km:tipitaka:sut:kn:apd:sut.kn.apd.04

កុណ្ឌធានវគ្គ ទី៤

សង្ខេប

(?)

sut kn apd 04 បាលី cs-km: sut.kn.apd.04 អដ្ឋកថា: sut.kn.apd.04_att PTS: ?

កុណ្ឌធានវគ្គ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

(៤. កុណ្ឌធានវគ្គោ)

កុណ្ឌធានត្ថេរាបទាន ទី១

(១. កុណ្ឌធានត្ថេរអបទានំ)

[៣៣] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបម្រើព្រះសម្ពុទ្ធដ៏ប្រសើរ ព្រះអង្គជាព្រះសយម្ភូ ជាអគ្គបុគ្គល ទ្រង់គេចចេញចាកពួក សម្ងំនៅក្នុងកម្មដ្ឋានអស់ ៧ ថ្ងៃ។ ខ្ញុំដឹងនូវកាលដែលទ្រង់ចេញអំពីទីសម្ងំ ហើយខ្ញុំកាន់ចេកមួយស្និតធំ នាំចូលទៅថ្វាយព្រះមហាមុនី ព្រះនាមបទុមុត្តរៈ។ ព្រះមានព្រះភាគជាសព្វញ្ញូ ជាលោកនាយក ទ្រង់បានទទួល ព្រះមហាមុនី ញុំាងចិត្តរបស់ខ្ញុំឲ្យជ្រះថ្លា ទ្រង់សោយ (ចេកនោះ)។ លុះព្រះសម្ពុទ្ធ ទ្រង់ជាអ្នកដឹកនាំពួក ជាបុគ្គលប្រសើរផុត ទ្រង់សោយរួចហើយ គង់លើអាសនៈរបស់ព្រះអង្គ ហើយត្រាស់នូវគាថាទាំងឡាយនេះថា

ពួកយក្សណា ដែលមកជួបជុំនៅនាភ្នំនេះ និងពួកភូតទាំងពួង ដែលនៅអាស្រ័យក្នុងព្រៃនេះ (ពួកយក្ស និងភូតទាំងនោះ) ចូរស្តាប់ពាក្យរបស់តថាគតចុះ។ កុលបុត្រណា បានបម្រើនូវព្រះពុទ្ធ ព្រះអង្គដូចជាកេសររាជសីហ៍ ជាស្តេចនៃម្រឹគ តថាគតនឹងសម្តែងសរសើរនូវកុលបុត្រនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែង។ កុលបុត្រនោះ នឹងបានជាស្តេចនៃទេវតា អស់ ១១ ដង នឹងបានជាស្តេចចក្រពត្តិ អស់ ៣៤ ដង។ កន្លងទៅមួយសែនកប្ប នឹងមានព្រះសាស្តា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល ត្រាស់ដឹងក្នុងលោក។ កុលបុត្រនោះ នឹងបាននូវនាម (ថាកុណ្ឌធាន) ដោយវិបាកនៃបាបកម្ម ព្រោះជេរនូវសមណៈទាំងឡាយ ជាអ្នកមានសីល មិនមានអាសវៈ។ កុលបុត្រដែលឈ្មោះកុណ្ឌធាននោះ នឹងបានជាទាយាទក្នុងធម៌ របស់ព្រះពុទ្ធព្រះនាមគោតមនោះ នឹងជាព្រះឱរស ជាធម្មនិម្មិត ទាំងបានជាសាវ័ករបស់ព្រះពុទ្ធអង្គនោះ។

ខ្ញុំតែងប្រកបរឿយៗ នូវវិវេក ជាអ្នកមានឈាន ត្រេកអរក្នុងឈាន ញុំាងព្រះសាស្តាឲ្យត្រេកអរ ជាអ្នកមិនមានអាសវៈ។ ព្រះជិនស្រី មានសាវ័កចោមរោម និងពួកភិក្ខុចោមរោម ទ្រង់គង់ក្នុងកណ្តាលភិក្ខុសង្ឃ ហើយញុំាងខ្ញុំឲ្យកាន់យកស្លាក។ ខ្ញុំធ្វើនូវចីវរឆៀងស្មាម្ខាង ហើយថ្វាយបង្គំព្រះលោកនាយក កាន់យកនូវស្លាកជាដម្បូង ក្នុងទីចំពោះព្រះភក្ត្រព្រះសម្ពុទ្ធដ៏ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ។ ព្រះមានព្រះភាគ ញុំាងលោកធាតុមួយម៉ឺនឲ្យញាប់ញ័រ ទ្រង់គង់ក្នុងភិក្ខុសង្ឃហើយ តាំងខ្ញុំក្នុងទីជាឯតទគ្គៈ ដោយសារអំពើនោះ។ សេចក្តីព្យាយាមរបស់ខ្ញុំ គួរដើម្បីនាំទៅនូវធុរៈ ជាទីនាំមកនូវធម៌ដ៏ក្សេមចាកយោគៈ ខ្ញុំទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកុណ្ឌធានត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កុណ្ឌធានត្ថេរាបទាន។

សាគតត្ថេរាបទាន ទី២

(២. សាគតត្ថេរអបទានំ)

[៣៤] គ្រានោះ ខ្ញុំកើតជាញ្រហ្មណ៍ ឈ្មោះសោភិតៈ មានពួកសិស្សហែហម ដើរទៅកាន់អារាម។ សម័យនោះ ព្រះមានព្រះភាគ ជាបុរសឧត្តម មានពួកភិក្ខុចោមរោម ស្តេចចេញអំពីទ្វារអារាម ហើយឋិតនៅ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធអង្គនោះ ព្រះអង្គមានឥន្រ្ទិយទូន្មានហើយ មានសាវ័កដែលមានឥន្រ្ទិយទូន្មានហើយដែរជាបរិវារ ខ្ញុំក៏ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយពោលសរសើរព្រះលោកនាយកថា ពួកឈើទាំងអស់ណាមួយ ពួកឈើទាំងនោះ រមែងដុះលូតលាស់លើផែនដី យ៉ាងណាមិញ សត្វទាំងឡាយជាអ្នកមានប្រាជ្ញា តែងចម្រើនលូតលាស់ឡើងក្នុងសាសនារបស់ព្រះជិនស្រី ក៏យ៉ាងនោះ។ ព្រះអង្គជាអ្នកដឹកនាំពួក ជាសព្វញ្ញូ ស្វែងរកនូវគុណធំ សូមស្រោចស្រង់នូវពួកជនជាច្រើនអំពីផ្លូវខុស ហើយប្រាប់ផ្លូវត្រូវ។ ព្រះអង្គមានឥន្រ្ទិយទូន្មានហើយ ទាំងមានសាវ័ក ដែលមានឥន្រ្ទិយទូន្មានហើយ ចោមរោម ព្រះអង្គមានឈាន មានពួកអ្នកត្រេកអរក្នុងឈាន អ្នកមានព្យាយាម និងអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន អ្នកមានចិត្តស្ងប់រម្ងាប់ អ្នកមិនញាប់ញ័រដោយលោកធម៌ ចោមរោម។ ព្រះអង្គប្រដាប់ហើយដោយពួកបរិស័ទ ទ្រង់ល្អដោយបុណ្យ និងញាណ រស្មីរបស់ព្រះអង្គផ្សាយចេញដូចព្រះអាទិត្យ ដែលទើបនឹងរះឡើង។ ព្រះមហេសីជាសាស្តាព្រះនាមបទុមុត្តរៈ ទ្រង់ឋិតនៅក្នុងភិក្ខុសង្ឃ ឃើញខ្ញុំមានចិត្តជ្រះថ្លាហើយ ត្រាស់នូវគាថាទាំងឡាយនេះថា

ញ្រហ្មណ៍ណា ញុំាងសេចក្តីរីករាយឲ្យកើតឡើងហើយ ពោលសរសើរតថាគត ញ្រហ្មណ៍នោះនឹងរីករាយក្នុងទេវលោក អស់សែននៃកប្បទាំងឡាយ។ ញ្រហ្មណ៍នោះលុះច្យុតចាកឋានតុសិតមក ត្រូវកុសលមូលដាស់តឿន នឹងបួសក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមគោតម។ ញ្រហ្មណ៍នោះ បួសក្នុងសាសនាហើយ នឹងបាននូវសេចក្តីត្រេកអររីករាយ មាននាមថាសាគតៈ នឹងបានជាសាវ័ករបស់ព្រះសាស្តានោះ។

ខ្ញុំលុះបួសរួចហើយ ក៏វៀរចាកបាបកម្មដោយកាយ លះបង់នូវវចីទុច្ចរិត ជម្រះសំអាតនូវអាជីវបារិសុទ្ធិសីល។ ខ្ញុំកាលនៅយ៉ាងនេះ ជាអ្នកឈ្លាសវៃក្នុងតេជោធាតុ កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសាគតត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សាគតត្ថេរាបទាន។

មហាកច្ចាយនត្ថេរាបទាន ទី៣

(៣. មហាកច្ចានត្ថេរអបទានំ)

[៣៥] ខ្ញុំបានធ្វើចេតិយឈ្មោះបទុមៈ ជាវិការៈនៃផ្ទាំងថ្មលាបដោយទឹកមាស ថ្វាយព្រះលោកនាថ ព្រះនាមបទុមុត្តរៈ។ ខ្ញុំលើកឆត្រជាវិការៈនៃកែវ និងផ្លិតរោមសត្វ ថ្វាយព្រះពុទ្ធជាផៅពង្សនៃលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ គ្រានោះ ពួកភុម្មទេវតាទាំងអស់ទាំងប៉ុន្មាន បានមកប្រជុំគ្នាថា ព្រះលោកនាថ នឹងសម្តែងផលនៃអាសនៈ និងឆត្រជាវិការៈនៃកែវ។ ពួកយើងនឹងស្តាប់នូវផលទាំងពួងនោះ កាលបើព្រះសាស្តាកំពុងសម្តែង ពួកយើងនឹងញុំាងសេចក្តីរីករាយ ឲ្យកើតដោយក្រៃលែង ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ។ ព្រះសយម្ភូ ជាអគ្គបុគ្គល មានភិក្ខុសង្ឃចោមរោម ទ្រង់គង់លើអាសនៈមាសហើយ ត្រាស់នូវគាថាទាំងឡាយនេះថា

កុលបុត្រណា បានថ្វាយអាសនៈមាស ប្រដាប់ដោយកែវនេះ តថាគតនឹងសម្តែងសរសើរកុលបុត្រនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ កុលបុត្រនោះនឹងបានជាធំជាងទេវតា សោយទេវរាជ្យ អស់ ៣០ កប្ប នឹងមានរស្មីគ្របសង្កត់ទី ១០០ យោជន៍ ដោយជុំវិញ។ កុលបុត្រនោះ លុះត្រឡប់មកកាន់មនុស្សលោកវិញ នឹងបានជាស្តេចចក្រពត្តិ មាននាមថាបភស្សរៈ នឹងមានតេជះដ៏ខ្ពង់ខ្ពស់។ ព្រះបរមក្សត្រនោះ នឹងរុងរឿងអស់ទី ៨ ហត្ថ ដោយជុំវិញទាំងថ្ងៃទាំងយប់ ដូចជាព្រះអាទិត្យរះឡើង។ កន្លងទៅមួយសែនកប្ប នឹងងមានព្រះសាស្តា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល ត្រាស់ដឹងក្នុងលោក។ កុលបុត្រនោះ ច្យុតចាកឋានតុសិតមក ត្រូវកុសលមូលដាស់តឿន នឹងបានជាញ្រហ្មណ៍ មាននាមកច្ចានៈ។ លុះកាលជាខាងក្រោយមក កច្ចានៈនោះចេញបួស នឹងបានជាអ្នកប្រាជ្ញ មិនមានអាសវៈ ព្រះគោតមជាប្រទីបក្នុងលោក ទ្រង់នឹងតាំង (កច្ចានៈនោះ) ក្នុងទីជាឯតទគ្គៈ។ កច្ចានៈនោះ នឹងសម្តែងនូវប្រស្នាដែលគេសួរយ៉ាងសង្ខេប ដោយពិស្តារបាន មួយវិញទៀត កច្ចានៈនោះ កំពុងសម្តែងនូវប្រស្នានោះ អាចនឹងបំពេញអធ្យាស្រ័យ (របស់អ្នកសួរ) បាន។ កុលបុត្រនោះ កើតក្នុងត្រកូលស្តុកស្តម្ភ ជាញ្រហ្មណ៍ដល់នូវត្រើយនៃមន្ត លះបង់ទ្រព្យ និងស្រូវ ចូលទៅកាន់ផ្នួស។

កាលបើមានប្រស្នាដែលជនទាំងឡាយសួរដោយបំព្រួញ ខ្ញុំសម្តែងដោយពិស្តារ បំពេញអធ្យាស្រ័យនៃពួកជននោះ ខ្ញុំញុំាងព្រះសម្ពុទ្ធប្រសើរជាងសត្វជើងពីរ ឲ្យត្រេកអរ។ ព្រះសយម្ភូ ជាអគ្គបុគ្គល ព្រះអង្គមានព្យាយាមធំ ដែលខ្ញុំធ្វើឲ្យរីករាយហើយ ទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកច្ចាយនត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កច្ចាយនត្ថេរាបទាន។

កាឡុទាយិត្ថេរាបទាន ទី៤

(៤. កាឡុទាយិត្ថេរអបទានំ)

[៣៦] គ្រានោះ ព្រះបទុមុត្តរសម្ពុទ្ធ ព្រះអង្គជាច្បងក្នុងលោក មិនញាប់ញ័រដោយលោកធម៌ ស្តេចយាងតាមផ្លូវឆ្ងាយត្រាច់ទៅកាន់ចារិក។ ខ្ញុំកាន់ផ្កាឈូក ផ្កាឧប្បល ផ្កាម្លិះ ដែលរីកស្គុះស្គាយ ទាំងយកចង្ហាន់ដ៏ថ្លៃថ្លា បង្អោនទៅថ្វាយព្រះសាស្តា។ ព្រះសម្ពុទ្ធ ព្រះអង្គមានព្យាយាមធំ ទ្រង់ឆាន់ចង្ហាន់ដ៏ប្រសើរ ជាភោជនដ៏ល្អរួចហើយ ទ្រង់កាន់នូវផ្កាទាំងនោះ បង្ហាញដល់ប្រជុំជនថា

បុរសនោះ បានថ្វាយផ្កាឈូកណា ដល់តថាគត ផ្កាឈូកនេះ ដ៏ឧត្តម ជាទីប្រាថ្នា ជាទីត្រេកអរ (របស់ជន) ក្នុងលោក អំពើដែលគេធ្វើបានដោយកម្រ បុរសនោះ ក៏បានធ្វើហើយ។ បុរសណា បានបូជាផ្កា ទាំងថ្វាយចង្ហាន់ដ៏ប្រសើរដល់តថាគត តថាគតនឹងសម្តែងសរសើរបុរសនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ បុរសនោះនឹងបានសោយទេវរាជ្យ អស់ ១៨ ដង ឯផ្កាឧប្បល ផ្កាឈូក ផ្កាម្លិះ និងផ្កាដទៃក្រៅពីនោះ ដែលប្រកបដោយក្លិនដ៏ជាទិព្វ នឹងអណ្តែត ធ្វើឲ្យជាគ្រឿងប្រក់ឰដ៏អាកាសក្នុងខណៈនោះ ដោយផលនៃបុណ្យរបស់បុរសនោះ។ បុរសនោះ នឹងបានជាស្តេចចក្រពត្តិអស់ ២៥ ដង នឹងបានសោយរាជ្យលើផែនដី គ្រប់គ្រងផែនដីអស់ ៥០០ ដង។ កន្លងទៅមួយសែនកប្ប នឹងមានព្រះសាស្តា ព្រះនាមគោតម ទ្រង់កើតក្នុងឱក្កាកត្រកូល ត្រាស់ដឹងក្នុងលោក។ បុរសនោះ មានកម្មរបស់ខ្លួនប្រារព្ធហើយ មានកុសលមូលដាស់តឿនហើយ នឹងបានកើតជាព្រះញាតិផៅពង្ស ជាអ្នកញុំាងពួកសក្យៈឲ្យកើតសេចក្តីត្រេកអរ។ លុះកាលជាខាងក្រោយមក បុរសនោះនឹងចេញបួស ត្រូវកុសលមូលដាស់តឿន កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិញ្វន។ ព្រះគោតម ព្រះអង្គជាផៅពង្សនៃសត្វលោក នឹងតាំងភិក្ខុនោះ ដែលដល់បដិសម្ភិទាហើយ មានសោឡសកិច្ចធ្វើរួចហើយ ជាអ្នកមិនមានអាសវៈ ក្នុងទីជាឯតទគ្គៈ។ ភិក្ខុនោះតាំងព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន មានចិត្តស្ងប់រម្ងាប់ មិនមានឧបធិ មាននាមថាឧទាយិ នឹងបានជាសាវ័ករបស់ព្រះសាស្តាអង្គនោះ។

ខ្ញុំកម្ចាត់បង់រាគៈ ទោសៈ មោហៈ មានះ និងមក្ខៈ កំណត់ ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ មួយវិញទៀត ខ្ញុំមានព្យាយាម មានប្រាជ្ញាចាស់ បានញុំាងព្រះសម្ពុទ្ធឲ្យត្រេកអរ ឯព្រះសម្ពុទ្ធ ដែលខ្ញុំបានធ្វើឲ្យជ្រះថ្លាហើយ ទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកាឡុទាយិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កាឡុទាយិត្ថេរាបទាន។

មោឃរាជត្ថេរាបទាន ទី៥

(៥. មោឃរាជត្ថេរអបទានំ)

[៣៧] កាលនោះ ព្រះមានព្រះភាគព្រះនាមអត្ថទស្សី ជាព្រះសយម្ភូ ឥតមានបុគ្គលផ្ចាញ់បាន មានភិក្ខុសង្ឃចោមរោម ស្តេចយាងទៅតាមថ្នល់។ ខ្ញុំមានពួកសិស្សហែហមដើរចេញអំពីផ្ទះ លុះចេញទៅ ក៏បានឃើញព្រះលោកនាយកត្រង់ទីនោះ។ ខ្ញុំធ្វើអញ្ជលីលើសិរ្សៈ ថ្វាយបង្គំព្រះសម្ពុទ្ធ ញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយពោលសរសើរព្រះលោកនាយកថា ពួកសត្វមានរូបក្តី ឥតរូបក្តី ឥតសញ្ញាក្តី ទាំងប៉ុន្មាន ពួកសត្វទាំងអស់នោះ តែងប្រជុំចុះខាងក្នុងញាណរបស់ព្រះអង្គ។ បុគ្គលណា បិទបាំងទឹកដោយសំណាញ់ មានក្រឡាញឹក ពួកសត្វណាមួយនៅក្នុងទឹក ពួកសត្វទាំងនោះ រមែងមាននៅខាងក្នុងសំណាញ់ (របស់បុគ្គលនោះដូចម្តេចមិញ)។ សត្វទាំងឡាយណា ដែលមានចេតនា ទោះបីមានរូបក្តី ឥតរូបក្តី ពួកសត្វទាំងអស់នោះ រមែងប្រជុំចុះខាងក្នុងញាណរបស់ព្រះអង្គ (ដូច្នោះដែរ)។ ព្រះអង្គស្រោចស្រង់សត្វលោកនេះ ដែលច្រឡូកច្រឡំដោយងងឹត សត្វទាំងនោះស្តាប់នូវធម៌របស់ព្រះអង្គហើយ ឆ្លងនូវខ្សែទឹកគឺសេចក្តីសង្ស័យបាន។ សត្វលោកមានអវិជ្ជារួបរឹត មានងងឹតគ្របសង្កត់ហើយ នឹងកម្ចាត់ងងឹតទាំងឡាយ ព្រោះញាណរបស់ព្រះអង្គដែលទ្រោលឡើង។ ព្រះអង្គមានចក្ខុ បន្ទោបង់នូវងងឹតធំរបស់សត្វទាំងពួង ជនជាច្រើន លុះស្តាប់ធម៌របស់ព្រះអង្គហើយ នឹងបានសម្រេចព្រះនិញ្វន។ ខ្ញុំញុំាងភោជនឲ្យពេញ ដោយឃ្មុំផ្លិតដែលឥតមេ ហើយទ្រដោយដៃទាំងពីរ បង្អោនចូលទៅថ្វាយព្រះមហេសី។ ព្រះពុទ្ធជាមហាឥសី ព្រះអង្គមានព្យាយាមធំ ទ្រង់ទទួលដោយព្រះហស្តរបស់ព្រះអង្គ ព្រះសព្វញ្ញូ ទ្រង់សោយនូវឃ្មុំនោះរួចហើយ ស្តេចហោះឡើងកាន់អាកាសវេហាស៍។ ព្រះសាស្តា ព្រះនាមអត្ថទស្សី ជានរាសភៈ ឋិតនៅឰដ៏អាកាស ទ្រង់ញុំាងចិត្តរបស់ខ្ញុំឲ្យជ្រះថ្លា ហើយត្រាស់គាថាទាំងឡាយនេះថា

កុលបុត្រណា សរសើរញាណនេះផង សរសើរព្រះពុទ្ធដ៏ប្រសើរផង កុលបុត្រនោះ នឹងមិនទៅកាន់ទុគ្គតិដោយចិត្តដែលជ្រះថ្លានោះ។ កុលបុត្រនោះ នឹងបានសោយទេវរាជ្យ អស់ ៦៤ ដង នឹងបានសោយប្រទេសរាជ្យ គ្រប់គ្រងផែនដី អស់ ៨០០ ដង នឹងបានជាស្តេចចក្រពត្តិ អស់ ៥០០ ដង។ កុលបុត្រនោះ នឹងបានសោយប្រទេសរាជ្យលើផែនដី អស់មួយអសង្ខេយ្យ ជាអ្នកស្វាធ្យាយមន្ត ចងចាំមន្ត ដល់នូវត្រើយនៃវេទទាំង ៣។ កុលបុត្រនោះនឹងបួសក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមគោតម នឹងពិចារណានូវអត្ថដ៏ល្អិតជ្រាលជ្រៅដោយញាណបាន។ កុលបុត្រនោះ មាននាមថាមោឃរាជ នឹងបានជាសាវ័ករបស់ព្រះសាស្តាអង្គនោះ ជាអ្នកបរិបូរដោយវិជ្ជា ៣ មានសោឡសកិច្ចធ្វើរួចហើយ ជាអ្នកមិនមានអាសវៈ។ ព្រះគោតម ជាអ្នកដឹកនាំពួកដ៏ប្រសើរ នឹងតាំងភិក្ខុនោះក្នុងទីជាឯតទគ្គៈ។

ខ្ញុំលះបង់នូវយោគធម៌ ជារបស់នៃមនុស្ស កាត់ផ្តាច់នូវចំណងក្នុងភពហើយ កំណត់ដឹងនូវអាសវៈទាំងពួង ទាំងជាអ្នកមិនមានអាសវៈ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះមោឃរាជត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មោឃរាជត្ថេរាបទាន។

អធិមុត្តកត្ថេរាបទាន ទី៦

(៦. អធិមុត្តត្ថេរអបទានំ)

[៣៨] កាលព្រះលោកនាថ ព្រះនាមអត្ថទស្សី ព្រះអង្គប្រសើរជាងពួកនរៈ បរិនិញ្វនហើយ ខ្ញុំមានចិត្តជ្រះថ្លា និមន្តភិក្ខុសង្ឃ លុះនិមន្តព្រះសង្ឃរត្ន ដែលមានសន្តានត្រង់ មានចិត្តតម្កល់មាំហើយ ខ្ញុំធ្វើមណ្ឌបដោយដើមអំពៅ បាននិមន្តព្រះសង្ឃដ៏ប្រសើរឲ្យឆាន់។ ខ្ញុំទៅចាប់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ខ្ញុំគ្របសង្កត់នូវពួកសត្វទាំងអស់ នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ១.៨០០ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យអំពៅ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអធិមុត្តកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អធិមុត្តកត្ថេរាបទាន។

លសុណទាយកត្ថេរាបទាន ទី៧

(៧. លសុណទាយកត្ថេរអបទានំ)

[៣៩] គ្រានោះ ខ្ញុំកើតជាតាបស នៅជិតព្រៃហិមពាន្ត ចិញ្ចឹមជីវិត (អាស្រ័យ) នឹងការដាំខ្ទឹម ខ្ទឹមជាភោជនរបស់ខ្ញុំ។ ខ្ញុំបានរែកខ្ទឹមពេញមួយអម្រែក ទៅកាន់អារាមរបស់សង្ឃ ខ្ញុំមានចិត្តរីករាយ បានប្រគេនខ្ទឹមដល់សង្ឃដោយចិត្តរីករាយ។ ខ្ញុំបានប្រគេនខ្ទឹមដល់ព្រះសង្ឃ ដែលមិនត្រេកអរនឹងកាម ក្នុងសាសនានៃព្រះពុទ្ធ ព្រះនាមវិបស្សី ទ្រង់ប្រសើរជាងពួកនរៈ ខ្ញុំរីករាយក្នុងឋានសួគ៌អស់មួយកប្ប។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានប្រគេនខ្ទឹម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃខ្ទឹមទាំងឡាយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះលសុណទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ លសុណទាយត្ថេរាបទាន។

អាយាតទាយកត្ថេរាបទាន ទី៨

(៨. អាយាគទាយកត្ថេរអបទានំ)

[៤០] កាលព្រះលោកនាថ ព្រះនាមសិខី ព្រះអង្គប្រសើរជាងពួកអ្នកប្រាជ្ញ បរិនិញ្វនហើយ ខ្ញុំរីករាយ បានថ្វាយបង្គំព្រះស្តូបដ៏ប្រសើរដោយចិត្តរីករាយ។ កាលនោះ ខ្ញុំបានឲ្យជាងឈើនិយាយកាត់ថ្លៃ ហើយឲ្យថ្លៃ ខ្ញុំរីករាយឲ្យជាងឈើធ្វើរោងសំណាក់ ដោយចិត្តរីករាយ។ ខ្ញុំនៅជាប់មិនដាច់ក្នុងទេវលោក អស់ ៨ កប្ប ខ្ញុំអន្ទោលទៅរាត់រាយក្នុងកប្បដ៏សេស។ ពិសមិនជ្រាបទៅក្នុងកាយ ទាំងគ្រឿងសស្ត្រាក៏មិនមុតខ្ញុំ ខ្ញុំមិនស្លាប់ក្នុងទឹក នេះជាផលនៃរោងសំណាក់។ បើខ្ញុំប្រាថ្នាទឹកភ្លៀង មហាមេឃក៏បង្អុរភ្លៀងមក ទាំងពួកទេវតា តែងលុះអំណាចរបស់ខ្ញុំ នេះជាផលនៃបុញ្ញកម្ម។ ខ្ញុំបរិបូណ៌ដោយកែវ ៧ ប្រការ អស់ ៣០ ដង ពួកជនណាមួយមិនមើលងាយខ្ញុំឡើយ នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យជាងធ្វើរោងសំណាក់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃរោងសំណាក់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអាយាតទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អាយាតទាយកត្ថេរាបទាន។

ធម្មចក្កិកត្ថេរាបទាន ទី៩

(៩. ធម្មចក្កិកត្ថេរអបទានំ)

[៤១] ធម្មចក្កដ៏វិចិត្រល្អ ដែលអ្នកប្រាជ្ញសរសើរហើយ ខ្ញុំបានតម្កល់ទុកខាងមុនសីហាសនៈ របស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ។ ខ្ញុំមានយាន និងពលពាហនៈ រមែងរុងរឿងដោយវណ្ណៈ ៤ យ៉ាង ពួកជនដ៏ច្រើន ដើរតាមហែហមខ្ញុំជានិច្ច។ ខ្ញុំមានតូរ្យតន្ត្រី ៦០.០០០ ហែហមសព្វកាល ខ្ញុំរមែងល្អដោយបរិវារ នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានតម្កល់ទុកនូវចក្ក ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃធម្មចក្ក។ ក្នុងកប្បទី ១១ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៨ ដង ព្រះនាមសហស្សរាជដូចគ្នា ជាធំជាងជនមានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះធម្មចក្កិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ធម្មចក្កិកត្ថេរាបទាន។

កប្បរុក្ខិយត្ថេរាបទាន ទី១០

(១០. កប្បរុក្ខិយត្ថេរអបទានំ)

[៤២] ខ្ញុំបានដាំនូវដើមកប្បព្រឹក្សមួយដើម ព្រមទាំងព្យួរនូវសំពត់ដ៏វិចិត្រទាំងឡាយ នៅខាងមុខនៃព្រះស្តូបដ៏ប្រសើរ របស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ។ ខ្ញុំទៅចាប់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស សឹងមានដើមកប្បព្រឹក្សដ៏ល្អប្រតិស្ថានទៀបមាត់ទ្វារផ្ទះនៃខ្ញុំ។ យើងទាំងឡាយ គឺខ្ញុំផង បរិស័ទផង ពួកជនណានីមួយដែលមានឆ្នាំស្មើគ្នានឹងខ្ញុំផង តែងកាន់យកសំពត់ អំពីដើមកប្បព្រឹក្សនោះមកស្លៀកដណ្តប់ ក្នុងកាលនោះ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំដាំដើមឈើក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃដើមកប្បព្រឹក្ស។ ក្នុងកប្បទី ៧ អំពីកប្បនេះ ខ្ញុំបានជាក្សត្រិយ៍ចក្រពត្តិ ៨ ដង ព្រះនាមសុចេលៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទាំងមានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកប្បរុក្ខិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កប្បរុក្ខិយត្ថេរាបទាន។

ឧទ្ទាន

កុណ្ឌធានត្ថេរ ១ សាគតត្ថេរ ១ កច្ចាយនត្ថេរ ១ កាឡុទាយិត្ថេរ ១ មោឃរាជត្ថេរ ១ អធិមុត្តកត្ថេរ ១ លសុណទាយកត្ថេរ ១ អាយាតទាយកត្ថេរ ១ ធម្មចក្កិកត្ថេរ ១ កប្បរុក្ខិយត្ថេរ ១ ជាគម្រប់ ១០ មាន គាថា ១១២។

ចប់ កុណ្ឌធានវគ្គ ទី៤។

 

លេខយោង

km/tipitaka/sut/kn/apd/sut.kn.apd.04.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann