km:tipitaka:sut:an:04:sut.an.04.103

កុម្ភសូត្រ ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.103 បាលី cs-km: sut.an.04.103 អដ្ឋកថា: sut.an.04.103_att PTS: ?

កុម្ភសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. កុម្ភសុត្តំ)

[១០៤] ម្នាលភិក្ខុទាំងឡាយ ក្អមនេះ មាន ៤ យ៉ាង។ ក្អម ៤ យ៉ាង ដូចម្តេចខ្លះ។ គឺក្អមទទេ គ្របមាត់ ១ ក្អមពេញ (ដោយទឹក) តែបើកចំហមាត់ ១ ក្អមទទេ បើកចំហមាត់ ១ ក្អមពេញ (ដោយទឹក) គ្របមាត់ ១។ ម្នាលភិក្ខុទាំងឡាយ ក្អម មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមាដោយក្អម ៤ ពួកនេះ រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺបុគ្គលទទេ គ្របមាត់ ១ បុគ្គលពេញដោយទឹក តែបើកចំហមាត់ ១ បុគ្គលទទេ បើកចំហមាត់ ១ បុគ្គលពេញ ដោយទឹក ទាំងគ្របមាត់ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលទទេ គ្របមាត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ គួរជាទីជ្រះថ្លា បុគ្គលនោះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តី ពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនី បដិបទា ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទទេ គ្របមាត់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្អមនោះជាក្អមទទេគ្របមាត់ មានឧបមាយ៉ាងណា ម្នាលភិក្ខុ ទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុ ទាំងឡាយ ចុះបុគ្គលពេញដោយទឹក បើកចំហមាត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ មិនជាទីជ្រះថ្លា បុគ្គលនោះ រមែងដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលពេញដោយទឹក បើកចំហមាត់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្អមនោះជាក្អមពេញដោយទឹក បើកចំហមាត់ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុ ទាំងឡាយ ចុះបុគ្គលទទេ ទាំងបើកចំហមាត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ មិនជាទីជ្រះថ្លា បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលទទេ បើកចំហមាត់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្អមនោះជាក្អមទទេ បើកចំហមាត់ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលពេញដោយទឹក គ្របមាត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឈានដើរទៅមុខ ឈានដើរថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ គួរជាទីជ្រះថ្លា បុគ្គលនោះ រមែងដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលពេញដោយទឹក ទាំងបិទមាត់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្អមនោះ ជាក្អមពេញដោយទឹក គ្របមាត់ មានឧបមាយ៉ាងណា ម្នាលភិក្ខុ ទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមាដោយក្អម ៤ ពួកនេះ រមែងមាននៅក្នុងលោក។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.103.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann