តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ចតុក្កនិបាតជាតក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat v04 01 បាលី cs-km: sut.kn.jat.v04.01 អដ្ឋកថា: sut.kn.jat.v04.01_att PTS: ?
កាលិង្គវគ្គ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. កាលិង្គវគ្គោ)
(៣០១. ចូឡកាលិង្គជាតកំ (៤-១-១))
[៥០២] (នន្ទសេនាមាត្យ ពោលថា) អ្នកទាំងឡាយ ចូរបើកទ្វារ ថ្វាយព្រះរាជធីតាទាំង ៤ ព្រះអង្គនេះ ដើម្បីស្ដេចចូលទៅខាងក្នុងព្រះនគរ ដែលខ្ញុំជាអាមាត្យឈ្មោះនន្ទិសេន ជាបុរសសីហៈរបស់ព្រះបាទអរុណ ដែលអាចារ្យប្រៀនប្រដៅល្អ រក្សាល្អហើយ។
[៥០៣] (ព្រះបាទកាលិង្គៈ ពោលថា) ម្នាលព្រហ្មចារិតាបស អ្នកពោលយ៉ាងនេះថា ជំនះនឹងមានដល់ពួកកាលិង្គៈ ដែលជាអ្នកអត់ធន់ចំពោះទុក្ខភ័យ ដែលគេអត់ធន់មិនបាន បរាជ័យនឹងមានដល់ពួកអស្សកៈដូច្នេះ ជនទាំងឡាយ អ្នកមានសន្ដានស្លូតត្រង់ មិនពោលនូវពាក្យមិនពិតឡើយ។
[៥០៤] (តាបសពោធិសត្វ ពោលថា) បពិត្រសក្កទេវរាជ ពួកទេវតាប្រព្រឹត្តកន្លងហើយនូវមុសាវាទ ព្រះអង្គគួរធ្វើនូវពាក្យពិតដ៏ទៀងទាត់យ៉ាងក្រៃលែង បពិត្រមឃវទេវរាជ ជាធំលើផែនដី ម្យ៉ាងទៀត ព្រះអង្គអាស្រ័យហេតុអ្វី ទើបពោលនូវពាក្យមុសាវាទនោះ។
[៥០៥] (ព្រះឥន្ទ្រ ពោលថា) បពិត្រព្រាហ្មណ៍ ក្រែងលោកបានឮពាក្យគេនិយាយថា ពពួកទេវតាមិនច្រណែនចំពោះសេចក្ដីព្យាយាមរបស់បុរសទេ ការទូន្មានខ្លួន ១ ការតម្កល់មាំ មិនបែកចិត្ត ១ ការមិនបន្ធូរបន្ថយ ការប្រឹងប្រែងក្នុងការគួរ ១ ព្យាយាមដ៏មាំ ១ ការសង្វាតរបស់បុរស ១ (មានដល់ពួកអស្សកៈ) ហេតុនោះ បានជាជ័យជំនះមានហើយ ដល់ពួកអស្សកៈ។
ចប់ ចុល្លកាលិង្គជាតក ទី១។
(៣០២. មហាអស្សារោហជាតកំ (៤-១-២))
[៥០៦] (ព្រះរាជាពោធិសត្វ ត្រាស់ថា) បុគ្គលណា កាលឲ្យចំពោះជនទាំងឡាយដែលមិនដែលឲ្យ (ដល់ខ្លួន) មិនឲ្យចំពោះជនទាំងឡាយដែលធ្លាប់ឲ្យ បុគ្គលនោះ បានដល់នូវសេចក្ដីវិនាស មិនបាននូវមិត្រសំឡាញ់ ក្នុងគ្រាមានសេចក្ដីអន្តរាយទាំងឡាយ។
[៥០៧] បុគ្គលណា មិនឲ្យទានចំពោះជនទាំងឡាយ ដែលមិនដែលឲ្យ បានឲ្យចំពោះជនទាំងឡាយដែលឲ្យ បុគ្គលនោះ ក៏ដល់នូវសេចក្ដីវិនាស មិនបាននូវសំឡាញ់ ក្នុងកាលមានសេចក្ដីអន្តរាយទាំងឡាយ។
[៥០៨] ការសំដែងនូវសេចក្ដីស្និទ្ធស្នាល និងការបរិភោគរួម ឲ្យវិសេសក្នុងពួកជនអ្នកមានធម៌មិនប្រសើរ ជាអ្នកអួតអាង ក៏រមែងវិនាស ម្យ៉ាងទៀត សូម្បីទានបន្តិចបន្តួច ដែលបុគ្គលធ្វើហើយ ចំពោះពួកព្រះអរិយៈផង ចំពោះពួកបុគ្គលអ្នកមានចិត្តស្លូតត្រង់ផង ជាទានមានផលច្រើន។
[៥០៩] បុគ្គលណា បានធ្វើឧបការៈដ៏ល្អទុកហើយ ក្នុងកាលមុន បុគ្គលនេះ ឈ្មោះថា បានធ្វើអំពើដែលគេធ្វើបានដោយក្រក្រៃពេកក្នុងលោក លុះដល់កាលជាខាងក្រោយ បុគ្គលនោះ ធ្វើ (គុណនីមួយដទៃទៀតក្ដី) មិនធ្វើក្ដី ក៏ឈ្មោះថាជាបុគ្គលគួរដល់កិរិយាបូជាដោយពិត។
ចប់ មហាអស្សារោហជាតក ទី២។
(៣០៣. ឯករាជជាតកំ (៤-១-៣))
[៥១០] (ព្រះបាទទុព្ភិសេន ទ្រង់ត្រាស់ថា) បពិត្រព្រះអង្គ ជាឯករាជ កាលពីដើម ព្រះអង្គនៅសោយកាមគុណទាំងឡាយ ជារបស់ស្ដុកស្ដម្ភ រកអ្វីប្រសើរជាងគ្មាន ឥឡូវនេះ ព្រះអង្គនោះ គេបោះទៅក្នុងរណ្ដៅក្រហេងក្រហូងហើយ នៅតែមិនលះបង់នូវពណ៌សម្បុរ និងកម្លាំងពីដើម។
[៥១១] (ព្រះបាទពារាណសី ពោលថា) បពិត្រព្រះបាទទុព្ភិសេន សេចក្ដីអត់ធន់ក្ដី សេចក្ដីប្រព្រឹត្តិតបៈក្ដី ខ្ញុំមានបំណងទុកហើយពីមុន បពិត្រមហារាជ ឥឡូវនេះ ខ្ញុំបានសម្រេចនូវសេចក្ដីប្រាថ្នានោះហើយ តើគប្បីលះបង់នូវពណ៌សម្បុរ និងកំឡាំងពីដើមដូចម្ដេចកើត។
[៥១២] (ទាន សីល ឧបោសថកម្ម) ទាំងអស់របស់ខ្ញុំ សម្រេចហើយ បពិត្រព្រះអង្គមានយស មានប្រាជ្ញារកនរណាគ្របសង្កត់មិនកើត ខ្ញុំបានយសដ៏ធំ ជាយសដែលខ្ញុំមិនធ្លាប់បានក្នុងកាលពីដើមហើយ ទើបខ្ញុំមិនលះបង់ពណ៌សម្បុរ និងកម្លាំងពីដើម។
[៥១៣] បពិត្រព្រះជនិន្ទ្រ ពួកសប្បុរស បន្ទោបង់នូវរជ្ជសុខដោយទុក្ខ បន្ទោបង់នូវសេចក្ដីទុក្ខ ដែលបុគ្គលគ្របសង្កត់មិនបាននោះ ដោយសារឈានសុខ ជាអ្នកមានចិត្តត្រជាក់ ស្មើក្នុងសេចក្ដីសុខ និងទុក្ខទាំង ២ យ៉ាង។
ចប់ ឯករាជជាតក ទី៣។
(៣០៤. ទទ្ទរជាតកំ (៤-១-៤))
[៥១៤] (នាគឈ្មោះចុល្លទទ្ទរៈ ពោលថា) បពិត្រមហាទទ្ទរៈ ពាក្យអាក្រក់ទាំងឡាយនេះ ក្នុងមនុស្សលោក ធ្វើខ្ញុំឲ្យក្ដៅក្រហាយ ឯពួកក្មេងទាំងឡាយនេះ មិនមានពិសសោះ ប៉ុន្តែហ៊ានជេរខ្ញុំដែលមានពិស ថាជាអ្នកស៊ីកង្កែបផង នៅក្នុងទឹកផង។
[៥១៥] (នាគឈ្មោះមហាទទ្ទរៈ និយាយតបទៅវិញថា) បុគ្គលដែលគេបំបរបង់ចេញចាកដែនរបស់ខ្លួនហើយ ទៅកាន់ជនបទឯទៀត ត្រូវធ្វើជង្រុកឲ្យធំ ដើម្បីដាក់នូវពាក្យអាក្រក់ទាំងឡាយចុះ។
[៥១៦] ពួកជនមិនដឹងនូវបុរសដោយជាតិ ឬដោយវិន័យ គឺគុណសម្បត្តិក្នុងទីណា បុគ្គលកាលនៅក្នុងសំណាក់នៃពួកជនដែលខ្លួនមិនស្គាល់ មិនត្រូវធ្វើសេចក្ដីប្រកាន់ក្នុងទីនោះឡើយ។
[៥១៧] បុគ្គលប្រកបដោយប្រាជ្ញា (សូម្បីមានអានុភាព) ស្មើដោយភ្លើង កាលនៅក្នុងប្រទេសដទៃ ត្រូវតែអត់សង្កត់ពាក្យ ទោះបីមនុស្សជាខ្ញុំគេ គម្រាមក៏ដោយ។
ចប់ ទទ្ទរជាតក ទី៤។
(៣០៥. សីលវីមំសនជាតកំ (៤-១-៥))
[៥១៨] (មាណពពោធិសត្វ ពោលថា) ធម្មតាសេចក្ដីស្ងាត់កំបាំង របស់បុគ្គលអ្នកធ្វើអំពើអាក្រក់ មិនមានក្នុងលោកទេ ពួកភូតដែលនៅក្នុងព្រៃ គង់គេឃើញបាន បុគ្គលពាល រមែងសំគាល់នូវអំពើអាក្រក់ដែលធ្វើនោះថា ស្ងាត់កំបាំង។
[៥១៩] ខ្ញុំមិនឃើញថា ស្ងាត់កំបាំងទេ ឬទីដែលសូន្យ (ចាកសត្វ) ក៏មិនមាន ខ្ញុំមិនឃើញថា សូន្យ ក្នុងទីណា ទីនោះក៏មិនសូន្យអំពីខ្ញុំទេ។
[៥២០] (ព្រះសាស្ដា ត្រាស់ថា) ពួកមាណព គឺ ទុជ្ជច្ចៈ ១ សុជច្ចៈ ១ នន្ទៈ ១ សុខវច្ឆនៈ ១ វជ្ឈៈ ១ អធុវសីលៈ ១ (ជាដើម) នោះ ជាអ្នកត្រូវការ (ដោយស្រ្តី) ក៏សាបសូន្យចាកសភាវៈ (ការបាននូវស្ត្រី)។
[៥២១] ចំណែកព្រាហ្មណ៍ណា ដែលមានប្រាជ្ញា មានព្យាយាមក្នុងសច្ចៈ បានរក្សានូវធម៌ទុក ព្រាហ្មណ៍នោះ ជាអ្នកដល់នូវត្រើយនៃធម៌ទាំងពួង តើគប្បីសាបសូន្យ (ចាកការបាននូវស្ត្រី) ដូចម្ដេចកើត។
ចប់ សីលវីមំសជាតក ទី៥។
(៣០៦. សុជាតជាតកំ (៤-១-៦))
[៥២២] (នាងសុជាតាទេវី សួរថា) បពិត្រព្រះទេវៈ នេះផ្លែអ្វី មូលរលីង មានពណ៌ក្រហម ដូចជាឈាម ដែលដាក់ក្នុងភាជន៍មាស ខ្ញុំម្ចាស់សួរហើយ សូមព្រះអង្គប្រាប់ឲ្យទាន។
[៥២៣] (ព្រះបាទពារាណសី ទ្រង់ត្រាស់ថា) ម្នាលទេវី ក្នុងកាលមុន នាងមានក្បាលរលីង ស្លៀកកំណាត់សំពត់ចាស់ មានដៃក្នុងថ្នក់ ហើយបេះនូវផ្លែឈើទាំងឡាយណា (នេះ) គឺផ្លែពុទ្រា របស់នាងនោះហើយ។
[៥២៤] ស្ត្រីថោកទាប រមែងក្ដៅក្រហាយ មិនត្រេកអរ (ក្នុងរាជត្រកូល) ភោគៈរបស់ស្ដេចទាំងឡាយ រមែងលះបង់នូវស្ត្រីឥតបុណ្យនោះ ស្ត្រីថោកទាប បេះនូវផ្លែពុទ្រាក្នុងទីណា អ្នកទាំងឡាយ ចូរនាំស្ត្រីនោះទៅ ក្នុងទីនោះចុះ។
[៥២៥] (អាមាត្យពោធិសត្វ ទូលថា) បពិត្រមហារាជ ទោសខុស ព្រោះសេចក្ដីប្រមាទទាំងនេះ រមែងមកដល់នាងនារី ដែលដល់នូវយសសក្តិ បពិត្រព្រះទេវៈ សូមព្រះអង្គអត់ទោសដល់ព្រះនាងសុជាតាទេវី បពិត្រព្រះអង្គប្រសើរក្នុងរថ សូមព្រះអង្គកុំទ្រង់ព្រះពិរោធ ចំពោះព្រះនាងសុជាតាទេវីនេះឡើយ។
ចប់ សុជាតាជាតក ទី៦។
(៣០៧. បលាសជាតកំ (៤-១-៧))
[៥២៦] (រុក្ខទេវតាពោធិសត្វ ពោលថា ) ម្នាលព្រាហ្មណ៍ អ្នកដឹងថាដើមចារនេះ ជាឈើឥតចេតនា ឥតចេះស្ដាប់ ឥតដឹងអ្វីទេ ជាអ្នកប្រារព្ធព្យាយាម មិនប្រហែសធ្វេសជានិច្ច ហេតុអ្វី ក៏សួររកការដេកជាសុខ (របស់ដើមឈើ)។
[៥២៧] (ព្រាហ្មណ៍ ពោលថា) ដើមឈើ ប្រាកដក្នុងទីដ៏ឆ្ងាយផង ធំផង ដុះនៅក្នុងទី (ទួល) មានសភាពជាទីនៅរបស់ភូត ហេតុនោះ បានជាខ្ញុំថ្វាយបង្គំដើមចារនេះ ពួកភូតណា នៅអាស្រ័យលើដើមឈើនេះ (ខ្ញុំថ្វាយបង្គំ) ពួកភូតនោះ ព្រោះហេតុតែទ្រព្យ។
[៥២៨] (រុក្ខទេវតា ពោលថា) ម្នាលព្រាហ្មណ៍ ខ្ញុំនោះឯង កាលសម្លឹងឃើញនូវការដឹងគុណ ដែលអ្នកធ្វើហើយ ខ្ញុំនឹងធ្វើនូវការតបគុណដល់អ្នក តាមសមគួរដល់អានុភាព ការដែលអ្នកមកខ្វល់ខ្វាយ ក្នុងសំណាក់សប្បុរស និងជារបស់សោះសូន្យដូចម្ដេចកើត។
[៥២៩] ដើមលៀបណា ដុះនៅខាងមុខដើមទន្លាប់ យ័ញ្ញដែលគេធ្វើហើយក្នុងកាលមុនច្រើន ជាកំណប់ដែលគេកប់ព័ទ្ធជុំវិញក្បែរគល់លៀបនោះឯង ជាកំណប់មិនមានអ្នកទទួល អ្នកចូរទៅគាស់យកកំណប់ទ្រព្យនោះចុះ។
ចប់ បលាសជាតក ទី៧។
(៣០៨. សកុណជាតកំ (៤-១-៨))
[៥៣០] (សត្វសសេះ ពោលថា) កម្លាំងណារបស់យើង មានហើយ យើងធ្វើកិច្ចដល់អ្នកតាមកម្លាំងនោះ បពិត្រមិគរាជ ខ្ញុំសូមក្រាបថ្វាយបង្គំអ្នក យើងត្រូវបានសាច់បន្តិចបន្តួចខ្លះ។
[៥៣១] (រាជសីហ៍ ឆ្លើយតបថា) អ្នកឯងចូរទៅតាមចន្លោះនៃធ្មេញរបស់ខ្ញុំ ដែលជាអ្នកស៊ី (សាច់) និងឈាម ធ្វើនូវអំពើអាក្រក់ទាំងឡាយជានិច្ច រស់នៅដោយសាច់ណា សាច់នោះមានច្រើន។
[៥៣២] (សសេះឆ្លើយតបថា) សេចក្ដីដឹងគុណដែលគេធ្វើហើយ មិនមានក្នុងបុគ្គលណា ការសេពគប់នឹងបុគ្គលអ្នកមិនដឹងគុណដែលគេធ្វើហើយ មិនធ្វើ (គុណនឹងអ្នកណា) មិនតបស្នងសងគុណ ដល់អ្នកដែលធ្វើគុណហើយដល់ខ្លួននោះ ជាការឥតប្រយោជន៍។
[៥៣៣] បណ្ឌិត មិនបានមិត្តធម៌ ដោយសារគុណដែលខ្លួនសន្សំហើយ ក្នុងទីចំពោះមុខបុគ្គលណា បណ្ឌិតមិនត្រូវឫស្យា មិនត្រូវជេរ ត្រូវតែគេចចេញចាកបុគ្គលនោះ ដោយសន្សឹម ៗ។
ចប់ ជវសកុណជាតក ទី៨។
(៣០៩. ឆវកជាតកំ (៤-១-៩))
[៥៣៤] (ពោធិសត្វ ក្រាបទូលព្រះបាទពារាណសីថា) កិច្ចដែលយើងទាំងបីនាក់ ធ្វើហើយ ទាំងអស់នេះ ជាកិច្ចលាមក បុគ្គលណា (អង្គុយក្នុងទីទាប) បង្ហាញមន្ត ១ បុគ្គលណា (អង្គុយក្នុងទីខ្ពស់) រៀននូវមន្ត ១ បុគ្គលទាំងពីរនាក់ (នោះ) មិនឃើញនូវបោរាណធម៌ផង បុគ្គលទាំងពីរនាក់ (នោះ) ឃ្លាតចាកប្រក្រតីផង។
[៥៣៥] (ព្រាហ្មណ៍បុរោហិត ឆ្លើយតបថា) ខ្ញុំបរិភោគបាយស្រូវសាលីស្អាត (របស់ស្ដេចនេះ) លាយដោយសាច់ ហេតុនោះ បានជាខ្ញុំមិនសេពគប់នូវធម៌ ដែលពួកឥសីសេពគប់ហើយនោះទេ។
[៥៣៦] (ពោធិសត្វ ពោលថា ) អ្នកចូរជៀសចេញពីទីនេះទៅ លោកនេះក៏ធំទូលាយ ពួកសត្វឯទៀត តែងស្លដណ្តាំដែរ អ្នកកុំប្រព្រឹត្តអធម៌ ដូចជាថ្មដែលបំបែកនូវឆ្នាំងឡើយ។
[៥៣៧] ម្នាលព្រាហ្មណ៍ យើងសូមតិះដៀលនូវការបានយស និងការបានទ្រព្យ ព្រោះការប្រព្រឹត្តិបំផ្លាញខ្លួន ឬដោយកិរិយាប្រព្រឹត្តិអធម៌។
ចប់ ឆវជាតក ទី៩។
(៣១០. សេយ្យជាតកំ (៤-១-១០))
[៥៣៨] (តាបសពោធិសត្វ ពោលថា) បុគ្គលមិនគប្បីប្រាថ្នានូវផែនដី ដែលមានសណ្ឋានដូចកុណ្ឌល ក្នុងកណ្ដាលសាគរ មានសមុទ្រព័ទ្ធជុំវិញ មួយអន្លើដោយពាក្យនិន្ទាឡើយ ម្នាលសយ្ហាមាត្យ ចូរអ្នកដឹងយ៉ាងនេះចុះ។
[៥៣៩] ម្នាលព្រាហ្មណ៍ យើងសូមតិះដៀលការបានយស និងការបានទ្រព្យ ព្រោះការប្រព្រឹត្តិបំផ្លាញខ្លួន ឬដោយការប្រព្រឹត្តិអធម៌។
[៥៤០] សូវអាត្មា ជាអ្នកមិនមានផ្ទះសម្បែងប្រព្រឹត្តិកាន់បាត្រ (សូមគេ) ការចិញ្ចឹមជីវិតនោះឯង ប្រសើរជាជាងការស្វែងរក មិនប្រកបដោយធម៌។
[៥៤១] សូវអាត្មាជាអ្នកមិនមានផ្ទះសំម្បែង ប្រព្រឹត្តកាន់បាត្រ មិនបៀតបៀននូវសត្វដទៃក្នុងលោក ការប្រព្រឹត្តិនោះ ប្រសើរជាជាងរាជសម្បត្តិទៅទៀត។
ចប់ សយ្ហជាតក ទី១០។
ចប់ កាលិង្គវគ្គ ទី១។
ឧទ្ទាននៃកាលិង្គវគ្គនោះគឺ
និយាយអំពីការបើកទ្វារ ១ ជនមិនឲ្យ ១ កាមគុណដ៏មំាមួន ១ នាគឈ្មោះទទ្ទរៈ ១ អំពើបាបមិនមានស្ងាត់កំបាំង ១ ផ្លែពុទ្រា ១ ដើមចារ ១ ការធ្វើអំពើដ៏ប្រសើរ ១ អំពើលាមក ១ ផែនដីមានសមុទ្រព័ទ្ធជុំវិញ ១ ត្រូវជា ១០។