km:tipitaka:sut:sn:22:sut.sn.22.076



(អរហន្ត)សូត្រ ទី៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 22.076 បាលី cs-km: sut.sn.22.076 អដ្ឋកថា: sut.sn.22.076_att PTS: ?

(អរហន្ត)សូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤. អរហន្តសុត្តំ)

[១៥២] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញតាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀងទេ របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញតាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងរូបផង ក្នុងវេទនាផង។ ក្នុងសញ្ញាផង។ ក្នុងសង្ខារទាំងឡាយផង។ រមែងនឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាហើយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ ញាណក៏កើតឡើងថា អាត្មាអញ រួចស្រឡះហើយ។ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ លំនៅរបស់សត្វទាំងប៉ុន្មាន ភពដ៏ប្រសើរទាំងប៉ុន្មាន មានតែពួកអរហន្តទេ ដែលជាបុគ្គលខ្ពង់ខ្ពស់ ប្រសើរបំផុត ក្នុងលោក។ ព្រះមានព្រះភាគ ត្រាស់សូត្រនេះចប់ហើយ លុះព្រះសុគត ជាសាស្តា ត្រាស់សូត្រនេះចប់ហើយ ទើបត្រាស់គាថានេះ តទៅទៀតថា

[១៥៣] ពួកអរហន្តមានសេចក្តីសុខណាស់ ពួកអរហន្តទាំងនោះ មិនមានតណ្ហាទេ អស្មិមានះ លោកផ្តាច់បង់ហើយ បណ្តាញ គឺមោហៈ លោកទម្លាយចោលហើយ។ លោកមិនដល់ នូវការញាប់ញ័រ ដោយតណ្ហា និងទិដ្ឋិទេ ចិត្តរបស់អរហន្តទាំងនោះ មិនល្អក់ទេ អរហន្តទាំងនោះ ជាអ្នកប្រសើរ មិនមានអាសវៈ មិនជាប់នៅក្នុងលោក។ លោកមានព្រះសទ្ធម្ម ទាំង៧1) ជាអារម្មណ៍ ព្រោះកំណត់ដឹង នូវខន្ធទាំង៥ ពួកសប្បុរស តែងសរសើរចំពោះពួកអរហន្តជាបុត្រ ជាឱរស របស់ព្រះពុទ្ធ។ ពួកអរហន្តបរិបូណ៌ដោយកែវ គឺ ពោជ្ឈង្គទាំង៧ប្រការ បានសិក្សាចំពោះសិក្ខា ទាំង៣ មានព្យាយាមច្រើន បានលះបង់នូវភ័យ និងសេចក្តីខ្លាច ដ៏ពន្លឹក ហើយប្រព្រឹត្តនៅ។ ពួកអរហន្ត ជាមហានាគ ប្រកបដោយអង្គជាអសេក្ខៈទាំង១០ មានចិត្តនឹងធឹង (ដោយឧបចារ និងអប្បនាទាំងឡាយ) អរហន្តទាំងនុ៎ះ ប្រសើរបំផុតក្នុងលោក អរហន្តទាំងនោះ មិនមានតណ្ហាទេ។ ញាណរបស់អសេក្ខបុគ្គល កើតឡើងហើយ នេះជាទីបំផុត នៃអត្តភាព ផលណា របស់មគ្គព្រហ្មចារ្យ លោកបានចាក់ធ្លុះ ក្នុងផលនោះហើយ។ ពួកអរហន្ត មិនញាប់ញ័រ ចំពោះមានះផ្សេងៗ អរហន្តទាំងនោះ មានចិត្តផុតស្រឡះ ចាកភពថ្មីទៀត បានសម្រេចអរហត្ត បានឈ្នះ (នូវកិលេស មានរាគៈ ជាដើម) ក្នុងលោកហើយ រមែងមិនញាប់ញ័រ ចំពោះមានះផ្សេងៗ។ អរហន្តទាំងនោះ មិនមានសេចក្តីត្រេកអរ ចំពោះទេវលោក មនុស្សលោក និងអបាយលោកឡើយ អរហន្តទាំងនោះ បានចាក់ធ្លុះ នូវអរិយសច្ចទាំង៤ ជាបុគ្គលប្រសើរបំផុតក្នុងលោក ហើយបន្លឺនូវសីហនាទ។

 

លេខយោង

1)
ព្រះសទ្ធម្មទាំង៧នោះ បានដល់ សទ្ធា ហិរិ ឱត្តប្បៈ ពាហុសច្ចៈ វីរិយៈ ឧបដ្ឋិតស្សតិ និងបញ្ញា។ អដ្ឋកថា។
km/tipitaka/sut/sn/22/sut.sn.22.076.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann