(?)
vin pv 16 បាលី cs-km: vin.pv.16 អដ្ឋកថា: vin.pv.16_att PTS: ?
ទុតិយគាថាសង្គណិកៈ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១. កាយិកាទិអាបត្តិ)
[៣២៥] សួរថា អាបត្តិដែលតាំងឡើងអំពីកាយ មានប៉ុន្មាន អាបត្តិដែលតាំងឡើងអំពីវាចា មានប៉ុន្មាន អាបត្តិប៉ុន្មាន មានដល់ឧបសម្បន្ន ដែលបិទបាំងទោសទុក អាបត្តិប៉ុន្មាន ដែលត្រូវព្រោះបច្ច័យ គឺការប៉ះពាល់នូវកាយ។ ឆ្លើយថា អាបត្តិ ដែលតាំងឡើងអំពីកាយ មាន៦ អាបត្តិដែលតាំងឡើងអំពីវាចា មាន៦ អាបត្តិ៣មានដល់ឧបសម្បន្ន ដែលបិទបាំងទោសទុក អាបត្តិ៥ ដែលត្រូវព្រោះបច្ច័យ គឺការប៉ះពាល់នូវកាយ។
[៣២៦] អាបត្តិដែលត្រូវក្នុងវេលាអរុណរះឡើង មានប៉ុន្មាន អាបត្តិដែលត្រូវក្នុងខណៈដែលសង្ឃសូត្រសមនុភាសនកម្មចប់ ជាគំរប់៣ដង មានប៉ុន្មាន អាបត្តិដែលត្រូវ ព្រោះបំពេញនូវវត្ថុគ្រប់ទាំង៨ មានប៉ុន្មាន ក្នុងសាសនានេះ ការសង្គ្រោះទាំងអស់ ដោយឧទ្ទេសប៉ុន្មាន។ អាបត្តិដែលត្រូវក្នុងវេលាអរុណរះឡើង មាន៣ អាបត្តិដែលត្រូវក្នុងខណៈដែលសង្ឃសូត្រសមនុភាសនកម្មចប់ ជាគំរប់៣ដង មាន២ អាបត្តិដែលត្រូវ ព្រោះបំពេញនូវវត្ថុឲ្យគ្រប់ទាំង៨ មានតែ១ ក្នុងសាសនានេះ ការសង្គ្រោះទាំងអស់ ដោយឧទ្ទេសតែ១ គឺនិទានុទ្ទេស។
[៣២៧] មូលរបស់វិន័យមានប៉ុន្មាន ដែលព្រះពុទ្ធទ្រង់បញ្ញត្តទុកមក គរុកាបត្តិក្នុងវិន័យ មានប៉ុន្មាន ដែលព្រះអង្គទ្រង់ត្រាស់ទុកមក អាបត្តិដែលត្រូវ ព្រោះបិទបាំងទុដ្ឋុល្លាបត្តិ មានប៉ុន្មាន។ មូលរបស់វិន័យមាន២ ដែលព្រះពុទ្ធ ទ្រង់បញ្ញត្តទុកមក គរុកាបត្តិក្នុងវិន័យមាន២ ដែលព្រះពុទ្ធ ទ្រង់ត្រាស់ទុកមក ដែលត្រូវព្រោះបិទបាំងទុដ្ឋុល្លាបត្តិ មាន ២។1)
[៣២៨] អាបត្តិប៉ុន្មាន ដែលត្រូវក្នុងចន្លោះផ្ទះ អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះឆ្លងទៅកាន់ត្រើយស្ទឹង ជាបច្ច័យ សាច់ប៉ុន្មានប្រការ ដែលភិក្ខុឆាន់ ត្រូវថុល្លច្ច័យ សាច់ប៉ុន្មានប្រការ ដែលភិក្ខុឆាន់ ត្រូវទុក្កដ។ អាបត្តិ៤ ដែលត្រូវក្នុងចន្លោះផ្ទះ អាបត្តិ៤ ដែលត្រូវព្រោះឆ្លងទៅកាន់ត្រើយស្ទឹង ជាបច្ច័យ សាច់មនុស្សតែម្យ៉ាង ដែលឆាន់ ត្រូវអាបត្តិថុល្លច្ច័យ សាច់៩ប្រការដែលភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។
[៣២៩] អាបត្តិប៉ុន្មាន ដែលតាំងឡើងអំពីវាចា ហើយត្រូវតែក្នុងរាត្រី អាបត្តិប៉ុន្មាន ដែលតាំងឡើងអំពីវាចា ហើយត្រូវតែក្នុងវេលាថ្ងៃ អាបត្តិប៉ុន្មាន មានដល់ឧបសម្បន្នដែលឲ្យ អាបត្តិប៉ុន្មាន មានដល់ឧបសម្បន្នដែលទទួល។ អាបត្តិ២ប្រកបដោយវាចា ហើយត្រូវតែក្នុងរាត្រី អាបត្តិ២ ដែលតាំងឡើងអំពីវាចា ហើយត្រូវតែក្នុងវេលាថ្ងៃ អាបត្តិ៣ មានដល់ឧបសម្បន្នដែលឲ្យ អាបត្តិ៤ មានដល់ឧបសម្បន្នដែលទទួល។
(២. ទេសនាគាមិនិយាទិអាបត្តិ)
[៣៣០] អាបត្តិប៉ុន្មាន ដែលជាទេសនាគាមិនី អាបត្តិប៉ុន្មាន ដែលជាសប្បដិកម្ម2) ក្នុងសាសនានេះ មានអាបត្តិប៉ុន្មាន ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាអប្បដិកម្ម3) ក្នុងសាសនានេះ។ អាបត្តិ ដែលជាទេសនាគាមិនីមាន៥ អាបត្តិ ដែលជាសប្បដិកម្ម មាន៦ អាបត្តិ១ ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាអប្បដិកម្ម ក្នុងសាសនានេះ។
[៣៣១] អាបត្តិប៉ុន្មាន ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាគរុកាបត្តិ ក្នុងវិន័យ សិក្ខាបទប៉ុន្មាន ដែលតាំងឡើងអំពីកាយ និងវាចា រសស្រូវប៉ុន្មាន ដែលគួរឆាន់បាន ក្នុងវេលាវិកាល ការសន្មតិដោយញត្តិចតុត្ថកម្មវាចា មានប៉ុន្មាន។ អាបត្តិ២យ៉ាង ដែលព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ជាគរុកាបត្តិ ក្នុងវិន័យ សិក្ខាបទទាំងអស់ សុទ្ធតែតាំងឡើងអំពីកាយ និងវាចា រសស្រូវតែ១ គឺថ្នាំឈ្មោះ លោណសោចិរកៈ4) ដែលគួរឆាន់បាន ក្នុងវេលាវិកាល ការសន្មតិដោយញត្តិចតុត្ថកម្មវាចា មានតែ១។
[៣៣២] អាបត្តិបារាជិក ដែលតាំងឡើងអំពីកាយ មានប៉ុន្មាន ភូមិនៃសំវាស មានប៉ុន្មាន រាត្រីដាច់ មានដល់ភិក្ខុប៉ុន្មានពួក ព្រះអង្គបញ្ញត្តខ្នាតត្រឹមពីរធ្នាប់ មានប៉ុន្មានសិក្ខាបទ។ អាបត្តិបារាជិក ដែលតាំងឡើងអំពីកាយ មាន២ ភូមិនៃសំវាស មាន២ រាត្រីដាច់ មានដល់ភិក្ខុ២ពួក (ភិក្ខុកំពុងនៅបរិវាស១ ប្រព្រឹត្តមានត្ត១) ព្រះអង្គ ទ្រង់បញ្ញត្តខ្នាតត្រឹមពីរធ្នាប់ មាន២សិក្ខាបទ។5)
[៣៣៣] ភិក្ខុនីវាយខ្លួនឯង ត្រូវអាបត្តិប៉ុន្មាន សង្ឃបែកគ្នា ដោយអាការប៉ុន្មាន អាបត្តិដែលត្រូវជាដំបូង ក្នុងវិន័យនេះ មានប៉ុន្មាន ការធ្វើញត្តិមានប៉ុន្មាន។ ភិក្ខុនី វាយខ្លួនឯង ត្រូវអាបត្តិ២ សង្ឃបែកគ្នាដោយអាការ២ អាបត្តិដែលត្រូវជាដំបូង ក្នុងវិន័យនេះ មាន២ ការធ្វើញត្តិមាន២។
[៣៣៤] ក្នុងបាណាតិបាត មានអាបត្តិប៉ុន្មាន អាបត្តិបារាជិក ដែលតាំងឡើងអំពីវាចា មានប៉ុន្មាន អាបត្តិដែលភិក្ខុនិយាយល្បួងមាតុគ្រាមដោយពាក្យអាក្រក់ មានប៉ុន្មាន អាបត្តិប៉ុន្មាន ដែលភិក្ខុត្រូវ ព្រោះការដឹកនាំបុរស និងស្ត្រី ឲ្យបានគ្នាជាប្តីប្រពន្ធ។ ក្នុងបាណាតិបាត មានអាបត្តិ៣ អាបត្តិបារាចិក ដែលតាំងឡើងអំពីវាចា មាន៣ អាបត្តិដែលភិក្ខុនិយាយល្បួងមាតុគ្រាម ដោយពាក្យអាក្រក់ មាន៣ អាបត្តិ៣ ត្រូវ (ព្រោះការដឹកនាំបុរស និងស្ត្រី ឲ្យបានគ្នាជាប្តីប្រពន្ធ)។
[៣៣៥] បុគ្គលដែលមិនត្រូវឲ្យឧបសម្បទា មានប៉ុន្មានពួក ការសង្គ្រោះកម្ម មានប៉ុន្មាន បុគ្គលដែលព្រះអង្គ ទ្រង់ត្រាស់ថា ត្រូវឲ្យវិនាស មានប៉ុន្មាន ជនប៉ុន្មានពួក ដែលត្រូវសូត្រកម្មវាចាតែម្តងបាន។ បុគ្គលដែលមិនត្រូវឲ្យឧបសម្បទា មាន៣ពួក ការសង្គ្រោះកម្ម មាន៣ បុគ្គលដែលព្រះអង្គ ទ្រង់ត្រាស់ថា ត្រូវឲ្យវិនាស មាន៣ពួក ជន៣ពួក ដែលត្រូវសូត្រកម្មវាចាតែម្តងបាន។
[៣៣៦] ក្នុងអទិន្នាទាន មានអាបត្តិប៉ុន្មាន អាបត្តិព្រោះមេថុនជាបច្ច័យ មានប៉ុន្មាន អាបត្តិប៉ុន្មាន មានដល់ភិក្ខុដែលកាត់ អាបត្តិប៉ុន្មាន ដែលភិក្ខុត្រូវ ព្រោះចោលជាបច្ច័យ។ ក្នុងអទិន្នាទាន មានអាបត្តិ៣ អាបត្តិព្រោះមេថុនជាបច្ច័យ មាន៤ អាបត្តិ៣ មានដល់ភិក្ខុដែលកាត់ អាបត្តិ៥ ដែលភិក្ខុត្រូវ ព្រោះចោលជាបច្ច័យ។
[៣៣៧] ក្នុងភិក្ខុនោវាទកវគ្គ មានអាបត្តិទុក្កដ លាយដោយអាបត្តិបាចិត្តិយៈដែរឬទេ នវកៈក្នុងបឋមសិក្ខាបទនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានប៉ុន្មាន អាបត្តិដែលត្រូវ ព្រោះចីវរ មានដល់ភិក្ខុប៉ុន្មានពួក។ ក្នុងភិក្ខុនោវាទកវគ្គ ក៏មានអាបត្តិទុក្កដ លាយដោយអាបត្តិបាចិត្តិយៈដែរ ក្នុងបឋមសិក្ខាបទនេះ មាននវកៈ៤ ដែលព្រះអង្គ ទ្រង់ត្រាស់ទុកមកហើយ អាបត្តិដែលត្រូវ ព្រោះចីវរ មានដល់ភិក្ខុពីរពួក។
[៣៣៨] អាបត្តិបាដិទេសនីយៈរបស់ភិក្ខុនី ព្រះអង្គ ទ្រង់ត្រាស់ថាមានប៉ុន្មាន អាបត្តិទុក្កដ លាយដោយអាបត្តិបាចិត្តិយៈ ព្រោះសូមស្រូវស្រស់ យកមកឆាន់ មានដែរឬទេ។ អាបត្តិបាដិទេសនីយៈរបស់ភិក្ខុនី ព្រះអង្គ ទ្រង់ត្រាស់ថា មាន៨ អាបត្តិទុក្កដ លាយដោយអាបត្តិបាចិត្តិយៈ ព្រោះសូមស្រូវស្រស់ យកមកឆាន់ ក៏មានដែរ។
[៣៣៩] អាបត្តិប៉ុន្មាន មានដល់ភិក្ខុដែលដើរ អាបត្តិប៉ុន្មាន មានដល់ភិក្ខុដែលឈរ អាបត្តិប៉ុន្មាន មានដល់ភិក្ខុដែលអង្គុយ អាបត្តិប៉ុន្មាន មានដល់ភិក្ខុដែលដេក។ អាបត្តិ៤ មានដល់ភិក្ខុដែលដើរ ឯភិក្ខុដែលឈរ ក៏មានអាបត្តិប៉ុណ្ណោះដែរ អាបត្តិ៤ មានដល់ភិក្ខុដែលអង្គុយ ឯភិក្ខុដែលដេក ក៏មានអាបត្តិប៉ុណ្ណោះដែរ។
(៣. បាចិត្តិយំ)
[៣៤០] ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ក្នុងខណៈមួយ មិនមុនមិនក្រោយ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៥ ដែលមានវត្ថុផ្សេងៗគ្នា ក្នុងខណៈមួយ មិនមុនមិនក្រោយ។
[៣៤១] ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ក្នុងខណៈមួយ មិនមុនមិនក្រោយ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៩ ដែលមានវត្ថុផ្សេងៗគ្នា ក្នុងខណៈមួយ មិនមុនមិនក្រោយ។
[៣៤២] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរសំដែងដោយវាចាប៉ុន្មានដងបាន។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៥ ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរសំដែងដោយវាចាតែម្តងបាន។
[៣៤៣] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរសំដែងដោយវាចាប៉ុន្មានដងបាន។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៩ ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរសំដែងដោយវាចាតែម្តងបាន។
[៣៤៤] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរប្រាប់អ្វី ទើបសំដែងបាន។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៥ ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរប្រាប់វត្ថុ ទើបសំដែងបាន។
[៣៤៥] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់ប៉ុន្មាន ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរប្រាប់អ្វី ទើបសំដែងបាន។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ទុកមកថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈទាំងអស់៩ ដែលមានវត្ថុផ្សេងៗគ្នា ហើយគួរប្រាប់វត្ថុ ទើបសំដែងបាន។
[៣៤៦] អាបត្តិប៉ុន្មានយ៉ាង ដែលត្រូវក្នុងខណៈដែលសង្ឃសូត្រសមនុភាសនកម្មចប់ ជាគំរប់៣ដង អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះពោលជាបច្ច័យ អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះទំពាស៊ី (សាច់) អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះភោជនជាបច្ច័យ។ អាបត្តិ៣ ដែលត្រូវក្នុងខណៈដែលសង្ឃសូត្រសមនុភាសនកម្មចប់ ជាគំរប់៣ដង អាបត្តិ៦ ដែលត្រូវ ព្រោះពោលជាបច្ច័យ។ អាបត្តិ៣ ដែលត្រូវ ព្រោះទំពាស៊ី (សាច់) អាបត្តិ៥ ដែលត្រូវ ព្រោះភោជនជាបច្ច័យ។
[៣៤៧] យាវតតិយកាបត្តិទាំងអស់ រមែងដល់នូវស្ថានប៉ុន្មាន មួយទៀត អាបត្តិមានដល់បុគ្គលប៉ុន្មានពួក អធិករណ៍ មានដល់បុគ្គលប៉ុន្មានពួក។ យាវតតិយកាបត្តិទាំងអស់ រមែងដល់នូវស្ថាន៥ អាបត្តិមានដល់បុគ្គល៥ពួក អធិករណ៍ មានដល់បុគ្គល៥ពួក។
[៣៤៨] ការវិនិច្ឆ័យ មានដល់បុគ្គលប៉ុន្មានពួក ការរម្ងាប់អធិករណ៍ មានដល់បុគ្គលប៉ុន្មានពួក អនាបត្តិ មានដល់បុគ្គលប៉ុន្មានពួក បុគ្គលរុងរឿងដោយស្ថានប៉ុន្មានយ៉ាង។ ការវិនិច្ឆ័យ មានដល់បុគ្គល៥ពួក ការរម្ងាប់អធិករណ៍ មានដល់បុគ្គល៥ពួក អនាបត្តិ មានដល់បុគ្គល៥ពួក បុគ្គលរុងរឿងដោយស្ថាន៣យ៉ាង។
[៣៤៩] អាបត្តិដែលតាំងឡើងអំពីកាយ ហើយត្រូវតែក្នុងរាត្រី មានប៉ុន្មាន អាបត្តិដែលតាំងឡើងអំពីកាយ ហើយត្រូវតែក្នុងវេលាថ្ងៃ មានប៉ុន្មាន អាបត្តិប៉ុន្មាន ដែលត្រូវព្រោះគយគន់ អាបត្តិប៉ុន្មាន ដែលត្រូវ ព្រោះបិណ្ឌបាតជាបច្ច័យ។ អាបត្តិដែលតាំងឡើងអំពីកាយ ហើយត្រូវតែក្នុងរាត្រី មាន២ អាបត្តិដែលតាំងឡើងអំពីកាយ ហើយត្រូវតែក្នុងវេលាថ្ងៃ មាន២ អាបត្តិតែ១ ដែលត្រូវព្រោះគយគន់ (មើលអង្គជាតមាតុគ្រាម ដោយតម្រេក) អាបត្តិតែ១ ដែលត្រូវ ព្រោះបិណ្ឌបាតជាបច្ច័យ។6)
[៣៥០] ភិក្ខុឃើញអានិសង្សប៉ុន្មាន ទើបសំដែងធម៌ដល់អ្នកដទៃដោយសទ្ធា ឧក្ខិត្តកភិក្ខុ (ភិក្ខុដែលសង្ឃលើកវត្ត) ព្រះមានព្រះភាគ ត្រាស់ថាមានប៉ុន្មាន ការប្រព្រឹត្តវត្តដោយប្រពៃ មានប៉ុន្មាន។ ភិក្ខុឃើញអានិសង្ស៨យ៉ាង ទើបសំដែងធម៌ដល់អ្នកដទៃដោយសទ្ធា ឧក្ខិត្តកភិក្ខុ ព្រះមានព្រះភាគ ត្រាស់ថាមាន៣ពួក ការប្រព្រឹត្តវត្តដោយប្រពៃ មាន៤៣។
[៣៥១] មុសាវាទ ដល់នូវស្ថានប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អាបត្តិប៉ុន្មាន ដែលមានកំណត់ថ្ងៃ អាបត្តិបាដិទេសនីយៈមានប៉ុន្មាន មួយទៀត បុគ្គលប៉ុន្មានពួក ដែលគួរសំដែងទោស។ មុសាវាទ ដល់នូវស្ថាន៥យ៉ាង ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អាបត្តិ ដែលមានកំណត់ថ្ងៃ (នោះ) មាន១៤ អាបត្តិបាដិទេសនីយៈមាន១២ (ដោយរួមទាំងភិក្ខុ ភិក្ខុនី) បុគ្គល៤ពួក ដែលគួរសំដែងទោស។
[៣៥២] មុសាវាទ ប្រកបដោយអង្គប៉ុន្មាន ឧបោសថ មានអង្គប៉ុន្មាន អង្គរបស់ភិក្ខុដែលគួរដល់នូវទូតកម្ម មានប៉ុន្មាន ការប្រព្រឹត្តតិត្ថិយវត្ត មានប៉ុន្មាន។ មុសាវាទ ប្រកបដោយអង្គ៨ ឧបោសថ ប្រកបដោយអង្គ៨ អង្គរបស់ភិក្ខុដែលគួរដល់នូវទូតកម្ម មាន៨ ការប្រព្រឹត្តតិត្ថិយវត្ត មាន៨ប្រការ។
[៣៥៣] ឧបសម្បទា (របស់ភិក្ខុនី) ប្រកបដោយកម្មវាចាប៉ុន្មាន ភិក្ខុនីត្រូវក្រោកទទួល ចំពោះភិក្ខុនីប៉ុន្មានពួក ត្រូវឲ្យអាសនៈ ដល់ភិក្ខុនីប៉ុន្មានពួក ភិក្ខុប្រកបដោយអង្គប៉ុន្មាន ទើបគួរប្រដៅភិក្ខុនីបាន។ ឧបសម្បទា (របស់ភិក្ខុនី) ប្រកបដោយកម្មវាចា៨ ភិក្ខុនីត្រូវក្រោកទទួល ចំពោះភិក្ខុនី៨ពួក ត្រូវឲ្យអាសនៈ ដល់ភិក្ខុនី៨ពួក ភិក្ខុប្រកបដោយអង្គ៨ ទើបគួរប្រដៅភិក្ខុនីបាន។
[៣៥៤] ឆេជ្ជវត្ថុ (វត្ថុជាហេតុឲ្យដាច់ចាកភិក្ខុភាវៈ) មានដល់បុគ្គលប៉ុន្មានពួក អាបត្តិថុល្លច្ច័យ មានដល់បុគ្គលប៉ុន្មានពួក អនាបត្តិ មានដល់បុគ្គលប៉ុន្មានពួក អាបត្តិ និងអនាបត្តិទាំងអស់ (នេះ) មានវត្ថុតែមួយទេឬ។ ឆេជ្ជវត្ថុ មានដល់បុគ្គល១ពួក អាបត្តិថុល្លច្ច័យ មានដល់បុគ្គល៤ពួក អនាបត្តិ មានដល់បុគ្គល៤ពួក អាបត្តិ និងអនាបត្តិទាំងអស់ (នេះ) មានវត្ថុតែ១។
[៣៥៥] អាឃាតវត្ថុ (វត្ថុជាហេតុឲ្យកើតចិត្តគុំគួន) មានប៉ុន្មាន សង្ឃបែកគ្នាដោយភិក្ខុប៉ុន្មានរូប ក្នុងវិន័យនេះ បឋមាបត្តិកាបត្តិ មានប៉ុន្មាន កិច្ចដែលធ្វើដោយញត្តិមានប៉ុន្មាន។ អាឃាតវត្ថុ មាន៩យ៉ាង សង្ឃបែកគ្នាដោយភិក្ខុ៩រូប ក្នុងវិន័យនេះ បឋមាបត្តិកាបត្តិ មាន៩យ៉ាង កិច្ចដែលធ្វើដោយញត្តិមាន៩យ៉ាង។
(៤. អវន្ទនីយបុគ្គលាទិ)
[៣៥៦] បុគ្គលដែលមិនគួរអភិវាទ និងបុគ្គលដែលមិនគួរធ្វើអញ្ជលីកម្ម និងសាមីចិកម្ម មានប៉ុន្មានពួក អាបត្តិទុក្កដ មានដល់បុគ្គលប៉ុន្មានពួក ការទុកអតិរេកចីវរ បានប៉ុន្មានថ្ងៃ។ បុគ្គលដែលមិនគួរអភិវាទ និងបុគ្គលដែលមិនគួរធ្វើអញ្ជលីកម្ម និងសាមីចិកម្ម មាន១០ពួក អាបត្តិទុក្កដ មានដល់បុគ្គល១០ពួក ការទុកអតិរេកចីវរ បាន១០ថ្ងៃ។
[៣៥៧] ក្នុងសាសនានេះ បុគ្គលត្រូវឲ្យចីវរដល់បុគ្គលប៉ុន្មានពួក ដែលនៅចាំវស្សារួចហើយ កាលបើមានអ្នកទទួលដ៏សមគួរហើយ បុគ្គលត្រូវឲ្យចីវរ ដល់បុគ្គលប៉ុន្មានពួក មិនត្រូវឲ្យដល់បុគ្គលប៉ុន្មានពួក។ ក្នុងសាសនានេះ បុគ្គលត្រូវឲ្យចីវរដល់បុគ្គល៥ពួក7) ដែលនៅចាំវស្សារួចហើយ កាលបើមានអ្នកទទួលដ៏សមគួរ បុគ្គលត្រូវឲ្យចីវរ ដល់បុគ្គល៧ពួក មិនត្រូវឲ្យដល់បុគ្គល១៦ពួកទេ។
[៣៥៨] ភិក្ខុបិទបាំងអាបត្តិអស់មួយរយរាត្រី ត្រូវជាប៉ុន្មានរយអាបត្តិ ហើយចូលបរិវាស នៅប៉ុន្មានរាត្រី ទើបរួច (ចាកអាបត្តិ)បាន។ ភិក្ខុបិទបាំងអាបត្តិអស់មួយរយរាត្រី ត្រូវជាមួយពាន់8) អាបត្តិ ហើយចូលបរិវាស នៅ១០រាត្រី ទើបរួច (ចាកអាបត្តិនោះ)បាន។
[៣៥៩] ទោសរបស់កម្មមានប៉ុន្មាន ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា កម្មទាំងអស់ (នោះ) ឈ្មោះថា មិនប្រកបដោយធម៌ឬអ្វី។ ទោសរបស់កម្ម (មានអបលោកនកម្មជាដើម) មាន១២ ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា កម្មទាំងអស់ (នោះ) ឈ្មោះថា មិនប្រកបដោយធម៌មែនហើយ។
[៣៦០] សម្បត្តិរបស់កម្មមានប៉ុន្មាន ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា កម្មទាំងអស់ (នោះ) ឈ្មោះថា ប្រកបដោយធម៌ឬអ្វី។ សម្បត្តិរបស់កម្ម មាន៤ ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា កម្មទាំងអស់ (នោះ) ឈ្មោះថា ប្រកបដោយធម៌មែនហើយ។
[៣៦១] កម្មមានប៉ុន្មាន ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា (កម្មនោះ) ប្រកបដោយធម៌ មានប៉ុន្មាន មិនប្រកបដោយធម៌ មានប៉ុន្មាន។ កម្មមាន៦ ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិន័យវត្ថុ ក្នុងនគរចម្បា បណ្តាកម្មទាំង៦នេះ ព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ប្រកបដោយធម៌ មានតែ១ពួក មិនប្រកបដោយធម៌ មាន៥។
[៣៦២] កម្មមានប៉ុន្មាន ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិនយវត្ថុ ក្នុងនគរចម្បា (កម្មនោះ) ប្រកបដោយធម៌ មានប៉ុន្មាន មិនប្រកបដោយធម៌ មានប៉ុន្មាន។ កម្ម៤ ដែលព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ក្នុងវិនយវត្ថុ ក្នុងនគរចម្បា បណ្តាកម្មទាំង៤នេះ ព្រះពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ប្រកបដោយធម៌ មានតែ១ពួក មិនប្រកបដោយធម៌ មាន៣។
[៣៦៣] ព្រះមានព្រះភាគ ទ្រង់បាននូវព្រះនិព្វាន ប្រកបដោយតាទិគុណ ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងនូវកងនៃអាបត្តិទាំងឡាយណា បណ្តាកងនៃអាបត្តិទាំងនុ៎ះ កងនៃអាបត្តិប៉ុន្មាន ដែលមិនរម្ងាប់ដោយសមថៈទាំងឡាយ បពិត្រលោកអ្នកឈ្លាសវៃក្នុងវិភង្គ ខ្ញុំសូមសួរនូវកងនៃអាបត្តិនោះ សូមលោកឆ្លើយមក។ ព្រះមានព្រះភាគ ទ្រង់បាននូវព្រះនិព្វាន ប្រកបដោយតាទិគុណ ទ្រង់ឃើញនូវវិវេកធម៌ បានសំដែងនូវកងនៃអាបត្តិណា បណ្តាកងនៃអាបត្តិទាំងនុ៎ះ មានតែកងអាបត្តិ១ គឺបារាជិក ដែលមិនរម្ងាប់ដោយសមថៈទាំងឡាយទេ បពិត្រលោកអ្នកឈ្លាសវៃ ក្នុងវិភង្គ ខ្ញុំប្រាប់នូវកងនៃអាបត្តិនោះ ចំពោះលោក។
[៣៦៤] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បុគ្គលប៉ុន្មានពួក ដែលទៅកើតក្នុងអបាយ ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បុគ្គល១៤៤ពួក9) ដែលបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប ចូរលោកស្តាប់វិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។
[៣៦៥] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បុគ្គលប៉ុន្មានពួក ដែលមិនកើតក្នុងអបាយ ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បុគ្គល១៨ពួក ដែលមិនទៅកើតក្នុងអបាយ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។
[៣៦៦] ធម៌ទាំង៨ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់សំដែងប៉ុន្មានលើក ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ធម៌ទាំង៨ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់សំដែង មាន១៨លើក ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។
(៥. សោឡសកម្មាទិ)
[៣៦៧] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមាន១៦យ៉ាង ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។
[៣៦៨] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ទោសរបស់កម្មមានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា ទោសរបស់កម្ម មាន១២យ៉ាង ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។
[៣៦៩] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សម្បត្តិរបស់កម្ម មានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សម្បត្តិរបស់កម្មមាន៤យ៉ាង ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។
[៣៧០] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមាន៦យ៉ាង ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។
[៣៧១] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា កម្មមាន៤យ៉ាង ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។
[៣៧២] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បារាជិកាបត្តិ មានប៉ុន្មាន ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បារាជិកាបត្តិមាន៨ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។
[៣៧៣] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សង្ឃាទិសេសាបត្តិ មានប៉ុន្មាន ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សង្ឃាទិសេសាបត្តិ មាន២៣ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។
[៣៧៤] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា អនិយតៈ មានប៉ុន្មាន ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា អនិយតៈ មាន២ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។
[៣៧៥] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា និស្សគ្គិយៈ មានប៉ុន្មាន ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា និស្សគ្គិយៈ មាន៤២ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។
[៣៧៦] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បាចិត្តិយាបត្តិ មានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បាចិត្តិយាបត្តិ មាន១៨៨ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។
[៣៧៧] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បាដិទេសនីយាបត្តិ មានប៉ុន្មានយ៉ាង ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា បាដិទេសនីយាបត្តិមាន១២ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។
[៣៧៨] ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សេក្ខិយៈ មានប៉ុន្មាន ខ្ញុំនឹងចាំស្តាប់នូវវិស័យរបស់អ្នក ដែលជាអ្នកជ្រាបច្បាស់នូវវិន័យ។ ព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ត្រាស់ថា សេក្ខិយៈ មាន៧៥ ចូរអ្នកស្តាប់នូវវិស័យរបស់ខ្ញុំ ដែលជាអ្នកដឹងច្បាស់នូវវិន័យចុះ។ ពាក្យដែលអ្នកសួរមកដោយប្រពៃត្រឹមណា ខ្ញុំក៏បានវិស្សជ្ជនា ដោយប្រពៃត្រឹមនោះហើយ ពាក្យបន្តិចបន្តួច ដែលមិនមែនជាខ្សែបន្ទាត់ មិនមានក្នុងពាក្យបុច្ឆាវិស្សជ្ជនានោះឡើយ។
ចប់ ទុតិយគាថាសង្គណិកៈ។