km:tipitaka:sut:sn:06:sut.sn.06.014



អរុណវតីសូត្រ ទី៤

សង្ខេប

«…អ្នក​ទាំង​ឡាយ ចូរ​ប្រារព្ធ ចូរ​ប្រឹង​ប្រែង ចូរ​ប្រក​បព្យាយាម ក្នុង​ពុទ្ធ​សាសនា…» ព្រះ​សិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ និង​ភិក្ខុ​ឈ្មោះ អភិភូ ចូល​ទៅកាន់​ព្រហ្មលោក។

sn 06.014 បាលី cs-km: sut.sn.06.014 អដ្ឋកថា: sut.sn.06.014_att PTS: ?

អរុណវតីសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបសិកា វិឡា

(៤. អរុណវតីសុត្តំ)

[៩២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី។បេ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស។

[៩៣] ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានព្រះរាជា ឈ្មោះ អរុណវន្ត។ ម្នាលភិក្ខុទាំងឡាយ ក៏ព្រះរាជាអរុណវន្ត មានរាជធានីឈ្មោះ អរុណវតី។ ម្នាលភិក្ខុទាំងឡាយ កាលនោះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ព្រះនាមសិខី បានគង់អាស្រ័យនូវអរុណវតីរាជធានី។ ម្នាលភិក្ខុទាំងឡាយ សាវ័កមួយគូ ឈ្មោះ អភិភូ និង សម្ភវៈ ជាគូដ៏ប្រសើរ ជាគូដ៏ចំរើន របស់ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ។

[៩៤] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ បានត្រាស់ហៅភិក្ខុឈ្មោះ អភិភូ ថា ម្នាលព្រាហ្មណ៍ មក យើងនឹងចូលទៅកាន់ព្រហ្មលោកណាមួយ ទំរាំដល់ពេលភត្ត។ ម្នាលភិក្ខុទាំងឡាយ អភិភូភិក្ខុ ទទួលព្រះពុទ្ធដីកាព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ និងអភិភូភិក្ខុ ក៏បាត់អំពីអរុណវតីរាជធានី ទៅប្រាកដក្នុងព្រហ្មលោកនោះ ដូចជាបុរសមានកម្លាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលំដាប់នោះ ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ត្រាស់នឹងអភិភូភិក្ខុថា ម្នាលព្រាហ្មណ៍ អ្នកចូរសំដែងនូវធម្មីកថា ដល់ព្រហ្មផង ដល់បរិស័ទរបស់ព្រហ្មផង ដល់អ្នកបំរើរបស់ព្រហ្មផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះ អភិភូ ទទួលព្រះពុទ្ធដីកាព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ព្រះអង្គ ហើយញុំាងព្រហ្មផង ញុំាងបរិស័ទរបស់ព្រហ្មផង ញុំាងអ្នកបំរើរបស់ព្រហ្មផង ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។

[៩៥] ម្នាលភិក្ខុទាំងឡាយ បានឮមក ក្នុងរឿងនោះថា ព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម ពោលទោស តិះដៀល និន្ទាថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ ព្រះសាស្តា គង់នៅក្នុងទីចំពោះមុខ មិនសមបីបើសាវ័ក ហ៊ានសំដែងធម៌សោះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ត្រាស់នឹងអភិភូភិក្ខុថា ម្នាលព្រាហ្មណ៍ ព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្មទាំងនោះ ពោលទោសថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ ព្រះសាស្តា គង់នៅក្នុងទីចំពោះមុខ មិនសមបីបើសាវ័ក ហ៊ានសំដែងធម៌សោះ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរញុំាងព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម ឲ្យសង្វេគក្រៃលែងជាងប្រមាណចុះ។ ម្នាលភិក្ខុទាំងឡាយ អភិភូភិក្ខុ ទទួលព្រះពុទ្ធដីកាព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ព្រះអង្គ ហើយមានកាយប្រាកដ សំដែងធម៌ខ្លះ មានកាយមិនប្រាកដ សំដែងធម៌ខ្លះ មានកាយពាក់កណ្តាលខាងក្រោមប្រាកដ តែកាយពាក់កណ្តាលខាងលើ មិនប្រាកដ សំដែងធម៌ខ្លះ មានកាយពាក់កណ្តាលខាងលើប្រាកដ តែកាយពាក់កណ្តាលខាងក្រោម មិនប្រាកដ សំដែងធម៌ខ្លះ។

[៩៦] ម្នាលភិក្ខុទាំងឡាយ បានឮមក ក្នុងរឿងនោះថា ព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម មានសេចក្តីអស្ចារ្យចំឡែក កើតឡើងក្នុងចិត្តថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ សមណៈមានឫទ្ធិច្រើន មានអានុភាពច្រើន។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ អភិភូភិក្ខុ បានក្រាបទូលព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ធ្លាប់ពោលវាចា មានសភាពយ៉ាងនេះ ក្នុងកណ្តាលភិក្ខុសង្ឃថា ម្នាលអាវុសោទាំងឡាយ ខ្ញុំឋិតនៅក្នុងព្រហ្មលោក អាចញុំាងលោកធាតុ ទាំងមួយពាន់ ឲ្យដឹងច្បាស់ ដោយសំឡេងបាន។ ម្នាលព្រាហ្មណ៍ កាលនេះគួរហើយ ម្នាលព្រាហ្មណ៍ កាលនេះគួរហើយ ម្នាលព្រាហ្មណ៍ អ្នកឋិតនៅក្នុងព្រហ្មលោកហើយ គប្បីញុំាងលោកធាតុទាំងមួយពាន់ ឲ្យដឹងច្បាស់ ដោយសំឡេងចុះ។ ម្នាលភិក្ខុទាំងឡាយ អភិភូភិក្ខុ ទទួលព្រះពុទ្ធដីកាព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ព្រះអង្គ ហើយឋិតនៅក្នុងព្រហ្មលោក បានពោលគាថា ទាំងនេះថា

អ្នកទាំងឡាយ ចូរប្រារព្ធ ចូរប្រឹងប្រែង ចូរប្រកបព្យាយាម ក្នុងពុទ្ធសាសនា ចូរកំចាត់បង់សេនានៃមច្ចុ ដូចជាកុញ្ជរ ញាំញីផ្ទះបបុស អ្នកណាមិនប្រហែស ក្នុងធម្មវិន័យនេះ អ្នកនោះនឹងលះបង់នូវជាតិសង្សារ ហើយធ្វើនូវទីបំផុតទុក្ខបាន។

[៩៧] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ និងអភិភូភិក្ខុ ញុំាងព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម ឲ្យសង្វេគហើយ បាត់អំពីព្រហ្មលោកនោះ មកប្រាកដក្នុងអរុណវតីរាជធានីវិញ ដោយឆាប់រហ័ស ប្រៀបដូចជា។បេ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលនូវគាថាទាំងឡាយ អ្នកទាំងឡាយ បានឮដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលគាថាទាំងឡាយ ពួកយើងខ្ញុំព្រះអង្គបានឮដែរ។ ម្នាលភិក្ខុទាំងឡាយ កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលនូវគាថាទាំងឡាយ អ្នកទាំងឡាយ បានឮពាក្យថាដូចម្តេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលគាថាទាំងឡាយ ពួកយើងខ្ញុំព្រះអង្គ បានឮយ៉ាងនេះថា

អ្នកទាំងឡាយ ចូរប្រារព្ធ ចូរប្រឹងប្រែង ចូរប្រកបព្យាយាម ក្នុងពុទ្ធសាសនា ចូរកំចាត់បង់សេនានៃមច្ចុ ដូចជាកុញ្ជរ ញាំញីផ្ទះបបុស អ្នកណាមិនប្រហែស ក្នុងធម្មវិន័យនេះ អ្នកនោះ នឹងលះបង់នូវជាតិសង្សារ ហើយធ្វើនូវទីបំផុតទុក្ខបាន បពិត្រព្រះអង្គដ៏ចំរើន កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលគាថាទាំងឡាយ ពួកយើងខ្ញុំព្រះអង្គ បានឮយ៉ាងនេះឯង។

[៩៨] ម្នាលភិក្ខុទាំងឡាយ ល្អហើយ ល្អហើយ ម្នាលភិក្ខុទាំងឡាយ ពិតជាប្រពៃហើយ កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលគាថាទាំងឡាយ អ្នកទាំងឡាយបានឮ។ ព្រះមានព្រះភាគ ត្រាស់ព្រះពុទ្ធដីកានេះហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

 

លេខយោង

km/tipitaka/sut/sn/06/sut.sn.06.014.txt · ពេលកែចុងក្រោយ: 2024/11/30 14:05 និពន្ឋដោយ Johann