km:tipitaka:vin:vbu:sg:vin.vbu.sg.03

សង្ឃាទិសេស ទី៣

សង្ខេប

សង្ឃាទិសេស ទី៣ គឺ ទុដ្ឋុល្លំ ពោល​ពាក្យ​អាក្រក់៖ «ភិក្ខុ​ណា​​មួយ គឺ​រាគ​គ្រប​សង្កត់​ហើយ មាន​ចិត្ត​ប្រែប្រួល និយាយ​ចង់​មាតុគ្រាម​ដោយ​សំដី​អាក្រក់ ដូច​​ប្រុស​កំ​ឡោះ​​និយាយ​ចង់​​ស្រី​ក្រមុំ​ដោយ​សំដី​​ដែល​ប្រកប​ដោយ​មេថុន ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​​សង្ឃាទិសេស។»

vbu sg 3 បាលី cs-km: vin.vbu.sg.03 អដ្ឋកថា: vin.vbu.sg.03_att PTS: ?

សង្ឃាទិសេស ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

អានដោយ ព្រះ​រដ្ឋបាល

(៣. ទុដ្ឋុល្លវាចាសិក្ខាបទំ)

[៩៧] សម័យនោះ ព្រះសព្វញ្ញូពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់​នៅ​វត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុសម្រេចឥរិយាបថ​នៅ​ក្នុងព្រៃ។ គ្រានោះ មានស្រីច្រើននាក់ ជាពួកអ្នកត្រូវការមើលវិហារ ហើយក៏នាំគ្នាទៅកាន់​អារាម។ ស្រីទាំងនោះក៏ចូលទៅរកឧទាយិភិក្ខុដ៏មានអាយុក្នុងពេលនោះ លុះចូលទៅដល់​ហើយ ក៏និយាយពាក្យនេះ​នឹងឧទាយិភិក្ខុដ៏មានអាយុថា បពិត្រលោកដ៏ចំរើន យើងទាំងឡាយ​ចង់​មើល​វិហារ​របស់លោកម្ចាស់។ លំដាប់នោះ ឧទាយិភិក្ខុដ៏មានអាយុ ក៏នាំស្រីទាំងនោះ​មើល​វិហារ​រួច​ហើយ ពោល​សរសើរខ្លះ ពោលបង្អាប់ខ្លះ សូមខ្លះ អង្វរខ្លះ សួរខ្លះ សួរតបខ្លះ ប្រាប់ខ្លះ ប្រៀន​ប្រដៅខ្លះ ជេរខ្លះ ចំពោះ​វច្ចមគ្គ និងបស្សាវមគ្គនៃស្រីទាំងនោះ។ ស្រីណាដែលគ្មានសេចក្តី​ខ្លាច ជាស្រីអ្នកលេង​ឥត​មានអៀនខ្មាស ស្រីនោះក៏ញញឹមញញែម និយាយបញ្ជោរ សើច​ក្អាកក្អាយ​ចំអន់​ជាមួយនឹងឧទាយិភិក្ខុដ៏មានអាយុ ចំណែកខាងស្រីណាដែលមានសេចក្តីអៀនខ្មាស ស្រី​នោះចេញមក ក៏ពោលទោសឧទាយិប្រាប់ភិក្ខុទាំងឡាយថា បពិត្រលោកម្ចាស់​ដ៏ចំរើន ការនេះ​គ្មាន​លាក់បាំង គ្មានគួរសមសោះ ចុះហេតុអ្វី​ក៏លោកម្ចាស់ឧទាយិនិយាយយ៉ាងនេះ សូម្បី​ដល់​ទៅ​ប្តី បើនិយាយយ៉ាងនេះ ក៏យើងទាំងឡាយមិនប្រាថ្នាដែរ។ ភិក្ខុទាំងឡាយឯណាដែលមានសេចក្តី​ប្រាថ្នាតិច ជាអ្នកសន្តោស មានសេចក្តីអៀនខ្មាស ជាអ្នករង្កៀស ប្រាថ្នាតែខាងការរៀនសូត្រ ភិក្ខុ​ទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ចុះហេតុអ្វី បានជា​ឧទាយិភិក្ខុ​ដ៏មានអាយុ ពោលចង់មាតុគ្រាមដោយសំដីអាក្រក់ (ដូច្នោះ)។ កាលនោះ ភិក្ខុទាំងនោះ យកសេចក្តី​នុ៎ះ​ក្រាបទូលដល់ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មាន​ព្រះភាគជាម្ចាស់ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរឧទាយិភិក្ខុដ៏មានអាយុក្នុងកាលនោះ​ថា ម្នាលឧទាយិ បានឮថា អ្នកឯងពោលចង់មាតុគ្រាមដោយសំដីអាក្រក់មែនឬ។ ឧទាយិភិក្ខុ​ក្រាប​ទូល​ថា បពិត្រព្រះដ៏មានព្រះភាគ (សេចក្តីនុ៎ះ) ពិតមែន។ ព្រះសព្វញ្ញុពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ​ទ្រង់តិះដៀលថា ម្នាលបុរសសោះសូន្យ ដំណើរនេះមិនទំនង មិនសមគួរ មិនត្រូវបែប មិនមែន​ជារបស់សមណ មិនគប្បីសោះ មិនគួរធ្វើសោះ នែមោឃបុរស ចុះ​ហេតុអ្វី បានជាអ្នកឯង​ពោល​ចង់មាតុគ្រាម​ដោយសំដីអាក្រក់ (ដូច្នោះ) ម្នាលមោឃបុរស ធម៌ដែលតថាគតសំដែងហើយដោយ​អនេកបរិយាយ (សុទ្ធតែ) ដើម្បីប្រាសចាកតម្រេក មិនមែនសំដែង​ឲ្យ​ប្រកប​ដោយតម្រេកឡើយ​។បេ។ ការរម្ងាប់សេចក្តីក្តៅក្រហាយព្រោះកាមទាំងឡាយ ក៏តថាគតសំដែងរួចអស់ហើយតើ មិនមែនឬ នែមោឃបុរស ដំណើរនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនដែលមិនទាន់​ជ្រះថ្លា (នោះ) ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែង​ឡើងនូវសិក្ខាបទនេះ​ដូច្នេះថា

ភិក្ខុណា​មួយ គឺរាគគ្របសង្កត់ហើយ មានចិត្តប្រែប្រួល និយាយចង់មាតុគ្រាមដោយសំដីអាក្រក់ ដូច​ប្រុស​កំឡោះ​និយាយចង់​ស្រីក្រមុំដោយសំដី​ដែលប្រកបដោយមេថុន ភិក្ខុនោះត្រូវអាបត្តិ​សង្ឃាទិសេស។

[៩៨] ត្រង់ពាក្យថា ណាមួយ អធិប្បាយថា ឯណាក៏ដោយ។បេ។ ត្រង់ពាក្យថា ភិក្ខុ​។បេ។ (ភិក្ខុដែលបានសម្រេច​ឧបសម្បទាដោយញត្តិចតុត្ថកម្មវាចាដ៏ត្រឹមត្រូវ) តថាគត​សំដៅ​ឲ្យ​ឈ្មោះ​ថា ភិក្ខុក្នុងអត្ថនេះ។ ត្រង់ពាក្យថា គឺរាគគ្របសង្កត់ហើយ សេចក្តីថា ភិក្ខុដែលត្រេកអរ មានសេចក្តី​អាឡោះអាឡ័យ មានចិត្តប្រតិព័ទ្ធ។ ត្រង់ពាក្យថា មានចិត្តប្រែប្រួល សេចក្តី​ថា ចិត្ត​ដែល​ត្រេកអរ ក៏ហៅថាប្រែប្រួល ចិត្តដែលខឹង ក៏ហៅថាប្រែប្រួល ចិត្តដែលវង្វេង ក៏ហៅថាប្រែ​ប្រួល ប៉ុន្តែក្នុងអត្ថនេះ តថាគតសំដៅយកចិត្តដែល​ត្រេកអរ ឲ្យឈ្មោះថា ចិត្តប្រែប្រួល។ មនុស្ស​ស្រីដែលដឹងសេចក្តី ឆ្លៀវឆ្លាស អាចដឹងច្បាស់នូវពាក្យដែលគេនិយាយល្អនិងអាក្រក់ សំដី​គួរ​និង​មិនគួរ ហៅថាមាតុគ្រាម (ក្នុងសិក្ខាបទនេះ) ឯយក្សស្រី ប្រេតស្រី តិរច្ឆានញី មិនហៅថា​មាតុគ្រាមទេ។ ឯសំដី​ដែលហៅថាអាក្រក់នោះ បានដល់សំដី​ដែល​ប្រកប​ដោយ​មេថុនធម្ម ចំពោះ​វច្ចមគ្គ និងបស្សាវមគ្គ។ សេចក្តីប្រព្រឹត្តិល្មើស តថាគត​ត្រាស់ហៅថា និយាយចង់។ ត្រង់ពាក្យថា ដូច​ប្រុសកំឡោះនិយាយចង់ស្រីក្រមុំ សេចក្តីថា ប្រុសកំឡោះនិយាយចង់ស្រីក្រមុំ ប្រុសជំទង់​និយាយចង់ស្រីជំទង់ ប្រុសអ្នកបរិភោគកាមនិយាយចង់ស្រីអ្នកបរិភោគកាម។ ត្រង់ពាក្យថា ដោយសំដីដែលប្រកបដោយមេថុន គឺសំដីដែលប្រកបព្រមចំពោះ​ដោយមេថុនធម្ម។ ត្រង់ពាក្យ​ថា ត្រូវអាបត្តិសង្ឃាទិសេស មានអធិប្បាយពិស្តារ​ក្នុង​សង្ឃាទិសេសទី១ រួចហើយ។

[៩៩] ពោលសរសើរក្តី ពោលបង្អាប់ក្តី សូមក្តី អង្វរក្តី សួរក្តី សួរបញ្ជាក់ក្តី ប្រាប់ក្តី ប្រៀន​ប្រដៅក្តី ជេរក្តី ចំពោះទ្វារមគ្គទាំងពីរ។

[១០០] ភិក្ខុនិយាយស្ងើចពណ៌នាសរសើរទ្វារមគ្គទាំងពីរ ហៅថា ពោលសរសើរ។ ភិក្ខុ​ជេរ​តិះដៀលនិន្ទាទ្វារមគ្គទាំងពីរ ហៅថា ពោលបង្អាប់។ ភិក្ខុនិយាយថា នាងចូរឲ្យ (មេថុនធម្ម) ដល់​អាត្មា នាងចូរដាក់ទាន (មេថុនធម្ម) ដល់អាត្មា នាងគួរឲ្យ (មេថុនធម្ម) ដល់អាត្មា ហៅថា សូម។ ភិក្ខុ​និយាយថា មាតារបស់នាងនឹងជ្រះថ្លាក្នុងកាលណា បិតារបស់នាងនឹងជ្រះថ្លាក្នុងកាលណា ទេវតាទាំងឡាយរបស់នាងនឹងជ្រះថ្លាក្នុងកាលណា ពេលល្អ ស្របក់ល្អ យាមល្អ របស់នាងនឹង​មានក្នុងកាលណា អាត្មានឹងបាននូវមេថុនធម្មរបស់នាង​ក្នុងកាលណា (និយាយយ៉ាងនេះ) ហៅ​ថា អង្វរ។ ភិក្ខុនិយាយថា នាងឲ្យ (មេថុនធម្ម) ដល់ប្តីដូចម្តេច នាងឲ្យ (មេថុនធម្ម) ដល់​សហាយ​ដូចម្តេច (យ៉ាងនេះ) ហៅថា សួរ។ ភិក្ខុនិយាយថា បានឮថា នាងឲ្យ (មេថុនធម្ម) ដល់ប្តីយ៉ាងនេះ នាងឲ្យ (មេថុនធម្ម) ដល់សហាយយ៉ាងនេះ ដូច្នេះ ហៅថាសួរបញ្ជាក់។ ភិក្ខុដែលស្រីសួរហើយ និយាយថា នាងចូរឲ្យ (មេថុនធម្ម) យ៉ាងនេះ កាលបើឲ្យ (មេថុនធម្ម) យ៉ាងនេះ នាងឯង​នឹង​ជាទី​ស្រឡាញ់ផង ជាទីគាប់ចិត្តផងរបស់ប្តី ដូច្នេះ ហៅថាប្រាប់។ ភិក្ខុដែលស្រីមិនសួរសោះទេ ស្រាប់​តែ​និយាយថា នាងចូរឲ្យ (មេថុនធម្ម) យ៉ាងនេះ កាលបើឲ្យ (មេថុនធម្ម) យ៉ាងនេះ នាងឯងនឹង​ជាទី​ស្រឡាញ់ផង ជាទីគាប់ចិត្តផងរបស់ប្តី ដូច្នេះ ហៅថា ប្រៀនប្រដៅ។ ភិក្ខុពោលពាក្យថា មេ​គ្មាន​និមិត្ត មេមានហេតុគ្រាន់តែជានិមិត្ត មេគ្មានឈាម មេមានឈាមជានិច្ច មេមានកំណាត់​សម្ពត់​ជានិច្ច មេហូរឈាមជានិច្ច មេសិខិរណី1) មេស្រីខ្ទើយ មេស្រីមានរូបដូចប្រុស មេមានទ្វារមគ្គ​រលាយ​ចូលគ្នា មេឧភតោព្យញ្ជនក ដូច្នេះ ហៅថាជេរ។

[១០១] ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី សូមក្តី អង្វរក្តី សួរក្តី សួរបញ្ជាក់ក្តី ប្រាប់ក្តី ប្រៀនប្រដៅក្តី ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គរបស់ស្រីនោះ ត្រូវអាបត្តិសង្ឃាទិសេស។ ស្រីជាប្រាកដ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាខ្ទើយ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គរបស់ស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយជាប្រាកដ ភិក្ខុសំគាល់ថាខ្ទើយពិតមែន ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គរបស់ខ្ទើយនោះ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយជាប្រាកដ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) សំគាល់ថាស្រី (ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គរបស់ខ្ទើយនោះ ត្រូវអាបត្តិទុក្កដ។ ប្រុសជាប្រាកដ ភិក្ខុសំគាល់ថាប្រុសពិតមែន មានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) សំគាល់​ថា​ស្រី (ក្តី) សំគាល់ថាខ្ទើយ (ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃប្រុសនោះ ត្រូវអាបត្តិទុក្កដ។ សត្វតិរច្ឆានឈ្មោលជាប្រាកដ ភិក្ខុសំគាល់ថាសត្វតិរច្ឆានឈ្មោលពិតមែន មានសេចក្តីសង្ស័យក្តី សំគាល់ថាស្រី (ក្តី) សំគាល់ថាខ្ទើយ (ក្តី) សំគាល់ថាប្រុស (ក្តី) ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃសត្វតិរច្ឆានឈ្មោលនោះ ត្រូវអាបត្តិទុក្កដ។

[១០២] ស្រីពីរនាក់ពិតមែន ភិក្ខុក៏សំគាល់ស្រីទាំងពីរនាក់ថាស្រី មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃស្រីទាំងពីរនាក់​នោះ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ស្រីពីរនាក់ ភិក្ខុមានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាខ្ទើយ (ក្តី) សំគាល់ថាប្រុសក្តី សំគាល់ថាតិរច្ឆានក្តី ចំពោះស្រីទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ខ្ទើយពីរនាក់ ភិក្ខុសំគាល់ខ្ទើយទាំងពីរនាក់ថាខ្ទើយ ក៏មានសេចក្តី​ត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃខ្ទើយទាំងពីរនាក់​នោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ខ្ទើយពីរនាក់ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន(ក្តី) សំគាល់ថាស្រី (ក្តី) ចំពោះខ្ទើយទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃខ្ទើយទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសពីរនាក់ ភិក្ខុសំគាល់ថាប្រុសក្តី មានសេចក្តីសង្ស័យក្តី សំគាល់ថាតិរច្ឆានក្តី សំគាល់ថាស្រីក្តី សំគាល់ថាខ្ទើយក្តី ចំពោះ​ប្រុស​ទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃប្រុសទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ តិរច្ឆានពីរ ភិក្ខុសំគាល់ថាតិរច្ឆានក្តី មានសេចក្តីសង្ស័យ(ក្តី) សំគាល់ថាស្រី(ក្តី) សំគាល់ថាខ្ទើយ(ក្តី) សំគាល់ថាប្រុស (ក្តី) ចំពោះ​តិរច្ឆាន​​ទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃតិរច្ឆានទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។

[១០៣] ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថា​ស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុមានសេចក្តីសង្ស័យចំពោះជន ទាំងពីរនាក់។បេ។ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។បេ។ ភិក្ខុសំគាល់ថាខ្ទើយ។បេ។ ត្រូវអាបត្តិ​ថុល្លច្ច័យពីរ។បេ។ ភិក្ខុសំគាល់ថាប្រុស។បេ។ ភិក្ខុសំគាល់ថាតិរច្ឆាន ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីម្នាក់ ប្រុសម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថា​ស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីម្នាក់ ប្រុសម្នាក់ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាខ្ទើយ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) ចំពោះ​ជនទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ស្រីម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ជនទាំងពីរថា​ស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិសង្ឃាទិសេស និងទុក្កដ។ ស្រីម្នាក់ តិរច្ឆានមួយ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាខ្ទើយ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) ចំពោះជនទាំងពីរ ក៏​មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយម្នាក់ ប្រុសម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយម្នាក់ ប្រុសម្នាក់ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) សំគាល់ថាស្រី (ក្តី) ចំពោះជនទាំងពីរនាក់ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ ខ្ទើយម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់នូវជនទាំងពីរថាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។ ខ្ទើយម្នាក់ តិរច្ឆានមួយ ភិក្ខុមានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាប្រុស (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) សំគាល់ថាស្រី (ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។ ប្រុសម្នាក់ តិរច្ឆានមួយ ភិក្ខុសំគាល់ថាប្រុស (ក្តី) មានសេចក្តីសង្ស័យ (ក្តី) សំគាល់ថាតិរច្ឆាន (ក្តី) សំគាល់ថាស្រី (ក្តី) សំគាល់ថា​ជាខ្ទើយ (ក្តី) ចំពោះជនទាំងពីរ ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវច្ចមគ្គ (ឬ) បស្សាវមគ្គនៃជនទាំងពីរនោះ ត្រូវអាបត្តិទុក្កដពីរ។

[១០៤] ស្រីពិតមែន ភិក្ខុសំគាល់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី (ចំពោះកាយ) ខាងក្រោមពីត្រឹមដងកាំបិតចុះមក ខាងលើពីត្រឹម​មណ្ឌលជង្គង់ឡើងទៅ វៀរលែងតែវច្ចមគ្គ ឬបស្សាវមគ្គនៃស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយពិតមែន ភិក្ខុសំគាល់ថាជាស្រី។បេ។ ប្រុសពិតមែន ភិក្ខុសំគាល់ថាជាស្រី។បេ។ តិរច្ឆានពិត​មែន ភិក្ខុសំគាល់ថាស្រី។បេ។ ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី (ចំពោះកាយ) ខាងក្រោមពីត្រឹមដងកាំបិតចុះមក ខាងលើពីត្រឹម​មណ្ឌលជង្គង់ឡើងទៅ វៀរលែងតែវច្ចមគ្គ ឬបស្សាវមគ្គនៃស្រីទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី (ចំពោះកាយ) ខាងក្រោមពីត្រឹមដងកាំបិតចុះមក ខាងលើពីត្រឹម​មណ្ឌលជង្គង់ឡើងទៅ វៀរលែងតែវច្ចមគ្គ ឬបស្សាវមគ្គស្រីទាំងពីរនោះ ត្រូវអាបត្តិថុល្លច្ច័យ និងទុក្កដ។

[១០៥] ស្រីពិតមែន ភិក្ខុសំគាល់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី (ចំពោះកាយ) ខាងលើពីត្រឹមដងកាំបិតឡើងទៅ ខាងក្រោមពីត្រឹម​មណ្ឌលជង្គង់ចុះមកនៃស្រីនោះ ត្រូវអាបត្តិទុក្កដ។ ខ្ទើយពិតមែន ភិក្ខុសំគាល់ថាជាស្រី។បេ។ ប្រុសពិតមែន ភិក្ខុសំគាល់ថាជាស្រី។បេ។ តិរច្ឆានឈ្មោលពិតមែន ភិក្ខុសំគាល់​ថាស្រី។បេ។ ត្រូវ​អាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី (ចំពោះកាយ) ខាងលើពីត្រឹមដងកាំបិតឡើងទៅ ខាងក្រោមពីត្រឹម​មណ្ឌលជង្គង់ចុះមកនៃស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី (ចំពោះកាយ) ខាងលើពីត្រឹមដងកាំបិតឡើងទៅ ខាងក្រោមពីត្រឹម​មណ្ឌលជង្គង់ចុះមកនៃជនទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។បេ។ ស្រីពិតមែន ភិក្ខុសំគាល់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវត្ថុ​ដែលជាប់នឹងកាយស្រីនោះ ត្រូវអាបត្តិទុក្កដ។ ខ្ទើយពិតមែន។បេ។ ប្រុសពិតមែន។បេ។ តិរច្ឆានឈ្មោលពិតមែន។បេ។ ត្រូវអាបត្តិទុក្កដ។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវត្ថុ​ដែលជាប់នឹងកាយនៃស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរថាជាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរក្តី ពោលបង្អាប់ក្តី។បេ។ ជេរក្តី ចំពោះវត្ថុ​ដែលជាប់នឹងកាយនៃស្រីទាំងពីរនាក់នោះ ត្រូវអាបត្តិទុក្កដពីរ។

[១០៦] អាបត្តិមិនមាន (ដល់ភិក្ខុ៥ពួក) គឺ ភិក្ខុដែលកំពុងអធិប្បាយសេចក្តី2) ១ ភិក្ខុដែលកំពុងបង្រៀនធម៌3) ១ ភិក្ខុដែលកំពុងប្រៀនប្រដៅ4) ១ ភិក្ខុឆ្កួត១ ភិក្ខុជាខាងដើមបញ្ញត្តិ១។

(វិនីតវត្ថុឧទ្ទានគាថា)

(វិនីតវត្ថុឧទ្ទានគាថា)

[១០៧] (មាតិកានុក្រម គឺបញ្ជីរឿងតាមរបៀបហូរហែ ដែលនឹងសំដែងតទៅដូចមានខាងក្រោយ​នេះ)

សម្ពត់កម្ពលក្រហម១ សម្ពត់កម្ពលមានរោមខ្លី១ សម្ពត់កម្ពលមានរោម​ក្រញាញ់១ សម្ពត់កម្ពលមានរោមរឹង១ សម្ពត់កម្ពលមានរោមវែង១ ស្រីព្រោះស្រូវ១ ភិក្ខុសួរ​ថាផ្លូវ​ប្រព្រឹត្តទៅស្រួលទេឬ១ សទ្ធា១ ទានដ៏ប្រសើរ១ ស្រីកំពុងធ្វើការងារ១។

(វិនីតវត្ថុ)

(វិនីតវត្ថុ)

[១០៨] សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់កម្ពលជ្រលក់ថ្មី។ ភិក្ខុ១រូបមាន​សេចក្តី​ត្រេកអរ ក៏និយាយនូវពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងក្រហមឬ។ ស្រីនោះ​មិន​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំជ្រលក់ថ្មី។ ភិក្ខុនោះមានសេចក្តី​សង្ស័យថា អញត្រូវអាបត្តិសង្ឃាទិសេសហើយទេដឹង។ ទើបក្រាបទូលសេចក្តីនោះដល់​ព្រះ​ដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិ​ទុក្កដ។ សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់កម្ពលមានរោមខ្លី។ ភិក្ខុមួយរូបមាន​សេចក្តី​ត្រេកអរ ក៏និយាយនូវពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងមានរោមខ្លីឬ។ ស្រីនោះ​មិន​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំមានរោមខ្លី។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិ​ទុក្កដ។ សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់កម្ពលទើបតែនឹងលាងថ្មី។ ភិក្ខុ១រូបមាន​សេចក្តី​ត្រេកអរ ក៏និយាយនូវពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងមានរោម​ក្រញាញ់ឬ។ ស្រីនោះ​មិន​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំទើបតែលាង​ថ្មី។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិ​ទុក្កដ។ សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់កម្ពលមានរោមរឹង។ មានភិក្ខុ១រូបមាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងមានរោមរឹងឬ។ ស្រីនោះ​មិន​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់កម្ពលខ្ញុំមានរោមរឹង។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិ​ទុក្កដ។

[១០៩] សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់បាវារមានរោមវែង។ មានភិក្ខុ១រូបមាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងមានរោមវែងឬ។ ស្រីនោះ​មិន​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់បាវារខ្ញុំមានរោមវែង។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិ​ទុក្កដ។

[១១០] សម័យនោះឯង មានស្រីម្នាក់ ប្រើគេឲ្យព្រោះស្រូវស្រែរួចហើយ ត្រឡប់មកវិញ។ មានភិក្ខុ១រូប មាន​សេចក្តី​ត្រេកអរ និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងឲ្យគេព្រោះហើយឬ។ ស្រីនោះ​មិន​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ ស្រែខ្ញុំ​គេ​មិនទាន់ព្រោះទេ។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិ​ទុក្កដ។

[១១១] សម័យនោះឯង មានភិក្ខុ១រូប ប្រទះនឹងនាងបរិព្វាជិកាត្រង់ផ្លូវជួបគ្នា មាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យនេះនឹងបរិព្វាជិកានោះថា ម្នាលប្អូនស្រី ផ្លូវរបស់នាងប្រព្រឹត្តទៅ​ស្រួលទេឬ។ នាងនោះ​មិន​ដឹង​ច្បាស់ ក៏ឆ្លើយថា ករុណាលោក លោកនឹងដើរទៅបាន។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។

[១១២] សម័យនោះឯង មានភិក្ខុ១រូប មាន​សេចក្តី​ត្រេកអរ និយាយពាក្យនេះនឹងស្រីម្នាក់ថា ម្នាលប្អូនស្រី នាងជាស្រីមានសទ្ធា ប៉ុន្តែនាងឲ្យ​វត្ថុ​ណា​ដល់​ស្វាមី នាងមិនឲ្យវត្ថុនោះដល់អាត្មាផងសោះ។ ស្រីនោះសួរថា អ្វីលោកម្ចាស់។ ភិក្ខុនោះឆ្លើយថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានភិក្ខុ១រូប មាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីម្នាក់ថា ម្នាលប្អូនស្រី នាងជាស្រីមានសទ្ធា ប៉ុន្តែទាន​ណាដ៏ប្រសើរ នាងមិនឲ្យទាននោះដល់អាត្មាផងសោះ។ ស្រីនោះសួរថា បពិត្រលោកដ៏ចំរើន ទានដ៏ប្រសើរ​នោះ តើដូចម្តេច។ ភិក្ខុនោះឆ្លើយថា ទានដ៏ប្រសើរនោះ គឺមេថុនធម្ម។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។

[១១៣] សម័យនោះឯង មានស្រីម្នាក់កំពុងធ្វើការងារ។ មានភិក្ខុ១រូប មាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី នាងឈប់ចុះចាំអាត្មាធ្វើឲ្យ។ ស្រីនោះមិនដឹង​ច្បាស់។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង មានស្រីម្នាក់កំពុងធ្វើការងារ។ មានភិក្ខុ១រូប មាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី នាងចូរអង្គុយទៅ អាត្មានឹងធ្វើឲ្យ។ ស្រីនោះមិនដឹង​ច្បាស់។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង មានស្រីម្នាក់កំពុងធ្វើការងារ។ មានភិក្ខុ១រូប មាន​សេចក្តី​ត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី នាងចូរដេកទៅ អាត្មានឹងធ្វើឲ្យ។ ស្រីនោះមិនដឹង​ច្បាស់។ ភិក្ខុនោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។

សង្ឃាទិសេស ទី៣ ចប់។

 

លេខយោង

1)
ពាក្យជេរលើកអាស
2)
ភិក្ខុ​ដែល​កំពុង​សំដែង​នូវ​សេចក្តី​ពន្យល់ ឬដែលកំពុងស្វាធ្យាយនូវអដ្ឋកថា នៃបទ​មានពាក្យថា ឯង​ជាមនុស្ស​គ្មាននិមិត្ត ដូច្នេះជាដើម។
3)
ភិក្ខុដែលកំពុងបង្ហាញ ឬកំពុង​ស្វាធ្យាយនូវបាឡី។
4)
ភិក្ខុដែលកំពុងនិយាយប្រៀនប្រដៅ មនុស្សខ្ទើយថា ឥឡូវនេះ ឯង​ជាមនុស្សគ្មាននិមិត្ត ឯងជាមនុស្សឧភតោព្យញ្ជនក ក៏តាំងពី​ឥឡូវ​នេះទៅ ឯងត្រូវកុំប្រមាទ ទៅខាងមុខទៅ កុំឲ្យជាមនុស្សយ៉ាងហ្នឹងទៀត។ (អដ្ឋកថា)
km/tipitaka/vin/vbu/sg/vin.vbu.sg.03.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann