km:tipitaka:sut:sn:22:sut.sn.22.056



(ឧបាទានបរិបវត្ត)សូត្រ ទី៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 22.056 បាលី cs-km: sut.sn.22.056 អដ្ឋកថា: sut.sn.22.056_att PTS: ?

(ឧបាទានបរិបវត្ត)សូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤. ឧបាទានបរិបវត្តសុត្តំ)

[១១២] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធនេះ មាន៥ប្រការ។ ឧបាទានក្ខន្ធ ៥ តើដូចម្តេច។ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនទាន់ដឹងច្បាស់តាមពិត នូវឧបាទានក្ខន្ធ1) ទាំង៥នេះ ដែលមានបរិវដ្តៈបួនៗ ត្រឹមណា ម្នាលភិក្ខុទាំងឡាយ តថាគត មិនទាន់ប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ត្រឹមនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលណា តថាគត បានដឹងច្បាស់តាមពិត នូវឧបាទានក្ខន្ធ ទាំង៥នេះ ដែលមានបរិវដ្តៈបួនៗហើយ ម្នាលភិក្ខុទាំងឡាយ កាលនោះ ទើបតថាគត ប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក។បេ។ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសបាន។ ឧបាទានក្ខន្ធ ដែលមានបរិវដ្តៈបួនៗ ដូចម្តេច។ គឺតថាគត ដឹងច្បាស់នូវរូប ដឹងច្បាស់នូវការកើតឡើងនៃរូប ដឹងច្បាស់ នូវការរលត់នៃរូប ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់នៃរូប។ ដឹងច្បាស់នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ តថាគត ដឹងច្បាស់នូវវិញ្ញាណ ដឹងច្បាស់ នូវការកើតឡើង នៃវិញ្ញាណ ដឹងច្បាស់ នូវការរលត់ នៃវិញ្ញាណ ដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់ នៃវិញ្ញាណ។

[១១៣] ម្នាលភិក្ខុទាំងឡាយ ចុះរូប តើដូចម្តេច។ មហាភូតរូប ៤ និងឧបាទាយរូប (២៤ដែលអាស្រ័យ) នឹងមហាភូតរូប៤។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា រូប។ ការកើតឡើងនៃរូប ព្រោះកើតឡើង នៃអាហារ ការរលត់ទៅនៃរូប ព្រោះរលត់ទៅ នៃអាហារ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាផ្លូវប្រតិបត្តិ ទៅកាន់សេចក្តីរលត់នៃរូប។ មគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនោះ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវរូបយ៉ាងនេះ ដឹងច្បាស់ នូវការកើតឡើងនៃរូប យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់ នៃរូបយ៉ាងនេះ ដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់សេចក្តីរលត់នៃរូប យ៉ាងនេះ ហើយប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរលត់នៃរូប សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា បានប្រតិបត្តិដោយល្អ សមណៈ ឬព្រាហ្មណ៍ណា បានប្រតិបត្តិល្អ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា តាំងនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវរូបយ៉ាងនេះ ដឹងច្បាស់នូវការកើតឡើង នៃរូបយ៉ាងនេះ ដឹងច្បាស់ នូវសេចក្តីរលត់នៃរូប យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិទៅកាន់សេចក្តីរលត់ នៃរូបយ៉ាងនេះហើយ ក៏ផុតស្រឡះ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនបានប្រកាន់យកនូវរូប សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ផុតស្រឡះដោយល្អ សមណៈ ឬព្រាហ្មណ៍ណា ផុតស្រឡះដោយល្អហើយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា មានកិច្ចបានធ្វើហើយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយណា មានកិច្ចបានធ្វើហើយ វដ្តៈរបស់សមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។

[១១៤] ម្នាលភិក្ខុទាំងឡាយ ចុះវេទនា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកវេទនានេះ មាន៦យ៉ាង គឺ ចក្ខុសម្ផស្ស ជាវេទនា១ សោតសម្ផស្ស ជាវេទនា១ ឃានសម្ផស្ស ជាវេទនា១ ជិវ្ហាសម្ផស្ស ជាវេទនា១ កាយសម្ផស្ស ជាវេទនា១ មនោសម្ផស្ស ជាវេទនា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា។ ការកើតឡើងនៃវេទនា ព្រោះកើតឡើងនៃផស្សៈ ការរលត់នៃវេទនា ព្រោះរលត់នៃផស្សៈ មគ្គប្រកបដោយអង្គ៨ ដ៏ប្រសើរនេះឯង ជាសេចក្តីប្រតិបត្តិ ដើម្បីដល់នូវការរលត់ នៃវេទនា។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេចខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវវេទនាយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃវេទនា យ៉ាងនេះ បានដឹងច្បាស់ នូវការរលត់ នៃវេទនា យ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិទៅកាន់ទីរលត់ នៃវេទនា យ៉ាងនេះ ហើយប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរលត់នៃវេទនា ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា បានប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ឋិតនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវវេទនាយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃវេទនាយ៉ាងនេះ បានដឹងច្បាស់ នូវការរលត់នៃវេទនា យ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់ នៃវេទនា យ៉ាងនេះហើយ។បេ។ វដ្តៈរបស់ពួកសមណៈ និងព្រាហ្មណ៍នោះ ក៏មិនមានជាប្រាកដ។

[១១៥] ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញា តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកសញ្ញានេះ មាន៦យ៉ាង គឺ រូបសញ្ញា១ សទ្ទសញ្ញា១ គន្ធសញ្ញា១ រសសញ្ញា១ ផោដ្ឋព្វសញ្ញា១ ធម្មសញ្ញា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សញ្ញា។ ការកើតឡើងនៃសញ្ញា ព្រោះកើតឡើងនៃផស្សៈ ការរលត់នៃសញ្ញា ព្រោះរលត់នៃផស្សៈ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាសេចក្តីប្រតិបត្តិ ដើម្បីដល់នូវការរលត់ នៃសញ្ញា។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេចខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវសញ្ញាយ៉ាងនេះ។បេ។ វដ្តៈរបស់សមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។

[១១៦] ម្នាលភិក្ខុទាំងឡាយ ចុះសង្ខារទាំងឡាយ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកចេតនានេះ មាន៦ប្រការ គឺ រូបសញ្ចេតនា១ សទ្ទសញ្ចេតនា១ គន្ធសញ្ចេតនា១ រសសញ្ចេតនា១ ផោដ្ឋព្វសញ្ចេតនា១ ធម្មសញ្ចេតនា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្ខារ។ ការកើតឡើង នៃសង្ខារ ព្រោះកើតឡើង នៃផស្សៈ ការរលត់ទៅ នៃសង្ខារ ព្រោះរលត់ទៅនៃផស្សៈ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាសេចក្តីប្រតិបត្តិ ដើម្បីដល់នូវការរលត់ នៃសង្ខារ។ មគ្គប្រកបដោយអង្គ ៨ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវសង្ខារទាំងឡាយយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃសង្ខារយ៉ាងនេះ បានដឹងច្បាស់ នូវការរលត់ នៃសង្ខារយ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិទៅកាន់ទីរលត់ នៃសង្ខារ យ៉ាងនេះ ហើយប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរលត់ នៃសង្ខារ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា បានប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា ប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ឋិតនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវសង្ខារទាំងឡាយយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃសង្ខារយ៉ាងនេះ បានដឹងច្បាស់នូវទីរលត់នៃសង្ខារ យ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់នៃសង្ខារ យ៉ាងនេះហើយ ផុតស្រឡះ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យក នូវសង្ខារទាំងឡាយ ពួកសមណៈឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ផុតស្រឡះដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា ផុតស្រឡះល្អ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា មានកិច្ចបានធ្វើហើយ ពួកសមណៈ ឬព្រាហ្មណ៍ណា មានកិច្ចបានធ្វើហើយ វដ្តៈរបស់សមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។

[១១៧] ម្នាលភិក្ខុទាំងឡាយ ចុះវិញ្ញាណ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកវិញ្ញាណនេះ មាន៦យ៉ាងគឺ ចក្ខុវិញ្ញាណ១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជីវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១ មនោវិញ្ញាណ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិញ្ញាណ។ ការកើតឡើង នៃវិញ្ញាណ ព្រោះកើតឡើង នៃនាមនិងរូប ការរលត់ទៅ នៃវិញ្ញាណ ព្រោះរលត់ទៅ នៃនាមនិងរូប មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់ នៃវិញ្ញាណ។ មគ្គប្រកបដោយអង្គ ៨ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវការរលត់ នៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់នៃវិញ្ញាណយ៉ាងនេះ ហើយប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់នៃវិញ្ញាណ សមណៈឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា បានប្រតិបត្តិដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា បានប្រតិបតិ្តល្អ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ឋិតនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើងនៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់នូវការរលត់ នៃវិញ្ញាណយ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់នៃវិញ្ញាណយ៉ាងនេះ ហើយផុតស្រឡះ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យក នូវវិញ្ញាណ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា បានផុតស្រឡះដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា បានផុតស្រឡះល្អ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា មានកិច្ចបានធ្វើហើយ ពួកសមណៈ ឬព្រាហ្មណ៍ណា មានកិច្ចបានធ្វើហើយ វដ្តៈរបស់សមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។

 

លេខយោង

1)
ក្នុងខន្ធទាំងនេះ ខន្ធមួយៗ មានបរិវដ្តៈបួនៗ (អដ្ឋកថា)។
km/tipitaka/sut/sn/22/sut.sn.22.056.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann