km:tipitaka:vin:vbu:sg:vin.vbu.sg.06

សង្ឃាទិសេស ទី៦

សង្ខេប

សង្ឃាទិសេស ទី៦ គឺ កុដិ ធ្វើកុដិ៖ «កាល​ភិក្ខុ​ឲ្យ​គេ​ធ្វើ​​កុដិ​​ដែល​​មិន​មាន​​ទាយក​ជា​ម្ចាស់​​របស់ ចំពោះ​​ជា​ទី​នៅ​​នៃ​ខ្លួន ដោយ​ការ​សូម​គ្រឿង​​ឧបករណ៍​មក​​ខ្លួន​ឯង គប្បី​ធ្វើ​ឲ្យ​​ប្រកប​ដោយ​​ប្រមាណ ប្រមាណ​កុដិ​​នោះ​គឺ បណ្តោយ​​១២​ចំអាម ទទឹង​៧​ចំអាម ដោយ​ចំអាម​ព្រះសុគត​​វាស់​ខាង​ក្នុង ត្រូវ​នាំ​ពួក​​ភិក្ខុ​​មក​​ដើម្បី​សំដែង​​ទី​ឲ្យ ភិក្ខុ​ទាំង​នោះ​គប្បី​សំ​ដែង​ទី​ដែល​មិន​មាន​អន្តរាយ​ និង​មាន​ឧបចារ បើ​ភិក្ខុ​ឲ្យ​​គេ​ធ្វើ​កុដិ​​ដោយ​ការ​សូម​គ្រឿង​​ឧបករណ៍​​គេ​មក​ខ្លួន​​ឯង ក្នុង​ទី​ដែល​មាន​អន្តរាយ និង​មិន​មាន​​ឧបចារក្តី មិន​បាន​​នាំ​ពួក​ភិក្ខុ​មក​​ដើម្បី​សំដែង​ទី​ឲ្យ​ក្តី ធ្វើ​ឲ្យ​កន្លង​ហួស​ប្រមាណ​ក្តី ត្រូវ​​អាបត្តិ​​សង្ឃាទិសេស។»

vbu sg 6 បាលី cs-km: vin.vbu.sg.06 អដ្ឋកថា: vin.vbu.sg.06_att PTS: ?

សង្ឃាទិសេស ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

អានដោយ ព្រះ​រដ្ឋបាល

(៦. កុដិការសិក្ខាបទំ)

[១៩៤] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅវត្តវេឡុវន កលន្ទកនិវាបស្ថាន (កន្លែងដែលស្តេចប្រទានអភ័យនិងចំណីដល់សត្វកង្ហែន) ជិត​ក្រុងរាជគ្រឹះ។ គ្រានោះឯង ពួកភិក្ខុនៅក្នុងដែនអាឡវី ប្រើគេឲ្យសាងនូវកុដិទាំងឡាយ ដែលមានគ្រឿង​ឧបករណ (គ្រឿងប្រដាប់សង់ផ្ទះ) សូមពីគេមកខ្លួនឯង ឥតមានទាយកជាម្ចាស់របស់ ចំពោះជាទីនៅរបស់ខ្លួន ធំហួសប្រមាណ។ កុដិទាំងនោះមិនទាន់សម្រេច។ ភិក្ខុទាំងនោះក៏ចេះតែ​សូមញឹកៗ ញយៗ ដោយពាក្យសូមថា អ្នកទាំងឡាយចូរឲ្យនូវបុរស ឲ្យគ្រឿងហត្ថកម្មនៃបុរស ឲ្យ​គោ ឲ្យរទេះ ឲ្យកាំបិត ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក ឲ្យវល្ល៍ ឲ្យឫស្សី ឲ្យស្មៅយ៉ាប្លង ឲ្យស្មៅដំណេកទន្សាយ ឲ្យស្មៅ ឲ្យដីស្អិត (ដល់យើងទាំងឡាយ)។ ពួកមនុស្សដែលភិក្ខុទាំងនោះ​ចេះតែបៀតបៀនដោយការសូមញឹកញយហួសពេក លុះដល់ឃើញពួកភិក្ខុហើយ ក៏ភ្ញាក់ផ្អើលខ្លះ តក់ស្លុតខ្លះ លបរត់ទៅខ្លះ គេចទៅទីដទៃខ្លះ បែរមុខទៅទីដទៃខ្លះ បិទទ្វារផ្ទះខ្លះ សូម្បីគ្រាន់តែឃើញនូវគោញីទាំងឡាយ ក៏គេចរត់ដោយស្មានថាជាពួកភិក្ខុ។

[១៩៥] ខណៈនោះ ព្រះមហាកស្សបដ៏មានអាយុ គង់ចាំវស្សាក្នុងក្រុងរាជគ្រឹះ (គ្រប់ត្រៃមាស) ហើយ ក៏និមន្តចេញទៅឯដែនអាឡវី ត្រេចទៅកាន់ចារិកតាមលំដាប់ សំដៅ​ទៅកាន់​ដែនអាឡវីនោះ។ មានសេចក្តីដំណាលថា ព្រះមហាកស្សដ៏មានអាយុ សម្រេចឥរិយាបថ​នៅនាអគ្គាឡវចេតិយក្នុងដែន​អាឡវីនោះ។ គ្រានោះ​ជាវេលាព្រឹក ព្រះមហាកស្សបដ៏មាន​អាយុ ស្លៀកស្បង់ ទ្រង់បាត្រ​និងចីវរចូលទៅ​កាន់​ដែនអាឡវីដើម្បីបិណ្ឌបាត។ មនុស្សទាំងឡាយ​បានឃើញ​ព្រះមហាកស្សប​ដ៏មានអាយុ ក៏ភ្ញាក់ផ្អើលខ្លះ តក់ស្លុតខ្លះ លបរត់ទៅខ្លះ គេចទៅ​ទីដទៃខ្លះ បែរមុខទៅទីដទៃខ្លះ បិទទ្វារផ្ទះខ្លះ។ គ្រានោះ ព្រះមហាកស្សប​ដ៏មានអាយុត្រាច់ទៅ​បិណ្ឌបាតក្នុងដែន​អាឡវីធ្វើភត្តកិច្ចស្រេចហើយ ដល់កាលជាខាងក្រោយ​អំពីភត្តកិច្ច ក៏ហៅពួក​ភិក្ខុ​មកហើយសួរថា ម្នាលលោកដ៏មានអាយុទាំងឡាយ កាលពីដើម ដែនអាឡវីនេះសម្បូណ៌​ចង្ហាន់ បិណ្ឌបាតបានងាយ ងាយនឹង​ព្យាយាម​ស្វែងរក​ការចិញ្ចឹម​ជីវិត ប៉ុន្តែឥឡូវនេះ ដែនអាឡវី​នេះ ប្រែជាកើតទុរ្ភិក្ស បិណ្ឌបាតបានដោយ​កម្រ លំបាក​នឹងព្យាយាមស្វែងរកការ​ចិញ្ចឹម​ជីវិតទៅ​វិញ ម្នាលលោកដ៏មានអាយុទាំងឡាយ អ្វីហ្ន៎ជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យដែនអាឡវីនេះ​ប្រែជា​កើតទុរ្ភិក្ស បិណ្ឌបាតបានដោយ​កម្រ លំបាក​នឹងព្យាយាមស្វែងរកការ​ចិញ្ចឹម​ជីវិតទៅ​វិញ។ ទើបភិក្ខុទាំងនោះពិតរឿងនុ៎ះ​ដល់ព្រះមហាកស្សបដ៏មានអាយុ។

[១៩៦] គ្រានោះ ព្រះដ៏មានព្រះភាគ គង់នៅ​ក្នុងក្រុងរាជគ្រឹះ​ គួរដល់ពុទ្ធអធ្យាស្រ័យ ហើយ​ក៏យាងចេញទៅ​ឯ​ដែនអាឡវី យាងទៅកាន់ចារិក​តាមលំដាប់ សំដៅទៅកាន់ដែនអាឡវី​នោះ។ មានសេចក្តីដំណាលថា ព្រះដ៏មានព្រះភាគ ទ្រង់សម្រេច​ឥរិយាបថ​នៅនា​អគ្គាឡវចេតិយ ក្នុងដែនអាឡវីនោះ។ ខណៈនោះ ព្រះមហាកស្សបដ៏​មានអាយុ ចូលទៅគាល់​ព្រះអង្គ លុះចូល​ទៅ​ដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ខាងទី​ដ៏សមគួរ។ លុះអង្គុយក្នុងទី​ដ៏សម​គួររួចហើយ ព្រះមហាកស្សបដ៏​មានអាយុបានក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់ត្រាស់សួរ​បញ្ជាក់ពួកភិក្ខុ​ដែនអាឡវីថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នករាល់គ្នា​ឲ្យគេធ្វើនូវកុដិ​ទាំងឡាយ​ដែល​មាន​គ្រឿង​​ឧបករណ៍ សូមអំពីគេមកដោយខ្លួនឯង មិនមានទាយកជាម្ចាស់របស់ ចំពោះ​ជាទីនៅ​របស់​ខ្លួន ធំហួស​ប្រមាណ។ កុដិទាំងនោះមិនទាន់​សម្រេច អ្នករាល់គ្នាចេះតែ​សូមគេញយៗថា អ្នកទាំងឡាយចូរឲ្យនូវបុរស ឲ្យគ្រឿងហត្ថកម្មនៃបុរស ឲ្យ​គោ ឲ្យរទេះ ឲ្យកាំបិត ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក ឲ្យវល្ល៍ ឲ្យឫស្សី ឲ្យស្មៅយ៉ាប្លង ឲ្យស្មៅដំណេកទន្សាយ ឲ្យស្មៅ ឲ្យដីស្អិត ពួក​មនុស្សដែលអ្នកទាំងឡាយ​ចេះតែបៀតបៀនដោយការសូមញឹកញយហួសពេក លុះដល់​ឃើញ​ភិក្ខុទាំងឡាយ​ហើយ ក៏ភ្ញាក់ផ្អើលខ្លះ តក់ស្លុតខ្លះ លបរត់ទៅខ្លះ គេចទៅទីដទៃខ្លះ បែរមុខទៅទីដទៃខ្លះ បិទទ្វារផ្ទះខ្លះ សូម្បីគ្រាន់តែឃើញ​នូវគោញី​ទាំងឡាយហើយសំគាល់​ថាភិក្ខុ ក៏គេច​រត់ សេចក្តី​នេះ​ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ដំណើរនេះមិនសមគួរទេ។បេ។ មិនមែនជាកិច្ចដែល​ត្រូវធ្វើទេ ម្នាលមោឃបុរសទាំងឡាយ មិនសមបីបើ អ្នក​ឯងរាល់គ្នា​ប្រើគេឲ្យ​សាងកុដិ​ទាំងឡាយ ដែល​មាន​គ្រឿង​​ឧបករណ៍ សូមពីគេមកខ្លួនឯង ឥតមាន​ទាយកជា​ម្ចាស់​របស់ ចំពោះ​ជាទីនៅ​របស់​ខ្លួន ធំហួស​ប្រមាណ កុដិទាំងនោះមិនទាន់​សម្រេច អ្នកទាំង​ឡាយ​ចេះតែ​សូមញយៗ ដោយពាក្យសូមថា អ្នកទាំងឡាយ​ចូរឲ្យនូវ​បុរស ឲ្យគ្រឿងហត្ថកម្ម​នៃបុរស ឲ្យ​គោ ឲ្យរទេះ ឲ្យកាំបិត ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក ឲ្យវល្ល៍ ឲ្យឫស្សី ឲ្យស្មៅយ៉ាប្លង ឲ្យស្មៅ​ដំណេកទន្សាយ ឲ្យស្មៅ ឲ្យដីស្អិត (ដល់យើងទាំងឡាយ) ម្នាលមោឃបុរសទាំងឡាយ អំពើ​ដែល​ពួកអ្នក​ធ្វើនេះ មិននាំឲ្យជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា​(នោះ)​ទេ។បេ។ មានតែនាំឲ្យខូចចិត្ត ដល់ជន​ទាំងឡាយដែលមានសេចក្តីជ្រះថ្លាហើយ។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់តិះដៀលពួកភិក្ខុដែនអាឡវី​ដោយអនេក​បរិយាយ។បេ។ ហើយទ្រង់សំដែង​ធម្មីកថា​តាមសមគួរដល់ហេតុនោះៗ ដល់ភិក្ខុទាំងឡាយ ហើយត្រាស់ហៅពួកភិក្ខុមក ហើយ(ត្រាស់ថា)។

[១៩៧] ម្នាលភិក្ខុទាំងឡាយ ក្នុងកាល​ពីដើម មាន​ឥសីពីរនាក់ ជាបងប្អូននឹង​គ្នា សំណាក់​នៅអាស្រ័យ​នឹងស្ទឹងគង្គា។ ម្នាលភិក្ខុទាំងឡាយ វេលានោះ មានសេ្តចនាគមួយឈ្មោះ​មណិកណ្ឋ ឡើងមក​អំពីស្ទឹង​គង្គា ហើយចូលមករកឥសីជាប្អូន លុះចូលមកដល់ហើយ ក៏ព័ទ្ធព័ន្ធឥសីប្អូន​ដោយ​ភ្នេន៧ជុំ ហើយបើកពពារដ៏ធំ​បាំង​ពីខាង​លើ​សីរ្យនៃ​ឥសីប្អូន​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ គ្រានោះ ឥសីប្អូនហេតុ​តែមានសេចក្តីខ្លាច​អំពីនាគនោះ ក៏ចេះតែស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតទៅជារោគលឿង​ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ម្នាលភិក្ខុទាំងឡាយ ឥសី​ជាបង​បានឃើញឥសីប្អូន​ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជា​រោគលឿង​​ស្លេកស្លាំង មានខ្លួនរវាម​ដោយសរសៃ លុះឃើញហើយ ដ៏សួរទៅឥសីប្អូនថា ម្នាលអ្នកដ៏ចំរើន ហេតុអ្វីក៏អ្នក ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង​ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ (ដូច្នេះ)។ ឥសីប្អូនប្រាប់ថា បពិត្រលោកបងដ៏ចំរើន នាគរាជឈ្មោះមណិកណ្ឋ ឡើងមក​អំពីស្ទឹង​គង្គា ហើយចូលមករកខ្ញុំក្នុងទីនេះ លុះចូលមកដល់ហើយ ក៏ព័ទ្ធព័ន្ធខ្ញុំ​ដោយ​ភ្នេន៧ជុំ ហើយបើកពពារដ៏ធំ​បាំង​ពីខាង​លើក្បាលខ្ញុំ ព្រោះសេចក្តីខ្លាចនាគរាជនោះ បានជាខ្ញុំស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង​ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ឥសី​បង​សួរថា ម្នាលអ្នកដ៏ចំរើន អ្នកចង់មិនឲ្យនាគរាជនោះមកដែរឬ។ ឥសីប្អូនតបថា បពិត្រលោកបង​ដ៏ចំរើន ខ្ញុំចង់មិនឲ្យ​នាគរាជនោះមកទេ។ ឥសីបងសួរថា ម្នាលអ្នកដ៏ចំរើន ចុះអ្នកឯងបានឃើញ​វត្ថុអ្វីជារបស់នាគរាជនោះខ្លះ។ ឥសីប្អូន​តបថា បពិត្រលោកបងដ៏ចំរើន ខ្ញុំបានឃើញ​កែវមណី​ ជាគ្រឿងប្រដាប់​ព្ធដ៏កនៃនាគរាជនោះ។ ឥសីបងក៏បង្គាប់ថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ អ្នកចូរសូម​កែវមណី​ចំពោះ​នាគរាជ​នោះថា អ្នកដ៏ចំរើន សូមអ្នកឲ្យកែវមណី​ដល់អាត្មា អាត្មា​ត្រូវ​ការ​ដោយកែវមណី។ ម្នាលភិក្ខុទាំងឡាយ ខណៈនោះ មណិកណ្ឋនាគរាជ ក៏ឡើងអំពីស្ទឹងគង្គា ហើយចូលមករកឥសីប្អូន លុះចូលមកដល់ហើយ ក៏ស្ថិតនៅក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ ឥសីប្អូនក៏បានពោលពាក្យនេះនឹងមណិកណ្ឋនាគរាជដែលស្ថិតនៅក្នុងទីដ៏សមគួរហើយ ថា ម្នាល​អ្នកដ៏ចំរើន សូមអ្នកឲ្យកែវមណីដល់អាត្មា អាត្មាត្រូវការដោយកែវមណី។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មណិកណ្ឋនាគរាជ​គិតថា ភិក្ខុចេះតែ​សូមកែវមណី ភិក្ខុ​ត្រូវ​ការ​ដោយ​កែវមណី គិត​ដូច្នេះហើយ ក៏វិល​ទៅវិញយ៉ាងឆាប់។ ម្នាលភិក្ខុទាំងឡាយ គ្រាទី២ មណិកណ្ឋនាគរាជ​ឡើងមកអំពីស្ទឹង​គង្គា ហើយចូលមករកឥសីប្អូន។ ម្នាលភិក្ខុទាំងឡាយ ឥសីប្អូនបានឃើញមណិកណ្ឋនាគរាជ​មកអំពី​ចម្ងាយ លុះឃើញហើយ ក៏ពោល​ពាក្យ​សូម​កែវ​មណីនឹងមណិកណ្ឋនាគរាជ​ថា ម្នាលអ្នកដ៏ចំរើន សូមអ្នកឲ្យកែវមណីដល់អាត្មា អាត្មា​ត្រូវ​ការ​ដោយ​កែវមណី។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មណិកណ្ឋនាគរាជ​ក៏រំពឹងថា ភិក្ខុចេះ​តែ​សូម​កែវមណី ភិក្ខុត្រូវការដោយ​កែវមណី ហើយត្រឡប់​អំពីទីនោះបាត់ទៅ។ ម្នាលភិក្ខុទាំងឡាយ គ្រាទី៣ មណិកណ្ឋនាគរាជ ក៏ឡើងមកអំពីស្ទឹងគង្គា។ ម្នាលភិក្ខុទាំងឡាយ ឥសីប្អូនបានឃើញ​មណិកណ្ឋនាគរាជ​ឡើងអំពីស្ទឹងគង្គា លុះឃើញហើយ ក៏ពោល​ពាក្យ​សូម​កែវ​មណី​នឹងមណិកណ្ឋនាគរាជ​ថា ម្នាលអ្នកដ៏ចំរើន សូមអ្នកឲ្យកែវមណីដល់អាត្មា អាត្មា​ត្រូវ​ការ​ដោយ​កែវមណី។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មណិកណ្ឋនាគរាជ​ពោលនឹង​ឥសីប្អូន ដោយគាថា​ទាំងឡាយថា បាយនិងទឹកដ៏ផ្ចិតផ្ចង់ជាច្រើន តែងកើតឡើងដល់ខ្ញុំ ព្រោះអាស្រ័យកែវមណីនេះ ខ្ញុំនឹង​ឲ្យ​កែវមណីនោះដល់​លោកមិនបានទេ លោកជាអ្នកស្មូរសូមហួសពេក ខ្ញុំនឹងលែងមកកាន់​អាស្រម​របស់លោកទៀតហើយ។ មនុស្សកំឡោះដែលមាន​ដាវសំលៀង​ដោយថ្មខ្មៅ​យ៉ាងមុត​ក្នុង​ដៃ នឹងគប្បីធ្វើនរណាៗ ឲ្យស្លុត​ខ្លាច​បានដូចម្តេច​មិញ លោកសូមកែវមណីនឹងខ្ញុំ ធ្វើខ្ញុំ​ឲ្យស្លុត​ខ្លាច​ ក៏ដូច្នោះដែរ ខ្ញុំនឹងឲ្យកែវមណីនោះដល់​លោកមិនបានទេ លោកជាអ្នកស្មូរសូមហួសពេក ខ្ញុំនឹង​លែង​មកកាន់អាស្រម​របស់លោក​ទៀតហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មណិកណ្ឋនាគរាជ​ក៏រំពឹងថា ភិក្ខុចេះតែសូមកែវមណី ភិក្ខុត្រូវការដោយ​កែវមណី ហើយ​ចៀស​ចេញ​ទៅ។ មណិកណ្ឋនាគរាជ កាលដែលចៀស​ចេញទៅដូច្នោះហើយ ក៏លែង​ត្រឡប់​មកវិញ​ទៀត។ ម្នាលភិក្ខុទាំងឡាយ លុះកាលតមក ឥសីប្អូន ព្រោះមិនបានឃើញនាគដែលគួរឃើញ​នោះ ក៏រឹងរឹតតែស្គាំងស្គម សៅហ្មង​ មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយ​សរសៃ។ ម្នាលភិក្ខុទាំងឡាយ ឥសីបងបានឃើញឥសីប្អូនរឹងរឹតតែស្គាំងស្គម សៅហ្មង​ មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយ​សរសៃ លុះឃើញ​ហើយ បានសួរ​ឥសីប្អូន​ថា ម្នាលអ្នកដ៏ចំរើន ហេតុអ្វីបានជាអ្នក​រឹងរឹតតែស្គាំងស្គម សៅហ្មង​ មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយ​សរសៃ។ ឥសីប្អូន​ឆ្លើយ​ថា បពិត្រលោកបងដ៏ចំរើន ព្រោះមិនបានឃើញ​នាគនោះដែលគួរឃើញ បានជាខ្ញុំ​រឹងរឹត​តែ​ស្គាំងស្គម សៅហ្មង​ មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយ​សរសៃ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ឥសីបង​បានពោល​គាថា​នឹង​ឥសីប្អូន​ថា

បុគ្គលដឹងថា​របស់​ណាជាទីស្រឡាញ់​របស់គេ​ មិនគួរ​សូមរបស់​នោះ​អំពីគេ បុគ្គល​ជាទី​ស្អប់ខ្ពើម​របស់​គេ ក៏ព្រោះ​សូមហួសពេក នាគដែល​ព្រាហ្មណ៍​សូមកែវមណីហើយ លែង​ត្រឡប់​មក​កាន់ទី​នោះឲ្យ​ឃើញ​ទៀត។

ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងពួក​សត្វតិរច្ឆានទាំងនោះ ក៏មិនពេញចិត្ត​នឹង​ការ​សូម មិនពេញ​ចិត្ត​នឹង​ការរៃ​អង្គាស នឹងបាច់​ពោល​ថ្វី​ដល់​មនុស្ស។

[១៩៨] (រឿងទី២ថា ) ម្នាលភិក្ខុទាំងឡាយ រឿងដែល​មានអំពីអតីតកាល មានភិក្ខុមួយរូប សម្រេច​ឥរិយាបថ​នៅក្នុងដងព្រៃមួយ​ នាខាងភ្នំហិមវន្ត។ ម្នាលភិក្ខុទាំងឡាយ ក្នុងទីជិត​ដងព្រៃ​នោះ​ឯង មានបឹងមួយជាទំនាបធំ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មានហ្វូងសត្វស្លាបជាច្រើន វេលាថ្ងៃ​ត្រាច់រកអាហារព្ធដ៏បឹងដែលនៅជិតដងព្រៃនោះ ដល់វេលាល្ងាច នាំគ្នាមក​អាស្រ័យ​នៅ​នាដងព្រៃ​នោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ភិក្ខុនោះ​ធុញ​ទ្រាន់ អផ្សុក​ដោយ​សំឡេង​នៃ​ហ្វូង​សត្វ​ស្លាប​នោះ ក៏ចូល​មករកតថាគត លុះចូលមកដល់ហើយ ថ្វាយបង្គំតថាគត ហើយអង្គុយ​នៅ​ក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះដល់ភិក្ខុនោះអង្គុយស៊ប់ហើយ តថាគតបាន​ពោល​ពាក្យ​នេះនឹងភិក្ខុ​នោះថា ម្នាលភិក្ខុ ខន្ធបញ្ចកដែលមានចក្ក​៤ មានទ្វារ៩ អ្នកល្មមអត់ធន់បាន​ទេ​ឬ ខន្ធបញ្ចកដែលមានចក្ក៤ មានទ្វារ៩ អ្នកល្មមឲ្យប្រព្រឹត្តទៅបានទេឬ អ្នកជាបុគ្គលមកកាន់​ផ្លូវ​ឆ្ងាយដោយ​ឥត​មានលំបាក​ទេឬ ម្នាលភិក្ខុ ចុះអ្នកមកអំពី​ទីណា។ ភិក្ខុនោះពោលថា បពិត្រ​ព្រះដ៏​មានព្រះភាគ ខន្ធបញ្ចកដែលមានចក្ក​៤ មានទ្វារ៩ ខ្ញុំព្រះអង្គល្មមអត់ធន់បាន បពិត្រព្រះដ៏​មានព្រះភាគ ខន្ធបញ្ចកដែលមានចក្ក៤ មានទ្វារ៩ ខ្ញុំព្រះអង្គល្មមឲ្យប្រព្រឹត្តទៅបាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយសោត ខ្ញុំព្រះអង្គជាបុគ្គលមកកាន់​ផ្លូវ​ឆ្ងាយដោយ​ឥត​មានលំបាកឡើយ បពិត្រព្រះអង្គដ៏ចំរើន ខាងភ្នំហិមវន្ត មានដងព្រៃមួយធំ បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងទី​ជិត​នៃ​ដងព្រៃនោះ មានបឹងទំនាបធំ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ មានហ្វូងសត្វស្លាបច្រើន វេលា​ថ្ងៃ ត្រាច់រកអាហារនៅបឹងនោះ លុះដល់វេលាល្ងាច នាំគ្នាមកអាស្រ័យ​នៅនាដង​ព្រៃនោះ បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គបានជាមកអំពីទីនោះ ព្រោះអផ្សុកនឹង​សំឡេង​នៃហ្វូង​សត្វស្លាប​នោះ។ តថាគត​បានសួរថា ម្នាលភិក្ខុ ចុះអ្នកចង់មិនឲ្យហ្វូង​សត្វស្លាប​នោះមកទេឬ ភិក្ខុនោះពោល​ថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​មិនចង់ឲ្យហ្វូងសត្វស្លាបនោះមកទេ។ ទើប​តថាគត​ពោល​ថា ម្នាលភិក្ខុ បើដូច្នោះ អ្នកឯងទៅដល់ទីនោះហើយ ៗចូលទៅកាន់ដងព្រៃនោះ ហើយប្រកាស​នូវ​សំឡេងបីដង​ អស់បឋមយាមនៃរាត្រីថា នែសត្វស្លាបដ៏ចំរើនទាំងឡាយ បណ្តាសត្វស្លាបដែល​អាស្រ័យ​នៅក្នុងដងព្រៃនេះទាំង​អម្បាលម៉ាណ ចូរស្តាប់យើង ៗត្រូវការដោយស្លាប​របស់​សត្វ​ស្លាប​ទាំងឡាយ អ្នករាល់គ្នាចូរឲ្យ​ស្លាបមួយៗម្នាក់​ដល់យើង (តពីនោះមក) ចូរប្រកាស​នូវ​សំឡេង​បីដង អស់​មជ្ឈិមយាមនៃរាត្រីថា។បេ។ រួចចូរប្រកាស​នូវ​សំឡេង​បីដង អស់បច្ឆឹមយាមនៃរាត្រីថា នែសត្វស្លាបដ៏ចំរើនទាំងឡាយ បណ្តាសត្វស្លាបដែល​អាស្រ័យ​នៅក្នុងដងព្រៃនេះទាំង​អម្បាលម៉ាណ ចូរស្តាប់យើង ៗត្រូវការដោយស្លាប​របស់​សត្វបក្សី​ទាំងឡាយ ម្នាលសត្វ​បក្សី​ដ៏ចំរើន​ទាំងឡាយ អ្នករាល់គ្នាចូរឲ្យ​ស្លាបមួយៗម្នាក់​ដល់យើង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ភិក្ខុនោះក៏ទៅក្នុងទីនោះ ហើយទើបចូលទៅកាន់ដងព្រៃនោះ ហើយប្រកាស​នូវ​សំឡេង​បីដង អស់​បឋមយាមនៃរាត្រីថា នែសត្វបក្សីដ៏ចំរើនទាំងឡាយ បណ្តាសត្វបក្សីដែល​អាស្រ័យ​នៅក្នុងដងព្រៃនេះទាំង​អម្បាលម៉ាណ ចូរស្តាប់យើង ៗត្រូវការដោយស្លាប​របស់​សត្វបក្សី​ទាំងឡាយ ម្នាលសត្វបក្សីដ៏ចំរើនទាំងឡាយ អ្នករាល់គ្នាចូរឲ្យ​ស្លាបមួយៗម្នាក់​ដល់យើង (តពីនោះ​មក) ក៏ប្រកាសនូវសំឡេងបីដង អស់មជ្ឈិមយាមនៃរាត្រី។បេ។ រួចបាន​ប្រកាសនូវ​សំឡេង​បីដង អស់បច្ឆិមយាមនៃរាត្រីថា នែសត្វបក្សីដ៏ចំរើនទាំងឡាយ បណ្តាសត្វបក្សីដែល​អាស្រ័យ​នៅក្នុងដងព្រៃនេះទាំង​អម្បាលម៉ាណ ចូរស្តាប់យើង ៗត្រូវការដោយស្លាប​របស់​សត្វបក្សី​ទាំងឡាយ ម្នាលសត្វបក្សីដ៏ចំរើនទាំងឡាយ អ្នករាល់គ្នាចូរឲ្យ​ស្លាបមួយៗម្នាក់​ដល់យើង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ហ្វូងសត្វបក្សីក៏គិតគ្នាថា ភិក្ខុចេះតែសូមស្លាប ភិក្ខុត្រូវការដោយ​ស្លាប (លុះគិតហើយ) ក៏ចៀសចេញទៅចាកដងព្រៃនោះ កាលដែលហ្វូងសត្វបក្សី​ចៀស​ចេញទៅ​ដូច្នោះ​ហើយ ក៏លែង​ត្រឡប់វិលមកទៀត។ ម្នាលភិក្ខុទាំងឡាយ អម្បាល​យ៉ាងសត្វ​តិរច្ឆាន​ទាំង​ឡាយ​នោះ ម្តេច​គង់​មិនពេញចិត្ត​នឹងការសូម មិនពេញចិត្តនឹង​ការរៃអង្គាស ចំណង់​បើ​មនុស្ស​ទាំងឡាយ នឹង​បាច់​និយាយទៅថ្វី។

[១៩៩] ម្នាលភិក្ខុទាំងឡាយ មានរឿងពីដើមមកថា បិតារបស់​កុលបុត្ត​ឈ្មោះ​រដ្ឋបាល បានពោល​គាថា​នឹង​រដ្ឋបាលកុលបុត្តថា

ម្នាលរដ្ឋបាល ជនទាំងឡាយណាច្រើននាក់ រមែង​មក​ចោមរោម​សូម​អ្វីៗ​នឹងញោម តែ​ញោម​មិនស្គាល់ជនទាំងនោះ​ឡើយ ហេតុអ្វី​បានជាអ្នក​មិនសូមអ្វីៗ​នឹងញោម​ខ្លះ។

រដ្ឋបាលកុលបុត្តក៏និយាយថា

អ្នកស្មូរសូមរមែងមិនជាទីស្រឡាញ់របស់អ្នកឲ្យ អ្នកមិនឲ្យរបស់ដែលគេសូម ក៏មិនជាទី​ស្រឡាញ់​របស់អ្នកសូម ព្រោះហេតុនោះ ទើបខ្ញុំ​មិនសូមអ្វីៗនឹងអ្នក ដោយគិតថា មិនឲ្យ​ជាទី​ស្អប់​ខ្ពើម​ដល់ខ្ញុំ។

ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងរដ្ឋបាលកុលបុត្ត​នោះ ម្តេច​គង់បានពោល​យ៉ាងនេះ​នឹង​បិតារបស់ខ្លួន នឹងបាច់​ពោលទៅថ្វី​ដល់ជន​នឹងជន (នឹងខានស្តីថាឲ្យគ្នាឯណាបាន)។

[២០០] ម្នាលភិក្ខុទាំងឡាយ ក៏ភោគទាំងឡាយដែលពួកគ្រហស្ថ​សន្សំរកបាន​ដោយកម្រ សូម្បី​រកបានមកហើយ ក៏កម្រ​នឹងថែរក្សាទុកឲ្យគង់បាន ម្នាលមោឃបុរសទាំងឡាយ កាលបើ​ភោគ​ទាំងឡាយ​ដែលពួកគ្រហស្ថសន្សំ រកបានដោយកម្រ សូម្បី​រកបាន​មក​ហើយ ក៏កម្រ​នឹងថែ​រក្សា​យ៉ាងនេះ អ្នកទាំងឡាយប្រព្រឹត្តតែសូមហួសពេក រៃអង្គាសហួសពេក ចំពោះ​ភោគ​ទាំង​នោះ​ថា អ្នកទាំងឡាយចូរឲ្យបុរស ឲ្យគ្រឿងហត្ថកម្មនៃបុរស ឲ្យគោ ឲ្យរទេះ ឲ្យកាំបិត ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក ឲ្យវល្ល៍ ឲ្យឫស្សី ឲ្យស្មៅយ៉ាប្លង ឲ្យស្មៅដំណេកទន្សាយ ឲ្យស្មៅ (ធម្មតា) ឲ្យដីស្អិត។ ម្នាលមោឃបុរសទាំងឡាយ អំពើដែលអ្នកទាំងអស់គ្នាធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់ជន​ទាំងឡាយដែលមិនទាន់បានជ្រះថ្លា។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែង​ឡើងនូវ​សិក្ខាបទនេះ​យ៉ាងនេះថា

កាលភិក្ខុឲ្យគេធ្វើ​កុដិ​ដែល​មិនមាន​ទាយក​ជាម្ចាស់​របស់ ចំពោះ​ជាទីនៅ​នៃខ្លួន ដោយការសូមគ្រឿង​ឧបករណ៍មក​ខ្លួនឯង គប្បី​ធ្វើឲ្យ​ប្រកបដោយ​ប្រមាណ ប្រមាណកុដិ​នោះគឺ បណ្តោយ​១២ចំអាម ទទឹង​៧ចំអាម ដោយចំអាមព្រះសុគត​វាស់ខាងក្នុង ត្រូវនាំពួក​ភិក្ខុ​មក​ដើម្បីសំដែង​ទីឲ្យ ភិក្ខុទាំងនោះគប្បីសំដែងទីដែលមិនមានអន្តរាយ​ និងមានឧបចារ បើភិក្ខុឲ្យ​គេធ្វើ​កុដិ​ដោយការសូមគ្រឿង​ឧបករណ៍​គេមកខ្លួន​ឯង ក្នុងទីដែលមានអន្តរាយ និងមិនមាន​ឧបចារក្តី មិនបាន​នាំពួកភិក្ខុមក​ដើម្បីសំដែងទីឲ្យក្តី ធ្វើឲ្យកន្លង​ហួសប្រមាណក្តី ត្រូវ​អាបត្តិ​សង្ឃាទិសេស។

[២០១] ភិក្ខុបានសូមបុរសក្តី គ្រឿងហត្ថកម្មនៃបុរសក្តី គោក្តី រទេះក្តី កំាបិតក្តី ពូថៅក្តី ដឹងក្តី ចបក្តី ពន្លាកក្តី។បេ។ ស្មៅក្តី ដីស្អិតក្តី ដោយខ្លួនឯង ឈ្មោះថាសូមគ្រឿង​ឧបករណ៍​គេមក​ខ្លួន​ឯង។ ដែលឈ្មោះថាកុដិនោះ គឺកុដិ​ដែលលាប​ខាងក្នុង ឬកុដិ​ដែលលាប​ខាងក្រៅ ឬកុដិ​ដែល​លាប​ទាំងខាង​ក្នុង ទាំងខាងក្រៅ។ ត្រង់ពាក្យថា កាលឲ្យគេធ្វើ គឺធ្វើ​ខ្លួនឯងក្តី ឲ្យគេធ្វើក្តី។ ត្រង់ពាក្យថា មិនមានទាយកជាម្ចាស់របស់ សេចក្តីថា មិនមានអ្នកដទៃ​ណាមួយ​ទោះ​ស្រីក្តី ប្រុសក្តី គ្រហស្ថក្តី បព្វជិតក្តី ជាម្ចាស់របស់។ ត្រង់ពាក្យថា ចំពោះជាទីនៅនៃខ្លួន គឺដើម្បី​ជា​ប្រយោជន៍​ដល់ខ្លួន។ ត្រង់ពាក្យថា គប្បីធ្វើឲ្យប្រកប​ដោយប្រមាណ ប្រមាណ​កុដិ​នោះគឺ បណ្តោយ​១២ចំអាម ដោយចំអាមព្រះសុគត គឺវាស់​តាម​ទីដែល​ជាខាងក្រៅកុដិ។ ត្រង់ពាក្យ​ថា ទទឹង៧ចំអាម វាស់ខាងក្នុង គឺវាស់​តាមទីដែលជាខាងក្នុងកុដិ។

[២០២] ត្រង់ពាក្យថា ត្រូវនាំពួកភិក្ខុមកដើម្បីសំដែងទីឲ្យ សេចក្តីថា រូបភិក្ខុអ្នកធ្វើកុដិ​នោះ ត្រូវជំរះទីកុដិរួចចូលទៅរកសង្ឃ ហើយធ្វើចីវរឆៀងស្មាម្ខាង ថ្វាយបង្គំ​បាទាភិក្ខុចាស់ទាំងឡាយ ហើយ​អង្គុយច្រហោងប្រណម្យអញ្ជលីពោលពាក្យយ៉ាងនេះថា ខ្ញុំករុណាចង់ធ្វើកុដិ​មិនមានទាយកជាម្ចាស់របស់ ចំពោះ​ជាទីនៅ​នៃ​ខ្លួន​ដោយ​ការសូមគ្រឿងឧបករណ៍គេមកខ្លួនឯង បពិត្រលោកដ៏ចំរើនទាំងឡាយ ខ្ញុំករុណាឯង សូម​ឲ្យសង្ឃពិនិត្យ​មើល​ទីធ្វើកុដិឲ្យទាន។ ភិក្ខុអ្នកធ្វើកុដិនោះ គប្បីសូមជាគំរប់ពីរដងផង គប្បីសូមជា​គំរប់បីដងផង។ បើសង្ឃទាំងអស់ អាចដើម្បីពិនិត្យមើលទីធ្វើកុដិបាន សង្ឃទាំងអស់គប្បីពិនិត្យ​មើល។ បើសង្ឃទាំងអស់មិនអាចដើម្បីពិនិត្យមើលទីធ្វើកុដិបានទេ ភិក្ខុទាំងឡាយឯណាមាននៅ​ក្នុងទីនោះ ជាអ្នកឆ្លាសអាចនឹងដឹងនូវទីដែលមានហេតុទាស់ និងទីដែលមិនមានហេតុទាស់ និងទី​ដែល​មានឧបចារ និងមិនមានឧបចារ សង្ឃគប្បីអារាធនា ហើយសម្មតិភិក្ខុទាំងនោះ។ ម្នាលភិក្ខុ​ទាំងឡាយ សង្ឃត្រូវសម្មតិភិក្ខុទាំងនោះយ៉ាងនេះ គឺភិក្ខុដែលឆ្លាសប្រតិពល ត្រូវញុំាង​សង្ឃ​ឲ្យ​ដឹង (ដោយញត្តិទុតិយកម្មវាចា) ថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុរូបនេះ ឈ្មោះនេះ ចង់ធ្វើកុដិដែលឥតមានទាយកម្ចាស់របស់ ចំពោះជាទីនៅនៃខ្លួន ដោយការសូម​​គ្រឿង​ឧបករណ៍​គេមកខ្លួនឯង ភិក្ខុនោះសូម ការពិនិត្យមើលទីធ្វើកុដិនិងសង្ឃ។ បើការពិនិត្យមើល​ទីធ្វើ​កុដិ​មានកាល​សមគួរដល់សង្ឃហើយ សង្ឃគប្បីសម្មតិភិក្ខុទាំងឡាយឈ្មោះនេះផងៗ ដើម្បី​ឲ្យ​ពិនិត្យ​មើលនូវទីធ្វើកុដិរបស់ភិក្ខុឈ្មោះនេះ។ នេះជាវាចាសម្រាប់ញុំាងសង្ឃឲ្យដឹង។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុរូបនេះ ឈ្មោះនេះ ចង់ធ្វើកុដិដែលឥតមានទាយក​ជា​ម្ចាស់​របស់​ចំពោះជាទីនៅនៃខ្លួន ដោយការសូមគ្រឿង​ឧបករណ៍​គេមកខ្លួនឯង ភិក្ខុនោះសូម​ការពិនិត្យ​មើលទីធ្វើកុដិ​នឹងសង្ឃ។ សង្ឃសម្មតិភិក្ខុទាំងឡាយ​មានឈ្មោះនេះផងៗ ដើម្បី​ឲ្យពិនិត្យ​មើល​ទីធ្វើ​កុដិ​របស់ភិក្ខុឈ្មោះនេះ។ ការសម្មតិនូវភិក្ខុទាំងឡាយឈ្មោះនេះផងៗ ដើម្បីឲ្យពិនិត្យ​មើល​ទីធ្វើកុដិ​របស់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះគប្បី​ស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះគប្បី​ពោល។ ភិក្ខុទាំងឡាយឈ្មោះនេះផងៗ សង្ឃបានសម្មតិដើម្បីឲ្យពិនិត្យមើលទីធ្វើកុដិ​របស់ភិក្ខុ​ឈ្មោះនេះ។ កិរិយា​សម្មតិ​នេះ​សមគួរដល់សង្ឃ ព្រោះហេតុនោះ សង្ឃ​ទើបស្ងៀម។ ខ្ញុំករុណា សូម​ចាំទុក​នូវសេចក្តី​នេះដោយកិរិយាស្ងៀមយ៉ាងនេះ។

[២០៣] ពួកភិក្ខុដែលសង្ឃបានសម្មតិហើយទាំងនោះ ត្រូវទៅក្នុងទីនោះហើយ ពិនិត្យ​មើល​ទីធ្វើកុដិ រួចត្រូវដឹងថាជាទីមានហេតុទាស់ ទីឥតមានហេតុទាស់ ទីមានឧបចារ ទីឥតមាន​ឧបចារ។ បើទីមានហេតុទាស់ ទីមិនមានឧបចារ គប្បីប្រាប់ថា លោកកុំធ្វើក្នុងទីនេះឡើយ។ បើទី​ឥត​មានហេតុទាស់ ទីមានឧបចារ គប្បីប្រាប់សង្ឃថា ទីនេះឥតមានហេតុទាស់ មានឧបចារ។ ភិក្ខុអ្នកធ្វើកុដិនោះត្រូវចូលទៅរកសង្ឃ​ ហើយធ្វើចីវរឆៀងស្មាម្ខាង ថ្វាយបង្គំ​បាទាភិក្ខុចាស់ទាំង​ឡាយ ហើយអង្គុយច្រហោង​ប្រណម្យអញ្ជលី ពោលពាក្យយ៉ាងនេះថា បពិត្រលោក​ទាំងឡាយ​ដ៏ចំរើន ខ្ញុំករុណាចង់​ធ្វើកុដិមិនមានទាយកជាម្ចាស់របស់ចំពោះជាទីនៅនៃខ្លួន ដោយការសូម​គ្រឿង​ឧបករណ៍​គេមកខ្លួន​ឯង បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំករុណា​សូមការសំដែង​ទីធ្វើ​កុដិ​នឹង​សង្ឃ។ ភិក្ខុអ្នកធ្វើកុដិនោះ គប្បីសូមជាគំរប់ពីរដងផង គប្បីសូមជាគំរប់បីដងផង។ ភិក្ខុអ្នកឆ្លាស​ប្រតិពល គប្បីញុំាងសង្ឃឲ្យដឹង (ដោយញត្តិទុតិយកម្មវាចា) ថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុរូបនេះ ឈ្មោះនេះ ចង់ធ្វើកុដិឥតមានទាយកជាម្ចាស់របស់ ចំពោះ​ជាទីនៅនៃខ្លួនដោយសូមគ្រឿងឧបករណ៍គេមកខ្លួនឯង ភិក្ខុនោះសូមការសំដែង​ទីធ្វើ​កុដិ​នឹងសង្ឃ។ បើការសំដែងទីធ្វើកុដិមានកាលសមគួរដល់សង្ឃហើយ សង្ឃគប្បីសំដែងទីធ្វើកុដិ​ ដើម្បីភិក្ខុឈ្មោះនេះ។ នេះជាញត្តិ (វាចាប្រកាសឲ្យសង្ឃដឹង)។ បពិត្រព្រះសង្ឃដ៏ចំរើន សូម​ព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុរូបនេះ ឈ្មោះនេះ ចង់ធ្វើកុដិឥតមានទាយកជាម្ចាស់របស់ ចំពោះ​ជាទី​នៅ​នៃ​ខ្លួនដោយការសូមគ្រឿង​ឧបករណ៍គេមកខ្លួនឯង ភិក្ខុនោះសូមការសំដែងទីធ្វើ​កុដិនឹងសង្ឃ សង្ឃសំដែង​ទីធ្វើកុដិដើម្បីភិក្ខុឈ្មោះនេះ។ ការសំដែងទីធ្វើ​កុដិដើម្បីភិក្ខុឈ្មោះនេះសមគួរ​ដល់​លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀម (បើ) មិនសមគួរដល់លោក​ដ៏មាន​អាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោល។ សង្ឃបានសំដែងទីធ្វើកុដិ​ដើម្បី​ភិក្ខុឈ្មោះនេះហើយ។ ការនេះសមគួរដល់សង្ឃ ព្រោះហេតុនោះ សង្ឃទើបស្ងៀម ខ្ញុំករុណា​ សូមចាំទុកសេចក្តីនេះ ដោយកិរិយាស្ងៀមយ៉ាងនេះ។

[២០៤] ដែលហៅថា ទីមានហេតុទាស់នោះ គឺបាននឹងកន្លែងជាទីអាស្រ័យនៅនៃពួកសត្វ​ស្រមោច​ក្រហមក្តី ជាទីអាស្រ័យនៅនៃពួកសត្វ​កណ្តៀរក្តី ជាទីអាស្រ័យនៅនៃពួកសត្វកណ្តុរក្តី ជាទីអាស្រ័យនៅនៃពួកសត្វពស់ក្តី ជាទីអាស្រ័យនៅនៃពួកសត្វខ្ទួយក្តី ជាទីអាស្រ័យនៅនៃពួក​សត្វក្អែបក្តី ជាទីអាស្រ័យនៅ​នៃពួកដំរីក្តី ជាទីអាស្រ័យ​នៅនៃពួក​សេះក្តី ជាទីអាស្រ័យ​នៅនៃពួក​​សីហក្តី ជាទីអាស្រ័យនៅនៃពួក​​ខ្លាធំក្តី ជាទី​អាស្រ័យនៅ​នៃពួកខ្លាដំបងក្តី ជាទីអាស្រ័យ​នៅនៃ​ពួក​ខ្លាឃ្មុំក្តី ជាទីអាស្រ័យ​នៅនៃពួកខ្លារខិនក្តី ជាទីអាស្រ័យនៅនៃពួកសត្វតិរច្ឆានណាមួយក្តី ជាទី​តាំង​នៅនៃ​បុព្វណ្ណ​1) ជាតិក្តី ជាទីតាំងនៅនៃ​អបរណ្ណ2) ជាតិក្តី ជាទីដែលគេសម្លាប់ចោរក្តី ជាទីសម្រាប់ផ្ចាលទោស3) ក្តី ជាទីព្រៃស្មសានក្តី ជាទីឱទ្យានក្តី ជាទីស្រែចំការស្តេចក្តី ជាទីដែល​គេសង់រោងដំរីក្តី ជាទីដែលគេសង់រោងសេះក្តី ជាទីដែលគេធ្វើគុកក្តី ជាទីដែលគេធ្វើ​រោង​សុរាក្តី ជាទីអាស្រ័យនៅនៃ​ផ្ទះ​លក់​សាច់ក្តី ជាទីច្រកក្តី ជាទីវាលសម្រាប់លេងក្តី ជាទីរោង​ប្រជុំ​ក្តី ជាកន្លែង​ផ្លូវទៅមក​ក្តី ទីប៉ុណ្ណេះ​ ហៅថាទីមានហេតុទាស់ គឺទី​មានសេចក្តី​អន្តរាយ។

[២០៥] ដែលហៅថា ទីមិនមាន​ឧបចារនោះ គឺបាននឹងទីដែល​មិនអាច​នឹង​បង្វិល​រទេះ បង្វិល​បង្អោង​ជុំវិញ​ដោយស្រួលបាន ទីប៉ុណ្ណេះ ហៅថាទី​មិនមានឧបចារ។

[២០៦] ដែលហៅថា ទីមិនមានអន្តរាយនោះ គឺបាននឹងទីដែលមិនមែនជា​ទីអាស្រ័យ​នៅ​នៃ​ពួក​សត្វស្រមោចក្រហមក្តី មិនមែនជាទីអាស្រ័យនៅនៃពួកសត្វ​កណ្តៀរក្តី មិនមែន​ជាទីអាស្រ័យ​នៅនៃពួកសត្វកណ្តុរក្តី មិនមែន​ជាទីអាស្រ័យ​នៅនៃពួកសត្វពស់ក្តី មិនមែន​ជាទីអាស្រ័យ​នៅនៃពួកសត្វខ្ទួយក្តី មិនមែនជាទីអាស្រ័យនៅនៃពួក​សត្វក្អែបក្តី។បេ។ មិនមែនជា​កន្លែង​ផ្លូវទៅមក​ក្តី ទីប៉ុណ្ណេះ​ ហៅថាទីមិនមាន​អន្តរាយ។

[២០៧] ដែលហៅថា ទីមានឧបចារនោះ គឺបាននឹងទីដែល​អាច​បង្វិលរទេះ បង្វិល​បង្អោង​ដោយជុំវិញតាមស្រួលបាន ទីប៉ុណ្ណេះ ហៅថាទីមានឧបចារ។

[២០៨] ភិក្ខុសូមបុរសក្តី គ្រឿងហត្ថកម្មនៃបុរសក្តី។បេ។ ពន្លាកក្តី ដោយខ្លួនឯង ហៅថា​សូម​គ្រឿង​ឧបករណ៍​គេមកខ្លួនឯង។ លំនៅរបស់ភិក្ខុដែលលាបខាងក្នុង ឬលាបខាងក្រៅ ឬដែលលាបទាំងខាងក្នុងទាំងខាងក្រៅ ហៅថាកុដិ។ ត្រង់ពាក្យថា ឲ្យគេធ្វើ គឺធ្វើខ្លួនឯងក្តី ឲ្យគេ​ធ្វើក្តី។ ត្រង់ពាក្យថា មិនបាននាំពួកភិក្ខុ​មកដើម្បីសំដែងទីឲ្យក្តី ធ្វើឲ្យកន្លងហួស​ប្រមាណ​ក្តី សេចក្តីថា មិនបានឲ្យ​សង្ឃសំដែង​ទីធ្វើកុដិ ដោយបណ្តោយក្តី ដោយទទឹង​ក្តី ដោយ​ញត្តិទុតិយកម្ម ហើយធ្វើខ្លួនឯង​ក្តី ប្រើគេឲ្យធ្វើក្តី ឲ្យកន្លងហួសប្រមាណ សូម្បី​ប្រមាណ​ប៉ុនចុង​សក់ ត្រូវអាបត្តិ​ទុក្កដរាល់​ប្រយោគ កាលនៅតែបូក​១ដុំ​នឹងហើយ ត្រូវអាបត្តិ​ថុល្លច្ច័យ កាលបើ​បូក​១ដុំនោះហើយស្រេច ត្រូវអាបត្តិ​សង្ឃាទិសេស។ ត្រង់ពាក្យថា សង្ឃាទិសេស មានសេចក្តី​អធិប្បាយ​ពិស្តារ​ក្នុងសង្ឃាទិសេស​សិក្ខាបទទី១ រួចហើយ។

[២០៩] ភិក្ខុធ្វើកុដិដែលឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ គឺទីមានអន្តរាយ មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ និង អាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិដែលឥតមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ មានហេតុទាស់ តែមានឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើ​កុដិដែលឥតមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ មិនមានហេតុទាស់ មិនមានឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិដែលឥតមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ មិនមានហេតុទាស់ តែមានឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិដែលមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ មានហេតុទាស់ មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ។ ភិក្ខុធ្វើកុដិដែលមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ មានហេតុទាស់ តែមានឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិដែលមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ មិនមានហេតុទាស់ មិនមានឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិដែលមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ មិនមានហេតុទាស់ តែមានឧបចារ ជាអនាបត្តិ (មិនត្រូវអាបត្តិឡើយ)។

[២១០] ភិក្ខុធ្វើកុដិហួសប្រមាណ មានហេតុទាស់ មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិហួសប្រមាណ មានហេតុទាស់ តែមានឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិហួសប្រមាណ មិនមានហេតុទាស់ និង​មិនមាន​ឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិហួសប្រមាណ តែមិនមានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុធ្វើកុដិត្រូវប្រមាណ តែមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ។ ភិក្ខុធ្វើកុដិប្រកបដោយប្រមាណ តែមាន​ហេតុ​ទាស់ មានទីឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិប្រកបដោយប្រមាណ ឥតមានហេតុទាស់ តែឥតមាន​ទី​ឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិប្រកបដោយប្រមាណ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។

[២១១] ភិក្ខុធ្វើកុដិដែលឥតមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ និង អាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុធ្វើកុដិដែលឥតមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និងអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុធ្វើ​កុដិដែលឥតមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ ហួសប្រមាណ ឥតមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និងអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុធ្វើកុដិដែលឥតមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ ហួសប្រមាណ តែឥតមានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេសពីរ។

[២១២] ភិក្ខុធ្វើកុដិដែលមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ ប្រកបដោយប្រមាណ តែមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដពីរ។ ភិក្ខុធ្វើកុដិដែលមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ ប្រកបដោយ​ប្រមាណ តែមានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិដែលមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ ប្រកបដោយប្រមាណ ឥតមានហេតុទាស់ តែមិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុធ្វើកុដិដែលមាន​ពួក​ភិក្ខុ​សំដែងទីឲ្យ ប្រកបដោយប្រមាណ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។

[២១៣] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ ចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលឥតមានពួក​ភិក្ខុសំដែងទីឲ្យ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមានពួក​ភិក្ខុសំដែងទីឲ្យ មានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ មិនមាន​ហេតុទាស់ មិន​មានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ មិនមានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយ​ចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលប្រកបដោយប្រមាណ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិ​ទុក្កដ។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមិនមានពួក​ភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដមួយ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ មិនមានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ។ ភិក្ខុទាំងឡាយ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមានពួក​ភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ មានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិ​ទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។

[២១៤] ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែ​មិនបាន​បង្គាប់ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិដែលមានពួក​ភិក្ខុសំដែងទីឲ្យផង មិនមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលឥតមានពួក​ភិក្ខុសំដែងទីឲ្យ មានហេតុទាស់ មិនមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិ​ទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេស។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេស។បេ។ មិនមានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុ​ផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែ​មិនបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិដែលមានពួក​ភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមានពួក​ភិក្ខុសំដែងទីឲ្យ មានហេតុទាស់ មិនមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិ​ទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែ​មិនបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​ត្រូវប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិ​ទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយ​ចៀស​​ចេញ​ទៅ ប៉ុន្តែ​មិនបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលប្រកប​ដោយប្រមាណ មានហេតុទាស់ មិនមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិ​ទុក្កដពីរ។បេ។ មានហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ ឥតមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុ​បង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែ​មិនបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​ដែលមានពួកភិក្ខុ​សំដែងទីឲ្យ​ផង ប្រកប​ដោយ​ប្រមាណ​ផង ឥតមានហេតុទាស់ផង មានទីឧបចារផងដូច្នេះឡើយ។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមិនមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិ​ទុក្កដពីរ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេសពីរ។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេសពីរ។បេ។ មិនមានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែ​មិនបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះគួរជាកុដិ​ដែលមាន​ពួក​ភិក្ខុ​សំដែងទីឲ្យផង ប្រកបដោយប្រមាណផង មិនមានហេតុទាស់ផង មានទីឧបចារ​ផងដូច្នេះ​ឡើយ។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយ​ប្រមាណ តែមានហេតុទាស់ មិនមានទីឧបចារ (ភិក្ខុនោះ) ត្រូវអាបត្តិ​ទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មិនមានទីឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានហេតុទាស់ មានទីឧបចារ មិនត្រូវអាបត្តិឡើយ។

[២១៥] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​ដែលមានពួកភិក្ខុ​សំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលឥតមានពួកភិក្ខុ​សំដែងទីឲ្យ មានហេតុទាស់ មិនមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិ​ដែលមិនមានពួកភិក្ខុ​សំដែងទីឲ្យ មានហេតុទាស់ មិនមានទីឧបចារ ដើម្បីអាត្មាអញ។ ភិក្ខុនោះ គប្បីទៅខ្លួនឯងក្តី ប្រើ​បម្រើ​ទៅក្តី ​ដោយពាក្យថា កុដិនោះគួរជាកុដិ​ដែលមានពួកភិក្ខុសំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើ​ឲ្យទៅក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​ដែលមានពួកភិក្ខុ​សំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលឥតមានពួកភិក្ខុ​សំដែងទីឲ្យ មានហេតុទាស់ តែមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិដើម្បី​ខ្លួន​អញ​ដែលឥតមានពួកភិក្ខុ​សំដែងទីឲ្យ មានហេតុទាស់ តែមានទីឧបចារ។ ភិក្ខុនោះ គប្បីទៅខ្លួនឯងក្តី ប្រើ​បម្រើ​ឲ្យទៅក្តី ​ដោយពាក្យថា កុដិនោះគួរជាកុដិ​ដែលមានពួកភិក្ខុសំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង។ បើភិក្ខុនោះមិនទៅខ្លួនឯងក្តី មិនបានប្រើបម្រើ​ឲ្យទៅក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​ដែលមានពួកភិក្ខុ​សំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលឥតមានពួកភិក្ខុ​សំដែងទីឲ្យ ឥតមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិ​ដើម្បីខ្លួនអញ ដែលឥតមានពួកភិក្ខុ​សំដែងទីឲ្យ ឥតមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ គប្បីទៅ​ខ្លួនឯងក្តី ប្រើ​បម្រើ​ឲ្យទៅក្តី ​ដោយពាក្យថា កុដិនោះគួរជាកុដិ​ដែលមានពួកភិក្ខុសំដែងទីឲ្យផង មានទីឧបចារផង។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើ​ឲ្យទៅក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​ដែលមានពួកភិក្ខុ​សំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមិនមានពួកភិក្ខុ​សំដែងទីឲ្យ ឥតមានហេតុទាស់ មានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិ​ដើម្បីខ្លួនអញ ដែលមិនមាន​ពួកភិក្ខុ​សំដែងទីឲ្យ ឥតមានហេតុទាស់ មានទីឧបចារ។ ភិក្ខុនោះ គប្បីទៅខ្លួនឯងក្តី ប្រើ​បម្រើ​ឲ្យទៅក្តី ​ដោយពាក្យថា កុដិនោះគួរជាកុដិ​ដែលមានពួកភិក្ខុសំដែងទីឲ្យ។ បើភិក្ខុ​នោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើ​ឲ្យទៅក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​ដែលមានពួកភិក្ខុ​សំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុ​សំដែងទីឲ្យ តែមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិដើម្បីខ្លួនអញ ​ដែលមានពួកភិក្ខុ​សំដែងទីឲ្យ តែមាន​ហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ គប្បីទៅខ្លួនឯងក្តី ប្រើ​បម្រើឲ្យ​ទៅក្តី ​ដោយពាក្យថា កុដិនោះគួរជាកុដិឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើ​ឲ្យទៅក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិ​មានពួកភិក្ខុ​សំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុ​សំដែងទីឲ្យ តែមានហេតុទាស់ មានទីឧបចារ។ ភិក្ខុនោះ​ឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិដើម្បីខ្លួនអញ ​ដែលមានពួកភិក្ខុ​សំដែងទីឲ្យ តែមាន​ហេតុទាស់ មានទីឧបចារ។ ភិក្ខុនោះ ត្រូវទៅខ្លួនឯងក្តី ប្រើ​បម្រើឲ្យ​ទៅក្តី ​ដោយពាក្យថា កុដិនោះគួរ​ជាកុដិ​ឥតមាន​ហេតុ​ទាស់។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើ​ឲ្យទៅក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិមានពួកភិក្ខុ​សំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុ​សំដែងទីឲ្យ ឥតមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុ​ធ្វើ​កុដិដើម្បីខ្លួនអញ ​មានពួកភិក្ខុ​សំដែងទីឲ្យ ឥតមាន​ហេតុទាស់ តែឥតមានទីឧបចារ។ ភិក្ខុនោះ ត្រូវទៅខ្លួនឯងក្តី ប្រើ​បម្រើឲ្យ​ទៅក្តី ​ដោយពាក្យថា កុដិនោះគួរជាកុដិមានទីឧបចារ។ បើភិក្ខុ​នោះមិន​បានទៅខ្លួនឯងក្តី មិនបានប្រើបម្រើ​ឲ្យទៅក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយ​ ចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀស​ចេញ​ទៅ ប៉ុន្តែបាន​ពន្យល់​ដោយ​ពាក្យថា កុដិនោះ​គួរជាកុដិមានពួកភិក្ខុ​សំដែងទីឲ្យផង ឥតមាន​ហេតុ​ទាស់​ផង មានទីឧបចារផង។ ពួកភិក្ខុ​ក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ដែលមានពួកភិក្ខុ​សំដែងទីឲ្យ ឥតមានហេតុទាស់ មានទីឧបចារ មិនត្រូវអាបត្តិឡើយ។

[២១៦] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែ​បានពន្យល់​ថា កុដិ​នោះគួរ​ជាកុដិ​ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិ​ដើម្បីភិក្ខុនោះ ធំហួសប្រមាណ មានហេតុទាស់ មិនមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិ​ដើម្បីខ្លួនអញ ធំហួសប្រមាណ មានហេតុទាស់ មិនមានទី​ឧបចារ។ ភិក្ខុនោះ ត្រូវទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរប្រកប​ដោយ​ប្រមាណ​ផង ឥតមានហេតុទាស់ផង មានទីឧបចារផង។បេ។ គួរប្រកបដោយប្រមាណផង ឥតមាន​ហេតុទាស់ផង។បេ។ គួរប្រកបដោយប្រមាណផង គួរមានទីឧបចារផង។បេ។ គួរប្រកប​ដោយ​ប្រមាណ។ បើភិក្ខុនោះមិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើ​ឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែ​បានពន្យល់​ថា កុដិ​នោះគួរ​ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ប្រកបដោយ​ប្រមាណ តែមានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះឮដំណឹងថា ពួកភិក្ខុធ្វើកុដិ​ឲ្យអាត្មាអញ ប្រកបដោយប្រមាណ មានហេតុទាស់ ឥតមានទី​ឧបចារ។ ភិក្ខុនោះ ត្រូវទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជា​កុដិឥត​មានហេតុទាស់ផង មានទីឧបចារផង។បេ។ គួរជាកុដិឥតមាន​ហេតុទាស់។បេ។ មានទីឧបចារ។បេ។ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ ប៉ុន្តែ​បានពន្យល់ដោយ​ថា កុដិ​នោះគួរ​ជាកុដិមានពួកភិក្ខុ​សំដែង​ទីឲ្យផង ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ជាកុដិឥតមានពួកភិក្ខុសំដែងទីឲ្យ ហួស​ប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ​ឮដំណឹងថា ពួកភិក្ខុធ្វើកុដិ​ឲ្យអាត្មាអញ ជាកុដិឥតមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ ឥតមានទី​ឧបចារ។ ភិក្ខុនោះ ត្រូវទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជា​កុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយ​ប្រមាណផង ឥត​មានហេតុទាស់ផង មានទីឧបចារផង។បេ។ គួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង ឥតមាន​ហេតុទាស់ផង។បេ។ គួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង មាន​ទីឧបចារ។បេ។ គួរជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង។ បើភិក្ខុនោះ មិនបានទៅខ្លួនឯងក្តី មិនបានប្រើបម្រើឲ្យទៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែ​បានពន្យល់​ថា កុដិ​នោះគួរ​ជាកុដិ​មាន​ពួកភិក្ខុ​សំដែង​ទីឲ្យផង ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ជាកុដិមានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយ​​ប្រមាណ តែមាន​ហេតុទាស់ ឥតមានទីឧបចារ។ ភិក្ខុនោះ​ឮដំណឹងថា ពួកភិក្ខុធ្វើកុដិ​ឲ្យអាត្មាអញ ជាកុដិមានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយ​ប្រមាណ តែមានហេតុទាស់ ឥតមានទី​ឧបចារ។ ភិក្ខុនោះត្រូវទៅខ្លួនឯងក្តី ប្រើបម្រើឲ្យទៅក្តី ដោយពាក្យថា កុដិនោះគួរជា​កុដិឥតមាន​ហេតុទាស់ផង មានទីឧបចារផង។បេ។ ឥតមាន​ហេតុទាស់ផង។បេ។ មាន​ទីឧបចារ។បេ។ ជាអនាបត្តិ។

[២១៧] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែ​បានពន្យល់​ថា កុដិ​នោះគួរ​ជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ជាកុដិឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដបី។បេ។ មានហេតុទាស់ មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ ឥតមានហេតុទាស់ ឥតមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ​ ត្រូវ​អាបត្តិ​ទុក្កដពីរ។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​បង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែ​បានពន្យល់​ថា កុដិ​នោះគួរ​ជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួក​ភិក្ខុ​ក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ជាកុដិមានពួកភិក្ខុសំដែងទីឲ្យ តែមានហេតុទាស់ ឥតមានទីឧបចារ ភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ ឥតមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ​ ត្រូវ​អាបត្តិ​ទុក្កដ។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែ​បានពន្យល់​ថា កុដិ​នោះគួរ​ជាកុដិប្រកប​ដោយ​ប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ជាកុដិហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដបី។បេ។ មានហេតុទាស់ មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ ឥតមានហេតុទាស់ ឥតមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ​ ត្រូវ​អាបត្តិ​ទុក្កដពីរ។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែ​បានពន្យល់​ថា កុដិ​នោះគួរ​ជាកុដិប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ប្រកបដោយ​ប្រមាណ តែមានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ តែឥតមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ​ ត្រូវ​អាបត្តិ​ទុក្កដ។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ ប៉ុន្តែ​បានពន្យល់​ថា កុដិ​នោះគួរ​ជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកបដោយប្រមាណផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ឥតមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ៤។បេ។ មានហេតុទាស់ តែមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដបី។បេ។ ឥតមានហេតុទាស់ ឥតមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ​ ត្រូវ​អាបត្តិ​ទុក្កដបី។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិ​ទុក្កដពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀស​ចេញទៅ ប៉ុន្តែ​បានពន្យល់​ថា កុដិ​នោះគួរ​ជាកុដិមានពួកភិក្ខុសំដែងទីឲ្យផង ប្រកប​ដោយប្រមាណ​ផង ឥតមានហេតុទាស់ផង មានទី​ឧបចារផង។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ មានពួកភិក្ខុសំដែងទីឲ្យ ប្រកបដោយប្រមាណ តែមានហេតុទាស់ ឥតមានទីឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ តែឥតមានទី​ឧបចារ ពួកភិក្ខុអ្នកធ្វើ​ ត្រូវ​អាបត្តិ​ទុក្កដ។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ជាអនាបត្តិ។

[២១៨] ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើ​ការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះត្រូវឲ្យកុដិ​នោះ​ដល់​ភិក្ខុដទៃ ឬត្រូវទំលាយ​បង់ ហើយឲ្យធ្វើជាថ្មីទៀត។ បើភិក្ខុនោះមិនបានឲ្យកុដិនោះ​ដល់​ភិក្ខុ​ដទៃ​ទេ ឬមិនបានទំលាយបង់​ ហើយឲ្យធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ឥតមានពួកភិក្ខុសំដែងទីឲ្យ មានហេតុទាស់ តែមានទីឧបចារ។ កាលបើ​ការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះត្រូវឲ្យកុដិ​នោះ​ដល់​ភិក្ខុដទៃ ឬត្រូវទំលាយ​បង់ ហើយឲ្យធ្វើជាថ្មី។ បើភិក្ខុនោះមិនបានឲ្យកុដិនោះ​ដល់​ភិក្ខុ​ដទៃ​ទេ ឬមិនបានទំលាយបង់​ ហើយឲ្យធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ តែឥតមានទីឧបចារ…​ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ ឥតមាន​ហេតុទាស់ មានទីឧបចារ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ មានពួកភិក្ខុសំដែងទីឲ្យ តែមានហេតុទាស់ ឥតមានទីឧបចារ។ កាលបើ​ការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះត្រូវឲ្យកុដិ​នោះ​ដល់​ភិក្ខុដទៃ ឬគប្បីទំលាយ​បង់ ហើយឲ្យធ្វើជាថ្មីទៀត។ បើភិក្ខុនោះមិនបានឲ្យកុដិនោះ​ដល់​ភិក្ខុ​ដទៃ​ទេ ឬមិនបានទំលាយបង់​ ហើយឲ្យធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ…​ត្រូវអាបត្តិទុក្កដ។បេ។ ឥតមាន​ហេតុទាស់ តែឥតមានទីឧបចារ… ត្រូវអាបត្តិ​ទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើ​ការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះគប្បីឲ្យកុដិ​នោះ​ដល់​ភិក្ខុដទៃ ឬត្រូវទំលាយ​បង់ ហើយឲ្យធ្វើជាថ្មីទៀត។ បើភិក្ខុនោះមិនបានឲ្យកុដិនោះ​ដល់​ភិក្ខុ​ដទៃ​ទេ ឬមិនបានទំលាយបង់​ ហើយឲ្យធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេស។បេ។ មានហេតុទាស់ តែមានទីឧបចារ…​ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ ឥតមាន​ហេតុទាស់ តែឥតមានទីឧបចារ… ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ…​ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ ប្រកបដោយប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើ​ការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះគប្បីឲ្យកុដិ​នោះ​ដល់​ភិក្ខុដទៃ ឬគប្បីទំលាយ​បង់ ហើយឲ្យធ្វើជាថ្មីទៀត។ បើភិក្ខុនោះ​មិនបានឲ្យកុដិនោះ​ដល់​ភិក្ខុ​ដទៃ​ទេ ឬមិនបានទំលាយបង់​ ហើយឲ្យធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ…​ត្រូវអាបត្តិទុក្កដ។បេ។ ឥតមាន​ហេតុទាស់ តែឥតមានទីឧបចារ… ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទី​ឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ មិនមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើ​ការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះគប្បីឲ្យកុដិ​នោះ​ដល់​ភិក្ខុដទៃ ឬគប្បីរុះរើធ្វើជាថ្មីទៀត។ បើភិក្ខុនោះមិនបានឲ្យកុដិនោះ​ដល់​ភិក្ខុ​ដទៃ​ទេ ឬមិនបានរុះរើធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ និងអាបត្តិសង្ឃាទិសេស​ពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ…​ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេសពីរ។បេ។ ឥតមាន​ហេតុទាស់ តែឥតមានទីឧបចារ… ត្រូវអាបត្តិទុក្កដ និងអាបត្តិ​សង្ឃាទិសេសពីរ។ ឥតមានហេតុទាស់ មានទី​ឧបចារ…​ត្រូវអាបត្តិ​សង្ឃាទិសេសពីរ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ រួចចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើ​កុដិឲ្យភិក្ខុនោះ មានពួកភិក្ខុ​សំដែងទីឲ្យ ប្រកបដោយប្រមាណ តែមានហេតុទាស់ ឥតមានទីឧបចារ។ កាលបើ​ការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះគប្បីឲ្យកុដិ​នោះ​ដល់​ភិក្ខុដទៃ ឬគប្បីឲ្យរុះរើធ្វើជាថ្មីទៀត។ បើភិក្ខុនោះមិនបានឲ្យកុដិនោះ​ដល់​ភិក្ខុ​ដទៃ​ទេ ឬមិន ឲ្យរុះរើ​ធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ…​ត្រូវអាបត្តិទុក្កដ។បេ។ ឥតមាន​ហេតុទាស់ ឥតមានទីឧបចារ… ត្រូវអាបត្តិទុក្កដ។ ឥតមានហេតុទាស់ មានទី​ឧបចារ ជាអនាបត្តិ។

[២១៩] ភិក្ខុធ្វើកុដិមិនទាន់ស្រេចដោយខ្លួនឯង ហើយធ្វើបង្ហើយដោយខ្លួនឯង ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ភិក្ខុធ្វើកុដិមិនទាន់ស្រេចដោយខ្លួនឯង ហើយឲ្យភិក្ខុដទៃធ្វើបង្ហើយ (ភិក្ខុអ្នកប្រើ) ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ពួកភិក្ខុដទៃធ្វើកុដិ (ឲ្យភិក្ខុរូបណា) មិនទាន់ស្រេច ហើយភិក្ខុ​ (រូបនោះ) ធ្វើបង្ហើយដោយខ្លួនឯង ត្រូវអាបត្តិសង្ឃាទិសេស។ ពួកភិក្ខុដទៃធ្វើកុដិ (ឲ្យភិក្ខុរូបណា) មិនទាន់​ស្រេច ហើយភិក្ខុ (រូបនោះ) ឲ្យពួកភិក្ខុដទៃ​ធ្វើបង្ហើយ ត្រូវអាបត្តិសង្ឃាទិសេស។

[២២០] ដំណើរដែលមិនត្រូវអាបត្តិនោះ គឺភិក្ខុធ្វើលេណ4) គុហា5) កុដិស្មៅ និងកុដិ​សម្រាប់ភិក្ខុដទៃ (មានឧបជ្ឈាយ៍ជាដើម) និងទីសេនាសន​ទាំងពួង (មានរោងឧបោសថជាដើម) វៀរលែងតែធ្វើកុដិ​សម្រាប់នៅរបស់ខ្លួន (ម្យ៉ាងទៀត) ដំណើរ​ដែល​មិនត្រូវអាបត្តិ​នោះ គឺភិក្ខុឆ្កួត និងភិក្ខុដើមបញ្ញត្តិ។

សង្ឃាទិសេស ទី៦ ចប់។

 

លេខយោង

1)
វត្ថុសម្រាប់បរិភោគមុន បានដល់ស្រូវ៧យ៉ាង មានស្រូវស ស្រូវក្រហម​ជាដើម។
2)
វត្ថុសម្រាប់បរិភោគខាងក្រោយ បានដល់ល្ង សណ្តែក ចេក អំពៅ ជាដើម។
3)
ទីសម្រាប់ផ្ចាលទោស គឺទី​ដែល​គេសម្រាប់វាយមនុស្សផ្ចាល។
4)
ទីសម្រាប់ជ្រក ល្មមនៅបាន។
5)
ទីបិទបាំង ល្មមនៅបាន។ ពាក្យថា លេណ និងគុហា ទាំងពីរនេះ ជាវេវចន គឺពាក្យ​និយាយ​ផ្លាស់ប្តូរ​គ្នាបាន។
km/tipitaka/vin/vbu/sg/vin.vbu.sg.06.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann