តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » អសីតិនិបាតជាតក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat 532 បាលី cs-km: sut.kn.jat.532 អដ្ឋកថា: sut.kn.jat.532_att PTS: ?
សោណនន្ទជាតក ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៥៣២. សោណនន្ទជាតកំ (២))
[១៣៤] (ព្រះរាជាព្រះនាមមនោជៈ ត្រាស់សួរថា) លោកជាទេវតា ឬជាគន្ធព្វ ជាសក្កបុរិន្ទទៈ ឬជាមនុស្សមានឫទ្ធិ ធ្វើដូចម្តេច យើងនឹងស្គាល់លោកបាន។
[១៣៥] (តាបសឈ្មោះនន្ទបណ្ឌិតពោលថា) អាត្មាភាព មិនមែនជាទេវតា មិនមែនជាគន្ធព្វ មិនមែនជាសក្កបុរិន្ទទៈទេ អាត្មាភាពជាមនុស្សមានឫទ្ធិ បពិត្រព្រះរាជា ទ្រទ្រង់នូវភារៈ (ដែន) សូមព្រះអង្គជ្រាបយ៉ាងនេះចុះ។
[១៣៦] (ព្រះបាទមនោជៈ…) ការខ្វល់ខ្វាយបំរើ មានភាពដែលលោកដ៏ចំរើនធ្វើហើយ នេះជាការមិនមែនតិច កាលដែលភ្លៀងកំពុងធ្លាក់ចុះ លោកដ៏ចំរើនអាចធ្វើមិនឲ្យមានភ្លៀងបាន។ តអំពីនោះមក លោកដ៏ចំរើនអាចធ្វើឲ្យម្លប់ដ៏ត្រជាក់បាន ក្នុងទីមានខ្យល់ និងកំដៅថ្ងៃដ៏ខ្លាំង តពីនោះមក លោកដ៏ចំរើនអាចធ្វើគ្រឿងការពារព្រួញ ក្នុងកណ្តាលនៃសត្រូវទាំងឡាយបាន។ តពីនោះមក លោកដ៏ចំរើនអាចធ្វើដែនទាំងឡាយ ដ៏សម្បូណ៌ (និង) អ្នកដែនទាំងនោះឲ្យលុះក្នុងអំណាច (របស់យើងខ្ញុំ) តពីនោះមក លោកដ៏ចំរើនអាចធ្វើក្សត្រិយ៍ ១០១ ឲ្យជាចំណុះ (នៃយើងខ្ញុំបាន)។ យើងខ្ញុំត្រេកអរនឹងលោកដ៏ចំរើន លោកចង់បានរតនៈ (ណា) ចូរទទួលយករតនៈនោះចុះ យើងខ្ញុំប្រគេនយានដំរី រថ សេះ ពួកនាងនារីដែលប្រដាប់ស្រេច ទាំងលំនៅគួរឲ្យត្រេកអរទាំងឡាយដល់លោកដ៏ចំរើន។ មួយទៀត យើងខ្ញុំប្រគេនដែនអង្គៈ ឬមគធៈ ដល់លោកដ៏ចំរើន មួយទៀត យើងខ្ញុំសប្បាយចិត្ត ប្រគេនដែនអស្សកៈ ឬដែនអវន្តិដល់លោក។ យើងខ្ញុំប្រគេនរាជ្យពាក់កណ្តាល ដល់លោកដ៏ចំរើន បើលោកត្រូវការដោយរាជ្យ លោកចង់បានរបស់ណា សូមត្រួតត្រារបស់នោះចុះ។
[១៣៧] (នន្ទបណ្ឌិតតាបស…) អាត្មាភាព មិនត្រូវការដោយរាជ្យ ដោយនគរ ឬដោយទ្រព្យ ទាំងមិនត្រូវការដោយជនបទទេ។
[១៣៨] ក្នុងព្រៃក្នុងដែនជាអាណាខែត្ររបស់ព្រះអង្គដ៏ចំរើន មានអាស្រមមួយ បិតាមាតារបស់អាត្មាភាពទាំងពីរនាក់ នៅក្នុងអាស្រមនោះ។ អាត្មាភាពមិនបានធ្វើបុណ្យ ចំពោះបុព្វាចារ្យទាំងនោះ យើងធ្វើព្រះអង្គដ៏ចំរើនឲ្យប្រសើរលើសលុប ឲ្យសូមនូវការរួបរួមជាមួយនឹងសោណបណ្ឌិតតាបស។
[១៣៩] (ព្រះរាជា…) បពិត្រព្រាហ្មណ៍ ខ្ញុំធ្វើតាមពាក្យរបស់លោកដែលលោកពោលនឹងខ្ញុំ សូមលោកប្រាប់ហេតុនោះ ដល់យើងខ្ញុំ តើឲ្យពួកជនប៉ុន្មាននាក់ ជាអ្នកជួយ អង្វរករ។
[១៤០] (នន្ទបណ្ឌិតតាបស…) ពួកគហបតីមហាសាលជាងមួយរយ ពួកព្រាហ្មណ៍មហាសាលជាងមួយរយ និងពួកក្សត្រិយ៍ទាំងអស់ ដែលមានជាតិដ៏ខ្ពស់ មានយសនេះ ទាំងព្រះបាទមនោជៈដ៏ចំរើន ទើបល្មមជាអ្នកជួយអង្វរករ។
[១៤១] (ព្រះរាជា…) ពួកអ្នករក្សាដំរី ពួកអ្នករក្សាសេះ ចូរនាំគ្នាចាត់ចែងនូវពួកដំរី ពួកសេះ ម្នាលសារថី អ្នកចូរជ្រាមរថ អ្នកទាំងឡាយ ចូរយកគ្រឿងប្រដាប់សម្រាប់ចង (ឯដំរីសេះរថ) ជនទាំងឡាយ ចូរលើកទង់ជ័យ ត្រង់ជើងទង់ជ័យដែលដំកល់លើរថ អញនឹងទៅកាន់អាស្រមជាទីនៅនៃកោសិយគោត្ត។
[១៤២] (អភិសម្ពុទ្ធគាថា) លំដាប់ពីនោះមក ព្រះរាជាបានយាងទៅដោយសេនាប្រកបដោយអង្គ ៤ ទ្រង់ស្តេចទៅកាន់អាស្រម ជាទីរីករាយ ជាទីនៅនៃកោសិយគោត្ត។
[១៤៣] (ព្រះបាទមនោជៈ…) ដងរែក ជាវិការៈនៃឈើក្ទម្ពរបស់អ្នកណា ដែលទៅដងទឹក ហើយមិនប៉ះពាល់ស្មា ទៅលើអាកាសចំនួន ៤ ធ្នាប់។
[១៤៤] (ព្រះមហាសត្ត…) បពិត្រមហារាជ អាត្មាភាពជាតាបសឈ្មោះសោណៈ ប្រកបដោយវត្ត មិនខ្ជិលច្រអូស ចិញ្ចឹមមាតាបិតា ទាំងយប់ទាំងថ្ងៃ។ បពិត្រព្រះអង្គជាម្ចាស់នៃទិស អាត្មាភាព រលឹកឃើញឧបការៈដែលមាតាបិតាធ្វើក្នុងកាលមុន ហើយក៏យកផ្លែឈើ និងមើមឈើក្នុងព្រៃ មកចិញ្ចឹមមាតាបិតា។
[១៤៥] (ព្រះរាជា…) យើងខ្ញុំចង់ទៅកាន់អាស្រម ជាទីនៅរបស់កោសិយគោត្ត បពិត្រព្រះសោណៈ សូមលោកម្ចាស់ប្រាប់ផ្លូវដល់យើង យើងនឹងទៅកាន់អាស្រម។
[១៤៦] (ព្រះមហាសត្ត…) បពិត្រព្រះរាជា ផ្លូវដើរចុះតែជើង ១ នេះ មានព្រៃ មានពណ៌ដូចជាផ្ទៃមេឃ ដ៏ដេរដាសដោយដើមរលួសផ្អុងនុ៎ះ ជាទីនៅរបស់កោសិយគោត្ត។
[១៤៧] (អភិសម្ពុទ្ធគាថា) លុះមហាឥសីពោលពាក្យនេះទូលប្រាប់ពួកក្សត្រិយ៍ហើយ ប្រញាប់ប្រញាល់ចៀសចេញទៅ (កាន់ស្រះអនោតត្ត) តាមអាកាសវេហាស៍ មហាឥសី ក៏បោសសំអាតអាស្រម រៀបចំអាសនៈ ចូលទៅកាន់បណ្ណសាលាហើយជំរាបបិតាឲ្យជ្រាបថា បពិត្រមហាឥសី ព្រះរាជាទាំងនេះ មានជាតិខ្ពស់ មានយស យាងមក សូមព្រះបិតាចេញអំពីអាស្រមមកគង់ចាំទទួល។ មហាឥសី ឮពាក្យនោះរបស់កូននោះហើយ ក៏ប្រញាប់ប្រញាល់ ចេញអំពីអាស្រម មកអង្គុយជិតទ្វារ។
[១៤៨] កោសិយគោត្តតាបស បានឃើញស្តេចនោះ ដូចជារុងរឿងដោយតេជះ មានពួកក្សត្រិយ៍ហែហម កំពុងយាងមក ហើយបានពោលពាក្យនេះថា ស្គរ សម្ភោរ ស័ង្ខ ស្គរតូច និងមហោរធិករបស់អ្នកណាញ៉ាំងសេ្តចជាបុគ្គលប្រសើរលើរថ ឲ្យរីករាយទៅខាងមុខ។ (ទីបំផុតថ្ងាស) នៃអ្នកណា (បិទបាំង) ដោយដំបារមាសដ៏ធំ មានព័ណ៌ដូចជាផ្លេកបន្ទោរ ប្រុសកំឡោះណា សៀតបំពង់ព្រួញ រុងរឿងដោយសិរី ហើយដើរមក។ អ្នកណាមានមុខរុងរឿងភ្លឺចាំង ដូចជាមាសភ្លឺចិញ្ចាចត្រង់មាត់បាវ ស្រដៀងនឹងរងើកភ្លើងនៃឧសគគីរ រុងរឿងដោយសិរី ហើយដើរមក។ អ្នកណាបាំងឆ័ត្រ ព្រមទាំងឆ្អឹង ជាទីរីករាយនៃចិត្ត ការពាររស្មីព្រះអាទិត្យ អ្នកណារុងរឿងដោយសិរី ហើយដើរមក។ ពួកជនបិទបាំងជុំវិញខ្លួននៃអ្នកណា ដែលមានបុណ្យដ៏ប្រសើរ កំពុងជិះលើ ក នៃដំរី ដោយផ្លិតរោមសត្វដ៏ឧត្តម ហើយដើរទៅ។ ពួកឆ័ត្រស និងពួកអាជានេយ្យ ប្រដាប់ដោយក្រោះខ្នាន់ខ្នាប់ជុំវិញនៃអ្នកណា អ្នកណារុងរឿងដោយសិរី ហើយដើរមក។ ពួកក្សត្រិយ៍មួយរយមួយ សុទ្ធតែមានយសជាស្តេចចំណុះ ដើរហែហមជុំវិញនៃអ្នកណា អ្នកណារុងរឿងដោយសិរី ដើរមក។ ពួកសេនាប្រកបដោយអង្គ ៤ គឺដំរី ១ សេះ ១ រថ ១ ពលថ្មើរជើង ១ ដើរហែហមជុំវិញ (នៃអ្នកណា) អ្នកណារុងរឿងដោយសិរី ដើរមក។ សេនាដ៏ធំនេះ មិនមានអ្នកណាមួយឲ្យរំភើបបាន មិនមានទីបំផុត ដូចជារលកនៃសាគរ ប្រព្រឹត្តទៅតាមខាងក្រោយនៃអ្នកណា។
[១៤៩] (ព្រះមហាសត្ត…) ព្រះបាទមនោជៈ ជាព្រះរាជាប្រសើរជាងពួកព្រះរាជា ដូចជាព្រះឥន្ទ្រជាធំជាងពួកទេវតា ក្នុងឋានត្រៃត្រឹង្ស ដែលមានជ័យជំនះ បានដល់នូវភាពជាបរិស័ទនៃនន្ទតាបស មកកាន់អាស្រមនៃពួកព្រហ្មចារីបុគ្គល (ដើម្បីខមាទោសនឹងយើង)។ សេនាដ៏ធំនេះ មិនមានអ្នកណាមួយឲ្យរំភើបបាន មិនមានទីបំផុតដូចជារលក នៃសាគរ ប្រព្រឹត្តទៅតាមខាងក្រោយនៃព្រះបាទមនោជៈនោះ។
[១៥០] (អភិសម្ពុទ្ធគាថា) ពួកព្រះរាជាទាំងអស់ លាបស្រឡាបដោយខ្លឹមចន្ទន៍ ទ្រង់កាសិកព័ស្រ្តដ៏ឧត្តម បានផ្គងអញ្ជលីចូលទៅរកពួកឥសី។
[១៥១] (ព្រះបាទមនោជៈ…) លោកដ៏ចំរើនមានសេចក្តីសុខស្រួលទេឬ លោកដ៏ចំរើនមានអនាម័យទេឬ លោកទាំងឡាយចិញ្ចឹមជីវិតដោយការស្វែងរកឬ មើមឈើ និងផ្លែឈើ មានច្រើនដែរឬ។ ពួករបោម មូស ពស់ មានតិចតួចដែរឬ ក្នុងព្រៃដ៏ដេរដាសដោយម្រឹគសាហាវ មិនបៀតបៀនទេឬ។
[១៥២] (កោសិយគោត្ត…) បពិត្រព្រះរាជា អាត្មាភាព មានសេចក្តីស្រួលទេ បពិត្រព្រះរាជា មួយទៀត អាត្មាភាព មិនមានសេចក្តីឈឺចាប់ទេ អាត្មាភាព ចិញ្ចឹមជីវិតដោយការស្វែងរក (ផលាផល) ស្រួលទេ ទាំងមើមឈើ និងផ្លែឈើក៏មានច្រើន។ មួយទៀត ពួករបោម មូស ពស់ ក៏មានតិចតួចទេ ក្នុងព្រៃដ៏ដេរដាសដោយម្រឹគសាហាវ ក៏មិនបៀតបៀនអាត្មាភាពទេ។ អាត្មាភាព មកនៅក្នុងអាស្រមនេះ អស់ប្រជុំនៃឆ្នាំជាច្រើន មិនដែលស្គាល់អាពាធ មិនជាទីត្រេកអរនៃចិត្តកើតឡើងទេ។ បពិត្រមហារាជ ព្រះអង្គយាងមកល្អហើយ មួយទៀត ព្រះអង្គមិនមែនយាងមកអាក្រក់ទេ ព្រះអង្គជាឥស្សរៈ យាងមកដល់ហើយ វត្ថុមានក្នុងទីនេះ សូមព្រះអង្គមានព្រះបន្ទូល។ បពិត្រព្រះរាជា សូមព្រះអង្គសោយផ្លែទន្លាប់ ផ្លែទ្រយឹង ផ្លែស្រគំ ផ្លែមាក់ដោក មានរសឆ្ងាញ់ពិសា ដូចជាទឹកឃ្មុំ។ ទឹកត្រជាក់នេះ អាត្មាភាព បានដងមកអំពីជ្រោះភ្នំ បពិត្រមហារាជ សូមព្រះអង្គសោយទឹកនោះចុះ ប្រសិនបើទ្រង់ត្រូវការ។
[១៥៣] (ព្រះរាជា…) របស់ណាដែលលោកឲ្យហើយ (របស់នោះ) ឈ្មោះថា យើងខ្ញុំទទួលហើយ ទាំងបានធ្វើឲ្យជាជំនូនដល់ជនទាំងពួង លោកទាំងឡាយ ចូរស្តាប់ពាក្យនន្ទបណ្ឌិតតាបស លោកនឹងនិយាយឥឡូវនេះ ពួកយើងជាបរិស័ទនៃនន្ទបណ្ឌិតតាបស បានមកកាន់សំណាក់នៃលោកដ៏ចំរើន សោណបណ្ឌិតដ៏ចំរើន ចូរស្តាប់ពាក្យនៃខ្ញុំផង នៃបរិស័ទរបស់នន្ទបណ្ឌិតតាបសផង។
[១៥៤] (នន្ទបណ្ឌិតតាបស…) ពួកគហបតីមហាសាល ជាងមួយរយ ពួកព្រាហ្មណ៍មហាសាលជាងមួយរយ និងពួកក្សត្រិយ៍ទាំងអស់ ដែលមានជាតិខ្ពស់ មានយសនេះ ទាំងព្រះបាទមនោជៈដ៏ចំរើន សូមជ្រាបតាមសំដីរបស់អាត្មាភាពចុះ។ ពួកជនដែលមកជួបជុំគ្នា ពួកយក្ស ពួកភូត និងទេវតា ក្មេងមានក្នុងអាស្រមក្នុងព្រៃនេះ ចូរស្តាប់នូវពាក្យរបស់អាត្មា។ អាត្មាធ្វើនមស្ការដល់ពួកភូតហើយ នឹងនិយាយចំពោះឥសី (ឈ្មោះសោណបណ្ឌិត) ដែលមានវត្តល្អថា ខ្ញុំនោះហើយ ដែលកោសិយគោត្តសន្មតថា ជាដើមដៃស្តាំរបស់លោក។ បពិត្រអ្នកមានព្យាយាម ការទំនុកបំរុងមាតាបិតានេះ ជាបុណ្យរបស់ខ្ញុំដែលជាអ្នកប្រាថ្នាចិញ្ចឹមមាតា និងបិតារបស់ខ្ញុំ បពិត្រព្រះកោសិយៈ សូម លោកកុំឃាត់ខ្ញុំឡើយ។ ការទំនុកបំរុងមាតាបិតានុ៎ះ ពួកសប្បុរសបានដឹងហើយ សូម លោកលះនូវការទំនុកបំរុងមាតាបិតានេះឲ្យដល់ខ្ញុំ លោកបានធ្វើ (កុសល) ដោយការ ខ្នះខ្នែងនឹងការបំរើយូរយារណាស់មកហើយ (ឥឡូវនេះ ខ្ញុំចង់ធ្វើ) បុណ្យទាំងឡាយ ដល់មាតា និងបិតា សូមលោកប្រគល់សួគ៌ទេវលោកដល់ខ្ញុំ។ បពិត្រឥសី លោកដឹងផ្លូវទៅកាន់សួគ៌ទេវលោកយ៉ាងណា ពួកមនុស្សក៏ដឹងចំណែកធម៌ក្នុងធម៌ ក៏យ៉ាងនោះដែរ។ កិរិយានាំមកនូវសេចក្តីសុខដល់មាតាបិតា ដោយការខ្នះខ្នែងនឹងការបំរើ ឥឡូវនេះ ជន (សោណបណ្ឌិត) ហាមឃាត់ខ្ញុំនោះចាកបុណ្យ ឈ្មោះថា ជាអ្នករារាំងផ្លូវដ៏ប្រសើរ (ឋានសួគ៌)។
[១៥៥] (ព្រះមហាសត្ត…) លោកដ៏ចំរើនទាំងឡាយ ដែលជាបរិស័ទនៃប្អូនរបស់ខ្ញុំ សូមស្តាប់ពាក្យរបស់ខ្ញុំ បពិត្រមហារាជ អ្នកណាមិនប្រព្រឹត្តធម៌ ចំពោះបុគ្គលជាច្បងទាំងឡាយ ញ៉ាំងប្រវេណីពីបុរាណឲ្យសាបសូន្យ អ្នកនោះរមែងទៅកើតក្នុងនរក។ បពិត្រព្រះអង្គជាម្ចាស់នៃទិស ពួកជនណាឈ្លាសវៃក្នុងធម៌ (ជេដ្ឋាបចាយនធម៌) ជាប្រវេណីអំពីបុរាណ ព្រមទាំងបរិបូណ៌ដោយសណ្តាប់ធ្នាប់ ពួកជននោះ រមែងមិនទៅកាន់ទុគ្គតិទេ។ បពិត្រព្រះអង្គជាអ្នកទ្រទ្រង់នូវបន្ទុក (ដែន) សូមព្រះអង្គជ្រាបយ៉ាងនេះថា មាតាបិតាបងប្អូនប្រុសស្រី ញាតិ និងផៅពង្សទាំងអស់នោះ ជាភារៈរបស់កូនច្បង។ បពិត្រព្រះអង្គជាបុគ្គលប្រសើរលើរថ អាត្មាភាពដូចជានាយសំពៅ អាចនាំយកនូវភារៈដ៏ធ្ងន់ អាត្មាភាពពុំប្រមាទនូវជេដ្ឋាបចាយនធម៌ទេ ព្រោះអាត្មាភាពជាច្បង។
[១៥៦] (ព្រះរាជាទាំងឡាយ…) ពួកយើងបានញាណដូចបុគ្គលបានអណ្តាតភ្លើងអំពីភ្លើង ក្នុងទីងងឹត កោសិយតាបសដ៏ចំរើនបានឆ្លុះបញ្ចាំងធម៌ដល់ពួកយើង យ៉ាងនេះឯង។ ព្រះអាទិត្យដែលបំភ្លឺនូវទ្រព្យ ធ្វើពន្លឺកាលរះឡើង តែងឆ្លុះបញ្ចាំងនូវរូបល្អ អាក្រក់ ដល់សត្វទាំងឡាយយ៉ាងណា កោសិយៈដ៏ចំរើនបានឆ្លុះបញ្ចាំងនូវធម៌ដល់ពួកយើង ក៏យ៉ាងនោះដែរ។
[១៥៧] (នន្ទបណ្ឌិតតាបស…) កាលបើខ្ញុំអង្វរយ៉ាងនេះហើយ លោកនៅតែមិនទទួលអញ្ជលី ខ្ញុំនឹងជាអ្នកប្រព្រឹត្តតាមពាក្យ ជាអ្នកប្រឹងបំរើលោក។
[១៥៨] (ព្រះមហាសត្ត…) ម្នាលនន្ទ អ្នកស្គាល់ច្បាស់នូវព្រះសទ្ធម្មដែលពួកសប្បុរសសំដែងហើយមែន អ្នកជាមនុស្សល្អ មានឫកពាល្អ ត្រូវចិត្តយើងហើយ។ ខ្ញុំសូមនិយាយនឹងបិតាដ៏ចំរើន នឹងបិតាដ៏ចំរើន សូមលោកទាំងឡាយស្តាប់ពាក្យរបស់ខ្ញុំ ភារៈនេះ មិនមែនគ្រាន់តែជាភារៈរបស់ខ្ញុំក្នុងកាលម្តងៗ ទេ។ នន្ទៈធ្វើនូវខ្ញុំដែលជាអ្នកបំរើ នាំមកនូវសេចក្តីសុខដល់មាតា និងបិតានោះ ឲ្យជាធំ ហើយសូមដើម្បីការបំរើដែរ។ បណ្តា (មាតា និងបិតា) ជាព្រហ្មចារី បើលោកណាម្នាក់ចង់បាន សូមលោកទទួលយកនន្ទៈ តាមប្រាថ្នាចុះ តើឲ្យនន្ទៈបំរើលោកណា។
[១៥៩] (មាតា…) នែសោណៈកូន យើងអាស្រ័យនឹងអ្នក អ្នកអនុញ្ញាតហើយ គួរបានដើម្បីចូលទៅថើបក្បាលនន្ទៈ ជាព្រហ្មចារី។
[១៦០] ដួងហ្ឫទ័យរបស់ម្តាយរំជួល ព្រោះខានឃើញនន្ទៈអស់កាលយូរហើយ ដូចជាស្លឹកខ្ចីរបស់អស្សត្ថព្រឹក្សដែលត្រូវខ្យល់បក់។ វេលាណា ម្តាយដេកលក់ យល់សប្តិឃើញនន្ទៈមក ក៏មានចិត្តត្រេកអរ មានចិត្តរីករាយ (ដោយគិតថា) នន្ទៈរបស់យើងនេះ មកហើយ។ វេលាណា ម្តាយភ្ញាក់ឡើង មិនឃើញនន្ទៈមកទេ សេចក្តីសោក និងទោមនស្សជាច្រើន រឹងរឹតតែបណ្តាលឡើង។ យូរណាស់ហើយ ស្រាប់តែក្នុងថ្ងៃនេះ ម្តាយនោះឃើញនន្ទៈមកដល់ នន្ទៈជាទីស្រឡាញ់នៃស្វាមីរបស់ម្តាយផង នៃម្តាយផង បានចូលមកកាន់ផ្ទះរបស់ពួកយើង។ នន្ទៈជាទីស្រឡាញ់ក្រៃលែងរបស់បិតា កុំឲ្យនន្ទៈ ទៅបា្រសចាកអំពីផ្ទះ នែកូន ឯនន្ទៈ (ចង់បានអ្នកណា) ចូរបានអ្នកនោះចុះ នន្ទៈចូរបំរើនូវអញចុះ។
[១៦១] (ព្រះមហាសត្ត…) ម្នាលឥសី មាតាជាអ្នកឈឺឆ្អាល ជាទីពឹង ជាអ្នកឲ្យរស (ទឹកក្សីរ) ដល់ពួកយើងជាមុន ជាផ្លូវនៃសួគ៌ទេវលោក ចង់បានអ្នក។ មាតាជាអ្នកឲ្យរសជាមុន ជាអ្នកគ្រប់គ្រង ដែលយើងចូលទៅអាស្រ័យបុណ្យ ជាផ្លូវនៃសួគ៌ទេវលោក ម្នាលឥសី មាតាចង់បានអ្នក។
[១៦២] មាតា កាលប្រាថ្នាចង់បានផ្លែ គឺកូន រមែងនមស្ការទេវតា សួរនក្ខត្តឫក្សទាំងឡាយផង សួររដូវ និងឆ្នាំទាំងឡាយផង។ កាលមាតានោះ មានរដូវលាងស្អាតហើយ សត្វក៏ចុះមកកាន់គភ៌ស៊ប់ មាតាជាស្ត្រីមានសេចក្តីចាញ់ផ្ទៃដោយហេតុនេះ ព្រោះហេតុនោះ បានជាបណ្ឌិតហៅថា សុហទា (មានដួងហ្ឫទ័យល្អ)។ មាតារក្សា (ផ្ទៃ) អស់មួយឆ្នាំ ឬថយពីមួយឆ្នាំ ហើយប្រសូតបុត្រមក ព្រោះហេតុនោះ បានជាបណ្ឌិតហៅមាតានោះថា ជនយន្តីផង ជនេត្តីផង (អ្នកបង្កើតកូន)។ មាតាញ៉ាំងកូនដែលកំពុងយំឲ្យត្រេកអរ ដោយទឹកក្សីរផង ដោយការបំពេផង ដោយការឱបក្រសោបផង ព្រោះហេតុនោះ បានជាបណ្ឌិតហៅថា តោសេន្តី (អ្នកញ៉ាំងកូនឲ្យត្រេកអរ)។ តពីនោះមក មាតាធ្វើនូវសេចក្តីស្រឡាញ់រាប់អាន ហើយក្រឡេកមើលទារកដែលនៅពុំទាន់ដឹងក្តី ក្នុងទីមានខ្យល់ និងកំដៅថ្ងៃដ៏ពន្លឹក ព្រោះហេតុនោះ បានជាបណ្ឌិតហៅថា បោសេន្តី (អ្នកចិញ្ចឹមកូន)។ ទ្រព្យណាខាងមាតាផង ទ្រព្យណាខាងបិតាផង មាតាក៏គ្រប់គ្រងទ្រព្យទាំងពីរចំណែកដើម្បីកូននោះ (ដោយបំណងថា ទ្រព្យនេះ) ត្រូវមានដល់កូនរបស់យើង។ មាតារមែងលំបាកដោយការបង្ហាត់បង្រៀនកូនដូច្នេះថា ម្នាលកូន (ឯងចូរកុំប្រមាទក្នុងរាជត្រកូលជាដើម) យ៉ាងនេះ ម្នាលកូន (ឯងចូរធ្វើការ) ឯណោះ។ កាលបើកូនមានវ័យចំរើនឡើងហើយ មាតា (បានដឹង) កូននោះប្រមាទក្នុងប្រពន្ធរបស់អ្នកដទៃក្នុងពេលអធ្រាត្រ ហើយមិនមកក្នុងវេលាល្ងាច ក៏រមែងលំបាកចិត្តដូច្នេះ។ សត្វដែលមាតាចិញ្ចឹមដោយត្រដាបត្រដួសយ៉ាងនេះ ហើយមិនបំរើមាតា ប្រព្រឹត្តខុសក្នុងមាតានោះ តែងទៅកើតក្នុងនរក។ សត្វដែលបិតាចិញ្ចឹមដោយត្រដាបត្រដួសយ៉ាងនេះ ហើយមិនបំរើបិតា ប្រព្រឹត្តខុសក្នុងបិតានោះ តែងទៅកើតក្នុងនរក។ យើងបានឮមកថា សូម្បីតែទ្រព្យរបស់កូនអ្នកចង់បានទ្រព្យ តែងវិនាសទៅវិញ ឬកូននោះ រមែងក្រីក្រលំបាក ព្រោះមិនបំរើមាតា។ យើងបានឮមកថា សូម្បីតែទ្រព្យរបស់កូនអ្នកចង់បានទ្រព្យ តែងវិនាសទៅវិញ ឬកូននោះ រមែងក្រីក្រលំបាកព្រោះមិនបំរើបិតា។ បណ្ឌិតបំរើមាតា គប្បីបាននូវសុខនុ៎ះ គឺសេចក្តីត្រេកអររីករាយ ការសើចលេងសព្វៗកាល។ បណ្ឌិតបំរើបិតា គប្បីបាននូវសុខនុ៎ះ គឺសេចក្តីត្រេកអររីករាយ ការសើចលេងសព្វៗ កាល។ ទាន ១ វាចាជាទីស្រឡាញ់ ១ ការប្រព្រឹត្តិជាប្រយោជន៍ក្នុងលោកនេះ ១ ភាពនៃបុគ្គលមានខ្លួនប្រព្រឹត្តស្មើក្នុងជេដ្ឋាបចាយនធម៌នោះៗ តាមសមគួរ ១។ សង្គហធម៌ទាំង ៤ នុ៎ះឯង រមែងប្រព្រឹត្តទៅក្នុងលោក ដូចជាភ្លៅនៃកង់រថដែលវិលទៅ បើសង្គហធម៌ទាំងនុ៎ះមិនមានទេ មាតាមិនត្រូវបាននូវសេចក្តីរាប់អាន និងការបូជា ព្រោះហេតុនៃកូន ទាំងបិតា ក៏មិនត្រូវបាននូវសេចក្តីរាប់អាន និងការបូជា ព្រោះហេតុនៃកូន។ ពួកបណ្ឌិត រមែងឃើញដោយល្អនូវសង្គហធម៌ទាំងនុ៎ះ ព្រោះហេតុនោះ បណ្ឌិតទាំងនោះ រមែងដល់នូវភាពជាធំ ទាំងជាអ្នកគួរសរសើរ។ មាតាបិតា ជាអ្នកអនុគ្រោះដល់ពួកសត្វ គឺបុត្រ បណ្ឌិតហៅថា ព្រហ្មផង បុព្វាចារ្យផង អាហុនេយ្យៈផង របស់កូនទាំងឡាយ។ ព្រោះហេតុនោះ បណ្ឌិតគប្បីនមស្ការ ធ្វើសក្ការៈចំពោះមាតាបិតានោះ ដោយបាយ ទឹក សំពត់ ទីដេក គ្រឿងអប់ ដោយការផ្ងូត និងការលាងជើង។ បណ្ឌិតទាំងឡាយ រមែងសរសើរនូវបុគ្គលនោះ ព្រោះតែការបំរើចំពោះមាតាបិតានោះ លុះបុគ្គលនោះ លះលោកនេះទៅ រមែងរីករាយក្នុងឋានសួគ៌។
ចប់សោណនន្ទជាតក ទី២។
ឧទ្ទាននៃសត្តតិនិបាតនោះ គឺ
រឿងព្រះរាជាប្រសើរក្នុងក្រុងកុសាវតី ក្នុងនិបាតដ៏ប្រសើរគំរប់ចិតសិប និងរឿងសោណតាបស និងនន្ទតាបសដ៏ប្រសើរ ក្នុងសូត្រគំរប់ចិតសិប។
ចប់ សត្តតិនិបាត។