ព្រះត្រៃបិដក » វិន័យបិដក » មហាវិភង្គ » សង្ឃាទិសេសកណ្ឌ »
សង្ឃាទិសេស ទី១០ គឺ ភេទោ បំបែកសង្ឃ៖ «ភិក្ខុណាមួយព្យាយាមដើមរមព្រៀងគ្នា ឬប្រកាន់ផ្គងឡើងនូវអធិករណៈ ដែលដឹកនាំឲ្យសង្ឃបែកគ្នាហើយតាំងនៅ ភិក្ខុទាំងឡាយត្រូវពោល (ហាម) ភិក្ខុនោះដោយពាក្យយ៉ាងនេះថា លោកម្ចាស់កុំព្យាយាមដើម្បីបំបែកសង្ឃដែលព្រមព្រៀងគ្នាឡើយ ឬប្រកាន់ផ្គងឡើងនូវអធិករណៈ ដែលដឹកនាំឲ្យសង្ឃបែកគ្នាហើយតាំងនៅ សូមលោកម្ចាស់ព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះថា ព្រះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅជាសុខសប្បាយ។ ភិក្ខុនោះ កាលភិក្ខុទាំងឡាយពោល (ហាម) យ៉ាងនេះហើយ នៅប្រកាន់លទ្ធិយ៉ាងនោះដដែល ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម (ពោលប្រដៅហាមប្រាម) ជាកំណត់បីដង ដើម្បីឲ្យលះបង់សង្ឃភេទកម្មនោះ។ កាលបើភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគំរប់បីដងហើយ ភិក្ខុនោះបានលះបង់សង្ឃភេទកម្មនោះចេញ ការលះបង់បាននេះជាការប្រពៃ បើភិក្ខុនោះមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។»
vbu sg 10 បាលី cs-km: vin.vbu.sg.10 អដ្ឋកថា: vin.vbu.sg.10_att PTS: ?
សង្ឃាទិសេស ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
អានដោយ ព្រះរដ្ឋបាល
(១០. សង្ឃភេទសិក្ខាបទំ)
[២៩០] សម័យនោះ ព្រះពុទ្ធដ៏ទ្រង់ជោគ ប្រថាប់នៅក្នុងអារាមវេឡុវន ជាទីដែលស្តេចប្រទានចំណីដល់សត្វកង្ហែន ក្បែរក្រុងរាជគ្រឹះ។ គ្រានោះ ភិក្ខុឈ្មោះទេវទត្ត បានចូលទៅរកភិក្ខុឈ្មោះកោកាលិក ភិក្ខុឈ្មោះកដមោរកតិស្សក ភិក្ខុឈ្មោះខណ្ឌទេវីបុត្ត និងភិក្ខុឈ្មោះសមុទ្ទទត្ត ហើយបាននិយាយពាក្យនេះនឹងភិក្ខុឈ្មោះកោកាលិក ភិក្ខុឈ្មោះកដមោរកតិស្សក ភិក្ខុឈ្មោះខណ្ឌទេវីបុត្ត និងភិក្ខុឈ្មោះសមុទ្ទទត្តថា ម្នាលអាវុសោ អ្នកទាំងឡាយចូរមក ពួកយើងនឹងធ្វើការបំបែកសង្ឃ នឹងទំលាយចក្រ1) របស់ព្រះសមណគោតម។ កាលទេវទត្តពោលយ៉ាងនេះហើយ ទើបភិក្ខុឈ្មោះកោកាលិកនិយាយពាក្យនេះនឹងទេវទត្តថា អាវុសោ ព្រះសមណគោតមមានរិទ្ធិច្រើន មានអានុភាពធំ ពួកយើងនឹងធ្វើការបំបែកសង្ឃ នឹងទំលាយចក្ររបស់ព្រះសមណគោតមដូចម្តេចបាន។ ទេវទត្តឆ្លើយថា ម្នាលអាវុសោ អ្នកទាំងឡាយចូរមក ពួកយើងនាំគ្នាចូលទៅគាល់ព្រះសមណគោតម ទូលសូមវត្ថុ៥ប្រការថា បពិត្រព្រះសម្ពុទ្ធជាម្ចាស់ ព្រះដ៏មានព្រះភាគទ្រង់សរសើរគុណនៃបុគ្គលអ្នកប្រាថ្នាតិច ជាអ្នកសន្តោស ដុសខាត់ចិត្ត ទ្រទ្រង់ធុតង្គវត្ត ប្រកបដោយសេចក្តីជ្រះថ្លា មិនចំរើនកិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ វត្ថុ៥ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច ដើម្បីសន្តោស ដើម្បីដុសខាត់ចិត្ត ដើម្បីធុតង្គវត្ត ដើម្បីសេចក្តីជ្រះថ្លា ដើម្បីមិនចំរើនកិលេសវដ្ត ដើម្បីប្រារព្ធសេចក្តីព្យាយាមដោយបរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ សូមទ្រង់ព្រះមេត្តាករុណាចុះ សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ កាន់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្ត ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ ប្រើប្រាស់សម្ពត់បង្សុកូលជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយគហបតីចីវរ ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ នៅទៀបគល់ឈើជាវត្តអស់មួយជីវិត ភិក្ខុណាទៅនៅក្នុងទីប្រក់ទីបាំង ភិក្ខុនោះត្រូវទោស សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រីនិងសាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រីនិងសាច់ ភិក្ខុនោះត្រូវទោស បើយើងសូមយ៉ាងនេះ ព្រះសមណគោតមមុខជានឹងមិនអនុញ្ញាតឲ្យទេ ហើយពួកយើងឯងនឹងពន្យល់ជន (ឲ្យត្រេកអរនឹងយើង) ដោយវត្ថុ៥ប្រការទាំងនេះ។ ទើបកោកាលិកភិក្ខុពោលថា ម្នាលអាវុសោ ពួកយើងអាចនឹងធ្វើការបំបែកសង្ឃ និងទំលាយចក្ររបស់ព្រះសមណគោតមដោយវត្ថុ៥ប្រការនេះបាន ព្រោះមនុស្សទាំងឡាយដែលជ្រះថ្លាក្នុងវត្ថុសៅហ្មង (មានច្រើន) អាវុសោ។
[២៩១] គ្រានោះ ទេវទត្តភិក្ខុព្រមទាំងបរិសទ្យ ចូលទៅគាល់ព្រះដ៏មានព្រះភាគម្ចាស់ ហើយក្រាបថ្វាយបង្គំ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះទេវទត្តភិក្ខុអង្គុយស្រួលបួលហើយ ក៏ក្រាបទូលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះសម្ពុទ្ធជាម្ចាស់ ព្រះអង្គដ៏ទ្រង់ជោគ ទ្រង់សរសើរគុណរបស់បុគ្គលប្រាថ្នាតិច ជាអ្នកសន្តោស ដុសខាត់ចិត្ត ទ្រទ្រង់ធុតង្គ មានសេចក្តីជ្រះថ្លា មិនចំរើនកិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ វត្ថុ៥ប្រការទាំងនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច សន្តោស ដុសខាត់ចិត្ត កំចាត់ធម៌គ្រឿងសៅហ្មង ដើម្បីសេចក្តីជ្រះថ្លា មិនចំរើនកិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម បពិត្រព្រះសម្ពុទ្ធជាម្ចាស់ សូមទានទ្រង់ព្រះមេត្តាករុណាចុះ សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណាចូលមកកាន់ស្រុក ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយកាន់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្ត ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយប្រើប្រាស់សម្ពត់បង្សុកូលជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយគហបតីចីវរ ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ នៅទៀបគល់ឈើអស់មួយជីវិត ភិក្ខុណាចូលជ្រកទីប្រក់ទីបាំង ភិក្ខុនោះត្រូវទោស សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រីនិងសាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រីនិងសាច់ ភិក្ខុនោះត្រូវទោស។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា កុំទេវទត្ត ភិក្ខុណាចង់នៅព្រៃ ភិក្ខុនោះចូរនៅចុះ ភិក្ខុណាចង់នៅស្រុក ភិក្ខុនោះចូរនៅចុះ ភិក្ខុណាចង់ប្រព្រឹត្តបិណ្ឌបាតជាវត្ត ភិក្ខុនោះចូរប្រព្រឹត្តចុះ ភិក្ខុណាត្រូវការដោយកិច្ចនិមន្ត ភិក្ខុនោះចូរត្រេកអរចុះ ភិក្ខុណាចង់ប្រើប្រាស់សម្ពត់បង្សុកូល ភិក្ខុនោះចូរប្រើប្រាស់ចុះ ភិក្ខុណាចង់បានគហបតីចីវរ ភិក្ខុនោះចូរត្រេកអរនូវចីវរនោះចុះ នែទេវទត្ត តថាគតអនុញ្ញាតសេនាសនៈទៀបគល់ឈើអស់កាល៨ខែ អនុញ្ញាតត្រីសាច់ ដែលបរិសុទ្ធដោយទីបំផុត៣ប្រការ គឺមិនបានឃើញ មិនបានឮ មិនបានរង្កៀស (ឲ្យភិក្ខុទាំងឡាយឆាន់បាន)។
[២៩២] លំដាប់នោះ ទេវទត្តភិក្ខុព្រមទាំងបរិសទ្យត្រេកអររីករាយថា ព្រះដ៏មានព្រះភាគមិនព្រមអនុញ្ញាតវត្ថុ៥ប្រការនេះទេ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើបទក្សិណចៀសចេញទៅ។ ទើបទេវទត្តភិក្ខុព្រមទាំងបរិសទ្យ ចូលទៅក្រុងរាជគ្រឹះ ញុំាងជនឲ្យយល់ដោយវត្ថុ៥ប្រការ ហើយពោលថា អាវុសោទាំងឡាយ ពួកយើងបានចូលទៅគាល់ព្រះសមណគោតម ហើយទូលសូមវត្ថុ៥ប្រការថា បពិត្រព្រះសម្ពុទ្ធជាម្ចាស់ ព្រះដ៏មានព្រះភាគមានប្រក្រតីសរសើរគុណរបស់បុគ្គលអ្នកប្រាថ្នាតិច សន្តោស ដុសខាត់ចិត្ត កំចាត់ធម៌គ្រឿងសៅហ្មង មានសេចក្តីជ្រះថ្លា មិនចំរើនកិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ វត្ថុ៥ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច ដើម្បីសេចក្តីសន្តោស ដើម្បីសេចក្តីប្រតិបត្តិដ៏ផូរផង់់ ដើម្បីកំចាត់កិលេសធម៌ ដើម្បីសេចក្តីជ្រះថ្លា ដើម្បីមិនចំរើនកិលេសវដ្ត ដើម្បីប្រារព្ធសេចក្តីព្យាយាម បពិត្រព្រះសម្ពុទ្ធជាម្ចាស់ សូមទ្រង់ព្រះមេត្តា សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណាចូលមកកាន់ស្រុក ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយត្រាច់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្ត ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយប្រើប្រាស់សម្ពត់បង្សុកូលជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរចំពោះគហបតីចីវរ ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយនៅក្បែរគល់ឈើជាវត្តអស់មួយជីវិត ភិក្ខុណាចូលជ្រកទីប្រក់ទីបាំង ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយកុំឆាន់ត្រីនិងសាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រីនិងសាច់ ភិក្ខុនោះត្រូវទោស ព្រះសមណគោតមមិនទ្រង់អនុញ្ញាតវត្ថុ៥ប្រការនេះទេ តែពួកយើងទាំងនោះនាំគ្នាសមាទានវត្ថុ៥នេះវិញ។
[២៩៣] បណ្តាមនុស្សទាំងនោះ មនុស្សទាំងឡាយណាជាអ្នកឥតសទ្ធា មិនជ្រះថ្លា មានប្រាជ្ញាថោកថយ ទើបមនុស្សទាំងនោះពោលយ៉ាងនេះថា ពួកសមណៈទាំងនេះឯងជាកូនចៅព្រះពុទ្ធជាសក្យបុត្ត ជាអ្នកកំចាត់កិលេសធម៌ ជាអ្នកប្រព្រឹត្តក្នុងធម៌ដ៏ផូរផង់ ចំណែកព្រះសមណគោតម ជាអ្នកប្រព្រឹត្តល្មោភដោយបច្ច័យ មានចីវរបច្ច័យជាដើម តែងត្រិះរិះដោយបច្ច័យ មានចីវរបច្ច័យជាដើមដ៏ច្រើន។ ពួកមនុស្សណា ជាអ្នកមានសទ្ធាជ្រះថ្លា ជាបណ្ឌិតមានប្រាជ្ញា ពួកមនុស្សទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្តភិក្ខុមិនគួរសោះនឹងខំប្រឹងទំលាយសង្ឃ ទំលាយចក្ររបស់ព្រះដ៏មានព្រះភាគម្ចាស់។ ពួកភិក្ខុបានឮពួកមនុស្សទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)។ ភិក្ខុទាំងឡាយឯណា ជាអ្នកប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្តភិក្ខុមិនសម្បីបើខំខ្នះខ្នែង ដើម្បីទំលាយសង្ឃ ដើម្បីទំលាយចក្រសោះ។ ទើបភិក្ខុទាំងនោះ ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះហេតុនេះ ដំណើរនេះ ព្រះដ៏ទ្រង់ជោគ ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរបញ្ជាក់ទេវទត្តភិក្ខុក្នុងពេលនោះ។បេ។ នែទេវទត្ត គេថាអ្នកឯងព្យាយាមទំលាយសង្ឃ ទំលាយចក្រ ពិតមែនឬ។ ទេវទត្តក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនោះពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគតិះដៀលថា នែមោឃបុរស មិនសមគួរសោះ។បេ។ មោឃបុរស ហេតុម្តេចហ្ន៎ បានជាអ្នកឯងខំព្យាយាមទំលាយសង្ឃ ទំលាយចក្រ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយព្យាយាមដើម្បីទំលាយសង្ឃដ៏ព្រមព្រៀងគ្នា ឬប្រកាន់ផ្គងឡើងនូវអធិករណៈ ដែលដឹកនាំឲ្យសង្ឃបែកគ្នាហើយតាំងនៅ ភិក្ខុទាំងឡាយត្រូវពោល (ហាម) ភិក្ខុនោះដោយពាក្យយ៉ាងនេះថា លោកម្ចាស់កុំព្យាយាមដើម្បីបំបែកសង្ឃដែលព្រមព្រៀងគ្នាឡើយ ឬប្រកាន់ផ្គងឡើងនូវអធិករណៈ ដែលដឹកនាំឲ្យសង្ឃបែកគ្នាហើយតាំងនៅ សូមលោកម្ចាស់ព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះថា ព្រះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅជាសុខសប្បាយ។ ភិក្ខុនោះ កាលភិក្ខុទាំងឡាយពោល (ហាម) យ៉ាងនេះហើយ នៅប្រកាន់លទ្ធិយ៉ាងនោះដដែល ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម (ពោលប្រដៅហាមប្រាម) ជាកំណត់បីដង ដើម្បីឲ្យលះបង់សង្ឃភេទកម្មនោះ។ កាលបើភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម (ហាមប្រាម) ជាគំរប់បីដងហើយ ភិក្ខុនោះបានលះបង់សង្ឃភេទកម្មនោះចេញ ការលះបង់បាននេះជាការប្រពៃ បើភិក្ខុនោះមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។
[២៩៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយពិស្តារក្នុងបារាជិកកណ្ឌសិក្ខាបទទី១រួចហើយ។ សង្ឃដែលមានសំវាសស្មើគ្នា ស្ថិតនៅក្នុងសីមាជាមួយគ្នា ហៅថាព្រមព្រៀងគ្នា។ ពាក្យថា ព្យាយាមដើម្បីបំបែក គឺភិក្ខុស្វែងរកបក្ខពួក ចងជាគណៈដោយចិត្តបំណងថា ធ្វើម្តេចឲ្យភិក្ខុពួកនេះនៅផ្សេងៗគ្នា បែកគ្នាជាពួកជាកង។ ពាក្យថា អធិករណៈ ដែលដឹកនាំឲ្យសង្ឃបែកគ្នា គឺបានដល់រឿងដែលជាហេតុធ្វើឲ្យបែកគ្នាមាន១៨2)) ប្រការ។ ពាក្យថា ប្រកាន់ គឺកាន់យក។ ពាក្យថា ផ្គងឡើង គឺសំដែង។ ពាក្យថា តាំងនៅ គឺមិនលះបង់។
[២៩៥] ពាក្យថា ភិក្ខុនោះ គឺភិក្ខុអ្នកបំបែកសង្ឃនោះឯង។ ពាក្យថា ភិក្ខុទាំងឡាយ គឺភិក្ខុទាំងឡាយឯទៀត (ក្រៅពីភិក្ខុដែលបំបែកសង្ឃនោះ)។ ភិក្ខុណាបានឃើញ ឬបានឮ ពួកភិក្ខុទាំងនោះ ត្រូវនិយាយនឹងភិក្ខុដែលបំបែកសង្ឃនោះថា លោកម្ចាស់ កុំព្យាយាមដើម្បីបំបែកសង្ឃដ៏ព្រមព្រៀងគ្នា ឬប្រកាន់ផ្គងឡើងនូវអធិករណៈដែលដឹកនាំឲ្យសង្ឃបែកគ្នា សូមឲ្យលោកម្ចាស់ព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅជាសុខសប្បាយ។ ភិក្ខុទាំងឡាយត្រូវពោល (ហាម) ជាគំរប់ពីរដងផង ត្រូវពោល (ហាម) ជាគំរប់បីដងផង។ បើភិក្ខុនោះលះបង់បាន ការលះបង់បាននេះ ជាការល្អណាស់ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងឡាយបានឮហើយ មិនពោល(ហាម) ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះ ត្រូវតែភិក្ខុទាំងឡាយចាប់ទាញមកកាន់កណ្តាលជំនុំសង្ឃ ហើយពោល (ហាម)ថា លោកម្ចាស់ កុំព្យាយាមដើម្បីបំបែកសង្ឃដ៏ព្រមព្រៀងគ្នា ឬប្រកាន់ផ្គងឡើងនូវអធិករណៈដែលដឹកនាំឲ្យសង្ឃបែកគ្នាឡើយ សូមឲ្យលោកម្ចាស់ព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅជាសុខសប្បាយ។ ភិក្ខុទាំងឡាយត្រូវពោល (ហាម) ភិក្ខុជាអ្នកបំបែកសង្ឃនោះ ជាគំរប់ពីរដងផង ត្រូវពោល (ហាម) ជាគំរប់បីដងផង។ បើភិក្ខុនោះលះបង់បាន ការលះបង់បាននេះ ជាការប្រពៃ បើមិនលះបង់ទេ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។
[២៩៦] ភិក្ខុទាំងឡាយគប្បីសូត្រសមនុភាសនកម្មដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសូត្រសមនុភាសនកម្មយ៉ាងនេះ គឺភិក្ខុដែលឆ្លៀវឆ្លាស អង់អាច គប្បីប្រកាសឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ ព្យាយាមដើម្បីបំបែកសង្ឃដ៏ព្រមព្រៀងគ្នា។ ភិក្ខុនោះមិនលះបង់រឿងនោះទេ។ បើកម្មមានកាលសមគួរដល់សង្ឃហើយ សង្ឃគប្បីសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ។ នេះជាញត្តិ (វាចាប្រកាសដល់សង្ឃ)។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ ព្យាយាមដើម្បីបំបែកសង្ឃដ៏ព្រមព្រៀងគ្នា។ ភិក្ខុនោះមិនលះបង់រឿងនោះទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ។ ការសូត្រសមនុភាសនកម្មដល់ភិក្ខុមានឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ សមគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម មិនសមគួរដល់លោកម្ចាស់អង្គណា សូមឲ្យលោកម្ចាស់អង្គនោះពោលឡើង។ ខ្ញុំពោលសេចក្តីនេះជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ ព្យាយាមដើម្បីបំបែកសង្ឃដ៏ព្រមព្រៀងគ្នា។ ភិក្ខុនោះមិនលះបង់រឿងនោះទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះចេញ។ ការសូត្រប្រាប់ភិក្ខុមានឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ សមគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវស្ងៀម មិនសមគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះត្រូវពោលឡើង។ ភិក្ខុឈ្មោះនេះ ព្រះសង្ឃបានសូត្រសមនុភាសនកម្មហើយ ដើម្បីឲ្យលះបង់រឿងនោះ។ សមនុភាសនកម្មនេះ សមគួរដល់សង្ឃ ហេតុនោះព្រះសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវពាក្យនេះដោយកិរិយាស្ងៀមនៅយ៉ាងនេះ។
[២៩៧] (កាលសង្ឃ)សូត្រញត្តិចប់ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ (កាលសង្ឃ) សូត្រកម្មវាចាពីរដង (ភិក្ខុនោះ) ត្រូវអាបត្តិថុល្លច្ច័យ (កាលសង្ឃ) សូត្រកម្មវាចាចប់ (ភិក្ខុនោះ) ត្រូវអាបត្តិសង្ឃាទិសេស។ កាលបើភិក្ខុត្រូវអាបត្តិសង្ឃាទិសេសហើយ ឯអាបត្តិទុក្កដដែលភិក្ខុនោះត្រូវក្នុងខណៈចប់ញត្តិក្តី និងអាបត្តិថុល្លច្ច័យទាំងឡាយដែលភិក្ខុនោះត្រូវក្នុងខណៈចប់កម្មវាចាជាគំរប់ពីរដងក្តី ក៏តែងរំងាប់ទៅឯង។ ពាក្យថា អាបត្តិសង្ឃាទិសេស មានអធិប្បាយក្នុងសិក្ខាបទទី១សង្ឃាទិសេសខាងដើមមកហើយ។
[២៩៨] ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មដែលសង្ឃធ្វើត្រូវតាមធម៌ ថាកម្មធ្វើត្រូវតាមធម៌ តែមិនលះបង់ (សង្ឃភេទកម្មនោះ) ភិក្ខុនោះ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មដែលសង្ឃធ្វើត្រូវតាមធម៌ តែមិនលះបង់ (គឺនៅប្រកាន់) ភិក្ខុនោះ ត្រូវអាបត្តិសង្ឃាទិសេសដែរ។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មដែលសង្ឃធ្វើត្រូវតាមធម៌ ថាកម្មមិនត្រូវតាមធម៌ មិនលះបង់ ភិក្ខុនោះ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មដែលសង្ឃធ្វើមិនត្រូវតាមធម៌ ថាកម្មធ្វើត្រូវតាមធម៌ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មមិនមែនជាធម៌ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដដែរ។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មមិនមែនជាធម៌ ថាកម្មមិនមែនជាធម៌ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។
[២៩៩] អាបត្តិ មិនមានដល់ភិក្ខុដែលសង្ឃមិនទាន់សូត្រប្រកាសហាម ដល់ភិក្ខុដែលបានលះបង់ (សង្ឃភេទកម្ម) ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាអាទិកម្មិក។
សង្ឃាទិសេស ទី១០ ចប់។