km:tipitaka:vin:vbu:sg:index

សង្ឃាទិសេសកណ្ឌ មាតិកា



vin vbu sg បាលី cs-km: vin.vbu.sg អដ្ឋកថា: vin.vbu.sg_att PTS: ?

សង្ឃាទិសេសកណ្ឌ

មាតិកា

ធ្វើ​​ឡើង​​សម្រាប់​​ព្រះ​​សង្ឃ​ ដោយ​

ពុទ្ធ​បរិស័ទ នៃ sangham.net

សង្ខេប

«អាបត្តិទាំងឡាយឈ្មោះសង្ឃាទិសេស​ទាំង​១៣ ខ្ញុំសំដែងឡើងហើយ អាបត្តិទាំងឡាយ៩ ហៅថាបឋមាបត្តិកា គឺត្រូវអាបត្តិក្នុងវេលាធ្វើ​ឲ្យ​កន្លង​បញ្ញត្តិជាដម្បូង អាបត្តិទាំងឡាយ៤ ហៅថា យាវតតិយកា គឺត្រូវ​អាបត្តិក្នុងវេលាដែល​សង្ឃ​សូត្រប្រកាសហាមជាគំរប់បីដង ហើយមិនលះបង់ការអាក្រក់នោះ បណ្តាអាបត្តិទាំង១៣ បើ​ភិក្ខុណា​ត្រូវអាបត្តិណានីមួយ ហើយដឹងច្បាស់ បិទបាំងទុកអស់ប៉ុន្មានថ្ងៃ ភិក្ខុនោះត្រូវនៅបរិវាស​អស់ប៉ុណ្ណោះថ្ងៃ ព្រោះខ្លួនមិនមានសេចក្តីប្រាថ្នានឹងនៅបរិវាស។ ភិក្ខុដែលនៅបរិវាសហើយ ត្រូវ​ប្រព្រឹត្តភិក្ខុមានត្ត អស់៦រាត្រីតទៅទៀត។ ភិក្ខុប្រព្រឹត្តមានត្តហើយ ភិក្ខុសង្ឃពួក២០រូបមានក្នុង​ទីណា ភិក្ខុនោះ គឺភិក្ខុសង្ឃពួក២០រូប គប្បី​ឲ្យ​អព្ភាន កម្មក្នុងទីនោះ។ បើភិក្ខុសង្ឃមិនគ្រប់២០រូបទេ សូម្បីខ្វះតែមួយរូប ហើយខំតែឲ្យអព្ភានកម្ម​ដល់ភិក្ខុនោះ។ ឯភិក្ខុនោះ មិនបានឈ្មោះថា សង្ឃឲ្យអព្ភានកម្មផង ទាំងពួកភិក្ខុ (ជាការកសង្ឃ) នោះ ឈ្មោះថា ត្រូវព្រះពុទ្ធជាម្ចាស់តិះដៀលបានផង។» (ពី § ៣៣០ )

មាតិកា សង្ឃាទិសេសកណ្ឌ

សង្ឃាទិសេស ទី១ (vin.vbu.sg.01 | ភាគ ២)

សង្ឃាទិសេស ទី១ គឺ វិសដ្ឋិ ការ​បញ្ចេញ​ទឹក​សុក្ក​១៖ «ភិក្ខុ​ក្លែង​ញុំាង​ទឹក​សុក្ក​ឲ្យ​ឃ្លាត​ចេញ ត្រូវ​​សង្ឃាទិសេស លើក​លែងតែ​យល់​សប្តិ។»

 

សង្ឃាទិសេស ទី២ (vin.vbu.sg.02 | ភាគ ២)

សង្ឃាទិសេស ទី២ គឺ កាយសំសគ្គោ ស្ទាប​អង្អែល​កាយ​ស្រី៖ «ភិក្ខុ​ណា​មួយ​គឺ​កាមរាគ​គ្រប​សង្កត់​ហើយ មាន​ចិត្ត​ប្រែ​ប្រួល​ហើយ ដល់​ព្រម​នូវ​កាយ​សំសគ្គ​មួយ​អន្លើ​ដោយ​មាតុគ្រាម ទោះ​ចាប់​ដៃ​ក្តី ចាប់​ផ្នួង​សក់​ក្តី ឬ​​ស្ទាប​អង្អែល​អវយវត្រង់​ណា​ៗ​ក្តី ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​សង្ឃាទិសេស។»

 

សង្ឃាទិសេស ទី៣ (vin.vbu.sg.03 | ភាគ ២)

សង្ឃាទិសេស ទី៣ គឺ ទុដ្ឋុល្លំ ពោល​ពាក្យ​អាក្រក់៖ «ភិក្ខុ​ណា​​មួយ គឺ​រាគ​គ្រប​សង្កត់​ហើយ មាន​ចិត្ត​ប្រែប្រួល និយាយ​ចង់​មាតុគ្រាម​ដោយ​សំដី​អាក្រក់ ដូច​​ប្រុស​កំ​ឡោះ​​និយាយ​ចង់​​ស្រី​ក្រមុំ​ដោយ​សំដី​​ដែល​ប្រកប​ដោយ​មេថុន ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​​សង្ឃាទិសេស។»

 

សង្ឃាទិសេស ទី៤ (vin.vbu.sg.04 | ភាគ ២)

សង្ឃាទិសេស ទី៤ គឺ អត្តកាមំ ឲ្យ​ស្រី​បម្រើ​ខ្លួន​ដោយ​កាម៖ «ភិក្ខុ​ណា​មួយ គឺ​រាគ​គ្រប​សង្កត់​ហើយ មាន​ចិត្ត​ប្រែ​ប្រួល ពោល​សរ​សើរ​ការ​បម្រើ​​ជា​កាម​ដើម្បី​ខ្លួន​ក្នុង​សំណាក់​នៃ​មាតុ​គ្រាម ដោយ​សំដី​ប្រកប​ដោយ​មេថុន​ធម្ម​ថា ស្រី​ណា​គប្បី​បម្រើ​នូវ​ភិក្ខុ​មាន​សីល មាន​ធម៌​ជា​កុសល ជា​អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ប្រហែល​ដូច​អាត្មា​ដោយ​​ធម៌​​នេះ ម្នាល​ប្អូន​ស្រី ការ​បម្រើ​នេះ​របស់​ស្រី​នោះ ជា​ការ​ប្រសើរ​ជាង​ការ​បម្រើ​​ទាំង​អស់ (ពោល​​ពាក្យ​​ដូ​ច្នោះ) ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​សង្ឃាទិសេស។»

 

សង្ឃាទិសេស ទី៥ (vin.vbu.sg.05 | ភាគ ២)

សង្ឃាទិសេស ទី៥ គឺ សញ្ចរិត្តំ ដឹក​នាំ​បុរស​ស្រ្តី​ឲ្យ​បាន​គ្នា​ជា​ប្តីប្រពន្ធ៖ «ភិក្ខុ​ណា​មួយ​​ប្រព្រឹត្ត​និយាយ​ដឹក​នាំ គឺ​ប្រាប់​សេចក្តី​ប្រាថ្នា​ប្រុស​ដល់​ស្រីក្តី ប្រាប់​សេចក្តី​ប្រាថ្នា​ស្រី​​ដល់​​ប្រុស​ក្តី ឲ្យ​បាន​គ្នា​ជា​ប្រពន្ធ​ក្តី ជា​ប្តី​ឬ​ជា​សហាយក្តី ដោយ​ហោច​ទៅ​សូម្បី​​តែ​​ស្រី​ដែល​​បុរស​​គប្បី​នៅរួម​អសទ្ធម្មមួយរំពេច នោះ ត្រូវ​អាបត្តិ​សង្ឃាទិសេស។»

 

សង្ឃាទិសេស ទី៦ (vin.vbu.sg.06 | ភាគ ២)

សង្ឃាទិសេស ទី៦ គឺ កុដិ ធ្វើកុដិ៖ «កាល​ភិក្ខុ​ឲ្យ​គេ​ធ្វើ​​កុដិ​​ដែល​​មិន​មាន​​ទាយក​ជា​ម្ចាស់​​របស់ ចំពោះ​​ជា​ទី​នៅ​​នៃ​ខ្លួន ដោយ​ការ​សូម​គ្រឿង​​ឧបករណ៍​មក​​ខ្លួន​ឯង គប្បី​ធ្វើ​ឲ្យ​​ប្រកប​ដោយ​​ប្រមាណ ប្រមាណ​កុដិ​​នោះ​គឺ បណ្តោយ​​១២​ចំអាម ទទឹង​៧​ចំអាម ដោយ​ចំអាម​ព្រះសុគត​​វាស់​ខាង​ក្នុង ត្រូវ​នាំ​ពួក​​ភិក្ខុ​​មក​​ដើម្បី​សំដែង​​ទី​ឲ្យ ភិក្ខុ​ទាំង​នោះ​គប្បី​សំ​ដែង​ទី​ដែល​មិន​មាន​អន្តរាយ​ និង​មាន​ឧបចារ បើ​ភិក្ខុ​ឲ្យ​​គេ​ធ្វើ​កុដិ​​ដោយ​ការ​សូម​គ្រឿង​​ឧបករណ៍​​គេ​មក​ខ្លួន​​ឯង ក្នុង​ទី​ដែល​មាន​អន្តរាយ និង​មិន​មាន​​ឧបចារក្តី មិន​បាន​​នាំ​ពួក​ភិក្ខុ​មក​​ដើម្បី​សំដែង​ទី​ឲ្យ​ក្តី ធ្វើ​ឲ្យ​កន្លង​ហួស​ប្រមាណ​ក្តី ត្រូវ​​អាបត្តិ​​សង្ឃាទិសេស។»

 

សង្ឃាទិសេស ទី៧ (vin.vbu.sg.07 | ភាគ ២)

សង្ឃាទិសេស ទី៧ គឺ វិហារោ ធ្វើ​ទី​លំ​នៅ៖ «ភិក្ខុ​កាល​ឲ្យ​គេ​ធ្វើ​វិហារ មាន​ម្ចាស់​ចំពោះ​ជា​ទី​នៅ​របស់​ខ្លួន ត្រូវ​នាំ​ភិក្ខុ​ទាំង​ឡាយ​មក​សំដែង​ទី​ឲ្យ ភិក្ខុ​ទាំង​ឡាយ​​នោះ​ត្រូវ​សំដែង​ទី​ដែល​​មិន​មាន​សេចក្តី​រង្កៀស មាន​ឧបចារ ថា​បើ​ទីដី​ប្រកប​ដោយ​សេចក្តី​រង្កៀស មិន​មាន​ឧបចារ​ហើយ ភិក្ខុ​គប្បី​ឲ្យ​ធ្វើ​វិហារ​ធំ ឬ​មិន​នាំ​ភិក្ខុ​ទាំង​ឡាយ​ទៅ​ដើម្បី​សំដែង​ទី​ឲ្យ ត្រូវ​​អាបត្តិ​​សង្ឃាទិសេស។»

 

សង្ឃាទិសេស ទី៨ (vin.vbu.sg.08 | ភាគ ២)

សង្ឃាទិសេស ទី៨ គឺ អមូលកំ ចោទ​អាបត្តិ​រក​ដើម​ហេតុ​គ្មាន៖ «ភិក្ខុ​ណា​មួយ មាន​សេចក្តី​ក្រោធ​ប្រទូស្ត មាន​ចិត្ត​​អាក់​អន់ ចោទ​ភិក្ខុ​ផង​គ្នា​ដោយ​អាបត្តិ​បារាជិក​មិន​មាន​មូល ដោយ​បំណង​ថា អញ​​ត្រូវ​​ធ្វើ​ដូច​ម្តេច​​ឲ្យ​ភិក្ខុ​នោះ​ឃ្លាត​ចាក​ព្រហ្ម​ចរិយ​ធម៌ នេះ​បាន លុះ​សម័យ​​ខាង​ក្រោយត​ពី​នោះ​មក ទោះ​​គេ​​សាក​សួរ​ក្តី គេ​មិន​សាក​សួរ​ក្តី អធិករណ៍​​នោះ​ប្រាកដ​​ជា​គ្មាន​មូល ភិក្ខុ​អ្នក​ចោទ​នោះ ក៏​ប្តេជ្ញា​​ទោស (ដោយ​ខ្លួន​ឯង) ត្រូវ​អាបត្តិ​សង្ឃាទិសេស។»

 

សង្ឃាទិសេស ទី៩ (vin.vbu.sg.09 | ភាគ ២)

សង្ឃាទិសេស ទី៩ គឺ កញ្ចិលេសំ ចោទ​អាង​លេស​នី​មួយ៖ «ភិក្ខុ​ណា​មួយ មាន​ទោស​ទ្រុស្ត​ហើយ មាន​សេចក្តី​ក្រោធ មាន​ចិត្ត​​មិន​រីករាយ បាន​​កាន់​យក​​ហេតុ​បន្តិច​បន្តួច​​របស់​អធិករណ៍ ជា​ចំ​ណែក​ដទៃ​មក​ជា​គ្រឿង​អាង ហើយ​ចោទ​ភិក្ខុ​ ដោយ​​អាបត្តិ​បារាជិក ដោយ​បំណង​ថា ធ្វើ​ម្តេច​ហ្ន៎ អញ​គប្បី​​ញុំាង​ភិក្ខុ​នោះ​ឲ្យ​ឃ្លាត​ចាក​ព្រហ្ម​ចរិយ​ធម៌ (សាសនា) នេះ​បាន លុះ​សម័យ​ខាង​ក្រោយ​តពី​នោះ​មក ភិក្ខុ​អ្នក​ចោទ​នោះ មាន​គេសាក​សួរ​ក្តី មិន​មាន​គេសាក​សួរ​ក្តី តែ​អធិករណ៍​នោះ​ជា​ចំណែក​​ដទៃ​​ទេ ភិក្ខុ​​កាន់​យក​​ហេតុ​​បន្តិច​បន្តួច​មក​ជា​គ្រឿង​អាង ហើយ​ភិក្​ខុប្តេជ្ញា​ទោស ភិក្ខុ​នោះត្រូវ​អាបត្តិ​សង្ឃាទិសេស។»

 

សង្ឃាទិសេស ទី១០ (vin.vbu.sg.10 | ភាគ ២)

សង្ឃាទិសេស ទី១០ គឺ ភេទោ បំបែកសង្ឃ៖ «ភិក្ខុ​ណា​មួយ​ព្យាយាម​ដើ​មរមព្រៀង​គ្នា ឬ​ប្រកាន់​ផ្គង​ឡើង​នូវ​អធិករណៈ ដែល​ដឹក​នាំ​ឲ្យ​សង្ឃ​បែក​គ្នា​ហើយ​តាំង​នៅ ភិក្ខុ​ទាំង​ឡាយ​ត្រូវ​ពោល (ហាម) ភិក្ខុ​នោះ​ដោយ​ពាក្យ​យ៉ាង​នេះ​ថា លោក​ម្ចាស់​កុំ​ព្យាយាម​ដើម្បី​​បំបែក​សង្ឃ​ដែល​ព្រម​ព្រៀង​គ្នា​ឡើយ ឬ​ប្រកាន់​ផ្គង​ឡើង​​នូវ​អធិករណៈ ដែល​ដឹក​នាំ​ឲ្យ​សង្ឃ​បែក​​គ្នា​ហើយ​តាំង​នៅ សូម​លោក​ម្ចាស់​ព្រមព្រៀង​ជា​មួយ​នឹង​សង្ឃ​ទៅ ព្រោះ​ថា ព្រះ​សង្ឃ​ព្រមព្រៀង​​គ្នា រីករាយ​រក​គ្នា មិន​វិវាទ​គ្នា មាន​ឧទ្ទេស​​ជាមួយ​គ្នា តែង​នៅ​ជាសុខ​សប្បាយ។ ភិក្ខុ​នោះ កាល​​ភិក្ខុ​ទាំង​ឡាយ​ពោល (ហាម) យ៉ាង​នេះ​ហើយ នៅ​ប្រកាន់​លទ្ធិ​យ៉ាង​នោះ​ដដែល ភិក្ខុ​នោះ​ ត្រូវ​ភិក្ខុ​​ទាំង​ឡាយ​សូត្រ​សមនុភាសនកម្ម (ពោល​ប្រដៅ​ហាម​ប្រាម) ជា​កំណត់​បី​ដង ដើម្បី​ឲ្យ​​លះ​បង់​​សង្ឃ​ភេទកម្​មនោះ។ កាល​បើ​ភិក្ខុ​ទាំង​ឡាយ​សូត្រ​សមនុភាសនកម្ម (ហាម​ប្រាម) ជា​គំរប់​បី​ដង​​ហើយ ភិក្ខុ​នោះ​បាន​លះ​បង់​សង្ឃ​ភេទកម្ម​នោះ​ចេញ ការ​លះ​បង់​​បាន​នេះ​ជា​ការ​ប្រពៃ បើ​ភិក្ខុ​​នោះ​មិន​លះ​បង់​ទេ ត្រូវ​អាបត្តិ​សង្ឃាទិសេស។»

 

សង្ឃាទិសេស ទី១១ (vin.vbu.sg.11 | ភាគ ២)

សង្ឃាទិសេស ទី១១ គឺ តស្សេវឃ្វា​មជ្រៀង​អនុវត្តកា ពួក​ភិក្​ខុប្រ​ព្រឹត្ត​តាម​ភិក្ខុ​អ្នក​បំបែក​សង្ឃ​នោះ​ឯង៖ «ភិក្ខុ​ទាំង​ឡាយ​មួយ​រូប​ក្តី ពីរ​រូប​ក្តី បី​រូប​ក្តី ជា​អ្នក​ប្រព្រឹត្ត​តាម​ភិក្ខុ​ដែល​បំបែក​សង្ឃ​​នោះ​ឯង និង​ជា​អ្នក​ពោល​ប្រកាន់​ពួក ហើយ​ពួក​ភិក្ខុ​ទាំង​នោះ​ពោល​ហាម ភិក្ខុ​ទាំង​ឡាយ (ដែល​​ជា​ភិក្ខុ​បរិសុទ្ធ) យ៉ាង​នេះ​ថា ម្នាល​លោក​ម្ចាស់​ទាំង​ឡាយ លោក​ទាំង​ឡាយ​កុំ​ពោល​​ពាក្យ​បន្តិច​បន្តួច​​នឹង​ភិក្ខុ​នេះ ព្រោះ​ភិក្ខុ​នេះ ជា​អ្នក​ពោល​ត្រូវ​តាម​ធម៌​ផង ភិក្ខុ​នេះ ជា​អ្នក​ពោល​ត្រូវ​តាម​វិន័យ​​ផង ម្យ៉ាង​ទៀត ភិក្ខុ​នេះ​កាន់​យក​សេចក្តី​ពេញ​ចិត្ត និង​សេចក្តី​គាប់​ចិត្​តរបស់​ពួក​យើង ទើប​ពោល លោក​ដឹង​​សេចក្តី​ពេញ​ចិត្ត​ជា​ដើម​របស់​ពួក​យើង ទើប​ពោល អំពើ​នេះ​ក៏​គាប់​ចិត្ត ដល់​យើង​ទាំង​​ឡាយ។ ពួក​ភិក្ខុ​ទាំង​នោះ ត្រូវ​តែ​ភិក្ខុ​ទាំង​ឡាយ (ដែល​បរិសុទ្ធ) ពោល​យ៉ាង​នេះ​ថា ម្នាល​លោក​ម្ចាស់​ទាំង​ឡាយ លោក​កុំ​ពោល​យ៉ាង​​ហ្នឹង ព្រោះ​ភិក្ខុ​នេះ មិន​មែន​ជា​អ្នក​ពោល​​ត្រូវ​តាម​ធម៌​ផង ភិក្ខុ​នេះ មិន​មែន​ជា​អ្នក​ពោល​ត្រូវ​តាម​វិន័យ​ផង សូម​លោក​ម្ចាស់​ទាំង​ឡាយ​​កុំ​​គាប់​​ចិត្ត​នឹង​សង្ឃ​ភេទ​ឡើយ សូម​លោក​​ម្ចាស់​ទាំង​ឡាយ​ព្រមព្រៀង​ជា​មួយ​នឹង​សង្ឃ​ទៅ ព្រោះ​ព្រះ​សង្ឃ​ព្រម​ព្រៀង​គ្នា រីករាយរក​គ្នា មិន​វិវាទ​គ្នា មាន​ឧទ្ទេស​ជា​មួយ​គ្នា តែង​​នៅសប្បាយ។ ពួក​ភិក្ខុ​ទាំង​នោះ កាល​ដែល​ភិក្ខុ​ទាំង​ឡាយ​ពោល​ហាម​យ៉ាង​នេះ ក៏​នៅ​ប្រកាន់​លទ្ធិ​យ៉ាង​នោះ​​ដដែល ពួក​ភិក្ខុ​ទាំង​នោះ ត្រូវ​ភិក្ខុ​ទាំង​ឡាយ​សូត្រ​សមនុភាសនកម្ម​អស់​វារៈ​គំរប់​បី​ដង ដើម្បី​​លះ​បង់​​នូវ​កម្មនោះ។ កាល​បើ​ភិក្ខុ​ទាំង​ឡាយ សូត្រសមនុភាសនកម្មដល់គំរប់បីដងហើយ ពួក​ភិក្ខុ​ទាំង​នោះ​លះ​បង់​នូវ​រឿង​នោះ​ចេញ ការ​លះ​បង់​បាន​យ៉ាង​នេះ ជា​ការ​ល្អ​ណាស់ បើ​មិន​លះ​បង់​ទេ ត្រូវ​អាបត្តិ​សង្ឃាទិសេស។»

 

សង្ឃាទិសេស ទី១២ (vin.vbu.sg.12 | ភាគ ២)

សង្ឃាទិសេស ទី១២ គឺ ទុព្វច្ចំ ប្រដៅក្រ៖ «ភិក្ខុ​មាន​ជាតិ​ដែល​គេប្រដៅក្រ កាល​ភិក្ខុ​ទាំងឡាយ​ពោល​ប្រដៅ (ខ្លួន) ដោយ​ធម៌ ក្នុង​សិក្ខាបទ​ទាំង​ឡាយ​ដែល​រាប់​ចូល​ក្នុង​ឧទ្ទេស (បាតិមោក្ខ) ធ្វើ​ខ្លួន​ឲ្យ​គេ​ប្រដៅ​មិន​បាន ដោយ​ពាក្យ​ថា លោក​ម្ចាស់​ទាំង​ឡាយ លោក​កុំ​និយាយ​ពាក្យ​បន្តិចបន្តួច ទោះ​ល្អ​ក្តី អាក្រក់​ក្តី នឹង​ខ្ញុំឡើយ ចំណែក​ខ្ញុំ​ក៏​នឹង​មិន​ពោល​ពាក្យ​បន្តិចបន្តួច ទោះ​ល្អ​ក្តី អាក្រក់​ក្តី នឹង​លោក​ម្ចាស់​ទាំង​ឡាយ​ដែរ បពិត្រ​លោក​ម្ចាស់​ទាំង​ឡាយ ចូរលោក​លែង​និយាយ​ប្រដៅ​ខ្ញុំ​ទៅ។ ភិក្ខុ​នោះ ត្រូវ​ភិក្ខុ​ទាំង​ឡាយ​ពោល (ហាម) យ៉ាង​នេះ​ថា លោក​ម្ចាស់​កុំ​ធ្វើ​ខ្លួន​ឲ្យ​គេប្រដៅ​មិន​បាន​ឡើយ លោក​ម្ចាស់​ត្រូវ​តែ​ធ្វើ​ខ្លួន​ឲ្យ​គេ​ពោល​ប្រដៅ​បាន​ផង ចំណែក​លោក​ម្ចាស់ ចូរ​ប្រដៅ​ភិក្ខុ​ទាំង​ឡាយ​ដោយ​សហធម៌​ (ពុទ្ធប្បញ្ញត្តិ) សូម្បី​ពួក​ភិក្ខុ​ក៏​ពោល​ប្រដៅ​លោក​ម្ចាស់​ដោយ​សហធម៌​ដែរ ព្រោះ​បរិសទ្យ​របស់ព្រះ​ដ៏មាន​ព្រះភាគ​ម្ចាស់​នោះ តែង​ចំរើន​ឡើង​ដោយ​ពាក្យ​ជាប្រយោជន៍​ដល់​គ្នា​នឹង​គ្នា និង​ដោយ​ញុំាង​គ្នា​នឹង​គ្នា​ឲ្យ​ចេញ​ចាក​អាបត្តិ​យ៉ាង​នេះ។ កាល​ភិក្ខុ​ទាំង​ឡាយ​ពោល​ប្រដៅ​ភិក្ខុ​នោះ​យ៉ាង​នេះ (ភិក្ខុ​នោះ) ក៏​នៅ​ប្រកា​ន់ាង​ហ្នឹង​ដដែល ភិក្ខុ​នោះ ត្រូវ​ភិក្ខុ​ទាំង​ឡាយ​សូត្រ​សមនុភាសនកម្ម (ហាម) ជា​គំរប់​បី​ដង ដើម្បី​ឲ្យ​លះ​បង់​នូវ​កម្ម​នោះ បើ​ភិក្ខុ​នោះ កាល​ពួក​ភិក្ខុ​សូត្រ​សមនុភាសនកម្ម ជា​គំរប់​បី​ដង ហើយ​លះ​បង់​រឿង​នោះ​បាន ការ​លះ​បង់​បាន​យ៉ាង​នេះ ជា​ការ​រួច​ទោស បើ​មិន​លះ​បង់​ទេ ត្រូវ​អាបត្តិ​សង្ឃាទិសេស។»

 

សង្ឃាទិសេស ទី១២ (vin.vbu.sg.13 | ភាគ ២)

សង្ឃាទិសេស ទី១៣ គឺ កុលទូសំ ទ្រុស្តត្រកូល៖ «ភិក្ខុ​ចូល​ទៅ​ជិត​អាស្រ័យ​ស្រុក ឬ​និគម កន្លែង​ណា​មួយ ហើយ​នៅ ជា​អ្នក​ទ្រុស្ត​ត្រកូល មាន​សេចក្តី​ប្រព្រឹ​ត្តិ​អាក្រក់។ សេចក្តី​ប្រព្រឹ​ត្តិ​អាក្រក់​របស់​ភិក្ខុ​នោះ​ឯង ប្រាកដ​ជា​គេ​ឃើញ​ផង គេ​ឮ​ផង ត្រកូល​ទាំង​ឡាយ​ដែល​ភិក្ខុ​នោះ​ទ្រុស្ត​ហើយ ប្រាកដ​ជា​គេ​ឃើញ​ផង គេ​ឮ​ផង។ ភិក្ខុ​នោះ គឺ​ភិក្ខុ​ទាំង​ឡាយ​ត្រូវ​និយាយ​ស្តី​ឲ្យ​យ៉ាង​នេះ​ថា លោក​ដ៏​មាន​អាយុ​ជា​អ្នក​ទ្រុស្ត​ត្រកូល មាន​សេចក្តី​ប្រព្រឹត្ត​អាក្រក់ សេចក្តី​ប្រព្រឹត្ត​អាក្រក់​របស់​លោក​ដ៏​មាន​អាយុ ប្រាកដ​ជា​គេ​ឃើញ​ផង គេ​ឮ​ផង ត្រកូល​ទាំង​ឡាយ​ដែល​លោក​ដ៏​មាន​អាយុ​ទ្រុស្ត​ហើយ​នោះ ប្រាកដ​ជា​គេ​ឃើញ​ផង គេ​ឮ​ផង លោក​ដ៏​មាន​អាយុ​ចូរ​ចៀស​ចេញ​ពី​អាវាស​នេះ​ទៅ លោក​មិន​គួរ​នៅ​ក្នុង​ទី​នេះ​ទេ។ ភិក្ខុ​នោះ ដែល​ភិក្ខុ​ទាំង​ឡាយ​និយាយ​ប្រដៅ​យ៉ាង​នេះ ត្រឡប់​ថា​ឲ្យ​ភិក្ខុ​ទាំង​ឡាយ​នោះ​យ៉ាង​នេះ​វិញ​ថា ភិក្ខុ​ទាំង​ឡាយ​លុះ​ក្នុង​សេចក្តី​ស្រឡាញ់​ផង ភិក្ខុ​ទាំង​ឡាយ​លុះ​ក្នុង​សេចក្តី​ខឹង​ផង ភិក្ខុ​ទាំង​ឡាយ​លុះ​ក្នុង​សេចក្តី​ល្ងង់​ផង ភិក្ខុ​ទាំង​ឡាយ​លុះ​ក្នុង​សេចក្តី​ខ្លាច​ផង (ព្រោះ) ភិក្ខុ​ទាំង​ឡាយ​នោះ បណ្តេញ​ភិក្ខុ​ពួក​ខ្លះ មិន​បណ្តេញ​ភិក្ខុ​ពួក​ខ្លះ​ដោយ​អាបត្តិ​ដូច​គ្នា​ទេ។ ភិក្ខុ​នោះ ភិក្ខុ​ទាំង​ឡាយ​ត្រូវ​និយាយ​ប្រដៅ​យ៉ាង​នេះ​ថា លោក​ដ៏​មាន​អាយុ​ចូរ​កុំ​និយាយ​យ៉ាង​នេះ ភិក្ខុ​ទាំង​ឡាយ​មិន​លុះ​ក្នុង​សេចក្តី​ស្រឡាញ់ ភិក្ខុ​ទាំង​ឡាយ​មិន​លុះ​ក្នុង​សេចក្តី​ស្អប់ ភិក្ខុ​ទាំង​ឡាយ​មិន​លុះ​ក្នុង​សេចក្តី​ល្ងង់ ភិក្ខុ​ទាំង​ឡាយ​មិន​លុះ​ក្នុង​សេចក្តី​ខ្លាច លោក​ដ៏​មាន​អាយុ​ឯង ជា​អ្នក​ទ្រុស្ត​ត្រកូល មាន​សេចក្តី​ប្រព្រឹត្តិ​អាក្រក់​សេចក្តី​ប្រព្រឹត្តិ​អាក្រក់​របស់​លោក​ដ៏​មាន​អាយុ ប្រាកដ​ជា​គេ​ឃើញ​ផង គេ​ឮ​ផង ត្រកូល​ទាំង​ឡាយ​សោត ដែល​លោក​ដ៏​មាន​អាយុ​ទ្រុស្ត​ហើយ ប្រាកដ​ជា​គេ​ឃើញ​ផង គេ​ឮ​ផង លោក​ដ៏​មាន​អាយុ​ចូរ​ចៀស​ចេញ​ចាក​អាវាស​នេះ​ទៅ លោក​កុំ​នៅ​ក្នុង​អាវាស​នេះ។ ភិក្ខុ​នោះ ដែល​ភិក្ខុ​ទាំង​ឡាយ​និយាយ​ប្រដៅ​យ៉ាង​នេះ នៅ​តែ​ប្រកាន់​លទ្ធិ​យ៉ាង​នេះ​ដដែល ភិក្​ខុនោះ ត្រូវ​ភិក្ខុ​ទាំង​ឡាយ​សូត្រ​សមនុភាសនកម្ម​ប្រកាសហាម ដើម្បី​ឲ្យ​លះ​បង់​អំ​ពើ​អាក្រក់​នោះ​កំណត់​បីដង។ ភិក្ខុ​នោះ បើ​ភិក្ខុ​ទាំង​ឡាយ​សូត្រ​សមនុភាសនកម្ម​កំណត់​បី​ដង លះ​អំពើ​អាក្រក់​នោះ​បាន សេចក្តី​លះ​បង់​បាន​នេះ ជា​ការ​ល្អ បើ​មិន​លះ​បង់​ទេ ត្រូវ​អាបត្តិ​សង្ឃាទិសេស។»

 

«បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិទាំងឡាយឈ្មោះសង្ឃាទិសេស​ទាំង​១៣ ខ្ញុំសំដែងឡើងហើយ អាបត្តិទាំងឡាយ៩ ហៅថាបឋមាបត្តិកា គឺត្រូវអាបត្តិក្នុងវេលាធ្វើ​ឲ្យ​កន្លង​បញ្ញត្តិជាដម្បូង អាបត្តិទាំងឡាយ៤ ហៅថា យាវតតិយកា គឺត្រូវ​អាបត្តិក្នុងវេលាដែល​សង្ឃ​សូត្រប្រកាសហាមជាគំរប់បីដង ហើយមិនលះបង់ការអាក្រក់នោះ បណ្តាអាបត្តិទាំង១៣ បើ​ភិក្ខុណា​ត្រូវអាបត្តិណានីមួយ ហើយដឹងច្បាស់ បិទបាំងទុកអស់ប៉ុន្មានថ្ងៃ ភិក្ខុនោះត្រូវនៅបរិវាស​អស់ប៉ុណ្ណោះថ្ងៃ ព្រោះខ្លួនមិនមានសេចក្តីប្រាថ្នានឹងនៅបរិវាស។ ភិក្ខុដែលនៅបរិវាសហើយ ត្រូវ​ប្រព្រឹត្តភិក្ខុមានត្ត អស់៦រាត្រីតទៅទៀត។ ភិក្ខុប្រព្រឹត្តមានត្តហើយ ភិក្ខុសង្ឃពួក២០រូបមានក្នុង​ទីណា ភិក្ខុនោះ គឺភិក្ខុសង្ឃពួក២០រូប គប្បី​ឲ្យ​អព្ភាន កម្មក្នុងទីនោះ។ បើភិក្ខុសង្ឃមិនគ្រប់២០រូបទេ សូម្បីខ្វះតែមួយរូប ហើយខំតែឲ្យអព្ភានកម្ម​ដល់ភិក្ខុនោះ។ ឯភិក្ខុនោះ មិនបានឈ្មោះថា សង្ឃឲ្យអព្ភានកម្មផង ទាំងពួកភិក្ខុ (ជាការកសង្ឃ) នោះ ឈ្មោះថា ត្រូវព្រះពុទ្ធជាម្ចាស់តិះដៀលបានផង។ សេចក្តីប្រតិបត្តិនេះ ជាការដ៏សមគួរក្នុង​កម្មនោះ។ ខ្ញុំសូមសួរលោកដ៏មានអាយុទាំងឡាយក្នុងរឿងនោះ លោកទាំងឡាយ ជាភិក្ខុបរិសុទ្ធ​ហើយឬ ខ្ញុំសួរអស់វារៈពីរដងផង លោកទាំងឡាយ ជាភិក្ខុបិរសុទ្ធហើយឬ ខ្ញុំសួរអស់វារៈបីដងផង លោកទាំងឡាយ ជាភិក្ខុបរិសុទ្ធហើយឬ លោកដ៏មានអាយុទាំងឡាយជាភិក្ខុបរិសុទ្ធក្នុង​រឿង​នេះ​ហើយ ហេតុនោះ បានជាស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរ​នេះដោយអាការស្ងៀមនៅយ៉ាង​នេះ។»



km/tipitaka/vin/vbu/sg/index.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann