km:tipitaka:sut:an:04:sut.an.04.004

ទុតិយខតសូត្រ ទី៤

សង្ខេប

ការ​ប្រតិបត្តិ​ខុស ក្នុង​បុគ្គល ៤ ពួក។

an 04.004 បាលី cs-km: sut.an.04.004 អដ្ឋកថា: sut.an.04.004_att PTS: ?

ទុតិយខតសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៤. ទុតិយខតសុត្តំ)

[៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស កាលប្រតិបត្តិខុស ក្នុងបុគ្គល ៤ ពួក ឈ្មោះថា រក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង បាននូវបាបដ៏ច្រើនផង។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស កាលបើប្រតិបត្តិខុស ក្នុងមាតា ឈ្មោះថា រក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបានបាបដ៏ច្រើនផង ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលពាល ប្រតិបត្តិខុសក្នុងបិតា។បេ។ ម្នាលភិក្ខុទាំងឡាយ កាលប្រតិបត្តិខុស ក្នុងព្រះតថាគត។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស កាលប្រតិបត្តិខុស ក្នុងសាវ័ករបស់ព្រះតថាគត ឈ្មោះថា រក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបាបដ៏ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស កាលប្រតិបត្តិខុស ក្នុងបុគ្គល ៤ ពួកនេះឯង ឈ្មោះថា រក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបាបដ៏ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្តិត្រូវ ក្នុងបុគ្គល ៤ ពួក ឈ្មោះថា រក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបានកំចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ គឺបុគ្គល ជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្តិត្រូវ ក្នុងមាតា ឈ្មោះថា រក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបានកំចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង ម្នាលភិក្ខុទាំងឡាយ កាលប្រតិបត្តិត្រូវ ក្នុងបិតា។បេ។ ម្នាលភិក្ខុទាំងឡាយ កាលប្រតិបត្តិត្រូវ ក្នុងព្រះតថាគត។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្តិត្រូវ ក្នុងសាវ័ក នៃព្រះតថាគត ឈ្មោះថា រក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបានកំចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្តិត្រូវ ក្នុងបុគ្គល ៤ ពួកនេះឯង ឈ្មោះថា រក្សាខ្លួនដែលខ្លួនមិនបានជីកគាស់ មិនបានកំចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង។

ជនណាប្រតិបត្តិខុសក្នុងមាតា ១ ក្នុងបិតា ១ ក្នុងព្រះតថាគត ជាសម្ពុទ្ធ ១ ក្នុងសាវករបស់ព្រះតថាគតនោះ ១ ជនដូច្នោះនោះ រមែងបាននូវបាបដ៏ច្រើន។ ក្នុងលោកនេះ បណ្ឌិតទាំងឡាយ រមែងតិះដៀលបុគ្គលនោះ លុះបុគ្គលនោះ ទៅកាន់លោកខាងមុខហើយ រមែងទៅកាន់អបាយទៀត ព្រោះការប្រព្រឹត្តិមិនត្រូវតាមធម៌នោះ ក្នុងមាតា និងបិតាទាំងឡាយ។ ជនណា ប្រតិបត្តិត្រូវ ក្នុងមាតា ១ ក្នុងបិតា ១ ក្នុងព្រះតថាគត ជាសម្ពុទ្ធ ១ ក្នុងសាវក របស់ព្រះតថាគតនោះ ១ ជនដូច្នោះនោះ រមែងបាននូវបុណ្យដ៏ច្រើន។ ក្នុងលោកនេះ បណ្ឌិតទាំងឡាយ រមែងសរសើរជននោះ លុះជននោះ ទៅកាន់លោកខាងមុខហើយ រមែងរីករាយ ក្នុងស្ថានសួគ៌ ព្រោះការប្រព្រឹត្តិត្រូវ តាមធម៌នោះ ចំពោះមាតា និងបិតាទាំងឡាយ។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.004.txt · ពេលកែចុងក្រោយ: 2024/11/28 10:15 និពន្ឋដោយ Johann