km:tipitaka:sut:sn:22:sut.sn.22.094



(បុប្ផ)សូត្រ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 22.094 បាលី cs-km: sut.sn.22.094 អដ្ឋកថា: sut.sn.22.094_att PTS: ?

(បុប្ផ)សូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. បុប្ផសុត្តំ)

[២៣៩] ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលទាស់នឹងសត្វលោកទេ។ ម្នាលភិក្ខុទាំងឡាយ តែសត្វលោកតែងពោលទាស់នឹងតថាគត។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាធម្មវាទី រមែងមិនពោលទាស់នឹងបុគ្គលនីមួយក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ របស់ណា ដែលបណ្ឌិតសន្មតហើយថា មិនមានក្នុងលោក តថាគត ក៏ពោលនូវរបស់នោះថា មិនមានដែរ។ ម្នាលភិក្ខុទាំងឡាយ របស់ណា ដែលបណ្ឌិតសន្មតហើយថា មានក្នុងលោក តថាគត ក៏ពោលនូវរបស់នោះថា មានដែរ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវរបស់ណា ថាមិនមាន ចុះរបស់នោះ ដូចម្តេច ដែលបណ្ឌិតសន្មតហើយថា មិនមានក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ រូបដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ដែលបណ្ឌិតសន្មតថា មិនមានក្នុងលោក តថាគត ក៏ពោលនូវរូបនោះថា មិនមានដែរ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ដែលបណ្ឌិតសន្មតថា មិនមានក្នុងលោក តថាគត ក៏ពោលនូវវិញ្ញាណនោះថា មិនមានដែរ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវរបស់ណា ថាមិនមាន របស់នោះឯង ក៏បណ្ឌិតសន្មតថា មិនមានក្នុងលោកដែរ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវរបស់ណា ថាមាន ចុះរបស់នោះ ដូចម្តេច ដែលបណ្ឌិតសន្មតថាមានក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង ជាទុក្ខ ប្រែប្រួលជាធម្មតា ដែលបណ្ឌិតសន្មតថា មានក្នុងលោក តថាគត ក៏ពោលនូវរូបនោះថា មានដែរ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ មិនទៀង ជាទុក្ខ ប្រែប្រួលជាធម្មតា ដែលបណ្ឌិតសន្មតថា មានក្នុងលោក តថាគត ក៏ពោលនូវវិញ្ញាណនោះ ថាមានដែរ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវរបស់ណា ថាមាន របស់នេះឯង ក៏បណ្ឌិតសន្មតថា មានក្នុងលោកដែរ។

[២៤០] ម្នាលភិក្ខុទាំងឡាយ លោកធម៌1) រមែងមានក្នុងលោក ព្រះតថាគត បានចាក់ធ្លុះ ត្រាស់ដឹង នូវលោកធម៌នោះ លុះចាក់ ធ្លុះត្រាស់ដឹងហើយ ក៏រមែងប្រាប់ សំដែង បញ្ញត្ត តែងតាំង បើក វែកញែក ធ្វើឲ្យរាក់។ ម្នាលភិក្ខុទាំងឡាយ ចុះធម្មជាតដូចម្តេច ជាលោកធម៌ក្នុងលោក ដែលព្រះតថាគត ចាក់ធ្លុះ ត្រាស់ដឹង នូវធម្មជាតនោះ លុះចាក់ធ្លុះ ត្រាស់ដឹងហើយ ក៏រមែងប្រាប់ សំដែង បញ្ញត្ត តែងតាំង វែកញែក ធ្វើឲ្យរាក់។ ម្នាលភិក្ខុទាំងឡាយ រូប ជាលោកធម៌ក្នុងលោក ព្រះតថាគត បានចាក់ធ្លុះ នូវរូបនោះ។បេ។ ធ្វើឲ្យរាក់។ ម្នាលភិក្ខុទាំងឡាយ កាលបើរូប ដែលព្រះតថាគត ប្រាប់ សំដែង បញ្ញត្ត តែងតាំង បើក វែកញែក ធ្វើឲ្យរាក់ យ៉ាងនេះ បុគ្គលណា នៅតែមិនដឹង មិនយល់ទៀត ម្នាលភិក្ខុទាំងឡាយ តថាគតនឹងធ្វើដូចម្តេច នូវបុគ្គលដែលល្ងង់ ជាបុថុជ្ជន ខ្វាក់ មិនមានចក្ខុ មិនដឹង មិនយល់នោះ។ ម្នាលភិក្ខុទាំងឡាយ វេទនា។ ម្នាលភិក្ខុទាំងឡាយ សញ្ញា។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ ជាលោកធម៌ក្នុងលោក ព្រះតថាគត ចាក់ធ្លុះ ត្រាស់ដឹងនូវវិញ្ញាណនោះ លុះចាក់ ធ្លុះត្រាស់ដឹងហើយ ក៏រមែងប្រាប់ សំដែង បញ្ញត្ត តែងតាំង បើក វែកញែក ធ្វើឲ្យរាក់។ ម្នាលភិក្ខុទាំងឡាយ កាលបើវិញ្ញាណ ដែលព្រះតថាគត ប្រាប់ សំដែង បញ្ញត្ត តែងតាំង បើក វែកញែក ធ្វើឲ្យរាក់ យ៉ាងនេះ បុគ្គលណា នៅតែមិនដឹង មិនយល់ទៀត ម្នាលភិក្ខុទាំងឡាយ តថាគត នឹងធ្វើដូចម្តេចកើត នូវបុគ្គលនោះ ដែលល្ងង់ ជាបុថុជ្ជន ខ្វាក់ មិនមានចក្ខុ មិនដឹង មិនយល់នោះ។

[២៤១] ម្នាលភិក្ខុទាំងឡាយ ដូចជាព្រលឹតក្តី ឈូកក្រហមក្តី ឈូកសក្តី ដែលដុះក្នុងទឹក ចម្រើនឡើងក្នុងទឹក លូតផុតអំពីទឹក មិនទទឹកដោយទឹក យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដែលកើតក្នុងលោក ចម្រើនក្នុងលោក រមែងគ្របសង្កត់នូវលោក មិនជាប់ចំពាក់ដោយលោក ក៏យ៉ាងនោះឯង។

 

លេខយោង

1)
សំដៅយកខន្ធបញ្ចកៈ។
km/tipitaka/sut/sn/22/sut.sn.22.094.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann