អត្ថបទដោយ ឧបាសក សំបុក
អានដោយ ឧបាសក សុខវិបុល
សូមអនុមោទនា បុណ្យវិសាខបូជា
ពិធីបុណ្យពិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យ ព្រះពុទ្ធសាសនាដទៃទៀត ដូចជាបុណ្យមាឃបូជា ជាដើម។ បុណ្យនេះ ត្រូវប្រារព្ធឡើងចំថ្ងៃ១៥ កើត ខែពិសាខជារៀងរាល់ឆ្នាំ ហើយសម្រាប់នៅឆ្នាំនេះ បុណ្យពិសាខបូជា ត្រូវប្រារព្ធឡើងចំថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៣ ។
បើយោងតាមសេចក្តីពន្យល់របស់វចនានុក្រមខ្មែរ អំពីអត្ថន័យនៃពាក្យ «ពិសាខបូជា» បានឲ្យដឹងថា ពិសាខបូជា ឬវិសាខបូជា មកពីពាក្យ (វិសាខ+បូជា) មានន័យថាឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការបូជាក្នុងថ្ងៃពេញបូណ៏មី ខែពិសាខ ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត ទ្រង់បានបរមាភិសម្ពោធិ ទ្រង់រំលត់ខន្ធចូលកាន់បរិនិព្វាន ។
បុណ្យនេះធ្វើឡើងដើម្បីរំព្ញកដល់ព្រះគុណដ៏ឧត្តុង្គឧត្តមនិងវិសុទ្ធិក្រៃលែងរបស់ព្រះអង្គ និងជាការបូជាយ៉ាងពិសេសមួយសម្រាប់ពុទ្ធសាសនិក ទាំងបព្វជិត ទាំងគ្រហស្ថ នាំគ្នាប្រារព្វពិធីរាល់ឆ្នាំ រាប់ជាបុណ្យកុសលក្នុងពុទ្ធសាសនា ។
បុណ្យពិសាខបូជា ត្រូវបានពុទ្ធសាសនិក ទាំងគ្រហស្ថ ទាំងបព្វជិត ប្រារព្ធធ្វើនៅថ្ងៃ១៥ កើត ខែពិសាខ ជារៀងរាល់ឆ្នាំ ព្រោះជាថ្ងៃខែមហាមង្គល ដែលមានប្រវត្តិទាក់ទងនឹងរឿងខាងក្រោម៖
«អគ្គោ ហមស្មិ លោកស្ស ជេដ្ឋោ ហមស្មិ លោកស្ស សេដ្ឋោ ហមស្មិ លោកស្ស អយមន្តិមា ជាតិ នត្ថិ ទានិ បុនព្ភវោ»1) អាត្មាអញ ជាបុគ្គលខ្ពង់ខ្ពស់លើលោក អាត្មាអញជាបុគ្គលធំបំផុត លើលោក អាត្មាអញ ជាបុគ្គល ប្រសើរបំផុត លើលោក នេះជាកំណើតចុងក្រោយបំផុតរបស់ អាត្មាអញ ឥឡូវនេះ ភពថ្មីពីនេះទៀតមិនមានឡើយ ។
លុះត្រាស់ដឹងហើយទ្រង់បានឧទាននូវគាថាថា៖ «អនេកជាតិសំ សារំ សន្ធាវិស្សំ អនិព្វិសំគហការំ គរេសន្តោ ទុក្ខា ជាតិ បុនប្បុនំ គហការក ទិដ្ឋោសិបុន គេហំ ន កាហសិ សព្វា តេ ផាសុកា ភគ្តា គហកូដំវិសំខតំ វិសំខារគតំ ចិត្តំ តណ្ហានំ ខយមជ្ឈគា»2) អាត្មាអញ កាលមិនទាន់បានជួបប្រទះ ពោធិញ្ញាណនៅឡើយ រវល់តែស្វែងរកនូវជាងផ្ទះ គឺតណ្ហា អ្នកធ្វើផ្ទះគឺអត្តភាពហើយអន្ទោលទៅកាន់សង្សារវដ្ត មានជាតិមិនតែមួយ, ជាតិគឺការកើតរឿយៗរមែងនាំមកនូវសេចក្តីទុក្ខ, នែជាងផ្ទះគឺតណ្ហា ឥឡូវនេះយើងបានឃើញ អ្នកច្បាស់ហើយ, អ្នកឯងនឹងធ្វើនូវផ្ទះ គឺអត្តភាពនេះឲ្យយើងទៀតពុំបានឡើយ, ឆ្អឹងជំនីរ គឺកិលេស ទាំងអស់របស់អ្នកឯង យើងបានបំបាក់ចោលហើយ ទាំងកំពូលនៃផ្ទះ គឺអវិជ្ជារបស់អ្នកឯងទៀតសោត យើងក៏បានបំបាត់ចោលហើយដែរ, ចិត្តរបស់យើងបានដល់នូវព្រះនិព្វានដែល មានសង្ខារទៅប្រាសហើយ, យើងបានដល់នូវព្រះអរហត្ត គឺការអស់ទៅនៃតណ្ហាទាំងឡាយហើយ ។
៣.ក្រោយពីបានបំពេញពុទ្ធកិច្ចទាំង ៥ អស់រយៈពេល ៤៥វស្សាមក (ពុទ្ធកិច្ចទាំង៥ មានកិច្ចពេលព្រឹកទ្រង់និមន្តបិណ្ឌបាត្រ, កិច្ចពេលរសៀលទ្រង់សម្តែងនូវព្រះធម៌ដល់ពុទ្ធបរិស័ទ, កិច្ចក្នុងបឋមយាមទ្រង់ប្រទានឱវាទចំពោះភិក្ខុសង្ឃ, កិច្ចក្នុងមជ្ឈឹមយាម ទ្រង់ដោះប្រស្នាដល់ទេវតា, កិច្ចក្នុងបច្ចិមយាម ទ្រង់ប្រមើលមើលឧបនិស្ស័យសត្វ) ព្រះពុទ្ធទ្រង់ចូលបរិព្វាន ក្រោមដេីមសាលព្រឹក្សទាំងគូ ដោយ អនុបាទិសេសនិព្វានក្នុងនគរកុសិនារា ។ កាលនោះមុននឹងព្រះពុទ្ធទ្រង់ បរិនិព្វាន ពួកមល្លក្សត្រ ទាំងឡាយបានកន្សែងសោយសោកា តានតឹង ឱរាលើកដៃទាំងពីរឡើង ពោលបូបាច់ដួលទៅលើប្រថពី បម្រះននៀល ហាក់បីដូចជាបាក់ដៃជើង សោយសេចក្តី សោកស្តាយព្រះជិនស្រី ថា៖ ព្រះមានព្រះភាគជាម្ចាស់ឆាប់បរិនិព្វានពេកណាស់ ព្រះសុគតបរិនិព្វានឆាប់ពេកណាស់ ដួងចក្ខុក្នុងលោកអន្តរាយដោយឆាប់រហ័សពេកហើយ។ លំដាប់នោះឯង ព្រះមានព្រះភាគទ្រង់ត្រាស់ហៅ ព្រះអនន្ទមកត្រាស់ផ្តែផ្តាំបណ្តាំ ចុងក្រោយថា៖ «យោ វោ អានន្ទ មយា ធម្មោ ច វិនយោ ច ទេសិតោ បញ្ញត្តោ សោ វោ មមច្ចយេន សត្ថា»3) ធម៌ និងវិន័យណា ដែលតថាគតបាន សម្តែងហើយ បានបញ្ញត្តិទុកហើយដល់អ្នកទាំងឡាយ ធម៌និងវិន័យនោះនឹងជាសាស្តានៃអ្នកទាំងឡាយក្នុងកាលអំណេះពីតថាគតទៅ ។
ដោយហេតុដ៏អស្ចារ្យទាំង៣ខាងលើនេះ សុទ្ធតែចំថ្ងៃ១៥ កើត ពេញបូណ៏មី ខែពិសាខ នេះហើយ (ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃចូលបរិនិព្វាន) ទើបពុទ្ធបរិស័ទនាំគ្នាប្រារព្ធ ពិធីបុណ្យពិសាខបូជានេះឡើង។ តាមទំនៀមទម្លាប់ ពិធីបុណ្យពិសាខបូជា ប្រព្រឹត្តិទៅនៅវេលាយប់ក្នុងវត្ត។ ដូចនេះហើយបាន ជាគេឃើញនៅគ្រប់វត្តអារាម មានអុចគ្រឿង ប្រទីបជ្វាលាបូជា ភ្លឺព្រោងព្រាត ហើយមហាជនប្រុសស្រី ក្មេងចាស់ ប្រកបដោយគ្រឿងសក្ការៈ បូជាមាន ផ្កាភ្ញី ទៀន ធូបជាដើម ទៅប្រជុំ គ្នាយ៉ាងអធឹកអធម្ម។ នៅយប់នោះរហូតដល់ភ្លឺ គេនាំគ្នាស្តាប់ធម៌ទេសនា ឬសូត្រធម៌បទ អំពីពុទ្ធប្រវត្តិតាំងពីដើមរហូតដល់ចប់ ដើម្បីឲ្យមានបសាទសទ្ធា ចំពោះព្រះរតនត្រ័យ កាន់តែខ្លាំងក្លាឡើង ។
– ពុទ្ធំ ធម្មំ សង្ឃំ សរណំ គច្ឆាមិ