User Tools

Site Tools


Translations of this page?:
km:ptf:dhamma:sagga:index

ឋានសួគ៌៖ សគ្គ

Heaven

សង្ខេប

ការ​​ពន្យល់​​អំពីសគ្គ ដោយ​​ព្រះ​​សូត្រ ​ដូច​ត​ទៅ ពាក្យ​របស់​ព្រះ​ពុទ្ធ។

ឋានសួគ៌

សគ្គ

អានដោយ ?

ឋាន​សួគ៌​​ជា​ទី​​អាស្រ័យ​​ដ៏​​ត្រេកអរ ហើយ​​បុគ្គល​​រស់​​នៅ​​ទី​នោះ​ (ទេវ) បាន​ទៅ​កើត​ក្នុង​ទី​នោះ ដោយ​អំណាច​នៃ​កម្ម​កុសល ដែល​ធ្លាប់​មាន​ពី​មុន​មក។ ដូច​ជា​សត្វ​លោកទាំង​អស់ នោះ​នៅ​តែ​ជាប់​ក្នុង​សំសារ យ៉ាង​នេះ​ឯង ទេព​ទាំង​នេះ​នៅ​ទី​បំផុតត្រូវ​ចុះ​ចាញ់​ នឹងជួប​ជរា ជំងឺ និង​មរណៈ ហើយ​ត្រូវ​ទៅ​កើត​​ក្នុង​លោក​ដ៏ទៃ​ទៀត រីករាយ ឬ​មិន​រីករាយ តាម​គុណភាព និង​កម្លាំង​នៃ​កម្ម​ដែល​កន្លង​ផុត​ទៅ។ ទេវៈ​ចំនួន​ច្រើន ​មិន​​តែង​​តែ​​ចេះ​​ដឹង​ ឬ​​ចាស់​​ទុំ​​ខាង​​វិញ្ញាណ​​ទេ។ តាមពិត ទេវៈជា​ច្រើន​ គឺ​ស្រវឹង​ខ្លាំង​ក្នុង​សេចក្តីត្រេកត្រអាលនៃ​កាម ហើយ មាន​​តែ​​មួយ​​ចំនួន​​ប៉ុណ្ណោះ ​ដែល​គេគួរ​បាន​ចាត់​ទុក​ថា​​សក្តិ​សម​ ​សម្រាប់​​ការ​គោរពណាស់ ឬ​​ការបូជា។ យ៉ាង​​ណា​​ក៏​​ដោយ ទេវៈ​និង​​ស្ថានសួគ៌​​ឈរ​​ជា​​ការ​រំឭក និង​លើក​​ទឹក​​ចិត្ត​​យ៉ាង​​សំខាន់ ដែល អំពើ​ល្អ និងបុញ្ញ​កុសល បង្កើត​ផល​យ៉ាង​ធំ ហើយនិង​ទី​បំផុត​ក៏​ឃើញទោសនៃកម្ម​ទាំង​អស់។

ជឿ​លើមាន​សត្វ​ដែល​ខ្ពស់​ជាង ជា​កត្តា​នៃ​ការ​ឃើញត្រូវ

(តំណ​ភ្ជាប់​ឆ្លង៖ សម្មាទិដ្ឋិ)

«…ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តី​យល់ថា ទានដែលបុគ្គលឲ្យហើយ មិនមានផល គ្រឿងបូជាតូច​ មិនមានផល គ្រឿងបូជាធំ មិនមាន​ផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ និងអាក្រក់ មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន ​មាតាមិនមានគុណ បិតាមិនមានគុណ សត្វជាឱបបាតិកៈកំណើត [ទេវៈ ព្រហ្ម…] មិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ដែលព្រមព្រៀង ប្រតិបត្តិត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែងខ្លួនឯង ត្រាស់ដឹងនូវលោកនេះ និងលោកខាងមុខ មិនមាន នេះឈ្មោះថា មិច្ឆាទិដ្ឋិ។ …»

sut.mn.117

ផល​នៃ​ការ​សេពគប់ និង​ការ​គោរព​ចំពោះ​ទេវៈ

…មនុស្សជាបណ្ឌិតជាត សម្រេចការនៅក្នុងប្រទេសណា រមែងញ៉ាំងពួកបុគ្គល អ្នកមានសីលសង្រួម ប្រព្រឹត្តធម៌ដ៏ប្រសើរ ឲ្យបរិភោគក្នុងប្រទេសនោះ ហើយបានឧទ្ទិសផលទក្ខិណាទាន ចំពោះពួកទេវតាដែលនៅក្នុងប្រទេសនោះ ទេវតាទាំងនោះ ដែលបណ្ឌិតនោះបូជាហើយ រមែងបូជាគេវិញ ដែលរាប់អានហើយ រមែងរាប់អានគេវិញ តែងអនុគ្រោះបណ្ឌិតនោះ ព្រោះទក្ខិណានុប្បទាននោះ ដូចមាតាអនុគ្រោះបុត្ត ដែលកើតអំពីទ្រូង បុរសដែលទេវតាអនុគ្រោះហើយ តែងឃើញសេចក្តីចំរើនសព្វកាល។

sut.kn.uda.76

គោល​ការណ៍​គ្រប់​គ្រង ដើម្បី​ចង​ចាំ "បងធំកំពុងមើល"

…ម្នាល​ភិក្ខុ​ទាំងឡាយ លោកា​ធិបតេយ្យ តើដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ នៅ​ក្នុង​ព្រៃក្ដី នៅ​ជិត​គល់​ឈើក្ដី នៅ​ក្នុង​ផ្ទះ​ស្ងាត់​ក្ដី រមែង​ពិចារណា ​ដូច្នេះថា អាត្មា​អញ​ មិន​មែន​ចេញ​ចាកផ្ទះ​មក​បួស ព្រោះ​ហេតុ​តែចីវរទេ មិន​មែន​ព្រោះ​ហេតុ​តែបិណ្ឌ​បាតទេ មិន​មែន​ព្រោះ​ហេតុ​តែសេនាសនៈទេ មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស ព្រោះ​ហេតុ​តែភព​តូច​ ភព​ធំទេ ក៏​អាត្មា​អញ ជាបុគ្គល​ដែល​ជាតិ ជរា មរណៈ សោក សេចក្ដី​ខ្សឹក​ខ្សួល ទុក្ខ ទោម​នស្ស សេចក្ដី​ចង្អៀតចង្អល់​ គ្រប​សង្កត់ ត្រូវ​ទុក្ខ​គ្រប​សង្កត់ មាន​សេចក្ដី​ទុក្ខ​ប្រព្រឹត្ត​ទៅ​ខាង​មុខ​ ធ្វើ​ម្ដេចហ្ន៎ គប្បី​ធ្វើ​ទី​បំ​ផុត​គំ​នរទុក្ខ​ទាំង​អស់​នេះ ឲ្យ​ប្រាកដ​បាន។ អាត្មា​អញ បួស​យ៉ាង​នេះហើយ ត្រិះ​រិះកាម​វិតក្កៈក្ដី ត្រិះ​រិះ​ព្យាបាទវិតក្កៈក្ដី ត្រិះរិះ​វិហឹសាវិត​ក្កៈក្ដី លោក​សន្និវាស​នេះ​សោត ​ក៏​ធំ ទោះ​ក្នុងលោក​សន្និវាស​ធំ​មែន ក៏គង់​មាន​សម​ណ​ព្រាហ្មណ៍​ ជា​អ្នក​មាន​ឫទ្ធិ មានទិព្វចក្ខុ ដឹង​ចិត្តបុគ្គល​ដទៃ ពួក​សម​ណ​ព្រាហ្មណ៍​ទាំង​នោះ រមែងឃើញ​អំពី​ចម្ងាយ ទោះ​នៅជិត ​ក៏​មិន​ប្រាកដ រមែង​ដឹង​ច្បាស់​ នូវ​ចិត្តដោយ​ចិត្ត ពួក​សមណ​ព្រាហ្មណ៍​ទាំង​នោះ គង់​ដឹង​អាត្មា​អញ​ យ៉ាង​នេះថា ម្នាល​អ្នក​ដ៏​ចំរើន សូម​អ្នក​មើល​កុល​បុត្រ​នេះ ចេញ​ចាក​ផ្ទះ​មក​បួស​ ដោយសទ្ធា​ហើយ នៅតែ​ច្របូក​ច្របល់ ដោយ​ធម៌​ ជា​អកុសល​ដ៏​លាមក។ ម្យ៉ាង​ទៀត ​គង់​មាន​ពួក​ទេវតា​ ដែល​​មាន​ឫទ្ធិ​ មាន​ទិព្វចក្ខុ​ ដឹង​ចិត្តបុគ្គល​ដទៃ ពួក​ទេវតា​ទាំង​នោះ តែង​ឃើញ​អំពី​ចម្ងាយ ទោះ​នៅ​ជិត​ ក៏​មិន​ប្រាកដ រមែង​ដឹង​ចិត្ត​ដោយ​ចិត្ត ពួក​ទេវតា​ទាំង​នោះ គង់​ដឹង​អាត្មា​អញ​ យ៉ាង​នេះថា ម្នាល​អ្នក​ដ៏​ចំរើន សូម​អ្នក​មើល​កុល​បុត្រ​នេះ ចេញ​ចាក​ផ្ទះ ​មក​បួសដោយ​សទ្ធា​ហើយ នៅ​តែ​ច្របូក​ច្របល់ ដោយ​ធម៌​ ជា​អកុសល​ដ៏​លាមក។ ភិក្ខុ​នោះ ​ពិចារ​ណា ​ដូច្នេះថា អាត្មា​អញ ​នឹង​ប្រារព្ធ​ព្យាយាម​ មិន​ឲ្យ​ធូរ​ថយ នឹង​ប្រុងសតិ មិន​ឲ្យ​វង្វេង​ភ្លេច ឲ្យ​កាយ​ស្ងប់​រម្ងាប់ មិនឲ្យ​ធូរ​ថយ ឲ្យ​ចិត្ត​ដំកល់​មាំ មាន​អារម្មណ៍តែមួយ។ លុះ​ភិក្ខុ​នោះ​ ​ប្រារព្ធលោក​ ឲ្យ​ជាអាធិបតេយ្យ​ហើយ តែង​លះ​បង់​អកុសល ចំរើន​កុសល លះ​បង់​អំពើ​ ដែលប្រកប​ដោយ​ទោស ចំរើន​តែអំពើ​ ដែល​មិនមាន​ទោស រក្សា​ខ្លួន​ឲ្យ​ស្អាត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា លោកាធិបតេយ្យ។…

sut.an.03.040

ការ​កើត​ជា​ដ៏កម្រ

«លោកិយមហាជននេះ ជាមនុស្សងងឹត បណ្តាជនទាំងនេះ ជនតិចគ្នាដែលឃើញច្បាស់ (នូវខន្ធាទិលោកនេះ ដោយអំណាចអនិច្ចលក្ខណៈជាដើម) ជនតិចគ្នា ដែលទៅកាន់ឋានសួគ៌ ដូចសត្វស្លាប (ដែលជាប់សំណាញ់របស់ព្រានហើយ) តិចណាស់ ដែលរួចអំពីសំណាញ់ ដូច្នោះ។»

sut.kn.dhp.174

ការ​ឃើញ​ដោយ​ខ្លួន​ឯង

«…ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បាន​ឃើញ​ពួក​សត្វ ដែល​ប្រកប​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជា​អ្នក​មិន​តិះ​ដៀលពួក​ព្រះ​អរិយៈ ជា​សម្មាទិដ្ឋិ សមាទាន​នូវ​អំពើ​ជា​សម្មាទិដ្ឋិ សត្វ​ទាំង​នោះ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ តែង​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត មិន​មែន​ឮ​សេចក្ដី​នោះ (អំពីសំណាក់​) នៃ​សមណៈ ឬ​ព្រាហ្មណ៍​ដទៃ ហើយ​ពោល​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បាន​ឃើញ​ពួក​សត្វ​ដែល​ប្រកប​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជា​អ្នក​មិន​តិះ​ដៀល​ពួក​ព្រះ​អរិយៈ ជា​សម្មាទិដ្ឋិ សមាទាន​នូវ​អំពើ​ជា​សម្មាទិដ្ឋិ សត្វ​ទាំង​នោះ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ តែង​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះ​តែ​ហេតុ​ណា ដែល​តថាគត បាន​ដឹង​ដោយ​ខ្លួន​ឯង បាន​ឃើញ​ដោយ​ខ្លួន​ឯង ជ្រាប​ច្បាស់​ដោយ​ខ្លួន​ឯង​ពិត​មែន ទើប​តថាគត ពោល​នូវ​ហេតុ​នោះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បាន​ឃើញ​ពួក​សត្វ ដែល​ប្រកប​ដោយ​កាយ​សុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជា​អ្នក​មិន​តិះ​ដៀល​ពួក​ព្រះ​អរិយៈ ជា​សម្មាទិដ្ឋិ សមាទាន​នូវ​អំពើ​ជា​សម្មាទិដ្ឋិ សត្វ​ទាំង​នោះ លុះ​បែក​ឆ្លាយ​រាង​កាយ​ស្លាប់​ទៅ តែង​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក។

sut.kn.iti.071

រំលឹកទេវៈ និង​គុណភាព​ស្រដៀង​គ្នា នៅ​ក្នុង​ខ្លួន

«… គប្បីរលឹកនូវពួកទេវតាថា ពួកទេវតាក្នុងជាន់ចាតុម្មហារាជិកៈ មាន… ពួកទេវតាក្រៅពីនោះទៅទៀតក៏មាន ពួកទេវតាទាំងនោះ ប្រកបដោយសទ្ធា មានសភាពយ៉ាងណា ច្យុតអំពីទីនេះ ទៅកើតក្នុងទីនោះ អាត្មាអញមានសទ្ធា មានសភាពដូច្នោះដែរ ដោយសីល មានសភាពយ៉ាងណា… ដោយសុតៈ… ដោយចាគៈ… ពួកទេវតាទាំងនោះប្រកបដោយបញ្ញា ច្យុតអំពីទីនេះ មានសភាពយ៉ាងណា ទៅកើតក្នុងទីនោះ អាត្មាអញមានបញ្ញា មានសភាពដូច្នោះដែរ។ បពិត្រមហានាម អរិយសាវ័ករលឹកនូវសទ្ធា សីល សុតៈ ចាគៈ បញ្ញា របស់ខ្លួនផង របស់ពួកទេវតាទាំងនោះផង ក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័កមានចិត្តត្រង់ ប្រារព្ធនូវពួកទេវតាហើយ រមែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយប្រកបដោយធម៌ កាលបើអរិយសាវ័កមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័ក មានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័ក មានសេចក្តីសុខហើយ ចិត្តតាំងនៅល្អ។ បពិត្រមហានាម ព្រះអង្គកំពុងស្តេចយាងក្តី គប្បីចំរើន ឋិតក្តី គប្បីចំរើន គង់ក្តី គប្បីចំរើន ផ្ទំក្តី គប្បីចំរើន ផ្គូរផ្គងការងារក្តី គប្បីចំរើន គ្រប់គ្រងនូវទីផ្ទំដែលចង្អៀត ដោយព្រះរាជបុត្តក្តី គប្បីចំរើននូវទេវតានុស្សតិនេះបានដែរ។

sut.an.11.012

រីករាយ ប៉ុន្តែ​ប្រាជ្ញា​មាន​កម្រិត

»…ម្នាលកេវដ្តៈ រឿងធ្លាប់មានមកថា ភិក្ខុមួយរូប ក្នុងភិក្ខុសង្ឃនេះឯង កើតមាន​សេចក្តីត្រិះរិះ​ក្នុងចិត្តយ៉ាងនេះថា មហាភូតរូបទាំង៤នេះគឺ បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ លំដាប់នោះ ភិក្ខុចូលកាន់សមាធិ តាមបែបផែននៃចិត្តរបស់យោគី ដែល​តាំង​ខ្ជាប់ដោយសមាធិ ផ្លូវជាទីទៅកាន់ទេវលោក ក៏កើតប្រាកដឡើង។ ម្នាលកេវដ្តៈ គ្រានោះ ភិក្ខុនោះ ចូលទៅរកពួកទេវតា ដែលឋិតនៅក្នុងឋានចាតុម្មហារាជិកា លុះ​ចូល​ទៅដល់ហើយ បានសួរសេចក្តីនេះ នឹងពួកទេវតាដែលឋិតនៅក្នុងឋានចាតុម្មហារាជិកា​ថា ម្នាលអាវុសោទាំងឡាយ មហាភូតរូបទាំង៤នេះ គឺ បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ពួកទេវតា ដែលឋិតនៅក្នុងឋានចាតុម្មហារាជិកា បាន​ឆ្លើយតបសេចក្តី​នេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ យើងទាំងឡាយនេះឯង មិនដឹងថា មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាទេ បពិត្រភិក្ខុ តែមានមហារាជ៤ព្រះអង្គ ឧត្តម ថ្លៃថ្លា​ជាង​យើងទាំងឡាយ មហារាជទាំង៤នោះ គប្បីដឹងយ៉ាងនេះថា មហាភូតរូបទាំង៤នេះ គឺ​បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមាន​សេសសល់​ក្នុង​ទី​ណា ដូច្នេះ (មិនខាន)។ ម្នាលកេវដ្តៈ លំដាប់នោះ ភិក្ខុក៏ចូលទៅរកមហារាជ​ទាំង​៤​ព្រះអង្គ លុះចូលទៅដល់ហើយ ក៏សួរសេចក្តីនេះ នឹងមហារាជ​ទាំង៤ថា ម្នាល​អាវុសោ​ទាំងឡាយ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះ​សួរ​យ៉ាង​នេះ​ហើយ មហារាជទាំង៤ព្រះអង្គ ​ឆ្លើយតបសេចក្តី​នេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ សូម្បី​យើង​ទាំងឡាយ ក៏មិនដឹងសេចក្តីនេះដែរ។បេ។ បពិត្រភិក្ខុ តែមានទេវតា​ទាំងឡាយ ដែលឋិត​នៅក្នុងឋាន​តាវត្តិង្ស ឧត្តម ថ្លៃថ្លា​ជាង​យើងទាំងឡាយ ពួកទេវតាទាំងនោះឯង គប្បីដឹងសេចក្តីនេះ។បេ។ ម្នាលកេវដ្តៈ គ្រានោះ ភិក្ខុក៏ចូលទៅរកពួកទេវតា ដែល​ឋិតនៅក្នុងឋាន​តាវត្តិង្ស លុះចូលទៅដល់ហើយ ក៏បានសួរសេចក្តីនេះ នឹងពួកទេវតា ដែល​ឋិតនៅក្នុងឋានតាវត្តិង្សថា ម្នាល​អាវុសោ​ទាំងឡាយ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមាន​សេសសល់​ក្នុង​ទី​ណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ពួកទេវតា ដែល​ឋិត​នៅ​ក្នុង​ឋានតាវត្តិង្ស ​ឆ្លើយតបសេចក្តី​នេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ យើងទាំងឡាយ ក៏មិនដឹង​សេចក្តីនេះដែរ។បេ។ បពិត្រភិក្ខុ តែមានទេវរាជ ឈ្មោះសក្កៈ ជាធំ​ជាងទេវតា​ទាំងឡាយ ឧត្តម ថ្លៃថ្លា​ជាង​យើងទាំងឡាយ សក្កទេវរាជនោះឯង គប្បីដឹងសេចក្តីយ៉ាងនេះ។បេ។ ម្នាលកេវដ្តៈ ភិក្ខុនោះ ក៏ចូលទៅរកសក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ លុះចូល​ទៅ​ដល់​ហើយ ក៏សួរនូវសេចក្តីនេះ នឹងសក្កទេវរាជ ជាធំជាងទេវតាទាំងឡាយថា ម្នាល​អាវុសោ​ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលបើភិក្ខុនោះ​សួរយ៉ាង​នេះ​ហើយ សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ បាន​ឆ្លើយតបសេចក្តី​នេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ ខ្ញុំព្រះករុណា ក៏មិនដឹងសេចក្តីនេះដែរ។បេ។ បពិត្រភិក្ខុ តែមានទេវតា ឈ្មោះយាមៈ (ទេវតាឋិតនៅក្នុងឋានយាមៈ)។បេ។ ទេវបុត្រឈ្មោះសុយាមៈ។បេ។ ទេវបុត្រ​ឈ្មោះតុសិតៈ (ទេវតាឋិតនៅក្នុងឋានតុសិត)។បេ។ ទេវបុត្រឈ្មោះ​សន្តុសិតៈ។បេ។ ទេវតាឈ្មោះ និម្មានរតី (ទេវតា ដែលឋិតនៅក្នុងឋាននិម្មានរតី)។បេ។ ទេវបុត្រឈ្មោះសុនិម្មិតៈ។បេ។ ទេវតាឈ្មោះ បរនិម្មិតវសវតី្ត (ទេវតា ឋិតនៅក្នុងឋាន​បរនិម្មិតវសវត្តី)។បេ។ ទេវបុត្រឈ្មោះបរនិម្មិតវសវត្តី ឧត្តម ថ្លៃថ្លា​ជាង​យើងទាំងឡាយ ទេវបុត្រឈ្មោះ បរនិម្មិតវសវត្តីនោះ គប្បីដឹងយ៉ាងនេះថា មហាភូតរូបទាំង៤នេះ គឺ​បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមាន​សេសសល់​ក្នុង​ទី​ណា (មិនខាន)។

ម្នាលកេវដ្តៈ លំដាប់នោះឯង ភិក្ខុនោះ ចូលទៅរកទេវបុត្រ ឈ្មោះ​វសវត្តី លុះចូលទៅដល់ហើយ ក៏បានសួរសេចក្តីនេះ នឹងទេវបុត្រឈ្មោះ វសវត្តីថា ម្នាល​អាវុសោ​ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ទេវបុត្រឈ្មោះ វសវត្តី ក៏បាន​ឆ្លើយតបសេចក្តី​នេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ ខ្ញុំព្រះករុណា ក៏មិនដឹងថា មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាដែរ។ បពិត្រភិក្ខុ តែមានពួកទេវតា ឈ្មោះ ព្រហ្មកាយិកៈ (ទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្ម) ឧត្តម ថ្លៃថ្លា​ជាង​យើងទាំងឡាយ ពួកទេវតានោះ គប្បីដឹងសេចក្តីយ៉ាងនេះ (មិនខាន)។បេ។ ម្នាលកេវដ្តៈ លំដាប់នោះ ភិក្ខុនោះ ក៏ចូលកាន់សមាធិ តាមបែបផែន​នៃចិត្ត​របស់​យោគី ដែលតាំងខ្ជាប់ ដោយសមាធិ ផ្លូវជាទីទៅកាន់​ព្រហ្មលោក ក៏កើតប្រាកដឡើង។

ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ក៏ចូលទៅរកពួកទេវតា ដែលរាប់បញ្ចូល​ក្នុងពួកព្រហ្ម លុះចូលទៅដល់ហើយ ក៏បានសួរ​សេចក្តី​នេះ នឹង​ទេវតា ដែល​រាប់បញ្ចូល​ក្នុងពួកព្រហ្មថា ម្នាលអាវុសោទាំងឡាយ មហាភូតរូប៤នេះ។បេ។ វាយោធាតុ១ រលត់ ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ពួកទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្ម បានឆ្លើយតបសេចក្តី​នេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ យើងក៏មិនដឹងសេចក្តីនេះដែរ។បេ។ បពិត្រភិក្ខុ តែមានព្រហ្មឈ្មោះ មហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់​លើបាន ជាអ្នកឃើញ​ហេតុ​គ្រប់យ៉ាង ជាអ្នកធ្វើ​ជនទាំងពួង ឲ្យលុះក្នុង​អំណាចខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វ​លោក ជាអ្នកបែង សត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតចេញ​មកហើយ និងសត្វនៅក្នុងផ្ទៃ ឧត្តម ថ្លៃថ្លា​ជាង​យើងទាំងឡាយ មហាព្រហ្មនោះឯង គប្បីដឹងសេចក្តីយ៉ាងនេះថា មហាភូតរូបទាំង៤នេះ គឺ​បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមាន​សេសសល់​ក្នុង​ទី​ណា (មិនខាន)។ ភិក្ខុនោះសួរថា ម្នាល​អាវុសោ ចុះឥឡូវនេះ មហាព្រហ្មនោះ នៅក្នុងទីណា។ ពួកទេវតានោះ ឆ្លើយតបថា បពិត្រភិក្ខុ យើងទាំងឡាយ ក៏មិនដឹងថា ព្រហ្មនៅ​ក្នុងទី​ណា ឬនៅក្នុងទីចំណែកនៃទិសណាដែរ បពិត្រភិក្ខុ ប៉ុន្តែនិមិត្តទាំងឡាយតែងប្រាកដ ពន្លឺ​តែង​កើតច្បាស់ រស្មីតែងកើតប្រាកដក្នុងទីណា ព្រហ្មនឹង​មានប្រាកដក្នុងទីនោះ នេះជាបុព្វនិមិត្ត ដើម្បីមានប្រាកដនៃព្រហ្ម គឺពន្លឺក៏កើតច្បាស់ រស្មីមានប្រាកដ។ ម្នាលកេវដ្តៈ លំដាប់នោះ មិនយូរប៉ុន្មានឡើយ មហាព្រហ្មនោះ ក៏មានរូបប្រាកដឡើង។

ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ចូលទៅរកមហាព្រហ្ម លុះចូល​ទៅ​ដល់​ហើយ បានសួរសេចក្តីនេះ នឹងមហាព្រហ្មនោះថា ម្នាល​អាវុសោ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់​ក្នុង​ទី​ណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ មហាព្រហ្មនោះ ក៏ឆ្លើយ​តប​សេចក្តី​​នេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ ខ្ញុំជាព្រហ្មឈ្មោះ មហាព្រហ្ម គ្របសង្កត់​លើ​សត្វ​ឯ​ទៀត សត្វឯទៀត មិនអាចគ្របសង្កត់​លើបាន ជាអ្នកឃើញ​ហេតុ​គ្រប់យ៉ាង ជាអ្នកធ្វើ​ជន​ទាំង​ពួង ឲ្យលុះក្នុង​អំណាចរបស់ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែង​លោក ជាចម្បងជាងសត្វ​លោក ជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតា​របស់​សត្វ ដែលប្រសូត​មកហើយ និងសត្វនៅក្នុងផ្ទៃ។ ម្នាលកេវដ្តៈ ភិក្ខុនោះ បានសួរ​នូវ​សេចក្តី​នេះ នឹងមហាព្រហ្មនោះ ជាគំរប់​២ដងទៀតថា ម្នាលអាវុសោ អាត្មាមិនមែនសួរ​អ្នក​យ៉ាង​នេះថា អ្នកជាព្រហ្ម ឈ្មោះ​មហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាច​គ្រប​សង្កត់​លើបាន ជាអ្នកឃើញ​ហេតុ​គ្រប់យ៉ាង ជាអ្នកធ្វើ​ជនទាំងពួង ឲ្យលុះក្នុង​អំណាច​របស់ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាង​សត្វ​​ ជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតចេញ​មកហើយ និងសត្វនៅក្នុងផ្ទៃ ដូច្នេះទេ ម្នាលអាវុសោ ឯអាត្មាសួរអ្នកយ៉ាងនេះថា ម្នាល​អាវុសោ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ដូច្នេះទេតើ។ ម្នាលកេវដ្តៈ មហាព្រហ្មនោះ បានឆ្លើយតបសេចក្តី​នេះនឹងភិក្ខុនោះ ជាគំរប់២ដងទៀតថា បពិត្រភិក្ខុ ខ្ញុំជាព្រហ្ម ឈ្មោះ​មហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់​លើបាន ជាអ្នក​ឃើញ​​ហេតុ​គ្រប់យ៉ាង ជាអ្នកធ្វើ​ជនទាំងពួង ឲ្យលុះក្នុង​អំណាចរបស់ខ្លួន ជាឥស្សរៈ​ក្នុង​លោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វ​លោក ជាអ្នកបែង​សត្វ​លោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតចេញ​មកហើយ និងសត្វ​នៅ​ក្នុង​ផ្ទៃ។ ម្នាលកេវដ្តៈ ភិក្ខុនោះ បានសួរនូវសេចក្តី​នេះ នឹងមហាព្រហ្ម ជាគំរប់​៣ដងទៀតថា ម្នាលអាវុសោ អាត្មាមិនមែនសួរអ្នក​យ៉ាងនេះថា អ្នកជាព្រហ្ម ឈ្មោះ​មហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់​លើបាន ជាអ្នក​ឃើញ​​ហេតុ​គ្រប់យ៉ាង ជាអ្នកធ្វើ​ជនទាំងពួង ឲ្យលុះក្នុង​អំណាចខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វ​លោក ជាអ្នកបែងសត្វលោក ជា​អ្នក​ស្ទាត់ជំនាញ ជាបិតានៃសត្វ ដែលប្រសូតចេញ​មកហើយ និងសត្វនៅក្នុងផ្ទៃ ដូច្នេះ​ទេ ម្នាលអាវុសោ ឯអាត្មាសួរអ្នកយ៉ាងនេះថា ម្នាលអាវុសោ មហាភូតរូបទាំង៤នេះ គឺ​បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមាន​សេសសល់​ក្នុង​ទី​ណាហ្ន៎ ដូច្នេះទេតើ។

ម្នាលកេវដ្តៈ គ្រានោះ មហាព្រហ្មនោះ ចាប់ដើមដៃភិក្ខុនោះ ហើយនាំចៀសចេញទៅ ក្នុងទីដ៏សមគួរ ហើយនិយាយ​សេចក្តីនេះ នឹងភិក្ខុ​នោះថា បពិត្រ​ភិក្ខុ ទេវតា ដែលរាប់បញ្ចូល​ក្នុងពួកព្រហ្មទាំងនេះឯង តែងស្គាល់នូវខ្ញុំ​យ៉ាងនេះថា ហេតុអ្វីនីមួយ ឈ្មោះថា ព្រហ្មមិនដឹង មិនឃើញ មិនស្គាល់ មិនធ្វើឲ្យច្បាស់​នោះ មិនមាន​ឡើយ ព្រោះហេតុនោះ ទើបខ្ញុំមិនព្យាករ ក្នុងទីចំពោះ​មុខនៃទេវតាទាំងនុ៎ះ បពិត្រ​ភិក្ខុ ខ្ញុំ​សោត ក៏មិនដឹងថា មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាដែរ បពិត្រភិក្ខុ លោកម្ចាស់​ លះបង់​ចោលព្រះមានព្រះភាគហើយ ដល់នូវការស្វែងរក (បុគ្គល) ខាងក្រៅវិញ ដើម្បី​ព្យាករណ៍នូវ​ប្រស្នានេះ ដោយអំពើណា អំពើនោះ លោកម្ចាស់ធ្វើមិនល្អទេ អំពើនោះ លោកម្ចាស់ធ្វើខុសហើយ បពិត្រភិក្ខុ ព្រោះហេតុនោះ លោកម្ចាស់ចូលទៅគាល់​ព្រះមានព្រះភាគអង្គនោះ ហើយសួរនូវប្រស្នានេះចុះ បើព្រះមានព្រះភាគ ទ្រង់ព្យាករ ដល់លោកម្ចាស់យ៉ាងណា លោកម្ចាស់គប្បីចាំទុកនូវ​សេចក្តីនោះ យ៉ាងនោះចុះ។

ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុង​ទីចំពោះមុខតថាគត (រហ័ស) ប្រៀបដូចជាបុរសមានកំឡាំង លាដៃដែលបត់ចូល ឬ​បត់​ចូលនូវដៃដែលលាចេញ។ ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ថ្វាយបង្គំ​តថាគតរួច​ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ម្នាលកេវដ្តៈ លុះភិក្ខុនោះ​អង្គុយក្នុងទីដ៏សមគួរហើយ ក៏​បាន​សួរ​នូវសេចក្តីនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ តថាគត ក៏បានសំដែង​សេចក្តីនេះ នឹងភិក្ខុ​នោះថា ម្នាលភិក្ខុ រឿងធ្លាប់​មានមកហើយថា មានពួកឈ្មួញសមុទ្រ បាននាំយកសត្វ​ស្លាប ដែលជាសត្វ​មើលឃើញ​ត្រើយសមុទ្រ ហើយចុះទៅកាន់សមុទ្រដោយសំពៅ ពួកឈ្មួញទាំងនោះ កាលបើសំពៅដែលបើកទៅ មើលមិនឃើញត្រើយសមុទ្រ ក៏លែងសត្វបក្សីដែលមើលឃើញត្រើយសមុទ្រ សត្វបក្សីនោះ ក៏ហើរទៅកាន់ទិស​ខាង​កើត ទៅកាន់ទិសខាងត្បូង ទៅកាន់ទិសខាងលិច ទៅកាន់ទិសខាងជើង ទៅកាន់ទិស​ខាង​លើ ទៅកាន់ទិសតូច បើសត្វបក្សីនោះ មើលឃើញត្រើយសមុទ្រជុំវិញ ក៏ហើរ​បាត់​ទៅតែម្តង ប្រសិនបើ សត្វបក្សីនោះ មើលមិនឃើញត្រើយសមុទ្រជុំវិញទេ​ ក៏ហើរ​ត្រឡប់​មករកសំពៅនោះវិញ ម្នាលភិក្ខុ ខ្លួនអ្នក បានដើរស្វែងរក (បុគ្គល) ដើម្បីព្យាករណ៍​នូវ​ប្រស្នានេះ រហូតដល់ព្រហ្មលោក ក៏ត្រឡប់មកកាន់សំណាក់នៃតថាគត​វិញដូច្នោះឯង ម្នាលភិក្ខុ ប្រស្នានេះ អ្នកមិនត្រូវ​សួរយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន មហាភូតរូប​ទាំង​៤​នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមាន​សេស​សល់​ក្នុងទីណាហ្ន៎ ដូច្នេះឡើយ។ ម្នាលភិក្ខុ ប្រស្នានោះ អ្នកត្រូវសួរយ៉ាងនេះថា។…»

sut.dn.11

សូម​មើល​ផង​ដែរ៖

km/ptf/dhamma/sagga/index.txt · ពេលកែចុងក្រោយ: 2024/11/07 13:49 និពន្ឋដោយ Johann