km:tipitaka:sut:an:04:sut.an.04.102

ទុតិយវលាហកសូត្រ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.102 បាលី cs-km: sut.an.04.102 អដ្ឋកថា: sut.an.04.102_att PTS: ?

ទុតិយវលាហកសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. ទុតិយវលាហកសុត្តំ)

[១០៣] ម្នាលភិក្ខុទាំងឡាយ មេឃនេះ មាន ៤ យ៉ាង។ មេឃ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺគ្រហឹមឥតបង្អុរភ្លៀង ១ បង្អុរភ្លៀង ឥតគ្រហឹម ១ ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង ១ គ្រហឹមផង បង្អុរភ្លៀងផង ១។ ម្នាលភិក្ខុទាំងឡាយ មេឃ មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ ឧបមាដោយមេឃ រមែងមាននៅក្នុងលោក ក៏ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលជាអ្នកគ្រហឹម ឥតបង្អុរភ្លៀង ១ បង្អុរភ្លៀង ឥតគ្រហឹម ១ ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង ១ គ្រហឹមផង បង្អុរភ្លៀងផង ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកគ្រហឹម ឥតបង្អុរភ្លៀង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រៀនសូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខនិរោធៈ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកគ្រហឹម ឥតបង្អុរភ្លៀង យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ មេឃនោះ គ្រហឹម ឥតបង្អុរភ្លៀង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកបង្អុរភ្លៀង ឥតគ្រហឹម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបានរៀន សូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ រមែងដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកបង្អុរភ្លៀង ឥតគ្រហឹម យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មេឃនោះ បង្អុរភ្លៀង ឥតគ្រហឹម មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំង ឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនរៀនសូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តី ពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គល ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មេឃនោះ ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលគ្រហឹមផង បង្អុរភ្លៀងផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រៀនសូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ រមែងដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកគ្រហឹមផង បង្អុរភ្លៀងផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មេឃនោះ គ្រហឹមផង បង្អុរភ្លៀងផង មានឧបមាយ៉ាងណា ម្នាល ភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានឧបមាដោយមេឃ ៤ ពួកនេះ រមែងមាននៅក្នុងលោក។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.102.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann