km:tipitaka:vin:vbu:sg:vin.vbu.sg.11

សង្ឃាទិសេស ទី១១

សង្ខេប

សង្ឃាទិសេស ទី១១ គឺ តស្សេវឃ្វា​មជ្រៀង​អនុវត្តកា ពួក​ភិក្​ខុប្រ​ព្រឹត្ត​តាម​ភិក្ខុ​អ្នក​បំបែក​សង្ឃ​នោះ​ឯង៖ «ភិក្ខុ​ទាំង​ឡាយ​មួយ​រូប​ក្តី ពីរ​រូប​ក្តី បី​រូប​ក្តី ជា​អ្នក​ប្រព្រឹត្ត​តាម​ភិក្ខុ​ដែល​បំបែក​សង្ឃ​​នោះ​ឯង និង​ជា​អ្នក​ពោល​ប្រកាន់​ពួក ហើយ​ពួក​ភិក្ខុ​ទាំង​នោះ​ពោល​ហាម ភិក្ខុ​ទាំង​ឡាយ (ដែល​​ជា​ភិក្ខុ​បរិសុទ្ធ) យ៉ាង​នេះ​ថា ម្នាល​លោក​ម្ចាស់​ទាំង​ឡាយ លោក​ទាំង​ឡាយ​កុំ​ពោល​​ពាក្យ​បន្តិច​បន្តួច​​នឹង​ភិក្ខុ​នេះ ព្រោះ​ភិក្ខុ​នេះ ជា​អ្នក​ពោល​ត្រូវ​តាម​ធម៌​ផង ភិក្ខុ​នេះ ជា​អ្នក​ពោល​ត្រូវ​តាម​វិន័យ​​ផង ម្យ៉ាង​ទៀត ភិក្ខុ​នេះ​កាន់​យក​សេចក្តី​ពេញ​ចិត្ត និង​សេចក្តី​គាប់​ចិត្​តរបស់​ពួក​យើង ទើប​ពោល លោក​ដឹង​​សេចក្តី​ពេញ​ចិត្ត​ជា​ដើម​របស់​ពួក​យើង ទើប​ពោល អំពើ​នេះ​ក៏​គាប់​ចិត្ត ដល់​យើង​ទាំង​​ឡាយ។ ពួក​ភិក្ខុ​ទាំង​នោះ ត្រូវ​តែ​ភិក្ខុ​ទាំង​ឡាយ (ដែល​បរិសុទ្ធ) ពោល​យ៉ាង​នេះ​ថា ម្នាល​លោក​ម្ចាស់​ទាំង​ឡាយ លោក​កុំ​ពោល​យ៉ាង​​ហ្នឹង ព្រោះ​ភិក្ខុ​នេះ មិន​មែន​ជា​អ្នក​ពោល​​ត្រូវ​តាម​ធម៌​ផង ភិក្ខុ​នេះ មិន​មែន​ជា​អ្នក​ពោល​ត្រូវ​តាម​វិន័យ​ផង សូម​លោក​ម្ចាស់​ទាំង​ឡាយ​​កុំ​​គាប់​​ចិត្ត​នឹង​សង្ឃ​ភេទ​ឡើយ សូម​លោក​​ម្ចាស់​ទាំង​ឡាយ​ព្រមព្រៀង​ជា​មួយ​នឹង​សង្ឃ​ទៅ ព្រោះ​ព្រះ​សង្ឃ​ព្រម​ព្រៀង​គ្នា រីករាយរក​គ្នា មិន​វិវាទ​គ្នា មាន​ឧទ្ទេស​ជា​មួយ​គ្នា តែង​​នៅសប្បាយ។ ពួក​ភិក្ខុ​ទាំង​នោះ កាល​ដែល​ភិក្ខុ​ទាំង​ឡាយ​ពោល​ហាម​យ៉ាង​នេះ ក៏​នៅ​ប្រកាន់​លទ្ធិ​យ៉ាង​នោះ​​ដដែល ពួក​ភិក្ខុ​ទាំង​នោះ ត្រូវ​ភិក្ខុ​ទាំង​ឡាយ​សូត្រ​សមនុភាសនកម្ម​អស់​វារៈ​គំរប់​បី​ដង ដើម្បី​​លះ​បង់​​នូវ​កម្មនោះ។ កាល​បើ​ភិក្ខុ​ទាំង​ឡាយ សូត្រសមនុភាសនកម្មដល់គំរប់បីដងហើយ ពួក​ភិក្ខុ​ទាំង​នោះ​លះ​បង់​នូវ​រឿង​នោះ​ចេញ ការ​លះ​បង់​បាន​យ៉ាង​នេះ ជា​ការ​ល្អ​ណាស់ បើ​មិន​លះ​បង់​ទេ ត្រូវ​អាបត្តិ​សង្ឃាទិសេស។»

vbu sg 11 បាលី cs-km: vin.vbu.sg.11 អដ្ឋកថា: vin.vbu.sg.11_att PTS: ?

សង្ឃាទិសេស ទី១១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

អានដោយ ព្រះ​រដ្ឋបាល

(១១. ភេទានុវត្តកសិក្ខាបទំ)

[៣០០] សម័យនោះ ព្រះពុទ្ធដ៏មានឥស្សរិយយស ទ្រង់ប្រថាប់ក្នុងវត្តវេឡុវន ជាទីដែលស្តេច​ប្រទានចំណីដល់សត្វកង្ហែន ក្បែរក្រុងរាជគ្រឹះ។ សម័យនោះឯង ទេវទត្តភិក្ខុ​ព្យាយាមដើម្បីបំបែកសង្ឃ ដើម្បីបំបែកចក្រ។ ភិក្ខុទាំងឡាយពោលយ៉ាងនេះថា ទេវទត្តជាអ្នក​ពោលខុសធម៌ ទេវទត្តជាអ្នកពោលខុសវិន័យ ទេវទត្តមិនគួរបើនឹងព្យាយាមដើម្បីបំបែកសង្ឃ ដើម្បីបំបែកចក្រ។ កាលភិក្ខុទាំងឡាយពោលយ៉ាងនេះហើយ ទើបកោកាលិកភិក្ខុ កដមោរកតិស្សកភិក្ខុ ខណ្ឌទេវីបុត្តភិក្ខុ និងសមុទ្ទទត្តភិក្ខុ ក៏ពោលពាក្យនេះនឹងពួកភិក្ខុ​ទាំងនោះ​ថា សូមលោកម្ចាស់ទាំងឡាយកុំពោលយ៉ាងហ្នឹង ទេវទត្តពោលត្រូវតាមធម៌ ទេវទត្តពោលត្រូវ​តាម​វិន័យ ម្យ៉ាងទៀត ទេវទត្តកាន់យកសេចក្តី​ពេញចិត្ត​ និងសេចក្តី​គាប់ចិត្តរបស់ពួកយើង ហើយ​ទើបពោល លោកដឹង (សេចក្តីពេញចិត្តជាដើមរបស់ពួកយើង) ទើបពោល អំពើ​ដែល​លោក​បានធ្វើមកនេះ ក៏សមគួរ​ដល់យើងទាំងឡាយ។ ភិក្ខុទាំងឡាយណាជាអ្នកប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុម្តេចហ្ន៎ បានជាភិក្ខុទាំងឡាយ​ប្រព្រឹត្តតាមទេវទត្ត ជាអ្នកព្យាយាមដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក។ ខណៈនោះ ពួកភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគម្ចាស់។ ព្រោះហេតុនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគម្ចាស់ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរបញ្ជាក់ភិក្ខុ​ទាំងឡាយ​ក្នុងខណៈ​នោះថា នែភិក្ខុទាំងឡាយ ឮថា មានពួកភិក្ខុប្រព្រឹត្តតាមទេវទត្តភិក្ខុ ជាអ្នកព្យាយាម​ដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មាន​ព្រះភាគ ការនោះ ពិតមែន។ ព្រះពុទ្ធជាម្ចាស់មានឥស្សរិយយស ទ្រង់តិះដៀលថា ម្នាលភិក្ខុ​ទាំងឡាយ អំពើដែលមោឃបុរសទាំងនោះបានធ្វើ មិនសមគួរទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ហេតុម្តេច ក៏ពួកមោឃបុរស​ទាំងនោះ ប្រព្រឹត្តតាមទេវទត្ត ជាអ្នកព្យាយាម​ដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក នែភិក្ខុទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែល​មិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះ​យ៉ាងនេះថា

ភិក្ខុទាំងឡាយមួយរូបក្តី ពីររូបក្តី បីរូបក្តី ជាអ្នកប្រព្រឹត្តតាមភិក្ខុដែលបំបែកសង្ឃ​នោះឯង និងជាអ្នកពោលប្រកាន់ពួក ហើយពួកភិក្ខុទាំងនោះពោលហាម ភិក្ខុទាំងឡាយ (ដែល​ជាភិក្ខុបរិសុទ្ធ) យ៉ាងនេះថា ម្នាលលោកម្ចាស់ទាំងឡាយ លោកទាំងឡាយកុំពោល​ពាក្យបន្តិច​បន្តួច​នឹងភិក្ខុនេះ ព្រោះភិក្ខុនេះ ជាអ្នកពោលត្រូវតាមធម៌ផង ភិក្ខុនេះ ជាអ្នកពោលត្រូវតាមវិន័យ​ផង ម្យ៉ាងទៀត ភិក្ខុនេះកាន់យកសេចក្តីពេញចិត្ត និងសេចក្តីគាប់ចិត្តរបស់ពួកយើង ទើបពោល លោកដឹង​សេចក្តីពេញចិត្តជាដើមរបស់ពួកយើង ទើបពោល អំពើនេះក៏គាប់ចិត្ត ដល់យើងទាំង​ឡាយ។ ពួកភិក្ខុទាំងនោះ ត្រូវតែភិក្ខុទាំងឡាយ (ដែលបរិសុទ្ធ) ពោលយ៉ាងនេះថា ម្នាលលោកម្ចាស់ទាំងឡាយ លោកកុំពោលយ៉ាងហ្នឹង ព្រោះភិក្ខុនេះ មិនមែនជាអ្នកពោល​ត្រូវតាមធម៌ផង ភិក្ខុនេះ មិនមែនជាអ្នកពោលត្រូវតាមវិន័យផង សូមលោកម្ចាស់ទាំងឡាយ​កុំ​គាប់​ចិត្តនឹងសង្ឃភេទឡើយ សូមលោកម្ចាស់ទាំងឡាយព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះ​ព្រះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេសជាមួយគ្នា តែង​នៅសប្បាយ។ ពួកភិក្ខុ​ទាំងនោះ កាលដែលភិក្ខុទាំងឡាយពោលហាមយ៉ាងនេះ ក៏នៅប្រកាន់លទ្ធិ​យ៉ាងនោះ​ដដែល ពួកភិក្ខុទាំងនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មអស់វារៈគំរប់បីដង ដើម្បី​លះបង់​នូវកម្មនោះ។ កាលបើភិក្ខុទាំងឡាយ សូត្រសមនុភាសនកម្មដល់គំរប់បីដងហើយ ពួកភិក្ខុទាំងនោះលះបង់នូវរឿងនោះចេញ ការលះបង់បានយ៉ាងនេះ ជាការល្អណាស់ បើមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។

[៣០១] ត្រង់ពាក្យថា ភិក្ខុនោះឯង គឺភិក្ខុជាអ្នកបំបែកសង្ឃនោះ។ ពាក្យថា ភិក្ខុទាំងឡាយ បានដល់ពួកភិក្ខុដទៃ។ ពាក្យថា ជាអ្នកប្រព្រឹត្តតាម គឺភិក្ខុអ្នកបំបែកសង្ឃយល់ឃើញ ត្រូវចិត្ត គាប់ចិត្តកម្មណា ភិក្ខុទាំងនោះក៏យល់តាម ត្រូវចិត្តតាម គាប់ចិត្តតាមនូវកម្មនោះដែរ។ ពាក្យថា ជាអ្នកពោលប្រកាន់ពួក គឺតាំងនៅក្នុងសេចក្តីសរសើរនូវភិក្ខុជាអ្នកបំបែកសង្ឃនោះផង ក្នុងពួក​នៃ​ភិក្ខុនោះផង។ ពាក្យថា មួយរូបក្តី ពីររូបក្តី បីរូបក្តី គឺភិក្ខុមួយរូបក្តី ពីររូបក្តី បីរូបក្តី ភិក្ខុទាំងនោះ​ពោលនឹងភិក្ខុទាំងឡាយយ៉ាងនេះថា នែលោកម្ចាស់ទាំងឡាយ លោកកុំពោល​ពាក្យបន្តិច​បន្តួច​នឹងភិក្ខុនេះ ភិក្ខុនេះ ជាអ្នកពោលត្រូវតាមធម៌ផង ភិក្ខុនេះជាអ្នកពោលត្រូវតាមវិន័យផង ម្យ៉ាងទៀត ភិក្ខុនេះកាន់យកសេចក្តីពេញចិត្ត និងសេចក្តីគាប់ចិត្តរបស់ពួកយើងហើយ ទើបពោល លោកដឹង (សេចក្តីពេញចិត្តជាដើម) របស់ពួកយើងហើយ ទើបពោល អំពើ​ដែល​លោកធ្វើនេះ ក៏សមគួរដល់ពួកយើង។

[៣០២] ពាក្យថា ភិក្ខុទាំងនោះ គឺពួកភិក្ខុអ្នកប្រព្រឹត្តតាមអម្បាលនោះឯង។ ពាក្យថា ភិក្ខុ​ទាំងឡាយ បានដល់ភិក្ខុឯទៀត (ក្រៅពីសង្ឃភេទកភិក្ខុនោះ)។ ពួកភិក្ខុដែលបានឃើញ បានឮ គប្បីពោលថា នែលោកម្ចាស់ទាំងឡាយ លោកកុំពោលយ៉ាងហ្នឹង ភិក្ខុនេះមិនមែនជា​អ្នកពោល​ត្រូវតាម​ធម៌ផង ភិក្ខុនេះមិនមែនជាអ្នកពោលត្រូវតាមវិន័យផង សូមលោកម្ចាស់ទាំងឡាយ កុំគាប់​ចិត្តនឹងសង្ឃភេទឡើយ សូមលោកម្ចាស់ទាំងឡាយព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះ​សង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅជាសុខសប្បាយ។ ភិក្ខុទាំងឡាយត្រូវពោលជាគំរប់ពីរដងផង ត្រូវពោលជាគំរប់បីដងផង។ បើពួកភិក្ខុទាំងនោះ លះបង់រឿងនោះបាន ការលះបង់បានយ៉ាងនេះ ជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។ ពួកភិក្ខុឯទៀតឮហើយ មិនពោលហាមប្រាម ត្រូវអាបត្តិទុក្កដដែរ។ ភិក្ខុទាំងឡាយ ត្រូវ​នាំគ្នា​ចាប់​ទាញភិក្ខុទាំងនោះមកកាន់កណ្តាលជំនុំសង្ឃ ហើយពោលហាមថា នែលោកម្ចាស់ទាំងឡាយ លោកកុំពោលយ៉ាងហ្នឹង ភិក្ខុនេះមិនមែនជា​អ្នកពោល​ត្រូវតាម​ធម៌ទេ ភិក្ខុនេះមិនមែនជាអ្នកពោលត្រូវតាមវិន័យទេ សូមលោកម្ចាស់ទាំងឡាយ កុំគាប់​ចិត្តនឹងសង្ឃភេទ​ឡើយ សូមលោកម្ចាស់ទាំងឡាយព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះ​សង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនទាស់ទែងគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅជា​សុខសប្បាយ។ ភិក្ខុទាំងឡាយគប្បីពោលហាមជាគំរប់ពីរដងផង ជាគំរប់បីដងផង។ បើលោកទាំងនោះ លះបង់រឿងនោះបាន ការលះបង់បាននេះ ជាការឥតទោស បើលះបង់មិន​បានទេ ត្រូវអាបត្តិទុក្កដ។

[៣០៣] ភិក្ខុទាំងឡាយ គប្បីសូត្រសមនុភាសនកម្មហាមពួកភិក្ខុទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុទាំងនោះ គឺភិក្ខុសង្ឃគប្បីសូត្រសមនុភាសនកម្មយ៉ាងនេះ គឺភិក្ខុ​ដែល​ឆ្លាស​ប្រតិពល គប្បីផ្ទៀងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យរបស់​ខ្ញុំ ភិក្ខុទាំងឡាយមានឈ្មោះនេះផង ឈ្មោះនេះផង ជាអ្នកប្រព្រឹត្តតាមភិក្ខុមានឈ្មោះនេះ ជាអ្នក​ព្យាយាមបំបែកសង្ឃ ហើយជាអ្នកពោលប្រកាន់ពួក។ ពួកភិក្ខុទាំងនោះ មិនលះបង់វត្ថុនោះទេ។ បើសមនុភាសនកម្មមានកាលសមគួរដល់សង្ឃហើយ សង្ឃគប្បីសូត្រសមនុភាសនកម្មហាមពួក​ ភិក្ខុ​មានឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យលះលែងនូវរឿងនោះចេញ។ វាចានេះសម្រាប់​ញុំាង​សង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យរបស់​ខ្ញុំ ភិក្ខុទាំងឡាយមានឈ្មោះនេះផង ឈ្មោះនេះផង ជាអ្នកប្រព្រឹត្តតាមភិក្ខុមានឈ្មោះនេះ ជាអ្នក​ព្យាយាមដើម្បីបំបែកសង្ឃ ហើយជាអ្នកពោលប្រកាន់ពួក។ ពួកភិក្ខុទាំងនោះ មិនលះបង់នូវរឿងនោះ​ទេ។ សង្ឃសូត្រសមនុភាសនកម្មហាមភិក្ខុ​មានឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យលះបង់នូវរឿងនោះ។ ការសូត្រសមនុភាសនកម្មដល់ភិក្ខុ​មានឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យលះបង់នូវរឿងនោះ សមគួរដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់​អង្គនោះស្ងៀមនៅ មិនសមគួរដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះពោលឡើង។ ខ្ញុំ​ពោល​សេចក្តីនេះជាគំរប់ពីរដងផង។បេ។ ខ្ញុំពោល​សេចក្តីនេះជាគំរប់បីដងផង។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យរបស់​ខ្ញុំ ភិក្ខុមានឈ្មោះនេះផង ឈ្មោះនេះផង ជាអ្នកប្រព្រឹត្តតាមភិក្ខុមានឈ្មោះនេះ ជាអ្នក​ព្យាយាមដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក។ ពួកភិក្ខុទាំងនោះ មិនលះបង់នូវរឿងនោះ​ទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្មហាមភិក្ខុ​មានឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យលះបង់នូវរឿងនោះ។ ការសូត្រសមនុភាសនកម្មហាមភិក្ខុ​មានឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យលះបង់នូវរឿងនោះ សមគួរដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់​អង្គនោះស្ងៀមនៅ មិនសមគួរដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះពោលឡើង។ ភិក្ខុមានឈ្មោះនេះផង ឈ្មោះនេះផង គឺព្រះសង្ឃបានសូត្រសមនុភាសនកម្មរួចហើយ ដើម្បីឲ្យលះបង់នូវរឿងនោះ។ (សមនុភាសនកម្មនោះ) សមគួរដល់សង្ឃ ហេតុនោះ ព្រះសង្ឃ​ស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយកិរិយាស្ងៀមនៅយ៉ាងនេះ។

[៣០៤] (កាលសង្ឃ) សូត្រញត្តិចប់ (ភិក្ខុទាំងនោះ) ត្រូវអាបត្តិទុក្កដ (កាលសង្ឃ) សូត្រកម្ម​វាចា​ពីរដង (ភិក្ខុទាំងនោះ) ត្រូវអាបត្តិថុល្លច្ច័យ (កាលសង្ឃ) សូត្រកម្មវាចាចប់ (ភិក្ខុទាំងនោះ) ត្រូវអាបត្តិ​សង្ឃាទិសេស។ កាលបើភិក្ខុ​ទាំងនោះត្រូវអាបត្តិសង្ឃាទិសេសហើយ ឯអាបត្តិទុក្កដដែល ភិក្ខុទាំងនោះត្រូវ​ក្នុង​ខណៈ​ចប់ញត្តិក្តី និងអាបត្តិថុល្លច្ច័យទាំងឡាយ​ដែល​ភិក្ខុ​ទាំងនោះត្រូវ​ក្នុងខណៈចប់កម្មវាចាពីរដងក្តី ក៏តែងរំងាប់ទៅឯង។ សង្ឃគប្បីសូត្រ​សមនុភាសនកម្មហាមប្រាមភិក្ខុពីរ (ឬ) បីអង្គក្នុងទីជាមួយគ្នាបាន បើភិក្ខុច្រើនជាង​ចំនួន​នោះ​ឡើង​ទៅ សង្ឃមិនគប្បីសូត្រទេ។ ពាក្យថា សង្ឃាទិសេស មានអធិប្បាយ​ពិស្តារ​ក្នុងសិក្ខាបទ​ទី១​ខាងដើមរួចហើយ។

[៣០៥] ភិក្ខុទាំងឡាយ (ជាអ្នកប្រព្រឹត្តតាមភិក្ខុបំបែកសង្ឃ) មានសេចក្តីសំគាល់ក្នុងកម្ម​ដែលសង្ឃធ្វើត្រូវតាមធម៌ថា កម្មធ្វើត្រូវតាមធម៌ តែមិនលះបង់ចោល (គឺនៅប្រព្រឹត្តដដែល) ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុទាំងនោះមានសេចក្តីសង្ស័យក្នុងកម្មដែលត្រូវតាមធម៌ តែមិនលះបង់ចោល ត្រូវអាបត្តិសង្ឃាទិសេសដែរ។ ភិក្ខុទាំងនោះមានសេចក្តីសំគាល់​ក្នុងកម្មដែលត្រូវតាមធម៌ថា កម្មមិនត្រូវតាមធម៌វិញ តែមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេសដែរ។ ភិក្ខុទាំងនោះមានសេចក្តីសំគាល់ក្នុងកម្មដែលមិនត្រូវតាមធម៌ ថាកម្មត្រូវតាមធម៌ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុទាំងនោះមានសេចក្តីសង្ស័យក្នុងកម្មមិនត្រូវតាមធម៌ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងនោះមានសេចក្តីសំគាល់ក្នុងកម្មដែលមិនត្រូវតាមធម៌ ថាកម្មមិនត្រូវតាមធម៌ ត្រូវអាបត្តិទុក្កដ។

[៣០៦] អាបត្តិ មិនមានដល់ពួកភិក្ខុដែលសង្ឃមិនទាន់សូត្រសមនុភាសនកម្ម ដល់ពួកភិក្ខុ​ដែល​បានលះបង់ ដល់ពួកភិក្ខុឆ្កួត ដល់ពួកភិក្ខុមានចិត្តរវើរវាយ ដល់ពួកភិក្ខុមានទុក្ខវេទនាគ្របសង្កត់ ដល់ពួកភិក្ខុជាអាទិកម្មិក។

សង្ឃាទិសេស ទី១១ ចប់។

 

លេខយោង

km/tipitaka/vin/vbu/sg/vin.vbu.sg.11.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann