User Tools

Site Tools


Translations of this page?:
km:tipitaka:vin:pv:vin.pv.11

ចូឡសង្គាម

សង្ខេប

(?)

vin pv 11 បាលី cs-km: vin.pv.11 អដ្ឋកថា: vin.pv.11_att PTS: ?

ចូឡសង្គាម

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(ចូឡសង្គាមោ)

(អនុវិជ្ជកស្សបដិបត្តិ)

(១. អនុវិជ្ជកស្សបដិបត្តិ)

[១៦៦] ភិក្ខុអ្នកចូលកាន់សង្គ្រាម1) កាលបើចូលទៅរកជំនុំសង្ឃ គប្បីបន្ទាបបន្ទន់ចិត្ត ចូលទៅរកសង្ឃ គប្បីជាអ្នកមានចិត្តស្មើដោយកំណាត់សំពត់សម្រាប់ជូតនូវធូលី គប្បីជាអ្នកឈ្លាសក្នុងអាសនៈ ជាអ្នកឈ្លាសក្នុងការអង្គុយ កុំអង្គុយច្រៀតបៀតពួកភិក្ខុចាស់ កុំឃាត់អាសនៈពួកភិក្ខុខ្ចី គប្បីអង្គុយលើអាសនៈតាមសមគួរ គប្បីជាអ្នកមិនពោលពាក្យឥតប្រយោជន៍ផ្សេងៗ កុំពោលពាក្យតិរច្ឆានកថា គប្បីសំដែងធម៌ដោយខ្លួនឯងផង គប្បីនិមន្តភិក្ខុដទៃ ឲ្យសំដែងផង កុំមើលងាយព្រះអរិយៈ ដែលមានសភាពជាអ្នកស្ងប់ស្ងៀមផង។ ភិក្ខុជាវិន័យធរ ដែលសង្ឃបានអនុម័ត2) ហើយមានប្រាថ្នានឹងវិនិច្ឆ័យសេចក្តី មិនត្រូវសួររកឧបជ្ឈាយ៍ មិនត្រូវសួររកអាចារ្យ មិនត្រូវសួររកសទ្ធិវិហារិក មិនត្រូវសួររកអន្តេវាសិក មិនត្រូវសួររកបុគ្គល ដែលមានឧបជ្ឈាយ៍ស្មើគ្នា មិនត្រូវសួររកបុគ្គល ដែលមានអាចារ្យស្មើគ្នា មិនត្រូវសួររកជាតិ (មានក្សត្រិយ៍ជាដើម) មិនត្រូវសួររកនាម មិនត្រូវសួររកគោត្រ មិនត្រូវសួររកអាគម (វិជ្ជាចំណេះថា លោកចេះពោលនិកាយ មានទីឃនិកាយជាដើម) មិនត្រូវសួររកត្រកូល និងប្រទេស មិនត្រូវសួររកជាតិភូមិ (ស្រុកកំណើត)។ ព្រោះហេតុអ្វី (បានជាមិនត្រូវឲ្យសួរដូច្នេះ)។ (ព្រោះថា) សេចក្តីស្រឡាញ់ក្តី សេចក្តីស្អប់ក្តី នឹងមានដល់បុគ្គលជាវិន័យធរនោះ កាលបើមានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ហើយ (វិន័យធរនោះ) មុខជាលំអៀង ព្រោះស្រឡាញ់ ឬលំអៀងព្រោះស្អប់ លំអៀងព្រោះវង្វេង ឬក៏លំអៀងព្រោះខ្លាច (មិនខាន)។ ភិក្ខុជាវិន័យធរ ដែលសង្ឃបានអនុម័តហើយ មានប្រាថ្នានឹងវិនិច្ឆ័យសេចក្តី ត្រូវមានចិត្តធ្ងន់ក្នុងសង្ឃ កុំធ្ងន់ទៅក្នុងបុគ្គល ត្រូវមានចិត្តធ្ងន់ក្នុងព្រះសទ្ធម្ម កុំធ្ងន់ទៅក្នុងអាមិសៈ ជាអ្នកលុះក្នុងអំណាចនៃប្រយោជន៍ មិនត្រូវបណ្តែតបណ្តោយតាមសេចក្តីគាប់ចិត្តបរិសទ្យ គប្បីវិនិច្ឆ័យសេចក្តីតាមកាល កុំវិនិច្ឆ័យសេចក្តីឲ្យខុសកាល ត្រូវវិនិច្ឆ័យសេចក្តីដោយពាក្យពិត កុំវិនិច្ឆ័យដោយពាក្យមិនពិត ត្រូវវិនិច្ឆ័យសេចក្តីដោយពាក្យផ្អែមល្ហែម កុំវិនិច្ឆ័យសេចក្តីដោយពាក្យទ្រគោះ ត្រូវវិនិច្ឆ័យសេចក្តីដោយពាក្យ ដែលមានប្រយោជន៍ កុំវិនិច្ឆ័យសេចក្តីដោយពាក្យឥតប្រយោជន៍ ត្រូវវិនិច្ឆ័យសេចក្តីដោយមេត្តាចិត្ត កុំវិនិច្ឆ័យសេចក្តីដោយសំអប់ កុំនិយាយខ្សឹបជិតត្រចៀក កុំស្វែងរកតែទោសខុស កុំមិចភ្នែក កុំញាក់ចិញ្ចើម កុំងក់ក្បាល កុំធ្វើវិការៈផ្សេងៗដោយដៃ កុំបង្ហាញដៃទទេ ត្រូវឈ្លាសក្នុងអាសនៈ ឈ្លាសក្នុងការអង្គុយ គប្បីសំឡឹងមើលត្រឹមតែមួយជួរនឹម ត្រូវពិចារណាសេចក្តីសិន ហើយសឹមអង្គុយលើអាសនៈរបស់ខ្លួន កុំក្រោកចាកអាសនៈ កុំធ្វើការវិនិច្ឆ័យឲ្យសាបសូន្យ កុំសេពគប់ផ្លូវខុស គឺកុំប្រកាសអាបត្តិ កុំនិយាយសំដីបោះបោក កុំនិយាយរួសរាន់ពេក កុំនិយាយរហ័សហួស កុំកាចអាក្រក់ ត្រូវចេះអត់ធ្មត់ ត្រូវមានមេត្តាចិត្ត មានចិត្តអនុគ្រោះចំពោះប្រយោជន៍ ត្រូវមានចិត្តប្រកបដោយករុណា ស្វែងរកនូវប្រយោជន៍ កុំពោលពាក្យរោយរាយ ត្រូវពោលពាក្យឲ្យមានទីបំផុត កុំលុះអំណាចនៃពៀរ កុំពោលពាក្យអសុរស ត្រូវស្ទង់មើលខ្លួន (ថាអាត្មាអញអាចនឹងវិនិច្ឆ័យសេចក្តីបានឬទេ) ត្រូវស្ទង់មើលបុគ្គលដទៃ (ថាបរិសទ្យនេះ អាចសុខចិត្ត ដោយសេចក្តីអៀនខ្មាសដែរឬទេ) ត្រូវស្ទង់មើលបុគ្គលអ្នកចោទ (ថាអ្នកចោទនេះ ប្រកបដោយធម៌ឬទេ) ត្រូវស្ទង់មើលអ្នកជាប់ចោទ ត្រូវស្ទង់មើលអ្នកចោទមិនត្រូវតាមធម៌ ត្រូវស្ទង់មើលអ្នកជាប់ចោទមិនត្រូវតាមធម៌ ត្រូវស្ទង់មើលអ្នកចោទត្រូវតាមធម៌ ត្រូវស្ទង់មើលអ្នកជាប់ចោទត្រូវតាមធម៌ កុំបំបាត់ពាក្យអ្នកចោទ និងអ្នកជាប់ចោទ ដែលនិយាយមកហើយ កុំប្រកាសផ្សាយពាក្យដែលអ្នកចោទ និងអ្នកជាប់ចោទ មិនទាន់បាននិយាយ ត្រូវរៀនបទ និងព្យញ្ជនៈ ដែលទាក់ទងគ្នា ឲ្យចេះចាំល្អ ហើយសួរបុគ្គលដទៃសិន សឹមវិនិច្ឆ័យសេចក្តីតាមពាក្យប្តេជ្ញា ត្រូវធ្វើអ្នកមានបញ្ញាទន់ឲ្យរីករាយ ត្រូវធ្វើអ្នកដែលមានសេចក្តីភិតភ័យឲ្យស្រួលចិត្ត ត្រូវគំរាមបុគ្គលដែលកាច ត្រូវឲ្យបុគ្គលដែលជាអលជ្ជីសំដែងអាបត្តិចេញ ត្រូវមានចិត្តត្រង់ មានចិត្តទន់ កុំលុះឆន្ទាគតិ កុំលុះទោសាគតិ កុំលុះមោហាគតិ កុំលុះភយាគតិ ត្រូវជាអ្នកមានខ្លួនតាំងនៅជាកណ្តាលចំពោះធម៌ផង ចំពោះបុគ្គលផង។ កាលបើវិន័យធរ បានវិនិច្ឆ័យតាមទំនងយ៉ាងនេះហើយ ឈ្មោះថា ជាអ្នកធ្វើសាសនារបស់ព្រះសាស្តា (ឲ្យរុងរឿង)ផង ឈ្មោះថា ជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរនៃសព្រហ្មចារីបុគ្គលទាំងឡាយ ដែលជាអ្នកចេះដឹងផង។

[១៦៧] សុត្តៈ គឺឧភតោវិភង្គ (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ និងប្រៀបធៀប (នូវអាបត្តិ និងអនាបត្តិ) សេចក្តីឧបមា (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ និងពន្យល់សេចក្តីឲ្យច្បាស់ អត្ថ (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ និងឲ្យដឹងច្បាស់ បដិបុច្ឆា (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ នឹងដំកល់ទុក (នូវបុគ្គល) ឱកាសកម្ម (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ដល់ការចោទ ការចោទ (ប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍នឹងរំលឹក (នូវទោសតូច និងទោសធំ) ការរំលឹកទោស ដើម្បីប្រយោជន៍នឹងធ្វើ (បុគ្គលនោះ) ឲ្យមានមាត់ពាក្យ អំពើដែលធ្វើឲ្យមានមាត់ពាក្យ ដើម្បីប្រយោជន៍ដល់ការកង្វល់ ការកង្វល់ ដើម្បីប្រយោជន៍នឹងដំកល់ទុកនូវការវិនិច្ឆ័យសេចក្តី ការវិនិច្ឆ័យ ដើម្បីប្រយោជន៍ពិចារណា (នូវទោសតូច និងទោសធំ) ការពិចារណា ដើម្បីប្រយោជន៍នឹងដឹងនូវហេតុគួរ និងមិនគួរ (ដឹងអាបត្តិ និងអនាបត្តិ គរុកាបត្តិ និងលហុកាបត្តិ) ការដឹងនូវហេតុគួរ និងមិនគួរ ដើម្បីប្រយោជន៍សង្កត់សង្កិនពួកបុគ្គល ដែលមិនមានសេចក្តីអៀនខ្មាស និងដើម្បីប្រយោជន៍លើកដំកើងនូវពួកភិក្ខុ ដែលមានសីលជាទីស្រឡាញ់ ជំនុំសង្ឃ ដើម្បីប្រយោជន៍ទទួលនូវការវិនិច្ឆ័យ បុគ្គល គឺពួកភិក្ខុដែលសង្ឃអនុញ្ញាតហើយ គួរដល់ដំណែងជាធំតាមចំណែក និងគួរដល់ដំណែងជាអ្នកពោលពាក្យពិត។ វិន័យ ដើម្បីប្រយោជន៍ដល់សេចក្តីសង្រួម សេចក្តីសង្រួម ដើម្បីប្រយោជន៍ដល់សេចក្តីមិនក្តៅក្រហាយចិត្ត សេចក្តីមិនក្តៅក្រហាយចិត្ត ដើម្បីប្រយោជន៍ដល់បាមុជ្ជៈ គឺសេចក្តីរីករាយទន់ បាមុជ្ជៈ ដើម្បីប្រយោជន៍ដល់បីតិ គឺសេចក្តីរីករាយដ៏ក្លា បីតិ ដើម្បីប្រយោជន៍ដល់បស្សទ្ធិ គឺសេចក្តីស្ងប់រម្ងាប់ បស្សទ្ធិ ដើម្បីប្រយោជន៍ដល់សុខៈ សុខៈ ដើម្បីប្រយោជន៍ដល់សមាធិ សមាធិ ដើម្បីប្រយោជន៍ដល់យថាភូតញ្ញាណទស្សនៈ គឺតរុណវិបស្សនា (វិបស្សនាទន់ខ្ចី) យថាភូតញ្ញាណទស្សនៈ ដើម្បីប្រយោជន៍ដល់និព្វិទា គឺពលវវិបស្សនា (វិបស្សនាមានកំឡាំង) និព្វិទា ដើម្បីប្រយោជន៍ដល់វិរាគៈ គឺអរិយមគ្គ វិរាគៈ ដើម្បីប្រយោជន៍ដល់វិមុត្តិ គឺអរហត្តផល វិមុត្តិ ដើម្បីប្រយោជន៍ដល់វិមុត្តិញ្ញាណទស្សនៈ គឺបច្ចវេក្ខណញ្ញាណ វិមុត្តិញ្ញាណទស្សនៈ ដើម្បីប្រយោជន៍ដល់អនុបាទាបរិនិព្វាន គឺរំលត់មិនឲ្យមានបច្ច័យជាគ្រឿងប្រកាន់តទៅ។ ព្រះអរហត្តផល ឬព្រះនិព្វាន ជាគ្រឿងរួចចាកសេចក្តីសៅហ្មងនៃចិត្ត ព្រោះមិនមានឧបាទានជាគ្រឿងប្រកាន់ណា ការពោលនូវព្រះវិន័យ មានព្រះអរហត្តផល ឬព្រះនិព្វាននុ៎ះជាប្រយោជន៍ ការប្រឹក្សានូវវិន័យ មានព្រះអរហត្តផល ឬព្រះនិព្វាននុ៎ះជាប្រយោជន៍ ការពិចារណានូវវិន័យ មានព្រះអរហត្តផល ឬព្រះនិព្វាននុ៎ះជាប្រយោជន៍ ការប្រុងស្តាប់នូវវិន័យ ក៏មានព្រះអរហត្តផល ឬព្រះនិព្វាននុ៎ះជាប្រយោជន៍។

[១៦៨] ចូរអ្នកពិចារណានូវវត្តដែលគួរប្រព្រឹត្តតាម ដែលអនុលោមតាមនូវសិក្ខាបទ ដែលព្រះលោកនាថ ជាអ្នកប្រាជ្ញ មានបញ្ញាវាងវៃ នាំមកដំកល់ទុក និងបញ្ញត្តទុកដោយប្រពៃ ធ្វើដំណើររបស់ខ្លួន ដែលប្រព្រឹត្តទៅក្នុងបរលោកកុំឲ្យវិនាសភិក្ខុណា មិនស្គាល់វត្ថុផង មិនស្គាល់វិបត្តិផង មិនស្គាល់អាបត្តិផង មិនស្គាល់និទានផង មិនឈ្លាសក្នុងអាការៈ គឺហេតុ និងមិនមែនហេតុផង មិនស្គាល់ពាក្យខាងដើម និងពាក្យខាងចុងផង មិនស្គាល់កម្មគួរធ្វើ និងមិនគួរធ្វើដោយស្មើផង មិនស្គាល់កម្មផង មិនស្គាល់អធិករណ៍ផង មិនឈ្លាសក្នុងសមថៈផង ជាអ្នកត្រេកអរស៊ប់ជាដើមផង ជាអ្នកប្រទូស្តផង ជាអ្នកល្ងង់ផង លំអៀងព្រោះខ្លាចផង ព្រោះភ្លេចស្មារតីផង មិនឈ្លាសក្នុងការប្រកាស ឲ្យអ្នកដទៃយល់ព្រមផង មិនឈ្លាសក្នុងការពិចារណា នូវហេតុ និងមិនមែនហេតុផង តែងជាអ្នកបានប័ក្ខពួក (ស្មើនឹងខ្លួន) ជាអ្នកមិនមានសេចក្តីខ្មាស ប្រកបដោយកម្មខ្មៅ មិនអើពើ (ក្នុងធម៌ និងបុគ្គល) ភិក្ខុបែបនោះ លោកហៅថា បុគ្គលដែលបណ្ឌិតលែងរាប់អាន។ ភិក្ខុណាស្គាល់វត្ថុ ស្គាល់វិបត្តិ ស្គាល់អាបត្តិ ស្គាល់និទាន ឈ្លាសក្នុងអាការៈ ដឹងច្បាស់នូវពាក្យខាងដើម និងពាក្យខាងចុង ដឹងនូវកម្មដែលគួរធ្វើ និងមិនគួរធ្វើដោយស្មើ ដឹងកម្មផង ដឹងអធិករណ៍ផង ឈ្លាសក្នុងសមថៈផង មានចិត្តមិនបានត្រេកអរ មិនបានប្រទូស្ត មិនបានវង្វេង មិនលំអៀងព្រោះខ្លាច មិនលំអៀងព្រោះវង្វេងស្មារតី ឈ្លាសក្នុងការពន្យល់ឲ្យអ្នកដទៃយល់ ឈ្លាសក្នុងការពិចារណាមើលហេតុ និងមិនមែនហេតុ តែងជាអ្នកបានប័ក្ខពួក (ស្មើនឹងខ្លួន) ជាអ្នកមានចិត្តខ្មាសបាប ប្រកបដោយកម្មស ប្រកបដោយសេចក្តីគោរព ភិក្ខុបែបនោះឯង លោកហៅថា បុគ្គលដែលបណ្ឌិតគប្បីរាប់រក។

ចប់ ចូឡសង្គាម។

ឧទ្ទាន គឺបញ្ជីរឿង នៃចូឡសង្គាមនោះ ដូច្នេះ

[១៦៩]

និយាយអំពីភិក្ខុចូលទៅកាន់សង្គ្រាម ត្រូវបន្ទាបបន្ទន់ចិត្ត១ វិន័យធរ ដែលសង្ឃបានអនុញ្ញាតហើយ មិនត្រូវសួររកឧបជ្ឈាយ៍ជាដើម១ វិន័យធរ ត្រូវមានចិត្តធ្ងន់ក្នុងសង្ឃ មិនត្រូវមានចិត្តធ្ងន់ក្នុងបុគ្គល១ សុត្តៈ ប្រព្រឹត្តទៅដើម្បីប្រយោជន៍នឹងប្រៀបធៀបនូវអាបត្តិ និងអនាបត្តិជាដើម១ ឧទ្ទានក្នុងចូឡសង្គ្រាមនេះ មានឧទ្ទេសតែមួយ លោកសំដែងទុកមក ដោយសេចក្តីអនុគ្រោះដល់វិន័យ។

 

លេខយោង

1)
ការប្រជុំសង្ឃដើម្បីរម្ងាប់ ឬវិនិច្ឆ័យ នូវអធិករណ៍ លោកហៅថា សង្គ្រាម។ ដូចពួកវជ្ជីបុត្តកភិក្ខុ ក្នុងនគរវេសាលី ដែលជាសត្រូវដល់ខ្លួនផង ដល់សាសនាផង នាំគ្នាសំដែងខុសធម៌ ខុសវិន័យ ដែលជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា។ ភិក្ខុណាសង្កត់សង្កិនលទ្ធិរបស់ពួកវជ្ជីបុត្ត ដែលជាសត្រូវទាំងនោះ និងចូលទៅក្នុងទីនោះ ហើយធ្វើសេចក្តីវិនិច្ឆ័យ ឲ្យដាច់ស្រេចដោយបំភ្លឺនូវវាទៈរបស់ខ្លួន ភិក្ខុនោះឈ្មោះថា ជាអ្នកចូលទៅកាន់សង្គ្រាម ដូចជាព្រះយសត្ថេរ (អដ្ឋកថា)។
2)
យល់តាម ឬយល់ព្រម ពាក្យនេះ ជាពាក្យផ្លាស់ប្តូរគ្នា និងពាក្យអនុញ្ញាត។
km/tipitaka/vin/pv/vin.pv.11.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann