km:tipitaka:sut:an:10:sut.an.10.046

សក្កសូត្រ ទី៦

សង្ខេប

រក្សា​ឧបោសថ ប្រកប​ដោយ​អង្គ ៨៖ ឆ្កួត​​ហើយ បើ​​មិន​​ទុក​​ជា​​ប្រចាំ។

an 10.046 បាលី cs-km: sut.an.10.046 អដ្ឋកថា: sut.an.10.046_att PTS: ?

សក្កសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(៦. សក្កសុត្តំ)

[៤៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ គ្រានោះ ពួកសក្យឧបាសកជាច្រើន បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងថ្ងៃឧបោសថនោះ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះពួកសក្យឧបាសក អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ បានរក្សាឧបោសថ ប្រកបដោយអង្គ ៨ ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ជួនកាល យើងទាំងឡាយ បានរក្សាឧបោសថ ប្រកបដោយអង្គ ៨ ជួនកាល យើងទាំងឡាយ មិនបានរក្សា។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយនោះ ពេញជាឥតលាភហើយ ការបាននូវអត្តភាពជាមនុស្ស អ្នកទាំងឡាយនោះ បានដោយកម្រ ដ្បិតថាអ្នកទាំងឡាយ ជួនកាលក៏បានរក្សាឧបោសថ ប្រកបដោយអង្គ ៨ ជួនកាលក៏មិនបានរក្សា ក្នុងជីវិតប្រកបដោយសោក និងភ័យក្នុងជីវិត ប្រកបដោយមរណៈ និងភ័យយ៉ាងនេះ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច។ បុរសក្នុងលោកនេះ ក្នុង ១ ថ្ងៃ រកបានកន្លះកហាបណៈ ដោយហេតុនៃការងារណាមួយ ដែលមិនប៉ះពាល់អកុសលកម្ម តើគួរហៅថា បុរសអ្នកឈ្លាស បរិបូណ៌ដោយសេចក្តីព្យាយាមដែរឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះដូចម្តេច។ បុរសក្នុងលោកនេះ ក្នុង ១ ថ្ងៃ រកបាន ១ កហាបណៈ ដោយហេតុនៃការងារណាមួយ ដែលមិនប៉ះពាល់អកុសលកម្ម តើគួរហៅថា បុរសអ្នកឈ្លាស បរិបូណ៌ដោយសេចក្តីព្យាយាមដែរឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះដូចម្តេច។ បុរសក្នុងលោកនេះ ក្នុង ១ ថ្ងៃ រកបាន ២ កហាបណៈ ដោយហេតុនៃការងារណាមួយ ដែលមិនប៉ះពាល់អកុសលកម្ម រកបាន ៣ កហាបណៈ រកបាន ៤ កហាបណៈ រកបាន ៥ កហាបណៈ រកបាន ៦ កហាបណៈ រកបាន ៧ កហាបណៈ រកបាន ៨ កហាបណៈ រកបាន ៩ កហាបណៈ រកបាន ១០ កហាបណៈ រកបាន ២០ កហាបណៈ រកបាន ៣០ កហាបណៈ រកបាន ៤០ កហាបណៈ រកបាន ៥០ កហាបណៈ រកបាន ១០០ កហាបណៈ តើគួរហៅថា បុរសអ្នកឈ្លាស បរិបូណ៌ដោយសេចក្តីព្យាយាមដែរឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច។ បុរសនោះ កាលរកបាន ១០០ កហាបណៈ ១.០០០ កហាបណៈ ក្នុងមួយថ្ងៃ ទុកដាក់នូវកហាបណៈ ដែលខ្លួនរកបានហើយ ៗ រស់នៅបាន ១០០ ឆ្នាំ គប្បីបាននូវគំនរនៃភោគៈដ៏ច្រើនដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្តេច។ បុរសនោះ គប្បីបានទទួលនូវសុខយ៉ាងឯក អស់រាត្រីមួយ ឬមួយថ្ងៃ អស់កន្លះរាត្រី ឬកន្លះថ្ងៃ ដែលមានភោគៈជាហេតុ មានភោគៈជាគ្រឿងប្រគល់ឲ្យ មានភោគៈជាអធិករណ៍ មែនដែរឬ។ ហេតុនុ៎ះ មិនមែនទេ ព្រះអង្គ។ រឿងនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា កាមទាំងឡាយ មិនទៀង ទទេ មិនពិត វិនាសទៅជាធម្មតា។ ម្នាលសក្យៈទាំងឡាយ ចំណែកខាងសាវករបស់តថាគត ក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ប្រតិបត្តិតាមពាក្យដែលតថាគត ប្រៀនប្រដៅហើយ អស់ ១០ ឆ្នាំ គប្បីទទួលសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០.០០០ (១ ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិតប្រាកដខ្លះ។ ម្នាលសក្យៈទាំងឡាយ ១០ ឆ្នាំ លើកទុកចុះ សាវករបស់តថាគតក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ប្រតិបត្តិតាមពាក្យដែលតថាគត ប្រៀនប្រដៅហើយ អស់ ៩ឆ្នាំ ៨ឆ្នាំ ៧ឆ្នាំ ៦ឆ្នាំ ៥ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ ២ឆ្នាំ ១ឆ្នាំ គប្បីទទួលនូវសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០. ០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិត ប្រាកដខ្លះ។ ម្នាលសក្យៈទាំងឡាយ ១ ឆ្នាំ លើកទុកចុះ សាវករបស់តថាគត ក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ប្រតិបត្តិតាមពាក្យដែលតថាគតប្រៀនប្រដៅហើយ អស់ត្រឹមតែ ១០ ខែ ក៏គប្បីទទួលនូវសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០.០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិតប្រាកដខ្លះ។ ម្នាលសក្យៈទាំងឡាយ ១០ ខែ លើកទុកចុះ សាវករបស់តថាគត ក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ប្រតិបត្តិតាមពាក្យដែលតថាគតប្រៀនប្រដៅហើយ អស់ ៩ខែ ៨ខែ ៧ខែ ៦ខែ ៥ខែ ៤ខែ ៣ខែ ២ខែ ១ខែ កន្លះខែ ក៏គប្បីបានទទួលនូវសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០. ០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិតប្រាកដខ្លះ។ ម្នាលសក្យៈទាំងឡាយ កន្លះខែ លើកទុកចុះ សាវករបស់តថាគត ក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ប្រតិបត្តិតាមពាក្យដែលតថាគត ប្រៀនប្រដៅហើយ អស់យប់ និងថ្ងៃ ១០ ក៏គប្បីបានទទួលនូវសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០.០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិតប្រាកដខ្លះ។ ម្នាលសក្យៈទាំងឡាយ យប់ និងថ្ងៃ ១០ លើកទុកចុះ សាវករបស់តថាគត ក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ប្រតិបត្តិតាមពាក្យដែលតថាគតប្រៀនប្រដៅហើយ អស់យប់ និងថ្ងៃ ៩ យប់ និងថ្ងៃ ៨ យប់និងថ្ងៃ ៧ យប់និងថ្ងៃ ៦ យប់និងថ្ងៃ ៥ យប់និងថ្ងៃ ៤ យប់និងថ្ងៃ ៣ យប់និងថ្ងៃ ២ យប់និងថ្ងៃ ១ ក៏គប្បីបានទទួលនូវសេចក្តីសុខយ៉ាងឯក អស់ ១០០ ឆ្នាំ ក៏មាន ១០.០០០ (១ម៉ឺន) ឆ្នាំ ក៏មាន ១០០.០០០ (១សែន) ឆ្នាំ ក៏មាន។ សាវករបស់តថាគតនោះ បានជាសកទាគាមីខ្លះ អនាគាមីខ្លះ បានដល់សោតៈពិតប្រាកដខ្លះ។ ម្នាលសក្យៈទាំងឡាយ អ្នកទាំងឡាយ ចំជាឥតលាភហើយ ការបាននូវអត្តភាពជាមនុស្ស អ្នកទាំងឡាយនោះ បានដោយកម្រ ដ្បិតថា អ្នកទាំងឡាយ ជួនកាលបានរក្សាឧបោសថ ប្រកបដោយអង្គ ៨ ជួនកាលមិនបានរក្សា ក្នុងជីវិតប្រកបដោយសោក និងភ័យ ក្នុងជីវិតប្រកបដោយមរណៈ និងភ័យយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន យើងទាំងឡាយនេះ នឹងរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ ចាប់ដើមតាំងពីថ្ងៃនេះ តរៀងទៅ។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.046.txt · ពេលកែចុងក្រោយ: 2023/08/17 12:22 និពន្ឋដោយ Johann