km:tipitaka:sut:an:01:sut.an.01.322

ចតុត្ថវគ្គ ទី៤

សង្ខេប

តើ​ព្រះពុទ្ធ ព្រះ​អង្គ​ត្រាស់​សម្តែង អ្វី​ខ្លះ​ដែល​មាន​ចំនួន​តិច និង​អ្វី​ខ្លះ​ដែល​មាន​ចំនួន​ច្រើន?

an 01.322 បាលី cs-km: sut.an.01.322 អដ្ឋកថា: sut.an.01.322_att PTS: ?

ចតុត្ថវគ្គ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

sut.an.01.322.jpg

(៤. ចតុត្ថវគ្គោ)

[២០៥] ម្នាលភិក្ខុទាំងឡាយ ដូចអារាម1) គួរជាទីរីករាយ ព្រៃគួរជាទីរីករាយ ភូមិគួរជាទីរីករាយ ស្រះឈូកគួរជាទីរីករាយ ក្នុងជម្ពូទ្វីប នេះ មានចំនួនតិច ត្រង់ទីដែលទួល និងទំនាប ជង្ហុកស្ទឹង ទីមានដង្គត់ និងបន្លា ភ្នំរដិបរដុប ច្រើនជាង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលកើតលើគោក មានចំនួនតិច ពួកសត្វ ដែលកើតក្នុងទឹក ច្រើនជាង ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលកើតក្នុងមនុស្សលោក មានចំនួនតិច ពួកសត្វ ដែលកើតក្រៅពីមនុស្សលោក ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលកើតក្នុងមជ្ឈិមជនបទ មានចំនួនតិច ពួកសត្វ ដែលកើតក្នុងបច្ចន្តជនបទ ក្នុងមិលក្ខៈកំណើត ជាអ្នកមិនចេះដឹង ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានបញ្ញា មិនល្ងង់ខ្លៅ មិនល្មេញល្មើ អាចដឹងសេចក្តី នៃសុភាសិត សេចក្តីនៃទុព្ភាសិតបាន មានចំនួនតិច ពួកសត្វ ដែលឥតបញ្ញា ជាអ្នកល្ងង់ខ្លៅ ល្មេញល្មើ មិនអាចដឹងសេចក្តី នៃសុភាសិត ទុព្ភាសិតបាន ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលបរិបូណ៌ ដោយបញ្ញាចក្ខុ ដ៏ប្រសើរ មានចំនួនតិច ពួកសត្វ ដែលលុះក្នុងអំណាចអវិជ្ជា ជាអ្នកភាន់ច្រឡំ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលបានឃើញតថាគត មានប្រមាណតិច សត្វទាំងឡាយ ដែលមិនបានឃើញតថាគត ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលបានស្តាប់ធម្មវិន័យតថាគតសំដែង មានចំនួនតិច ពួកសត្វ ដែលមិនបានស្តាប់ធម្មវិន័យតថាគតសំដែង ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលស្តាប់ធម៌ហើយ ចងចាំបាន មានចំនួនតិច ពួកសត្វ ដែលស្តាប់ធម៌ហើយ ចងចាំមិនបាន ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលពិចារណា នូវសេចក្តី អធិប្បាយនៃបាលី ដែលខ្លួនចងចាំបានហើយ មានចំនួនតិច ពួកសត្វ ដែលមិនបានពិចារណា នូវសេចក្តីអធិប្បាយ នៃបាលី ដែលខ្លួនចងចាំបានហើយ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលដឹងច្បាស់ នូវសេចក្តីអធិប្បាយ ដឹងច្បាស់នូវបាលី ហើយប្រតិបតិ្តធម៌ ដ៏សមគួរដល់ធម៌ មានប្រមាណតិច ពួកសត្វ ដែលដឹងច្បាស់ នូវសេចក្តីអធិប្បាយ ដឹងច្បាស់នូវបាលី ហើយមិនប្រតិបតិ្តធម៌ សមគួរដល់ធម៌ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលសង្វេគ ក្នុងហេតុដែលគួរសង្វេគ មានចំនួនតិច ពួកសត្វ ដែលមិនសង្វេគ ក្នុងហេតុដែលគួរសង្វេគ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលសង្វេគ ហើយផ្គងព្យាយាមឡើង ដោយការយកចិត្តទុកដាក់ មានចំនួនតិច ពួកសត្វដែលសង្វេគ ហើយមិនផ្គងព្យាយាមឡើង ដោយការយកចិត្តទុកដាក់ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលធ្វើព្រះនិព្វាន ឲ្យជាអារម្មណ៍ ហើយបាននូវសមាធិ2) បាននូវឯកគ្គតាចិត្ត មានចំនួនតិច ពួកសត្វ ដែលធ្វើព្រះនិព្វាន ឲ្យជាអារម្មណ៍ហើយ មិនបាននូវសមាធិ មិនបាននូវឯកគ្គតាចិត្ត ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលជាអ្នកបាន នូវបាយដ៏ប្រសើរ និងរសដ៏ប្រសើរ មានចំនួនតិច ពួកសត្វដែលជា អ្នកមិនបាននូវបាយដ៏ប្រសើរ និងរសដ៏ប្រសើរ តែងចិញ្ចឹមជីវិត ដោយការស្វែងរកផ្លែឈ្លើ មើមឈើ ដោយភត្ត ដែលគេនាំមក ដោយអម្បែង ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលជាអ្នកបាននូវអត្ថរស (ផល៤) ធម្មរស (មគ្គ៤) វិមុត្តិរស (ព្រះនិពា្វន) មានចំនួនតិច ពួកសត្វ ដែលជាអ្នកមិនបាន នូវអត្ថរស ធម្មរស វិមុត្តិរស មានចំនួនច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងបាននូវអត្ថរស ធម្មរស វិមុត្តិរស។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង។

[២០៦] ម្នាលភិក្ខុទាំងឡាយ ដូចអារាមគួរជាទីរីករាយ ព្រៃគួរជាទីរីករាយ ភូមិគួរ ជាទីរីករាយ ស្រះឈូកគួរជាទីរីករាយ ក្នុងជម្ពូទ្វីបនេះ មានចំនួនតិច ត្រង់ទីដែលទួល និង ទំនាបជង្ហុកស្ទឹង ទីមានដង្គត់ និងបន្លា ភ្នំរដិបរដុប ច្រើនជាង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំង ឡាយ ពួកសត្វ ដែលច្យុតអំពីមនុស្សលោក កើតក្នុងមនុស្សលោកវិញ មានចំនួនតិច ពួកសត្វ ដែលច្យុតអំពីមនុស្សលោក កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុតអំពីមនុស្សលោក កើត ក្នុងទេវលោក មានចំនួនតិច ពួកសត្វ ដែលច្យុតអំពីមនុស្សលោក កើតក្នុងនរក កើតក្នុង កំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពួក សត្វ ដែលច្យុតអំពីទេវលោក កើតក្នុងទេវលោកវិញ មានចំនួនតិច ពួកសត្វ ដែលច្យុតអំពី ទេវលោក កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុតអំពីទេវលោក កើតក្នុងមនុស្សលោក មាន ចំនួនតិច ពួកសត្វ ដែលច្យុតអំពីទេវលោក កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុង បិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុតអំពីនរក កើតក្នុងមនុស្សលោក មានចំនួនតិច ពួកសត្វ ដែលច្យុតអំពីនរក កើតក្នុងនរកវិញ កើតក្នុង កំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុតអំពីនរក កើតក្នុងទេវលោក មានចំនួនតិច ពួកសត្វដែលច្យុត អំពីនរក កើតក្នុង នរកវិញ កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុ ទាំងឡាយ ពួកសត្វ ដែលច្យុតអំពីតិរច្ឆាន កើតក្នុងមនុស្សលោក មានចំនួនតិច ពួកសត្វ ដែល ច្យុតអំពីតិរច្ឆាន កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុតអំពីតិរច្ឆាន កើតក្នុងទេវលោក មានចំនួនតិច ពួកសត្វ ដែលច្យុតអំពីកំណើតតិរច្ឆាន កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ កើតក្នុងមនុស្សលោក មានចំនួនតិច ពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ កើតក្នុងទេវលោក មានចំនួនតិច ពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ។

ចប់ វគ្គ ទី៤។

 

លេខយោង

1)
ពាក្យថា អារាម ជាឈ្មោះសួនឈើផ្លែ សួនឈើផ្កា។ ដូចវេឡុវនារាម, ជីវកម្ពវនារាម, ជេតវនារាម, បុព្វារាម ក៏ជាសួនច្បារ។ អដ្ឋកថា។
2)
មគ្គសមាធិ និងផលសមាធិ។ អដ្ឋកថា។
km/tipitaka/sut/an/01/sut.an.01.322.txt · ពេលកែចុងក្រោយ: 2024/11/24 12:30 និពន្ឋដោយ Johann