្បី​ឲ្យប្រាស​ចាករាគៈ ធម៌ដែល​តថាគត​សំដែងហើយ ដើម្បី​ញាំញី​នូវសេចក្តី​ស្រវឹង ដើម្បី​កំចាត់បង់​នូវសេចក្តី​ស្រេកឃ្លាន​ក្នុងកាម ដើម្បីដក​ចេញនូវសេចក្តី​អាល័យ​ក្នុងកាម ដើម្បី​ផ្តាច់បង់​នូវវដ្តៈ ដើម្បី​អស់ទៅនៃ​តណ្ហា ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​រំលត់ ដើម្បី​ព្រះនិព្វាន មិនមែន​ឬ នែមោឃបុរស កិរិយា​លះបង់នូវកាម​ទាំងឡាយ តថាគត​បានសំដែង​ហើយ ការកំណត់​ដឹងនូវសេចក្តី​សំគាល់ក្នុង​កាមទាំងឡាយ តថាគត​បានសំដែង​ហើយ កិរិយា​កំចាត់បង់​នូវសេចក្តី​ស្រេកឃ្លាន​ក្នុងកាម​ទាំងឡាយ តថាគត​បានសំដែង​ហើយ កិរិយា​ដកចេញ​នូវសេចក្តី​ត្រិះរិះ​ក្នុងកាម​ទាំងឡាយ តថាគត​បានសំដែង​ហើយ កិរិយា​ចូលទៅរម្ងាប់​នូវសេចក្តី​ក្តៅក្រហាយ​ក្នុងកាម​ទាំងឡាយ តថាគត​បានសំដែង​ហើយដោយ​អនេកបរិយាយ មិនមែន​ឬ ម្នាល​មោឃបុរស អ្នក​ឯងដាក់​អង្គជាត​ទៅក្នុងមាត់​អាសិរពិស ជាសត្វ​មានពិស​ក្លៀវក្លា ប្រសើរ​ជាងអ្នក​ឯងដាក់​អង្គជាត​ទៅក្នុង​អង្គជាត​របស់​មាតុគ្រាម​មិនប្រសើរ​ ឡើយ មោឃបុរស អ្នក​ឯងដាក់​អង្គជាត​ទៅក្នុងមាត់​ពស់វែក​ប្រសើរជាង អង្គជាត​ដែលអ្នក​ឯងដាក់​ទៅក្នុងអង្គជាត​របស់​មាតុគ្រាម​មិនប្រសើរ​ឡើយ មោឃបុរស អ្នក​ឯងដាក់​អង្គជាត​ទៅក្នុងគំនរ​រងើកភ្លើង​ដែលឆេះ​ភ្លឺច្រាល​រន្ទាល​ប្រសើរ ​ជាង អង្គជាត​ដែលអ្នក​ដាក់ទៅ​ក្នុងអង្គជាត​របស់​មាតុគ្រាម​មិនប្រសើរ​ឡើយ ហេតុអ្វី បាន​ជាតថាគត​ពោល​ដូច្នោះ មោឃបុរស ព្រោះថា​មនុស្ស​ដែលដាក់​អង្គជាត​ទៅក្នុង​គំនររងើក​ភ្លើង គ្រាន់តែ​ដល់នូវ​សេចក្តី​ស្លាប់ ឬដល់​នូវសេចក្តី​ទុក្ខប្រហែល​នឹងស្លាប់​ប៉ុណ្ណោះ ឯ​នឹងបាន​ទំលាយ​រាងកាយ​ស្លាប់ហើយ ទៅ​កើត​ក្នុង​តិរច្ឆាន​កំណើត ប្រេត អសុរកាយ នរក ព្រោះ​បច្ច័យ​ដែលដាក់​អង្គជាត​ទៅក្នុង​គំនរ​រងើកភ្លើង​នោះក៏ទេ នែ​មោឃបុរស ចំណែក​ខាងភិក្ខុ​ដែលដាក់​អង្គជាត​ទៅក្នុង​អង្គជាត​របស់​មាតុគ្រាម​នោះ តែទំលាយ​រាងកាយ​ហើយ ត្រូវ​ទៅកើត​ក្នុង​តិរច្ឆាន​កំណើត ប្រេត អសុរកាយ នរក ម្នាល​មោឃបុរស កាល​បើកម្ម​ទាំងនោះ (សុទ្ធ​តែជា​កម្មប្រកប​ដោយទោស​ធំយ៉ាង​នេះ) អ្នក​ឯងនៅ​តែប្រព្រឹត្ត​ធ្វើនូវ​អសទ្ធម្ម ជាធម៌​របស់អ្នក​ស្រុក ជាធម៌​របស់មនុស្ស​ថោកថយ អាក្រក់ មានកិច្ច​ដោយទឹក​ជាទីបំផុត ជាធម៌​លាក់លៀម ជាធម៌​របស់ជន​ពីរៗអ្នក តែង​ប្រជុំធ្វើ​តាមតែ​ប្រទះ​នោះ មោឃបុរស (ក្នុង​សាសនា​នេះ) មាន​តែអ្នក​ឯងហើយ ជាអ្នក​ធ្វើអកុសល​ខាងដើម​នៃអកុសលធម៌​ទាំងឡាយ​មានប្រមាណ​ច្រើន ហៅថា​ជាអ្នក​ផ្តើមធ្វើ​មុនគេ ម្នាល​មោឃបុរស កម្មដ៏​លាមក​របស់​អ្នកឯង​នេះ មិន​បណ្តាលឲ្យ​កើត​សេចក្តីជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ឡើយ មិន​មែន​ដឹកនាំ​ជនដែល​ជ្រះថ្លា​ហើយឲ្យ​រឹងរឹត​តែជ្រះថ្លា​ថែមឡើង​ទៀតទេ ម្នាល​មោឃបុរស កម្ម​ដ៏លាមក​របស់អ្នក​ឯងនេះ រមែង​បណ្តាល​ឲ្យកើត​សេចក្តី​មិនជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិនទាន់​ជ្រះថ្លា ​នៅឡើយ ដឹកនាំ​ជនទាំងឡាយ​ខ្លះដែល​ជ្រះថ្លា​ហើយ ឲ្យត្រឡប់​ទាស់ចិត្ត​គំនិត​ទៅវិញ។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​តិះដៀល​សុទិន្នភិក្ខុដ៏​មានអាយុ​ដោយអនេក​បរិយាយ ហើយ​ទ្រង់សំដែង​នូវទោស​នៃការ​ចិញ្ចឹមក្រ ថែ​ទាំរក្សា​ក្រ ប្រាថ្នា​ច្រើន មិន​សន្តោស ច្រឡូក​ច្រឡំដោយ​ពួកគណៈ និង​សេចក្តី​ខ្ជិលច្រអូស ទើប​ទ្រង់សំដែង​ដោយ​អនេក​បរិយាយ​នូវគុណ​នៃការដែល​គេចិញ្ចឹម​ងាយ ការ​ដែលគេ​ថែទាំ​រក្សាងាយ ប្រាថ្នា​តិច សន្តោស ចិត្តផូរផង់ ការកំចាត់​បង់នូវ​កិលេស ការនាំ​ឲ្យកើត​សេចក្តីជ្រះថ្លា ការ​មិនសន្សំ និង​ការប្រារព្ធ​ព្យាយាម ហើយ​ទ្រង់សំដែង​ធម្មីកថា​ដ៏ល្មមសម​គួរដល់​សិក្ខាបទ​នោះ ដល់​សំវរៈនោះ​ចំពោះភិក្ខុ​ទាំងឡាយ ហើយ​ហៅភិក្ខុ​ទាំងឡាយ​មក (មាន​ព្រះពុទ្ធដីកា)ថា ម្នាល​ភិក្ខុ​ទាំងឡាយ បើដូច្នោះ តថាគត​នឹងបញ្ញត្ត​សិក្ខាបទ​ដល់ភិក្ខុ​ទាំងឡាយ ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍១០​យ៉ាងគឺដើម្បី​សេចក្តីល្អ​ដល់សង្ឃ១ ដើម្បី​នៅសប្បាយ​ដល់សង្ឃ១ ដើម្បី​សង្កត់សង្កិន​នូវបុគ្គល​ទាំងឡាយ​ដែលមិន​អៀនខ្មាស១ ដើម្បី​នៅជា​សុខស្រួល​ដល់ភិក្ខុ​ទាំងឡាយ​ដែលមាន​សីលជា​ទីស្រឡាញ់១ ដើម្បី​រារាំង​អាសវធម៌​ទាំងឡាយ​ក្នុងបច្ចុប្បន្ន១ ដើម្បី​កំចាត់បង់​នូវអាសវ​ធម៌ទាំងឡាយ​ក្នុង​បរលោក១ ដើម្បី​ញុំាងបុគ្គល​ទាំងឡាយ​ដែលមិនទាន់​ជ្រះថ្លា​ឲ្យជ្រះថ្លា​ឡើង១ ដើម្បី​ញុំាងបុគ្គល​ទាំងឡាយ​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែជ្រះថ្លា​ច្រើន​ឡើង១ ដើម្បី​ឲ្យតំកល់​នៅមាំ​នៃ​ព្រះសទ្ធម្ម១ ដើម្បី​អនុគ្រោះ​ដល់វិន័យ១ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវសំដែង​នូវសិក្ខាបទ​នេះដូច្នេះ​ថា

ភិក្ខុ​ណាមួយ​សេពមេថុនធម្ម (ភិក្ខុ​នោះ) ត្រូវ​អាបត្តិបារាជិក រកសំវាសគ្មាន។

សិក្ខាបទ​នេះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បញ្ញត្ត​ហើយចំពោះ​ភិក្ខុទាំងឡាយ​ដោយ​ប្រការ​ យ៉ាងនេះ។

វារៈពោលអំពីរឿងសុទិន្នភិក្ខុ ចប់។

មក្កដីវត្ថុ

(មក្កដីវត្ថុ)

[២១] សម័យនោះ មានភិក្ខុ១រូបប្រលោម​លួងមេស្វាដោយ​អាមិសៈ ក្នុង​ព្រៃមហាវន ទៀប​ក្រុងវេសាលី ហើយ​សេព​មេថុនធម្ម​នឹង​មេស្វា​នោះ។ លំដាប់នោះ ភិក្ខុនោះស្លៀកស្បង់ប្រដាប់ដោយបាត្រ និងចីវរ ហើយ​ចូល​ទៅ​កាន់​ក្រុង​វេសាលី​ដើម្បី​បិណ្ឌបាត​ក្នុង​វេលា​ព្រឹក​ព្រហាម។ ក្នុង​សម័យ​នោះ ភិក្ខុ​ទាំងឡាយ​ច្រើនរូប​ដើរ​ទៅ​កាន់​សេនាសន​ចារិក ក៏​នាំ​គ្នា​ចូលទៅ​ត្រង់​កន្លែង​ដែលភិក្ខុ​នោះនៅ។ មេស្វា​នោះ​បាន​ឃើញ​ភិក្ខុអម្បាលនោះ​មកអំពី​ចម្ងាយ ក៏ចូល​ទៅត្រង់​កន្លែងដែល​ភិក្ខុទាំង​នោះ​នៅ លុះចូល​ទៅ​ដល់ហើយ (ក៏សំដែង​អាការ) ធ្វើចង្កេះ​ឲ្យញាក់ញ័រ​ផង ធ្វើកន្ទុយ​ឲ្យកំរើក​ផង ពើង​ចង្កេះផង បានធ្វើ​នូវនិមិត្តផង អំពី​ខាងមុខភិក្ខុ​ទាំងឡាយ​នោះ។ គ្រានោះ ភិក្ខុទាំងនោះ​មានសេចក្តីត្រិះរិះ​យល់ឃើញ​ថា ភិក្ខុនោះ​សេពមេថុនធម្ម​នឹង​មេស្វា​នេះ​ដោយ​ពិត​ឥតសង្ស័យ ទើបនាំ​គ្នាពួនចាំ​ឃ្លាំមើល​ក្នុងទី​កំបាំង១។ លំដាប់​នោះ ភិក្ខុនោះ​ដើរបិណ្ឌបាត​ក្នុង​ក្រុងវេសាលី បាន​បិណ្ឌបាត​ហើយ​ត្រឡប់​មក​វិញ។ គ្រានោះ មេស្វានោះ​ក៏ចូលទៅ​ត្រង់កន្លែង​ដែលភិក្ខុ​នោះនៅ។ លំដាប់នោះ ភិក្ខុ​នោះឆាន់​បិណ្ឌបាត​នោះ​មួយ​ចំណែក បានឲ្យ​ដល់មេស្វា​មួយ​ចំណែក។ គ្រានោះ មេស្វា​ស៊ីអាហារ​បិណ្ឌបាត​នោះ​ហើយ ក៏​ពើង​ចង្កេះ​ចំពោះ​ទៅ​ភិក្ខុ​នោះ។ លំដាប់​នោះ ភិក្ខុនោះ​ក៏​សេព​មេថុនធម្ម​នឹង​មេស្វា​នោះ។ ទើបភិក្ខុ​ទាំងឡាយ​នោះបាន​ពោលពាក្យ​នេះ​នឹង​ភិក្ខុ​នោះ​ថា អាវុសោ សិក្ខាបទ ព្រះ​ដ៏មាន​ព្រះភាគ​ទ្រង់បញ្ញត្ត​ហើយមិន​មែនឬ នែអាវុសោ ហេតុអ្វី​ក៏​បាន​ជា​អ្នក​មក​សេព​មេថុនធម្ម​នឹង​មេស្វា​នេះ។ ភិក្ខុនោះ​ឆ្លើយថា នែ​អាវុសោ​ទាំងឡាយ សិក្ខាបទ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​បញ្ញត្តពិត​មែនហើយ តែ​សិក្ខាបទ​នោះ ទ្រង់​បញ្ញត្ត​ចំពោះតែ​ស្រីមនុស្ស មិនមែន​បញ្ញត្ត​ចំពោះ​សត្វតិរច្ឆាន​ញីទេ។ ភិក្ខុទាំង​ឡាយនោះ​ពោលថា នែ​អាវុសោ សិក្ខាបទ​ដែលព្រះអង្គ​បញ្ញត្តចំពោះ​ស្រីមនុស្ស ក៏ដូច​សត្វតិរច្ឆាន​ញីដែរ មិនមែន​ឬ នែ​អាវុសោ (អំពើ​អាក្រក់ដែល​អ្នកធ្វើ​នោះ) ជា​អំពើ​មិន​សមគួរ មិន​ត្រូវ​ទំនង មិន​ត្រូវ​បែប មិន​មែន​ជា​របស់​សមណៈ មិន​គប្បី មិន​គួរ​ធ្វើទេ នែ​អាវុសោ គួរ​បើ​ដែរ អ្នក​ឯង​បួស​ក្នុង​ធម្មវិន័យ​ដែលព្រះដ៏មាន​ព្រះភាគត្រាស់​សំដែងល្អ​ហើយ​ យ៉ាងនេះ​ត្រឡំាង ទៅជា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យ​បរិសុទ្ធពេញលេញ​ដរាបអស់​ជីវិត​មិនកើត នែ​អាវុសោ ធម៌​ដែលព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ហើយដើម្បី​ឲ្យប្រាសចាក​រាគៈ មិន​មែន​ដើម្បី​ប្រកប​ដោយរាគៈ​ទេ។ បេ។ កិរិយា​រម្ងាប់នូវ​សេចក្តី​ក្តៅក្រហាយ អន្ទះអន្ទែង​ក្នុងកាម​ទាំងឡាយ ព្រះអង្គ​ទ្រង់សំដែង​ហើយដោយ​អនេក​បរិយាយ មិនមែន​ឬ ម្នាល​អាវុសោ អំពើ​អាក្រក់ដែល​អ្នកធ្វើនេះ មិនមែន​នាំឲ្យកើត​សេចក្តីជ្រះថ្លា​ដល់​ជន​ទាំង​ឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ ទេ មិនមែន​ដឹកនាំ​ជន​ទាំង​ឡាយ​ដែល​ជ្រះថ្លា​ហើយ ឲ្យ​រឹងរិត​តែ​ជ្រះថ្លា​ថែម​ទៀតទេ នែ​អាវុសោ អំពើអាក្រក់​ដែលអ្នក​ធ្វើនេះ រមែងនាំ​ឲ្យកើតសេចក្តី​មិនជ្រះថ្លា​ដល់​ជន​ទាំងឡាយ​​ដែល​មិនទាន់​ជ្រះថ្លា ដឹកនាំ​ជន​ទាំង​ឡាយ​ខ្លះ​ដែល​ជ្រះថ្លា​ហើយ ឲ្យបាត់​ជ្រះថ្លា​ទៅវិញ។ គ្រានោះ ភិក្ខុ​ទាំងឡាយ​នោះ ក៏តិះដៀល​ភិក្ខុនោះ​ដោយបរិយាយ​ច្រើន ហើយ​​នាំ​គ្នា​ក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។

[២២] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ទ្រង់ឲ្យប្រជុំសង្ឃ ហើយ​ត្រាស់សួរភិក្ខុ​នោះ ក្នុងវេលា​នោះថា ម្នាល​ភិក្ខុ ឮថា​អ្នកឯង​សេព​មេថុនធម្ម​នឹង​មេស្វា ពិត​មែន​ឬ។ ភិក្ខុនោះ​ក្រាបទូល​ថា សូមទាន​ពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ​ទ្រង់តិះដៀល​ថា នែ​មោឃបុរស (អំពើអាក្រក់​ដែលអ្នកឯង​ធ្វើនេះ) ជាអំពើ​មិនសមគួរ មិន​ត្រូវទំនង មិន​ត្រូវ​បែប មិនមែន​ជា​របស់​សមណៈ មិនគប្បី មិនគួរធ្វើទេ នែមោឃបុរស គួរបើដែរ អ្នកឯង​បួសក្នុងធម្ម​វិន័យ​ដែល​តថាគត សំដែង​ហើយដោយ​ល្អ​យ៉ាង​នេះ​ត្រឡំាង ទៅ​ជា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិសុទ្ធ​ពេញលេញ​ដរាប​ដល់អស់​ជីវិត​មិន​ កើត នែមោឃបុរស ធម៌ដែល​តថាគត​សំដែង​ហើយដើម្បី​ប្រាសចាក​រាគៈ មិនមែន​ដើម្បីប្រកប​ដោយរាគៈទេ។ បេ។ កិរិយា​រម្ងាប់នូវសេចក្តី​ក្តៅក្រហាយ អន្ទះ​អន្ទែង​ក្នុង​កាម​ទាំង​ឡាយ តថាគត​សំដែងហើយ​ដោយ​អនេកបរិយាយ នែ​មោឃបុរស អ្នកឯង​ដាក់​អង្គជាត​ទៅក្នុងមាត់​អាសិរពិស មាន​ពិសដ៏ក្លៀវក្លា​ប្រសើរជាង អ្នកឯង​ដាក់អង្គជាត​ទៅក្នុងអង្គជាត​របស់មេស្វា​មិនប្រសើរ​សោះឡើយ ម្នាល​មោឃបុរស អ្នកឯង​ដាក់អង្គជាត​ទៅក្នុង​មាត់ពស់វែក​ប្រសើរជាង​ដែលអ្នកឯង​ដាក់អង្គជាត​ ទៅក្នុងអង្គជាត​របស់មេស្វា​នោះ​ពុំ​ប្រសើរ​សោះ​ឡើយ ម្នាល​មោឃបុរស សូវ​អ្នកឯង​ដាក់អង្គជាត​ទៅក្នុងគំនរ​រងើកភ្លើង​ក្តៅ ដែលកំពុង​ឆេះសន្ធោរសន្ធៅ មាន​អណ្តាត​ភ្លើង​ដ៏​រុងរឿង​វិញប្រសើរ​ជាង ឯអង្គជាត​ដែលអ្នកឯងដាក់​ទៅក្នុងអង្គជាត​របស់​មេស្វានោះ ពុំ​ប្រសើរ​ឡើយ ពាក្យ​ដែល​តថាគត​ពោល​នោះ ព្រោះហេតុអ្វី ម្នាល​មោឃបុរស ព្រោះ​ថា​ទោះបី​បុគ្គល​ដល់​នូវ​សេចក្តី​ស្លាប់ ឬសេចក្តី​ទុក្ខស្ទើរនឹង​ស្លាប់​ដោយ​ហេតុ​ដែល​ដាក់​អង្គជាតទៅ​ ក្នុងមាត់ពស់វែក​ជាដើមនោះ​ក៏ដោយ បុគ្គល​នោះលុះរំលាង​ខន្ធ នឹងបាន​ចូលទៅកាន់​តិរច្ឆាន​កំណើត ប្រេត អសុរកាយ នរក ព្រោះតែដាក់​អង្គជាតទៅក្នុង​មាត់ពស់វែក​ជាដើមនោះ​ក៏ទេ ម្នាល​មោឃបុរស (ឯភិក្ខុ​នោះ) លុះ​រំលាង​ខន្ធ ក៏រមែង​តែទៅកាន់​តិរច្ឆានកំណើត ប្រេត អសុរកាយ នរក ព្រោះហេតុ​ដែលដាក់​អង្គជាតទៅក្នុង​អង្គជាត​មេស្វា​នេះ​ឯង ម្នាល​មោឃបុរស កាល​បើកម្មនោះ​មានទោសធ្ងន់​ដល់ម្ល៉ោះ​ហើយ អ្នកឯង​មិនគួរបើហ៊ាន​សេពអសទ្ធម្ម​ជាធម៌របស់​អ្នក​ស្រុក ជា​ធម៌​របស់​មនុស្ស​ថោកទាប ក្រាស់​ដោយ​អំពើ​អាក្រក់ មានកិច្ច​ដោយទឹក​ជាទីបំផុត​របស់ជនមាន​គូស្រករ ជាធម៌​លាក់លៀម ដែល​គេ​ត្រូវ​រួប​រួម​គ្នាតែ​ពីរ​នាក់​នោះសោះ ម្នាល​មោឃបុរស អំពើ​ដែលអ្នកឯង​ធ្វើនោះ មិនប្រព្រឹត្ត​ទៅដើម្បី​សេចក្តី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែលមិនទាន់​ ជ្រះថ្លាទេ។ បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែង​សិក្ខាបទនេះ​យ៉ាង​នេះ​ថា

ភិក្ខុ​ណា​មួយ​សេពមេថុនធម្ម ដោយ​ហោច​ទៅ សូម្បីនឹង​សត្វតិរច្ឆានញី ភិក្ខុនោះ​ត្រូវ​អាបត្តិ​បារាជិក​រកសំវាសគ្មាន។

ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្ត​សិក្ខាបទនេះ ចំពោះ​ភិក្ខុទាំងឡាយ​ដោយ​ហេតុ​យ៉ាង​នេះឯង។

និទានមេស្វា ចប់។

សន្ថតភាណវារ

(សន្ថតភាណវារោ)

[២៣] ក្នុងសម័យនោះ ពួកភិក្ខុវជ្ជីបុត្រនៅក្នុងក្រុងវេសាលីជា​ច្រើនរូប នាំគ្នាឆាន់ឆ្អែត​ហើយសឹង ៗស្កប់ហើយ​ស្រង់ទឹក ៗហើយ​ឆាន់ ៗហើយ​សឹង ៗស្កប់ស្កល់​ហើយស្រង់ទឹក ឥតបាន​ធ្វើទុកក្នុង​ចិត្តដោយ​ឧបាយប្រាជ្ញា​ឡើយ មិនពោល​លាសិក្ខា មិន​ធ្វើ​ឲ្យច្បាស់​នូវភាវៈ​ជាអ្នកមាន​កំឡាំង​ថយ (គឺមិន​សឹកសិន) ហើយ​សេពមេថុនធម្ម។ លុះ​សម័យតមក​ខាងក្រោយ ភិក្ខុ​ទាំង​នោះ​ប្រទះ​សេចក្តី​ព្រាត់ប្រាស​ចាកញាតិខ្លះ ប្រទះ​សេចក្តីវិនាស​ភោគសម្បត្តិខ្លះ ប្រទះរោគ​មកបៀតបៀន​ខ្លះ (ក៏នាំគ្នា) ចូល​ទៅ​រក​ព្រះអានន្ទ​ដ៏មានអាយុ ហើយ​ពោលពាក្យ​យ៉ាងនេះថា បពិត្រ​ព្រះអានន្ទ​ដ៏ចម្រើន យើងខ្ញុំ​ទាំងឡាយ​មិនមែន​ជាអ្នក​តិះដៀល​ព្រះពុទ្ធ តិះដៀល​ព្រះធម៌ តិះដៀល​ព្រះសង្ឃទេ បពិត្រ​ព្រះអានន្ទ​ដ៏ចម្រើន យើងខ្ញុំ​ទាំងឡាយ​ជាអ្នកតិះដៀល​តែ​ខ្លួន​ឯង មិន​មែន​តិះដៀលអ្នក​ដទៃទេ យើងខ្ញុំ​ទាំងឡាយ បាន​មកបួស​ក្នុង​ធម្មវិន័យ​ដែលព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​សំដែង​ហើយ​ដោយ ​ប្រពៃ​យ៉ាងនេះ ក៏ទៅជា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិសុទ្ធ ឲ្យបរិបូណ៌​អស់មួយ​ជីវិតមិនកើត យើងខ្ញុំ​ទាំងឡាយហៅ​ពេញ​ជា​មនុស្ស​ឥត​សំណាង​វាសនា យើងខ្ញុំ​ពេញជាមនុស្ស​ឥតបុណ្យ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន បើប្រសិន​ជាយើងខ្ញុំ​បាននូវ​បព្វជ្ជា បាន​នូវ​ឧបសម្បទា​ក្នុងសំណាក់​ព្រះដ៏មាន​ព្រះភាគឥឡូវ​នេះទៀត នោះយើង​ខ្ញុំគង់នឹង​បានឃើញ​នូវកុសលធម៌​ទាំង​ឡាយ និង​ខំ​ប្រឹង​ប្រកប​ព្យាយាមជា​គ្រឿងញុំាង​ធម៌ទាំងឡាយ​ដែលជាចំណែក​នៃពោធិញាណ​ ឲ្យចំរើន​អស់រាត្រី​មុន និង​រាត្រី​ក្រោយ (គឺ​បឋមយាម​និង​បច្ឆិមយាម) ក្នុង​កាលឥឡូវ​នេះឯង បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន យើងខ្ញុំ​សូមអង្វរ សូមលោក​ម្ចាស់​នាំ​សេចក្តី​នេះ​ទៅ​ក្រាប​ទូល​ព្រះដ៏មានព្រះភាគ​ឲ្យទានផង។ ព្រះអានន្ទដ៏​មានអាយុ​ក៏ទទួលពាក្យ​របស់ពួក​ភិក្ខុវជ្ជីបុត្រ​អ្នក​ក្រុង​ វេសាលីថា អើ អាវុសោ ហើយ​ចូលទៅកាន់​ទីដែលព្រះ​ដ៏មានព្រះភាគ​គង់ លុះចូលទៅ​ដល់ហើយ ក៏បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលអានន្ទ តថាគត​គប្បីដក​សិក្ខាបទ​ឈ្មោះបារាជិក ដែល​តថាគត បាន​បញ្ញត្ត​ហើយដល់​សាវកទាំងឡាយ ព្រោះហេតុ​នៃជនអ្នក​នៅក្នុងដែនវជ្ជី​ទាំងឡាយ​ក្តី ព្រោះហេតុ​នៃវជ្ជីបុត្តកភិក្ខុ​ទាំង​ឡាយ​ក្តី ដោយ​អំពើណា អំពើ​នុ៎ះ​មិនមែន​ជា​ហេតុ មិនមែន​ជាឱកាស​ឡើយ។

[២៤] ព្រោះនិទាននេះ ព្រោះដំណើរនេះ ទើបព្រះដ៏មាន​ព្រះភាគជាម្ចាស់​ទ្រង់សំដែង​ធម្មីកថា ហើយត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​មក ហើយមាន​ពុទ្ធដីកាថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា​មួយមិនពោលលា​សិក្ខា មិនប្រកាស​ខ្លួន​ថា​ជា​អ្នក​មាន​កំឡាំង​ថយ ហើយ​សេពមេថុនធម្ម បើភិក្ខុ​នោះមក (សូមឧបសម្បទា​នឹងសង្ឃទៀត) សង្ឃមិន​ត្រូវ​ឲ្យ​ឧបសម្បទា​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ បើភិក្ខុ​ណាមួយ​ពោលលាសិក្ខា​ហើយ ប្រកាសខ្លួន​ថាជាអ្នកមាន​កំឡាំងថយ ហើយ​សេព​មេថុនធម្ម បើ​ភិក្ខុ​នោះ​(សូម​បួស​ទៀត) សង្ឃ​គប្បីឲ្យ​ឧបសម្បទា​ចុះ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​សិក្ខាបទនេះ​យ៉ាងនេះ​ថា

ភិក្ខុណា​​មួយ​ដល់​ព្រម​ដោយ​សិក្ខា​និង​សាជីវៈ (ដែល​តថាគត​បញ្ញត្ត​ហើយ) សម្រាប់​ភិក្ខុ​ទាំងឡាយ ហើយ​មិនពោលលា​សិក្ខា មិន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ភាវៈ​ជា​អ្នក​មាន​កំឡាំងថយ ហើយ​សេពមេថុនធម្ម ដោយហោច​ទៅសូម្បីតែ​នឹងសត្វ​តិរច្ឆានញី ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​បារាជិក រកសំវាសគ្មាន។

[២៥] ត្រង់ពាក្យថា​ណាមួយ អធិប្បាយថា ភិក្ខុជាថេរៈ​ក្តី ភិក្ខុបួសថ្មីក្តី ភិក្ខុកណ្តាល​ក្តីឯណា គឺថាតាម​តែភិក្ខុរូបណា​ដែល​ប្រកប​ក្នុង​កម្មយ៉ាងណា មានជាតិ​យ៉ាងណា មានឈ្មោះ​យ៉ាងណា មានគោត្រ​យ៉ាងណា មានប្រក្រតី​យ៉ាង​ណា មានគ្រឿង​នៅ​យ៉ាងណា មានគោចរ​យ៉ាងណា​ក៏ដោយ ភិក្ខុនេះ​តថាគត​ហៅថា (ភិក្ខុ) ណាមួយ។

[២៦] ត្រង់ពាក្យថា ភិក្ខុ មានវិគ្រោះ​ថា សមណៈណា​ជាអ្នកសូម សមណៈ​នោះហៅថា​ភិក្ខុ។ សមណៈណា​ចូល​ទៅ​អាស្រ័យ​នូវភិក្ខាចរិយវត្ត សមណៈ​នោះហៅថា​ភិក្ខុ។ ជន​ណា​ទ្រទ្រង់សម្ពត់​ដែលគេកាត់​ហើយ ជននោះ​ហៅថាភិក្ខុ។ ជន​ដែល​ហៅថា​ភិក្ខុ ព្រោះហេតុ​វោហារ​បញ្ញត្តិ​ថា សមណៈ។ ហៅថា​ភិក្ខុ ព្រោះបាន​ប្តេជ្ញាខ្លួន។ ហៅថាភិក្ខុ ព្រោះ​សម្រេចជា​ឯហិភិក្ខុ។ ហៅថា​ភិក្ខុ ព្រោះបាន​ឧបសម្បទា​ដោយ​សរណគមន៍៣។ ហៅថាភិក្ខុ ព្រោះហេតុ​ជាអ្នក​ចំរើន។ ហៅថាភិក្ខុ ព្រោះមាន​សារធម៌។ ហៅថាភិក្ខុ​ព្រោះជា​អ្នកសិក្សា។ ហៅថាភិក្ខុ ព្រោះ​មិនបាច់​សិក្សា។ ហៅថាភិក្ខុ ព្រោះ​បាន​ឧបសម្បទា​ដោយ​ញត្តិចតុត្ថកម្មវាចា​ដ៏សមគួរ​ដល់ហេតុ​ដែលមិនមាន​ សេចក្តីអន្តរាយ ដោយ​សង្ឃដែល​ព្រមព្រៀង​ហើយ។ បណ្តាភិក្ខុ​ទាំងនោះ ភិក្ខុណា​ដែលបាន​ឧបសម្បទា​ដោយញត្តិចតុត្ថកម្មវាចា ដ៏សមគួរ​ដល់ហេតុដែល​មិនមាន​វិបត្តិកំរើក ដោយ​សង្ឃដែល​ព្រមព្រៀង​ហើយ ភិក្ខុនេះ តថាគត​សំដៅ​យក​ក្នុង​អត្ថនេះ។

[២៧] ត្រង់ពាក្យថា សិក្ខា សំដៅ​ត្រង់សិក្ខា៣​គឺ អធិសីលសិក្ខា១ អធិចិត្តសិក្ខា១ អធិប្បញ្ញសិក្ខា១ បណ្តា​សិក្ខាទាំង​៣​នោះ សិក្ខាណា​ដែលហៅថា អធិសីលសិក្ខា សិក្ខានេះ តថាគត​សំដៅ​យក​ក្នុងសេចក្តីនេះ។

[២៨] ត្រង់ពាក្យថា សាជីវៈ គឺសិក្ខាបទណា ដែល​ព្រះដ៏មានព្រះភាគ​ទ្រង់​បញ្ញត្ត​ហើយ សិក្ខាបទ​ដែលព្រះដ៏មាន​ព្រះ​ភាគ​បាន​បញ្ញត្ត​ហើយនុ៎ះ ហៅថា​សាជីវៈ ភិក្ខុដែល​សិក្សាក្នុង​សិក្ខាបទ ហៅថា​សាជីវៈនោះ តថាគត​ហៅថា អ្នកដល់​ព្រមដោយ​សាជីវៈដោយ​ហេតុនោះ​ឯង។

[២៩] ត្រង់ពាក្យថា មិនពោលលាសិក្ខា មិនធ្វើឲ្យ​ច្បាស់នូវ​ភាវៈជាអ្នកមាន​កំឡាំងថយ (មាន​ព្រះពុទ្ធភាសិត​ថា) ម្នាល​ភិក្ខុ​ទាំង​ឡាយ កិរិយា​ដែលភិក្ខុគ្រាន់​តែធ្វើឲ្យច្បាស់​នូវភាវៈជាអ្នក​មានកំឡាំង​ថយ ប៉ុន្តែ​សិក្ខាហៅថា ភិក្ខុមិនទាន់​ពោលលា​នៅ​ឡើយ​ក៏មាន។ ម្នាលភិក្ខុ​ទាំងឡាយ កិរិយា​ដែលភិក្ខុ​បានធ្វើឲ្យ​ជាក់ច្បាស់​នូវភាវៈ​ជាអ្នកមាន​កំឡាំង​ថយហើយ សិក្ខា​ហៅថា ភិក្ខុ​បាន​ពោលលា​ហើយ​ក៏មាន។

[៣០] ម្នាលភិក្ខុទាំងឡាយ កិរិយាដែលភិក្ខុគ្រាន់​តែធ្វើឲ្យជាក់ច្បាស់​នូវភាវៈជាអ្នកមាន​កំឡាំងថយ ប៉ុន្តែសិក្ខា ហៅថា ភិក្ខុ​មិនទាន់បាន​ពោលលានៅ​ឡើយ នោះតើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ អផ្សុក​មិនរីករាយ ចង់ដើម្បី​ឲ្យឃ្លាតផុតចាក​ភេទជា​សមណៈ នឿយណាយ ធុញទ្រាន់ ខ្ពើមរអើម​នឹងភាពខ្លួន​ជាភិក្ខុ ប្រាថ្នាភាពជា​គ្រហស្ថ ប្រាថ្នាភាព​ជាឧបាសក ប្រាថ្នាភាព​ជាអ្នករក្សា​អារាម ប្រាថ្នា​ភាពជា​សាមណេរ ប្រាថ្នា​ភាពជាតិរ្ថិយ ប្រាថ្នា​ភាពជា​តិរ្ថិយសាវក ប្រាថ្នា​ភាពនៃខ្លួន​មិនមែនជា​សមណៈ ប្រាថ្នាភាព​នៃខ្លួនមិនមែន​ជា​សក្យបុត្រ ក៏​និយាយ​ឲ្យ​អ្នក​ដទៃដឹងច្បាស់​ថា បើដូច្នោះ មាន​តែខ្ញុំត្រូវ​លះបង់​ព្រះពុទ្ធ។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនេះ​ឯងហៅថា កិរិយា​ដែលភិក្ខុ​គ្រាន់តែធ្វើ​ឲ្យជាក់ច្បាស់​នូវភាវៈជាអ្នក​មានកំឡាំង​ថយ ប៉ុន្តែសិក្ខា ហៅថា ភិក្ខុ​មិនទាន់បាន​ពោលលានៅ​ឡើយ។ ម្យ៉ាងទៀត ភិក្ខុអផ្សុក មិនរីករាយ ចង់​ចេញចាក​សមណ​ភាព នឿយណាយ​ធុញទ្រាន់ ខ្ពើមរអើម​នឹងភាពខ្លួន​ជាភិក្ខុ ប្រាថ្នា​ភាពជា​គ្រហស្ថ។ បេ។ ប្រាថ្នា​នូវភាពមិនមែន​ជាសក្យបុត្រ ក៏និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវលះបង់​ព្រះធម៌។ បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បើដូច្នោះ មានតែ​ខ្ញុំលះបង់​ព្រះសង្ឃ។ និយាយ​ឲ្យ​អ្នក​ដទៃដឹងច្បាស់​ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវលះបង់​សិក្ខា។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវលះបង់​វិន័យ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើដូច្នោះ មាន​តែខ្ញុំត្រូវ​លះបង់​បាតិមោក្ខ។ និយាយ​ឲ្យអ្នក​ដទៃដឹងច្បាស់​ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវលះបង់​ឧទ្ទេស។ និយាយ​ឲ្យ​អ្នកដទៃ​ដឹងច្បាស់​ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវលះបង់​ឧបជ្ឈាយ៍។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវ​លះបង់​អាចារ្យ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មានតែ​ខ្ញុំត្រូវលះបង់​សទ្ធិវិហារិក។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មានតែ​ខ្ញុំត្រូវ​លះបង់​អន្តេវាសិក។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បើដូច្នោះ មាន​តែខ្ញុំត្រូវ​លះបង់​ភិក្ខុដែល​មានឧបជ្ឈាយ៍​ស្មើគ្នា។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មាន​តែខ្ញុំត្រូវ​លះបង់​ភិក្ខុដែល​មាន​អាចារ្យស្មើគ្នា។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មាន​តែខ្ញុំត្រូវ​លះបង់​ភិក្ខុអ្នក​ប្រព្រឹត្តធម៌​ដ៏​ប្រសើរ​ស្មើគ្នា។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវទៅ​ជាគ្រហស្ថ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មានតែ​ខ្ញុំត្រូវទៅ​ជាឧបាសក។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មានតែ​ខ្ញុំត្រូវ​ទៅជាអ្នក​រក្សាវត្ត។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បើ​ដូច្នោះ មាន​តែខ្ញុំត្រូវ​ទៅជា​សាមណេរ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មានតែ​ខ្ញុំត្រូវទៅ​ជាតិរ្ថិយ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវទៅ​ជាតិរ្ថិយសាវក។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បើដូច្នោះ មាន​តែខ្ញុំលែង​ធ្វើជា​សមណៈ។ និយាយ​ឲ្យ​អ្នក​ដទៃ​ដឹង​ច្បាស់​ថា បើ​ដូច្នោះ មានតែ​ខ្ញុំលែង​ធ្វើជា​សក្យបុត្រ។ ម្នាល​ភិក្ខុទាំង​ឡាយ យ៉ាងនេះ​ឯងហៅថា កិរិយា​ដែលភិក្ខុ​គ្រាន់តែ​ធ្វើឲ្យជាក់ច្បាស់​នូវភាវៈជា​អ្នកមាន​កំឡាំងថយ ប៉ុន្តែ​សិក្ខា មិនទាន់​ហៅថាភិក្ខុ​បានពោលលា​នៅឡើយ។ មួយ​វិញទៀត ភិក្ខុ​អផ្សុក មិនរីករាយ ចង់​ឃ្លាតចាក​សមណភាព កាល​ជា​ទុក្ខ​ធុញទ្រាន់ ខ្ពើមរអើម​ភាពជាភិក្ខុ ប្រាថ្នា​ភាពជា​គ្រហស្ថ។ បេ។ ប្រាថ្នា​ភាពមិនមែន​ជា​សក្យបុត្រ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​មែន មានតែ​ខ្ញុំត្រូវ​លះបង់​ព្រះពុទ្ធ។ បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​មែន មានតែ​ខ្ញុំត្រូវលែង​ធ្វើ​ជា​សក្យបុត្រ។ បេ។ និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា កាល​បើហេតុ​យ៉ាងនេះ​មានពិត​មែន ខ្ញុំត្រូវ​លះបង់​ព្រះពុទ្ធ។ បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា កាល​បើ​យ៉ាងនេះ មាន​តែខ្ញុំត្រូវ​លែងធ្វើជា​សក្យបុត្រ។ បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ណ្ហើយចុះ ខ្ញុំ​ត្រូវតែ​លះបង់​ព្រះពុទ្ធ។ បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ណ្ហើយចុះ ខ្ញុំ​ត្រូវ​លែង​ធ្វើ​ជា​សក្យបុត្រ។ បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ហេតុ​របស់ខ្ញុំ​លើកទុក​សិនចុះ ខ្ញុំត្រូវ​លះបង់​ព្រះពុទ្ធ។ បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ហេតុរបស់​ខ្ញុំលើក​ទុកសិន​ចុះ ត្រូវតែ​ខ្ញុំលែងធ្វើ​ជាសក្យបុត្រ។ ម្នាល​ភិក្ខុទាំង​ឡាយ យ៉ាងនេះ​ហៅថា កិរិយា​គ្រាន់​តែ​ធ្វើ​ឲ្យ​ច្បាស់​នូវ​ភាវៈ​ជាអ្នក​មាន​កំឡាំងថយ ប៉ុន្តែ​សិក្ខា មិនទាន់​ហៅថា​ភិក្ខុបាន​ពោលលា​នៅឡើយ។ មួយ​វិញទៀត ភិក្ខុ​អផ្សុក មិន​រីករាយ ប្រាថ្នា​ដើម្បីឲ្យឃ្លាត​ផុតចាក​សមណភាព ជាទុក្ខ​ធុញទ្រាន់ ខ្ពើម​រអើមភាព​ជាភិក្ខុ ប្រាថ្នា​ភាពជា​គ្រហស្ថ។ បេ។ នឹងចង់​ឲ្យខ្លួនទៅ​ជាអសក្យបុត្រ ក៏និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំ​រឭក​មាតា។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​បិតា។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​បងប្អូនប្រុស។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​បងប្អូនស្រី។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ខ្ញុំ​រឭកកូន​ប្រុស។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ខ្ញុំ​រឭក​កូនស្រី។ និយាយ​ឲ្យ​អ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​ប្រពន្ធ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ខ្ញុំរឭក​ពួកញាតិ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ខ្ញុំ​រឭក​ពួកមិត្ត។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​ស្រុក។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​និគម។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​ស្រែ។ និយាយ​ឲ្យ​អ្នក​ដទៃ​ដឹង​ច្បាស់ថា ខ្ញុំ​រឭកចំការ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​ប្រាក់។ និយាយ​ឲ្យអ្នក​ដទៃដឹង​ច្បាស់ថា ខ្ញុំ​រឭកមាស។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​សិល្បសាស្ត្រ។ និយាយ​ឲ្យអ្នក​ដទៃដឹង​ច្បាស់ថា ខ្ញុំ​រឭក​ជាញឹកញយ​នូវការសើច ការស្រដី និងការ​លេង​អំពីមុន។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាងនេះ​ហៅថា កិរិយា​គ្រាន់តែ​ធ្វើ​ឲ្យច្បាស់​នូវភាវៈ​ជាអ្នកមាន​កំឡាំងថយ ប៉ុន្តែ​សិក្ខា មិនចាត់​ថាភិក្ខុបាន​ពោលលាឡើយ។ មួយ​វិញទៀត ភិក្ខុ​អផ្សុក មិនរីករាយ ប្រាថ្នា​ឲ្យឃ្លាត​ផុតចាក​សមណភាព ជាទុក្ខ​ធុញទ្រាន់ ខ្ពើម​រអើមភាព​ជាភិក្ខុ ពេញចិត្ត​នឹងភាព​គ្រហស្ថ។ បេ។ ពេញចិត្ត​នឹងភាព​មិនមែន​ជាសក្យបុត្រ ក៏​និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំមាន​មាតា ៗនោះខ្ញុំ​ត្រូវតែ​ចិញ្ចឹម។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បិតា​របស់ខ្ញុំ​មាន បិតានោះ​ខ្ញុំត្រូវតែ​ចិញ្ចឹម។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បងប្អូន​ប្រុសរបស់​ខ្ញុំមាន បងប្អូន​ប្រុសនោះ​ខ្ញុំត្រូវ​តែចិញ្ចឹម។ និយាយ​ឲ្យ​អ្នក​ដទៃ​ដឹង​ច្បាស់​ថា បងប្អូន​ស្រីរបស់​ខ្ញុំមាន បងប្អូន​ស្រីនោះ​ខ្ញុំត្រូវតែ​ចិញ្ចឹម។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា កូនប្រុស​របស់ខ្ញុំ​មាន កូនប្រុស​នោះខ្ញុំត្រូវ​តែចិញ្ចឹម។ និយាយ​ឲ្យអ្នក​ដទៃដឹង​ច្បាស់​ថា កូនស្រី​របស់ខ្ញុំ​មាន កូនស្រីនោះ​ខ្ញុំត្រូវ​តែចិញ្ចឹម។ និយាយ​ឲ្យអ្នកដទៃ​ដឹង​ច្បាស់ថា ប្រពន្ធ​របស់ខ្ញុំ​មាន ប្រពន្ធនោះ​ខ្ញុំត្រូវ​តែចិញ្ចឹម។ និយាយ​ឲ្យអ្នក​ដទៃដឹងច្បាស់​ថា ពួកញាតិ​របស់ខ្ញុំ​មាន អ្នកទាំង​នោះត្រូវ​តែខ្ញុំចិញ្ចឹម។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ពួកមិត្ត​របស់ខ្ញុំមាន ពួកមិត្ត​ទាំងនោះ​ខ្ញុំត្រូវតែ​ចិញ្ចឹម។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនេះ​ហៅថា កិរិយា​គ្រាន់​តែ​ធ្វើ​ឲ្យ​ច្បាស់​នូវ​ភាវៈ​ជា​អ្នក​មាន​កំឡាំង​ថយ ប៉ុន្តែ​សិក្ខា មិនទាន់​ហៅថាភិក្ខុ​បានពោលលា​ឡើយ។ ន័យ​មួយទៀត ភិក្ខុ​អផ្សុក មិន​រីករាយ ចង់ឃ្លាត​ចេញចាក​សមណភាព ជាទុក្ខ​ធុញទ្រាន់ ខ្ពើម​រអើមភាព​ជាភិក្ខុ ប្រាថ្នា​ភាព​គ្រហស្ថ។ បេ។ មិនប្រាថ្នា​ភាព​ជាសក្យបុត្រ ក៏​និយាយ​ឲ្យអ្នក​ដទៃដឹង​ច្បាស់ថា មាតា​របស់ខ្ញុំ​មាន មាតា​នោះ​នឹង​ចិញ្ចឹម​ខ្ញុំ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បិតា​របស់ខ្ញុំ​មាន បិតានោះ​នឹង​ចិញ្ចឹមខ្ញុំ។ និយាយ​ឲ្យអ្នក​ដទៃដឹង​ច្បាស់ថា បង​ប្អូនប្រុស​របស់ខ្ញុំ​មាន បងប្អូន​ប្រុសនោះ​នឹងចិញ្ចឹម​ខ្ញុំ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បងប្អូន​ស្រីរបស់​ខ្ញុំមាន បងប្អូន​ស្រីនោះ​នឹង​ចិញ្ចឹម​ខ្ញុំ។ និយាយ​ឲ្យ​អ្នក​ដទៃ​ដឹង​ច្បាស់​ថា កូន​ប្រុស​របស់​ខ្ញុំមាន កូនប្រុស​នោះនឹង​ចិញ្ចឹម​ខ្ញុំ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា កូនស្រី​របស់ខ្ញុំ​មាន កូនស្រី​នោះនឹង​ចិញ្ចឹមខ្ញុំ។ និយាយ​ឲ្យអ្នក​ដទៃដឹងច្បាស់​ថា ប្រពន្ធ​របស់ខ្ញុំ​មាន ប្រពន្ធនោះ​នឹងចិញ្ចឹមខ្ញុំ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ពួកញាតិ​របស់ខ្ញុំមាន ពួក​ញាតិទាំងនោះ​នឹង​ចិញ្ចឹម​ខ្ញុំ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ពួកមិត្ត​របស់ខ្ញុំមាន មិត្ត​ទាំងនោះ​នឹងចិញ្ចឹម​ខ្ញុំ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ស្រុក​របស់ខ្ញុំមាន ខ្ញុំ​នឹងចិញ្ចឹម​ជីវិតដោយ​ស្រុកនោះ​ក៏បាន។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា និគម​របស់ខ្ញុំ​មាន ខ្ញុំនឹង​ចិញ្ចឹមជីវិត​ដោយនិគម​នោះក៏បាន។ និយាយ​ឲ្យ​អ្នក​ដទៃដឹង​ច្បាស់ថា ស្រែ​របស់ខ្ញុំ​មាន ខ្ញុំនឹង​ចិញ្ចឹមជីវិត​ដោយស្រែ​នោះក៏បាន។ និយាយ​ឲ្យអ្នក​ដទៃដឹងច្បាស់​ថា ចំការ​របស់ខ្ញុំ​មាន ខ្ញុំនឹង​ចិញ្ចឹម​ជីវិតដោយចំការ​នោះក៏បាន។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ប្រាក់​របស់ខ្ញុំមាន ខ្ញុំ​នឹងចិញ្ចឹម​ជីវិតដោយ​ប្រាក់នោះ​ក៏បាន។ និយាយ​ឲ្យអ្នកដទៃ​ដឹង​ច្បាស់​ថា មាសរបស់​ខ្ញុំមាន ខ្ញុំនឹង​ចិញ្ចឹមជីវិត​ដោយមាស​នោះក៏​បាន។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា សិល្បសាស្ត្រ​របស់​ខ្ញុំមាន ខ្ញុំនឹង​ចិញ្ចឹមជីវិត​ដោយសិល្បសាស្ត្រ​នោះ​ក៏បាន។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាងនេះ​ហៅថា កិរិយា​គ្រាន់តែធ្វើ​ឲ្យច្បាស់​នូវភាវៈ​ជាអ្នក​មានកំឡាំង​ថយ ប៉ុន្តែ​សិក្ខា មិន​ទាន់​ហៅថា​ភិក្ខុបានពោលលា​ឡើយ។ ន័យ​មួយទៀត ភិក្ខុ​អផ្សុក មិនរីករាយ ចង់ចេញ​ចាកភាព​ជាសមណៈ ជាទុក្ខនឹង​ភាពជា​ភិក្ខុ ជិនឆ្អន់ ខ្ពើមរអើម​ភិក្ខុភាព ប្រាថ្នា​នូវភាពជា​គ្រហស្ថ។ បេ។ ប្រាថ្នា​ភាពមិនមែន​ជាសក្យបុត្រ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា (អំពើនេះ) កម្រ​បុគ្គលនឹង​ធ្វើបាន។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា (អំពើនេះ) បុគ្គល​មិនមែនងាយ​នឹងធ្វើបានទេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា (អំពើ​នេះ) បុគ្គល​ប្រព្រឹត្តបាន​ដោយ​កម្រ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា (អំពើ​នេះ) បុគ្គល​មិនមែនប្រព្រឹត្ត​បានដោយ​ងាយទេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំមិន​អាច (នៅ​ក្នុង​ភេទបព្វជិត​បាន)​ទេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំមិនហ៊ាន (នៅ​ក្នុង​ភេទបព្វជិត) ទេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំមិន​ត្រេកអរ (នឹង​ភេទបព្វជិត) ទេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំមិន​ពេញចិត្ត (នឹង​ភេទបព្វជិត) ទេ។ ម្នាល​ភិក្ខុទាំងឡាយ យ៉ាងនេះ​ហៅថា កិរិយា​គ្រាន់តែ​ធ្វើ​ឲ្យច្បាស់​នូវភាវៈ​ជាអ្នកមាន​កំឡាំងថយ ប៉ុន្តែសិក្ខា មិនទាន់​ហៅថាភិក្ខុ​បានពោលលា​ឡើយ។

[៣១] ម្នាលភិក្ខុទាំងឡាយ កិរិយាដែលភិក្ខុ​ធ្វើឲ្យជាក់ច្បាស់​នូវភាវៈ​នៃខ្លួន​ជាបុគ្គល​មាន​កំឡាំងថយ ទាំង​សិក្ខាក៏​ហៅថា​ភិក្ខុ​បាន​​ពោលលា​​នោះ តើដូចម្តេច។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​ក្នុងសាសនា​នេះ អផ្សុក​មិន​ត្រេកអរ ចង់ឃ្លាត​ចាកភាព​ជា​សមណៈ នឿយ​ណាយ ជិនឆ្អន់ ខ្ពើមរអើម​នឹង​ភាព​ជាភិក្ខុ ប្រាថ្នា​នូវ​ភាព​ជា​​គ្រហស្ថ។ បេ។ ពេញចិត្ត​នឹងភាព​មិនមែន​ជាសក្យបុត្រ ក៏និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំសូមលះបង់​ព្រះពុទ្ធ។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនេះ​ទើបហៅ​ថា កិរិយា​ធ្វើឲ្យជាក់ច្បាស់​នូវភាវៈ​នៃខ្លួនជា​បុគ្គលមាន​កំឡាំងថយ ទាំង​សិក្ខា ក៏ហៅថា​ភិក្ខុបាន​ពោលលា។ ម្យ៉ាង​ទៀត ភិក្ខុ​អផ្សុក មិន​ត្រេកអរ ប្រាថ្នា​ចង់ឃ្លាត​ចាកភាព​ជាសមណៈ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម​នឹង​ភាព​ជាភិក្ខុ ពេញចិត្ត​នឹងភាព​ជា​គ្រហស្ថ។ បេ។ ពេញចិត្ត​នឹងភាព​មិនមែន​ជាសក្យបុត្រ ក៏និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំសូម​លះបង់​ព្រះធម៌។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​សូម​លះបង់​ព្រះសង្ឃ។ និយាយ​ឲ្យគេ​ដឹងច្បាស់​ថា ខ្ញុំសូម​លះបង់​សិក្ខា។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំសូម​លះបង់​វិន័យ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​សូមលះបង់​បាតិមោក្ខ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​សូមលះបង់​នូវឧទ្ទេស។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​សូមលះបង់​ឧបជ្ឈាយ៍។ និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា ខ្ញុំសូម​លះបង់​អាចារ្យ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំសូម​លះបង់​សទ្ធិវិហារិក។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំសូម​លះបង់​អន្តេវាសិក។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​សូមលះបង់​បព្វជិត ដែលមាន​ឧបជ្ឈាយ៍​ស្មើគ្នា។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​សូម​លះបង់​បព្វជិត​ដែល​មាន​អាចារ្យ​ស្មើគ្នា។ និយាយ​ឲ្យគេ​ដឹងច្បាស់​ថា ខ្ញុំសូម​លះបង់​ភិក្ខុដែល​ប្រព្រឹត្ត​ព្រហ្មចរិយៈជាមួយ​គ្នា។ បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាជា​គ្រហស្ថចុះ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាជា​ឧបាសក​ចុះ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា លោក​ចូរចាំ​ទុកនូវ​ខ្ញុំថា​ជា​ញោមវត្ត​ចុះ។ និយាយ​ឲ្យគេ​ដឹងច្បាស់​ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាជា​សាមណេរ​ចុះ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាជា​តិរ្ថិយចុះ។ និយាយ​ឲ្យគេដឹងច្បាស់​ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាជាសាវក​នៃតិរ្ថិយចុះ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាមិនមែន​ជាសមណៈ​ទេចុះ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាមិន​មែនជា​សក្យបុត្រ​ទេ។ ម្នាល​ភិក្ខុទាំងឡាយ យ៉ាង​នេះទើប​ហៅថា កិរិយា​ធ្វើឲ្យជាក់​ច្បាស់នូវ​ភាវៈនៃខ្លួន​ជាបុគ្គល​មានកំឡាំង​ថយ ទាំង​សិក្ខា ក៏ហៅ​ថាភិក្ខុបាន​ពោលលា​ហើយ។ ម្យ៉ាង​ទៀត ភិក្ខុអផ្សុក មិនត្រេកអរ ចង់​ឃ្លាត​ចាក​ភាព​ជា​សមណៈ នឿយ​ណាយ ជិនឆ្អន់ ខ្ពើមរអើម​នឹងភាព​ជាភិក្ខុ ពេញចិត្ត​នឹងភាព​ជា​គ្រហស្ថ។ បេ។ ពេញចិត្ត​នឹងភាព​មិនមែន​ជាសក្យបុត្រ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំមិនត្រូវ​ការដោយ​ព្រះពុទ្ធទេ។ បេ។ ពោលឲ្យ​គេដឹងច្បាស់​ថា ខ្ញុំមិនត្រូវ​ការដោយ​បព្វជិត​មាន​ព្រហ្មចារ្យ​ស្មើគ្នា​ទាំងឡាយទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏យ៉ាង​នេះ។ បេ។ ម្យ៉ាងទៀត។ បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ប្រយោជន៍​អ្វីដោយ​ព្រះពុទ្ធ​ដល់ខ្ញុំ។ បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ប្រយោជន៍​អ្វីដោយ​សព្រហ្មចារីភិក្ខុ​ទាំងឡាយ​ដល់ខ្ញុំ។ ក៏យ៉ាងនេះ។ បេ។ ម្យ៉ាងទៀត។ បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា សេចក្តី​ត្រូវ​ការដោយ​ព្រះពុទ្ធ​នៃខ្ញុំ​មិនមាន។ បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា សេចក្តី​ត្រូវការ​ដោយ​សព្រហ្មចារីភិក្ខុ​ទាំងឡាយ​នៃខ្ញុំ​មិនមាន។ ក៏យ៉ាងនេះ។ បេ។ ម្យ៉ាងទៀត។ បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​រួចស្រឡះ​ចាកព្រះពុទ្ធ​ហើយ។ បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​រួចស្រឡះ​ចាក​សព្រហ្មចារីភិក្ខុ​ទាំងឡាយ​ហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏​យ៉ាងនេះ ហៅថា ការបាន​ធ្វើឲ្យជាក់​ច្បាស់នូវ​ភាវៈនៃខ្លួន​ជាបុគ្គល​មានកំឡាំង​ថយ ទាំងសិក្ខា​ក៏ហៅថា ភិក្ខុ​បានពោលលា​ហើយ។ ម្យ៉ាងទៀត ពាក្យ​ទាំងឡាយ​ណា សូម្បី​ដទៃជា​ពាក្យផ្លាស់​ប្តូរដោយ​ពាក្យថា​ព្រះពុទ្ធក្តី ជា​ពាក្យផ្លាស់​ប្តូរដោយ​ពាក្យថា​ព្រះធម៌ក្តី ជា​ពាក្យ​ផ្លាស់​ប្តូរដោយ​ពាក្យថា​ព្រះសង្ឃក្តី ជាពាក្យ​ផ្លាស់ប្តូរដោយ​ពាក្យថា​សិក្ខាក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា វិន័យក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា បាតិមោក្ខក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា ឧទ្ទេសក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា ឧបជ្ឈាយ៍ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា អាចារ្យ​ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា សទ្ធិវិហារិកក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថាអន្តេវាសិក​ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថាសមានុបជ្ឈាយកៈ​ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយ​ពាក្យថា សមានាចរិយកៈ​ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា សព្រហ្មចារីក្តី ជា​ពាក្យផ្លាស់​ប្តូរដោយ​ពាក្យថា គ្រហស្ថ​ក្តី ជា​ពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា ឧបាសកក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា អារាមិកៈ​ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា សាមណេរក្តី ជា​ពាក្យផ្លាស់​ប្តូរដោយ​ពាក្យថា​ តិត្ថិយក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា តិត្ថិយសាវក​ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយ​ពាក្យថា​ មិនមែន​ជាសមណៈ​ក្តី ជា​ពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា មិនមែន​ជា​សក្យបុត្រ​ក្តី ភិក្ខុ​និយាយ​ឲ្យគេដឹង​ច្បាស់ដោយ​ពាក្យអម្បាល​នោះ ដែល​ជាអាការ​ពោលលា​សក្ខា) ដែល​ជាភេទ ដែល​ជានិមិត្ត។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាង​នេះហៅ​ថា ការធ្វើ​ឲ្យជាក់​ច្បាស់នូវ​ភាវៈនៃ​ខ្លួនជា​បុគ្គលមាន​កំឡាំងថយ ទាំង​សិក្ខា ក៏​ហៅថា ភិក្ខុ​បាន​ពោល​លា​ហើយ។

[៣២] ម្នាលភិក្ខុទាំងឡាយ សិក្ខា​ដែលភិក្ខុ​មិនបាន​ពោលលា​នោះ តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ សិក្ខាដែល​ភិក្ខុក្នុង​សាសនា​នេះ បាន​ពោលលា​ហើយ​ដោយ​អាការ និងភេទ និង​និមិត្តទាំងឡាយ​ណាៗ ភិក្ខុ​ជា​មនុស្សឆ្កួត ក៏បាន​ពោលលាសិក្ខា​ដោយ​អាការ និង​ភេទ និង​និមិត្ត​ទាំងឡាយ​នោះៗ​ដែរ។ សិក្ខា មិន​ហៅថា​ភិក្ខុឆ្កួតនោះ​បាន​ពោលលា​ឡើយ។ ភិក្ខុ​ពោលលា​សិក្ខា​ក្នុង​សំណាក់​បុគ្គលឆ្កួត។ សិក្ខា​មិនហៅថា ភិក្ខុ​បានពោល​លាទេ។ ភិក្ខុ​មានចិត្ត​រវើរវាយ ហើយ​ពោលលា​សិក្ខា។ សិក្ខា មិន​ហៅថា​ភិក្ខុបាន​ពោលលា​ទេ។ ភិក្ខុ​ពោលលា​សិក្ខា​ក្នុង​សំណាក់​បុគ្គល​មានចិត្ត​រវើរវាយ​ហើយ។ សិក្ខា មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ទេ។ ភិក្ខុ​ដែល​វេទនា​កំពុងគ្រប​សង្កត់ ពោលលា​សិក្ខា។ សិក្ខា មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ទេ។ ភិក្ខុ​ពោលលាសិក្ខា​ក្នុងសំណាក់​បុគ្គល​ដែលវេទនា​កំពុងគ្រប​សង្កត់។ សិក្ខា មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ទេ។ ភិក្ខុ​ពោលលា​សិក្ខា​ក្នុង​សំណាក់​ទេវតា។ សិក្ខា មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ទេ។ ភិក្ខុពោលលា​សិក្ខាក្នុង​សំណាក់​សត្វតិរច្ឆាន។ សិក្ខា មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ទេ។ ភិក្ខុ​ពោលលាសិក្ខា​ក្នុង​សំណាក់​ជនជា​មិលក្ខកជាតិ ដោយ​អរិយកភាសា។ បើ​ជនជា​មិលក្ខកជាតិ​នោះ មិន​ដឹង​សេចក្តី​ច្បាស់ទេ សិក្ខា​ក៏មិន​ហៅថា ភិក្ខុ​បាន​ពោល​លា​ទេ។ ភិក្ខុ​ពោលលា​សិក្ខា​ក្នុង​សំណាក់​ជនជា​អរិយកជាតិ​ដោយ​មិលក្ខកភាសា។ បើ​ជន​ជា​អរិយកជាតិ​នោះ មិនដឹង​សេចក្តី​ច្បាស់​ទេ សិក្ខា​មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ទេ។ ភិក្ខុ​ពោលលាសិក្ខា​ក្នុង​សំណាក់​ជន​ជា​អរិយកជាតិ​ដោយ​អរិយកភាសា។ បើ​ជន​ជា​អរិយកជាតិ​នោះ​មិនដឹង​សេចក្តី​ច្បាស់ទេ សិក្ខា​មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ឡើយ។ ភិក្ខុ​ពោលលា​សិក្ខា​ក្នុង​សំណាក់​ជនជា​មិលក្ខកជាតិ​ដោយ​មិលក្ខកភាសា។ បើ​ជន​ជា​មិលក្ខកជាតិ​នោះ​មិនដឹង​សេចក្តី​ច្បាស់ទេ សិក្ខា ហៅថា ភិក្ខុ​មិនបាន​ពោលលា​ឡើយ។ ភិក្ខុ​ពោលលា​សិក្ខា​ជា​ល្បែង​លេង។ សិក្ខា ហៅថា ភិក្ខុ​មិន​បាន​ពោលលា​ឡើយ។ ភិក្ខុ​ពោលលា​សិក្ខាដោយ​ភ្លាត់មាត់។ សិក្ខា ហៅថា ភិក្ខុ​មិនបាន​ពោលលា​ឡើយ។ ភិក្ខុ​មិន​មាន​ប្រាថ្នា​ឲ្យអ្នក​ដទៃឮ តែ​បែរ​ជាឲ្យ​ឮវិញ1) សិក្ខា ហៅថា ភិក្ខុ​មិនបាន​ពោលលា​ឡើយ។ ភិក្ខុ​មានប្រាថ្នា​ឲ្យអ្នក​ដទៃឮ តែ​បែរ​ជា​មិនឲ្យ​ឮវិញ2)។ សិក្ខា ហៅថា​ភិក្ខុមិន​បាន​ពោលលា​ឡើយ។ ភិក្ខុ​ពោលលាសិក្ខា​ក្នុង​សំណាក់​មនុស្ស​ដែលមិន​ដឹង​សេចក្តី​ច្បាស់។ សិក្ខា​ហៅថា​ភិក្ខុមិន​បាន​ពោលលា​ឡើយ។ ភិក្ខុ​មិន​ពោលលា​សិក្ខា​ឲ្យឮ​ដល់​មនុស្ស​ដែលដឹង​សេចក្តី​ច្បាស់។ សិក្ខា ហៅថា​ភិក្ខុ​មិនបាន​ពោលលា​ឡើយ។ ម្យ៉ាងទៀត ភិក្ខុ​ពោលលា​សិក្ខា​ខ្សឹបៗ គ្រប់បទ​មិនឲ្យ​អ្នកដទៃ​ឮ។ សិក្ខា ហៅថា​ភិក្ខុមិន​បាន​ពោលលា​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាង​នេះ​ឯង សិក្ខា ហៅ​ថា​ភិក្ខុ​មិនបាន​ពោលលា​ឡើយ។

[៣៣] ធម៌ដែល​ហៅថា​មេថុននោះ គឺ​ធម៌ដែលជា​របស់​អសប្បុរស ធម៌​របស់​អ្នកស្រុក ធម៌​របស់​មនុស្ស​ថោកទាប ឬអំពើ​អាក្រក់ មានកិច្ច​ដោយ​ទឹកជាទី​បំផុត ជាអំពើ​ដែលជនពីរ​នាក់តែង​រួបរួមគ្នា​ក្នុងទី​កំបាំង នេះឯង​ហៅថា មេថុនធម្ម។

[៣៤] បុគ្គលណា ឲ្យនិមិត្ត​ខ្លួនចូលទៅ​ដោយនិមិត្ត​(គេ) ឲ្យ​អង្គកំណើត (ខ្លួន) ចូល​ទៅដោយ​អង្គកំណើត​(គេ) ដោយហោច​ទៅសូម្បី​អស់ទី​ត្រឹមតែ​១គ្រាប់ល្ង បុគ្គល​នោះ​ហៅថា​សេព។

[៣៥] ត្រង់ពាក្យថា ដោយ​ហោចទៅ​សូម្បីដោយ​សត្វតិរច្ឆានញី អធិប្បាយ​ថា ភិក្ខុ​សេពចំពោះ​មេថុនធម្ម សូម្បី​ដោយ​សត្វ​តិរច្ឆានញី ក៏​មិនមែន​ជា​សមណៈ មិនមែន​ជា​សក្យបុត្រ​ឡើយ នឹង​បាច់​និយាយ​ទៅ​ថ្វី​ដល់ភិក្ខុ​ដែល​សេពមេថុនធម្ម​ដោយ​ស្រីមនុស្ស ព្រោះ​ហេតុនោះ​បាន​ជា​ហៅថា (ភិក្ខុ​សេពមេថុនធម្ម) យ៉ាង​ហោច​ទៅសូម្បី​ដោយ​សត្វតិរច្ឆានញី (ក៏​ត្រូវ​អាបត្តិបារាជិក)។

[៣៦] ត្រង់ពាក្យថា ភិក្ខុត្រូវ​អាបត្តិបារាជិក អធិប្បាយ​ថា ធម្មតា បុរស​ដែលមាន​ក្បាល​ដាច់ មិនអាច​នឹង​តភ្ជាប់​ដោយសរីរៈ​នោះ ហើយ​រស់នៅ​វិញបាន យ៉ាងណា​មិញ ភិក្ខុ​តែ​សេពមេថុនធម្ម​ហើយ ក៏មិន​មែន​ជា​សមណៈ មិនមែន​ជា​សក្យបុត្រ យ៉ាង​នោះ​ឯង ព្រោះ​ហេតុ​នោះ បាន​ជា​ហៅថា ត្រូវ​អាបត្តិបារាជិក។

[៣៧] ត្រង់ពាក្យថា រកសំវាសគ្មាន អធិប្បាយ​ថា សង្ឃកម្ម​ជាមួយគ្នា​ក្តី ឧទ្ទេសជាមួយគ្នា​ក្តី ការសិក្សា​ស្មើគ្នា​ក្តី នេះឯង​ហៅថា​សំវាស សំវាសនោះ​មិនមាន​ជាមួយ​នឹងភិក្ខុ​ដែលត្រូវ​អាបត្តិបារាជិក​នោះទេ ព្រោះ​ហេតុ​នោះ បាន​ជាហៅថា រកសំវាសគ្មាន។

[៣៨] ស្រីមាន៣ពួក គឺស្រីមនុស្ស១ ស្រីអមនុស្ស១ សត្វតិរច្ឆានញី១។ ឧភតោព្យញ្ជនក គឺជន​ដែលមាន​ភេទពីរ មាន​៣ពួក គឺ​មនុស្ស​មានភេទ​ពីរ១ អមនុស្សមាន​ភេទពីរ១ តិរច្ឆាន​មានភេទ​ពីរ១។ បណ្ឌក គឺជន​ខ្ទើយ មាន​៣ពួក​គឺ មនុស្សខ្ទើយ១ អមនុស្សខ្ទើយ១ តិរច្ឆានខ្ទើយ១។ បុ្រស​មាន៣​ពួក គឺមនុស្ស​ប្រុស១ អមនុស្សប្រុស១ តិរច្ឆានឈ្មោល១។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំង៣ គឺវច្ចមគ្គ (ទ្វារធំ)១ បស្សាវមគ្គ (ទ្វារតូច)១ មុខមគ្គ (ទ្វារមាត់)១ (ទ្វារមគ្គ​ណា​មួយ) របស់​មនុស្សស្រី ត្រូវ​អាបត្តិ​បារាជិក។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំង៣ គឺ​វច្ចមគ្គ១ បស្សាវមគ្គ១ មុខមគ្គ១ (ទ្វារមគ្គ​ណាមួយ) របស់​អមនុស្សស្រី។ បេ។ របស់​តិរច្ឆានញី ត្រូវ​អាបត្តិបារាជិក។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំង៣ គឺវច្ចមគ្គ១ បស្សាវមគ្គ១ មុខមគ្គ១ (ទ្វារមគ្គ​ណាមួយ) របស់​មនុស្ស​មានភេទ​ពីរ។ បេ។ របស់​អមនុស្ស​មានភេទ​ពីរ។ បេ។ របស់​តិរច្ឆាន​មាន​ភេទពីរ ត្រូវ​អាបត្តិបារាជិក។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំងពីរ គឺ​វច្ចមគ្គ១ មុខមគ្គ១ (ទ្វារមគ្គ​ណាមួយ) របស់​មនុស្សខ្ទើយ ត្រូវ​អាបត្តិបារាជិក។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំងពីរ គឺ​វច្ចមគ្គ១ មុខមគ្គ១ (ទ្វារមគ្គ​ណាមួយ) របស់​អមនុស្សខ្ទើយ។ បេ។ របស់​តិរច្ឆានខ្ទើយ។ បេ។ របស់​អមនុស្ស​ប្រុស។ បេ។ របស់​តិរច្ឆាន​ឈ្មោល ត្រូវ​អាបត្តិបារាជិក។

[៣៩] ភិក្ខុមានចិត្តចង់សេពផ្តួចផ្តើមឡើង ហើយ​បញ្ចូលអង្គជាត​របស់ខ្លួន​ទៅកាន់​ទ្វារវច្ចមគ្គ​មនុស្សស្រី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានចិត្ត​ចង់សេព​ផ្តួចផ្តើម​ឡើង ហើយ​បញ្ចូលអង្គជាត​របស់ខ្លួន​ទៅ​កាន់​ទ្វារបស្សាវមគ្គ​មនុស្សស្រី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ចិត្ត​ចង់សេព​ផ្តួចផ្តើម​ឡើង ហើយ​បញ្ចូលអង្គជាត​របស់ខ្លួន​ទៅកាន់​ទ្វារមុខមគ្គ​មនុស្សស្រី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានចិត្ត​ចង់សេព​ផ្តួច​ផ្តើម​ឡើង ហើយ​បញ្ចូល​អង្គជាត​របស់ខ្លួន​ទៅកាន់​ទ្វារវច្ចមគ្គ​ក្តី ទ្វារបស្សាវមគ្គ​ក្តី ទ្វារមុខមគ្គ​ក្តី (ទ្វារមគ្គ​ណាមួយ) របស់​អមនុស្ស​ស្រី។ បេ។ របស់​តិរច្ឆានញី របស់​មនុស្សមាន​ភេទពីរ របស់​អមនុស្ស​មាន​ភេទពីរ របស់​តិរច្ឆាន​មានភេទ​ពីរ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានចិត្ត​ចង់សេព​តាំង​ឡើង​ប្រាកដ ហើយ​បញ្ចូល​អង្គជាត​របស់ខ្លួន​ទៅ​កាន់​ទ្វារវច្ចមគ្គ​ក្តី។ បេ។ មុខមគ្គក្តី របស់​មនុស្សខ្ទើយ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មាន​ចិត្ត​ចង់​សេព​តាំងឡើង​ប្រាកដ ហើយ​បញ្ចូល​អង្គជាត​របស់​ខ្លួន​ទៅកាន់​ទ្វារវច្ចមគ្គ​ក្តី ទ្វារមុខមគ្គ​ក្តី (ទ្វារមគ្គ​ណាមួយ) របស់​អមនុស្សខ្ទើយ។ បេ។ របស់​តិរច្ឆានខ្ទើយ របស់​មនុស្សប្រុស របស់​អមនុស្សប្រុស របស់​តិរច្ឆានឈ្មោល ត្រូវ​អាបត្តិបារាជិក។

[៤០] ពួកភិក្ខុជាសត្រូវនាំយក​មនុស្សស្រី (១នាក់) មក​កាន់សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុនោះ) ទៅ​តាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ) ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិបារាជិក។ ពួកភិក្ខុ​ជាសត្រូវ​នាំយក​មនុស្សស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅតាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើ​ភិក្ខុនោះ​មិន​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូល​ទៅទេ តែ​ថា ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិបារាជិក។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​មនុស្សស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើ​ភិក្ខុនោះ​មិនត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់​ទៅ​ហើយក្តី តែ​ថា​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ) ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។ ពួក​ភិក្ខុ​ជា​សត្រូវ​នាំយក​មនុស្សស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើ​ភិក្ខុនោះ​មិនត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូល​ទៅក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ) ក្តី តែ​ថា​ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ ត្រូវ​អាបត្តិ​បារាជិក។ ពួកភិក្ខុ​ជា​សត្រូវ​នាំ​យក​មនុស្ស​ស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅតាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើភិក្ខុ​នោះ​មិន​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូលទៅ​ក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយ​ក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញ​ក្តី មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​មនុស្សស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារបស្សាវមគ្គ​ក្តី។ បេ។ ទ្វារមុខមគ្គ​ក្តី (របស់​ស្រី​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។ បេ។ បើ​ភិក្ខុនោះ​មិន​ត្រេកអរ ក៏ពុំ​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុ​ជា​សត្រូវ​នាំយក​មនុស្សស្រី​(១នាក់) ដែល​នៅភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែលឆ្កួត​ក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់ហើយ មាន​ទ្វារមគ្គ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់​ហើយ​មានទ្វារមគ្គ​សត្វពុំទាន់​ស៊ី​ដោយ​ច្រើន​ក្តី។ បេ។ ត្រូវ​អាបត្តិ​បារាជិក។ ពួក​ភិក្ខុ​ជាសត្រូវ​នាំយក​មនុស្ស​ស្រីស្លាប់​(១នាក់) ដែល​មាន​ទ្វារមគ្គ សត្វស៊ី​ហើយ​ដោយ​ច្រើន (នៅសល់​បន្តិច​បន្តួច) មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​មនុស្សស្រី​ស្លាប់នោះ)។ បើ​ភិក្ខុ​នោះត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូល​ទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ បើ​ភិក្ខុ​នោះ​មិន​ត្រេកអរ​ទេ ក៏ពុំ​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុ​ជា​សត្រូវនាំ​យក​អមនុស្សស្រី។ បេ។ តិរច្ឆានញី មនុស្ស​មាន​ភេទពីរ អមនុស្ស​មានភេទ​ពីរ តិរច្ឆាន​មាន​ភេទពីរ មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ជន​ទាំង​នោះ)។ បើភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។ បេ។ បើ​មិន​ត្រេកអរ​ទេ ក៏​មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​តិរច្ឆាន​មាន​ភេទពីរ ដែល​នៅ​ភ្ញាក់ដឹង​ខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែលឆ្កួត​ក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់​ហើយ មាន​ទ្វារមគ្គ សត្វ​មិនទាន់​ស៊ីក្តី ដែល​ស្លាប់​ហើយ មាន​ទ្វារមគ្គ​សត្វ​មិនទាន់​ស៊ីដោយ​ច្រើនក្តី។ បេ។ ត្រូវ​អាបត្តិ​បារាជិក។ បេ។ ពួក​ភិក្ខុ​ជាសត្រូវ​នាំយក​តិរច្ឆាន​មានភេទ​ពីរដែល​ស្លាប់​ហើយ មាន​ទ្វារមគ្គ​សត្វស៊ី​ហើយ​ដោយ​ច្រើន (នៅ​សល់​បន្តិច​បន្តួច) មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​តិរច្ឆាន​មាន​ភេទពីរ ដែល​ស្លាប់​ហើយ​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួកភិក្ខុ​ជា​សត្រូវ​នាំយក​មនុស្សខ្ទើយ។ បេ។ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ​ក្តី។ បេ។ តាម​ទ្វារមុខមគ្គ​ក្តី (របស់​ជន​ទាំងនោះ)។ បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។ បេ។ បើ​មិន​ត្រេកអរ​ទេ ក៏​មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​តិរច្ឆានខ្ទើយ​ដែល​នៅភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែល​ឆ្កួតក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់ហើយ​មានទ្វារមគ្គ​សត្វមិន​ទាន់ស៊ី​ក្តី ដែល​ស្លាប់ហើយ​មានទ្វារ​មគ្គសត្វ​មិនទាន់​ស៊ីហើយ​ដោយ​ច្រើន​ក្តី។ បេ។ ត្រូវ​អាបត្តិ​បារាជិក។ បេ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​តិរច្ឆានខ្ទើយ​ដែល​ស្លាប់​ហើយមាន​ទ្វារមគ្គសត្វ​ស៊ីហើយ​ដោយច្រើន​ (នៅសល់​បន្តិច​បន្តួច) មកកាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុនោះ) ទៅតាម​ទ្វារវច្ចមគ្គ​ក្តី។ បេ។ ទ្វារមុខមគ្គ​ក្តី (របស់​តិរច្ឆានខ្ទើយ​ដែលស្លាប់​ហើយ​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គនោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ (បើ​ភិក្ខុនោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុ​ជាសត្រូវ នាំ​យក​មនុស្សប្រុស។ បេ។ អមនុស្ស​ប្រុស។ បេ។ តិរច្ឆាន​ឈ្មោល មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូលអង្គជាត​(ភិក្ខុនោះ) ទៅតាម​ទ្វារវច្ចមគ្គ​ក្តី។ បេ។ មុខមគ្គក្តី (របស់​ជន​ទាំងនោះ)។ បើ​ភិក្ខុ​នោះត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូល​ស៊ប់ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។ បេ។ (បើ​ភិក្ខុនោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវអាបត្តិ​ឡើយ។ ពួកភិក្ខុ​ជា​សត្រូវ នាំយក​តិរច្ឆានឈ្មោល ដែល​នៅភ្ញាក់ដឹង​ខ្លួនក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹងក្តី ដែល​ឆ្កួតក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់ហើយ​មានទ្វារមគ្គ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់ហើយ​មាន​ទ្វារមគ្គសត្វ​មិនទាន់​ស៊ីដោយ​ច្រើនក្តី។ បេ។ ត្រូវ​អាបត្តិ​បារាជិក។ បេ។ ពួក​ភិក្ខុជា​សត្រូវនាំ​យកតិរច្ឆាន​ឈ្មោលដែល​ស្លាប់​ហើយ មាន​ទ្វារមគ្គសត្វ​ស៊ីហើយ​ដោយ​ច្រើន (នៅ​សល់​បន្តិច​បន្តួច) មក​កាន់សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត​ភិក្ខុនោះ​ទៅតាម​ទ្វារវច្ចមគ្គ​ក្តី។ បេ។ ទ្វារមុខមគ្គ​ក្តី (របស់​តិរច្ឆាន​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរ​ទេ ក៏​មិនត្រូវ​អាបត្តិ​ឡើយ។

[៤១] ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់) មកកាន់​សំណាក់ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុនោះ) ដែល​គ្មានស្រោម​ទ្រនាប់​តាម​ទ្វារវច្ចមគ្គ ឬ​បស្សាវមគ្គ ឬ​មុខមគ្គ (របស់​ស្រី) ដែល​មានស្រោម​ទ្រនាប់ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់​ស្រី) ដែល​គ្មានស្រោម​ទ្រនាប់ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ស្រី) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ស្រី) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុងចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។ បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរទេ ក៏​មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុ​ជាសត្រូវ នាំ​យកមនុស្ស​ស្រី​(១នាក់) ដែល​នៅភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹងក្តី ដែលឆ្កួត​ក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់ហើយ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់ហើយ​សត្វមិនទាន់​ស៊ីដោយ​ច្រើន​ក្តី។ បេ។ ត្រូវ​អាបត្តិ​បារាជិក។ បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយកស្រី​ដែល​ស្លាប់ហើយ​សត្វស៊ីហើយ​ដោយច្រើន (នៅ​សល់បន្តិច​បន្តួច) មក​កាន់សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុ) ដែល​គ្មាន​ស្រោមទ្រនាប់ តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ស្រី) ដែល​មានស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ស្រី) គ្មាន​ស្រោមទ្រនាប់​ក្តី អង្គជាត​(របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់​ស្រី) មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ស្រី) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែលស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ (បើភិក្ខុ​នោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​អមនុស្សស្រី។ បេ។ តិរច្ឆានញី មនុស្សមាន​ភេទពីរ អមនុស្សមាន​ភេទពីរ តិរច្ឆាន​មានភេទពីរ មក​កាន់​សំណាក់ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុ) ដែល​គ្មានស្រោម​ទ្រនាប់ទៅ​តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ជនទាំង​នោះ) ដែលមាន​ស្រោមទ្រនាប់​ក្តី អង្គជាត​ភិក្ខុមាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) គ្មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត​(របស់​ភិក្ខុ) ដែលគ្មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) ដែល​គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូល​ទៅក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។ បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​តិរច្ឆាន​មានភេទពីរ ដែលនៅ​ភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹងក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែលស្លាប់​ហើយ​សត្វមិន​ទាន់ស៊ី​ក្តី ដែល​ស្លាប់ហើយ​សត្វមិនទាន់​ស៊ីដោយ​ច្រើនក្តី។ បេ។ ត្រូវ​អាបត្តិ​បារាជិក។ បេ។ ពួក​ភិក្ខុជាសត្រូវ​នាំយកតិរច្ឆាន​មានភេទពីរ​ដែលស្លាប់​ហើយសត្វ​ស៊ីហើយ​ដោយ​ ច្រើន (នៅសល់​បន្តិច​បន្តួច) មក​កាន់សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុ) ដែល​គ្មាន​ស្រោមទ្រនាប់ តាម​ទ្វារវច្ចមគ្គ​ក្តី។ បេ។ តាម​ទ្វារមុខមគ្គ​ក្តី (របស់​តិរច្ឆាន​មានភេទពីរ) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ តាម​ទ្វារមគ្គ (របស់​តិរច្ឆានមាន​ភេទពីរ) ដែលគ្មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​តាមទ្វារ​មគ្គ (របស់​តិរច្ឆាន​មានភេទពីរ) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់ តាម​ទ្វារមគ្គ (របស់​តិរច្ឆានមាន​ភេទពីរ) ដែល​គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ ត្រេកអរ​នឹងអង្គជាត​ដែលកំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ) ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ (បើ​ភិក្ខុនោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវអាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​មនុស្សខ្ទើយ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មនុស្សប្រុស អមនុស្សប្រុស តិរច្ឆានឈ្មោល មកកាន់​សំណាក់ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុនោះ) ដែល​គ្មានស្រោម​ទ្រនាប់​តាម​ទ្វារវច្ចមគ្គ​ក្តី។ បេ។ តាម​ទ្វារមុខមគ្គ​ក្តី (របស់​ជន​ទាំងនោះ) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) ដែល​គ្មានស្រោម​ទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់​ជន​ទាំងនោះ) ដែល​មានស្រោម​ទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​គ្មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) ដែល​គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុ​នោះ ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលចូល​ស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាតដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។ បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួកភិក្ខុ​ជាសត្រូវ​នាំយក​តិរច្ឆានឈ្មោល​ដែលនៅ​ភ្ញាក់ដឹង​ខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែលឆ្កួត​ក្តី ដែល​ភ្លេចស្មារតី​ក្តី ដែលស្លាប់​ហើយ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់​ហើយ សត្វ​មិនទាន់ស៊ី​ដោយ​ច្រើនក្តី។ បេ។ ត្រូវ​អាបត្តិ​បារាជិក។ បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​តិរច្ឆានឈ្មោល​ដែលស្លាប់​ហើយសត្វស៊ី​ហើយ​ ដោយច្រើន (នៅ​សល់​បន្តិច​បន្តួច) មកកាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុ) ដែល​ឥតស្រោម​ទ្រនាប់​ទៅតាម​ទ្វារវច្ចមគ្គ​ក្តី។ បេ។ តាម​ទ្វារមុខមគ្គ​ក្តី (របស់​តិរច្ឆានឈ្មោល) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត​(របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់​តាម​ទ្វារមគ្គតិរច្ឆាន​ឈ្មោល​ដែលគ្មាន​ស្រោមទ្រនាប់​ ក្តី អង្គជាត​(របស់​ភិក្ខុ)ដែលមាន​ស្រោមទ្រនាប់​តាម​ទ្វារមគ្គ (របស់​តិរច្ឆានឈ្មោល)ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត​(របស់​ភិក្ខុ) ដែល​គ្មានស្រោម​ទ្រនាប់តាម​ទ្វារមគ្គ (របស់​តិរច្ឆានឈ្មោល​ដែលគ្មាន​ស្រោមទ្រនាប់​ក្តី។ បើភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលកំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ) ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរទេ ក៏​មិន​ត្រូវ​អាបត្តិ​ឡើយ។

[៤២] ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់​សំណាក់​មនុស្សស្រី (ម្នាក់) ហើយ​បញ្ចូល​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ​(របស់​ស្រីនោះ) ឲ្យចូល​ទៅ​ដោយ​អង្គជាត (របស់​ភិក្ខុនោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុងចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។ បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយកភិក្ខុ​(១រូប) មក​កាន់​សំណាក់​មនុស្សស្រី (ម្នាក់) ដែល​នៅភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែល​ស្លាប់ហើយ​សត្វមិន​ទាន់ស៊ី​ក្តី ដែល​ស្លាប់ហើយ​សត្វមិន​ទាន់ស៊ី​ដោយ​ច្រើនក្តី។ បេ។ ត្រូវ​អាបត្តិ​បារាជិក។ បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់​សំណាក់​មនុស្សស្រី​ដែលស្លាប់​ហើយ​សត្វស៊ី​ហើយ​ដោយ​ច្រើន (នៅ​សល់​បន្តិច​បន្តួច) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ស្រីនោះ) ឲ្យ​ចូល​ទៅដោយ​អង្គជាត (របស់​ភិក្ខុនោះ)។ បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួកភិក្ខុ​ជា​សត្រូវ​នាំយកភិក្ខុ (១រូប) មក​កាន់សំណាក់​អមនុស្សស្រី។ បេ។ តិរច្ឆាន​ញី មនុស្ស​មាន​ភេទពីរ អមនុស្ស​មានភេទ​ពី តិរច្ឆាន​មានភេទ​ពីរ មនុស្សខ្ទើយ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មនុស្ស​ប្រុស អមនុស្ស​ប្រុស តិរច្ឆាន​ឈ្មោល ហើយ​ញុំាង​ទ្វាវច្ចមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ជន​ទាំងនោះ) ឲ្យចូល​ទៅ​ដោយ​អង្គជាត (របស់​ភិក្ខុនោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូល​ទៅក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។ បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ​(១រូប) មកកាន់​សំណាក់​តិរច្ឆាន​ឈ្មោល ដែលនៅ​ភ្ញាក់ដឹង​ខ្លួនក្តី ដែល​កំពុង​ដេក​លក់ក្តី ដែល​ស្រវឹង​ក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែល​ស្លាប់ហើយ​សត្វ​មិនទាន់​ស៊ីក្តី ដែល​ស្លាប់​ហើយសត្វ​មិនទាន់​ស៊ីដោយ​ច្រើនក្តី។ បេ។ ត្រូវ​អាបត្តិ​បារាជិក។ បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់សំណាក់​តិរច្ឆាន​ឈ្មោល ដែលស្លាប់​ហើយ​សត្វស៊ី​ហើយដោយ​ច្រើន (នៅ​សល់បន្តិច​បន្តួច) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារមុខមគ្គ (របស់​តិរច្ឆានឈ្មោល​នោះ) ឲ្យចូល​ទៅដោយ​អង្គជាត (របស់​ភិក្ខុនោះ)។ បើភិក្ខុ​នោះត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏​មិនត្រូវ​អាបត្តិ​ឡើយ។

[៤៣] ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់​មនុស្សស្រី (ម្នាក់) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ​(របស់​ស្រីនោះ) ដែល​គ្មាន​ស្រោមទ្រនាប់ ឲ្យ​ចូលទៅ​ដោយ​អង្គជាត (របស់​ភិក្ខុនោះ) ដែល​មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​របស់​ស្រីដែល​មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) ដែល​គ្មាន​ស្រោម​ទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) មាន​ស្រោមទ្រនាប់ អង្គជាត (របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) គ្មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។ បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏​មិនត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ​(១រូប) មក​កាន់​សំណាក់​មនុស្សស្រី (ម្នាក់) ដែល​នៅ​ភ្ញាក់ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹងក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែល​ស្លាប់ហើយ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់ហើយ​សត្វមិន​ទាន់ស៊ី​ដោយ​ច្រើនក្តី។ បេ។ ត្រូវ​អាបត្តិ​បារាជិក។ បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់​សំណាក់​មនុស្សស្រី​ដែល​ស្លាប់​ហើយ​សត្វស៊ី​ហើយ​ដោយ​ច្រើន (នៅ​សល់​បន្តិច​បន្តួច) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ស្រីនោះ) ដែល​គ្មាន​ស្រោមទ្រនាប់ ឲ្យ​ចូលទៅ​ដោយ​អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) គ្មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់សំណាក់​អមនុស្សស្រី។ បេ។ តិរច្ឆានញី មនុស្ស​មាន​ភេទពីរ អមនុស្ស​មាន​ភេទពីរ តិរច្ឆាន​មាន​ភេទពីរ មនុស្សខ្ទើយ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មនុស្ស​ប្រុស អមនុស្ស​ប្រុស តិរច្ឆាន​ឈ្មោល ហើយញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារមុខមគ្គ​(របស់​ជន​ទាំងនោះ) ដែលគ្មាន​ស្រោមទ្រនាប់ ឲ្យ​ចូលទៅ​ដោយ​អង្គជាត (របស់​ភិក្ខុនោះ) ដែល​មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ជនទាំង​នោះ) មាន​ស្រោម​ទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោម​ទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ជន​ទាំងនោះ) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ជន​ទាំងនោះ) គ្មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុ​នោះត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។ បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួកភិក្ខុ​ជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មកកាន់​សំណាក់​តិរច្ឆាន​ឈ្មោល ដែលនៅ​ភ្ញាក់ដឹង​ខ្លួនក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែលស្លាប់​ហើយ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់ហើយ​សត្វមិន​ទាន់ស៊ី​ដោយ​ច្រើនក្តី។ បេ។ ត្រូវ​អាបត្តិ​បារាជិក។ បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់​សំណាក់​តិរច្ឆាន​ឈ្មោល​ដែលស្លាប់​ហើយ​សត្វស៊ី​ហើយ​ដោយច្រើន (នៅ​សល់​បន្តិច​បន្តួច) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារមុខមគ្គ (របស់​តិរច្ឆាន​ឈ្មោល) ដែល​គ្មាន​ស្រោមទ្រនាប់ ឲ្យ​ចូល​ទៅដោយ​អង្គជាត (របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​តិរច្ឆាន​ឈ្មោល) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោម​ទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​តិរច្ឆាន​ឈ្មោល) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​តិរច្ឆាន​ឈ្មោល) គ្មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏​មិនត្រូវ​អាបត្តិ​ឡើយ។

[៤៤] ពួកភិក្ខុជាសត្រូវដែលបានសំដែងហើយដោយពិស្តារយ៉ាងណា ពួកស្តេចជាសត្រូវក្តី ពួកចោរ​ជាសត្រូវក្តី ពួកអ្នកលេង​ជាសត្រូវក្តី ពួកសត្រូវអ្នកពុះទ្រូងអារយកបេះដូងក្តី បណ្ឌិតគប្បីពោលឲ្យពិស្តារយ៉ាងនោះដែរចុះ។

[៤៥] ភិក្ខុញុំាងមគ្គឲ្យចូលទៅដោយ​មគ្គ3) ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ញុំាងអមគ្គ​ឲ្យចូល​ទៅដោយ​មគ្គ4) ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ញុំាងមគ្គ​ឲ្យ​ចូលទៅ​ដោយ​អមគ្គ5) ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុញុំាង​អមគ្គ​ឲ្យចូល​ទៅ​ដោយ​អមគ្គ6) ត្រូវ​អាបត្តិ​ថុល្លច្ច័យ។

[៤៦] ភិក្ខុសេពមេថុនធម្មនឹងភិក្ខុផងគ្នាដែល​កំពុងដេកលក់ បើភិក្ខុ​នោះភ្ញាក់ឡើង​ហើយ​ត្រេកអរ​ដែរ សង្ឃ​ត្រូវឲ្យវិនាស (គឺត្រូវផ្សឹកចេញ)ទាំងពីររូប។ បើភិក្ខុនោះ​ភ្ញាក់ឡើង ហើយ​មិនត្រេកអរ​ទេ សង្ឃត្រូវ​ឲ្យវិនាស​តែភិក្ខុ​ដែល​ប្រទូស្ត (គឺ​ភិក្ខុអ្នក​សេព​នោះ)។ ភិក្ខុ​សេព​មេថុនធម្ម​នឹង​សាមណេរ​ដែល​កំពុង​ដេកលក់ បើ​សាមណេរ​នោះ​ភ្ញាក់ឡើង ហើយ​ត្រេកអរ​ដែរ សង្ឃ​ត្រូវឲ្យ​វិនាស​ទាំងពីរ​រូប។ បើ​សាមណេរ​នោះភ្ញា​ក់ឡើង ហើយ​មិន​ត្រេកអរ​ទេ សង្ឃ​ត្រូវឲ្យ​វិនាស​តែភិក្ខុ​ដែល​ប្រទូស្ត។ សាមណេរ​សេព​មេថុនធម្ម​នឹង​ភិក្ខុ​ដែលកំពុង​ដេកលក់ បើ​ភិក្ខុនោះ​ភ្ញាក់ឡើង​ហើយ​ត្រេកអរ​ដែរ សង្ឃ​ត្រូវឲ្យ​វិនាស​ទាំងពីរ​រូប។ បើ​ភិក្ខុនោះ​ភ្ញាក់ឡើង​ហើយ​មិនត្រេកអរ​ទេ សង្ឃត្រូវ​ឲ្យ​វិនាស​តែ​សាមណេរ​ដែល​ប្រទូស្ត។ សាមណេរ​សេព​មេថុនធម្ម​នឹង​សាមណេរ​ផងគ្នា​ដែល​កំពុង​ដេកលក់ បើ​សាមណេរ​នោះ​ភ្ញាក់ឡើង​ហើយ​ត្រេកអរ​ដែរ សង្ឃ​ត្រូវ​ឲ្យវិនាស​ទាំង​ពីររូប។ បើ​សាមណេរ​នោះ​ភ្ញាក់​ឡើង​ហើយ​មិន​ត្រេកអរ​ទេ សង្ឃ​ត្រូវ​ឲ្យ​វិនាស​តែ​សាមណេរ​ដែល​ប្រទូស្ត។

[៤៧] អាបត្តិមិនមាន (ដល់ភិក្ខុ៥ពួក) គឺ​ភិក្ខុមិនដឹង១ ភិក្ខុឆ្កួត១ ភិក្ខុមាន​ចិត្តរវើរវាយ១ ភិក្ខុដែល​វេទនាគ្រប​សង្កត់១ អាទិកម្មិកៈ (គឺ​ភិក្ខុ​ដើមបញ្ញត្តិ)១។

របៀបសំដែងអំពីអង្គជាត និងទ្វារមគ្គមានស្រោមទ្រនាប់ ចប់។

(វិនីតវត្ថុឧទ្ទានគាថា បឋមសិក្ខាបទំ)

(វិនីតវត្ថុឧទ្ទានគាថា)

[៤៨] (មាតិកានុក្រម គឺបញ្ជីររឿង​តាមលំដាប់​ហូរហែ ដែលនឹង​សំដែង​តទៅ​ដូចមាន​ខាង​ក្រោម​នេះគឺ)

រឿងស្វាញី រឿងពួកវជ្ជីបុត្តកភិក្ខុ រឿងភិក្ខុក្លែងភេទជាគ្រហស្ថ រឿងភិក្ខុអាក្រាត រឿងពួកភិក្ខុប្រព្រឹត្តតាមលទ្ធិតិរ្ថិយ រឿងទារិកា រឿងឧប្បលវណ្ណាភិក្ខុនី រឿងជនផ្សេងគ្នាពីររូប គឺ​ភិក្ខុក្លាយភេទជាស្រី និងភិក្ខុនីក្លាយភេទជាបុរស រឿងមាតា រឿងធីតា រឿងប្អូនស្រី រឿងប្រពន្ធ រឿងភិក្ខុខ្នងទន់ រឿងភិក្ខុមានអង្គជាតយារ រឿងស្នាមដម្បៅពីរយ៉ាង រឿងរូបគំនូរ រឿងឈើចំឡាក់ជារូបធីតា រឿងភិក្ខុ៥រូប ទាំងសុន្ទរភិក្ខុផង រឿងភិក្ខុ៥រូបនៅក្នុងព្រៃខ្មោច រឿងនាគញី រឿងយក្ខិនី រឿងស្រីប្រេត រឿងភិក្ខុខ្ទើយ រឿងភិក្ខុកើតរោគស្ពឹក រឿងភិក្ខុចាប់មាតុគ្រាមប្រុងនឹងសេព រឿងភិក្ខុសឹងលក់ក្នុងទីស្ងាត់ក្បែរក្រុងភទ្ទិយ រឿងភិក្ខុទាំងឡាយ៤រូប​ឯទៀត​ក្នុង​ក្រុងសាវត្ថី រឿងអ្នកចំបាប់៣នាក់​ក្នុងក្រុងវេសាលី រឿងភារុកច្ឆកភិក្ខុយល់សុបិននិមិត្ត រឿងនាងសុបព្វា រឿងនាងសទ្ធា រឿងភិក្ខុនី រឿងសិក្ខមានា រឿងសាមណេរី រឿងស្រីផ្កាមាស រឿងមនុស្សខ្ទើយ រឿងគ្រហស្ថ រឿងភិក្ខុសេពគ្នានឹងគ្នា រឿងភិក្ខុបួសឯចាស់ រឿងសត្វម្រឹគ។

(វិនីតវត្ថុ បឋមសិក្ខាបទំ)

(វិនីតវត្ថុ)

[៤៩] សម័យនោះឯង ភិក្ខុ១រូបបាន​សេពមេថុនធម្មនឹង​ស្វាញី។ ភិក្ខុនោះ​ក៏មានសេចក្តី​សង្ស័យថា សិក្ខាបទ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្តហើយ អញ​ប្រហែល​ជាត្រូវ​អាបត្តិ​បារាជិក​ហើយដឹង។ ទើបភិក្ខុ​នោះ​ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិកហើយ។

[៥០] សម័យនោះឯង ពួកវជ្ជីបុត្តកភិក្ខុ​ច្រើនរូប​នៅក្នុង​ក្រុងវេសាលី មិនបាន​លាសិក្ខា មិនបាន​ធ្វើឲ្យជាក់​ច្បាស់ថា​ខ្លួន​មាន​កំឡាំងថយ ហើយ​សេព​មេថុនធម្ម។ ភិក្ខុ​ទាំងអម្បាលនោះ​មានសេចក្តី​សង្ស័យថា សិក្ខាបទ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្ត​ហើយ យើង​រាល់គ្នា​ប្រហែល​ជាត្រូវ​អាបត្តិ​បារាជិក​ហើយ​ដឹង។ ភិក្ខុ​ទាំងនោះ ក៏ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកឯង​ទាំងអស់​គ្នា​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៥១] សម័យនោះឯង ភិក្ខុ១រូបក្លែងខ្លួន​ជាគ្រហស្ថ ហើយ​សេព​មេថុនធម្ម​ដោយគិតថា កាល​បើអញ​ធ្វើយ៉ាងនេះ អញ​នឹងមិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុ​នោះក៏មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៥២] សម័យនោះឯង ភិក្ខុ១រូប​ធ្វើជាអ្នក​អាក្រាត ហើយ​សេព​មេថុនធម្ម​ដោយ​គិតថា កាលបើ​អញធ្វើ​យ៉ាងនេះ អញនឹង​មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៥៣] សម័យនោះឯង ភិក្ខុ១រូប​ស្លៀកស្បូវក្រង។ បេ។ ស្លៀកសម្ពត់សម្បកឈើ ស្លៀកសម្ពត់​ដែលត្បាញ​ជារូប​ផ្លែឈើ ស្លៀកសម្ពត់​ដែលត្បាញ​ដោយសក់ ស្លៀកសម្ពត់​ដែល​ត្បាញ​ដោយ​រោមកន្ទុយសត្វ ស្លៀកសម្ពត់​ដែល​ត្បាញ​ដោយ​ស្លាបមៀម ស្លៀកស្បែកខ្លា​ដែល​នៅមាន​ទាំង​រោម​ទាំង​ក្រចក ហើយ​សេព​មេថុនធម្ម ដោយ​គិតថា កាលបើ​អញ​ធ្វើ​យ៉ាងនេះ អញ​នឹង​មិន​ត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៥៤] សម័យនោះឯង ភិក្ខុ១រូបជា​អ្នកប្រព្រឹត្ត​បិណ្ឌបាត បានឃើញ​នាង​ទារិកាម្នាក់​ដេក​នៅ​លើតាំង ក៏មាន​ចិត្តត្រេកអរ ហើយ​យក​មេជើង​(ខ្លួន) ទៅរុក​បញ្ចូល​ចំអង្គជាត​នាងទារិកា​នោះ។ នាង​ក៏ធ្វើ​មរណកាល​ទៅ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះសម្ពុទ្ធ​ជាម្ចាស់​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​សង្ឃាទិសេស។

[៥៥] សម័យនោះឯង មាណពម្នាក់មាន​សេចក្តីប្រតិព័ទ្ធ ចាប់ចិត្ត​នឹង​ឧប្បលវណ្ណាភិក្ខុនី។ កាល​ដែល​ឧប្បលវណ្ណា​ភិក្ខុនី​ចូលទៅ​បិណ្ឌបាត​ក្នុងស្រុក មាណព​នោះក៏ចូល​ទៅពួននៅ​ក្នុង​កុដិតូចចាំ។ លុះ​ដល់​ឧប្បលវណ្ណា​ភិក្ខុនី​ត្រឡប់​មកពី​បិណ្ឌបាត​វិញ ឆាន់​រួច​ហើយ ក៏លាង​ជើង​ហើយ​ចូល​ទៅក្នុង​កុដិ អង្គុយ​នៅលើ​គ្រែ។ ខណៈ​នោះ មាណពនោះ​ក៏ស្ទុះ​មក​សង្គ្រុប​ឧប្បលវណ្ណា​ភិក្ខុនី ហើយ​ប្រទូស្ត។ ឧប្បលវណ្ណា​ភិក្ខុនី​ក៏ប្រាប់​សេចក្តីនុ៎ះ​ដល់​ភិក្ខុនី​ផងគ្នា។ ភិក្ខុនី​ទាំងឡាយ​ក៏ប្រាប់​សេចក្តីនុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយ​ក៏នាំ​សេចក្តី​នុ៎ះ​ទៅ​ក្រាបបង្គំ​ទូល​ចំពោះ​ ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ឧប្បលវណ្ណា​មិន​ត្រូវ​អាបត្តិ​ទេ ព្រោះ​មិនមាន​សេចក្តី​ត្រេកត្រអាល​ឡើយ។

[៥៦] សម័យនោះឯង ភិក្ខុ១រូប​ក្លាយភេទខ្លួន​ប្រែទៅជា​ស្រី។ ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​នូវ​ឧបជ្ឈាយ៍​នោះ​ដដែល និង​ឧបសម្បទា​នោះ​ដដែល និង​វស្សា​ទាំង​នោះ7) និង​អនុញ្ញាត​ឲ្យនៅ​រួមជាមួយ​នឹងភិក្ខុនី​ទាំងឡាយ (ម្យ៉ាង​ទៀត) អាបត្តិ​ណា ជារបស់​ភិក្ខុ​ដែល​ទួទៅដល់​ភិក្ខុនី​ទាំងឡាយ តថាគត​អនុញ្ញាត​នូវ​អាបត្តិ​ទាំងនោះ ដើម្បី​ឲ្យភិក្ខុ​ដែល​ក្លាយភេទ​ជាស្រី​នោះនៅក្នុង​សំណាក់​ភិក្ខុនី​ទាំងឡាយ​ បាន អាបត្តិ​ណាជា​របស់ភិក្ខុ​ដែលមិន​ទួទៅដល់​ភិក្ខុនី​ទាំងឡាយ ភិក្ខុនី​នោះ​មិនត្រូវ​អាបត្តិ​ព្រោះ​អាបត្តិ​នោះ​ឡើយ។ សម័យ​នោះឯង ភិក្ខុនី​១រូប ក្លាយ​ភេទខ្លួន​ទៅជា​ប្រុស។ ភិក្ខុ​ទាំងឡាយ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​នូវ​ឧបជ្ឈាយ៍​នោះ​ដដែល និង​ឧបសម្បទា​នោះ​ដដែល និង​វស្សា​ទាំងនោះ និង​អនុញ្ញាត​ឲ្យ​នៅរួម​ជាមួយ​នឹង​ភិក្ខុ​ទាំងឡាយ អាបត្តិ​ណា​ជារបស់​ភិក្ខុនី​ដែល​ទួទៅ​ដល់ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​នូវ​អាបត្តិ​ទាំង​នោះ ដើម្បី​ឲ្យភិក្ខុនី​ដែល​ក្លាយភេទ​ខ្លួនជា​ប្រុសនោះ​នៅក្នុង​សំណាក់​ភិក្ខុ​ ទាំងឡាយ​បាន អាបត្តិ​ណា​ជារបស់​ភិក្ខុនី​ដែល​មិនទួទៅ​ដល់​ភិក្ខុ​ទាំងឡាយ​ទេ (ភិក្ខុនី​នេះ) មិន​មាន​អាបត្តិ​ព្រោះ​អាបត្តិ​ទាំងនោះ​ឡើយ។

[៥៧] សម័យនោះឯងភិក្ខុ១រូប​សេពមេថុនធម្ម​នឹងមាតា​(របស់ខ្លួន) ដោយ​យល់ថា កាលបើ​អញធ្វើ​យ៉ាងនេះ អញ​នឹងមិនត្រូវ​អាបត្តិ​ឡើយ។ បេ។ សេព​មេថុនធម្ម​នឹង​ធីតា​(របស់ខ្លួន)។ បេ។ សេព​មេថុនធម្ម​នឹងប្អូនស្រី​(របស់ខ្លួន)។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ទើប​ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង ភិក្ខុ១រូប​សេព​មេថុនធម្ម​នឹងស្រី​ដែល​មាតាបិតា​ផ្សំផ្គុំ​ឲ្យអំពី​មុន។ ភិក្ខុ​នោះ​ក៏មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ​។

[៥៨] សម័យនោះឯងភិក្ខុ១រូបមានខ្នងទន់។ ភិក្ខុនោះ​មានសេចក្តី​អផ្សុក​បៀតបៀន ហើយបាន​យកអង្គជាត​ខ្លួន​មក​បៀម​នឹងមាត់។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង​ភិក្ខុ១រូប​មាន​អង្គជាតយារ​វែង។ ភិក្ខុ​នោះមាន​សេចក្តី​អផ្សុក​បៀតបៀន ក៏ចាប់​បំពត់​អង្គជាត​ខ្លួន​បញ្ចូល​ទៅក្នុង​វច្ចមគ្គ (គឺ​ទ្វារធំ) របស់​ខ្លួន។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៥៩] សម័យនោះឯង ភិក្ខុ១រូបឃើញសរីរមនុស្សស្លាប់។ ឯសរីរនោះ មាន​ដម្បៅជុំវិញ​អង្គជាត។ ភិក្ខុនោះ​បាន​បញ្ចូល​អង្គជាត​(ខ្លួន)​ទៅក្នុង​អង្គជាត​(សរីរ​នោះ) ហើយ​បន្ថយអង្គជាត​ចេញ​មក​វិញតាម​ដម្បៅ​ដោយ​គិតថា កាលបើ​អញធ្វើ​យ៉ាងនេះ អញ​នឹងមិន​ត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ភិក្ខុ១រូប​ឃើញ​សរីរ​មនុស្សស្លាប់។ ឯសរីរ​នោះ មាន​ដម្បៅ​ជុំវិញ​អង្គជាត។ ភិក្ខុនោះ​បាន​បញ្ចូល​អង្គជាត​(ខ្លួន)​ទៅ​ក្នុង​ដម្បៅ ហើយ​បន្ថយ​ចេញ​មកវិញ​តាម​អង្គជាតិ ដោយ​គិតថា កាល​បើ​អញធ្វើ​យ៉ាងនេះ អញ​នឹង​មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៦០] សម័យនោះឯង ភិក្ខុ១រូបមានតម្រេក ហើយយកអង្គជាត(ខ្លួន)​ទៅញល់​នឹងនិមិត្ត​របស់​រូបគំនូរ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ។ សម័យ​នោះ​ឯង ភិក្ខុ១រូប​មាន​តម្រេក ហើយ​យក​អង្គជាត​(ខ្លួន)​ទៅញល់​នឹងនិមិត្ត​របស់​រូបតុក្កតា​ស្រី​ដែល​ធ្វើដោយ ​ឈើ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​មិន​ត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែត្រឹម​អាបត្តិ​ទុក្កដ។

[៦១] សម័យនោះឯង ភិក្ខុ១រូបឈ្មោះសុន្ទរៈ ចេញពីក្រុងរាជគ្រឹះទៅបួស ហើយ​ដើរទៅ​តាមថ្នល់។ មាន​ស្រីម្នាក់​បាន​ឃើញ​ភិក្ខុ​នោះ ហើយ​ក៏និយាយ​ថា បពិត្រ​លោកម្ចាស់ សូម​លោកម្ចាស់​បង្អង់១រំពេច​សិន ខ្ញុំព្រះករុណា​នឹង​ថ្វាយបង្គំ។ ស្រីនោះ​កាល​ដែល​ថ្វាយបង្គំ ក៏​សើយ​ស្បង់​ឡើង ហើយ​យកមាត់​ទៅបៀម​អង្គជាត​(របស់​ភិក្ខុ​នោះ)។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​សួរថា ម្នាល​ភិក្ខុ អ្នកឯង​ត្រេកអរ​ដែរឬ​ទេ? ភិក្ខុ​នោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិន​ត្រេកអរ​ទេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​ទេ ព្រោះ​មិន​ត្រេកអរ។

[៦២] សម័នោះឯង មានស្រីម្នាក់បាន​ឃើញភិក្ខុ១រូប ហើយ​និយាយថា បពិត្រ​លោកម្ចាស់ សូម​និមន្ត​លោកម្ចាស់​មក​សេព​មេថុន​ឯនេះ។ ភិក្ខុនោះ​និយាយ​ថា កុំនាង ការសេព​មេថុនធម្ម​នេះមិនគួរ​ទេ។ ស្រីនោះ​អង្វរថា បពិត្រ​លោកម្ចាស់ សូម​លោកម្ចាស់​និមន្ត​មក (កុំ​ប្រកែក) ខ្ញុំព្រះករុណា​នឹង​ព្យាយាម លោកម្ចាស់​មិនបាច់​ព្យាយាម​ទេ (នៅតែ​ស្ងៀម​បាន​ហើយ) សេព​យ៉ាងនេះ លោកម្ចាស់​មិនត្រូវ​អាបត្តិ​ទេ។ ភិក្ខុនោះ​ក៏បានធ្វើ​តាម​ពាក្យ​ស្រីនោះ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង មាន​ស្រីម្នាក់​មាននាម​មិនប្រាកដ ឃើញ​ភិក្ខុ១រូប ហើយ​និយាយ​ថា បពិត្រ​លោកម្ចាស់ សូមនិមន្ត​លោក មកសេព​មេថុនធម្ម (នឹង​ខ្ញុំសិន)។ ភិក្ខុ​នោះឆ្លើយ​ថា កុំនាង អំពើ​នេះ​មិនគួរ​ទេ។ ស្រីនោះ​ក៏និយាយ​អង្វរថា បពិត្រ​លោកម្ចាស់ សូម​និមន្ត​មក សូម​លោកម្ចាស់​ព្យាយាម​ចុះ ខ្ញុំព្រះករុណា​មិន​ព្យាយាម​ទេ ធ្វើ​យ៉ាងនេះ លោកម្ចាស់​មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បាន​ធ្វើតាម​ពាក្យស្រី​នោះទៅ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង មានស្រី​ម្នាក់បាន​ឃើញ​ភិក្ខុ១រូប ក៏​និយាយ​បបួល​ថា បពិត្រ​លោកម្ចាស់ សូម​និមន្តមក​សេព​មេថុនធម្ម (នឹងខ្ញុំ​ព្រះករុណា​ឯនេះ)។ ភិក្ខុ​នោះ​ឆ្លើយថា កុំប្អូនស្រី អំពើ​នេះមិន​គួរទេ។ ស្រីនោះ​ក៏ពន្យល់​ថា បពិត្រ​លោកម្ចាស់ សូម​លោកនិមន្ត​មកព្យាយាម​ក្នុង​អង្គជាត​ខ្ញុំ រួច​បញ្ចេញ​អសុចិ​ទៅខាង​ក្រៅអង្គជាតិ​វិញ។ បេ។ ព្យាយាម​ខាងក្រៅ​អង្គជាត ហើយ​បញ្ចេញ​អសុចិ​ទៅខាង​ក្នុង​អង្គជាត​វិញ ធ្វើ​យ៉ាងនេះ លោកម្ចាស់​មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បានធ្វើ​តាមពាក្យ​ស្រីនោះ​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៦៣] សម័យនោះឯង មានភិក្ខុ១រូប ចូលទៅកាន់ព្រៃខ្មោច ឃើញសរីរ​ខ្មោចដែល​សត្វមិនទាន់​ស៊ី ហើយសេព​មេថុនធម្ម​នឹងសរីរខ្មោច​នោះ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យនោះ​ឯង មាន​ភិក្ខុ១រូប ចូល​ទៅកាន់​ព្រៃខ្មោច ឃើញ​សរីរខ្មោច​ដែលសត្វ​មិនទាន់ស៊ី​ច្រើនអន្លើ​ប៉ុន្មាន ហើយ​សេព​មេថុនធម្ម​នឹងសរីរខ្មោច​នោះ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង ភិក្ខុ១រូប​ចូលទៅ​កាន់ព្រៃ​ខ្មោច ឃើញ​សរីរខ្មោច​ដែលសត្វ​ស៊ីច្រើន​អន្លើ ហើយ​សេព​មេថុនធម្ម​នឹង​សរីរខ្មោច​នោះ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ទៅកាន់​ព្រៃខ្មោច ឃើញ​ក្បាល​ខ្មោច​ដាច់ ក៏បញ្ច្រក​អង្គជាត (ខ្លួន) ឲ្យ​ចូលទៅ​ក្នុងមាត់​ដែល​បើកហា ឲ្យប៉ះ​ទង្គិច​(ក្នុងមាត់​នោះ)។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ភិក្ខុ១រូប ចូល​ទៅកាន់​ព្រៃខ្មោច ឃើញ​ក្បាលខ្មោច​ដាច់ ហើយ​បញ្ច្រក​អង្គជាត​(ខ្លួន) ទៅ​ក្នុងមាត់​ខ្មោច​ដែល​បើកហា មិន​ឲ្យប៉ះ​ទង្គិច​(ក្នុង​មាត់នោះ)។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប មាន​ចិត្តប្រតិព័ទ្ធ​ស្រឡាញ់​ស្រី​ម្នាក់។ ស្រីនោះ​ធ្វើកាល​កិរិយា​ទៅ​ហើយ គេនាំ​ខ្មោច​យកទៅ​ចោលក្នុង​ព្រៃស្មសាន។8) ឆ្អឹង​ទាំងឡាយ (នៃ​ខ្មោចស្រី​នោះ) ក៏ខ្ចាត់​ខ្ចាយ​រាត់រាយ។ គ្រានោះ ភិក្ខុនោះ​ទៅកាន់​ព្រៃខ្មោច ហើយ​ប្រមូល​ឆ្អឹងទាំងឡាយ​យក​មក​ដំរៀប ហើយ​បញ្ចូលអង្គជាត​(ខ្លួន)​ទៅក្នុង​និមិត្ត(នៃរាង​ឆ្អឹងនោះ)។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងមិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ។

[៦៤] សម័យនោះឯង មានភិក្ខុ១រូប ទៅសេពមេថុនធម្ម​នឹងនាគី (នាគញី)។ ភិក្ខុ​នោះមានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ មានភិក្ខុ​១រូបសេព​មេថុនធម្ម​នឹង​យក្ខិនី។ បេ។ សេព​មេថុនធម្ម​នឹង​ស្រីប្រេត។ បេ។ សេព​មេថុនធម្ម​នឹង​មនុស្សខ្ទើយ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិបារាជិក​ហើយ។

[៦៥] សម័យនោះ មានភិក្ខុ១រូប មានឥន្ទ្រិយ​សាបសូន្យ (គឺមាន​រោគស្ពឹក)។ ភិក្ខុនោះ​ក៏សេពមេថុនធម្ម​ដោយ​គិតថា អញមិន​ដឹងសេចក្តី​សុខទុក្ខ អាបត្តិ​នឹងមិនមាន​ដល់អញ​ឡើយ។ បេ។ ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុរស​សោះសូន្យ​នោះ ទោះបីដឹង​(សេចក្តី​សុខ​ទុក្ខ)​ក្តី មិន​ដឹងក្តី ក៏ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៦៦] សម័យនោះឯង មានភិក្ខុ១រូប គិតថា​អញនឹងសេពមេថុនធម្មនឹង​ស្រី គ្រាន់តែយក​ដៃទៅចាប់​ពាល់ ក៏​មាន​សេចក្តី​ក្តៅក្រហាយ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​ឯងមិន​ត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែ​ត្រឹម​អាបត្តិ​ទុក្កដ។

[៦៧] សម័យនោះឯង មានភិក្ខុ១រូប ទៅកាន់ទីសម្រាក​ក្នុងវេលាថ្ងៃ ក្នុងព្រៃ​ជាតិយាវន ជិត​នគរភទ្ទិយ ហើយ​សឹង​លក់​ទៅ។ ឯអវយវៈ​តូច​ធំ​របស់ភិក្ខុ​នោះ មាន​ខ្យល់បក់​មក​ឧបត្ថម្ភ (នាំឲ្យ​លោកនោះ​សឹងលក់​ស៊ប់)។ មាន​ស្រីម្នាក់​ឃើញ​ហើយ ក៏អង្គុយ​សង្កត់​ពីលើ​អង្គជាត​ធ្វើ (សេវនកិច្ច) ស្រេច​ហើយ​ក៏ចៀស​ចេញ​ទៅ។ ភិក្ខុ​នោះ​(ភ្ញាក់​ឡើង) ឃើញ​សេចក្តី​សៅហ្មង ក៏ក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់​កម្ម​ដោយ​អាការ​៥យ៉ាងគឺ ដោយ​ដម្រេក១ ដោយ​អាចមន៍១ ដោយ​ទឹកមូត្រ១ ដោយ​ខ្យល់១ ដោយ​ដង្កូវ​រមាស់​រោល១ ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់​កម្មដោយ​អាការ៥​យ៉ាងនេះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ អង្គជាត​គួរ​ដល់កម្ម ព្រោះ​តម្រេក​របស់ភិក្ខុ​នោះ មិនមែន​ជាហេតុ មិនមែន​ជាទី​ឱកាស​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​នោះជា​អរហន្ត ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​នោះ​ឥតមាន​ត្រូវ​អាបត្តិ​អ្វី​ឡើយ។

[៦៨] សម័យនោះឯង មានភិក្ខុ១រូប​ទៅកាន់ទី​សម្រាក​ក្នុងវេលា​ថ្ងៃក្នុង​ព្រៃអន្ធវន ទៀប​នគរសាវត្ថី​ហើយសឹង​លក់ទៅ។ មានស្រី​គង្វាលគោ​ម្នាក់ឃើញ​ហើយ ទៅអង្គុយ​សង្កត់ពីលើ​អង្គជាតភិក្ខុ​នោះ។ ភិក្ខុ​នោះ កាល​អង្គជាត​កំពុងតែចូល​ទៅ ក៏ត្រេកអរ ចូល​ស៊ប់ទៅ​ហើយ ក៏ត្រេកអរ ស្ថិតនៅ​ខាងក្នុង ក៏ត្រេកអរ បន្ថយ​ចេញ​មកវិញ ក៏ត្រេកអរ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានភិក្ខុ​១រូបទៅកាន់​ទីសម្រាក​ក្នុងវេលា​ថ្ងៃក្នុង​ព្រៃអន្ធវន ទៀប​នគរសាវត្ថី​ហើយសឹង​លក់ទៅ។ មាន​ស្រីគង្វាល​ពពែ​ម្នាក់​បានឃើញ​ភិក្ខុ​នោះ។ បេ។ មាន​ស្រីអ្នក​រកឧស​ម្នាក់​បាន​ឃើញ​ភិក្ខុនោះ។ បេ។ មាន​ស្រីអ្នក​នាំអាចមន៍គោម្នាក់​បាន​ឃើញ​ភិក្ខុនោះ ក៏​ទៅអង្គុយ​សង្កត់ពី​លើអង្គជាត។ ភិក្ខុ​នោះ កាលដែល​អង្គជាត​កំពុងតែចូល​ទៅ ត្រេកអរ ចូលស៊ប់​ទៅហើយ ត្រេកអរ ស្ថិតនៅ​ខាងក្នុង ត្រេកអរ បន្ថយ​ចេញមក​វិញ ត្រេកអរ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។

[៦៩] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុង​វេលាថ្ងៃក្នុង​ព្រៃមហាវន ទៀប​នគរវេសាលី ហើយ​សឹងលក់​ទៅ។ មាន​ស្រីម្នាក់​បានឃើញ ក៏ទៅ​អង្គុយសង្កត់​ពីលើ​អង្គជាត លុះធ្វើ​កិច្ចសម្រេច​ហើយ ក៏មក​ឈរសើច​ជិត​ភិក្ខុនោះ។ ភិក្ខុ​នោះភ្ញាក់​ឡើង ហើយ​និយាយ​ទៅនឹង​ស្រី​នោះ​ថា អំពើនេះ​ជាអំពើ​របស់​នាងឬ។ ស្រី​នោះ​ឆ្លើយថា ករុណា​លោកម្ចាស់ អំពើ​នេះជាអំពើ​របស់ខ្ញុំ​ករុណា។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរ​ថា ម្នាល​ភិក្ខុ អ្នកឯង​ដឹងដែរ​ឬ។ ភិក្ខុ​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនដឹងទេ។ ព្រះពុទ្ធ​ជាម្ចាស់​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​ឯងកាល​បើមិន​ដឹង មិនមាន​អាបត្តិ​ទេ។ សម័យ​នោះ មានភិក្ខុ១រូប​ទៅកាន់ទី​សម្រាក​ក្នុងវេលា​ថ្ងៃក្នុង​ព្រៃមហាវន ជិត​នគរវេសាលី ហើយសឹង​លក់ផ្អែក​នឹង​ដើមឈើ​មួយ។ មាន​ស្រីម្នាក់​បានឃើញ ក៏ទៅ​អង្គុយ​សង្កត់​ពីលើ​អង្គជាត។ ភិក្ខុនោះ ក៏ក្រោក​ឡើង​ដោយ​រហ័ស។ ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរ​ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រេកអរ​ដែរឬ។ ភិក្ខុ​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិន​ត្រេកអរ​ទេ។ ព្រះដ៏មាន​បុណ្យទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​កាល​បើមិន​ត្រេកអរ មិនត្រូវ​អាបត្តិ​ទេ។ សម័យ​នោះ មាន​ភិក្ខុ​១រូប​ទៅកាន់​ទីសម្រាក​ក្នុង​វេលាថ្ងៃ​ក្នុង​ព្រៃមហាវន ជិត​នគរវេសាលី ហើយ​សឹងលក់​ផ្អែកនឹង​ដើមឈើ១។ មាន​ស្រីម្នាក់​ឃើញហើយ ក៏ទៅ​អង្គុយ​សង្កត់​ពីលើ​អង្គជាត។ ភិក្ខុ​នោះ ក៏ធាក់​ច្រាន (ឲ្យ​ស្រីនោះ) ខ្ទាត​ចេញទៅ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរថា ម្នាល​ភិក្ខុ អ្នក​ត្រេកអរ​ឬទេ។ ភិក្ខុនោះ​ក្រាបទូល​វិញថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំ​ព្រះអង្គ​មិន​ត្រេកអរ​ទេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​កាលបើ​មិន​ត្រេកអរ មិន​មាន​អាបត្តិ​ទេ។

[៧០] សម័យនោះ មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុង​វេលាថ្ងៃក្នុង​កូដាគារសាលា ព្ធដ៏ព្រៃ​មហាវន ជិត​នគរវេសាលី បើកទ្វារ​ហើយ ចូលទៅ​សឹង។ អវយវៈ​តូចធំរបស់​ភិក្ខុនោះ មានខ្យល់​បក់មក​ឧបត្ថម្ភ (នាំឲ្យ​សឹង​លក់ស៊ប់)។ សម័យ​នោះ មានស្រី​ទាំងឡាយ​ច្រើនគ្នា មាន​ប្រាថ្នា​នឹង​ទៅវត្ត ទើបកាន់​នូវគ្រឿង​ក្រអូបខ្លះ ផ្កា​កម្រងខ្លះ ដើរទៅ​កាន់អារាម។ គ្រានោះ ស្រី​ទាំងអស់​នោះ បានឃើញ​ភិក្ខុនោះ​ហើយ ក៏អង្គុយ​សង្កត់​ពីលើ​អង្គជាត​ធ្វើ (សេវនកិច្ច) ដរាប​ដល់​ហើយស្រេច ទើប​និយាយ​ថា ឱហ្ន៎ ភិក្ខុនេះ ជា​បុរសឧសភៈ ដូច្នេះ​ហើយ លើក​ឡើងនូវ​គ្រឿង​ក្រអូប និង​ផ្កាកម្រង ហើយ​ក៏ដើរ​ចៀសចេញ​ទៅ។ ភិក្ខុនោះ​ឃើញ​សេចក្តី​សៅហ្មង ក៏ក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់មាន​ព្រះពុទ្ធដីកា​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់កម្ម​ដោយ​អាការ៥​យ៉ាងគឺ ដោយ​ដម្រេក១ ដោយ​អាចមន៍១ ដោយ​ទឹកមូត្រ១ ដោយ​ខ្យល់១ ដោយ​ដង្កូវ​រមាស់​រោល១ ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់កម្ម ដោយ​អាការ​៥យ៉ាងនេះ​ឯង ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់កម្ម​ព្រោះតម្រេក​របស់ភិក្ខុ​នោះ មិនមែន​ជាហេតុ ជា​ទីតាំង មិនមែន​ជា​ឱកាស​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនោះ​ជាអរហន្ត ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនោះ​មិនមាន​អាបត្តិ​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ កាល​ដែល​សឹង​សម្ងំ​ក្នុង​វេលាថ្ងៃ ត្រូវ​បិទទ្វារ ហើយ​សិម​សឹង​សម្ងំចុះ។

[៧១] សម័យនោះ មានភិក្ខុ១រូបជាកូនអ្នកស្រុកភារុកច្ឆកៈ យល់​សប្តិឃើញថា សេព​មេថុនធម្ម​នឹងនាង​បុរាណទុតិយិកា ហើយគិត​ថាខ្លួនអញ​មិនមែន​ជា​សមណទេ អញ​នឹង​សឹកទៅ​វិញ ដូច្នេះ ហើយ​ដើរទៅកាន់​ជនបទ​ឈ្មោះភារុកច្ឆកៈ ក៏បាន​ឃើញ​ព្រះឧបាលិ​ដ៏មាន​អាយុ​ក្នុង​ទីពាក់​កណ្តាល​ផ្លូវ ហើយ​និយាយ​ប្រាប់រឿង​នុ៎ះ។ ព្រះឧបាលិថេរ​ដ៏មាន​អាយុ​បានប្រាប់​យ៉ាង​នេះថា ម្នាល​អាវុសោ ឥត​មានអាបត្តិ​អ្វីដោយ​ចំណែក​នៃយល់សប្តិ​នោះទេ។

[៧២] សម័យនោះ ក្នុងក្រុងរាជគ្រឹះ មានឧបាសិកាម្នាក់ឈ្មោះសុបព្វា ជាស្រី​មានសេចក្តី​ជ្រះថ្លាខ្យោយ។ នាង​មានសេចក្តី​យល់ឃើញ​យ៉ាងនេះថា ស្រីណា​ឲ្យនូវ​មេថុនធម្ម ស្រីនោះ​ឈ្មោះថា​ឲ្យនូវទាន​ដ៏ប្រសើរ។ លុះ​ដល់នាង​បាន​ឃើញ​ភិក្ខុ១រូប ក៏​និយាយ​និមន្ត​ថា លោកម្ចាស់ សូម​លោកនិមន្ត​មកសេព​មេថុនធម្ម​ចុះ។ ភិក្ខុនោះ​ប្រកែក​ថា កុំប្អូនស្រី ការ​សេព​មេថុនធម្ម​នោះមិន​គួរទេ។ នាងសុបព្វា​ពោលថា លោកម្ចាស់ សូមលោក​និមន្តមកព្យាយាម​ត្រង់ចន្លោះ​ភ្លៅចុះ កាលបើ​លោក​ព្យាយាម​ដូច្នេះ លោកនឹង​មិនមាន​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បានធ្វើ​តាមពាក្យ​នោះ។ ទើប​ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែត្រឹម​អាបត្តិ​សង្ឃាទិសេស។ សម័យ​នោះ ក្នុងក្រុង​រាជគ្រឹះ មាន​ឧបាសិកាម្នាក់​ឈ្មោះសុបព្វា ជាស្រី​មាន​សេចក្តី​ជ្រះថ្លា​ខ្យោយ។ នាង​មានសេចក្តី​យល់​ឃើញ​យ៉ាងនេះ​ថា ស្រីណា​ឲ្យនូវ​មេថុនធម្ម ស្រី​នោះឈ្មោះ​ថា​ឲ្យនូវ​ទាន​ដ៏ប្រសើរ។ លុះ​ដល់នាង​បានឃើញ​ភិក្ខុ១រូប ក៏​និយាយ​និមន្តថា លោកម្ចាស់ សូមលោក​និមន្ត​មកសេព​មេថុនធម្ម​ចុះ។ ភិក្ខុនោះ​ប្រកែក​ថា កុំប្អូនស្រី ការ​សេព​មេថុនធម្ម​នោះមិន​គួរទេ។ នាង​សុបព្វា​ពោលថា លោកម្ចាស់ សូមលោក​និមន្តមក​ព្យាយាម​ត្រង់ផ្ចិត​ចុះ។ បេ។ លោកម្ចាស់ សូម​លោក​និមន្ត​មកព្យាយាម​ត្រង់​ផ្នត់ពោះ​ចុះ។ បេ។ លោកម្ចាស់ សូម​លោកនិមន្ត​មកព្យាយាម​ត្រង់​ក្លៀក​ចុះ។ បេ។ លោកម្ចាស់ សូម​លោក​និមន្ត​មកព្យាយាម​ត្រង់​កចុះ។ បេ។ លោក​ម្ចាស់ សូមលោក​និមន្តមក​ព្យាយាម​ត្រង់​រន្ធត្រចៀក​ចុះ។ បេ។ លោក​ម្ចាស់ សូម​លោក​និមន្តមក​ព្យាយាម​ត្រង់​ផ្នួងសក់​ចុះ។ បេ។ លោកម្ចាស់ សូម​លោកនិមន្ត​មកព្យាយាម​ត្រង់ចន្លោះ​ម្រាមដៃចុះ។ បេ។ លោកម្ចាស់ សូមលោក​និមន្ត​មកចុះ ខ្ញុំព្រះករុណា​នឹងព្យាយាម​ឲ្យចេញ​ទឹកសុក្កៈ​ដោយ​ដៃខ្ញុំ កាល​បើដូច្នេះ លោកនឹង​មិនមាន​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បានធ្វើ​តាម​ពាក្យ​នោះ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​សង្ឃាទិសេស។

[៧៣] សម័យនោះ ក្នុងក្រុងសាវត្ថី មានឧបាសិកាម្នាក់ឈ្មោះសទ្ធា ជាអ្នកមាន​សេចក្តីជ្រះថ្លាខ្យោយ។ នាង​មាន​សេចក្តី​យល់ឃើញ​ដូច្នេះ​ថា ស្រីណា​ឲ្យនូវ​មេថុនធម្ម ស្រីនោះ​ឈ្មោះ​ថាឲ្យ​នូវទាន​ដ៏ប្រសើរ។ លុះ​ដល់នាង​បានឃើញ​ភិក្ខុ១រូប ក៏​និយាយ​និមន្តថា លោក​ម្ចាស់ សូម​លោក​និមន្ត​មកសេព​មេថុនធម្ម​ចុះ។ ភិក្ខុ​នោះ​ប្រកែក​ថា កុំប្អូនស្រី ការ​សេព​មេថុនធម្ម​នោះ​មិន​គួរទេ។ នាង​សទ្ធា​ពោលថា លោកម្ចាស់ សូមលោក​និមន្ត​មកព្យាយាម​ត្រង់​ចន្លោះ​ភ្លៅ​ចុះ កាល​បើដូច្នេះ លោក​នឹង​មិនមាន​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បាន​ធ្វើតាម​ពាក្យ​នោះទៅ។ ទើប​ភិក្ខុ​នោះ​កើតមាន​សេចក្តី​សង្ស័យ។ បេ។ ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​សង្ឃាទិសេស។

[៧៤] សម័យនោះ ក្នុងក្រុងសាវត្ថី មានឧបាសិកាម្នាក់ឈ្មោះសទ្ធា ជាស្រី​មានសេចក្តី​ជ្រះថ្លាខ្យោយ។ នាង​មាន​សេចក្តី​យល់​ឃើញដូច្នេះ​ថា ស្រីណា​ឲ្យនូវ​មេថុនធម្ម ស្រី​នោះ​ឈ្មោះថា​ឲ្យនូវ​ទាន​ដ៏ប្រសើរ។ លុះ​នាងបាន​ឃើញ​ភិក្ខុ១រូប ក៏​និយាយ​និមន្ត​ថា លោកម្ចាស់ សូម​លោក​និមន្តមក​សេព​មេថុនធម្ម​ចុះ។ ភិក្ខុ​នោះ​ប្រកែក​ថា កុំប្អូនស្រី ការ​សេព​មេថុនធម្ម​នោះ​មិនគួរ​ទេ។ នាង​សទ្ធា​ពោល​ថា លោកម្ចាស់ សូម​លោក​និមន្តមក​ព្យាយាម​ត្រង់ផ្ចិត​ចុះ។ បេ។ លោក​ម្ចាស់ សូមលោក​និមន្ត​មកព្យាយាម​ត្រង់​ផ្នត់ពោះ​ចុះ។ បេ។ លោក​ម្ចាស់ សូម​លោកនិមន្ត​មកព្យាយាម​ត្រង់​ក្លៀក​ចុះ។ បេ។ លោក​ម្ចាស់ សូមលោក​និមន្តមក​ព្យាយាម​ត្រង់​កចុះ។ បេ។ លោក​ម្ចាស់ សូម​លោក​និមន្ត​មកព្យាយាម​ត្រង់​រន្ធត្រចៀក​ចុះ។ បេ។ លោក​ម្ចាស់ សូម​លោកនិមន្ត​មក​ព្យាយាម​ត្រង់​ផ្នួងសក់​ចុះ។ បេ។ លោក​ម្ចាស់ សូមលោក​និមន្ត​មកព្យាយាម​ត្រង់​ចន្លោះ​ម្រាម​ដៃចុះ។ បេ។ លោក​ម្ចាស់ សូម​លោកនិមន្ត​មកចុះ ខ្ញុំ​ព្រះករុណា​នឹង​ព្យាយាម​ឲ្យចេញ​ទឹកសុក្កៈដោយ​ដៃខ្ញុំ កាល​បើដូច្នេះ លោក​នឹងមិន​មាន​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បាន​ធ្វើតាម​ពាក្យនោះ​ទៅ។ ទើប​ភិក្ខុនោះ​កើតមាន​សេចក្តី​សង្ស័យ។ បេ។ ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​សង្ឃាទិសេស។

[៧៥] សម័យនោះ ពួកលិច្ឆវិកុមារ​ក្នុងក្រុងវេសាលី​នាំភិក្ខុ១រូបទៅ ហើយ​ឲ្យធ្វើមោះ​មិនគាប់​ជាមួយ​នឹងភិក្ខុនី។ បើ​អ្នកទាំងពីរ​មានសេចក្តី​ត្រេកអរ​ដូចគ្នា សង្ឃ​គប្បីឲ្យអ្នក​ទាំងពីរ​សឹកចេញ។ បើ​អ្នកទាំង​ពីរឥត​មានសេចក្តី​ត្រេកអរ​ទេ អ្នកទាំង​ពីរមិន​មាន​អាបត្តិ​ឡើយ។ សម័យ​នោះ ក្នុង​ក្រុងវេសាលី ពួក​លិច្ឆវិកុមារនាំ​ភិក្ខុ១រូប​ទៅ ហើយ​ឲ្យធ្វើមោះ​មិនគាប់​ជាមួយនឹង​សិក្ខមានា។ បេ។ ឲ្យធ្វើមោះ​មិនគាប់​ជាមួយ​នឹងសាមណេរី។ បើអ្នក​ទាំងពីរ​ត្រេកអរ​ដូចគ្នា​ហើយ សង្ឃត្រូវ​ឲ្យអ្នកទាំង​ពីរសឹក​ចេញ។ បើអ្នក​ទាំងពីរ​ឥតមាន​សេចក្តី​ត្រេកអរ​ទេ អ្នកទាំង​ពីរឥត​មាន​អាបត្តិ​ឡើយ។

[៧៦] សម័យនោះ ក្នុងក្រុងវេសាលី ពួកលិច្ឆវិកុមារ​នាំភិក្ខុ១រូប​ទៅ ហើយឲ្យ​ធ្វើមោះមិនគាប់​ជាមួយ​នឹងស្រីវេស្យា។ បេ។ ឲ្យធ្វើមោះ​មិនគាប់ជាមួយ​នឹងមនុស្សខ្ទើយ។ បេ។ ឲ្យធ្វើមោះ​មិនគាប់​ជាមួយ​នឹងស្រីគ្រហស្ថ។ បើ​ភិក្ខុមាន​សេចក្តី​ត្រេកអរ សង្ឃត្រូវ​ឲ្យភិក្ខុ​(នោះ)​សឹក​ចេញ។ បើភិក្ខុ​ឥតមាន​សេចក្តី​ត្រេកអរ​ទេ ភិក្ខុនោះ ក៏​ឥតមាន​អាបត្តិ​អ្វី​ឡើយ។ សម័យ​នោះ ក្នុង​ក្រុងវេសាលី ពួក​លិច្ឆវិកុមារ​នាំភិក្ខុ១រូប​ទៅ ហើយឲ្យ​ធ្វើមោះមិន​គាប់ចំពោះ​គ្នា​នឹងគ្នា។ បើ​អ្នកទាំង​ពីរមាន​សេចក្តី​ត្រេកអរ​ដូចគ្នា សង្ឃ​ត្រូវឲ្យ​អ្នកទាំងពីរ​សឹកចេញ។ បើ​អ្នកទាំង​ពីរឥត​មានសេចក្តី​ត្រេកអរ​ទេ អ្នក​ទាំងពីរ​ឥត​មាន​អាបត្តិ​ឡើយ។

[៧៧] សម័យនោះឯង មានភិក្ខុមួយរូប បួស​ខាងឯចាស់ និមន្ត​ទៅសួរភរិយា​ដែលជា​គូស្រករ (របស់​ខ្លួន) ពីដើម។ ឯភរិយា​ក៏និយាយ​ថា បពិត្រលោក​ដ៏ចម្រើន លោកចូរ​និមន្តសឹក​ចេញទៅ ថាហើយ​ក៏ស្ទុះ​ទៅចាប់។ ភិក្ខុនោះ​ថយដោះ​ខ្លួន ក៏ដួល​ផ្ងារទៅ​ក្រោយ។ ភរិយាចាស់​ក៏ឡើង​ជិះអង្គុយ​សង្កត់​ពីលើ​អង្គជាត។ ទើប​ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ ហើយ​បាន​ក្រាបទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះសាស្តា​ទ្រង់​ត្រាស់​សួរថា ម្នាល​ភិក្ខុ អ្នកឯង​បានត្រេកអរ​ដែរឬ។ ភិក្ខុ​នោះ​ក្រាបទូល​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​មិនបាន​ត្រេកអរ​ទេ។ ព្រះសាស្តា​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​មិនបាន​ត្រេកអរ មិន​ត្រូវ​អាបត្តិ​ទេ។

[៧៨] សម័យនោះឯង មានភិក្ខុមួយរួប​នៅក្នុងព្រៃ។ មាន​កូនម្រឹគ១ ដើរមក​កាន់ទីដែល​ភិក្ខុនោះ​កំពុងបន្ទោរបង់​បស្សាវៈ ហើយ​ផឹកនូវ​បស្សាវៈ រួចបៀម​នូវអង្គជាត​ដោយ​មាត់វា។ ភិក្ខុនោះ​ក៏មាន​សេចក្តី​ត្រេកអរ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ ក៏​ក្រាប​ទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះសាស្តា​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

បឋមបារាជិក ចប់។

 

លេខយោង

1)
សំដៅ​ភិក្ខុ​ដែលកំពុង​បង្ហាញ​ក្តី សាកសួរ​ក្តី រៀនក្តី ទន្ទេញ​ក្តី ពណ៌នា​ក្តី នូវ​បាឡីសូត្រ​លាសិក្ខា គឺសូត្រ​បាឡីសឹក។
2)
សំដៅ​ភិក្ខុ​ដែលមិន​បញ្ចេញ​វចីភេទ​ឲ្យអ្នក​ដទៃឮ
3)
គឺភិក្ខុញុំាង​អង្គជាតិរបស់​ខ្លួនឲ្យចូល​ទៅតាម​ទ្វារមគ្គទាំង៣ ទ្វារមគ្គ​ណាមួយ។
4)
គឺបញ្ចូល​អង្គជាត​ទៅតាម​ទ្វាមគ្គ ហើយ​បន្ថយ​អង្គជាត​ចេញតាម​មុខដំបៅ​ដែលមាន​ជុំវិញ​ទ្វារមគ្គ​នោះ។
5)
គឺបញ្ចូល​អង្គជាត​ទៅតាម​មុខដំបៅ ហើយ​បន្ថយ​ចេញតាម​ទ្វារមគ្គ​វិញ។
6)
គឺបញ្ចូល​អង្គជាត​ទៅតាម​មុខ​ដំបៅមួយ ហើយ​បន្ថយ​ចេញ​តាមមុខ​ដំបៅ​ផ្សេង​វិញ។
7)
គឺ​ទ្រង់​អនុញ្ញាត​ មិនបាច់​ឲ្យសូម​ឧបជ្ឈាយ៍ និង​ឧបសម្បទា​ជា​ថ្មីទៀត វស្សា​ក៏មិន​បាច់ឲ្យ​រាប់​ជាថ្មី ត្រូវ​រាប់​តាំង​ពី​ឧបសម្បទា​ជា​ភិក្ខុ​នោះ​មក​ដដែល។
8)
ស្មសាន គឺព្រៃ​សម្រាប់ចោល​ខ្មោច ជាពាក្យ​សំស្ក្រឹតឲ្យ​អានថា ស្មៈសានៈ ដែលអាន​ក្លាយ​មកថា សំសាន។ ពាក្យ​បាលី​ថា សុសាន។
km/tipitaka/vin/vbu/pr/vin.vbu.pr.01.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann