km:tipitaka:sut:kn:tha:sut.kn.tha.17.01

បុស្សត្ថេរគាថា

សង្ខេប

ព្រះ​ថេរៈ ពិចារណា​អំពី​អនាគត​របស់​ព្រះ​សង្ឃ។

sut kn tha 17 01 បាលី cs-km: sut.kn.tha.17.01 អដ្ឋកថា: sut.kn.tha.17.01_att PTS: ?

បុស្សត្ថេរគាថា

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១. ផុស្សត្ថេរគាថា)

[២៥៩] ឥសីឈ្មោះ​បណ្ឌរសគោត្រ ឃើញពួក​ភិក្ខុ​ជា​ច្រើន ដែល​គួរ​នាំ​មក​នូវ​សេចក្តី​ជ្រះ​ថ្លា មាន​ចិត្តអប់​រំ​ហើយ សង្រួមល្អ​ហើយ ក៏​បាន​សួរនូវ​ព្រះ​ថេរៈ​ឈ្មោះ បុស្សៈ​ថា។ ពួក​ភិក្ខុ​នឹងមាន​ប្រាថ្នា​ដូចម្ដេច មាន​បំណង​ដូចម្ដេច មាន​អាកប្បកិរិយា​ដូចម្ដេច ក្នុង​កាល​អនាគត លោក​ដែល​ខ្ញុំ​សួរ​ហើយ សូមប្រាប់​នូវ​ដំណើរ​នោះ​ឲ្យ​ទាន។

(ព្រះ​បុស្សត្ថេរ ពោលថា) ម្នាលឥសីឈ្មោះ​បណ្ឌរស អ្នក​ចូរស្ដាប់​ពាក្យ​អាត្មា ចូរចាំ​ទុក​ដោយ​គោរព អាត្មា​នឹងប្រាប់​នូវ​កាលជាអនាគត។ ពួក​ភិក្ខុ​ច្រើនរូប ជា​បុគ្គល​មាន​សេចក្តី​ក្រោធ ចង​សេចក្តី​ក្រោធ​ទុក ជា​អ្នក​លុបគុណគេ ជា​បុគ្គល​របឹង ជា​អ្នក​បោកប្រាស ជា​អ្នក​ច្រណែន ជា​អ្នក​មាន​វាទៈ​ផ្សេង ៗ គ្នា នឹងមាន​ក្នុង​អនាគត។ ភិក្ខុ​មាន​សេចក្តី​ប្រកាន់​ថាខ្លួន ដឹង​ធម៌​ដ៏ជ្រាលជ្រៅ មាន​អារម្មណ៍​ក្នុង​ត្រើយ (ខាងអាយ​អំពី​ធម៌​នោះ​) មាន​ចិត្ត​ស្រាល មិន​ធ្ងន់​ក្នុង​ព្រះ​សទ្ធម្ម រមែង​ជា​អ្នក​មិន​មាន​សេចក្តី​គោរព​គ្នា​នឹងគ្នា។ ទោស​ទាំង​ឡាយ​ជា​ច្រើន នឹង​កើត​ឡើង​ក្នុង​លោក ក្នុង​កាល​ជាអនាគត គឺពួក​ភិក្ខុ​អប្បប្រាជ្ញា​នឹង​ញ៉ាំង​ធម៌​ដែល​ព្រះ​មាន​ព្រះ​ភាគ​សំដែង​ហើយ​ដោយ​ប្រពៃនេះ ឲ្យ​សៅ​ហ្មង។ ពួក​ភិក្ខុ​សាប​សូន្យ​ចាក​គុណ កាលចរចា​ក្នុង​សង្ឃ នឹងជា​អ្នក​ក្លៀវក្លា មាន​កំឡាំង មាន​មាត់​រឹង តែជា​អ្នក​មិន​មាន​ការ​ចេះដឹង។ទ. ៨៥ ឯពួក​ភិក្ខុ​មាន​គុណ មាន​ហិរិ មិន​មាន​សេចក្តី​ត្រូវការ (របស់​អ្វី) កាល​ពោល​ពាក្យ​ក្នុង​សង្ឃ​តាមសេចក្តី​ពិត នឹង​ជា​អ្នក​មាន​កំឡាំងថយ។ ក្នុង​អនាគតកាល ពួក​ភិក្ខុ​ដែល​ឥតប្រាជ្ញា នឹងត្រេក​ត្រអាលចំពោះ​ប្រាក់​មាស ស្រែចម្ការ ពពែ ចៀម ខ្ញុំ​ស្រី និង​ខ្ញុំ​ប្រុស។ ពួក​ភិក្ខុ​ពាល ជា​អ្នក​សំគាល់​ក្នុង​ការ​លើ​កទោស មិន​តាំង​មាំ​ក្នុង​សីល​ទាំង​ឡាយ ជា​អ្នក​ក្រអឺតក្រអោង ត្រេកត្រអាល​ក្នុង​ជម្លោះ នឹងត្រាច់​ទៅ​ផ្សេង ៗ ដូចម្រឹគ មួយ​ទៀត នឹងមាន​ពួក​ភិក្ខុ​ជា​អ្នក​រាយមាយ ស្លៀក​ដណ្ដប់​ចីវរមាន​ពណ៌ខៀវ ជា​មនុស្ស​កុហក ជា​បុគ្គល​រឹងត្អឹង ជា​អ្នក​ចរចារួសរាយ មាន​កិលេស​ដូចស្នែង នឹង​ប្រព្រឹត្ត​ដូច​ព្រះ​អរិយៈ។ ពួក​ភិក្ខុ ដែល​មាន​សក់​រលើ​ប​ដោយ​ប្រេង ជា​អ្នក​ឃ្លេងឃ្លោង មាន​ភ្នែក​លាបថ្នាំ ដណ្ដប់​សំពត់​មាន​​សម្បុរ​ដូច​ភ្លុក នឹងដើរ​តាមច្រក។ ភិក្ខុ​ពាល​ទាំង​នោះ នឹងខ្ពើម​នូវ​សំពត់​កាសាវៈ ដែល​ពួក​ព្រះ​អរិយៈ​មាន​ចិត្ត​ផុតស្រឡះ​មិនខ្ពើម ជាសំពត់​ជ្រលក់​ត្រឹមត្រូវ ជា​ទង់​ជ័យ​នៃ​ព្រះ​អរិយៈ ហើយជា​អ្នក​ជ្រប់​នៅ​តែ​ក្នុង​សំពត់​មាន​ពណ៌​ស។ នឹងមាន​ពួក​ភិក្ខុ​ជា​អ្នក​ប្រាថ្នា​លាភ ជា​បុគ្គល​ខ្ជិល មាន​ព្យាយាមទន់ ទាំង​ជា​បុគ្គល​ធុញ​ទ្រាន់​នឹងព្រៃធំ ៗ ទាំង​ឡាយ ហើយនៅ​តែ​ក្នុង​សេនាសនៈ​ជិត ៗ ស្រុក។ ពួក​ភិក្ខុ​ណា ៗ ត្រេកអរ​ក្នុង​មិច្ឆាជីវៈ នឹង​បាន​លាភ​គ្រប់​កាល​ទាំង​ពួង ពួក​ភិក្ខុ​​ដែល​សិក្សា​តាមភិក្ខុ​ទាំង​នោះ ៗ ក៏​នឹង​ទៅ​ជា​អ្នក​មិនសង្រួម។ទ. ៨៦ ពួក​ភិក្ខុ​ណា ៗ ជា​អ្នក​មិន​បាន​លាភ ពួក​ភិក្ខុ​ទាំង​នោះ នឹងមិន​មាន​គេ​បូជា ពួក​ភិក្ខុ​ទាំង​នោះ នឹងមិនគប់​រក​នូវ​អ្នក​ប្រាជ្ញ ដែល​មាន​សីល​ជា​ទី​ស្រឡាញ់ ក្នុង​កាល​នោះ។ ពួក​ភិក្ខុ​ខ្លះ នឹងតិះ​ដៀលនូវ​សំពត់​កាសាវៈ ជាទង់​ជ័យ​របស់​ខ្លួន ហើយ​ទៅ​ស្លៀក​ដណ្ដប់​សំពត់ ជាទង់​ជ័យពួក​តិរ្ថិយ ដែល​ជ្រលក់​ដោយ​មក្លឿ​ក៏​មាន ជាសំពត់​សក៏​មាន។ សេចក្ដី​មិនគោរព​ក្នុង​សំពត់​កាសាវៈ​នៃ​ពួក​ភិក្ខុ​ទាំង​នោះ នឹង​មាន​ក្នុង​កាល​នោះ ទាំង​ការ​ពិចារណា ក្នុង​សំពត់​កាសាវៈ នៃ​ពួក​ភិក្ខុ ក៏​នឹងមិន​មាន​ដែរ។ ដំរី​ដ៏​ប្រសើរ កាលត្រូវ​សេចក្ដីទុក្ខគ្រប​សង្កត់ ត្រូវសរមុត ញ័រកាយ​ចំប្រប់ ក៏​មាន​ការ​គិត​ពិចារណា​ដ៏ខ្លាំង​ក្រៃលែង ជាគំនិត​ដែល​មិន​ធ្លាប់​គិតមក។ ព្រោះ​ថា គ្រា​នោះ ដំរី​ឆទ្ទន្ត បាន​ឃើញសំពត់​កាសាវៈ ជាទង់​ជ័យព្រះ​អរហន្ត ដែល​ជ្រលក់​យ៉ាង​ល្អ ហើយ​បាន​ពោល​នូវ​គាថា​ទាំង​ឡាយ ដែល​ប្រកប​ដោយ​ប្រយោជន៍ ក្នុង​ខណៈ​នោះ​ឯង។ បុគ្គល​ណា មិន​ទាន់​ប្រាស​ចាក​ទឹកចត់ គឺរាគាទិក្កិលេស ជា​អ្នក​ប្រាស​ចាក​ទមៈ និង​សច្ចៈ ស្លៀក​ដណ្ដប់​នូវ​សំពត់​កាសាវៈ បុគ្គល​នោះ មិន​គួរ (ស្លៀកដណ្ដប់) នូវ​សំពត់​កាសាវៈ​ឡើយ។ លុះ​តែបុគ្គល​ណា បាន​ខ្ជាក់​ចោល​នូវ​ទឹកចត់ គឺរាគាទិក្កិលេស តាំង​មាំល្អ​ក្នុង​សីល​ទាំង​ឡាយ ប្រកប​ដោយ​ទមៈ និងសច្ចៈ បុគ្គល​នោះ​ឯង ទើបគួរ (ស្លៀកដណ្ដប់) នូវ​សំពត់​កាសាវៈ។ទ. ៨៧ បុគ្គល​ណា ជា​អ្នក​វិបត្តិសីល មាន​គំនិតអាក្រក់ ប្រាកដ​ជា​អ្នក​ទ្រុស្ដ​សីល ធ្វើ​តាម​តែប្រាថ្នា មាន​ចិត្តរាយមាយ មិន​មាន​ធម៌ស បុគ្គល​នោះ មិន​គួរ (ស្លៀកដណ្ដប់) នូវ​សំពត់​កាសាវៈ​ឡើយ។ លុះ​តែបុគ្គល​ណា បរិបូណ៌​ដោយ​សីល ប្រាស​ចាក​ឆន្ទរាគៈ មាន​ចិត្តតាំង​មាំ មាន​សេចក្តី​ត្រិះ​រិះ​ក្នុង​ចិត្ត​ដ៏ស បុគ្គល​នោះ​ឯង ទើប​គួរ (ស្លៀកដណ្ដប់) នូវ​សំពត់​កាសាវៈ។ សីល​របស់​បុគ្គល​ណាមិន​មាន បុគ្គល​នោះ ជា​អ្នក​រវើរវាយ ក្រអឺត​ក្រអោង ជា​បុគ្គល​ពាល គួរ​តែ (ស្លៀកដណ្ដប់) នូវ​សំពត់​មាន​ពណ៌ស និងស្លៀក​ដណ្ដប់​នូវ​សំពត់​កាសាវៈ​ដូចម្ដេច​កើត។ ក្នុង​កាលជាអនាគត ពួក​ភិក្ខុ ភិក្ខុនី ជា​អ្នក​មាន​ចិត្ត​ប្រទូស្ត ជា​អ្នក​ឃ្នើសឃ្នង នឹងសង្កត់​សង្កិន​នូវ​ពួក​លោក​ដែល​ប្រកប​ដោយ​តាទិគុណ មាន​ចិត្ត​ប្រកប​ដោយ​មេត្តា។ ពួក​ភិក្ខុ​ពាល ដែល​មាន​គំនិតអាក្រក់ ប្រាកដ​ជា​អ្នក​ទ្រុស្ត​សីល ធ្វើ​តាម​តែប្រាថ្នា កាល​បើពួក​ព្រះ​ថេរៈ បង្ហាត់​នូវ​ការ​ស្លៀក​ដណ្ដប់​ចីវរ នឹង​មិនព្រម​ស្ដាប់។ ពួក​ភិក្ខុ​ពាល​ទាំង​នោះ ដែល​ឧបជ្ឈា​យា​ចារ្យ ឲ្យ​សិក្សាយ៉ាង​នោះ​ហើយ ក៏ជា​បុគ្គល​មិន​មាន​ការ​គោរពគ្នា​នឹងគ្នា នឹងមិនអើ​ពើ​ចំពោះ​ឧបជ្ឈាយាចារ្យ ដូចសេះមាន​ពុតត្បុត មិន​អើពើ​នឹងនាយសារថី។ ក្នុង​កាល​ជាអនាគត ពួក​ភិក្ខុ ភិក្ខុ​នី នឹងមាន​សេចក្តី​ប្រតិបត្តិ​យ៉ាង​នេះ ក្នុង​បច្ឆិមកាល​ដែល​មក​ដល់ទ. ៨៨។ ភ័យ​ដ៏​ធំនេះ ដែល​មិន​ទាន់​មក​ដល់ ក៏​រមែង​មក​ដល់​មុនមិនខាន អ្នក​ទាំង​ឡាយ ចូរ​ជា​បុគ្គល​ប្រដៅ​ងាយ មាន​ចិត្ត​ដ៏ទន់ ប្រកប​ដោយ​សេចក្តី​គោរព​ដល់​គ្នា​នឹងគ្នាចុះ។ អ្នក​ទាំង​ឡាយ ចូរ​ជា​បុគ្គល​មានចិត្តមេត្តា ករុណា សង្រួម​ក្នុង​សីល​ទាំង​ឡាយ មាន​ការ​ព្យាយាមតឹង​តែង មាន​ចិត្តស្លុងទៅ​កាន់​និព្វាន មាន​សេចក្តី​សង្វាតមាំ អស់​កាល​ជា​និច្ចចុះ។ អ្នក​ទាំង​ឡាយ បើឃើញសេចក្តី​ប្រមាទ ថា​ជាភ័យ ទាំង​ឃើញ​នូវ​សេចក្តី​មិន​ប្រមាទ ថា​ជា​ទីក្សេម​ហើយ ចូរចំរើន​នូវ​មគ្គមាន​អង្គ ៨ (កាល​បើយ៉ាង​នេះ​) ពួក​ភិក្ខុ ក៏​រមែង​បាន​នូវ​អមតបទ គឺព្រះ​និព្វាន។

បុស្សត្ថេរ។

 

លេខយោង

km/tipitaka/sut/kn/tha/sut.kn.tha.17.01.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann