ព្រះត្រៃបិដក » វិន័យបិដក » មហាវិភង្គ » សង្ឃាទិសេសកណ្ឌ »
សង្ឃាទិសេស ទី១៣ គឺ កុលទូសំ ទ្រុស្តត្រកូល៖ «ភិក្ខុចូលទៅជិតអាស្រ័យស្រុក ឬនិគម កន្លែងណាមួយ ហើយនៅ ជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តិអាក្រក់។ សេចក្តីប្រព្រឹត្តិអាក្រក់របស់ភិក្ខុនោះឯង ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយដែលភិក្ខុនោះទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង។ ភិក្ខុនោះ គឺភិក្ខុទាំងឡាយត្រូវនិយាយស្តីឲ្យយ៉ាងនេះថា លោកដ៏មានអាយុជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តអាក្រក់ សេចក្តីប្រព្រឹត្តអាក្រក់របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយដែលលោកដ៏មានអាយុទ្រុស្តហើយនោះ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញពីអាវាសនេះទៅ លោកមិនគួរនៅក្នុងទីនេះទេ។ ភិក្ខុនោះ ដែលភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាងនេះ ត្រឡប់ថាឲ្យភិក្ខុទាំងឡាយនោះយ៉ាងនេះវិញថា ភិក្ខុទាំងឡាយលុះក្នុងសេចក្តីស្រឡាញ់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីខឹងផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីល្ងង់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីខ្លាចផង (ព្រោះ) ភិក្ខុទាំងឡាយនោះ បណ្តេញភិក្ខុពួកខ្លះ មិនបណ្តេញភិក្ខុពួកខ្លះដោយអាបត្តិដូចគ្នាទេ។ ភិក្ខុនោះ ភិក្ខុទាំងឡាយត្រូវនិយាយប្រដៅយ៉ាងនេះថា លោកដ៏មានអាយុចូរកុំនិយាយយ៉ាងនេះ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីស្រឡាញ់ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីស្អប់ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីល្ងង់ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីខ្លាច លោកដ៏មានអាយុឯង ជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តិអាក្រក់សេចក្តីប្រព្រឹត្តិអាក្រក់របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយសោត ដែលលោកដ៏មានអាយុទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញចាកអាវាសនេះទៅ លោកកុំនៅក្នុងអាវាសនេះ។ ភិក្ខុនោះ ដែលភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាងនេះ នៅតែប្រកាន់លទ្ធិយ៉ាងនេះដដែល ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មប្រកាសហាម ដើម្បីឲ្យលះបង់អំពើអាក្រក់នោះកំណត់បីដង។ ភិក្ខុនោះ បើភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មកំណត់បីដង លះអំពើអាក្រក់នោះបាន សេចក្តីលះបង់បាននេះ ជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។»
vbu sg 13 បាលី cs-km: vin.vbu.sg.13 អដ្ឋកថា: vin.vbu.sg.13_att PTS: ?
សង្ឃាទិសេស ទី១៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
អានដោយ ព្រះរដ្ឋបាល
(១៣. កុលទូសកសិក្ខាបទំ)
[៣១៤] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានបុញ្ញសិរី គង់នៅក្នុងវត្តជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុពីររូបឈ្មោះអស្សជិ និងបុនព្វសុក ជាអ្នកនៅក្នុងអាវាសទៀបកិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស។ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុនោះ ប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះគឺ ដាំកូនឈើផ្កាដោយខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងមានទងទាំងពីរខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើចាក់រំលេចទង1) ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើដែលដោតជាចង្កោម2) ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ក្បាលខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ត្រចៀកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ទ្រូងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ។ អស្សជិភិក្ខុនិងបុនព្វសុកភិក្ខុនោះ នាំផ្កាកម្រងមានទងតែម្ខាងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ ដើម្បីស្រីនៃត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃត្រកូលទាំងឡាយ នាំផ្កាកម្រងមានទងទាំងពីរខាងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាឈើចាប់រំលេចទងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាឈើដែលដោតជាចង្កោមទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាកម្រងសម្រាប់ប្រដាប់ក្បាលទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាកម្រងសម្រាប់ប្រដាប់ត្រចៀកទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាកម្រងប្រដាប់ទ្រូងទៅខ្លួនឯងខ្លះ ប្រើគេនាំទៅឲ្យខ្លះ។ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុនោះឆាន់ (ភោជន) ក្នុងភាជន៍មួយជាមួយនឹងស្រីត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃត្រកូលទាំងឡាយខ្លះ ផឹក (ទឹក)ក្នុងផ្តិលជាមួយគ្នាខ្លះ អង្គុយលើអាសនៈជាមួយគ្នាខ្លះ ដេកលើគ្រែជាមួយគ្នាខ្លះ ដេកលើកម្រាលជាមួយគ្នាខ្លះ ដេកដណ្តប់ជាមួយគ្នាខ្លះ ដេកលើកម្រាល និងដណ្តប់ជាមួយគ្នាខ្លះ ស៊ីខុសពេលខ្លះ ផឹកទឹកស្រវឹងខ្លះ ទ្រទ្រង់ផ្កាកម្រងគ្រឿងក្រអូបនឹងគ្រឿងលាបខ្លះ រាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ កែក្រាយខ្លះ រាំជាមួយនឹងស្រីកំពុងរាំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងរាំខ្លះ ប្រគំជាមួយនឹងស្រីកំពុងរាំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងរាំខ្លះ រាំជាមួយនឹងស្រីកំពុងច្រៀងខ្លះ ច្រៀងជាមួយនឹងស្រីកំពុងច្រៀងខ្លះ ប្រគំជាមួយនឹងស្រីកំពុងច្រៀងខ្លះ កែក្រាយជាមួយនឹងស្រីកំពុងច្រៀងខ្លះ រាំជាមួយនឹងស្រីកំពុងប្រគំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងប្រគំខ្លះ ប្រគំជាមួយនឹងស្រីកំពុងប្រគំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងប្រគំខ្លះ រាំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ច្រៀងជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ប្រគំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ កែក្រាយជាមួយនឹងស្រីកំពុងកែក្រាយខ្លះ លេងបាស្កាមានក្រឡាប្រាំបី3) ខ្លះ លេងបាស្កាមានក្រឡាដប់4) ខ្លះ លេងបាស្កាក្នុងអាកាស5) ខ្លះ លេងផ្លូវវាងដែលខ្លួនគួរវាង6) ខ្លះ លេងផ្ទាត់គ្រាប់ មានក្រួសជាដើមខ្លះ លេងបាស្កាក្នុងលានសម្រាប់លេងខ្លះ លេងហ៊ឹងខ្លះ លេងដោយរលាស់ទឹកលាក់ឲ្យទាយរូបខ្លះ លេងអង្គុញខ្លះ លេងផ្លុំប៉ីស្លឹកខ្លះ លេងនង្គ័លតូចខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់ដីខ្សាច់ (បាយឡុកបាយឡ) ខ្លះ លេងរថតូចខ្លះ លេងធ្នូតូចខ្លះ លេងសរសេរខ្យល់ឲ្យទាយខ្លះ លេងទាយចិត្ត (ស្តេចចង់) ខ្លះ លេងកំប្លែងត្រាប់គេខ្លះ ហាត់ដំរីខ្លះ ហាត់សេះខ្លះ ហាត់រថខ្លះ ហាត់ធ្នូខ្លះ ហាត់ដងមានដងដាវជាដើមខ្លះ ស្ទុះរត់ពីមុខដំរីខ្លះ ស្ទុះរត់ពីមុខសេះខ្លះ ស្ទុះរត់ពីមុខរថខ្លះ ស្ទុះរត់ទៅខ្លះ ស្ទុះរត់មកខ្លះ ស្រែកហ៊ោខ្លះ ទះដៃខ្លះ ចំបាប់គ្នាខ្លះ ដាល់គ្នាខ្លះ ក្រាលសង្ឃាដិក្នុងកណ្តាលរោងរាំ ហើយនិយាយនឹងស្រីដែលរាំ យ៉ាងនេះថា ម្នាលប្អូនស្រី នាងចូររាំក្នុងទីនេះខ្លះ ដាក់ម្រាមដៃលើថ្ងាសខ្លួន និងលើថ្ងាសស្រីរបាំខ្លះ ប្រព្រឹត្តអនាចារផ្សេងៗខ្លះ។
[៣១៥] សម័យនោះឯង ភិក្ខុមួយរូបចាំវស្សាក្នុងដែនឈ្មោះកាសី រួចហើយទៅកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ ក៏ដើរទៅត្រង់កិដាគិរិជនបទ។ ភិក្ខុនោះឯង ក៏ស្លៀកស្បង់ ប្រដាប់បាត្រនិងចីវរក្នុងពេលព្រឹកព្រហាម មានដំណើរឈានដើរទៅមុខ ឈានថយក្រោយ ក្រឡេកមើលទៅមុខ ក្រឡេកមើលចំហៀង បត់ចូល និងលាចេញ គួរជាទីជ្រះថ្លា ព្រោះភិក្ខុអង្គនោះ មានភ្នែកសង្រួមចុះ និងមានឥរិយាបថរំទំ ចូលទៅកាន់កិដាគិរិជនបទ ដើម្បីបិណ្ឌបាត។ មនុស្សទាំងឡាយឃើញភិក្ខុនោះហើយ និយាយយ៉ាងនេះថា លោកអ្វីនេះ ដូចជាសង្រួមហួស ដូចជាទន់ល្វន់ពេក ដូចជាមុខស្រពោនពេក អ្នកណាគេនឹងឲ្យដុំបាយដល់លោកនេះដែលចូលទៅរក (គេនោះ) ចំណែកអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុជាម្ចាស់យើងពោលពាក្យផ្អែម ពោលពាក្យពីរោះ ពោលពាក្យជាសុខ មានញញឹមញញែមជាមុន តែងនិយាយថា អ្នកចូរមក អ្នកមកល្អហើយ មានមុខមិនស្រពោន មានមុខងើប តែងនិយាយមុន យើងគួរប្រគេនដុំបាយដល់លោកម្ចាស់អស់នោះ។ ឧបាសកមួយនាក់បានឃើញភិក្ខុនោះត្រាច់ទៅក្នុងកិដាគិរិជនបទ ដើម្បីបិណ្ឌបាត លុះឃើញហើយ ក៏ចូលទៅរកភិក្ខុនោះ ថ្វាយបង្គំហើយនិយាយពាក្យនេះថា មេត្តាប្រោស លោកម្ចាស់បានអាហារបិណ្ឌបាតខ្លះដែរឬ។ ភិក្ខុនោះប្រាប់ថា ម្នាលអាវុសោ អាហារបិណ្ឌបាតមិនទាន់បានទេ។ ឧបាសកនោះនិយាយថា លោកម្ចាស់សូមនិមន្តមក យើងនឹងទៅផ្ទះ។ ទើបឧបាសកនោះ នាំភិក្ខុនោះទៅផ្ទះ ឲ្យឆាន់ហើយ និយាយពាក្យនេះថា លោកម្ចាស់នឹងនិមន្តទៅក្នុងទីណា។ ភិក្ខុនោះប្រាប់ថា ម្នាលអាវុសោ អាត្មានឹងទៅកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ។ ឧបាសកនោះពោលថា បើដូច្នោះ សូមលោកម្ចាស់ថ្វាយបង្គំព្រះបាទនៃព្រះដ៏មានព្រះភាគដោយត្បូងតាមពាក្យនៃខ្ញុំ ម្យ៉ាងទៀត សូមលោកម្ចាស់ក្រាបទូលយ៉ាងនេះថា សូមទ្រង់មេត្តាប្រោស អាវាសក្នុងកិដាគិរិជនបទខូចហើយ ព្រោះភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក ជាចៅអាវាស ក្នុងកិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស ភិក្ខុពីររូបនោះ ប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះគឺ ដាំកូនឈើផ្កាដោយខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងមានទងទាំងពីរខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ។បេ។ ប្រព្រឹត្តអនាចារមានប្រការផ្សេងៗទៀត សូមទ្រង់ព្រះមេត្តាប្រោស ពួកមនុស្សណាមានសទ្ធាជ្រះថ្លាក្នុងកាលមុន ឥឡូវនេះមនុស្សអស់នោះ គ្មានសទ្ធា មិនជ្រះថ្លា ហើយទានទាំងឡាយណា (ដែលគេធ្លាប់ឲ្យ) ដល់សង្ឃក្នុងកាលមុន ឥឡូវនេះ ទានទាំងនោះ គេឈប់ឲ្យហើយ ភិក្ខុមានសីលជាទីស្រឡាញ់ ក៏រត់ខ្ចាត់ខ្ចាយ នៅតែពួកភិក្ខុលាមក សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ បញ្ជូនពួកភិក្ខុទៅកិដាគិរិជនបទ ប្រយោជន៍ឲ្យអាវាសក្នុងកិដាគិរិជនបទនេះរៀបរយល្អឡើងវិញ។ ភិក្ខុនោះទទួលស្តាប់ពាក្យឧបាសកនោះហើយថា អើអាវុសោ រួចក៏ចៀសចេញទៅកាន់ក្រុងសាវត្ថីដោយលំដាប់ ចូលទៅគាល់ព្រះដ៏មានព្រះភាគក្នុងវត្តជេតពនជារបស់អនាថបិណ្ឌិកគហបតី ទៀបក្រុងសាវត្ថី លុះចូលទៅហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។
[៣១៦] ព្រះពុទ្ធទាំងឡាយដ៏មានព្រះភាគ ព្រះអង្គតែធ្វើសេចក្តីរីករាយជាមួយនឹងភិក្ខុជាអាគន្តុកទាំងឡាយយ៉ាងនេះ។ ហេតុដូច្នោះ បានជាព្រះដ៏មានព្រះភាគទ្រង់ត្រាស់យ៉ាងនេះនឹងភិក្ខុនោះថា ម្នាលភិក្ខុ សរីរយន្តអ្នកល្មមអត់ធន់បានឬទេ អ្នកល្មមប្រព្រឹត្តទៅបានស្រួលឬទេ7) អ្នកមកកាន់ផ្លូវឆ្ងាយដោយមិនសូវនឿយហត់ទេឬ ម្យ៉ាងទៀត អ្នកទើបនឹងមកពីទីណា។ ភិក្ខុនោះឆ្លើយថា បពិត្រព្រះដ៏មានព្រះភាគ សរីរយន្តខ្ញុំព្រះអង្គល្មមអត់ធន់បាន ខ្ញុំព្រះអង្គល្មមប្រព្រឹត្តទៅបានស្រួលទេ បពិត្រព្រះអង្គដ៏ចំរើន ម្យ៉ាងទៀតខ្ញុំព្រះអង្គមកកាន់ផ្លូវឆ្ងាយដោយមិនសូវនឿយហត់ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គនៅចាំវស្សាក្នុងដែនកាសីនេះ ហើយមកកាន់ក្រុងសាវត្ថីដើម្បីគាល់ព្រះដ៏មានព្រះភាគ បានដើរទៅត្រង់កិដាគិរិជនបទ បពិត្រព្រះអង្គដ៏ចំរើន ក្នុងគ្រានោះ ខ្ញុំព្រះអង្គស្លៀកស្បង់ ហើយប្រដាប់បាត្រនិងចីវរ ចូលទៅកាន់កិដាគិរិជនបទ ដើម្បីបិណ្ឌបាតក្នុងពេលព្រឹកព្រហាម សូមទ្រង់ព្រះមេត្តាប្រោស ឧបាសកមួយនាក់ បានឃើញខ្ញុំព្រះអង្គកំពុងត្រាច់ទៅបិណ្ឌបាតក្នុងកិដាគិរិជនបទ លុះឃើញហើយ ក៏ចូលមករកខ្ញុំព្រះអង្គ លុះចូលមកហើយ ថ្វាយបង្គំខ្ញុំព្រះអង្គ រួចនិយាយពាក្យនេះថា បពិត្រលោកដ៏ចំរើន លោកម្ចាស់បានអាហារបិណ្ឌបាតខ្លះដែរឬ ខ្ញុំព្រះអង្គនិយាយថា ម្នាលអាវុសោ អាត្មាមិនទាន់បានអាហារបិណ្ឌបាតទេ ឧបាសកនោះនិយាយថា បពិត្រលោកដ៏ចំរើន លោកម្ចាស់ចូរនិមន្តមក យើងនឹងទៅផ្ទះ សូមទ្រង់ព្រះមេត្តាប្រោស ទើបឧបាសកនោះ នាំខ្ញុំព្រះអង្គទៅផ្ទះ ហើយឲ្យឆាន់ រួចហើយប្រាប់ពាក្យនេះថា បពិត្រលោកដ៏ចំរើន លោកម្ចាស់នឹងទៅក្នុងទីណា ខ្ញុំព្រះអង្គប្រាប់ថា ម្នាលអាវុសោ អាត្មានឹងទៅក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ ឧបាសកនោះពោលថា បពិត្រលោកដ៏ចំរើន បើដូច្នោះ សូមលោកម្ចាស់ថ្វាយបង្គំព្រះបាទនៃព្រះដ៏មានព្រះភាគដោយត្បូងតាមពាក្យនៃខ្ញុំ ម្យ៉ាងទៀត សូមលោកម្ចាស់ទូលព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស អាវាសក្នុងកិដាគិរិជនបទវិនាសខូចអស់ហើយ ព្រោះភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ជាចៅអាវាសក្នុងកិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស ភិក្ខុពីររូបនោះប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះគឺ ដាំកូនឈើផ្កាដោយខ្លួនឯងខ្លះ ប្រើគេដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេស្រោចខ្លះ។បេ។ ប្រព្រឹត្តអនាចារមានប្រការផ្សេងៗទៀត សូមទ្រង់ព្រះមេត្តាប្រោស កាលមុន មនុស្សទាំងឡាយណាធ្លាប់មានសទ្ធាជ្រះថ្លាហើយ ឥឡូវនេះមនុស្សអម្បាលនោះ មិនមានសទ្ធា មិនជ្រះថ្លាទេ ទានទាំងឡាយណា ដែលទាយកធ្លាប់ឲ្យដល់សង្ឃក្នុងកាលមុន ឥឡូវនេះ ទានទាំងនោះ គេឈប់ឲ្យហើយ ភិក្ខុទាំងឡាយមានសីលបរិសុទ្ធស្អាត ចៀសចេញទៅ ចំណែកពួកភិក្ខុលាមកក៏នៅ (ក្នុងទីនោះ) សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ចាត់ពួកភិក្ខុ (ពីសំណាក់ព្រះអង្គ) ទៅកិដាគិរិជនបទ ប្រយោជន៍ឲ្យអាវាសក្នុងកិដាគិរិជនបទបានរៀបរយល្អ បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទើបនឹងមកពីកិដាគិរិជនបទនោះ។
[៣១៧] ព្រោះហេតុនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរបញ្ជាក់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុពីររូបឈ្មោះអស្សជិនិងបុនព្វសុកជាចៅអាវាស ក្នុងកិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស ភិក្ខុពីររូបនោះប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះគឺ ដាំកូនឈើផ្កាខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងមានទងទាំងពីរខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើចាក់រំលេចទង8) ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើសម្រាប់ស៊កក្នុងបំពង់9) ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ក្បាល ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ត្រចៀកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងប្រដាប់ទ្រូងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ។បេ។ ប្រព្រឹត្តអនាចារផ្សេងទៀត មនុស្សទាំងឡាយណា ធ្លាប់មានសទ្ធាជ្រះថ្លាហើយក្នុងកាលមុន ឥឡូវនេះមនុស្សទាំងឡាយនោះ មិនមានសទ្ធា មិនជ្រះថ្លាទេ ទានទាំងឡាយណាដែលទាយកគេធ្លាប់ប្រគេនដល់សង្ឃក្នុងកាលមុន ឥឡូវនេះទានទាំងនោះ គេឈប់ឲ្យអស់ហើយ ភិក្ខុទាំងឡាយមានសីលស្អាតបរិសុទ្ធចៀសចេញទៅ ចំណែកខាងពួកភិក្ខុលាមកក៏នៅក្នុងទីនោះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ រឿងនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងនោះ មិនសមគួរទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ម្តេចឡើយ ពួកមោឃបុរសនោះប្រព្រឹត្តអនាចារមានសភាពយ៉ាងនេះគឺ ដាំកូនឈើផ្កាខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាមានទងទាំងពីរខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាចាក់រំលេចទងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើសម្រាប់ស៊កក្នុងបំពង់ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាសម្រាប់ប្រដាប់ក្បាលខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាសម្រាប់ប្រដាប់ត្រចៀកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងប្រដាប់ទ្រូងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ភិក្ខុទាំងឡាយនោះ នាំផ្កាកម្រងមានទងតែម្ខាងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ ដើម្បីស្រីនៃត្រកូលទាំងឡាយ ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃត្រកូលទាំងឡាយ នាំផ្កាកម្រងមានទងទាំងពីរខាងទៅឲ្យខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាចាក់រំលេចទងទៅឲ្យខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាឈើសម្រាប់ស៊កក្នុងបំពង់ខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាសម្រាប់ប្រដាប់ក្បាលទៅឲ្យខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាសម្រាប់ប្រដាប់ត្រចៀកទៅឲ្យខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាកម្រងប្រដាប់ទ្រូងទៅឲ្យខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ ភិក្ខុអម្បាលនោះ ឆាន់ក្នុងភាជន៍មួយជាមួយនឹងពួកស្រីនៃត្រកូល ពួកធីតានៃត្រកូល ពួកកុមារីនៃត្រកូល ពួកស្រីជាកូនប្រសានៃត្រកូល ពួកទាសីនៃត្រកូលខ្លះ ផឹក ក្នុងផ្តិលជាមួយគ្នាខ្លះ អង្គុយលើអាសនៈជាមួយគ្នាខ្លះ ដេកលើគ្រែជាមួយគ្នាខ្លះ ដេកលើកម្រាលជាមួយគ្នាខ្លះ ដេកដណ្តប់ជាមួយគ្នាខ្លះ មានគ្រឿងកម្រាល និងដេកដណ្តប់ជាមួយគ្នាខ្លះ ស៊ីខុសពេលខ្លះ ផឹកទឹកស្រវឹងខ្លះ ទ្រទ្រង់ផ្កាកម្រងគ្រឿងក្រអូបនិងគ្រឿងលាបខ្លះ រាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ កែក្រាយខ្លះ រាំជាមួយនឹងស្រីកំពុងរាំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងរាំខ្លះ ប្រគំជាមួយនឹងស្រីកំពុងរាំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងរាំខ្លះ រាំជាមួយនឹងស្រីកំពុងច្រៀងខ្លះ ច្រៀងជាមួយនឹងស្រីកំពុងច្រៀងខ្លះ ប្រគំជាមួយនឹងស្រីកំពុងច្រៀងខ្លះ កែក្រាយជាមួយនឹងស្រីកំពុងច្រៀងខ្លះ រាំជាមួយនឹងស្រីកំពុងប្រគំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងប្រគំខ្លះ ប្រគំជាមួយនឹងស្រីកំពុងប្រគំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងប្រគំខ្លះ រាំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ច្រៀងជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ប្រគំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ កែក្រាយជាមួយនឹងស្រីកំពុងកែក្រាយខ្លះ លេងបាស្កាមានក្រឡា៨ខ្លះ លេងបាស្កាមានក្រឡា១០ខ្លះ លេងបាស្កាក្នុងអាកាសខ្លះ លេងផ្លូវវាងដែលខ្លួនគួរវាង10) ខ្លះ លេងផ្ទាត់គ្រាប់ មានក្រួសជាដើមខ្លះ លេងបាស្កាក្នុងលានសម្រាប់លេងខ្លះ លេងហ៊ឹងខ្លះ លេងរលាស់ទឹកលាក់ឲ្យទាយរូបខ្លះ លេងអង្គុញខ្លះ លេងផ្លុំប៉ីស្លឹកខ្លះ លេងកូននង្គ័លខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់ដីខ្សាច់ (បាយឡុកបាយឡ) ខ្លះ លេងដោយរថតូចខ្លះ លេងដោយធ្នូតូចខ្លះ លេងសរសេរអក្សរខ្យល់ឲ្យទាយខ្លះ លេងទាយចិត្ត (ស្តេចចង់) ខ្លះ លេងកំប្លែងត្រាប់គេខ្លះ ហាត់វិជ្ជាដំរីខ្លះ ហាត់វិជ្ជាសេះខ្លះ ហាត់សេះខ្លះ ហាត់វិជ្ជារថខ្លះ ហាត់វិជ្ជាធ្នូខ្លះ ហាត់ដងមានដងដាវជាដើមខ្លះ រត់ពីមុខដំរីខ្លះ រត់ទៅពីមុខសេះខ្លះ រត់ទៅពីមុខរថខ្លះ រត់ទៅខ្លះ រត់ត្រឡប់មកខ្លះ ស្រែកហ៊ោខ្លះ ទះដៃខ្លះ ចំបាប់ខ្លះ ដាល់គ្នាខ្លះ ក្រាលសង្ឃាដិក្នុងកណ្តាលរោងរាំ ហើយនិយាយនឹងស្រីដែលរាំ យ៉ាងនេះថា នែប្អូនស្រី នាងចូររាំក្នុងទីនេះចុះខ្លះ ដាក់ម្រាមដៃលើថ្ងាស (ខ្លួន និងថ្ងាសស្រីរបាំ) ខ្លះ ប្រព្រឹត្តអនាចារផ្សេងទៀត ម្នាលភិក្ខុទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់មនុស្សដែលមិនទាន់ជ្រះថ្លាហើយផង។បេ។
[៣១៨] លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ដោយបរិយាយច្រើន ហើយព្រះអង្គសំដែងធម្មីកថា រួចទ្រង់ហៅព្រះសារីបុត្តត្ថេរ និងព្រះមោគ្គល្លានត្ថេរមក ហើយត្រាស់ថា ម្នាលសារីបុត្ត និងមោគ្គល្លាន អ្នកទាំងឡាយចូរទៅកាន់កិដាគិរិជនបទ លុះទៅហើយ ចូរធ្វើបព្វាជនីយកម្ម11) ភិក្ខុឈ្មោះអស្សជិ និងបុនព្វសុកចេញពីកិដាគិរិជនបទ (ព្រោះ) ភិក្ខុអម្បាលនោះ ជាសទ្ធិវិហារិករបស់អ្នកទាំងឡាយ។ ព្រះសារីបុត្តត្ថេរ និងព្រះមោគ្គល្លានត្ថេរក្រាបទូលសួរថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គទាំងឡាយនឹងធ្វើបព្វាជនីយកម្ម ភិក្ខុឈ្មោះអស្សជិ និងបុនព្វសុកចេញពីកិដាគិរិជនបទដូចម្តេចបាន (ព្រោះ) ភិក្ខុទាំងនោះជាមនុស្សកាចអាក្រក់។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលសារីបុត្តនិងមោគ្គល្លាន បើដូច្នោះ អ្នកទាំងឡាយ ចូរទៅជាមួយនឹងភិក្ខុជាច្រើនរូប។ ព្រះសារីបុត្តត្ថេរ និងព្រះមោគ្គល្លានត្ថេរ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគ ហើយឆ្លើយថា យ៉ាងហ្នឹងហើយព្រះអង្គ។
[៣១៩] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវធ្វើយ៉ាងនេះគឺ ដម្បូងពួកអ្នកត្រូវដាស់តឿនភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកសិន លុះដាស់តឿនហើយ គួរឲ្យរលឹក លុះឲ្យរលឹកហើយ គួរលើកអាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុដែលឆ្លាសអង់អាច គួរឲ្យសង្ឃដឹងដោយពាក្យថា បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃចូរស្តាប់ពាក្យខ្ញុំ ពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកនេះ ជាអ្នកទ្រុស្តត្រកូល គឺញុំាងសេចក្តីជ្រះថ្លារបស់ត្រកូលឲ្យវិនាស ព្រោះសេចក្តីប្រព្រឹត្តិអាក្រក់។ សេចក្តីប្រព្រឹត្តិអាក្រក់របស់ពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកនេះ ប្រាកដជាគេឃើញផង គេឮផង ម្យ៉ាងទៀត ត្រកូលទាំងឡាយដែលពួកភិក្ខុនេះទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង។ បើបព្វាជនីយកម្មមានកាលគួរដល់សង្ឃហើយ សង្ឃត្រូវធ្វើបព្វាជនីយកម្មពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកឲ្យចេញពីកិដាគិរិជនបទថា ពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកមិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃចូរស្តាប់ពាក្យខ្ញុំ ពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុក ជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តិអាក្រក់។ សេចក្តីប្រព្រឹត្តអាក្រក់របស់លោកអម្បាលនេះ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយដែលភិក្ខុអម្បាលនេះទ្រុស្តហើយសោត ប្រាកដជាគេឃើញផង គេឮផង។ សង្ឃធ្វើបព្វាជនីយកម្មពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកឲ្យចេញពីកិដាគិរិជនបទថា ពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកមិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ ការធ្វើបព្វាជនីយកម្មពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុក ឲ្យចេញពីកិដាគិរិជនបទថា ភិក្ខុទាំងឡាយជាពួកភិក្ខុឈ្មោះអស្សជិនិងបុនព្វសុកមិនត្រូវនៅក្នុងកិដាគិរិជនបទទេ សមគួរដល់លោកដ៏មានអាយុអង្គណា លោកអង្គនោះត្រូវស្ងៀម មិនសមគួរដល់លោកអង្គណា លោកអង្គនោះត្រូវពោលឡើង។ ខ្ញុំសូត្រសេចក្តីនេះអស់វារៈពីរដងផង។បេ។ ខ្ញុំសូត្រសេចក្តីនេះអស់វារៈបីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃសូមស្តាប់ពាក្យខ្ញុំ។បេ។ លោកអង្គនោះត្រូវពោលឡើង។ សង្ឃបានធ្វើបព្វាជនីយកម្ម ដល់ពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ឲ្យចេញពីកិដាគិរិជនបទថា ពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ ការធ្វើបព្វាជនីយកម្មនោះសមគួរដល់សង្ឃ ហេតុនោះសង្ឃស្ងៀមនៅ។ ខ្ញុំចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[៣២០] លំដាប់នោះ ភិក្ខុសង្ឃ មានព្រះសារីបុត្តត្ថេរ និងព្រះមោគ្គល្លានត្ថេរជាប្រធាន ទៅកាន់កិដាគិរិជនបទ ហើយបានធ្វើបព្វាជនីយកម្ម ដល់ពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ចេញពីកិដាគិរិជនបទថា ពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ ភិក្ខុអម្បាលនោះដែលសង្ឃធ្វើបព្វាជនីយកម្មហើយ មិនប្រព្រឹត្តតាមដោយស្រួល មិនសម្លបរោម គឺមិនព្រមតាម មិនព្រមប្រតិបត្តិតាមទំនងជាទីរើខ្លួនចេញ មិនអង្វរភិក្ខុទាំងឡាយឲ្យអត់ទោស ត្រឡប់ជាជេរប្រទេច បន្ទោសការកសង្ឃថា សង្ឃលុះក្នុងសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីល្ងង់ សេចក្តីខ្លាច ហើយភិក្ខុទាំងនោះចៀសចេញទៅខ្លះ សឹកទៅខ្លះ។ ពួកភិក្ខុណាប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុដូចម្តេច ក៏ពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ដែលសង្ឃធ្វើបព្វាជនីយកម្មហើយ មិនប្រព្រឹត្តតាមដោយស្រួល មិនសម្លបរោម មិនព្រមប្រតិបត្តិតាមទំនងជាទីរលាស់ខ្លួនចេញ មិនអង្វរភិក្ខុទាំងឡាយឲ្យអត់ទោស ត្រឡប់ជាជេរប្រទេច បន្ទោសការកសង្ឃថា សង្ឃលុះក្នុងសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីល្ងង់ សេចក្តីខ្លាច ហើយភិក្ខុទាំងនោះចៀសចេញទៅខ្លះ សឹកទៅខ្លះ។
[៣២១] លំដាប់នោះ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះហេតុនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរបញ្ជាក់ ភិក្ខុទាំងឡាយក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ បានឮថាពួកភិក្ខុឈ្មោះអស្សជិ និងបុនព្វសុក ដែលសង្ឃធ្វើបព្វាជនីយកម្មហើយ មិនប្រព្រឹត្តតាមដោយស្រួល។បេ។ ហើយភិក្ខុទាំងនោះសឹកទៅខ្លះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធដ៏មានបុញ្ញសិរី តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងនោះ មិនសមគួរ។បេ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូចម្តេចក៏មោឃបុរសទាំងនោះ ដែលសង្ឃធ្វើបព្វាជនីយកម្មហើយ មិនប្រព្រឹត្តតាមដោយស្រួល។បេ។ ភិក្ខុទាំងនោះសឹកទៅខ្លះ ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងឡាយនេះ មិននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាហើយផង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុចូលទៅជិតអាស្រ័យស្រុក ឬនិគម កន្លែងណាមួយ ហើយនៅ ជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តិអាក្រក់។ សេចក្តីប្រព្រឹត្តិអាក្រក់របស់ភិក្ខុនោះឯង ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយដែលភិក្ខុនោះទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង។ ភិក្ខុនោះ គឺភិក្ខុទាំងឡាយត្រូវនិយាយស្តីឲ្យយ៉ាងនេះថា លោកដ៏មានអាយុជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តអាក្រក់ សេចក្តីប្រព្រឹត្តអាក្រក់របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយដែលលោកដ៏មានអាយុទ្រុស្តហើយនោះ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញពីអាវាសនេះទៅ លោកមិនគួរនៅក្នុងទីនេះទេ។ ភិក្ខុនោះ ដែលភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាងនេះ ត្រឡប់ថាឲ្យភិក្ខុទាំងឡាយនោះយ៉ាងនេះវិញថា ភិក្ខុទាំងឡាយលុះក្នុងសេចក្តីស្រឡាញ់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីខឹងផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីល្ងង់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីខ្លាចផង (ព្រោះ) ភិក្ខុទាំងឡាយនោះ បណ្តេញភិក្ខុពួកខ្លះ មិនបណ្តេញភិក្ខុពួកខ្លះដោយអាបត្តិដូចគ្នាទេ។ ភិក្ខុនោះ ភិក្ខុទាំងឡាយត្រូវនិយាយប្រដៅយ៉ាងនេះថា លោកដ៏មានអាយុចូរកុំនិយាយយ៉ាងនេះ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីស្រឡាញ់ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីស្អប់ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីល្ងង់ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីខ្លាច លោកដ៏មានអាយុឯង ជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តិអាក្រក់ សេចក្តីប្រព្រឹត្តិអាក្រក់របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយសោត ដែលលោកដ៏មានអាយុទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញចាកអាវាសនេះទៅ លោកកុំនៅក្នុងអាវាសនេះ។ ភិក្ខុនោះ ដែលភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាងនេះ នៅតែប្រកាន់លទ្ធិយ៉ាងនេះដដែល ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មប្រកាសហាម ដើម្បីឲ្យលះបង់អំពើអាក្រក់នោះកំណត់បីដង។ ភិក្ខុនោះ បើភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មកំណត់បីដង លះអំពើអាក្រក់នោះបាន សេចក្តីលះបង់បាននេះ ជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។
[៣២២] ត្រង់ពាក្យថា ភិក្ខុ (ចូលទៅជិតអាស្រ័យនៅ) ស្រុក ឬនិគម កន្លែងណាមួយ សេចក្តីថា ស្រុកក្តី និគមក្តី នគរក្តី ក៏គឺស្រុក គឺនិគមហ្នឹងឯង។ ពាក្យថា ចូលទៅជិតអាស្រ័យនៅ (គឺភិក្ខុចូលទៅជិតអាស្រ័យនៅក្នុងស្រុកនិគមណា) ចីវរ បិណ្ឌបាត សេនាសនៈ និងគិលានបច្ចយភេសជ្ជបរិក្ខារជាប់ចំពោះមាននៅហើយ ក្នុងស្រុក និងនិគមនោះ។ ត្រកូល៤ពួក គឺ ត្រកូលក្សត្រ ត្រកូលព្រាហ្មណ៍ ត្រកូលអ្នកឈ្មួញ (ត្រកូលអ្នករកស៊ីធម្មតា) ត្រកូលអ្នកគ្រួ (អ្នកស៊ីឈ្នួល) ហៅថា ត្រកូល។ ពាក្យថា ជាអ្នកទ្រុស្តត្រកូល គឺភិក្ខុទ្រុស្តត្រកូលទាំងឡាយដោយ (ឲ្យ) ផ្កាខ្លះ (ឲ្យ)ផ្លែខ្លះ (ឲ្យ)គ្រឿងលំអិតសម្រាប់ងូតខ្លះ (ឲ្យ)ដីស្អិតខ្លះ (ឲ្យ)ឈើស្ទន់ខ្លះ (ឲ្យ)ឫស្សីខ្លះ ដោយកិរិយាធ្វើពេទ្យខ្លះ ដោយការបម្រើដោយស្មងខ្លះ។ ពាក្យថា មានសេចក្តីប្រព្រឹត្តអាក្រក់ គឺភិក្ខុដាំកូនឈើផ្កាខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ។
[៣២៣] ពាក្យថា ប្រាកដជាគេឃើញផង គេឮផង គឺអ្នកណានៅក្នុងទីចំពោះមុខ អ្នកនោះឃើញ អ្នកណានៅក្នុងទីកំបាំងមុខ អ្នកនោះឮ។ ពាក្យថា ត្រកូលទាំងឡាយសោត ដែលភិក្ខុនោះទ្រុស្តហើយ គឺពីមុន មនុស្សទាំងឡាយមានសទ្ធា ឥឡូវនេះជាមនុស្សមិនមានសទ្ធាវិញ ធ្លាប់ជ្រះថ្លា លែងជ្រះថ្លាទៅវិញ ព្រោះអាស្រ័យនឹងភិក្ខុនោះ។ ពាក្យថា ប្រាកដជាគេឃើញផង គេឮផង គឺអ្នកណានៅក្នុងទីចំពោះមុខ អ្នកនោះឃើញ អ្នកណានៅក្នុងទីកំបាំងមុខ អ្នកនោះឮ។
[៣២៤] ពាក្យថា ភិក្ខុនោះ គឺភិក្ខុណាមួយ ជាអ្នកទ្រុស្តត្រកូល។ ពាក្យថា គឺភិក្ខុទាំងឡាយ បានដល់ភិក្ខុទាំងឡាយដទៃ។ ភិក្ខុទាំងឡាយណាឃើញ ណាឮ ភិក្ខុទាំងឡាយនោះត្រូវនិយាយប្រដៅថា លោកដ៏មានអាយុជាអ្នកទ្រុស្តត្រកូល ជាអ្នកប្រព្រឹត្តអាក្រក់ សេចក្តីប្រព្រឹត្តិអាក្រក់របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយសោត ដែលលោកដ៏មានអាយុទ្រុស្តហើយនោះ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញពីអាវាសនេះទៅ លោកមិនគួរនៅក្នុងអាវាសនេះទេ។ ម្យ៉ាងទៀត ភិក្ខុនោះ ដែលភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាងនេះហើយ ត្រឡប់ថាឲ្យភិក្ខុទាំងឡាយនោះយ៉ាងនេះថា ភិក្ខុទាំងឡាយលុះក្នុងសេចក្តីស្រឡាញ់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីស្អប់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីល្ងង់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីខ្លាចផង ទើបបណ្តេញភិក្ខុពួកខ្លះ មិនបណ្តេញភិក្ខុពួកខ្លះ ព្រោះអាបត្តិដូចគ្នាទេ។
[៣២៥] ពាក្យថា ភិក្ខុនោះ គឺភិក្ខុដែលបានធ្វើកម្មនោះ។ ពាក្យថា គឺភិក្ខុទាំងឡាយ បានដល់ភិក្ខុទាំងឡាយឯទៀត។ ភិក្ខុណាឃើញ ភិក្ខុណាឮ ភិក្ខុទាំងឡាយនោះត្រូវនិយាយប្រដៅថា លោកដ៏មានអាយុ ចូរកុំនិយាយយ៉ាងនេះ ភិក្ខុទាំងឡាយមិនលុះក្នុងឆន្ទាគតិ ភិក្ខុទាំងឡាយមិនលុះក្នុងទោសាគតិ ភិក្ខុទាំងឡាយមិនលុះក្នុងមោហាគតិ ភិក្ខុទាំងឡាយមិនលុះក្នុងភយាគតិ លោកដ៏មានអាយុ ជាអ្នកទ្រុស្តត្រកូល ជាអ្នកប្រព្រឹត្តអាក្រក់ សេចក្តីប្រព្រឹត្តិអាក្រក់របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយសោត ដែលលោកដ៏មានអាយុទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញពីអាវាសនេះទៅ លោកមិនគួរនៅក្នុងអាវាសនេះទេ។ ភិក្ខុទ្រុស្តត្រកូលនោះ ត្រូវភិក្ខុទាំងឡាយនិយាយប្រដៅអស់វារៈជាគំរប់ពីរដងផង ត្រូវនិយាយប្រដៅអស់វារៈជាគំរប់បីដងផង។ បើភិក្ខុនោះលះបង់(កម្មនោះ) បាន ការលះបាននេះ ជាការល្អ បើភិក្ខុនោះមិនលះបង់ទេ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ ពួកភិក្ខុឮហើយ មិននិយាយប្រដៅ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ (ទ្រុស្តត្រកូល) នោះ គឺភិក្ខុទាំងឡាយត្រូវទាញមកកាន់ទីកណ្តាលសង្ឃ ហើយនិយាយប្រដៅថា លោកដ៏មានអាយុ កុំពោលពាក្យយ៉ាងនេះ ភិក្ខុទាំងឡាយមិនមែនលុះក្នុងឆន្ទាគតិទេ ភិក្ខុទាំងឡាយមិនមែនលុះក្នុងទោសាគតិទេ ភិក្ខុទាំងឡាយមិនមែនលុះក្នុងមោហាគតិទេ ភិក្ខុទាំងឡាយមិនមែនលុះក្នុងភយាគតិទេ លោកដ៏មានអាយុ ជាអ្នកទ្រុស្តត្រកូល ជាអ្នកប្រព្រឹត្តអាក្រក់ សេចក្តីប្រព្រឹត្តិអាក្រក់របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយសោត ដែលលោកដ៏មានអាយុទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញពីអាវាសនេះទៅ លោកមិនគួរនៅក្នុងអាវាសនេះទេ។ ភិក្ខុនោះ គឺភិក្ខុទាំងឡាយត្រូវនិយាយប្រដៅ អស់វារៈជាគំរប់ពីរដងផង ត្រូវនិយាយប្រដៅអស់វារៈជាគំរប់បីដងផង។ បើភិក្ខុនោះលះបង់បាន ការលះបង់បាននេះ ជាការល្អ បើភិក្ខុនោះលះបង់មិនបានទេ ត្រូវអាបត្តិទុក្កដ។
[៣២៦] ភិក្ខុនោះ សង្ឃត្រូវសូត្រប្រកាសហាម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះសង្ឃត្រូវសូត្រប្រកាសហាមយ៉ាងនេះ។ ភិក្ខុដ៏ឆ្លាសអង់អាច ត្រូវប្រកាសសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃសូមស្តាប់ពាក្យខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ សង្ឃបានធ្វើបព្វាជនីយកម្មហើយ ត្រឡប់ជាបន្ទោសភិក្ខុសង្ឃថា ភិក្ខុសង្ឃលុះក្នុងឆន្ទាគតិ លុះក្នុងទោសាគតិ លុះក្នុងមោហាគតិ លុះក្នុងភយាគតិ។ ភិក្ខុ (អ្នកទ្រុស្តត្រកូល) នោះ មិនលះបង់វត្ថុនោះ។ បើកម្មរបស់សង្ឃមានកាលដ៏គួរដល់ហើយ សង្ឃគប្បីសូត្រប្រកាសហាមភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះ។ នេះញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃសូមស្តាប់ពាក្យខ្ញុំ ភិក្ខុនេះ មានឈ្មោះនេះ សង្ឃបានធ្វើបព្វាជនីយកម្មហើយ ត្រឡប់ជាបន្ទោសភិក្ខុសង្ឃថា ភិក្ខុសង្ឃលុះក្នុងសេចក្តីស្រឡាញ់ លុះក្នុងសេចក្តីស្អប់ លុះក្នុងសេចក្តីល្ងង់ លុះក្នុងសេចក្តីខ្លាច។ ភិក្ខុ (អ្នកទ្រុស្តត្រកូល) នោះ មិនលះបង់វត្ថុនោះ។ សង្ឃសូត្រសមនុភាសនកម្ម (ប្រកាសហាម) ភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះ។ ការសូត្រសមនុភាសនកម្ម (ប្រកាសហាម) ភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនសមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំពោលសេចក្តីនេះអស់វារៈពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះអស់វារៈបីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃសូមស្តាប់ពាក្យខ្ញុំ។បេ។ លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ភិក្ខុឈ្មោះនេះ សង្ឃសូត្រសមនុភាសនកម្ម (ប្រកាសហាម) ដើម្បីឲ្យលះបង់វត្ថុនោះហើយ។ សមនុភាសនកម្មនោះ សមគួរដល់សង្ឃហើយ ហេតុនោះ សង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[៣២៧] (កាលសង្ឃ) សូត្រញត្តិចប់ (ភិក្ខុអ្នកទ្រុស្តត្រកូលនោះ) ត្រូវអាបត្តិទុក្កដ (កាលសង្ឃ) សូត្រកម្មវាចាចប់ជាគំរប់ពីរដង (ភិក្ខុអ្នកទ្រុស្តត្រកូលនោះ) ត្រូវអាបត្តិថុល្លច្ច័យ (កាលសង្ឃ) សូត្រកម្មវាចាចប់ (ភិក្ខុអ្នកទ្រុស្តត្រកូលនោះ) ត្រូវអាបត្តិសង្ឃាទិសេស។ កាលបើភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេសហើយ ឯអាបត្តិទុក្កដដែលភិក្ខុនោះត្រូវក្នុងខណៈចប់ញត្តិក្តី និងអាបត្តិថុល្លច្ច័យទាំងឡាយដែលភិក្ខុនោះត្រូវក្នុងខណៈចប់កម្មវាចាជាគំរប់ពីរដងក្តី ក៏តែងរំងាប់ទៅឯង។ ត្រង់ពាក្យថា សង្ឃាទិសេស គឺសង្ឃ12) ពិត ទើបឲ្យបរិវាសដើម្បីអាបត្តិនោះបានរើចេញចាកអាបត្តិខាងដើម ឲ្យនូវមានត្ត សូត្រអព្ភាន (រាប់ភិក្ខុនោះចូលពួកកង)គណៈ13) ឲ្យមិនបាន បុគ្គល14) ម្នាក់ឲ្យមិនបាន ហេតុនោះ ព្រះដ៏មានព្រះភាគត្រាស់ថា សង្ឃាទិសេស។ នាមកម្ម15) ជាឈ្មោះពួកអាបត្តិនោះឯង ហេតុនោះ បានជាព្រះដ៏មានព្រះភាគត្រាស់ថា សង្ឃាទិសេស។
[៣២៨] ភិក្ខុសំគាល់ក្នុងកម្មប្រកបដោយធម៌ ថាកម្មប្រកបដោយធម៌ តែមិនលះបង់ (សេចក្តីប្រព្រឹត្តិអាក្រក់នោះ) ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុមានសេចក្តីសង្ស័យក្នុងកម្មប្រកបដោយធម៌ មិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុសំគាល់ក្នុងកម្មប្រកបដោយធម៌ ថាកម្មមិនប្រកបដោយធម៌ មិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុសំគាល់ក្នុងកម្មមិនប្រកបដោយធម៌ ថាកម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសង្ស័យក្នុងកម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ក្នុងកម្មមិនប្រកបដោយធម៌ ថាកម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។
[៣២៩] អាបត្តិមិនមានដល់ភិក្ខុដែលសង្ឃមិនទាន់សូត្រសមនុភាសនកម្ម ដល់ភិក្ខុដែលបានលះបង់ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុមានចិត្តរវើរវាយ ដល់ភិក្ខុមានទុក្ខវេទនាគ្របសង្កត់ ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
សង្ឃាទិសេស ទី១៣ ចប់។
[៣៣០] បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិទាំងឡាយឈ្មោះសង្ឃាទិសេសទាំង១៣ ខ្ញុំសំដែងឡើងហើយ អាបត្តិទាំងឡាយ៩ ហៅថាបឋមាបត្តិកា គឺត្រូវអាបត្តិក្នុងវេលាធ្វើឲ្យកន្លងបញ្ញត្តិជាដម្បូង អាបត្តិទាំងឡាយ៤ ហៅថា យាវតតិយកា គឺត្រូវអាបត្តិក្នុងវេលាដែលសង្ឃសូត្រប្រកាសហាមជាគំរប់បីដង ហើយមិនលះបង់ការអាក្រក់នោះ បណ្តាអាបត្តិទាំង១៣ បើភិក្ខុណាត្រូវអាបត្តិណានីមួយ ហើយដឹងច្បាស់ បិទបាំងទុកអស់ប៉ុន្មានថ្ងៃ ភិក្ខុនោះត្រូវនៅបរិវាសអស់ប៉ុណ្ណោះថ្ងៃ ព្រោះខ្លួនមិនមានសេចក្តីប្រាថ្នានឹងនៅបរិវាស។ ភិក្ខុដែលនៅបរិវាសហើយ ត្រូវប្រព្រឹត្តភិក្ខុមានត្ត16) អស់៦រាត្រីតទៅទៀត។ ភិក្ខុប្រព្រឹត្តមានត្តហើយ ភិក្ខុសង្ឃពួក២០រូបមានក្នុងទីណា ភិក្ខុនោះ គឺភិក្ខុសង្ឃពួក២០រូប គប្បីឲ្យអព្ភាន17) កម្មក្នុងទីនោះ។ បើភិក្ខុសង្ឃមិនគ្រប់២០រូបទេ សូម្បីខ្វះតែមួយរូប ហើយខំតែឲ្យអព្ភានកម្មដល់ភិក្ខុនោះ។ ឯភិក្ខុនោះ មិនបានឈ្មោះថា សង្ឃឲ្យអព្ភានកម្មផង ទាំងពួកភិក្ខុ (ជាការកសង្ឃ) នោះ ឈ្មោះថា ត្រូវព្រះពុទ្ធជាម្ចាស់តិះដៀលបានផង។ សេចក្តីប្រតិបត្តិនេះ ជាការដ៏សមគួរក្នុងកម្មនោះ។ ខ្ញុំសូមសួរលោកដ៏មានអាយុទាំងឡាយក្នុងរឿងនោះ លោកទាំងឡាយ ជាភិក្ខុបរិសុទ្ធហើយឬ ខ្ញុំសួរអស់វារៈពីរដងផង លោកទាំងឡាយ ជាភិក្ខុបិរសុទ្ធហើយឬ ខ្ញុំសួរអស់វារៈបីដងផង លោកទាំងឡាយ ជាភិក្ខុបរិសុទ្ធហើយឬ លោកដ៏មានអាយុទាំងឡាយជាភិក្ខុបរិសុទ្ធក្នុងរឿងនេះហើយ ហេតុនោះ បានជាស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរនេះដោយអាការស្ងៀមនៅយ៉ាងនេះ។
សង្ឃាទិសេសទាំង១៣ ចប់។
បញ្ជីរឿងនៃសង្ឃាទិសេសនោះ
សង្ឃាទិសេស ទាំង១៣គឺ
វិសដ្ឋិ ការបញ្ចេញទឹកសុក្ក១
កាយសំសគ្គោ ស្ទាបអង្អែលកាយស្រី១
ទុដ្ឋុល្លំ ពោលពាក្យអាក្រក់១
អត្តកាមំ ឲ្យស្រីបម្រើខ្លួនដោយកាម១
សញ្ចរិត្តំ ដឹកនាំបុរសស្រ្តីឲ្យបានគ្នាជាប្តីប្រពន្ធ១
កុដិ ធ្វើកុដិ១
វិហារោ ធ្វើទីលំនៅ១
អមូលកំ ចោទអាបត្តិរកដើមហេតុគ្មាន១
កញ្ចិលេសំ ចោទអាងលេសនីមួយ១
ភេទោ បំបែកសង្ឃ១
តស្សេវអនុវត្តកា ពួកភិក្ខុប្រព្រឹត្តតាមភិក្ខុអ្នកបំបែកសង្ឃនោះឯង១
ទុព្វច្ចំ ប្រដៅក្រ១
កុលទូសំ ទ្រុស្តត្រកូល១