km:tipitaka:vin:vbu:sg:vin.vbu.sg.12

សង្ឃាទិសេស ទី១២

សង្ខេប

សង្ឃាទិសេស ទី១២ គឺ ទុព្វច្ចំ ប្រដៅក្រ៖ «ភិក្ខុ​មាន​ជាតិ​ដែល​គេប្រដៅក្រ កាល​ភិក្ខុ​ទាំងឡាយ​ពោល​ប្រដៅ (ខ្លួន) ដោយ​ធម៌ ក្នុង​សិក្ខាបទ​ទាំង​ឡាយ​ដែល​រាប់​ចូល​ក្នុង​ឧទ្ទេស (បាតិមោក្ខ) ធ្វើ​ខ្លួន​ឲ្យ​គេ​ប្រដៅ​មិន​បាន ដោយ​ពាក្យ​ថា លោក​ម្ចាស់​ទាំង​ឡាយ លោក​កុំ​និយាយ​ពាក្យ​បន្តិចបន្តួច ទោះ​ល្អ​ក្តី អាក្រក់​ក្តី នឹង​ខ្ញុំឡើយ ចំណែក​ខ្ញុំ​ក៏​នឹង​មិន​ពោល​ពាក្យ​បន្តិចបន្តួច ទោះ​ល្អ​ក្តី អាក្រក់​ក្តី នឹង​លោក​ម្ចាស់​ទាំង​ឡាយ​ដែរ បពិត្រ​លោក​ម្ចាស់​ទាំង​ឡាយ ចូរលោក​លែង​និយាយ​ប្រដៅ​ខ្ញុំ​ទៅ។ ភិក្ខុ​នោះ ត្រូវ​ភិក្ខុ​ទាំង​ឡាយ​ពោល (ហាម) យ៉ាង​នេះ​ថា លោក​ម្ចាស់​កុំ​ធ្វើ​ខ្លួន​ឲ្យ​គេប្រដៅ​មិន​បាន​ឡើយ លោក​ម្ចាស់​ត្រូវ​តែ​ធ្វើ​ខ្លួន​ឲ្យ​គេ​ពោល​ប្រដៅ​បាន​ផង ចំណែក​លោក​ម្ចាស់ ចូរ​ប្រដៅ​ភិក្ខុ​ទាំង​ឡាយ​ដោយ​សហធម៌​ (ពុទ្ធប្បញ្ញត្តិ) សូម្បី​ពួក​ភិក្ខុ​ក៏​ពោល​ប្រដៅ​លោក​ម្ចាស់​ដោយ​សហធម៌​ដែរ ព្រោះ​បរិសទ្យ​របស់ព្រះ​ដ៏មាន​ព្រះភាគ​ម្ចាស់​នោះ តែង​ចំរើន​ឡើង​ដោយ​ពាក្យ​ជាប្រយោជន៍​ដល់​គ្នា​នឹង​គ្នា និង​ដោយ​ញុំាង​គ្នា​នឹង​គ្នា​ឲ្យ​ចេញ​ចាក​អាបត្តិ​យ៉ាង​នេះ។ កាល​ភិក្ខុ​ទាំង​ឡាយ​ពោល​ប្រដៅ​ភិក្ខុ​នោះ​យ៉ាង​នេះ (ភិក្ខុ​នោះ) ក៏​នៅ​ប្រកា​ន់ាង​ហ្នឹង​ដដែល ភិក្ខុ​នោះ ត្រូវ​ភិក្ខុ​ទាំង​ឡាយ​សូត្រ​សមនុភាសនកម្ម (ហាម) ជា​គំរប់​បី​ដង ដើម្បី​ឲ្យ​លះ​បង់​នូវ​កម្ម​នោះ បើ​ភិក្ខុ​នោះ កាល​ពួក​ភិក្ខុ​សូត្រ​សមនុភាសនកម្ម ជា​គំរប់​បី​ដង ហើយ​លះ​បង់​រឿង​នោះ​បាន ការ​លះ​បង់​បាន​យ៉ាង​នេះ ជា​ការ​រួច​ទោស បើ​មិន​លះ​បង់​ទេ ត្រូវ​អាបត្តិ​សង្ឃាទិសេស។»

vbu sg 12 បាលី cs-km: vin.vbu.sg.12 អដ្ឋកថា: vin.vbu.sg.12_att PTS: ?

សង្ឃាទិសេស ទី១២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

អានដោយ ព្រះ​រដ្ឋបាល

(១២. ទុព្ពចសិក្ខាបទំ)

[៣០៧] សម័យនោះឯង ព្រះសម្ពុទ្ធអ្នកមានឥស្សរិយយស ទ្រង់ប្រថាប់នៅឃោសិតារាម ក្បែរក្រុងកោសម្ពី។ សម័យនោះឯង ឆន្នភិក្ខុដ៏មានអាយុប្រព្រឹត្តអនាចារ (មារយាទមិនសមគួរ​ផ្សេងៗ)។ ភិក្ខុទាំងឡាយពោលប្រដៅយ៉ាងនេះថា ម្នាលអាវុសោឆន្ន លោកកុំធ្វើអំពើមានសភាព​យ៉ាងនេះ អំពើនេះ​មិនសមគួរទេ។ ឆន្នភិក្ខុនោះឆ្លើយទៅវិញថា អាវុសោ លោកទាំងឡាយ​សំគាល់ថាលោកត្រូវពោលប្រដៅខ្ញុំឬ ខ្ញុំឯងទេតើ ទើបត្រូវប្រដៅលោកទាំងឡាយ (ព្រោះថា) ព្រះពុទ្ធរបស់យើង ព្រះធម៌របស់យើង ព្រះអយ្យបុត្តរបស់យើង បានត្រាស់ដឹងនូវព្រះធម៌ដូច​ខ្យល់ព្យុះធំបក់បោក ប្រមូលយកស្មៅ កំណាត់ឈើ ស្លឹកឈើ និងសំណាត់មកមូលជាមួយគ្នា ឬថាដូចជា ទឹកស្ទឹងដែលហូរចុះចាកភ្នំ តែងប្រមូលគួចយកនូវចកធំសារាយ និងចកបាយទា​មករួមជាមួយគ្នាបាន មានឧបមាយ៉ាងណាមិញ លោកទាំងឡាយមានឈ្មោះផ្សេងៗ មានគោត្រ​ផ្សេងៗ មានជាតិផ្សេងៗ ចេញចាកត្រកូលផ្សេងៗហើយបួស គឺគេប្រមូល​មកឲ្យមូលត្រកូលគ្នា ក៏មានឧបមេយ្យដូច្នោះឯង នែអាវុសោទាំងឡាយ លោកទាំងឡាយនៅសំគាល់ថាលោកត្រូវ​ពោល​ប្រដៅខ្ញុំឬ ខ្ញុំឯងទេតើ ទើបត្រូវប្រដៅលោកទាំងឡាយ (ព្រោះថា) ព្រះពុទ្ធរបស់យើង ព្រះធម៌របស់យើង ព្រះអយ្យបុត្តរបស់យើងបានត្រាស់ដឹងនូវព្រះធម៌។ ភិក្ខុទាំងឡាយណាជា​អ្នក​ប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីអៀនខ្មាស មានសេចក្តី​រំខាន ប្រាថ្នាការសិក្សា ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នភិក្ខុដ៏មានអាយុ កាលភិក្ខុទាំង​ឡាយពោលប្រដៅដោយធម៌ ឬដោយសិក្ខាបទដែលព្រះពុទ្ធទ្រង់បញ្ញត្តទុក មិនសម្បី​បើនឹង​ធ្វើ​ខ្លួន​ឲ្យគេពោលប្រដៅមិនបាន។ ទើបភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគម្ចាស់។ ព្រោះហេតុនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគម្ចាស់​ឲ្យប្រជុំភិក្ខុ​សង្ឃ ហើយទ្រង់សួរបញ្ជាក់ឆន្នភិក្ខុដ៏មានអាយុក្នុងពេលនោះថា ឆន្ន ឮថា អ្នកឯង​ កាលពួកភិក្ខុពោលប្រដៅដោយធម៌ ត្រឡប់ធ្វើខ្លួន​ឲ្យគេប្រដៅមិនបានវិញ មែនឬ។ ឆន្នភិក្ខុ​ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធអ្នកមានឥស្សរិយយស ទ្រង់តិះដៀលថា នែមោឃបុរស មិនទំនងសោះ។បេ។ មិនគួរធ្វើសោះ នែមោឃបុរស ហេតុម្តេច​បានជាអ្នកឯង កាលពួកភិក្ខុពោលប្រដៅដោយធម៌ (ត្រឡប់) ជាធ្វើខ្លួនឲ្យគេពោល​ប្រដៅ​មិនបាន​ទៅវិញ នែមោឃបុរស អំពើនេះមិននាំឲ្យជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា

ភិក្ខុ​មានជាតិ​ដែល​គេប្រដៅក្រ កាលភិក្ខុទាំងឡាយពោលប្រដៅ (ខ្លួន) ដោយធម៌ ក្នុងសិក្ខាបទទាំងឡាយ​ដែល​រាប់​ចូលក្នុងឧទ្ទេស (បាតិមោក្ខ) ធ្វើខ្លួនឲ្យគេ​ប្រដៅ​មិនបាន ដោយពាក្យថា លោកម្ចាស់ទាំងឡាយ លោកកុំនិយាយពាក្យបន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តី នឹងខ្ញុំឡើយ ចំណែកខ្ញុំក៏នឹងមិនពោលពាក្យ​បន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តី នឹងលោកម្ចាស់ទាំងឡាយដែរ បពិត្រលោកម្ចាស់ទាំងឡាយ ចូរលោកលែងនិយាយប្រដៅខ្ញុំទៅ។ ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយ​ពោល​ (ហាម) យ៉ាងនេះថា លោកម្ចាស់កុំធ្វើខ្លួនឲ្យគេប្រដៅមិនបានឡើយ លោកម្ចាស់​ត្រូវតែ​ធ្វើ​ខ្លួន​ឲ្យគេពោលប្រដៅបានផង ចំណែកលោកម្ចាស់ ចូរប្រដៅភិក្ខុទាំងឡាយដោយសហធម៌​ (ពុទ្ធប្បញ្ញត្តិ) សូម្បីពួកភិក្ខុក៏ពោលប្រដៅលោកម្ចាស់ដោយសហធម៌ដែរ ព្រោះបរិសទ្យ​របស់ព្រះ​ដ៏មានព្រះភាគម្ចាស់នោះ តែងចំរើនឡើង​ដោយពាក្យជាប្រយោជន៍ដល់គ្នានឹងគ្នា និងដោយ​ញុំាងគ្នានឹងគ្នាឲ្យចេញចាកអាបត្តិយ៉ាងនេះ។ កាលភិក្ខុទាំងឡាយពោលប្រដៅភិក្ខុនោះយ៉ាងនេះ (ភិក្ខុនោះ) ក៏នៅប្រកាន់យ៉ាងហ្នឹងដដែល ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម (ហាម) ជាគំរប់បីដង ដើម្បីឲ្យលះបង់នូវកម្មនោះ បើភិក្ខុនោះ កាលពួកភិក្ខុ​សូត្រសមនុភាសនកម្ម ជាគំរប់បីដង ហើយលះបង់រឿងនោះបាន ការលះបង់បានយ៉ាងនេះ ជាការរួចទោស បើមិនលះបង់​ទេ ត្រូវអាបត្តិសង្ឃាទិសេស។

[៣០៨] ត្រង់ពាក្យថា ភិក្ខុមានជាតិដែលគេប្រដៅក្រ គឺជាអ្នកដែល​គេស្តីប្រដៅ​បានដោយ​ក្រ ប្រកបដោយធម៌ជាហេតុធ្វើឲ្យប្រដៅក្រ មិនអត់ធន់ មិនកាន់យកពាក្យប្រៀនប្រដៅដោយ​ខាង​ស្តាំ (មិនកាន់យកពាក្យប្រៀនប្រដៅ​ដោយគោរព)។ ពាក្យថា ក្នុងសិក្ខាបទទាំងឡាយដែល​រាប់​បញ្ចូលក្នុងឧទ្ទេស គឺក្នុងសិក្ខាបទទាំងឡាយ ដែលរាប់បញ្ចូលក្នុង​ព្រះបាតិមោក្ខ។ ពាក្យថា ពូក​ភិក្ខុ គឺភិក្ខុទាំងឡាយដទៃ។ បទដែល​ឈ្មោះថា សហធម៌ គឺសិក្ខាបទណាដែលព្រះដ៏មានព្រះភាគ​បញ្ញត្តទុក សិក្ខាបទនេះឈ្មោះថា សហធម៌។ ភិក្ខុនោះគេស្តីប្រដៅដោយសហធម៌នោះ ត្រឡប់​ជា​ធ្វើ​ខ្លួន​មិនឲ្យគេស្តីប្រដៅបាន ដោយពាក្យថា បពិត្រលោកម្ចាស់ទាំងឡាយ លោកទាំងឡាយ​ កុំនិយាយពាក្យបន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តីនឹងខ្ញុំ ចំណែកខ្ញុំក៏មិននិយាយពាក្យបន្តិចបន្តួច ទោះល្អក្តី អាក្រក់ក្តីនឹងពួកលោកម្ចាស់ សូមពួកលោកម្ចាស់​វៀរចាកការពោលប្រដៅខ្ញុំ។

[៣០៩] ពាក្យថា ភិក្ខុនោះ គឺភិក្ខុមានជាតិដែលគេប្រដៅបានដោយក្រនោះឯង។ ពាក្យថាភិក្ខុទាំងឡាយ បានដល់ពួកភិក្ខុដទៃ។ មានអធិប្បាយថា ពួកភិក្ខុណាឃើញ ពួក​ភិក្ខុ​ណាបានស្តាប់ (ដំណឹង)ពួកភិក្ខុទាំងនោះត្រូវពោលថា លោកម្ចាស់កុំធ្វើខ្លួន​ឲ្យគេស្តី​ប្រដៅ​មិនបាន លោកម្ចាស់ត្រូវតែធ្វើខ្លួនឲ្យគេស្តីប្រដៅបាន សូម្បីលោកម្ចាស់សោត ក៏ចូរ​ពោល​ប្រដៅ​ភិក្ខុទាំងឡាយដោយសហធម៌ សូម្បីភិក្ខុទាំងឡាយ​ក៏នឹង​ពោលប្រដៅលោកម្ចាស់​ដោយ​សហធម៌​ដែរ ព្រោះបរិសទ្យ​របស់ព្រះដ៏មានព្រះភាគម្ចាស់នោះ តែងចំរើនឡើងដោយអាការយ៉ាងនេះ គឺ​ដោយ​កិរិយាពោលជាប្រយោជន៍ដល់គ្នានឹងគ្នា ដោយ​ញុំាងគ្នានឹងគ្នាឲ្យចេញចាកអាបត្តិ។ ភិក្ខុ​នោះ ត្រូវភិក្ខុទាំងឡាយពោល (ហាម) ជាគំរប់ពីរដងផង ត្រូវពោល (ហាម) ជាគំរប់​បីដង​ផង។ បើភិក្ខុនោះលះបង់បាន ការលះបង់បានយ៉ាងនេះ ជាការល្អ បើមិនលះបង់​ទេ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុទាំងឡាយបានឮហើយមិនពោល (ហាម) ត្រូវអាបត្តិទុក្កដដែរ។ ភិក្ខុទាំងឡាយ គប្បីចាប់​ភិក្ខុ​នោះ​មកកាន់កណ្តាល​ប្រជុំសង្ឃ ហើយពោល (ហាម) ថា លោកម្ចាស់កុំធ្វើខ្លួន​ឲ្យគេស្តី​ប្រដៅ​មិនបាន លោកម្ចាស់ចូរធ្វើខ្លួនឲ្យគេស្តីប្រដៅបានផង សូម្បីលោកម្ចាស់សោត ក៏ចូរ​ពោល​ប្រដៅ​ពួកភិក្ខុដោយសហធម៌ ចំណែកពួកភិក្ខុ​ក៏នឹង​ពោលប្រដៅលោកម្ចាស់​ដោយ​សហធម៌​ដែរ ព្រោះ​បរិសទ្យ​របស់ព្រះដ៏មានព្រះភាគម្ចាស់នោះ តែងចំរើនឡើងដោយអាការយ៉ាងនេះ គឺ​ដោយ​កិរិយាពោលពាក្យជាប្រយោជន៍ដល់គ្នានឹងគ្នា ដោយ​កិរិយាញុំាងគ្នីគ្នា​ឲ្យចេញចាកអាបត្តិ។ ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយពោលហាមជាគំរប់ពីរដងផង ត្រូវពោលហាម​ជាគំរប់បីដង​ផង។ បើភិក្ខុលះបង់បាន ការលះបង់យ៉ាងនេះ ជាការល្អ បើមិនលះបង់​ទេ ត្រូវ​អាបត្តិ​ទុក្កដ។

[៣១០] ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម។ ម្នាលភិក្ខុទាំងឡាយ ពួក​ភិក្ខុ​ត្រូវសូត្រសមនុភាសនកម្មយ៉ាងនេះ។ គឺភិក្ខុដែល​ឆ្លាស​អង់អាច គប្បីប្រកាសឲ្យសង្ឃជ្រាប​ដោយ​ពាក្យថា បពិត្រព្រះសង្ឃដ៏ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យរបស់​ខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ កាលភិក្ខុ​ទាំងឡាយពោលពាក្យប្រកបដោយធម៌ ត្រឡប់ជាធ្វើខ្លួនឲ្យគេស្តីប្រដៅមិនបានវិញ។ ភិក្ខុនោះ មិនលះបង់រឿងនោះទេ។ ថាបើកម្មមានកាលសមគួរដល់សង្ឃហើយ ព្រះសង្ឃគប្បីសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុ​មានឈ្មោះនេះ ដើម្បី​ឲ្យលះបង់​រឿងនោះ។ នេះជាញត្តិ (គឺវាចាប្រកាសឲ្យ​សង្ឃដឹង)។ បពិត្រព្រះសង្ឃដ៏ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យរបស់​ខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ កាលភិក្ខុទាំងឡាយពោលពាក្យប្រកបដោយធម៌ ត្រឡប់​ជាធ្វើខ្លួន​ឲ្យគេ​ស្តី​ប្រដៅមិនបាន។ ភិក្ខុនោះ មិនលះបង់រឿងនោះ​ទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុ​មានឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ។ ការសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុ​មានឈ្មោះនេះ ដើម្បីឲ្យលះបង់រឿងនោះ គាប់ចិត្តដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់​អង្គនោះស្ងៀមនៅ មិនគាប់ចិត្តដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះពោលឡើង។ ខ្ញុំ​ពោល​សេចក្តីនេះជាគំរប់ពីរដងផង។បេ។ ខ្ញុំពោល​សេចក្តីនេះជាគំរប់បីដងផង។ បពិត្រព្រះសង្ឃ​ដ៏ចំរើន ព្រះសង្ឃចូរស្តាប់ពាក្យរបស់​ខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ កាលភិក្ខុទាំងឡាយ ពោលពាក្យ​ប្រកបដោយធម៌ នៅធ្វើខ្លួនឲ្យគេស្តីប្រដៅមិនបាន។ ភិក្ខុនោះ មិនលះបង់រឿងនោះ​ទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុ​មានឈ្មោះនេះ ដើម្បីឲ្យលះបង់នូវរឿងនោះ។ ការសូត្រសមនុភាសនកម្ម (ហាម) ភិក្ខុ​មានឈ្មោះនេះ ដើម្បីឲ្យលះបង់នូវរឿងនោះ គាប់ចិត្តដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់​អង្គនោះស្ងៀមនៅ មិនគាប់ចិត្ត​ដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះពោលឡើង។ ភិក្ខុមានឈ្មោះនេះ គឺព្រះសង្ឃបានសូត្រសមនុភាសនកម្មហើយ ដើម្បីឲ្យលះបង់រឿងនោះ។ សមនុភាសនកម្មនោះ គាប់ចិត្តដល់ព្រះសង្ឃ ហេតុនោះ ព្រះសង្ឃ​ស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយកិរិយាស្ងៀមនៅយ៉ាងនេះ។

[៣១១] (កាលសង្ឃ) សូត្រញត្តិចប់ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ (កាលសង្ឃ) សូត្រកម្ម​វាចា​ពីរដង (ភិក្ខុនោះ) ត្រូវអាបត្តិថុល្លច្ច័យ (កាលសង្ឃ) សូត្រកម្មវាចាចប់ (ភិក្ខុនោះ) ត្រូវអាបត្តិ​សង្ឃាទិសេស។ កាលបើភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេសហើយ ឯអាបត្តិទុក្កដដែល ភិក្ខុនោះត្រូវ​ក្នុង​ខណៈ​ចប់ញត្តិក្តី និងអាបត្តិថុល្លច្ច័យទាំងឡាយ​ដែល​ភិក្ខុ​នោះត្រូវ​ក្នុងខណៈចប់កម្មវាចាពីរដងក្តី ក៏តែងរំងាប់ទៅឯង។ ពាក្យថា អាបត្តិសង្ឃាទិសេស មានអធិប្បាយ​ពិស្តារ​ក្នុងសិក្ខាបទ​​ខាងដើមរួចហើយ។

[៣១២] ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្ម​ដែលប្រកបដោយធម៌ថា កម្មប្រកបដោយធម៌ តែមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មដែលប្រកបដោយធម៌ មិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេសដែរ។ ភិក្ខុមានសេចក្តីសំគាល់​ក្នុងកម្មប្រកបដោយធម៌ថា កម្មមិនប្រកបដោយធម៌ មិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មមិនប្រកបដោយធម៌ ថាកម្មប្រកបដោយធម៌ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មមិនប្រកបដោយធម៌ ថាកម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដដែរ។

[៣១៣] អាបត្តិ មិនមានដល់ភិក្ខុដែលសង្ឃមិនទាន់សូត្រសមនុភាសនកម្ម ដល់ភិក្ខុ​​លះបង់ស្រឡះ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាអាទិកម្មិក។

សង្ឃាទិសេស ទី១២ ចប់។

 

លេខយោង

km/tipitaka/vin/vbu/sg/vin.vbu.sg.12.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann