km:tipitaka:sut:sn:01:sut.sn.01.020



សមិទ្ធិសូត្រ ទី១០

សង្ខេប

ទេវតា​​ («អ្នក​មាន») ឆ្ងល់​​​ថា​ ហេតុ​​អ្វី​​បាន​​ជា​​ខ្ជះ​ខ្ជាយ​​ពេល​​វេលា​​ជា​មួយ​​នឹង​​ការ​ប្រតិបត្តិ​ ដោយ​​សង្ឃឹម​​ថា​​នឹង​​បាន​​ប្រយោជន៍​​ខ្លះ​​ទៅ​​អនាគត នៅ​ពេល​ដែលបុគ្គល​អាច​រីក​រាយ​ជាមួយ​ការ​ត្រេក​ត្រអាលនៃ​កាម​នៅ​ទី​នេះ និង​ឥឡូវ​នេះបាន។ ធ្លាប់​គិតបែប​នេះ​ទេ? នោះ​ហើយ​ជា​ហេតុ ដែល​ថា​ ជា​ទេវៈ​មិន​មាន​សន្តិសុខ​ពីកំណើត​ទេ។

sn 01.020 បាលី cs-km: sut.sn.01.020 អដ្ឋកថា: sut.sn.01.020_att PTS: ?

សមិទ្ធិសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. សមិទ្ធិសុត្តំ)

[៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងតបោទារាម ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះសមិទ្ធិមានអាយុ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ចូលទៅឯស្ទឹងតបោទា ដើម្បីស្រោចស្រប់ខ្លួន លុះស្រោចស្រប់ខ្លួន ក្នុងអន្លង់ដែលមានទឹកក្តៅរួចហើយ ឡើងមក មានតែចីវរ១ ឈរសំដិលខ្លួន។

[៤៦] លុះរាត្រីបឋមយាមកន្លងហើយ កាលនោះ ទេវតា១អង្គ មានរស្មីដ៏រុងរឿង ញុំាងស្ទឹងតបោទាទាំងមូល ឲ្យរុងរឿង ហើយចូលទៅរកព្រះសមិទ្ធិមានអាយុ លុះចូលទៅដល់ហើយ ក៏ឋិតនៅនាអាកាស ពោលគាថា នឹងព្រះសមិទ្ធិមានអាយុថា

នែភិក្ខុ លោកមិននៅបរិភោគ (កាមគុណ) មកដើរបិណ្ឌបាត ម្តេចក៏លោកមិនបរិភោគ ហើយសឹមត្រាច់បិណ្ឌបាត នែភិក្ខុ ចូរលោកបរិភោគកាម ហើយសឹមត្រាច់បិណ្ឌបាតចុះ កុំឲ្យកាល (នៅក្មេង) កន្លងហួសលោកឡើយ។

[៤៧] អាត្មាមិនដឹងកាល (ដែលត្រូវស្លាប់) ទេ ព្រោះកាល(ត្រូវស្លាប់) កំបាំងជិតមិនប្រាកដសោះ ហេតុនោះ បានជាអាត្មា មិននៅបរិភោគកាម មកត្រាច់បិណ្ឌបាត កុំឲ្យកាល (ធ្វើសមណធម៌) កន្លងហួសអាត្មាឡើយ។

[៤៨] គ្រានោះឯង ទេវតាអង្គនោះ ត្រឡប់មកឈរលើប្រឹថពីវិញ ហើយនិយាយនឹងព្រះសមិទ្ធិមានអាយុ យ៉ាងនេះថា នែភិក្ខុ លោកនៅកម្លោះ មកបួសទាំងនៅក្មេង កំពុងមានសក់ខ្មៅស្រិល ទើបតែពេញវ័យ កំពុងចម្រើន គឺបឋមវ័យ មិនទាន់បានលេងក្នុងកាមទាំងឡាយឡើយ នែភិក្ខុ ចូរលោកបរិភោគកាម ជារបស់មនុស្សវិញ លោកកុំលះបង់នូវសន្ទិដ្ឋិកកាម1) ហើយស្ទុះទៅរកកាលិកកាម2) ឡើយ។

[៤៩] ម្នាលអាវុសោ អាត្មាលះបង់សន្ទិដ្ឋិកកាមហើយ មិនមែនស្ទុះទៅរកកាលិកកាមទេ ម្នាលអាវុសោ តែអាត្មាលះបង់កាលិកកាម3) ហើយប្រាថ្នាយកសន្ទិដ្ឋិកលោកុត្តរធម៌វិញ ម្នាលអាវុសោ ព្រោះថា កាលិកកាម4) ទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ ខ្លាំងពន់ពេក ធម៌នេះ ជាសន្ទិដ្ឋិកៈ ជាអកាលិកៈ ជាឯហិបស្សិកៈ ជាឱបនយិកៈ ជាបច្ចត្តវេទិតព្វធម៌។

[៥០] នែភិក្ខុ ចុះកាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ ខ្លាំងពន់ពេក តើដូចម្តេច ធម៌នេះ ជាសន្ទិដ្ឋិកៈ ជាអកាលិកៈ ជាឯហិបស្សិកៈ ជាឱបនយិកៈ ជាបច្ចត្តវេទិតព្វធម៌ តើដូចម្តេច។

[៥១] ម្នាលអាវុសោ អាត្មាជាភិក្ខុថ្មី បួសមិនទាន់បានយូរប៉ុន្មាន ទើបតែមកកាន់ធម្មវិន័យនេះថ្មីៗ អាត្មាមិនអាចនឹងប្រាប់អ្នក ដោយពិស្តារបានទេ ព្រះមានព្រះភាគ អង្គនោះ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ ទ្រង់គង់នៅក្នុងតបោទារាម ទៀបក្រុងរាជគ្រឹះ ចូរអ្នកចូលទៅគាល់ព្រះមានព្រះភាគ អង្គនោះ ហើយទូលសួរសេចក្តីនុ៎ះចុះ ព្រះមានព្រះភាគ ទ្រង់ដោះស្រាយ ដល់អ្នកយ៉ាងណា ត្រូវអ្នកចាំសេចក្តីនោះ យ៉ាងនោះចុះ។ ទេវតានោះតបថា នែភិក្ខុ ព្រះមានព្រះភាគ អង្គនោះ យើងមិនងាយនឹងចូលទៅគាល់បានទេ ដ្បិតមានពួកទេវតាដទៃ ដែលមានស័ក្តិធំ ចោមរោមជុំវិញព្រះអង្គ នែភិក្ខុ ប្រសិនបើលោកចូលទៅគាល់ព្រះមានព្រះភាគអង្គនោះ ហើយសួរសេចក្តីនុ៎ះផង ឯខ្ញុំព្រះករុណា ក៏មកដើម្បីស្តាប់ធម៌ដែរ។ ព្រះសមិទ្ធិមានអាយុ ក៏ទទួលពាក្យរបស់ទេវតានោះថា ចម្រើនពរ អាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។

[៥២] លុះព្រះសមិទ្ធិមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គបានក្រោកឡើង ក្នុងបច្ចូសសម័យនៃរាត្រី ហើយក៏ចូលទៅកាន់ស្ទឹងតបោទា ដើម្បីស្រោចស្រប់ខ្លួន លុះស្រោចស្រប់ខ្លួន ក្នុងស្ទឹងតបោទារួចហើយ ឡើងមកវិញ មានតែចីវរមួយ ឈរសំដិលខ្លួន បពិត្រព្រះអង្គដ៏ចំរើន នាកាលរាត្រីបឋមយាម កន្លងហើយ ស្រាប់តែទេវតាមួយអង្គ មានរស្មីរុងរឿង ញុំាងស្ទឹងតបោទាទាំងមូល ឲ្យភ្លឺស្វាងរុងរឿង ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ក៏ឋិតនៅនាអាកាស ពោលគាថានេះថា

នែភិក្ខុ លោកមិននៅបរិភោគ (កាមគុណ) មកដើរបិណ្ឌបាត ម្តេចក៏លោកមិនបរិភោគ ហើយសឹមត្រាច់បិណ្ឌបាត នែភិក្ខុ ចូរលោកបរិភោគ ហើយសឹមត្រាច់បិណ្ឌបាតចុះ កុំឲ្យកាល (នៅក្មេង) កន្លងហួសលោកឡើយ។

បពិត្រព្រះអង្គដ៏ចំរើន កាលទេវតានោះ និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាននិយាយតបនឹងទេវតានោះ ដោយគាថា ដូច្នេះថា

អាត្មាមិនដឹងកាល (ដែលត្រូវស្លាប់) ទេ ព្រោះកាល (ត្រូវស្លាប់) កំបាំងជិតមិនប្រាកដសោះ ហេតុនោះ បានជាអាត្មា មិននៅបរិភោគ មកត្រាច់បិណ្ឌបាត កុំឲ្យកាល (ធ្វើសមណធម៌) កន្លងហួសអាត្មាឡើយ។

បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ទេវតានោះ ត្រឡប់មកឈរលើប្រឹថពីវិញ ហើយនិយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា នែភិក្ខុ លោកនៅកម្លោះ មកបួសទាំងនៅក្មេង កំពុងមានសក់ខ្មៅស្រិល ទើបតែពេញវ័យ កំពុងចម្រើន គឺបឋមវ័យ មិនទាន់បានលេងក្នុងកាមទាំងឡាយឡើយ នែភិក្ខុ ចូរលោកបរិភោគកាម ជារបស់មនុស្សវិញ លោកកុំលះបង់ នូវសន្ទិដ្ឋិកកាម ហើយស្ទុះទៅរកកាលិកកាមឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើទេវតានោះ និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏បាននិយាយនឹងទេវតានោះ យ៉ាងនេះថា ម្នាលអាវុសោ អាត្មាលះបង់សន្ទិដ្ឋិកកាមហើយ មិនមែនស្ទុះទៅរកកាលិកកាមវិញទេ ម្នាលអាវុសោ តែអាត្មាលះបង់កាលិកកាម ប្រាថ្នាយកសន្ទិដ្ឋិកលោកុត្តរធម៌វិញ ម្នាលអាវុសោ ព្រោះថា កាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ ខ្លាំងពន់ពេក ធម៌នេះ ជាសន្ទិដ្ឋិកៈ ជាអកាលិកៈ ជាឯហិបស្សិកៈ ជាឱបនយិកៈ ជាបច្ចត្តវេទិតព្វធម៌។ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ ទេវតានោះ ក៏និយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា នែភិក្ខុ ចុះកាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ ខ្លាំងពន់ពេក តើដូចម្តេច ធម៌នេះ ជាសន្ទិដ្ឋិកៈ ជាអកាលិកៈ ជាឯហិបស្សិកៈ ជាឱបនយិកៈ ជាបច្ចត្តវេទិតព្វធម៌ តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបើទេវតានិយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏បានពោលនឹងទេវតានោះ យ៉ាងនេះថា ម្នាលអាវុសោ អាត្មាជាភិក្ខុថ្មី បួសមិនទាន់បានយូរប៉ុន្មាន ទើបតែមកកាន់ធម្មវិន័យនេះថ្មីៗ អាត្មា មិនអាចនឹងសំដែងប្រាប់អ្នក ដោយពិស្តារបានទេ ព្រះមានព្រះភាគ អង្គនោះ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ ទ្រង់គង់នៅក្នុងតបោទារាម ទៀបក្រុងរាជគ្រឹះ ចូរអ្នកទៅគាល់ព្រះមានព្រះភាគ អង្គនោះ ហើយសួរសេចក្តីនុ៎ះចុះ ព្រះមានព្រះភាគ ទ្រង់ដោះស្រាយដល់អ្នកយ៉ាងណា អ្នកត្រូវចាំសេចក្តីនោះ យ៉ាងនោះចុះ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ ទេវតានោះ និយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា នែភិក្ខុ ព្រះមានព្រះភាគអង្គនោះ ខ្ញុំមិនងាយនឹងចូលទៅគាល់បានទេ ដ្បិតពួកទេវតាដទៃ ដែលមានស័ក្តិធំ ចោមរោមជុំវិញព្រះអង្គ នែភិក្ខុ ប្រសិនបើលោកចូលទៅគាល់ព្រះមានព្រះភាគ អង្គនោះ ហើយសួរសេចក្តីនុ៎ះផង ឯខ្ញុំព្រះករុណា ក៏មកស្តាប់ធម៌ដែរ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពាក្យរបស់ទេវតានេះ ជាពាក្យពិត ទេវតានោះ ឋិតនៅក្នុងទីនេះ មិនឆ្ងាយប៉ុន្មានទេ។ កាលព្រះសមិទ្ធិមានអាយុ និយាយយ៉ាងនេះហើយ ទេវតានោះ ក៏និយាយនឹងព្រះសមិទ្ធិមានអាយុថា នែភិក្ខុ ចូរលោកសួរចុះ នែភិក្ខុ ចូរលោកសួរចុះ ខ្ញុំមកដល់ហើយ។

[៥៣] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងទេវតានោះ ដោយគាថា ដូច្នេះថា

ពួកសត្វដែលមានសេចក្តីសំគាល់ក្នុងបញ្ចក្ខន្ធ ប្រកាន់ស្អិតក្នុងបញ្ចក្ខន្ធ មិនកំណត់យល់ច្បាស់ នូវបញ្ចក្ខន្ធ រមែងលុះក្នុងអំណាច នៃសេចក្តីស្លាប់ បុគ្គលដែលកំណត់យល់ច្បាស់ នូវបញ្ចក្ខន្ធហើយ រមែងមិនត្រូវការបុគ្គលអ្នកប្រាប់ទេ ព្រោះការនោះ មិនមានដល់បុគ្គលនោះឡើយ ហេតុនោះ ជនណាមួយ គប្បីដៀលបុគ្គលនោះ ដោយហេតុណា ហេតុនោះ មិនមានដល់បុគ្គលនោះទេ ម្នាលទេវតា បើអ្នកដឹងច្បាស់ អ្នកត្រូវនិយាយមកចុះ។

ទេវតានោះតបថា

បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែង ដោយសេចក្តីសង្ខេបនេះ ខ្ញុំព្រះអង្គមិនបានដឹងសេចក្តី ដោយពិស្តារទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ដោយសេចក្តីសង្ខេបនេះ ឲ្យខ្ញុំព្រះអង្គបានយល់សេចក្តីដោយពិស្តារ។

[៥៤] ព្រះមានព្រះភាគត្រាស់ថា

បុគ្គលណា សំគាល់ខ្លួនថាស្មើនឹងគេ ថាវិសេសជាងគេ ឬថាថោកទាបជាងគេ បុគ្គលនោះ រមែងទាស់ទែង ដោយសេចក្តីសំគាល់នោះ បុគ្គលណា មិនបានញាប់ញ័រ ក្នុងសេចក្តីប្រកាន់ ទាំង៣ប្រការទេ សេចក្តីប្រកាន់ថាសើ្មនឹងគេ ថាវិសេសជាងគេ រមែងមិនមានដល់បុគ្គលនោះឡើយ ម្នាលទេវតា បើអ្នកដឹងច្បាស់ អ្នកចូរនិយាយមកចុះ។

ទេវតាតបថា

បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ ដោយសេចក្តីសង្ខេបនេះ ខ្ញុំព្រះអង្គមិនយល់សេចក្តី ដោយពិស្តារទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ ដោយសេចក្តីសង្ខេបនេះ ឲ្យខ្ញុំព្រះអង្គយល់ ដោយពិស្តារ។

[៥៥] ព្រះមានព្រះភាគត្រាស់ថា

បុគ្គលបានលះបង់នូវកង្វល់ហើយ រមែងមិនមករកវិមាន (ផ្ទៃនៃមាតាទៀត) ទេ បុគ្គលបានផ្តាច់បង់ចំណង់ក្នុងនាមរូបនេះហើយ ពួកទេវតា និងមនុស្សទាំងឡាយ រកមើលនូវបុគ្គលដែលផ្តាច់ធម៌ ជាគ្រឿងចាក់ស្រែះ ដែលមិនមានទុក្ខ មិនមានសេចក្តីអាឡោះអាឡ័យនោះ ក្នុងលោកនេះ ឬក្នុងលោកខាងមុខ ក្នុងឋានសួគ៌ ឬក្នុងលំនៅរបស់សត្វ5) គ្រប់កន្លែងមិនឃើញទេ ម្នាលទេវតា បើអ្នកដឹងច្បាស់ អ្នកចូរនិយាយមកចុះ។

[៥៦] បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគទ្រង់ត្រាស់ដោយសេចក្តីសង្ខេបនេះ ខ្ញុំព្រះអង្គបានយល់សេចក្តីដោយពិស្តារយ៉ាងនេះថា

បុគ្គលមិនត្រូវធ្វើកង្វល់ដ៏លាមក ដោយវាចា ដោយចិត្ត ឬដោយកាយ ក្នុងលោកទាំងអស់ បុគ្គលមានសតិ និងសម្បជញ្ញៈ បានលះបង់កាមទាំងឡាយហើយ មិនគួរសេពគប់នូវសេចក្តីទុក្ខ ដែលមិនប្រកបដោយប្រយោជន៍ទេ។

ចប់ នន្ទនវគ្គ ទី២។

ឧទ្ទាននៃនន្ទនវគ្គ នោះគឺ

នន្ទនសូត្រ១ នន្ទិសូត្រ១ នត្ថិបុត្តសមសូត្រ១ ខត្តិយសូត្រ១ សកមានសូត្រ១ និទ្ទាតន្ទិសូត្រ១ ទុក្ករសូត្រ១ ហិរិសូត្រ១ មានកុដិកាសូត្រ ជាគម្រប់៩ និងសមិទ្ធិសូត្រ ជាគម្រប់១០ ដែលបានពោលមកហើយ។

 

លេខយោង

1)
សន្ទិដ្ឋិកកាម សំដៅយកកាមរបស់មនុស្ស។
2)
កាលិកកាម សំដៅយកកាមរបស់ទេវតា។
3)
១.២សំដៅយកកាមរបស់មនុស្ស និងទេវតា
4)
5)
ទីលំនៅរបស់សត្វ ក្នុងទីនេះ បានដល់ ភព៣ កំណើត៤ គតិ៥ វិញ្ញាណដ្ឋិតិ៧ លំនៅរបស់សត្វ ទាំង៩។
km/tipitaka/sut/sn/01/sut.sn.01.020.txt · ពេលកែចុងក្រោយ: 2024/10/24 04:47 និពន្ឋដោយ Cheav villa