km:tipitaka:vin:vbu:sk:vin.vbu.sk.v1

(សេក្ខិយ) បរិមណ្ឌលវគ្គ (ទី១)

សង្ខេប

(?)

vbu sk v1 បាលី cs-km: vin.vbu.sk.v1 អដ្ឋកថា: vin.vbu.sk.v1_att PTS: ?

សេក្ខិយ បរិមណ្ឌលវគ្គ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

អានដោយ ព្រះ​រដ្ឋបាល

(១. បរិមណ្ឌលវគ្គោ)

សារុប្ប មាន២៦

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី១)

(បឋមសិក្ខាបទំ)

[៤១៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលសម្រេច​ឥរិយាបថ​នៅក្នុងវត្ត​ជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុស្លៀកស្បង់​ឲ្យស្លុយ​មុខខ្លះ ស្លុយក្រោយខ្លះ។ មនុស្សទាំងឡាយក៏​​ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈ​ទាំងឡាយ​ជាសក្យបុត្រ មិនសមបើនឹងស្លៀក​ស្បង់​ឲ្យស្លុយមុខខ្លះ ស្លុយក្រោយ​ខ្លះ ដូចជាពួក​គ្រហស្ថ​ដែលជាអ្នក​បរិភោគកាម​សោះ។ ភិក្ខុទាំង​ឡាយបាន​ឮមនុស្ស​ទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះបង្អាប់។ ពួកភិក្ខុណាដែល​មាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា គួរបើ​ដែរ ពួកឆព្វគ្គិយភិក្ខុ​ហ៊ាន​ស្លៀក​ស្បង់​ឲ្យស្លុយមុខខ្លះ ស្លុយក្រោយ​ខ្លះ។ ខណៈនោះ ភិក្ខុទាំងនោះ​ក៏​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ​ជាម្ចាស់។ ព្រោះ​និទាន​នេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​​ទ្រង់ធ្វើ​ធម្មីកថា ហើយ​ត្រាស់ឲ្យ​ប្រជុំភិក្ខុសង្ឃ ហើយ​ទ្រង់​សួរ​ចំពោះ​ទៅពួកឆព្វគ្គិយ​ភិក្ខុថា ម្នាលភិក្ខុ​ទាំងឡាយ បានឮថា អ្នកទាំងឡាយ​ស្លៀក​ស្បង់​ឲ្យស្លុយមុខខ្លះ ស្លុយក្រោយ​ខ្លះ ពិតមែនឬ។ ពួកឆព្វគ្គិយ​ភិក្ខុក្រាបទូលថា សូមទ្រង់​ព្រះមេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មានជោគ​ទ្រង់​ត្រាស់តិះដៀល​ថា ម្នាលមោឃបុរស​ទាំងឡាយ អ្នកទាំងឡាយ​មិនសមបើ​នឹងស្លៀក​ស្បង់​ឲ្យស្លុយមុខខ្លះ ស្លុយក្រោយ​ខ្លះទេ ម្នាលមោឃបុរស​ទាំងឡាយ អំពើ​នេះ នឹងបាននាំឲ្យជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា ឬនាំឲ្យរឹង​រឹត​តែជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលជ្រះថ្លា​រួចហើយ​ក៏ទេ​ដែរ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើងនូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា

ភិក្ខុគប្បី​ធ្វើសេចក្តី​សិក្សាថា អញ​នឹងស្លៀក(​ស្បង់)​ឲ្យ​ជាបរិមណ្ឌល។

ភិក្ខុត្រូវស្លៀក​ឲ្យជាបរិមណ្ឌល គឺបិទ​បាំង​មណ្ឌល​ផ្ចិត​​1) មណ្ឌល​ជង្គង់​។2) ភិក្ខុណា​អាស្រ័យ​សេចក្តី​មិនអើពើ ហើយស្លៀក​ឲ្យ​ស្លុយ​មុខ​ ឬស្លុយក្រោយ ត្រូវអាបត្តិ​ទុក្កដ។

វារៈ​ដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុ​មិនមាន​សតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី២)

(ទុតិយសិក្ខាបទំ)

[៤១៩] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុដណ្តប់​(ចីពរ) ស្លុយមុខខ្លះ ស្លុយ​ក្រោយខ្លះ។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងដណ្តប់ (ចីពរ) ឲ្យជា​បរិមណ្ឌល។

ភិក្ខុគប្បី​ដណ្តប់​ឲ្យជាបរិមណ្ឌល​គឺ ធ្វើនូវ​ជាយ​ទាំងពីរ​ឲ្យត្រឹម​ស្មើគ្នា។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ ដណ្តប់​(ចីពរ)​ឲ្យស្លុយមុខខ្លះ ស្លុយក្រោយខ្លះ ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុ​មិនមាន​សតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី៣)

(តតិយសិក្ខាបទំ)

[៤២០] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយ​ភិក្ខុទាំងឡាយបើកចំហនូវ​កាយ​3) ហើយដើរ​ទៅក្នុង​ចន្លោះផ្ទះ (គឺ​ក្នុងស្រុក)។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងបិទបាំង​ឲ្យល្អដើរទៅ​ក្នុង​ចន្លោះ​ផ្ទះ។

ភិក្ខុត្រូវបិទបាំង​4) ​ឲ្យល្អ​ដើរទៅក្នុង​ចន្លោះ​ផ្ទះ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ ហើយបើក​ចំហកាយ ដើរទៅ​ក្នុងចន្លោះ​ផ្ទះ ​ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុ​គ្មាន​សតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី៤)

(ចតុត្ថសិក្ខាបទំ)

[៤២១] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយ​ភិក្ខុទាំងឡាយបើកចំហ​កាយ​អង្គុយ​ក្នុង​ចន្លោះ​ផ្ទះ។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងបិទបាំង(កាយ)​​ឲ្យល្អអង្គុយ​នៅក្នុង​ចន្លោះ​ផ្ទះ។

ភិក្ខុត្រូវបិទបាំង​5) ​ឲ្យល្អអង្គុយនៅក្នុង​ចន្លោះ​ផ្ទះ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ ហើយបើក​ចំហកាយអង្គុយនៅ​ក្នុងចន្លោះ​ផ្ទះ ​ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុ​គ្មាន​សតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុដែល​ចូលទៅកាន់​លំនៅ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី៥)

(បញ្ចមសិក្ខាបទំ)

[៤២២] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយ​ភិក្ខុទាំងឡាយវាសដៃខ្លះ វាសជើងខ្លះ ដើរទៅក្នុង​ចន្លោះ​ផ្ទះ។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងសង្រួម​ឲ្យល្អដើរទៅ​ក្នុង​ចន្លោះ​ផ្ទះ។

ភិក្ខុត្រូវតែសង្រួម​​ឲ្យល្អដើរទៅក្នុង​ចន្លោះ​ផ្ទះ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ ហើយគ្រវាត់​គ្រវែងដៃខ្លះ ជើងខ្លះ ដើរទៅ​ក្នុងចន្លោះ​ផ្ទះ ​ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុ​គ្មាន​សតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី៦)

(ឆដ្ឋសិក្ខាបទំ)

[៤២៣] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយ​ភិក្ខុទាំងឡាយវាសដៃខ្លះ វាសជើងខ្លះ អង្គុយក្នុង​ចន្លោះ​ផ្ទះ។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងសង្រួម​ដោយល្អអង្គុយនៅ​ក្នុង​ចន្លោះ​ផ្ទះ។

ភិក្ខុត្រូវតែសង្រួម​​ឲ្យល្អអង្គុយនៅក្នុង​ចន្លោះ​ផ្ទះ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ ហើយវាស​ដៃ ឬវាសជើងអង្គុយនៅ​ក្នុងចន្លោះ​ផ្ទះ ​ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុ​គ្មាន​សតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី៧)

(សត្តមសិក្ខាបទំ)

[៤២៤] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុក្រឡេកមើលត្រង់ទី​នោះៗ ដើរទៅ​ក្នុង​ចន្លោះ​ផ្ទះ។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមានភ្នែក​សំឡឹង​ចុះ ដើរ​ទៅក្នុង​ចន្លោះ​ផ្ទះ។

ភិក្ខុត្រូវតែមានភ្នែក​សំឡឹងចុះ ដើរទៅក្នុង​ចន្លោះ​ផ្ទះ ក្រឡេកមើល​ត្រឹមតែ​មួយជួរ​នឹម។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ ហើយក្រឡេកមើល​ត្រង់ទីនោះៗ ដើរទៅ​ក្នុងចន្លោះ​ផ្ទះ ​ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុ​គ្មាន​សតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី៨)

(អដ្ឋមសិក្ខាបទំ)

[៤២៥] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយ​ភិក្ខុក្រឡេកមើល​ត្រង់ទីនោះៗ អង្គុយនៅ​ក្នុង​ចន្លោះ​ផ្ទះ។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមានភ្នែក​សំឡឹង​ចុះ អង្គុយនៅ​ក្នុង​ចន្លោះ​ផ្ទះ។

ភិក្ខុត្រូវតែមានភ្នែក​សំឡឹងចុះត្រឹម​មួយជួរនឹម អង្គុយនៅក្នុង​ចន្លោះ​ផ្ទះ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ ហើយក្រឡេកមើល​ត្រង់ទីនោះៗ អង្គុយនៅ​ក្នុងចន្លោះ​ផ្ទះ ​ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុ​គ្មាន​សតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី៩)

(នវមសិក្ខាបទំ)

[៤២៦] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយ​ភិក្ខុទាំងឡាយសើយ​ចីវរ ដើរទៅក្នុង​ចន្លោះ​​ផ្ទះ។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនបានសើយ​ចីវរ ដើរទៅ​ក្នុង​ចន្លោះ​ផ្ទះ។

ភិក្ខុមិនត្រូវ​សើយ​ចីវរ ដើរទៅក្នុង​ចន្លោះ​ផ្ទះទេ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ ហើយសើយចីវរ​ខាងម្ខាង ឬទាំងពីរខាង ដើរទៅ​ក្នុងចន្លោះ​ផ្ទះ ​ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុ​គ្មាន​សតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បរិមណ្ឌលវគ្គ សិក្ខាបទ ទី១០)

(ទសមសិក្ខាបទំ)

[៤២៧] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយ​ភិក្ខុទាំងឡាយសើយ​ចីវរ អង្គុយនៅក្នុង​ចន្លោះ​​ផ្ទះ។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនសើយ​ចីវរ អង្គុយនៅក្នុង​ចន្លោះ​ផ្ទះ។

ភិក្ខុមិនត្រូវ​សើយ​ចីវរ អង្គុយនៅក្នុង​ចន្លោះ​ផ្ទះទេ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ ហើយសើយចីវរ​ខាងម្ខាង ឬទាំងពីរខាង អង្គុយនៅ​ក្នុងចន្លោះ​ផ្ទះ ​ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុ​គ្មាន​សតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុ​ដែលចូល​ទៅក្នុង​អាវាស១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

បរិមណ្ឌលវគ្គជាបឋម ចប់។

 

លេខយោង

1)
១.២.អដ្ឋកថា ភិក្ខុត្រូវ​ស្លៀក​ស្បង់​ឲ្យជាបរិមណ្ឌល ខាងលើ​បិទមណ្ឌល​ផ្ចិត ខាងក្រោម បិទ​មណ្ឌល​ជង្គង់ គឺស្រុង​ចុះទៅខាង​ក្រោម​អំពី​ជង្គង់ប្រមាណ៨ធ្នាប់។
2)
3)
គឺភិក្ខុ​មិនបាន​បិទបាំង​កាយឲ្យជាបរិមណ្ឌល
4)
អដ្ឋកថា ថាបិទបាំងឲ្យល្អ គឺមិនទទូរក្បាល អធិប្បាយថា ភិក្ខុនឹង​ចូល​ទៅក្នុង​ស្រុក ​ត្រូវ​យក​ចីពរ​មកដាក់​គ្រប​លើស្មា ពាក់ក្ខុំហើយយក​ជាយ​ទាំងពីរ​បិទបាំងក រួចហើយ​ធ្វើ​ចុងមុំ​ទាំង​ពីរ​ឲ្យត្រឹមស្មើគ្នា ហើយ​ប្រមូល​ចូលមក រួចបិទបាំង​ដរាប​ដល់ភ្នែកដៃ ហើយគប្បី​ដើរទៅ។
5)
អដ្ឋកថា ថា ភិក្ខុវេលា​នឹង​អង្គុយ​នៅក្នុង​ស្រុក ត្រូវ​បើកកាយ​ខាងលើ​តាំង​ពី​កញ្ចឹងក​រហូតដល់​ក្បាល ខាងដៃ តាំងពី​ត្រឹមភ្នែកដៃ​ទៅចុងម្រាម ខាងជើង តាំងពី​ចុងកំភួនជើង​ទៅខាង​ក្រោម​ ហើយគប្បី​អង្គុយចុះ។
km/tipitaka/vin/vbu/sk/vin.vbu.sk.v1.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann