km:tipitaka:sut:an:05:sut.an.05.075

បឋមយោធាជីវសូត្រ ទី៥

សង្ខេប

ទាហាន​​៥​​ប្រភេទ និង​​យោគិន​​៥​​ប្រភេទ​​ប្រៀប​ធៀប​​គ្នា​។ តើ​អ្នក​រត់​ចេញ​ទេ?

an 05.075 បាលី cs-km: sut.an.05.075 អដ្ឋកថា: sut.an.05.075_att PTS: ?

បឋមយោធាជីវសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៥. បឋមយោធាជីវសុត្តំ)

[៧៥] ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ (អ្នករស់នៅដោយឋានៈជាទាហាន) នេះ មាន ៥ ពួក តែងមានប្រាកដក្នុងលោក។ យោធាជីវៈ ទាំង ៥ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ពួកខ្លះ ក្នុងលោកនេះ គ្រាន់តែបានឃើញ នូវផង់ធូលីដែលហុយឡើង (អំពីផែនដី) ប៉ុណ្ណោះ ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងចុះកាន់សង្រ្គាមបាន។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាយោធាជីវៈ ទី១ តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត យោធាជីវៈពួកខ្លះ ក្នុងលោកនេះ ចេះអត់ទ្រាំនូវផង់ធូលី ដែលហុយឡើងបាន តែថា លុះបានឃើញចុង នៃទង់ជ័យប៉ុណ្ណោះ ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងចុះកាន់សង្រ្គាមបានឡើយ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ រមែងមានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាយោធាជីវៈ ទី២ តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត យោធាជីវៈពួកខ្លះ ក្នុងលោកនេះ ចេះអត់ទ្រាំនូវផង់ធូលី ដែលហុយឡើងបាន អត់ទ្រាំនូវចុង នៃទង់ជ័យបាន តែថា លុះបានឮសំឡេងហ៊ោកញ្រ្ជៀវ របស់ពួកពលប៉ុណ្ណោះ ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងចុះកាន់សង្រ្គាមបានឡើយ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ រមែងមានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាយោធាជីវៈ ទី៣ តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត យោធាជីវៈពួកខ្លះ ក្នុងលោកនេះ ចេះអត់ទ្រាំនូវផង់ធូលី ដែលហុយឡើងបាន អត់ទ្រាំនូវចុង នៃទង់ជ័យបាន អត់ទ្រាំនូវពួកពលបាន តែថា ភាន់ភាំងស្រឡាំងកាំង ក្នុងការប្រយុទ្ធគ្នា។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ រមែងមានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាយោធាជីវៈ ទី៤ តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត យោធាជីវៈពួកខ្លះ ក្នុងលោកនេះ ចេះអត់ទ្រាំនូវផង់ធូលី ដែលហុយឡើងបាន អត់ទ្រាំនូវចុង នៃទង់ជ័យបាន អត់ទ្រាំនូវសំឡេងហ៊ោកញ្រ្ជៀវ របស់ពួកពលបាន អត់ទ្រាំនូវការប្រយុទ្ធគ្នាបាន យោធាជីវៈនោះ បានឈ្នះសង្រ្គាមនោះហើយ ឈ្មោះថាជាអ្នកឈ្នះសង្រ្គាម តែងបាននៅគ្រប់គ្រង នៅជាប្រធាន លើសង្រ្គាមនោះឯង។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាយោធាជីវៈ ទី៥ តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ទាំង៥ពួកនេះឯង តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមា ដូចជាយោធាជីវៈនេះ មាន ៥ ពួក តែងមានប្រាកដ ក្នុងពួកភិក្ខុ ក៏យ៉ាងនោះដែរ។ បុគ្គល ៥ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញនូវផង់ធូលី គឺលំអ របស់មាតុគ្រាម ក៏លិចចុះទៅ ក្នុងមិច្ឆាវិតក្កៈ ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងគ្រប់គ្រងព្រហ្មចរិយៈបានឡើយ ប្រកាសនូវភាព នៃខ្លួនមានកម្លាំងថយចាកសិក្ខា ហើយពោលលានូវសិក្ខា វិលត្រឡប់ ដើម្បីភេទថោកទាបវិញ។ អ្វីជាផង់ធូលី របស់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឮដំណឹងថា ស្រ្តី ឬកុមារី ក្នុងស្រុក ឬនិគម ឈ្មោះឯណោះ មានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃពេក។ ភិក្ខុនោះ លុះឮដំណឹងនោះហើយ ក៏លិចចុះទៅ ក្នុងមិច្ឆាវិតក្កៈ ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងគ្រប់គ្រងព្រហ្មចរិយៈបានឡើយ ប្រកាសនូវភាព នៃខ្លួនមានកម្លាំងថយចាកសិក្ខា ហើយពោលលានូវសិក្ខា វិលត្រឡប់ ដើម្បីភេទថោកទាបវិញ។ នេះជាផង់ធូលី របស់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈនោះ គ្រាន់តែបានឃើញ នូវផង់ធូលីប៉ុណ្ណោះហើយ ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងចុះកាន់សង្រ្គាមបាន មានឧបមា ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវបុគ្គលនេះ ក៏មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ឧបមាដូចយោធាជីវៈ ទី១ តែងមានប្រាកដក្នុងភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអត់ទ្រាំ នូវផង់ធូលីបាន ប៉ុន្តែលុះបានឃើញនូវចុង នៃទង់ជ័យប៉ុណ្ណោះ ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងគ្រប់គ្រងព្រហ្មចរិយៈបានឡើយ ក៏ស្រាប់តែប្រកាសនូវភាព នៃខ្លួនមានកម្លាំងថយចាកសិក្ខា ហើយពោលលានូវសិក្ខា វិលត្រឡប់ ដើម្បីភេទថោកទាបវិញ។ អ្វីជាទង់ជ័យ របស់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានឮដំណឹងថា ស្រ្តី ឬកុមារី ក្នុងស្រុក ឬនិគម ឈ្មោះឯណោះ មានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃពេកទេ ប៉ុន្តែបើឃើញនូវស្រ្តី ឬកុមារី ដែលមានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃពេក ដោយខ្លួនឯង លុះភិក្ខុនោះ បានឃើញនូវស្រ្តីនោះហើយ ក៏លិចចុះទៅក្នុងមិច្ឆាវិតក្កៈ ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងគ្រប់គ្រង នូវព្រហ្មចរិយៈបានឡើយ ក៏ស្រាប់តែប្រកាសនូវភាព នៃខ្លួនមានកម្លាំងថយចាកសិក្ខា ពោលលានូវសិក្ខា វិលត្រឡប់ ដើម្បីភេទថោកទាបវិញ។ នេះជាចុង នៃទង់ជ័យ របស់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈនោះ អត់ទ្រាំនូវផង់ធូលីបាន ប៉ុន្តែលុះបានឃើញ នូវចុងនៃទង់ជ័យ ប៉ុណ្ណោះហើយ ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងចុះកាន់សង្រ្គាមបានឡើយ មានឧបមា ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវបុគ្គលនេះ ក៏មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ឧបមាដូចជាយោធាជីវៈ ទី២ តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកអត់ទ្រាំ នូវផង់ធូលីបាន ជាអ្នកអត់ទ្រាំនូវចុង នៃទង់ជ័យបាន ប៉ុន្តែលុះបានឮសំឡេងហ៊ោកញ្ជ្រៀវ របស់ពួកពល មកដល់ប៉ុណ្ណោះហើយ ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងគ្រប់គ្រងនូវព្រហ្មចរិយៈ បានឡើយ ក៏ស្រាប់តែប្រកាសនូវភាពនៃខ្លួន ជាអ្នកមានកម្លាំងថយចាកសិក្ខា ហើយពោលលានូវសិក្ខា វិលត្រឡប់មក ដើម្បីភេទថោកទាបវិញ។ អ្វីជាសំឡេងហ៊ោកញ្ជ្រៀវ របស់ពួកពល នៃបុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម បានចូលទៅរកភិក្ខុ ក្នុងសាសនានេះ ដែលជាអ្នកអាស្រ័យនៅក្នុងព្រៃក្តី ក្រោមម្លប់ឈើក្តី ក្នុងផ្ទះស្ងាត់ក្តី ក៏ញញឹម និយាយរក សើចក្អាកក្អាយ ចំអកចំអន់លេង។ ភិក្ខុនោះ កាលបើមាតុគ្រាម ញញឹម និយាយរក សើចក្អាកក្អាយ ចំអកចំអន់លេង ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងគ្រប់គ្រងព្រហ្មចរិយៈបានឡើយ ក៏ស្រាប់តែប្រកាសនូវភាពនៃខ្លួន ជាអ្នកមានកម្លាំងថយចាកសិក្ខា ហើយពោលលានូវសិក្ខា វិលត្រឡប់មកដើម្បីភេទថោកទាបវិញ។ នេះជាសំឡេងហ៊ោកញ្រ្ជៀវ របស់ពួកពល នៃបុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈនោះ អត់ទ្រាំនូវផង់ធូលីបាន អត់ទ្រាំនូវចុង នៃទង់ជ័យបាន ប៉ុន្តែថា លុះបានឮសំឡេងហ៊ោកញ្រ្ជៀវ របស់ពួលពលមកដល់ប៉ុណ្ណោះហើយ ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីចុះកាន់សង្រ្គាមបានឡើយ មានឧបមា ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវបុគ្គលនេះ ក៏មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ឧបមាដូចជាយោធាជីវៈ ទី ៣ តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអត់ទ្រាំ នូវផង់ធូលីបាន អត់ទ្រាំនូវចុង នៃទង់ជ័យបាន អត់ទ្រាំនូវសំឡេងហ៊ោកញ្រ្ជៀវ របស់ពួកពលបាន ទាស់តែនៅភាន់ភាំង ស្រឡាំងកាំង ក្នុងការប្រយុទ្ធគ្នា។ អ្វីជាការប្រយុទ្ធគ្នា របស់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមបានចូលទៅរកភិក្ខុ ក្នុងសាសនានេះ ដែលជាអ្នកនៅអាស្រ័យក្នុងព្រៃក្តី ក្រោមម្លប់ឈើក្តី ក្នុងផ្ទះស្ងាត់ក្តី ចូលទៅអង្គុយជិត ដេកជិត ឱបរឹត។ ភិក្ខុនោះ កាលបើមាតុគ្រាម អង្គុយជិត ដេកជិត ឱបរឹត ក៏មិនបានពោលលានូវសិក្ខា មិនបានប្រកាសនូវភាពនៃខ្លួន ជាអ្នកមានកម្លាំងថយហើយ ក៏សេពនូវមេថុនធម្ម។ នេះជាការប្រយុទ្ធគ្នា របស់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈនោះ អត់ទ្រាំនូវផង់ធូលីបាន អត់ទ្រាំនូវចុង នៃទង់ជ័យបាន អត់ទ្រាំ នូវសំឡេងហ៊ោកញ្រ្ជៀវ របស់ពួកពលបាន ទាស់តែនៅភាន់ភាំង ស្រឡាំងកាំង ក្នុងការប្រយុទ្ធគ្នា មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវបុគ្គលនេះ ក៏មានឧមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ឧបមាដូចយោធាជីវៈ ទី៤ តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុអត់ទ្រាំ នូវផង់ធូលីបាន អត់ទ្រាំនូវចុងទង់ជ័យបាន អត់ទ្រាំ នូវសំឡេងហ៊ោកញ្ជ្រៀវ របស់ពួកពលបាន អត់ទ្រាំ នូវការប្រយុទ្ធគ្នាបាន ភិក្ខុនោះ បានឈ្នះនូវសង្គ្រាមនោះហើយ ឈ្មោះថាជាអ្នកឈ្នះនូវសង្រ្គាម តែងនៅគ្រប់គ្រង នៅជាប្រធាន លើកងទ័ពនោះឯង។ អ្វីជាការឈ្នះសង្រ្គាម របស់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម បានចូលទៅរកភិក្ខុ ក្នុងសាសនានេះ ដែលជាអ្នកអាស្រ័យនៅក្នុងព្រៃក្តី ក្រោមម្លប់ឈើក្តី ក្នុងផ្ទះស្ងាត់ក្តី អង្គុយជិត ដេកជិត ឱបរឹត។ ភិក្ខុនោះ កាលបើមាតុគ្រាម ទៅអង្គុយជិត ដេកជិត ឱបរឹត ក៏រំលៀកខ្លួនចេញបាន ដោះខ្លួនចេញរួចហើយ ក៏ចៀសចេញទៅតាមប្រាថ្នា។ ភិក្ខុនោះ តែងគប់រកសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញកភ្នំ រូងភ្នំ ព្រៃស្មសាន ដងព្រៃ ទីវាល និងគំនរចំបើង។ ភិក្ខុនោះ ជាអ្នកនៅអាស្រ័យក្នុងព្រៃក្តី ក្រោមម្លប់ឈើក្តី ក្នុងផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ ប្រុងស្មារតី ឲ្យមានមុខឆ្ពោះទៅរក(កម្មដ្ឋាន)។ ភិក្ខុនោះ លះបង់អភិជ្ឈាក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តចាកអភិជ្ឈា លះបង់ព្យាបាទជាគ្រឿងប្រទូស្ត មានចិត្តមិនព្យាបាទ មានសេចក្តីអនុគ្រោះសត្វទាំងពួង ដោយប្រយោជន៍ ជម្រះចិត្តឲ្យស្អាត ចាកព្យាបាទ ជាគ្រឿងប្រទូស្ត លះបង់ថីនមិទ្ធៈ មានចិត្តប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់ច្បាស់ ក្នុងពន្លឺ មានសតិ មានសម្បជញ្ញៈ ជម្រះចិត្ត ចាកថីនមិទ្ធៈ លះបង់ឧទ្ធច្ចកុក្កុច្ចៈ មានចិត្តមិនរវើរវាយ មានចិត្តស្ងប់រម្ងាប់ខាងក្នុង ជម្រះចិត្ត ចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា មានចិត្តឆ្លងផុត ចាកវិចិកិច្ឆា មិនមានសេចក្តីងឿងឆ្ងល់ ក្នុងកុសលធម៌ ជម្រះចិត្តឲ្យស្អាត ចាកវិចិកិច្ឆា។ ភិក្ខុនោះ លះនីវរណៈ ទាំង ៥ នេះ ដែលជាឧបក្កិលេសរបស់ចិត្ត ជាគ្រឿងធ្វើបញ្ញា ឲ្យថយកម្លាំង ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់នូវចតុត្ថជ្ឈាន។ កាលបើចិត្តតាំងនៅល្អ បរិសុទ្ធផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ គឺប្រាជ្ញាជាគ្រឿងដឹងនូវធម៌ ដែលធ្វើនូវអាសវៈ ឲ្យអស់ទៅ។ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាអាសវៈ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះជាទីរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរលត់នៃអាសវៈ។ កាលបើភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តរួចចាកកាមាសវៈផង ចិត្តរួចចាកភវាសវៈផង ចិត្តរួចចាកអវិជ្ជាសវៈផង កាលបើចិត្តរួចផុតស្រឡះ (ចាកកាមាសវៈជាដើមហើយ) សេចក្តីដឹង ក៏កើតឡើងប្រាកដថា ចិត្តរួចស្រឡះហើយ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ នេះជាជ័យជំនះ ក្នុងសង្គ្រាម របស់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈនោះ អត់ទ្រាំនូវផង់ធូលីបាន អត់ទ្រាំ នូវចុងនៃទង់ជ័យបាន អត់ទ្រាំនូវសំឡេងហ៊ោកញ្ជ្រៀវ របស់ពួកពលបាន អត់ទ្រាំនូវការប្រយុទ្ធគ្នាបាន យោធាជីវៈនោះ បានឈ្នះនូវសង្រ្គាមនោះហើយ ឈ្មោះថាជាអ្នកឈ្នះនូវសង្គ្រាម តែងនៅគ្រប់គ្រង នៅជាប្រធានលើសង្គ្រាមនោះឯង មានឧបមា ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវបុគ្គលនេះ ក៏មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ មានឧបមាដូចជាយោធាជីវៈ ទី៥ តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយ មានឧបមាដូចជាពួកយោធាជីវៈទាំង ៥ នេះឯង តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.075.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann