km:tipitaka:sut:an:06:sut.an.06.v10

អានិសំសវគ្គ ទី៥ (១០)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 06.v10 បាលី cs-km: sut.an.06.v10 អដ្ឋកថា: sut.an.06.v10_att PTS: ?

អានិសំសវគ្គ ទី៥ (១០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. អានិសំសវគ្គោ)

(បាតុភាវសូត្រ ទី១)

(១. បាតុភាវសុត្តំ)

[៩៦] ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសភាវៈ ៦ យ៉ាង គឺ បុគ្គលបានដោយក្រក្នុងលោក។ ៦យ៉ាង តើអ្វីខ្លះ។ គឺការកើតឡើង នៃព្រះតថាគត ជាអរហន្តសមា្មសម្ពុទ្ធ បុគ្គលបានដោយក្រក្នុងលោក ១ បុគ្គលជាអ្នកសំដែងធម្មវិន័យ ដែលព្រះតថាគតបានប្រកាសហើយ បុគ្គលបានដោយក្រក្នុងលោក ១ សត្វត្រឡប់មកកើតក្នុងប្រទេសជាទីនៅ នៃអរិយជន បុគ្គលបានដោយក្រ ក្នុងលោក ១ ការមិនខូចខាតឥន្រ្ទិយទាំងឡាយ បុគ្គលបានដោយក្រក្នុងលោក ១ ភាពនៃបុគ្គលមិនលេលា មិនឆ្កួត បុគ្គលបានដោយក្រ ក្នុងលោក ១ សេចក្តីពេញចិត្ត ក្នុងកុសលធម៌ បុគ្គលបានដោយក្រ ក្នុងលោក ១។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសភាវៈ ៦ យ៉ាងនេះ បុគ្គលបានដោយក្រ ក្នុងលោក។

(អានិសំសសូត្រ ទី២)

(២. អានិសំសសុត្តំ)

[៩៧] ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃកិរិយាធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលនេះ មាន ៦ យ៉ាង។ ៦ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលជាអ្នកទៀងត្រង់ ក្នុងព្រះសទ្ធម្ម ១ មានធម៌មិនសាបសូន្យ ១ សេចក្តីទុក្ខ មិនមានដល់បុគ្គល អ្នកធ្វើនូវព្រះនិព្វាន ជាទីបំផុតទុក្ខ ១ ប្រកបដោយញាណមិនទួទៅ (ដល់បុថុជ្ជនទាំងឡាយ) ១ ហេតុដែលបុគ្គលនោះឃើញដោយប្រពៃ ១ ធម៌ទាំងឡាយ កើតឡើងអំពីហេតុ ១ ម្នាលភិក្ខុទាំងឡាយ អានិសង្ស នៃកិរិយាធ្វើឲ្យជាក់ច្បាស់ នូវសោតបត្តិផល មាន ៦ យ៉ាងនេះឯង។

(អនិច្ចសូត្រ ទី៣)

(៣. អនិច្ចសុត្តំ)

[៩៨] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវសង្ខារណាមួយ ថាទៀង នឹងប្រកបដោយអនុលោមិកាខន្តិបាន ហេតុនេះ មិនដែលមានឡើយ។ ភិក្ខុមិនប្រកបដោយអនុលោមិកាខន្តិ នឹងឈានចុះកាន់និយាមដ៏ប្រពៃបាន ហេតុនេះ មិនដែលមានឡើយ។ កាលភិក្ខុមិនឈានចុះកាន់និយាមដ៏ប្រពៃ នឹងធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល ឬក៏អរហត្តបាន ហេតុនេះមិនដែលមានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវសង្ខារទាំងពួង ថាមិនទៀង នឹងប្រកបដោយអនុលោមិកាខន្តិបាន ហេតុនេះ រមែងមាន។ ភិក្ខុប្រកបដោយអនុលោមិកាខន្តិហើយ នឹងឈានចុះកាន់និយាមដ៏ប្រពៃបាន ហេតុនេះរមែងមាន។ ភិក្ខុឈានចុះកាន់និយាមដ៏ប្រពៃហើយ នឹងធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល ឬក៏អរហត្តបាន ហេតុនេះរមែងមាន។

(ទុក្ខសូត្រ ទី៤)

(៤. ទុក្ខសុត្តំ)

[៩៩] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវសង្ខារណាមួយ ថា សុខ។បេ។ កាលពិចារណា នូវសង្ខារទាំងពួង ថាទុក្ខ។បេ។

(អនត្តសូត្រ ទី៥)

(៥. អនត្តសុត្តំ)

[១០០] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវធម៌ណាមួយ ថាជាខ្លួន។បេ។ កាលពិចារណា នូវធម៌ទាំងពួង ថាមិនមែនខ្លួន។បេ។

(និព្វានសូត្រ ទី៦)

(៦. និព្វានសុត្តំ)

[១០១] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវព្រះនិព្វាន ថាជាទុក្ខ នឹងប្រកបដោយអនុលោមិកាខន្តិបាន ហេតុនេះ មិនដែលមានឡើយ។ ភិក្ខុមិនប្រកបដោយអនុលោមិកាខន្តិហើយ នឹងឈានចុះកាន់និយាមដ៏ប្រពៃបាន ហេតុនេះ មិនដែលមានឡើយ។ ភិក្ខុមិនឈានចុះកាន់និយាមដ៏ប្រពៃហើយ នឹងធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល ឬក៏អរហត្តបាន ហេតុនេះ មិនដែលមានឡើយ។

ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវព្រះនិព្វាន ថាជាសុខ នឹងប្រកបដោយអនុលោមិកាខន្តិបាន ហេតុនេះ រមែងមាន។ ភិក្ខុប្រកបដោយអនុលោមិកាខន្តិហើយ នឹងឈានចុះកាន់និយាមដ៏ប្រពៃបាន ហេតុនេះ រមែងមាន។ ភិក្ខុឈានចុះកាន់និយាមដ៏ប្រពៃហើយ នឹងធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល ឬក៏អរហត្តបាន ហេតុនេះ រមែងមាន។

(អនវត្ថិតសូត្រ ទី៧)

(៧. អនវត្ថិតសុត្តំ)

[១០២] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្ស ទាំង ៦ យ៉ាង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងសង្ខារទាំងពួង ហើយដំកល់នូវសេចក្តីសំគាល់ថា មិនទៀង។ ៦ យ៉ាង តើអ្វីខ្លះ។ គឺសង្ខារទាំងឡាយទាំងពួង នឹងប្រាកដថា ជារបស់មិនតាំងនៅខ្ជាប់ខ្ជួនបាន ១ ចិត្តអាត្មាអញ នឹងមិនត្រេកអរ ក្នុងលោកទាំងពួង ១ ចិត្តអាត្មាអញ នឹងចេញចាកលោកទាំងពួង ១ ចិត្តឈមទៅរកព្រះនិព្វាន នឹងមានដល់អាត្មាអញ ១ សញ្ញោជនៈទាំងឡាយ របស់អាត្មាអញ នឹងដល់នូវការសាបសូន្យ ១ អាត្មាអញ នឹងប្រកបដោយភាព នៃខ្លួនជាសមណៈដ៏ឧត្តម ១។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្ស ៦ យ៉ាងនេះឯង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងសង្ខារទាំងពួង ហើយដំកល់នូវសេចក្តីសំគាល់ថា មិនទៀង។

(ឧក្ខិត្តាសិកសូត្រ ទី៨)

(៨. ឧក្ខិត្តាសិកសុត្តំ)

[១០៣] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្ស ទាំង ៦ យ៉ាង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងសង្ខារទាំងពួង ហើយដំកល់នូវសេចក្តីសំគាល់ថា ជាទុក្ខ។ ៦ យ៉ាង តើអ្វីខ្លះ។ គឺសេចក្តីសំគាល់ ក្នុងការរលត់ ចំពោះសង្ខារទាំងពួង នឹងតាំងឡើងប្រាកដ ដល់អាត្មាអញ ដូចនាយពេជ្ឈឃាត ដែលងារដាវឡើង ១ ចិត្តអាត្មាអញ នឹងចេញចាកលោកទាំងពួង ១ អាត្មាអញ ជាអ្នកឃើញនូវសេចក្តីស្ងប់រម្ងាប់ ក្នុងព្រះនិព្វាន ១ អនុសយធម៌ទាំងឡាយ របស់អាត្មាអញ នឹងដល់នូវការគាស់រំលើង ១ អាត្មាអញ នឹងជាអ្នកធ្វើនូវកិច្ចការ ១ ព្រះសាស្តា អាត្មាអញនឹងជាអ្នកបំរើ ប្រកបដោយមេត្តា ១។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញ នូវអានិសង្សទាំង ៦ យ៉ាងនេះឯង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងសង្ខារទាំងពួង ហើយដំកល់នូវសេចក្តីសំគាល់ថាជាទុក្ខ។

(អតម្មយសូត្រ ទី៩)

(៩. អតម្មយសុត្តំ)

[១០៤] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្ស ទាំង ៦ យ៉ាង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងធម៌ទាំងពួង ហើយដំកល់នូវសេចក្តីសំគាល់ថា អនត្តា។ ៦ យ៉ាង តើអ្វីខ្លះ។ គឺអាត្មាអញ នឹងមិនមានតម្មយៈ (គឺតណ្ហា ទិដ្ឋិ) ក្នុងលោកទាំងពួង ១ ពួកអហំការទិដ្ឋិ របស់អាត្មាអញ នឹងរលត់ទៅ ១ ពួកមមំការតណ្ហា របស់អាត្មាអញ នឹងរលត់ទៅ ១ អាត្មាអញ ជាអ្នកប្រកបដោយញាណមិនទួទៅ ១ ហេតុ អាត្មាអញ នឹងឃើញដោយប្រពៃ ១ ធម៌ទាំងឡាយ កើតឡើងអំពីហេតុ ១។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញអានិសង្ស ទាំង ៦ យ៉ាងនេះឯង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងធម៌ទាំងពួង ហើយដំកល់នូវសេចក្តីសំគាល់ថា អនត្តា។

(ភវសូត្រ ទី១០)

(១០. ភវសុត្តំ)

[១០៥] ម្នាលភិក្ខុទាំងឡាយ ភព ៣ នេះ បុគ្គលគួរលះ ហើយគួរសិក្សា ក្នុងសិក្ខាទាំង ៣។ ភព ៣ ដែលបុគ្គលគួរលះ តើអ្វីខ្លះ។ គឺកាមភព ១ រូបភព ១ អរូបភព ១។ ភព ៣ យ៉ាងនេះ បុគ្គលគួរលះបង់ចេញ។ សិក្ខា ៣ ដែលបុគ្គលគួរសិក្សា តើអ្វីខ្លះ។ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។ បុគ្គលគួរសិក្សា ក្នុងសិក្ខាទាំង ៣ នេះ។ ម្នាលភិក្ខុទាំងឡាយ ភពទាំង ៣ នេះ ជាភពដែលភិក្ខុលះបង់ហើយផង ភិក្ខុជាអ្នកមានសិក្ខាសិក្សាហើយ ក្នុងសិក្ខាទាំងឡាយ ៣ នេះផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុអ្នកបានកាត់នូវតណ្ហា ស្រាយនូវសញ្ញោជនៈ ធ្វើនូវទីបំផុតនៃទុក្ខ ព្រោះត្រាស់ដឹងនូវមានះដោយប្រពៃ។

(តណ្ហាសូត្រ ទី១១)

(១១. តណ្ហាសុត្តំ)

[១០៦] ម្នាលភិក្ខុទាំងឡាយ តណ្ហា ៣ នេះ បុគ្គលគួរលះ ទាំងមានះ ៣ បុគ្គលក៏ត្រូវលះដែរ។ តណ្ហា ៣ ដែលបុគ្គលគួរលះ តើអ្វីខ្លះ។ គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ តណ្ហា ទាំង ៣ នេះ បុគ្គលគួរលះ។ មានះ ៣ តើអ្វីខ្លះ។ គឺមានះ ១ ឱមានះ ១ អតិមានះ ១។ នេះមានះ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ កាលណាតណ្ហាទាំង ៣ នេះ ភិក្ខុលះហើយ មានះទាំង ៣ នេះ ក៏ឈ្មោះថា ភិក្ខុលះហើយដែរ។ ម្នាលភិក្ខុទាំងឡាយ នេះទើបហៅថា ភិក្ខុអ្នកបានកាត់នូវតណ្ហា បានរលាស់ចោល នូវសញ្ញោជនៈ ធ្វើនូវទីបំផុតនៃទុក្ខ ព្រោះត្រាស់ដឹងនូវមានះដោយប្រពៃ។

ចប់ អានិសំសវគ្គ ទី៥។

ឧទ្ទាននៃអានិសំសវគ្គនោះគឺ

និយាយអំពីការកើតប្រាកដ ១ អានិសង្ស ១ អនិច្ចសញ្ញា ១ ទុក្ខសញ្ញា ១ អនត្តសញ្ញា ១ ព្រះនិព្វាន ១ មានះបី ១ មិនធ្វើនូវការចែក ១ ភពទាំងឡាយ ១ តណ្ហា ១ ទាំងអស់ត្រូវជា ១០។

ចប់ ទុតិយបណ្ណាសក។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.v10.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann