ព្រះត្រៃបិដក » វិន័យបិដក » មហាវិភង្គ »
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ពន្យល់អំពីមូលដ្ឋាននៃការគោរព។ រឿងមួយទៀតបញ្ជាក់ច្បាស់ថា សាសនានេះមិនមែនជាកិច្ចការសង្គមទូទៅដែលមានគោលបំណងក្នុងលោកទេ។ ចុងក្រោយនៃសូត្រនេះព្រះសារីបុត្របានសួរថាហេតុអ្វីបានជាព្រះពុទ្ធសាសនាអាចស្ថិតនៅបានយូរ…។
vbu ve បាលី cs-km: vin.vbu.ve អដ្ឋកថា: vin.vbu.ve_att PTS: ?
វេរញ្ជកណ្ឌ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
សូមមើលផងដែរនៅ សមចិត្តវគ្គ សូត្រ ទី៦ និង km:tipitaka:sut:an:04:sut.an.04.022 នៅក្នុងអង្គុត្តរនិកាយ។
អានដោយ ព្រះខេមានន្ទ
អានដោយ ព្រះរដ្ឋបាល
(វេរញ្ជកណ្ឌំ)
[១] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅក្បែរដើមស្តៅ ជាលំនៅរបស់នឡេរុយក្ស ជិតស្រុកវេរញ្ជា ជាមួយនឹងភិក្ខុសង្ឃមានប្រមាណច្រើន ចំនួន៥០០រូប។ វេរញ្ជព្រាហ្មណ៍ 1) បានឮច្បាស់ (នូវដំណឹងនោះហើយ ទើបប្រកាសសេចក្តីថា) ម្នាលគ្នាយើង បានឮថា ព្រះសមណគោតម ជាសក្យបុត្រចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវមកគង់នៅក្បែរដើមស្តៅ ជាលំនៅរបស់នឡេរុយក្ស ជិតស្រុកវេរញ្ជា ជាមួយនឹងភិក្ខុសង្ឃមានប្រមាណច្រើនចំនួន៥០០រូប។ កិត្តិសព្ទដ៏ពីរោះរបស់ព្រះគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុះសាយ យ៉ាងនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ថា សម្មាសម្ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ថា វិជ្ជាចរណសម្បន្នោទ. ២ ព្រោះព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹងនិងក្រឹត្យដែលបុគ្គលគប្បីប្រព្រឹត្ត ថា សុគតោ ព្រោះព្រះអង្គមានដំណើរល្អ ទៅកាន់ព្រះនិព្វាន ថា លោកវិទូ ព្រោះព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ថា អនុត្តរោ ព្រោះព្រះអង្គប្រសើរ ដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ថា បុរិសទម្មសារថិ ព្រោះព្រះអង្គជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ថា សត្ថា ទេវមនុស្សានំ ព្រោះព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ថា ពុទ្ធោ ព្រោះព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ថា ភគវា ព្រោះព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះអង្គបានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ចំពោះព្រះអង្គនូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចំពោះព្រះអង្គ ទ្រង់ញ៉ាំងនូវពពួកសត្វ ព្រមទាំងសមណៈនិងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស ហើយទ្រង់ប្រកាស ទ្រង់សំដែងធម៌ ពីរោះបទដើម បទកណ្តាលនិងបទចុង ព្រះអង្គប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈដ៏ពេញបរិបូណ៌បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងហ្នឹង ជាការប្រពៃពេក។
[២] គ្រានោះ វេរញ្ជព្រាហ្មណ៍ក៏ចូលសំដៅទៅត្រង់ទីដែលព្រះដ៏មានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះទ. ៣សំណាលទៅរកព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ កាលដែលវេរញ្ជព្រាហ្មណ៍អង្គុយក្នុងទីដ៏សមគួរហើយ ក៏ផ្តើមពាក្យនេះក្រាបទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំបានឮពាក្យថា ព្រះសមណគោតម មិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយដែលចាស់គ្រាំគ្រា ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមកក្នុងបច្ឆឹមវ័យហើយ ទោះបីគ្រាន់តែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះឲ្យអង្គុយលើអាសនៈ (ព្រះអង្គក៏មិនធ្វើ) បពិត្រព្រះគោតមដ៏ចម្រើន ពាក្យដែលខ្ញុំបានឮមកនោះ ជាប្រាកដថា ព្រះសមណគោតមដ៏ចម្រើន មិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយដែលចាស់គ្រាំគ្រា ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមកក្នុងបច្ឆឹមវ័យហើយ ថា សូម្បីត្រឹមតែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះឲ្យអង្គុយលើអាសនៈ (ព្រះអង្គក៏មិនធ្វើ) បពិត្រព្រះគោតមដ៏ចម្រើន កិច្ច មានមិនសំពះជាដើមនោះ ជាទំនងពុំសមគួរឡើយ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វព្រមទាំងសមណៈទ. ៤និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគតមិនឃើញអ្នកណាមួយ ល្មមឲ្យតថាគតសំពះ ឬក្រោកទទួល ឬអញ្ជើញហៅរកឲ្យអង្គុយលើអាសនៈនោះឡើយ ម្នាលព្រាហ្មណ៍ ព្រោះថាបើតថាគតសំពះអ្នកណា ឬក្រោកទទួលអ្នកណា ឬអញ្ជើញហៅរកអ្នកណាឲ្យអង្គុយលើអាសនៈ ក្បាលរបស់អ្នកនោះ នឹងដាច់ធ្លាក់ចេញចាក-ក។ វេរញ្ជព្រាហ្មណ៍ ក៏ពោលពាក្យច្រឡោះបោះទៅរកព្រះសាស្តាថា ព្រះគោតមដ៏ចម្រើន ជាមនុស្សសោះកក្រោះ ឥតរសជាតិទេតើ។ ព្រះដ៏មានព្រះភាគត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតមជាមនុស្សសោះកក្រោះ ឥតរសជាតិ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះរសជាតិ គឺ រូប សម្លេង ក្លិន ឳជារស សម្ផស្ស ទាំងប៉ុន្មាននោះ តថាគតបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀតឲ្យអស់រលីងដូចជាដើមត្នោតដែលគេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ ជាធម៌លែងមានបែបភាពតទៅទៀតហើយ ជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សសោះកក្រោះ ឥតរសជាតិនោះ គឺត្រូវត្រង់ហេតុនេះឯងទ. ៥ ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន គ្មានគ្រឿងបរិភោគទេតើ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សគ្មានគ្រឿងបរិភោគ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ពីព្រោះគ្រឿងបរិភោគ គឺ រូប សម្លេង ក្លិន រស សម្ផស្សទាំងប៉ុន្មាននោះ តថាគតបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀតឲ្យអស់រលីង ដូចជាដើមត្នោតដែលគេក្របែលគាស់រំលើង ឲ្យលែងដុះតទៅទៀតងហើយ ជាធម៌លែងមានបែប ភាពតទៅទៀតហើយ ជាធម៌មិនមានកំណើតតទៅខាងមុខទៀតទេ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សគ្មានគ្រឿងបរិភោគនោះ គឺជាសំដីត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកពោលពាក្យឃាត់កិច្ចការ ថាមិនត្រូវធ្វើទេតើ។ទ. ៦ ព្រះសាស្តាទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកពោលពាក្យឃាត់កិច្ចការថា មិនត្រូវធ្វើ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះតថាគតប្រកាន់និយាយហាមឃាត់ថា មិនត្រូវអ្នកណាមួយធ្វើកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិតឡើយ តថាគតតែងនិយាយហាមឃាត់ថា មិនត្រូវអ្នកណាមួយ ធ្វើនូវធម៌ទាំងឡាយជាអកុសលដ៏អាក្រក់ច្រើនប្រការនោះឡើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកពោលពាក្យឃាត់កិច្ចការថា មិនត្រូវធ្វើនោះ គឺជាសំដីត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកពោលពាក្យកាត់ផ្តាច់ផ្តិលទេតើ។ ព្រះសាស្តាទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកពោលពាក្យកាត់ផ្តាច់ផ្តិល ដែលគេថានោះ ត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះតថាគតប្រកាន់និយាយថា ឲ្យសត្វកាត់ផ្តាច់ផ្តិលនូវរាគៈ ទោសៈ មោហៈ តថាគតតែងនិយាយថា ឲ្យសត្វកាត់ផ្តាច់នូវធម៌ទាំងឡាយ ជាអកុសលដ៏អាក្រក់ ច្រើនយ៉ាងនោះចេញ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកពោលពាក្យផ្តាច់ផ្តិលនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកខ្ពើមរអើមណាស់ទេតើ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះ តថាគតខ្ពើមសេចក្តីប្រព្រឹត្តិអាក្រក់ ដោយកាយ វាចា ចិត្ត តថាគតខ្ពើមសេចក្តីប្រកបចិត្តផ្តេកផ្តិតទៅរកអកុសលធម៌ ទាំងឡាយដ៏អាក្រក់ច្រើនប្រការ (នោះណាស់) ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើមនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកបំផ្លាញទេតើ។ ព្រះលោកនាថជាម្ចាស់ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកបំផ្លាញ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះ តថាគតសំដែងធម៌ចំពោះផ្លូវប្រតិបត្តិ ដែលបំផ្លាញបង់នូវរាគៈ ទោសៈ មោហៈ តថាគតសំដែងធម៌ចំពោះផ្លូវប្រតិបត្តិ ដែល រំលាងបង់នូវអកុសលធម៌ទាំងឡាយដ៏អាក្រក់ច្រើនប្រការ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកបំផ្លាញនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាអ្នកដុតកំដៅទេតើ។ ព្រះសព្វញ្ញូជាម្ចាស់ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតមជាអ្នកដុតកំដៅ ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះតថាគតប្រកាន់និយាយថា ការប្រព្រឹត្តិអាក្រក់ដោយកាយ វាចា ចិត្ត ជាទីតាំងនៃសេចក្តីក្តៅក្រហាយ ជាអកុសលធម៌ដ៏អាក្រក់ អកុសលធម៌ទាំងឡាយដ៏អាក្រក់ ដែលជាទីតាំងនៃសេចក្តីក្តៅក្រហាយ (នោះ) បើអ្នកណាបានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីងដូចដើមត្នោតដែលគេក្របែលគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ តថាគតហៅអ្នកនោះថា អ្នកដុតកំដៅ ម្នាលព្រាហ្មណ៍ អកុសលធម៌ទាំងឡាយដ៏អាក្រក់ជាទីតាំងនៃសេចក្តីក្តៅក្រហាយ (នោះ) តថាគតឯងបានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេក្របែលគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាអ្នកដុតកំដៅនោះគឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាមនុស្សឥតកំណើតទេតើ។ ព្រះដ៏មានជោគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែនហើយ មានហេតុជាទំនង គួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សឥតកំណើត ដែលគេថានោះត្រូវហើយ ម្នាលព្រាហ្មណ៍ ព្រោះកិរិយាដេកក្នុងគភ៌តទៅទៀត ដំណើរកើតក្នុងភពតទៅមុខទៀត បើអ្នកណាបានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេក្របែលគាស់រំលីង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ តថាគតហៅអ្នកនោះថា អ្នកឥតកំណើត ម្នាលព្រាហ្មណ៍ កិរិយាដេកក្នុង គភ៌តទៅទៀត ដំណើរកើតក្នុងភពតទៅមុខទៀត (នោះ) តថាគតឯងបានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយបានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេក្របែលគាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ ម្នាលព្រាហ្មណ៍ ដែលអ្នកផងគេថា ព្រះសមណគោតម ជាមនុស្សឥតកំណើតនោះ គឺត្រូវត្រង់ហេតុនេះឯង ប៉ុន្តែមិនមែនត្រូវត្រង់ហេតុ ដែលអ្នកឯងនិយាយសំដៅនោះទេ។
[៣] ម្នាលព្រាហ្មណ៍ ប្រៀបដូចជាពងមាន់ទាំងឡាយ៨ក្តី ១០ក្តី ១២ក្តី ពងមាន់ទាំងនោះ គឺមេមាន់ក្រាបដោយប្រពៃហើយ ធ្វើឲ្យកក់ក្តៅដោយប្រពៃហើយ ឲ្យចាប់ក្លិនវាជាមេដោយប្រពៃហើយ (លុះដល់វេលាញាស់) ក៏បណ្តាកូនមាន់ទាំងនោះ កូនមាន់ណា ទំលាយសម្បកពង ដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់ចេញមកដោយស្រួលមុនគេបំផុត បើដូច្នេះ តើអ្នកផងគួរហៅកូនមាន់នោះថា កូនច្បង ឬកូនពៅហ៏។ ព្រាហ្មណ៍ក្រាបទូលថា បពិត្រព្រះគោតមដ៏ចម្រើន (កូនមាន់នោះ) គេគួរហៅថា កូនច្បង ព្រោះវាជាបងគេបំផុត។ ព្រះសាស្តាទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ កាលបើពពួកសត្វ ដូចជាពងមាន់ កើតហើយ មានអវិជ្ជាគឺសេចក្តីល្ងង់ ដូចជាសម្បកពងកំពុងរួបរឹតក្នុងលោក មានតែតថាគតម្នាក់ឯង ដែលទំលាយសម្បកពង គឺសេចក្តីល្ងង់ ហើយត្រាស់ដឹងខ្លួនឯងដោយប្រពៃនូវសម្មាសម្ពោធិញ្ញាណ ដែលមិនមានគុណជាតឯទៀត ប្រសើរជាងឡើយ ម្នាលព្រាហ្មណ៍ តថាគតឯងជាចម្បង ជាបុគ្គលប្រសើរបំផុតជាងសត្វលោក ម្នាលព្រាហ្មណ៍ ព្យាយាម តថាគតបានតាំងផ្តើមហើយ មិនបន្ធូរបន្ថយទេ ទាំងស្មារតី តថាគតក៏ប្រុងមិនឲ្យមានភ្លាត់ កាយសោត ក៏ស្ងប់រំងាប់មិនក្រវល់ក្រវាយ ចិត្តក៏នឹងល្អ ជាចិត្តមានអារម្មណ៍តែមួយ ម្នាលព្រាហ្មណ៍ តថាគតឯង លុះដល់ប្រាកដ ជាស្ងាត់ចាកកាមទាំងឡាយ ប្រាកដជាស្ងាត់ចាកធម៌ទាំងឡាយ ជាអកុសលហើយ ក៏ចូលដល់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍នៅហើយ។ លុះតថាគត ចូលទៅជិតរំងាប់វិតក្កៈ វិចារៈ រួចហើយ ក៏បានចូលដល់ទុតិយជ្ឈាន ជាទីផូរផង់ប្រព្រឹត្តទៅខាងក្នុង មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ វិចារៈ មានតែបីតិនិងសុខ កើតពីសមាធិនៅហើយ។ លុះលះបង់បីតិចេញហើយ តថាគតជាបុគ្គលព្រងើយ មានសតិ មានសេចក្តីដឹងច្បាស់នៅហើយ តថាគតសោយសុខដោយកាយផង អរិយបុគ្គលទាំងឡាយ តែងសំដែងនូវបុគ្គល ដែលបានតតិយជ្ឈានណា ថាជាបុគ្គលមានចិត្តព្រងើយ ជាអ្នកមានស្មារតី មានប្រក្រតីនៅជាសុខ តថាគតក៏បានដល់នូវតតិយជ្ឈាននោះហើយនៅ។ ព្រោះលះបង់នូវសេចក្តីសុខផង ព្រោះលះបង់នូវសេចក្តីទុក្ខផង ព្រោះរំលត់នូវសោមនស្ស និងទោមនស្ស អំពីមុនផង តថាគតបានចូលដល់ចតុត្ថជ្ឈានឥតទុក្ខ ឥតសុខ មានសតិដ៏ស្អាតព្រោះឧបេក្ខាហើយនៅ។ កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ តថាគតឯង ក៏បានបង្អោនចិត្តចូលទៅ ក្នុងបុព្វេនិវាសានុស្សតិញ្ញាណ (ញាណជាគ្រឿងរឭកជាតិមុនបាន)។ តថាគតឯង ក៏រឭកជាតិដែលបានអាស្រ័យនៅមកអំពីមុន ជាអនេកជាតិ។ រឭកជាតិបានដូចម្តេច។ រឭកបាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រឭកបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្ដកប្បក៏បាន ដូច្នេះថា តថាគតបានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគតច្យុតចាកអត្តភាពនោះ ហើយបានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ តថាគត ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគតឯងច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ។ តថាគតរឭកតាមនូវជាតិ ដែលអាស្រ័យនៅពីមុន បានច្រើនជាតិ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេសយ៉ាងនេះ។ ម្នាលព្រាហ្មណ៍ បឋមវិជ្ជានេះហើយ ដែលតថាគតបានត្រាស់ដឹងក្នុងយាមជាដំបូងនៃរាត្រី លុះដល់សេចក្តីល្ងង់ខ្ចាត់បាត់ទៅ សេចក្តីចេះដឹងប្រាកដ ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើងដល់តថាគត ដែលកំពុងអង្គុយប្រុងស្មារតី មិនប្រហែសធ្វេសខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុងឥតមាននឹកនាដល់កាយ និងជីវិតឡើយ ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវបឋមវិជ្ជានុ៎ះដូច្នោះដែរ។ ម្នាលព្រាហ្មណ៍ នេះឯងជាបឋមវិជ្ជាដែលតថាគតបានត្រាស់ដឹងហើយ ដូចជាកូនមាន់ញាស់ចេញចាកសម្បកពង។ កាលដែលចិត្តខ្ជាប់ខ្ជួនបរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មងជាចិត្តទន់សមគួរដល់កម្ម ជាចិត្តនឹងធឹងមិនញាប់ញ័រយ៉ាងនេះហើយ តថាគតទើបបង្អោនចិត្តចូលទៅក្នុងញាណ ដែលនាំឲ្យបានត្រាស់ដឹងនូវចុតិ និងបដិសន្ធិនៃសត្វទាំងឡាយ គឺចុតូបបាតញ្ញាណ។ តថាគតពិចារណាមើលនូវសត្វទាំងឡាយ ដែល ច្យុត និងចាប់បដិសន្ធិទាបថោក និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ ក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញ ក៏ឃើញច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាមិច្ឆាទិដ្ឋិ ប្រកាន់មាំនូវកម្ម ជាមិច្ឆាទិដ្ឋិ និយាយតិះដៀលអរិយបុគ្គលទាំងឡាយ សត្វទាំងនោះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯអបាយ2) ទុគ្គតិ3) វិនិបាត4) នរក5) មួយសោត អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាសម្មាទិដ្ឋិ ប្រកាន់មាំនូវកម្ម ជាសម្មាទិដ្ឋិ មិនតិះដៀលអរិយបុគ្គលទាំងឡាយ សត្វទាំងអម្បាលនោះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងលោក គឺសុគតិ6) និងស្ថានសួគ៌។7) តថាគតពិចារណាមើលនូវសត្វទាំងឡាយ ដែលច្យុត នឹងចាប់បដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ ក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញ ក៏ឃើញច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ។ ម្នាលព្រាហ្មណ៍ វិជ្ជាទី២នេះឯងហើយ ដែលតថាគតបានត្រាស់ដឹងក្នុងយាមជា កណ្តាលនៃរាត្រី លុះដល់សេចក្តីល្ងង់ខ្លៅបាត់ទៅ សេចក្តីចេះដឹងប្រាកដក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើងដល់តថាគតដែលកំពុងប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុងឥតមាននឹកនាដល់កាយ និងជីវិតឡើយ ដូចជាបណ្ឌិតទាំងឡាយដែលបាននូវវិជ្ជាទី២ នុ៎ះដូច្នោះដែរ។ ម្នាលព្រាហ្មណ៍ នេះឯងជាវិជ្ជាទី២ ដែលតថាគតបានត្រាស់ដឹងហើយ ដូចជាកូនមាន់ដែលញាស់ចេញចាកសម្បកពង។ កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹងមិនញាប់ញ័រ យ៉ាងនេះ ហើយ តថាគតទើបបង្អោនចិត្តចំពោះទៅក្នុងញាណជាហេតុឲ្យបានអស់ទៅនៃ អាសវៈទាំងឡាយ គឺអាសវក្ខយញ្ញាណ តថាគតក៏ដឹងប្រាកដតាមពិតថា នេះជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជាបដិបទាឲ្យបានដល់នូវសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា ធម៌ប៉ុណ្ណេះជាអាសវៈ ដឹងប្រាកដតាមពិតថាធម៌នេះជាហេតុនាំឲ្យ កើតអាសវៈ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់នៃអាសវៈ ដឹងប្រាកដតាមពិតថា នេះជាបដិបទាឲ្យបានដល់នូវសេចក្តីរលត់នៃអាសវៈ កាលដែលតថាគតដឹងយ៉ាងនេះ តថាគតឃើញយ៉ាងនេះ ចិត្តតថាគតក៏ផុតចាកគ្រឿងត្រាំគឺកាមផង គឺភពផង គឺអវិជ្ជាផង កាលបើចិត្តតថាគតបានរួចផុតស្រឡះហើយ ប្រាជ្ញាក៏កើតប្រាកដដល់តថាគតថា ចិត្តរួចផុតស្រឡះចាកអាសវៈហើយ ទាំងតថាគតក៏ដឹងច្បាស់ថា កំណើតរបស់អញអស់ហើយ ព្រហ្មចរិយធម៌អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញក៏បានធ្វើស្រេចហើយ កិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលព្រាហ្មណ៍ វិជ្ជាទី៣ នេះហើយ ដែលតថាគតបានត្រាស់ដឹងក្នុងយាមជាបំផុតនៃរាត្រី លុះដល់សេចក្តីល្ងង់ខ្លៅខ្ចាត់បាត់ទៅ សេចក្តីចេះដឹងប្រាកដក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើងដល់តថាគតដែលកំពុងអង្គុយប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុងឥតមាននឹកនាដល់កាយ និងជីវិតឡើយ ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវវិជ្ជាទី៣ នុ៎ះដូច្នោះដែរ។ ម្នាលព្រាហ្មណ៍ ការត្រាស់ដឹងរបស់តថាគត ជាគំរប់៣នេះ ដូចគ្នានឹងការញាស់ចេញរបស់កូនមាន់អំពីសម្បកពង។
[៤] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វេរញ្ជព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគវិញថា ព្រះគោតមដ៏ចម្រើន ព្រះអង្គជាចម្បងជាងមនុស្ស ប្រសើរបំផុតជាងមនុស្ស បពិត្រព្រះគោតមដ៏ចម្រើន ភាសិតរបស់ព្រះអង្គច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ភាសិតរបស់ព្រះអង្គច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ដែលព្រះអង្គសម្តែងហើយ ដោយអនេកបរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) គួរនាដូចជាមនុស្សចាប់របស់ដែលគេផ្កាប់ចុះឲ្យផ្ងារឡើង ពុំនោះ ដូចជាមនុស្សបើកបង្ហាញរបស់ដែលគេលាក់បិទបាំង ពុំនោះសោត ដូចជាមនុស្សប្រាប់ផ្លូវដល់អ្នកវង្វេងទិស ឬក៏ដូចជាមនុស្សកាន់ប្រទីបទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សមានភ្នែករមែងមើលឃើញនូវរូបទាំងឡាយ ខ្ញុំព្រះអង្គនោះសូមដល់នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹងទីរឭក ចាប់ដើម តាំងពីថ្ងៃនេះទៅសូមព្រះគោតមដ៏ចម្រើនជ្រាប នូវខ្ញុំព្រះអង្គថាជាឧបាសក ដល់សរណគមន៍ស្មើដោយជីវិត មិនតែប៉ុណ្ណោះទេ សូមព្រះគោតមដ៏ចម្រើន ទទួលនិមន្តគង់ចាំវស្សាជិតស្រុកវេរញ្ជាមួយអន្លើដោយភិក្ខុសង្ឃ។ ព្រះដ៏មានព្រះភាគក៏ព្រមទទួលនិមន្តដោយតុណ្ហីភាព។8) លំដាប់នោះ វេរញ្ជព្រាហ្មណ៍ដឹងច្បាស់ថា ព្រះអង្គទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ហើយធ្វើប្រទក្សិណដើរចេញទៅ។
[៥] សម័យនោះឯង ស្រុកវេរញ្ជាកើតអំណត់អត់បាយ មនុស្សទាំងឡាយចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក មនុស្សណាដែលក្រលំបាកស្រាប់ក៏ស្លាប់ មានឆ្អឹងស (ដេរដាសលើផែនដី) មនុស្សដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបាន ក៏មិនងាយនឹងទិញដូរ បើលុះតែមានស្លាកកាន់ជាសំគាល់ ទើបទិញដូរបាន ជនទាំងអស់ក្នុងស្រុកនោះព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក។ សម័យនោះ មានពួកឈ្មួញសេះនៅក្នុងឧត្តរាបថប្រទេស នាំសេះចំនួន៥០០ចូលមកនៅសម្រាកក្នុងស្រុកវេរញ្ជា ក្នុងរដូវខែវស្សា។ ពួកឈ្មួញដែលនៅក្នុងរោងសេះទាំងនោះ ក៏បានបញ្ញត្តគ្នាឲ្យប្រគេនបាយក្រៀមចំនួន១នាឡិៗម្នាក់ ដល់ភិក្ខុទាំងឡាយ។ លុះដល់ពេលបុព្វណ្ហសម័យ9) ភិក្ខុទាំងឡាយស្លៀកស្បង់ទ្រង់ចីវរ និងបាត្រនាំគ្នាចូលទៅបិណ្ឌបាត ក្នុងស្រុកវេរញ្ជា ក៏មិនប្រទះបានអាហារបិណ្ឌបាតសោះឡើយ ទើបទៅបិណ្ឌបាតខាងពួកឈ្មួញឯរោងសេះវិញ ក៏បានបាយក្រៀម១នាឡិៗម្នាក់ ហើយវិលមកអារាមយកបាយក្រៀមនោះបុកក្នុងត្បាល់រួចនាំគ្នាឆាន់។ ចំណែកខាងព្រះអានន្ទដ៏មានអាយុ យកបាយក្រៀម១នាឡិ កិនក្នុងត្បាល់ថ្មហើយយកទៅថ្វាយព្រះដ៏មានព្រះភាគ។ ព្រះអង្គក៏ទ្រង់ទទួលសោយបាយក្រៀមនោះ។ វេលានោះ ព្រះសម្ពុទ្ធទ្រង់បានឮសូរត្បាល់ និងអង្រែនោះដែរ។ ព្រះតថាគតទាំងឡាយ បានជ្រាបនូវហេតុហើយសួរក៏មាន បានជ្រាបហើយមិនសួរក៏មាន ជ្រាបច្បាស់នូវកាលគួរហើយសួរក៏មាន ជ្រាបច្បាស់នូវកាលគួរហើយមិនសួរក៏មាន ឯព្រះតថាគតទាំងឡាយ ព្រះអង្គតែងសួរនូវការណាដែលប្រកបដោយប្រយោជន៍ កម្មដែលមិនប្រកបដោយប្រយោជន៍ ព្រះអង្គមិនសួរឡើយ ព្រោះព្រះតថាគតទាំងឡាយ ទ្រង់បានផ្តាច់បង់នូវកម្មមិនប្រកបដោយប្រយោជន៍ ទាំងឡាយ ដោយអរិយមគ្គជ្រះស្រឡះហើយ។ ព្រះសព្វញ្ញុពុទ្ធដ៏មានជោគទាំងឡាយ ទ្រង់តែងសួរនូវភិក្ខុទាំងឡាយ ដោយហេតុពីរប្រការ គឺទ្រង់សួរដើម្បីនឹងសម្តែងនូវធម៌១ ដើម្បីនឹងបញ្ញត្តនូវសិក្ខាបទដល់សាវកទាំងឡាយ១។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ហៅព្រះអានន្ទដ៏មានអាយុមក ហើយទ្រង់សួរថា ម្នាលអានន្ទ សូរសម្លេងនោះជាសូរត្បាល់អង្រែឬអ្វី។ ទើបព្រះអានន្ទដ៏មានអាយុ ក្រាបទូលរឿងនុ៎ះឲ្យព្រះដ៏មានព្រះភាគជ្រាបគ្រប់ប្រការ។ ព្រះអង្គត្រាស់សសើរថា ត្រូវហើយអានន្ទ ប្រពៃហើយអានន្ទ អ្នកឯងរាល់គ្នាជាសប្បុរសឈ្នះវិសេសហើយ បណ្តាលជនខាងក្រោយគេនឹងនឹកចង់ឲ្យនូវចង្ហាន់ដែលគេចំអិន ដោយអង្ករស្រូវខ្សាយ ព្រមទាំងម្ហូបលាយដោយសាច់ដ៏ឆ្ងាញ់ពិសារ (ដល់អ្នករាល់គ្នា)។
[៦] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់បានក្រាបថ្វាយបង្គំព្រះអង្គដោយគោរព រួចហើយក៏គង់ក្នុងទីដ៏សមគួរ។ លុះព្រះមហាមោគ្គល្លានដ៏មានអាយុគង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបទួលស្នើសេចក្តីនេះចំពោះព្រះដ៏មានព្រះភាគថាសូមទ្រង់ព្រះ មេត្តាប្រោស ឥឡូវនេះ ស្រុកវេរញ្ជាកើតអំណត់អត់បាយ មនុស្សទាំងឡាយនឹងចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក មនុស្សណាដែលក្រលំបាកស្រាប់ក៏ស្លាប់មានឆ្អឹងស (ដេរដាសលើផែនដី) មនុស្សដែលមានទ្រព្យ សម្បត្តិ ល្មមទិញដូរស្រូវអង្ករគេបាន ក៏មិនងាយនឹងទិញដូរ បើលុះតែមានស្លាកកាន់ជាសំគាល់នោះទើបទិញដូរបាន ជនទាំងអស់ក្នុងស្រុកនោះ នឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេក សូមទ្រង់ព្រះមេត្តា ប្រោស ផ្ទៃខាងក្រោមនៃផែនដីនេះ មានឱជារសផ្អែមដូចទឹកឃ្មុំ ដែលស្អាតបរិសុទ្ធឥតលាយច្រឡំដោយមេឃ្មុំ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គចង់ប្រែត្រឡប់ផែនដីនេះឲ្យផ្ងារឡើង ដើម្បីនឹងឲ្យភិក្ខុទាំងឡាយឆាន់នូវឱជារស ដែលកើតឡើងអំពីស្រទាប់នៃផែនដីនោះ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលមោគ្គល្លាន ចុះអ្នកនឹងយកមនុស្ស សត្វទាំងឡាយដែលនៅអាស្រ័យលើផែនដីនេះ អោយទៅនៅឯណា។ ព្រះមហាមោគ្គល្លានទូលតបថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គនឹងនិម្មិតបាតដៃម្ខាង ឲ្យបានដូចជាផែនដី ធំ នឹងឲ្យសត្វទាំងឡាយដែលនៅអាស្រ័យលើផែនដី មកនៅលើបាតដៃម្ខាងនោះ ហើយខ្ញុំព្រះអង្គនឹងប្រែនូវផែនដីដោយដៃម្ខាង។ ព្រះអង្គទ្រង់ឃាត់ថា មោគ្គល្លាន អ្នកកុំពេញចិត្តនឹងត្រឡប់ផែនដីនោះឡើយ សត្វទាំងឡាយនឹងបាននូវសេចក្តីជ្រួលជ្រើមរបល់។ ព្រះមហាមោគ្គល្លានក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ព្រះពុទ្ធដីកាដែលទ្រង់ត្រាស់មកនោះប្រពៃហើយ (បើដូច្នោះ) សូមឲ្យភិក្ខុសង្ឃទាំងអស់ទៅបិណ្ឌបាតឯឧត្តរកុរុទ្វីបវិញ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលមោគ្គល្លាន ចុះភិក្ខុទាំងឡាយឯណាដែលមិនមានឫទ្ធិ អ្នកនឹងធ្វើនូវភិក្ខុទាំងនោះដូចម្តេចទៅ។ ព្រះមហាមោគ្គល្លានក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ភិក្ខុទាំងអស់នឹងទៅបានយ៉ាងណា ខ្ញុំព្រះអង្គនឹងធ្វើយ៉ាងនោះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបថា កុំ មោគ្គល្លាន អ្នកកុំពេញចិត្តឲ្យភិក្ខុសង្ឃទាំងអស់ទៅបិណ្ឌបាតឯឧត្តរកុរុទ្វីប នោះឡើយ។
[៧] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ លោកចូលទៅនៅក្នុងរហោឋានជាទីចេញចាកពួក ហើយសម្ងំនៅក្នុងកម្មដ្ឋាន មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រហ្មចរិយធម៌10) របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយាធម៌មិនឋិតនៅយូរ ព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយធម៌ឋិតនៅយូរ។ គ្រានោះ ព្រះសារីបុត្តត្ថេរដ៏មានអាយុ ចេញចាកទីសម្ងំពួនក្នុងវេលាសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ បានក្រាបថ្វាយបង្គំព្រះអង្គដោយគោរព ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្រដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលសួរ ចំពោះព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គចូលទៅនៅក្នុងរហោឋានជាទីចេញចាកពួក ហើយសម្ងំនៅក្នុងកម្មដ្ឋាន មានសេចក្តីត្រិះរិះថា ព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ ព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយធម៌ឋិតនៅយូរ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី១ ព្រះដ៏មានព្រះភាគព្រះនាមសិខី១ ព្រះដ៏មានព្រះភាគព្រះនាមវេស្សភូ១ ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ ម្នាលសារីបុត្ត ឯព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគព្រះនាមកកុសន្ធ១ ព្រះដ៏មានព្រះភាគព្រះនាមកោនាគមន១ ព្រះដ៏មានព្រះភាគព្រះនាមកស្សប១ ជាព្រហ្មចរិយធម៌ឋិតនៅបានយូរ។ ព្រះសារីបុត្តត្ថេរក្រាបទូលសួរថា សូមទ្រង់ព្រះមេត្តាប្រោស ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី១ ព្រះដ៏មានព្រះភាគព្រះនាមសិខី១ ព្រះដ៏មានព្រះភាគព្រះនាមវេស្សភូ១ បានជាមិនឋិតនៅយូរ នោះតើព្រោះហេតុ និងបច្ច័យដូចម្តេច។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី១ ព្រះដ៏មានព្រះភាគព្រះនាមសិខី១ ព្រះដ៏មានព្រះភាគព្រះនាមវេស្សភូ១ ព្រះអង្គមិនសូវប្រឹងប្រែង 11) សំដែងធម៌ដល់សាវកទាំងឡាយដោយពិស្តារប៉ុន្មានទេ ព្រហ្មចរិយធម៌មានអង្គ៩ប្រការ របស់ព្រះពុទ្ធទាំងឡាយនោះគឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ជាធម៌មានចំនួនតិចៗណាស់ សិក្ខាបទក៏ព្រះពុទ្ធទាំងនោះមិនបានបញ្ញត្តដល់សាវកទាំងឡាយទេ អាណាបាតិមោក្ខ ក៏ព្រះពុទ្ធទាំងនោះមិនបានសំដែងឡើយ ដល់អំណើះ ឥតពីព្រះពុទ្ធដ៏មានជោគទាំងឡាយនោះទៅ អំណើះឥតពីសាវកទាំងឡាយជាអ្នកត្រាស់ដឹងតាមព្រះពុទ្ធនោះទៅ សាវកទាំងឡាយជាខាងក្រោយតមក ដែលមាននាមផ្សេងៗគ្នា មានគោត្តផ្សេងៗគ្នា មានជាតិផ្សេងៗគ្នា ចេញពីត្រកូលផ្សេងៗគ្នា ហើយបួសនោះ ក៏ញុំាងព្រហ្មចរិយធម៌នោះឲ្យសាបសូន្យបាត់អស់ភ្លាមទៅ ម្នាលសារីបុត្ត ឧបមាដូចជាផ្កាឈើផ្សេងៗ ដែលគេមិនបានដោតក្រងចងដោយចេសហើយ គេដាក់លើបន្ទះក្តារ ខ្យល់ក៏រមែងតែបក់បោកកំចាត់កំចាយផ្កាទាំងនោះឲ្យវិនាសអស់ទៅ ខ្យល់ដែលធ្វើនូវផ្កាទាំងនោះឲ្យវិនាស ព្រោះហេតុអ្វី ពីព្រោះផ្កាទាំងនោះ គេមិនបានដោតក្រង ចងដោយចេស ក៏សេចក្តីនេះយ៉ាងណាមិញ ម្នាលសារីបុត្ត លុះអំណើះឥតនឹងព្រះសម្ពុទ្ធដ៏ទ្រង់ព្រះភាគ (ទាំង៣ព្រះអង្គ) នោះ និងពួកសាវកដែលជាអ្នកត្រាស់ដឹងតាមព្រះពុទ្ធទាំងនោះទៅហើយ ពួកសាវកជាន់ក្រោយៗ តមក មាននាម គោត្ត ជាតិផ្សេងៗគ្នា ដែលចេញចាកត្រកូលផ្សេងៗគ្នាមកបួសនោះ ក៏ញុំាងព្រហ្មចរិយធម៌នោះឲ្យវិនាសទៅឆាប់ភ្លាម ដូចជាផ្កាឥតកំរងយ៉ាងនោះឯង ម្យ៉ាងទៀត ព្រះពុទ្ធដ៏មានជោគទាំងនោះ លោកមិនសូវប្រឹងប្រែងស្ទង់ចិត្ត (របស់សាវក) ដោយព្រះហឫទ័យ (របស់ព្រះអង្គ) ហើយទូន្មាននូវសាវកទាំងឡាយប៉ុន្មានឡើយ ម្នាលសារីបុត្ត ពីដើមមកមានរឿងដំណាលថា ព្រះអរហំសម្មាសម្ពុទ្ធដ៏មានជោគ ទ្រង់ព្រះនាមវេស្សភូ ព្រះអង្គកំណត់នូវចិត្ត (របស់សាវក) ដោយព្រះហឫទ័យ (របស់ព្រះអង្គ) ហើយទ្រង់ទូន្មានប្រៀនប្រដៅភិក្ខុសង្ឃចំនួន១ពាន់រូបនៅនាដងព្រៃមួយ ជាដងព្រៃគួរស្បើម ដោយពុទ្ធភាសិតថា អ្នកទាំងឡាយចូររិះគិតយ៉ាងនេះ កុំរិះគិតយ៉ាងនេះឡើយ ចូរយកចិត្តទុកដាក់យ៉ាងនេះ កុំយកចិត្តទុកដាក់យ៉ាងនេះឡើយ ចូរលះបង់អំពើយ៉ាងនេះចេញ ហើយចូរផ្តេកផ្តួលចិត្តឲ្យប្រដិតប្រជីទៅរកអំពើនេះវិញ ម្នាលសារីបុត្ត នៅវេលាដែលព្រះអរហំសម្មាសម្ពុទ្ធដ៏មានជោគ ទ្រង់ព្រះនាមវេស្សភូ ទ្រង់បានទូន្មានប្រៀនប្រដៅយ៉ាងនេះៗហើយ ចិត្តរបស់ភិក្ខុទាំង១ពាន់រូបនោះ ក៏បានរួចស្រឡះចាកអាសវក្កិលេស មិនមានសេចក្តីប្រកាន់មាំឡើយ ម្នាលសារីបុត្ត ដងព្រៃដែលមាននៅទីនោះ មុខគួរឲ្យស្បើមពេកណាស់ បើបុគ្គលណាមួយមិនទាន់ប្រាសចាករាគៈនៅឡើយទេ លុះបានចូលទៅកាន់ដងព្រៃនោះហើយ បុគ្គលនោះនឹងព្រឺរោមដោយច្រើន ម្នាលសារីបុត្ត ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគ ព្រះនាមវិបស្សី១ ព្រះនាមសិខី១ ព្រះនាមវេស្សភូ១ ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ ព្រោះហេតុ និងបច្ច័យប៉ុណ្ណេះឯង។ ព្រះសារីបុត្តក្រាបទូលសួរតទៅទៀតថា សូមទ្រង់ព្រះមេត្តាប្រោស ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគព្រះនាមកកុសន្ធ១ ព្រះនាមកោនាគមន១ ព្រះនាមកស្សប១ (ទាំង៣ព្រះអង្គនេះ) បានជាឋិតនៅយូរ តើព្រោះហេតុ និងបច្ច័យអ្វី។ ព្រះសព្វញ្ញុពុទ្ធត្រាស់តបថា ម្នាលសារីបុត្ត ឯព្រះដ៏មានព្រះភាគព្រះនាមកកុសន្ធ១ ព្រះនាមកោនាគមន១ ព្រះនាមកស្សប១ (ទាំង៣ព្រះអង្គនោះ) ទ្រង់មានសេចក្តីឧស្សាហ៍ខ្វល់ខ្វាយសំដែងធម៌ដល់ពួកសាវកដោយពិស្តារ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ របស់ព្រះពុទ្ធទាំង៣ព្រះអង្គនោះក៏សឹងមានច្រើន ព្រះអង្គទ្រង់បញ្ញត្តសិក្ខាបទ ទ្រង់សំដែងអាណាបាតិមោក្ខដល់ពួកសាវក លុះព្រះសម្ពុទ្ធដ៏មានជោគទាំងអម្បាលនោះ ទ្រង់ចូលនិព្វានទៅ ទាំងសាវកដែលត្រាស់ដឹងតាមព្រះពុទ្ធទាំងនោះ ក៏និព្វានអស់ទៅទៀត សាវកទាំងឡាយជាន់ក្រោយៗតមក ដែលមាននាមផ្សេងៗគ្នា មានគោត្តផ្សេងៗគ្នា មានជាតិផ្សេងៗគ្នា បានចេញអំពីត្រកូលផ្សេងៗគ្នា ហើយបួសនោះ ក៏បានញុំាងព្រហ្មចរិយធម៌ ឲ្យឋិតថេរអស់កាលជាអង្វែងតមក ម្នាលសារីបុត្ត មានគួរនាដូចជា ផ្កាឈើផ្សេងៗដែលគេក្រងដោយចេស ហើយដាក់លើបន្ទះក្តារ ខ្យល់ក៏មិន (អាច) បក់បោកផ្កាទាំងនោះឲ្យរាត់រាយខ្ចាត់ខ្ចាយវិនាសទៅបានឡើយ សេចក្តីនោះព្រោះហេតុអ្វី ព្រោះថា ផ្កាទាំងនោះ គេក្រងចងខ្ជាប់ដោយអម្បោះ នេះមានឧបមាយ៉ាងណាមិញ ម្នាលសារីបុត្ត សេចក្តីឧបមេយ្យក៏ដូចគ្នាដែរ លុះព្រះពុទ្ធដ៏មានជោគទាំងអម្បាលនោះចូលនិព្វានទៅហើយ សាវកទាំងឡាយដែលត្រាស់ដឹងតាមព្រះពុទ្ធទាំងនោះ ក៏និព្វានទៅហើយដែរ សាវកទាំងឡាយជាខាងក្រោយ ដែលមានឈ្មោះផ្សេងៗគ្នា មានគោត្តផ្សេងៗគ្នា មានជាតិផ្សេងៗគ្នា ចេញចាកត្រកូលផ្សេងៗហើយបួស ក៏ញុំាងព្រហ្មចរិយធម៌ (សាសនា) ឲ្យឋិតនៅជាអង្វែងមក ម្នាលសារីបុត្ត នេះឯងជាហេតុ ជាបច្ច័យ ញុំាងព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគ ទ្រង់ព្រះនាមកកុសន្ធក្តី ព្រះដ៏មានព្រះភាគទ្រង់ព្រះនាមកោនាគមនក្តី ព្រះដ៏មានព្រះភាគទ្រង់ព្រះនាមកស្សបក្តីឲ្យឋិតនៅបានយូរ។
[៨] លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុក្រោកចាកអាសនៈ ហើយធ្វើសម្ពត់ឧត្តរាសង្គឆៀងស្មាម្ខាង ប្រណម្យអញ្ជលីចំពោះព្រះដ៏មានព្រះភាគ ហើយក្រាបទូលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស កាលនេះជាកាលគួរហើយ បពិត្រព្រះសុគត កាលនេះជាកាលគួរដល់ព្រះដ៏មានព្រះភាគជាម្ចាស់ ៗគួរបញ្ញត្តសិក្ខាបទ គួរសំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ព្រោះកិច្ចដូច្នេះហើយ ជាហេតុនឹងឲ្យព្រហ្មចរិយធម៌ឋិតថេរអស់កាលអង្វែងទៅ។ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត អ្នកចូរបង្អង់សិន ម្នាលសារីបុត្ត អ្នកចូរបង្អង់សិន តថាគតឯងសឹងដឹងកាលគួរក្នុងកិច្ចដែលនឹងបញ្ញត្តសិក្ខាបទជាដើមនោះ ម្នាលសារីបុត្ត ក៏ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងនៃអាសវៈ មិនទាន់ប្រាកដចំពោះសង្ឃក្នុងសាសនានេះត្រឹមណា ព្រះសាស្តា ក៏មិនទាន់បញ្ញត្តសិក្ខាបទ មិនទាន់សំដែងអាណាបាតិមោក្ខ ដល់សាវកទាំងឡាយត្រឹមនោះ ម្នាលសារីបុត្ត ធម៌ទាំងឡាយខ្លះជាទីតាំងនៃអាសវៈ មានប្រាកដចំពោះសង្ឃក្នុងសាសនានេះក្នុងកាលណា ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយក្នុងកាលនោះ ដើម្បីនឹងការពាររារាំងនូវធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ទាំងនោះប៉ុណ្ណោះ ម្នាលសារីបុត្ត សង្ឃនៅមិនទាន់មានភិក្ខុបួសចាស់វស្សាច្រើនគ្នាត្រឹមណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏មិនទាន់មានប្រាកដចំពោះសង្ឃក្នុងសាសនានេះត្រឹមនោះ ម្នាលសារីបុត្ត ម្យ៉ាងទៀត សង្ឃបានដល់នូវសេចក្តីចម្រើន មានភិក្ខុបួសចាស់វស្សាច្រើនគ្នាក្នុងកាលណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏នឹងមានប្រាកដចំពោះសង្ឃក្នុងសាសនានេះក្នុងកាលនោះ ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ដើម្បីការពាររារាំងនូវធម៌ទាំងឡាយដែលជាទីតាំងនៃអាសវៈទាំងអម្បាល នោះ ក្នុងកាលនោះឯង ម្នាលសារីបុត្ត សង្ឃមិនទាន់បាននូវសេចក្តីចំរើន មានគ្នាច្រើនត្រឹមណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏មិនទាន់មានប្រាកដចំពោះសង្ឃក្នុងសាសនានេះត្រឹមនោះ ម្នាលសារីបុត្ត ម្យ៉ាងទៀត សង្ឃបានដល់នូវសេចក្តីចម្រើន មានគ្នាច្រើនក្នុងកាលណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏មានប្រាកដចំពោះសង្ឃក្នុងសាសនានេះក្នុងកាលនោះ ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ដើម្បីការពាររារាំងនូវធម៌ដែលជាទីតាំងនៃអាសវៈទាំងអម្បាលនោះ ក្នុងកាលនោះឯង ម្នាលសារីបុត្ត សង្ឃមិនទាន់ដល់នូវសេចក្តីចំរើន ដោយលាភសក្ការៈដ៏ប្រសើរត្រឹមណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏នៅមិនទាន់មានប្រាកដចំពោះសង្ឃត្រឹមនោះ ម្នាលសារីបុត្ត លុះសង្ឃដល់នូវសេចក្តីចំរើន ដោយលាភសក្ការៈដ៏ប្រសើរក្នុងកាលណា ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈ ក៏មានប្រាកដចំពោះសង្ឃក្នុងកាលនោះដែរ ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ដើម្បីការពាររារាំងនូវធម៌ដែលជាទីតាំងនៃអាសវៈទាំងអម្បាលនោះ ក្នុងកាលនោះឯង ម្នាលសារីបុត្ត ពីព្រោះ (ឥឡូវ) ភិក្ខុសង្ឃនៅមិនទាន់មានពុត (ហ៊ានលបលួចធ្វើអាក្រក់) នៅឡើយ មិនទាន់មានទោសមោះមៃនៅឡើយ កំពុងនៅមានធម៌បរិសុទ្ធ ឥតទាន់មានពណ៌ខ្មៅសៅហ្មង សុទ្ធសឹងតែផូរផង់ ផ្ចង់ចិត្តស្ថិតនៅក្នុងធម៌មានខ្លឹមនៅឡើយ ម្នាលសារីបុត្ត ក៏បណ្តាភិក្ខុទាំង៥០០រូប12) នេះ ភិក្ខុដែលមានមគ្គផលយ៉ាងទាបចុងគេបំផុតនោះ ក៏គង់បានសម្រេចត្រឹមថ្នាក់សោតៈ ជាបុគ្គលទៀងទាត់ លែងធ្លាក់ទៅក្នុងអបាយភូមិហើយ នឹងបានត្រាស់ដឹងមគ្គផលតៗទៅទៀតជាប្រាកដ។
[៩] (លុះដល់ចេញវស្សាហើយ) ព្រះដ៏មានជោគ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមក ហើយមានព្រះបន្ទូលថា អានន្ទ ទំនៀមព្រះតថាគតទាំងឡាយ បើអ្នកណាគេនិមន្តឲ្យនៅចាំវស្សាហើយ តែនៅមិនទាន់បានលាអ្នកនោះទេ ក៏មិនដែលចៀសចេញ (ពីទីនោះ) ទៅកាន់ជនបទចារិកឡើយ ចរិតនេះជាទំនៀមរបស់ព្រះតថាគតទាំងឡាយ មកអានន្ទ យើងនឹងទៅលាវេរញ្ជព្រាហ្មណ៍។ ព្រះអានន្ទដ៏មានអាយុក៏ទទួលព្រះពុទ្ធដីកាថា សូមទ្រង់ព្រះមេត្តាប្រោស មែនយ៉ាងនេះហើយ។ លំដាប់នោះ ព្រះភគវា ព្រះអង្គទ្រង់ស្បង់ចីពរ ព្រមទាំងបាត្រស្រេចហើយ ទ្រង់យកព្រះអានន្ទដ៏មានអាយុជាបច្ឆាសមណៈ (ឲ្យនិមន្តតាមក្រោយព្រះអង្គទៅ) ទ្រង់យាងសំដៅទៅរកលំនៅរបស់វេរញ្ជព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេរៀបចំថ្វាយ។ គ្រានោះ វេរញ្ជព្រាហ្មណ៍ ក៏ចូលមកគាល់ព្រះអង្គ លុះមកដល់ទីគំនាល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះអង្គដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ។ កាលបើវេរញ្ជព្រាហ្មណ៍អង្គុយស្រួលបួលហើយ ក៏ព្រះដ៏មានព្រះភាគមានព្រះបន្ទូលថា ព្រាហ្មណ៍ អ្នកឯងបាននិមន្តយើងឲ្យនៅចាំវស្សា (ឥឡូវ) ចេញវស្សាហើយ យើងត្រូវលាអ្នកនឹងចេញទៅកាន់ជនបទចារិក។ វេរញ្ជព្រាហ្មណ៍ ក៏ក្រាបទូលតបថា បពិត្រព្រះគោតមដ៏ចំរើន មែនហើយ ខ្ញុំព្រះអង្គបាននិមន្តសូមឲ្យព្រះអង្គគង់ចាំវស្សា តែថាទេយ្យធម៌ដែលខ្ញុំព្រះអង្គបំរុងនឹងថ្វាយនោះ ខ្ញុំព្រះអង្គមិនទាន់បានថ្វាយនៅឡើយ ឯទេយ្យធម៌នោះ មិនមែនជាគ្មានទេ ខ្ញុំព្រះអង្គនឹងបានបំរុងថានឹងមិនថ្វាយនោះក៏ទេ (ចេះតែខានមិនទាន់បានថ្វាយ) ព្រោះជាតិជាគ្រហស្ថអ្នកគ្រប់គ្រងផ្ទះសម្បែង រមែងមានកិច្ចរវល់ច្រើន មានការងារក៏ច្រើន ចំណែកខាងព្រះអង្គសោត ទ្រង់នឹងបានទេយ្យធម៌នោះមកពីណា សូមព្រះគោតមដ៏ចំរើន ព្រមទាំងព្រះភិក្ខុសង្ឃទទួលចង្ហាន់របស់ខ្ញុំព្រះអង្គក្នុងថ្ងៃស្អែក សិន។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ទទួលនិមន្តដោយតុណ្ហីភាព។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ក៏ត្រាស់សំដែងធម៌ ពន្យល់ណែនាំឲ្យវេរញ្ជព្រាហ្មណ៍យល់ប្រយោជន៍ក្នុងបច្ចុប្បន្ន និងបរលោក ឲ្យជឿជាក់ក្នុងកុសលធម៌ ឲ្យរីករាយ ខ្មីឃ្មាតសង្វាតធ្វើការកុសល រួចទ្រង់ក្រោកចាកអាសនៈ ហើយយាងត្រឡប់មកវិញ។ ដល់វេលាព្រឹកឡើង វេរញ្ជព្រាហ្មណ៍ បង្គាប់ជនទាំងឡាយឲ្យចាត់ចែងធ្វើខាទនីយភោជនីយាហារ (បង្អែម និងចំអាប) ដ៏ឆ្ងាញ់ពិសារក្នុងលំនៅរបស់ខ្លួនស្រេចហើយ ទើបចាត់បំរើឲ្យទៅក្រាបទូលព្រះដ៏មានព្រះភាគតាមកំណត់ពេលថា បពិត្រព្រះគោតមដ៏ចំរើន កាលនេះជាកាលគួរហើយ ចង្ហាន់ក៏បានរៀបចំស្រេចហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគព្រះអង្គទ្រង់ស្បង់ ចីវរព្រមទាំងបាត្រ ហើយយាងចូលទៅកាន់លំនៅនៃវេរញ្ជព្រាហ្មណ៍ ជាមួយនឹងព្រះភិក្ខុសង្ឃក្នុងវេលាព្រឹកនោះ លុះដល់ហើយ ទ្រង់គង់លើអាសនៈដែលគេរៀបចំថ្វាយ។ វេលានោះ វេរញ្ជព្រាហ្មណ៍ បានអង្គាសថ្វាយខាទនីយភោជនីយាហារ (បង្អែម និងចំអាប) ដ៏ឆ្ងាញ់ពិសារដោយដៃខ្លួនឯង ចំពោះព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ត្រាតែដល់លោកប្រកែកលែងទទួលទៀត លុះព្រះដ៏មានជោគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏ថ្វាយចីវរ១ត្រៃ ហើយប្រគេនសម្ពត់ព្រះភិក្ខុសង្ឃ១គូៗរាល់អង្គ។ លំដាប់នោះ ព្រះភគវាទ្រង់ត្រាស់សំដែងធម៌ណែនាំពន្យល់ឲ្យវេរញ្ជព្រាហ្មណ៍យល់ ប្រយោជន៍ក្នុងបច្ចុប្បន្ន និងបរលោក ឲ្យជឿជាក់ក្នុងកុសលធម៌ ឲ្យរីករាយខ្មីឃ្មាតសង្វាតធ្វើកុសល រួចព្រះអង្គក្រោកចាកអាសនៈ ហើយទ្រង់យាងត្រឡប់មកវិញ។ លុះព្រះអង្គគង់នៅជិតស្រុកវេរញ្ជា តាមគួរដល់អធ្យាស្រ័យហើយ ទ្រង់ក៏យាងចេញទៅកាន់នគរសោរេយ្យ រួចទៅនគរសង្កស្ស ហើយហួសទៅនគរកណ្ណកុជ្ជៈ (តពីនោះទៅ) ទ្រង់យាងសំដៅទៅស្រុកបយាគបតិដ្ឋាន លុះទៅដល់ហើយ ទ្រង់ឆ្លងគង្គានទីក្នុងស្រុកបយាគបតិដ្ឋាន ហើយយាងទៅដល់នគរពារាណសី។ គ្រានោះ ព្រះអង្គគង់កំសាន្តក្នុងក្រុងពារាណសី ហើយទ្រង់ចៀសទៅកាន់ចារិកនៃក្រុងវេសាលី កាលទ្រង់យាងទៅកាន់ចារិកតាមលំដាប់ ក៏បានទៅដល់ក្រុងវេសាលី។ បានឮថា ព្រះដ៏មានជោគ ព្រះអង្គទៅគង់សម្រាន្តឥរិយាបថក្នុងកូដាគារសាលា នៅនាមហាវន (ព្រៃធំ) ជិតក្រុងវេសាលីនោះ។
វារៈសំដែងអំពីនិទានវេរញ្ជព្រាហ្មណ៍ ចប់។