km:tipitaka:sut:kn:viv:sut.kn.viv.v5

មហារថវគ្គ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn viv v5 បាលី cs-km: sut.kn.viv.v5 អដ្ឋកថា: sut.kn.viv.v5_att PTS: ?

មហារថវគ្គ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. មហារថវគ្គោ)

មណ្ឌុកទេវបុត្តវិមាន ទី១

(១. មណ្ឌូកទេវបុត្តវិមានវត្ថុ)

[៥១] (ព្រះមានព្រះភាគ ត្រាស់សួរថា) អ្នកណាហ្ន៎ រុងរឿងដោយឫទ្ធិ ដោយយស មានសម្បុរដ៏ល្អ ញុំាងទិសទាំងពួងឲ្យភ្លឺ មកថ្វាយបង្គំបាទានៃតថាគត។

(មណ្ឌុកទេវបុត្ត ក្រាបទូលថា) ក្នុងកាលមុន ខ្ញុំព្រះអង្គជាកង្កែបនៅក្នុងទឹក មានវារិជាតិជាអាហារ កាលខ្ញុំព្រះអង្គកំពុងតែស្តាប់ធម៌របស់ព្រះអង្គ នាយគោបាល បានសម្លាប់ខ្ញុំ សូមព្រះអង្គទ្រង់ទតនូវឫទ្ធិ និងយសរបស់ខ្ញុំ ទ្រង់ទតនូវអានុភាពរបស់ខ្ញុំ ទ្រង់ទតនូវសម្បុរ និងពន្លឺរបស់ខ្ញុំ អ្នកមានចិត្តជ្រះថ្លាតែមួយរំពេញចុះ បពិត្រព្រះគោតម ពួកជនណា បានស្តាប់ធម៌របស់ព្រះអង្គអស់កាលជាអង្វែង ពួកជននោះ រមែងដល់នូវអចលដ្ឋាន (ទីមិនកំរើក) ដែលជាទីទៅហើយ រមែងមិនសោយសោក។

ចប់ មណ្ឌុកទេវបុត្តវិមាន ទី១។

រេវតីវិមាន ទី២

(២. រេវតីវិមានវត្ថុ)

[៥២] ពួកញាតិមិត្តនិងសំឡាញ់ តែងត្រេកអរសាទរចំពោះបុរសដែលព្រាត់គ្នា អស់កាលយូរ ហើយវិលមកអំពីទីឆ្ងាយដោយសួស្តីថា មកហើយដូច្នេះ យ៉ាងណា បុណ្យទាំងឡាយ រមែងទទួលបុគ្គលដែលបានធ្វើបុណ្យហើយ ចេញចាកលោកនេះ ទៅកាន់លោកខាងមុខ ដូចពួកញាតិទទួលញាតិជាទីស្រឡាញ់មកដល់យ៉ាងនោះដែរ

(យក្ខទាំងពីរនាក់និយាយថា) នែនាងរេវតីមានធម៌ដ៏លាមកពន់ពេក ជាស្រីឥតទាន ឥតសីល នាងចូរក្រោកឡើង ទ្វារនរកបើកហើយ ពួកសត្វនរក ជាសត្វទុគ៌តប្រកបដោយទុក្ខ យំថ្ងូរនៅក្នុងទីណា ពួកយើងនឹងនាំនាងទៅក្នុងទីនោះ លុះយក្ខមានភ្នែកក្រហម ធំសំបើមទាំងពីរ ជាទូតនៃយមរាជ បានពោលយ៉ាងនេះហើយ ក៏ចាប់នាងរេវតី ត្រង់ដើមដៃម្ខាងម្នាក់ ហើយនាំចូលទៅក្នុងសំណាក់នៃពួកទេវតា

(នាងរេវតីសួរថា) វិមានដែលមានសម្បុរដូចព្រះអាទិត្យដ៏រុងរឿង ភ្លឺផ្លេក សំបើមល្អ បិទបាំងដោយបណ្តាញមាស មានជនកុះករ ភ្លឺដូចរស្មីព្រះអាទិត្យនុ៎ះ តើជាវិមានអ្នកណា ពួកនារីទាំងឡាយ មានខ្លួនលាបដោយខ្លឹមចន្ទន៍ ហើយចូលទៅ ញុំាងវិមាននោះឲ្យល្អរុងរឿងទាំងពីរខាង វិមាននោះមានសម្បុរប្រាកដស្មើដោយសម្បុរព្រះអាទិត្យ បុគ្គលណាហ្ន៎ បានដល់នូវឋានសួគ៌ ហើយរីករាយក្នុងវិមាន។

(យក្ខទាំងពីរនោះប្រាប់ថា) ក្នុងក្រុងពារាណសី មានឧបាសកម្នាក់ឈ្មោះនន្ទិយៈ ជាអ្នកមិនកំណាញ់ ជាម្ចាស់ទាន អ្នកដឹងនូវពាក្យពេចន៍ វិមានដែលមានជនកុះករ ដ៏រុងរឿងដូចរស្មីព្រះអាទិត្យនុ៎ះ ជាវិមានរបស់ឧបាសកឈ្មោះនន្ទិយៈនោះ ពួកនារីទាំងឡាយ មានខ្លួនលាបហើយដោយលំអិតខ្លឹមចន្ទន៍ ហើយចូលទៅ ញុំាងវិមាននោះឲ្យល្អរុងរឿងទាំងពីរខាង វិមាននោះ មានសម្បុរស្មើដោយសម្បុរព្រះអាទិត្យ នន្ទិយឧបាសកនោះ បានដល់នូវឋានសួគ៌ ហើយរីករាយក្នុងវិមាន (នោះ)។

(នាងរេវតីនិយាយថា) ខ្លួនខ្ញុំ ជាប្រពន្ធរបស់នន្ទិយឧបាសក ជាម្ចាស់ផ្ទះ ជាធំរបស់ត្រកូលទាំងអស់ ខ្ញុំនឹងត្រេកអរក្នុងវិមានរបស់បី្ត ក្នុងកាលឥឡូវនេះ ខ្ញុំមិនចង់ឃើញនរក

(យក្ខទាំងពីរនោះតបថា) ម្នាលស្រីមានធម៌ដ៏លាមកពន់ពេក នរកនុ៎ះ ជានរកសម្រាប់នាងហើយ នាងឯងមិនបានធ្វើបុណ្យក្នុងមនុស្សលោកសោះ

ដ្បិតថា បុគ្គលមានសេចកី្តកំណាញ់ ជាអ្នកជេរប្រទេចគេ មានធម៌ដ៏លាមក រមែងមិនបានកើតរួមជាមួយនឹងពួកអ្នកដែលទៅកើតក្នុងឋានសួគ៌ទេ។

(នាងរេវតីសួរថា) អី្វនេះហ្ន៎ ជាគូថ និងមូត្រមិនស្អាត ជាក់ស្តែងម៉្លេះ អី្វនេះហ៎្ន ជាលាមកមានក្លិនអាក្រក់ម៉្លេះ អី្វនេះហ៎្ន ផ្សាយក្លិនមក។

(ពួកនិរយបាល ពោលថា) នុ៎ះនរកឈ្មោះសំសវកៈដ៏ជ្រៅចំនួនមួយរយជួរបុរស ម្នាលនាងរេវតី នាងនឹងឆេះក្នុងនរកនោះរាប់ពាន់ឆ្នាំ។

(នាងរេវតីតបថា) អំពើអាក្រក់ដូចម្តេច ដែលខ្ញុំបានធ្វើដោយកាយ វាចា ចិត្ត នរកឈ្មោះសំសវកៈដ៏ជ្រៅ ចំនួនមួយរយជួរបុរស ខ្ញុំបានដោយហេតុដូចម្តេច។

(ពួកនិរយបាល ពោលថា) នាងបាននិយាយបញ្ជោតពួកសមណៈ ពួកព្រាហ្មណ៍ និងពួកវណិព្វកៈដទៃៗ ដោយមុសាវាទ បាបនោះ នាងបានធ្វើហើយយ៉ាងនេះ នរកឈ្មោះសំសវកៈដ៏ជ្រៅចំនួនមួយរយជួរបុរស នាងបានព្រោះបាបនោះឯង ម្នាលនាងរេវតី នាងនឹងឆេះក្នុងនរកនោះរាប់ពាន់ឆ្នាំ។

ពួកនិរយបាល កាត់ដៃក៏មាន កាត់ជើងក៏មាន កាត់ស្លឹកត្រចៀកក៏មាន កាត់ច្រមុះក៏មាន មួយទៀត ពួកសត្វក្អែកមកប្រជុំជញ្ជែងចឹកនូវសត្វនរក ដែលកំពុងតែញាប់ញ័រ។

(នាងរេវតីតបថា) ខ្ញុំសូមអង្វរ សូមអ្នកទាំងឡាយ នាំខ្ញុំត្រឡប់ទៅវិញ ពួកសត្វ ជាអ្នកបានសុខ ទាំងមិនក្តៅក្រហាយក្នុងកាលខាងក្រោយ ព្រោះបានធ្វើកុសលណា ខ្ញុំនឹងធ្វើកុសលនោះឲ្យច្រើនដោយការឲ្យទាន ការប្រព្រឹត្តិស្មើ ការសង្រួម និងការទូន្មានឥន្ទ្រិយ។

(ពួកនិរយបាលពោលថា) ក្នុងកាលមុន នាងប្រមាទហើយ ឥឡូវនេះ ទួញយំ នាងនឹងទទួលផលនៃកម្មទាំងឡាយ ដែលបានធ្វើដោយខ្លួនឯង។

(នាងរេវតីតបថា) បុគ្គលណា ចេញអំពីទេវលោក ទៅកាន់មនុស្សលោកហើយ ខ្ញុំសួរ គប្បីប្រាប់ខ្ញុំយ៉ាងនេះថា អ្នកទាំងឡាយ ចូរឲ្យសំពត់សម្រាប់ស្លៀកដណ្តប់ ទីដេក (ទីអង្គុយ) និងបាយ ទឹក ជាទាន ចំពោះពួកជនដែលមានអាជ្ញាដាក់ចុះហើយ បើពិតថា បុគ្គលមានសេចកី្តកំណាញ់ ជាអ្នកជេរ ប្រទេចគេ មានធម៌ដ៏លាមក រមែងមិនបានទៅកើតជាមួយនឹងពួកអ្នកដែលទៅកើតក្នុងឋានសួគ៌មែន។

ខ្ញុំនោះ ប្រសិនបើរួចទៅអំពីនេះ ហើយបាននូវកំណើតជារបស់មនុស្ស នឹងជាអ្នកដឹងកី្ត បរិបូណ៌ដោយសីល ធ្វើនូវកុសលឲ្យច្រើន ដោយការឲ្យទាន ការប្រព្រឹត្តិស្មើ ការសង្រួម និងការទូន្មាននូវឥន្ទ្រិយ មួយទៀត ខ្ញុំនឹងដាំឈើសួន សង់ស្ពានសម្រាប់ឆ្លងទៅមក ក្នុងទីដែលលំបាក ជីកអណ្តូង ជីកស្រះ ដោយចិត្តជ្រះថ្លា ខ្ញុំនឹងរក្សាឧបោសថ ប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងថ្ងៃទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ខ្ញុំនឹងជាបុគ្គលសង្រួមក្នុងសីលទាំងឡាយគ្រប់កាល ខ្ញុំនឹងមិនប្រមាទក្នុងទាន ព្រោះខ្ញុំបានឃើញអំពើនេះ (ជាក់ច្បាស់) ដោយខ្លួនឯងហើយ។

(ពួកនិរយបាល) បោះនាងរេវតីដែលកំពុងយំ បម្រះននៀលយ៉ាងនេះ ទៅក្នុងនរកដ៏ពន្លឹក ឲ្យមានជើងឡើងលើ មានក្បាលចុះក្រោម។

(នាងរេវតីនិយាយថា) ក្នុងកាលមុន ខ្ញុំជាអ្នកមានសេចកី្តកំណាញ់ ជាអ្នកជេរប្រទេចនូវពួកសមណៈ និងព្រាហ្មណ៍ បោកប្រាសនូវស្វាមីដោយពាក្យមិនពិត ទើបខ្ញុំឆេះក្នុងនរក មានសភាពដ៏ពន្លឹក។

ចប់ រេវតីវិមាន ទី២។

ឆត្តមាណវកវិមាន ទី៣

(៣. ឆត្តមាណវកវិមានវត្ថុ)

[៥៣] ព្រះមានព្រះភាគ ជាសក្យមុនីអង្គណាដ៏ប្រសើរ ខ្ពស់ជាងពួកអ្នកប្រាជ្ញ ក្នុងពួកមនុស្ស ទ្រង់បានធ្វើកិច្ចស្រេចហើយ ដល់នូវត្រើយ គឺព្រះនិព្វាន ព្រះអង្គ ប្រកបព្រមដោយកំឡាំង (និងញាណ) និងសេចកី្តព្យាយាម អ្នកចូរដល់នូវព្រះមានព្រះភាគ ជាព្រះសុគតអង្គនោះ ដើម្បីជាសរណៈចុះ អ្នកចូរដល់នូវធម៌ដែលប្រាសចាករាគៈ (អរិយមគ្គ) មិនរំភើប មិនមានសោក (អរិយផល) ជាសភាវធម៌ដែលបច្ច័យប្រជុំតាក់តែងមិនបាន ជាធម៌មិនគួរខ្ពើម ជាធម៌ដ៏ពីរោះ ដ៏ល្អិត ដែលលោកចែកត្រឹមត្រូវហើយ ដើម្បីជាសរណៈចុះ អ្នកប្រាជ្ញទាំងឡាយ បានពោលនូវទានដែលបុគ្គលឲ្យហើយ ចំពោះគូបុរសដ៏ស្អាត ៤ គូណា ថាជាទានមានផលច្រើន គូនៃបុរសនោះ ចាត់ជាបុគ្គល ៨ ពួក ជាអ្នកឃើញនូវធម៌ អ្នកចូរដល់នូវព្រះសង្ឃនេះជាសរណៈចុះ។

(ព្រះមានព្រះភាគ ត្រាស់ថា) វិមានរបស់អ្នកនេះ មានពន្លឺខ្លាំង រកអ្វីប្រៀបគ្មានយ៉ាងណា ព្រះអាទិត្យ ព្រះចន្ទ និងផ្កាយផុស្សៈ (ផ្កាយប្រចាំខែបុស្ស) ឰដ៏អាកាស ក៏មិនរុងរឿង មិនភ្លឺត្រឹមស្មើយ៉ាងនោះ អ្នកជាអី្វ មកអំពីទេវលោក មកកាន់ផែនដី មួយទៀត រស្មី (វិមានរបស់អ្នកផ្សាយទៅ) អស់ ២៥ យោជន៍ គ្របសង្កត់រស្មីព្រះអាទិត្យ ធ្វើរាត្រីឲ្យដូចជាវេលាថ្ងៃ វិមានដ៏ល្អស្អាត មិនមានមន្ទិល មានផ្កាឈូកក្រហមជាច្រើនបែប និងមានផ្កាឈូកស មានពណ៌ដ៏វិចិត្រ លាយឡំដោយផ្កាផ្សេងៗ វិចិត្រដោយភ្ញីវល្លិ និងភ្ញីផ្កាជាច្រើនយ៉ាង ជាវិមានមិនមានធូលី ទាំងបិទបាំងដោយបណ្តាញមាស ប្រាសចាកធូលី រុងរឿងត្រដែត ឰដ៏អាកាស ដូចព្រះអាទិត្យដ៏ពាសពេញដោយពួកទេវធីតា (ស្លៀកដណ្តប់) សំពត់កម្ពលក្រហម និងសំពត់លឿង មានខ្លួនប្រស់ព្រំ ប្រដាប់ដោយគ្រឿងក្រឹស្នា ផ្កាបិយង្គុ និងគ្រឿងចន្ទន៍ មានស្បែកដ៏ស្តើងភ្លឺថ្លាដូចមាស ដូចជាអាកាស ដែលពេញពាសដោយពួកផ្កាយ ក្នុងវិមាននុ៎ះ មាននរៈនារីជាច្រើន មានវណ្ណៈប្លែក ៗ គ្នា មានគ្រឿងអម្ពរ ស្អិតស្អាងដោយផ្កា មានចិត្តរីករាយក្នុងវិមាននុ៎ះ លុះត្រូវខ្យល់បក់ផាត់មក ផ្សព្វផ្សាយក្លិនក្រអូប មានគ្រឿងបិទបាំង ជាវិការៈនៃមាសដ៏វិចិត្រ ដោយបរិក្ខារដ៏រុងរឿង នេះជាផលនៃបុញ្ញកម្មដូចម្តេច អ្នកបានមកកើតក្នុងវិមាននេះ តើដោយផលបុញ្ញកម្មដូចម្តេច មួយទៀត អ្នកបាននូវវិមាននេះ ដោយអំពើយ៉ាងណា អ្នកកាលបើតថាគតសួរហើយ សូមអ្នកប្រាប់នូវហេតុ តាមសមគួរដល់អំពើនោះ យ៉ាងនោះ។

ព្រះសាស្តា ទ្រង់អនុគ្រោះ បានជួបនឹងឆត្តមាណពនោះ ក្នុងផ្លូវនេះហើយ ព្រះអង្គទ្រង់ប្រៀនប្រដៅ

ចំណែកឆត្តមាណព បានស្តាប់ធម៌របស់ព្រះអង្គ ជារតនៈដ៏ប្រសើរហើយ ក៏ក្រាបទូលថា ខ្ញុំព្រះអង្គនឹងធ្វើតាម ខ្ញុំព្រះអង្គសូមដល់ព្រះជិនបវរ ព្រមទាំងព្រះធម៌ និងព្រះសង្ឃជាសរណៈ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានក្រាបទូលជាដំបូងថា ខ្ញុំព្រះអង្គមិន (ដឹងនូវសរណគមន៍) ទេ ដល់មកខាងក្រោយ ខ្ញុំព្រះអង្គបានធ្វើឲ្យត្រឹមត្រូវ តាមព្រះពុទ្ធដីការបស់ព្រះអង្គហើយ (ព្រះអង្គបានទូន្មានខ្ញុំព្រះអង្គថា) អ្នកកុំប្រព្រឹត្តនូវការសម្លាប់សត្វ ជាអំពើមិនស្អាត មានប្រការផ្សេងៗ ព្រោះថា ពួកជនប្រកបដោយប្រាជ្ញា មិនបានសរសើរនូវការមិនសង្រួមក្នុងពួកសត្វទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានក្រាបទូលជាដំបូងថា ខ្ញុំព្រះអង្គមិន (ដឹងទេ) ដល់មកខាងក្រោយ ខ្ញុំព្រះអង្គបានធ្វើត្រឹមត្រូវ តាមព្រះពុទ្ធដីការបស់ព្រះអង្គហើយ (ព្រះអង្គបានទូន្មានខ្ញុំព្រះអង្គថា) អ្នកកុំកាន់យកទ្រព្យ ដែលជនដទៃរក្សា កុំគប់រកភរិយារបស់ជនដទៃ ដ្បិតអំពើនេះមិនប្រសើរទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានក្រាបទូលជាដំបូងថា ខ្ញុំព្រះអង្គមិន (ដឹងទេ) ដល់មកខាងក្រោយ ខ្ញុំព្រះអង្គ បានធ្វើឲ្យត្រឹមត្រូវ តាមព្រះពុទ្ធដីការបស់ព្រះអង្គហើយ ព្រះអង្គបានទូន្មានខ្ញុំព្រះអង្គថា អ្នកកុំនិយាយឲ្យឃ្លាតចាកសេចកី្តពិត ដោយហេតុដទៃឡើយ ព្រោះថា ពួកជនដែលប្រកបដោយប្រាជ្ញា មិនបានសរសើរពាក្យកុហកទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានក្រាបទូលជាដំបូងថា ខ្ញុំព្រះអង្គមិន (ដឹងទេ) ដល់មកខាងក្រោយ ខ្ញុំព្រះអង្គ បានធ្វើឲ្យត្រឹមត្រូវ តាមព្រះពុទ្ធដីការបស់ព្រះអង្គហើយ (ព្រះអង្គបានទូន្មានខ្ញុំព្រះអង្គថា) សញ្ញារបស់បុរស រមែងប្រាសទៅ ព្រោះគ្រឿងស្រវឹងណា អ្នកចូរលះ ចូរវៀរនូវគ្រឿងស្រវឹងទាំងអស់នោះចេញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានក្រាបទូលជាដំបូងថា ខ្ញុំព្រះអង្គមិន (ដឹងទេ) ដល់មកខាងក្រោយ ខ្ញុំព្រះអង្គបានធ្វើឲ្យត្រឹមត្រូវ តាមព្រះពុទ្ធដីការបស់ព្រះអង្គហើយ ខ្ញុំព្រះអង្គនោះ បានទទួលយកសិក្ខាបទ ៥ ហើយប្រតិបតិ្តតាមធម៌របស់ព្រះតថាគត ហើយដើរទៅកាន់ផ្លូវ ត្រង់ចន្លោះព្រំប្រទល់ស្រុកពីរ ក្នុងចំណោមពួកចោរ ពួកចោរទាំងនោះ បានសម្លាប់ខ្ញុំព្រះអង្គក្នុងទីនោះ ព្រោះហេតុតែភោគសម្បតិ្ត ខ្ញុំព្រះអង្គ តែងរលឹកនូវកុសល មានប្រមាណប៉ុណ្ណេះនេះ កុសលដទៃក្រៅអំពីនោះ របស់ខ្ញុំព្រះអង្គ មិនមានឡើយ ខ្ញុំព្រះអង្គ បានទៅកើតក្នុងទេវលោក ជាអ្នកបាននូវកាមតាមសេចកី្តប្រាថ្នា ដោយសារអំពើសុចរិតនោះ សូមព្រះអង្គទ្រង់ទតនូវផលនៃការសង្រួមក្នុងខណៈមួយរំពេច និងការប្រតិបតិ្តធម៌ដ៏សមគួរចុះ ពួកជនជាច្រើន ដែលមានធម៌ថោកទាប (ជាងខ្ញុំ) កាលបានឃើញខ្ញុំព្រះអង្គ កំពុងតែរុងរឿងដោយយស ក៏រមែងស្រឡាញ់ សូមព្រះអង្គទ្រង់ទត ខ្ញុំព្រះអង្គបានដល់នូវសុគតិផង ដល់នូវសេចកី្តសុខផង ដោយសារធម្មទេសនាតិចទេ ចំណែកពួកជនណា ស្តាប់ធម៌របស់ព្រះអង្គរឿយៗ ពួកជននោះ ទំនងជាបាននូវអមតនិព្វាន ជាទីក្សេមមិនខាន បុញ្ញកម្ម សូម្បីមានប្រមាណតិច ដែលបុគ្គលធ្វើហើយ ក្នុងសាសនធម៌របស់ព្រះតថាគត រមែងមានផលច្រើន ធំទូលាយ សូមព្រះអង្គទ្រង់ទតចុះ ឆត្តមាណព ញុំាងផែនដីឲ្យរុងរឿង ដូចព្រះអាទិត្យ ព្រោះបានធ្វើបុណ្យទុកហើយ ជនមួយពួក ប្រជុំប្រឹក្សាគ្នាថា កុសលនេះដូចម្តេច យើងត្រូវប្រព្រឹត្តអំពើកុសលដូចម្តេច ពួកយើងនោះ លុះបាននូវអត្តភាពជាមនុស្សវិញហើយ គួរជាអ្នកមានសីល ប្រព្រឹត្តប្រតិបតិ្ត ឯព្រះសាស្តា មានឧបការៈច្រើន ទ្រង់អនុគ្រោះខ្ញុំព្រះអង្គ ព្រោះហេតុនោះ កាលខ្ញុំព្រះអង្គនៅរស់ ព្រះអង្គក៏ស្តេចមកទាំងថ្ងៃ ខ្ញុំព្រះអង្គនោះ ក៏បានចូលទៅគាល់ព្រះអង្គ មានព្រះនាមជាសច្ចបុគ្គល សូមព្រះអង្គអនុគ្រោះឲ្យទាន ខ្ញុំព្រះអង្គ សូមស្តាប់ធម៌ម្តងទៀត ជនពួកណា ក្នុងសាសនានេះ លះបង់កាមរាគផង លះបង់ភវរាគានុស្ស័យផង លះបង់មោហៈផង ជនពួកនោះ មិនចូលទៅកាន់ដំណេកក្នុងគភ៌ឡើយ ព្រោះបានដល់នូវព្រះនិព្វាន ជាធម៌ត្រជាក់។

ចប់ ឆត្តមាណវកវិមាន ទី៣។

កក្កដរសទាយកវិមាន ទី៤

(៤. កក្កដករសទាយកវិមានវត្ថុ)

[៥៤] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរធ្វើអំពីកែវមណី មានទំហំជុំវិញ ១២ យោជន៍ មានផ្ទះកំពូល ៧០០ ដ៏លើសលប់ ដែលមានសសរជាវិការៈ នៃកែវពិទូរ្យ ក្រាលកម្រាលដ៏ល្អ (ក្តារមាស) ជាផ្ទះកំពូលដ៏ល្អ ខ្លួនអ្នកតែងនៅក្រេបផឹក ទាំងទំពាស៊ីក្នុងវិមាននោះ ពិណទិព្វមានសំឡេងពីរោះ រមែងលាន់ឮ កាមគុណ ៥ មានរសជាទិព្វ ទាំងពួកនារី ស្អិតស្អាងកាយដោយគ្រឿងមាស តែងរាំនៅក្នុងវិមាននុ៎ះ

សម្បុររបស់អ្នកប្រាកដដូច្នោះ តើដោយបុញ្ញកម្មដូចម្តេច ទិព្វសម្បតិ្ត សម្រេចដល់អ្នកក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ជាទីពេញចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់អ្នកផង តើដោយបុញ្ញកម្មដូចម្តេច

ម្នាលទេវបុត្តអ្នកមានអានុភាពច្រើន អាត្មាសូមសួរអ្នក អ្នកកាលដែលកើតជាមនុស្ស តើបានធ្វើបុណ្យដូចម្តេច អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វទិស តើដោយបុញ្ញកម្មដូចម្តេច។

ទេវបុត្រនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ឆ្លើយប្រាប់នូវផលនៃបុញ្ញកម្មនេះថា រូបក្តាមមានជើង ១០ ស្ថិតនៅប្របទ្វារ សម្រាប់ដាស់ស្មារតី ដែលសម្រេចដោយមាស រុងរឿងល្អ វណ្ណៈរបស់ខ្ញុំ ដែលប្រាកដដូច្នោះ ដោយហេតុបុញ្ញកម្មនោះ ទិព្វសម្បតិ្ត សម្រេចដល់ខ្ញុំក្នុងទីនេះផង ភោគៈទាំងឡាយណាមួយ ជាទីពេញចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង ដោយសារបុញ្ញកម្មនោះ

ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ដោយបុញ្ញកម្មនោះឯង។

ចប់ កក្កដរសទាយកវិមាន ទី៤។

វិមាន ៥ ក្រៅពីនេះ បណ្ឌិតគប្បីសំដែងឲ្យពិស្តារ ដូចកក្កដវិមានផងចុះ។

ទ្វារបាលកវិមាន ទី៥

(៥. ទ្វារបាលវិមានវត្ថុ)

[៥៥] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរធ្វើអំពីកែវមណី មានទំហំជុំវិញ ១២ យោជន៍។បេ។ សម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃបុញ្ញកម្មនេះថា

ខ្ញុំមានអាយុមួយពាន់ឆ្នាំទិព្វ (ព្រោះ) ពាក្យដែលខ្ញុំពោលដោយវាចា (ដោយសេចកី្តគោរព) ដែលខ្ញុំឲ្យប្រព្រឹត្តទៅហើយដោយចិត្ត បុគ្គលមានបុញ្ញកម្មដោយហេតុត្រឹមតែការពោល និងការជ្រះថ្លាប៉ុណ្ណេះ រមែងបរិបូណ៌ដោយកាមជាទិព្វ ស្ថិតនៅ (អស់កាលយូរ) សម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ ដោយបុញ្ញកម្មនោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ ទ្វារបាលកវិមាន ទី៥។

ករណីយវិមាន ទី៦

(៦. បឋមករណីយវិមានវត្ថុ)

[៥៦] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរធ្វើអំពីកែវមណី មានទំហំជុំវិញ ១២ យោជន៍។បេ។ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃបុញ្ញកម្មនេះថា

បណ្ឌិតអ្នកស្គាល់ច្បាស់ (នូវអំពើឥតប្រយោជន៍ មានប្រយោជន៍) គួរតែធ្វើបុណ្យទាំងឡាយ ទានដែលគេថ្វាយចំពោះព្រះពុទ្ធទាំងឡាយ ព្រះអង្គប្រតិបតិ្តល្អ រមែងមានផលច្រើន ព្រះពុទ្ធទ្រង់ស្តេចចេញអំពីព្រៃ មកកាន់ស្រុក ដើម្បីសេចកី្តចំរើនដល់ខ្ញុំជាប្រាកដ ខ្ញុំក៏បានញុំាងចិត្តឲ្យជ្រះថ្លា ចំពោះព្រះអង្គនោះ ហើយបានទៅកើតក្នុងតាវត្តិង្សទេវលោក សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ដោយបុញ្ញកម្មនោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ ករណីយវិមាន ទី៦។

ទុតិយករណីយវិមាន ទី៧

(៧. ទុតិយករណីយវិមានវត្ថុ)

[៥៧] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរធ្វើអំពីកែវមណី មានទំហំជុំវិញ ១២ យោជន៍។បេ។ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃបុញ្ញកម្មនេះថា

បណ្ឌិតអ្នកស្គាល់ច្បាស់ (នូវអំពើមានប្រយោជន៍ ឥតប្រយោជន៍) គួរធ្វើបុណ្យទាំងឡាយ ទានដែលគេថ្វាយចំពោះភិក្ខុជាអ្នកប្រតិបតិ្តល្អ រមែងមានផលច្រើន ពួកភិក្ខុចេញអំពីព្រៃមកកាន់ស្រុក ដើម្បីសេចកី្តចំរើនដល់ខ្ញុំជាប្រាកដ ខ្ញុំបានញុំាងចិត្តឲ្យជ្រះថ្លា ចំពោះពួកភិក្ខុនោះ ហើយបានទៅកើតក្នុងតាវត្តឹង្សទេវលោក សម្បុររបស់ខ្ញុំ ប្រាកដដូច្នោះ ដោយបុញ្ញកម្មនោះ។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ ទុតិយករណីយវិមាន ទី៧។

សូចិវិមាន ទី៨

(៨. បឋមសូចិវិមានវត្ថុ)

[៥៨] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរធ្វើអំពីកែវមណី មានទំហំជុំវិញ ១២ យោជន៍។បេ។ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃបុញ្ញកម្មនេះថា

បុគ្គលឲ្យនូវទេយ្យធម៌ណា ផលនៃទេយ្យធម៌នោះ មិនមែនសម្រេចត្រឹមប៉ុណ្ណោះឡើយ គឺបុគ្គលឲ្យនូវទេយ្យធម៌ណា ការឲ្យនូវទេយ្យធម៌នោះ ប្រសើរបំផុត ខ្ញុំបានឲ្យម្ជុល ម្ជុលនោះឯង ប្រសើរបំផុត

សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះឯង។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ សូចិវិមាន ទី៨។

ទុតិយសូចិវិមាន ទី៩

(៩. ទុតិយសូចិវិមានវត្ថុ)

[៥៩] (ព្រះមោគ្គល្លានសួរថា) វិមានដ៏ខ្ពស់នេះ មានសសរធ្វើអំពីកែវមណី មានទំហំជុំវិញ ១២ យោជន៍។បេ។ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃបុញ្ញកម្មនេះថា

កាលពីជាតិមុន ខ្ញុំបានកើតជាមនុស្ស ក្នុងពួកមនុស្ស នាមនុស្សលោក បានឃើញភិក្ខុដែលប្រាសចាកធូលី គឺកិលេស មានឥន្ទ្រិយដ៏ជ្រះថ្លាមិនល្អក់ ខ្ញុំក៏ជ្រះថ្លា បានប្រគេនម្ជុលដល់ភិក្ខុនោះ ដោយដៃរបស់ខ្លួន សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះឯង។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ ទុតិយសូចិវិមាន ទី៩។

នាគវិមាន ទី១០

(១០. បឋមនាគវិមានវត្ថុ)

[៦០] (ព្រះមោគ្គល្លានសួរថា) អ្នកឡើងជិះដំរី ដែលមាន ក សល្អ ឥតសៅម៉ង មានភ្លុក មានកំឡាំង មានសន្ទុះខ្លាំង គួរឡើងជិះ ជាដំរីដ៏ប្រសើរ ដែលបុញ្ញឫទិ្ធតាក់តែងហើយដោយប្រពៃ រីករាយក្នុងអាកាស មកក្នុងទីនេះ គុម្ពឈូកទាំងឡាយ ស្ថិតនៅក្នុងទឹកថ្លា មានផ្ការីកស្គុះស្គាយល្អ ដែលបុញ្ញឫទ្ធិនិម្មិតហើយ លើភ្លុកទាំងពីរនៃដំរី ទាំងពួកតូរ្យតន្ត្រីប្រគំនៅលើផ្កាឈូកទាំងឡាយ ឯពួកទេពអប្សរទាំងនេះ គួររីករាយចិត្ត រាំ (នៅលើផ្កាឈូក) អ្នកបានសម្រេចទេវឫទិ្ធ មានអានុភាពច្រើន កាលអ្នកកើតជាមនុស្ស តើបានធ្វើបុណ្យដូចម្តេច អ្នកមានអានុភាពដ៏រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស តើដោយបុញ្ញកម្មដូចម្តេច។

ទេវបុត្រនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃបុញ្ញកម្មនេះថា

ខ្ញុំមានចិត្តជ្រះថ្លា បានបូជានូវផ្កាប្រាំបីក្តាប់ឰដ៏ព្រះស្តូបរបស់ព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សប ដោយដៃរបស់ខ្លួន សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះឯង។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ នាគវិមាន ទី១០។

ទុតិយនាគវិមាន ទី១១

(១១. ទុតិយនាគវិមានវត្ថុ)

[៦១] (ព្រះមោគ្គល្លានសួរថា) អ្នកបានឡើងជិះដំរីធំ សសុទ្ធ ជាដំរីឧត្តម ចេញអំពីព្រៃ ទៅកាន់ព្រៃ មានពួកនារីចោមរោម ញុំាងទិសទាំងពួងឲ្យភ្លឺបាន ដូចផ្កាយព្រឹក សម្បុររបស់អ្នក ប្រាកដដូច្នោះ ព្រោះបុញ្ញកម្មដូចម្តេច។បេ។ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់សព្វទិស។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។បេ។ នូវផលនៃបុញ្ញកម្មនេះថា

ខ្ញុំបានកើតជាមនុស្ស ក្នុងពួកមនុស្ស ជាឧបាសករបស់ព្រះពុទ្ធ ព្រះអង្គមានបញ្ញាចក្ខុ ខ្ញុំព្រះអង្គ បានវៀរចាកបាណាតិបាត វៀរទ្រព្យដែលគេមិនបានឲ្យក្នុងលោក ជាអ្នកមិនផឹកទឹកស្រវឹង មិននិយាយពាក្យកុហក ជាអ្នកត្រេកអរចំពោះតែប្រពន្ធរបស់ខ្លួន មានចិត្តជ្រះថ្លា បានឲ្យបាយ និងទឹកដ៏ច្រើនជាទាន ដោយគោរព

សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះឯង។បេ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស។

ចប់ ទុតិយនាគវិមាន ទី១១។

តតិយនាគវិមាន ទី១២

(១២. តតិយនាគវិមានវត្ថុ)

[៦២] (បណ្ឌិតបុរសម្នាក់បានសួរថា) អ្នកណាហ្ន៎ មានដំរីទិព្វដ៏សសុទ្ធជាយាន មានសំឡេងគឹកកងដោយតូរ្យតន្ត្រីដែលគេប្រគំថ្វាយ ដែលពួកបរិវារបូជាក្នុងអាកាស អ្នកជាទេវតា ឬគន្ធព្វ ឬមួយជាព្រះឥន្ទ្រ អ្នកឲ្យទានក្នុងកាលមុន យើងមិនស្គាល់ ទើបសួរអ្នក យើងស្គាល់អ្នកដោយប្រការដូចម្តេចបាន។

(ទេវតាឆ្លើយថា) ខ្ញុំមិនមែនជាទេវតា មិនមែនជាគន្ធព្វ មិនមែនជាព្រះឥន្ទ្រអ្នកឲ្យទានក្នុងកាលមុនទេ ពួកទេវតាណា មានឈ្មោះថាសុធម្មៈ ខ្ញុំក៏រាប់ថាជាទេវតាមួយ ក្នុងពួកទេវតានោះដែរ។

(បណ្ឌិតបុរសសួរថា) បពិត្រទេវតា ឈ្មោះសុធម្មៈ យើងសូមធ្វើនូវអញ្ជលីដ៏ច្រើន ហើយសួរ (លោក) ចុះលោកបានធ្វើអំពើដូចម្តេច ក្នុងមនុស្សលោក ទើបបានទៅកើតជាទេវតា ឈ្មោះសុធម្មៈ។

(ទេវតាឆ្លើយថា) បុគ្គលណា ឲ្យផ្ទះដែលធ្វើដោយដើមអំពៅកី្ត ផ្ទះដែលធ្វើដោយស្មៅកី្ត ផ្ទះដែលធ្វើដោយសំពត់កី្ត បុគ្គលនោះ លុះឲ្យផ្ទះទាំង ៣ ណានីមួយហើយ រមែងទៅកើតជាទេវតា ឈ្មោះសុធម្មៈ។

ចប់ តតិយនាគវិមាន ទី១២។

ចូឡរថវិមាន ទី១៣

(១៣. ចូឡរថវិមានវត្ថុ)

[៦៣] (ព្រះមហាកច្ចាយនៈសួរថា) អ្នកឈរច្រត់ធ្នូ ដែលធ្វើអំពីឈើខ្លឹមយ៉ាងមាំ អ្នកជាខត្តិយរាជកុមារ ឬជាព្រានថ្មើរព្រៃ។

(ព្រះរាជកុមារតបថា) បពិត្រលោកដ៏ចំរើន ខ្ញុំជាកូនរបស់ស្តេចជាធំក្នុងដែនអស្សកៈ ជាអ្នកថ្មើរព្រៃ បពិត្រភិក្ខុ ខ្ញុំសូមប្រាប់ឈ្មោះរបស់ខ្ញុំដល់លោក ពួកជនអ្នកចេះដឹង ស្គាល់ខ្ញុំថា សុជាតៈ កាលខ្ញុំស្វែងរកម្រឹគ ចូលទៅក្នុងព្រៃធំ ទៅតាមហើយ តែមិនឃើញម្រឹគ ខ្ញុំក៏បានជួបប្រទះនឹងលោក ហើយឋិតនៅ។

(ព្រះកច្ចាយនៈពោលថា) បពិត្រព្រះអង្គមានបុណ្យច្រើន ព្រះអង្គស្តេចមកស្រួលហើយឬ មួយទៀត ព្រះអង្គស្តេចមកអំពីទីមិនឆ្ងាយទេឬ សូមព្រះអង្គដងទឹកអំពីនេះ លាងព្រះបាទរបស់ព្រះអង្គចុះ នេះជាទឹកសម្រាប់ផឹកដ៏ត្រជាក់ ដែលដងយកមកអំពីជ្រោះភ្នំ បពិត្រព្រះរាជបុត្រ សូមព្រះអង្គទទួលយកទឹកអំពីនោះមកសោយ ហើយចូរគង់លើកម្រាលដែលក្រាលចុះ។

(ព្រះរាជកុមារពោលថា) បពិត្រព្រះមហាមុនី វាចារបស់លោកពីរោះណាស់ គួរស្តាប់ ជាវាចាឥតទោស មានប្រយោជន៍ ជាវាចាត្រឹមត្រូវ ទាំងលោកម្ចាស់ ក៏ពោលពាក្យនាំមកនូវប្រយោជន៍ ដោយឧបាយនៃប្រាជ្ញា

បពិត្រឥសីនិសភៈ សេចក្ដីត្រេកអរដូចម្ដេច របស់លោក កាលនៅក្នុងព្រៃ ខ្ញុំសួរហើយ សូមលោកប្រាប់ ខ្ញុំនឹងផ្ទៀងស្តាប់គន្លងពាក្យរបស់លោក ហើយប្រតិបតិ្តតាមនូវចំណែកធម៌ ដែលនាំមកនូវប្រយោជន៍។

(ព្រះកច្ចាយនៈពោលថា) បពិត្រព្រះរាជកុមារ ការមិនបៀតបៀនពួកសត្វទាំងពួង រមែងពេញចិត្តដល់យើង ការវៀរចាកកិរិយាលួចកី្ត ចាកការប្រព្រឹត្តិក្បត់ចិត្ត ចាកការផឹកទឹកស្រវឹងកី្ត ការមិនត្រេកអរ (ក្នុងអកុសល) កី្ត ការប្រព្រឹត្តិស្មើកី្ត ភាពជាអ្នកចេះដឹងច្រើនកី្ត ភាពជាអ្នកដឹងឧបការៈ ដែលគេធ្វើហើយកី្ត ធម៌ទាំងនុ៎ះ ជាធម៌គួរប្រាថ្នា ជាធម៌គួរសរសើរក្នុងបច្ចុប្បន្ន បពិត្រព្រះរាជបុត្រ សេចកី្តស្លាប់របស់ព្រះអង្គ មានក្នុងទីជិតខាងអាយអំពី ៥ ខែ សូមព្រះអង្គទ្រង់ជ្រាប សូមព្រះអង្គទ្រង់ដោះខ្លួន (ចាកអបាយទុក្ខ)។

(ព្រះរាជកុមារសួរថា) ខ្ញុំនោះ នឹងទៅកាន់ជនបទណា ធ្វើអំពើដូចម្តេច កិច្ចការដូចម្តេចជាកិច្ចរបស់បុរស មួយទៀត ខ្ញុំត្រូវប្រកបដោយវិជ្ជាដូចម្តេច ទើបជាអ្នកមិនចាស់ មិនស្លាប់។

(ព្រះកច្ចាយនៈឆ្លើយថា) បពិត្រព្រះរាជបុត្ត សត្វដែលមិនចាស់ មិនស្លាប់ ទៅក្នុងប្រទេសណា ប្រទេស និងកិច្ចការ វិជ្ជា ជាកិច្ចរបស់បុរសនោះ មិនមានទេ ទោះបីពួកក្សត្រដែលមានដែន មានទ្រព្យច្រើន មានភោគៈច្រើន មានទ្រព្យ និងធញ្ញាហារដ៏គ្រប់គ្រាន់ ពួកក្សត្រទាំងនោះ នឹងថាលែងចាស់ លែងស្លាប់ក៏ទេ

ទោះបីព្រះអង្គក៏ធ្លាប់ឮដែរហើយ ពួកអន្ធកវេណ្ឌបុត្ត ជាអ្នកក្លៀវក្លា ខ្មីឃ្មាត ជាអ្នកអាចប្រហារនូវសត្រូវបាន ពួកអន្ធកវេណ្ឌបុត្តទាំងនោះ ស្មើដោយសស្សតិវត្ថុ1) គង់ដល់នូវការអស់ទៅនៃអាយុ វិនាសអស់ហើយ (គង់នៅតែវង្សត្រកូល)។

ពួកជនទាំងនោះ គឺក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ ចណ្ឌាល និងបុក្កុសៈកី្ត ពួកជនឯទៀត ដែលមានជាតិក្រៅពីនេះកី្ត ពួកជនទាំងនោះ មិនមែនជាមិនចាស់ មិនស្លាប់ ពួកជនណា រាយមន្តប្រកបដោយអង្គ ៦ ដែលពួកព្រហ្មបានគិតឃើញហើយកី្ត ពួកជនឯទៀត ដែលមានវិជ្ជាកី្ត ជនទាំងនោះ ក៏មិនមែនជាមិនចាស់ មិនស្លាប់ឡើយ ទោះជាពួកឥសីណា ជាអ្នកស្ងប់រម្ងាប់ បានសង្រួមចិត្ត មានព្យាយាមដុតបំផ្លាញកិលេស ឥសីទាំងនោះ ក៏លះចោលនូវសរីរៈតាមកាលគួរ ពួកព្រះអរហន្ត មានចិត្តអប់រំហើយ បានធ្វើកិច្ចស្រេចហើយ ជាអ្នកមិនមានអាសវៈ ព្រោះអស់ទៅនៃបុណ្យ និងបាប ក៏គង់ដាក់បង់នូវរាងកាយនេះដែរ។

(ព្រះរាជកុមារពោលថា) បពិត្រព្រះមហាមុនី គាថាទាំងឡាយរបស់លោក ជាសុភាសិតមានប្រយោជន៍ ខ្ញុំកាលបើលោកពន្យល់ ដោយសេចកី្តល្អហើយ សូមលោកជាទីពឹងរបស់ខ្ញុំ។

(ព្រះថេរៈពោលថា) សូមព្រះអង្គកុំដល់នូវអាត្មាជាសរណៈឡើយ អាត្មាបានដល់នូវព្រះពុទ្ធជាសក្យបុត្ត ដែលមានព្យាយាមធំណា ជាសរណៈ សូមព្រះអង្គទ្រង់ដល់នូវព្រះពុទ្ធនោះជាសរណៈចុះ។

(ព្រះរាជកុមារសួរថា) បពិត្រលោកនិទ៌ុក្ខ ព្រះជាគ្រូរបស់លោកនោះ (គង់នៅ) ក្នុងជនបទណា ខ្ញុំនឹងទៅកាន់ជនបទនោះ ដើម្បីឃើញព្រះអង្គ ទ្រង់ឈ្នះមារ មិនមានបុគ្គលប្រៀបបាន។

(ព្រះកច្ចាយនៈឆ្លើយថា) ព្រះសាស្តា ជាបុរសអាជានីយ ទ្រង់សម្ភពក្នុងត្រកូលនៃព្រះបាទឱក្កាករាជ ក្នុងជនបទខាងកើត ព្រះសាស្តាអង្គនោះ ទ្រង់បរិនិព្វានហើយ។

(ព្រះរាជកុមារពោលថា) បពិត្រលោកនិទ៌ុក្ខ បើព្រះពុទ្ធជាសាស្តារបស់លោក ទ្រង់ឋិតនៅ ខ្ញុំគប្បីទៅអស់ទីមួយពាន់យោជន៍ ដើម្បីចូលទៅគាល់ព្រះអង្គ បពិត្រលោកនិទ៌ុក្ខ កាលបើព្រះពុទ្ធជាគ្រូរបស់លោក បរិនិព្វានហើយ ខ្ញុំក៏សូមដល់នូវព្រះពុទ្ធ ជាមហាវីរបុរស ដែលបរិនិព្វានហើយ ជាសរណៈ ខ្ញុំសូមដល់នូវព្រះពុទ្ធ ជាសរណៈផង នូវព្រះធម៌ ជាសរណៈផង សូមដល់នូវព្រះសង្ឃជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់មនុស្ស និងទេវតា ជាសរណៈផង

ខ្ញុំសូមវៀរចាកបាណាតិបាតយ៉ាងឆាប់ផង វៀរចាកអទិន្នាទានក្នុងលោកផង មិនផឹកទឹកស្រវឹងផង មិនពោលពាក្យកុហកផង ជាអ្នកត្រេកអរចំពោះតែប្រពន្ធរបស់ខ្លួនផង។

(ព្រះថេរៈសួរថា) ព្រះអាទិត្យមានរស្មីច្រើន មានពន្លឺធំបែបណា ចរទៅក្នុងអាកាស រមែងបំភ្លឺនូវទិសបានយ៉ាងណា រថធំរបស់អ្នកនេះ មានប្រការបែបនោះដែរ រថជុំវិញខាងបណ្តោយមួយរយយោជន៍ ស្រោបជុំវិញដោយផែនមាស គល់ចន្ទោល វិចិត្រដោយកែវមុក្តា និងកែវមណី ក្បាច់ជាវិការៈនៃកែវពិទូរ្ស រំលេចឰដ៏ផែនមាស និងប្រាក់ ញុំារថឲ្យរុងរឿង ចុងចន្ទោលរបស់រថសម្រេចដោយកែវពិទូរ្យ នឹមវិចិត្រដោយកែវទទឹម ទាំងខ្សែក៏ប្រដាប់ដោយមាស និងប្រាក់ សេះទាំងនេះ មានសន្ទុះទាន់ចិត្ត រមែងញុំាងរថឲ្យរុងរឿង អ្នកក៏ថ្កុំថ្កើងត្រដែតលើរថមាស មានពាហនៈ ទឹមដោយសេះដ៏ច្រើន ដូចព្រះឥន្ទ្រ បពិត្រអ្នកមានយស អាត្មាសូមសួរអ្នកជាបុគ្គលឈ្លាសវៃ តើយសដ៏ប្រសើរលើសលុបនេះ អ្នកបានដោយគុណអី្វ។

(ទេវបុត្តតបថា) បពិត្រលោកដ៏ចំរើន ក្នុងកាលមុន ខ្លួនខ្ញុំជាព្រះរាជបុត្ត ឈ្មោះសុជាតៈ លោកម្ចាស់បានអនុគ្រោះដល់ខ្ញុំនោះ បានញុំាងខ្ញុំឲ្យតាំងនៅក្នុងសេចកី្តសង្រួម លោកម្ចាស់បានដឹងនូវខ្ញុំថាអស់អាយុ ហើយបានប្រទានសរីរធាតុព្រះសាស្តាដល់ខ្ញុំ។ លោកម្ចាស់បានប្រាប់ថា ម្នាលសុជាតរាជកុមារ ព្រះអង្គចូរបូជានូវព្រះសរីរធាតុនេះចុះ ការបូជានោះ នឹងបានជាប្រយោជន៍ដល់ព្រះអង្គ ខ្ញុំក៏បានប្រឹងប្រែង បូជានូវព្រះសរីរធាតុនោះ ដោយគ្រឿងក្រអូប និងកម្រងផ្កាទាំងឡាយ លុះលះបង់នូវរាងកាយ ជារបស់មនុស្ស ក៏បានមកកើតក្នុងទីមនោរមដ៏ប្រសើរ គួរត្រេកត្រអាលពន់ពេក ប្រកបដោយពួកទេវតាផ្សេងៗ ជាដើម ខ្ញុំក៏ត្រេកអរដោយការរាំ និងច្រៀង ដែលពួកទេពអប្សរចោមរោមត្រៀបត្រា។

ចប់ ចូឡរថវិមាន ទី១៣។

មហារថវិមាន ទី១៤

(១៤. មហារថវិមានវត្ថុ)

[៦៤] (ព្រះមហាមោគ្គល្លានសួរថា) អ្នកបានឡើងជិះរថដ៏ល្អ ជាពាហនៈសេះ ដែលទឹមដោយសេះដ៏ច្រើន មានគ្រឿងវិចិត្រដ៏ល្អច្រើនយ៉ាង ហើយទៅជិតទីឱទ្យាន ដូចព្រះឥន្ទ្រជាម្ចាស់នៃទេវតា អ្នកបានឲ្យទាន ក្នុងកាលមុន ទ្រពងរថទាំងពីររបស់អ្នក ជាវិការៈនៃមាស ដែលបញ្ចុះដ៏ល្អក្រៃពេក ដោយផែនក្តារ និងកំណល់មេចម្រឹង (ខាងក្រៅ) មានសសរចម្រឹងដាំហើយដោយល្អ ដែលជនអ្នកមានព្យាយាមឲ្យសម្រេចហើយ រថ (របស់អ្នក) នេះ បិទបាំងដោយបណ្តាញមាស រុងរឿងដូចព្រះចន្ទ ក្នុងថ្ងៃ ១៥ កើត ជារថដែលវិចិត្រហើយដោយរតនៈ ផ្សេងៗ ជាច្រើនយ៉ាង មានសូរគឹកកង ជាទីត្រេកអរ ទាំងមានសំឡេងដ៏ពីរោះ រុងរឿងដោយបង្កាន់ដៃ ជាវិការៈនៃផ្លឹតទាំងឡាយ ទាំងដុំនៃរថនេះ ហាក់ដូចជានិមិ្មតបានតាមចិត្ត មានខ្នងកង់ និងកាំប្រដាប់ហើយដោយល្អ មួយទៀត ដុំនៃរថនេះ វិចិត្រដោយក្បាច់ក្បូរជាច្រើន ភ្លឺផ្លេកដោយពណ៌ច្រើនយ៉ាង ដូចជាផ្លេកបន្ទោរ រថនេះដាសពាសដោយគំនូរច្រើនយ៉ាង មានខ្នងកង់ក្រាស់ ទាំងមានរស្មីច្រើនពណ៌ សូរសព្ទនៃខ្នងកង់ទាំងនោះ គេឮពីរោះ ដូចជាតូរ្យតន្ត្រីប្រកបដោយអង្គ ៥ ដែលប្រគំហើយ ក្បាលចន្ទោលរថនេះ ក៏វិចិត្រសម្រេចល្អដោយកែវមណី ដូចមណ្ឌលព្រះចន្ទ ជាចន្ទោលបរិសុទ្ធ រុងរឿង ភ្លឺផ្លេកគ្រប់កាល ប្រដាប់ដោយក្បាច់ក្បូរ ជាវិការៈនៃមាសយ៉ាងលើសលុប រុងរឿងដោយក្បាច់ក្បូរ ជាវិការៈនៃកែវពិទូរ្យយ៉ាងក្រៃពេក ពួកសេះទាំងនេះ សម្រេចដោយរូបព្រះចន្ទ ជាវិការៈនៃកែវមណី ជាសេះមានកំពស់ និងទំហំ (សមរម្យ) មានសន្ទុះលឿនល្អ ឧបមាដូចព្រហ្ម ជាសេះមានអវយវៈប្រសើរថ្លៃថ្លា មានអានុភាពច្រើន មានកំឡាំង មានសន្ទុះខ្លាំង ដឹងចិត្តរបស់អ្នកយ៉ាងជាក់ច្បាស់ ហើយប្រព្រឹត្តទៅដូចចិត្ត មួយទៀត សេះទាំងអស់នេះ ជាសត្វទៅដោយជើងបួន មានដំណើរព្រមគ្នា ស្គាល់ចិត្តអ្នកយ៉ាងជាក់ច្បាស់ ហើយប្រព្រឹត្តទៅដូចចិត្ត ជាសេះទន់ភ្លន់ មិនរឹងត្អឹង តែងអូសរថទៅស្មើគ្នា ញុំាងជនឲ្យរីករាយ ជាសេះខ្ពង់ខ្ពស់ ជាងសេះទាំងឡាយ រមែងរលាស់ (គុម្ពកន្ទុយ និងសក់) ស្ទុះទៅមុខ លោតទៅឰដ៏អាកាស ស្ទួយឡើងនូវគ្រឿងប្រដាប់ទាំងឡាយ ដែលបុញ្ញឫទ្ធិតាក់តែងដោយល្អ សំឡេងនៃគ្រឿងប្រដាប់ទាំងនោះ លាន់ឮដ៏ពីរោះ ដូចតូរ្យតន្ត្រីប្រកបដោយអង្គ ៥ ដែលប្រគំហើយ សំឡេងគឹកកងនៃគ្រឿងប្រដាប់ទាំងឡាយនៃរថកី្ត សូរលាន់ឮនៃកិរិយាស្ទុះទៅមុខនៃក្រចកសេះកី្ត សំឡេងគឹកកងរបស់ទិព្វ ដែលគួររីករាយកី្ត ឮសូរពីរោះក្រៃលែង ដូចសូរតូរ្យតន្ត្រីនៃគន្ធព្វទេវតា ក្នុងទីជាទីស្តាប់ដ៏វិចិត្រ ពួកស្រីទេពអប្សរទាំងនោះ ឋិតនៅលើរថ មានដួងនេត្រាថ្លាយង់ ដូចភ្នែកកូនម្រឹគ មានរោមភ្នែក ង មានមុខស្រស់ប្រិមប្រិយ មានសំដីគួរពេញចិត្ត មានសរីរកាយបិទបាំងដោយបណ្តាញកែវពិទូរ្យ មានខ្លួនល្វន់ល្វាស មានស្បែកសម្បុរថ្ងៃដ៏មដ្ឋ បានបូជាជាមួយនឹងគន្ធព្វ ទាំងទេវតាដ៏ប្រសើរ មានគ្រឿងអម្ពរក្រហមសុទ្ធ និងគ្រឿងស្លៀកដណ្តប់ពណ៌លឿង មានវង់នេត្រាដ៏ពេញលេញ មាននេត្រាក្រហមស្រស់ កើតក្នុងទេវត្រកូល មានសរីរៈល្អ មានដំណើរល្អ គួរស្ងើច ឋិតនៅលើរថ ផ្គងអញ្ជលីគាល់បម្រើ ពួកស្រីទេពអប្សរទាំងនោះ ទ្រទ្រង់នូវសង្វារមាស ស្លៀកពាក់សមល្អ ល្វន់ល្វាសយ៉ាងល្មម មានភ្លៅ និងដោះពេញលេញ មានម្រាមដៃមូល មានមុខល្អ គួរមៀងមើលដ៏ក្រៃលែង ឋិតនៅលើរថ ផ្គងអញ្ជលីគាល់បំរើ ស្រីទេពអប្សរឯទៀត មានភ្នួងសក់ល្អ នៅក្មេងៗ មានចំណងសក់លាយដោយ (កម្រងកែវជាដើម) មានពន្លឺរស្មីដែលបុញ្ញកម្មចាត់ចែងហើយដ៏ស្មើ ពួកស្រីទេពអប្សរទាំងនោះ សុទ្ធតែមានកិរិយាប្រព្រឹត្តិតាម ត្រេកអរហើយ ក្នុងចិត្តរបស់អ្នកឋិតនៅលើរថ ផ្គងអញ្ជលីគាល់បំរើ មានគ្រឿងប្រដាប់ក្បាលដ៏ស្រោបដោយផ្កាឈូក និងផ្កាឧប្បល ប្រដាប់ប្រស់ព្រំដោយខ្លឹមចន្ទន៍ ពួកស្រីទេពអប្សរទាំងនោះ មានកិរិយាប្រព្រឹត្តិតាម ត្រេកអរហើយ ក្នុងចិត្តរបស់អ្នក ឋិតនៅលើរថ ផ្គងអញ្ជលីគាល់បំរើ ពួកស្រីទេពអប្សរទាំងនោះ មានគ្រឿងប្រដាប់ដោយកម្រងផ្កា បិទស្រោបដោយផ្កាឈូក និងផ្កាឧប្បល (ស្រីទេពអប្សរពួកខ្លះ) ប្រដាប់ប្រស់ព្រំដោយខ្លឹមចន្ទន៍ ពួកស្រីទេពអប្សរទាំងនោះ មានកិរិយាប្រព្រឹត្តិតាម ត្រេកអរហើយ ក្នុងចិត្តរបស់អ្នក ឋិតនៅលើរថ ផ្គងអញ្ជលីគាល់បំរើ ពួកស្រីទេពអប្សរទាំងនោះ ប្រដាប់ដោយកម្រងផ្កា បិទស្រោបដោយផ្កាឈូក និងផ្កាឧប្បល ប្រដាប់ប្រស់ព្រំដោយខ្លឹមចន្ទន៍ ពួកស្រីទេពអប្សរទាំងនោះ មានកិរិយាប្រព្រឹត្តតាម ត្រេកអរហើយ ក្នុងចិត្តរបស់អ្នក ឋិតនៅលើរថ ផ្គងអញ្ជលីគាល់បំរើ បណ្តាគ្រឿងប្រដាប់សម្រាប់ស្អិតស្អាង គ្រឿងប្រដាប់ទាំងឡាយណា ត្រង់ដៃទាំងឡាយ ត្រង់ជើងទាំងឡាយ និងត្រង់ក្បាលរបស់អ្នក គ្រឿងប្រដាប់ទាំងនោះ ញុំាងទិសទាំង ១០ ឲ្យភ្លឺសព្វ ដូចព្រះអាទិត្យរះឡើង ក្នុងសរទកាល (រដូវលំហើយ) កម្រងផ្កា និងគ្រឿងប្រដាប់ទាំងឡាយត្រង់ដើមដៃទាំងឡាយរបស់អ្នក កាលបើត្រូវកំឡាំងនៃខ្យល់បក់មក ក៏ញាប់ញ័រ រមែងបញ្ចេញនូវសូរ ដ៏រងំពីរោះល្អ មានសភាពគួរឲ្យអ្នកផង ជាអ្នកចេះដឹង ចង់ស្តាប់ ពួកស្រីទេពអប្សរ ឋិតនៅក្នុងទីឱទ្យាន ជាជួរទាំងសងខាង សូរស័ព្ទសំឡេង (ក៏កើតឡើងព្រោះអាស្រ័យ) រថផង ដំរីផង តូរ្យតន្ត្រីផង ម្នាលអ្នកជាធំជាងទេវតា ពួកស្រីទេពអប្សរ តែងញុំាងអ្នកឲ្យត្រេកអររីករាយ ដូចពិណមានស្នូក និងសន្ទះដ៏ល្អ និមិ្មតសំឡេងនោះប្រព្រឹត្តទៅក្នុងហ្ឫទ័យ ចំពោះពិណជាច្រើននេះ មានសំឡេងពីរោះ ដែលមានសភាពគួរចាប់ចិត្ត គួរអ្នកផងសរសើរ ពួកស្រីទេពអប្សរជាច្រើនមហិមា រមែងដើរក្រឡឹងជុំវិញទេពកញ្ញា ដែលបានហាត់ហើយ ក៏ឋិតនៅលើផ្កាឈូក ចម្រៀងទាំងឡាយ ប្រគំទាំងឡាយ និងរបាំទាំងឡាយ តន្ត្រីទាំងនេះ រមែងឮស្មើគ្នាតែមួយ ពួកស្រីទេពអប្សរខ្លះ រាំលើរថនៃអ្នកនេះ ពួកស្រីទេពអប្សរខ្លះ (ឈរមើលរបាំ) ភ្លឺព្រោងព្រាតទាំងសងខាង ក្នុងរាត្រី ក្នុងប្រទេសនេះ ខ្លួនអ្នកមានពួកតូរ្យតន្ត្រី សម្រាប់ដាស់តឿន ទោះទេវតា បូជាដូចជាវជិរាវុធ (នៃព្រះឥន្ទ្រ) រីករាយ (ជានិច្ច) និម្មិតសំឡេងនោះ ប្រព្រឹត្តទៅក្នុងហ្ឫទ័យ ចំពោះពិណជាច្រើននេះ មានសំឡេងពីរោះ ដែលមានសភាពគួរពេញចិត្ត ក្នុងកាលមុន អ្នកកើតជាមនុស្សក្នុងជាតិមុន បានធ្វើនូវអំពើដូចម្តេច ដោយខ្លួនឯង អ្នកបានរក្សាឧបោសថ ឬអ្នកគាប់ចិត្តបំពេញនូវធម្មចរិយវ័តដូចម្តេច ផលនេះ មិនមែនជាផលនៃកម្ម ដែលអ្នកធ្វើបន្តិចបន្តួចទេ

(គឺជាផល) នៃឧបោសថ ដែលអ្នកបានសន្សំដោយល្អក្នុងកាលមុន ឥទ្ធានុភាពរបស់អ្នកនេះ ក៏ធំទូលាយ អ្នករុងរឿងលើសលុបគ្របពួកទេវតា

ផលនេះ ជាផលនៃទានរបស់អ្នកឬ ឬថាជាផលនៃសីល ពុំនោះ ជាផលនៃអញ្ជលីកម្ម អាត្មាសួរអ្នកហើយ អ្នកចូរប្រាប់សេចកី្តនោះដល់អាត្មា។

ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសាកសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ឆ្លើយប្រាប់ផលនៃបុញ្ញកម្មនេះថា

ខ្ញុំបានឃើញព្រះពុទ្ធកស្សប ទ្រង់ឈ្នះនូវឥន្ទ្រិយ ទ្រង់មានព្យាយាមពេញលេញ ជាអគ្គបុគ្គល ប្រសើរជាងជន ទ្រង់បើកនូវទ្វារនៃអមតៈ ជាទេវតាលើសលុបជាងទេវតាមានបុញ្ញលក្ខណៈច្រើន ជាបុគ្គលប្រសើរ ដូចកុញ្ជរ ឆ្លងចាកអន្លង់ គឺសង្សារ មានសម្បុរដូចពុម្ពមាសសិង្គិ និងមាសជម្ពូនទ លុះខ្ញុំបានឃើញព្រះមានព្រះភាគនោះហើយ ក៏មានចិត្តស្អាតមួយរំពេច មួយទៀត លុះខ្ញុំបានឃើញព្រះមានព្រះភាគ ទ្រង់មានសុភាសិត ជាទង់ជ័យនោះហើយ ក៏បានថ្វាយនូវបាយ និងទឹក ប្រកបដោយរស ព្រមទាំងចីវរដ៏ស្អាតប្រសើរ ក្នុងលំនៅរបស់ខ្លួន ដ៏ដាសពាសដោយកម្រងផ្កា ខ្ញុំឥតមានជាប់ចំពាក់ (នឹងអី្វ) ឡើយ បានចាត់ចែងនិមន្តព្រះពុទ្ធអង្គនោះ អ្នកឧត្តមជាងសត្វជើងពីរ ឲ្យគ្រប់គ្រាន់ដោយបាយ ទឹក ចីវរ ខាទនីយភោជនីយាហារ និងទីដេក ទីអង្គុយ ខ្ញុំនោះរីករាយក្នុងទេវបុរី មានអារម្មណ៍ដ៏ប្រសើរល្អ ខ្ញុំបានបូជាគ្រឿងយញ្ញមហាទាន ឈ្មោះនិរគ្គឡៈ (មិនមានបិទបាំងរារាំងស្មូម) ជាទានបរិសុទ្ធ ៣ ប្រការ គឺធ្វើដោយខ្លួនឯង ១ ប្រើគេឲ្យធ្វើ ១ រលឹកឃើញរឿយៗ ដោយឧបាយនេះ ១ លុះលះបង់រាងកាយជារបស់មនុស្ស ជាបុគ្គលស្មើនឹងព្រះឥន្ទ្រក្នុងទេវបុរី បពិត្រព្រះមុនី បុគ្គលអ្នកប្រាថ្នានូវអាយុ វណ្ណៈ សុខៈ ពលៈ ដែលមានសភាពដ៏ថ្លៃថ្នូរ គួរតែតម្កល់បាយទឹកជាច្រើន ដែលខ្លួនបានតាក់តែងយ៉ាងល្អ (ចំពោះព្រះពុទ្ធ) ដោយចិត្តមិនជាប់ចំពាក់ក្នុងលោកនេះកី្ត លោកខាងមុខកី្ត មិនមានបុគ្គលណាមួយប្រសើរជាង ឬស្មើនឹងព្រះពុទ្ធឡើយ ព្រះពុទ្ធទ្រង់ដល់នូវភាពជាអាហុនេយ្យបុគ្គលដ៏ប្រសើរជាងអាហុនេយ្យបុគ្គលទាំងឡាយ របស់ពួកជនអ្នកត្រូវការបុណ្យ ដែលជាអ្នកស្វែងរកផលយ៉ាងធំទូលាយ។

ចប់ មហារថវិមាន ទី១៤។

ឧទ្ទាន (នៃមហារថវគ្គនោះ) គឺ

និយាយអំពីមណ្ឌូកទេវបុត្តវិមាន ១ រេវតីវិមាន ១ ឆត្តមាណវកវិមាន ១ កក្កដរសទាយកវិមាន ១ ទ្វារបាលកវិមាន ១ ករណីយវិមាន ២ សូចិវិមាន ២ នាគវិមាន ៣ រថវិមាន ២ (វគ្គនេះ) ជាវគ្គ ទី ៥ តែជាវគ្គ ទី១ ប៉ែកខាងបុរស។

ចប់ ភាណវារៈ ទី៣។

 

លេខយោង

1)
វត្ថុដែលទៀងទាត់។
km/tipitaka/sut/kn/viv/sut.kn.viv.v5.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann