km:tipitaka:sut:an:05:sut.an.05.050

នារទសូត្រ ទី១០

សង្ខេប

ដោយ​ការ​បង្រៀន​អំពីសេចក្ដី​ពិត ចំពោះ​អ្វី​ដែល​មិន​អាច​បង្ការទុក​ជាមុន ព្រះ​នារទៈ អាច​រំដោះ​សោក​របស់​ស្ដេច​បាន ដែល​ទើប​តែបាត់​បង់​អ្នក​ជាទី​ស្រលាញ់​ ពី​ការវង្វេង​ឆ្ពោះ​​ដើរទៅ​មុខ​ដល់​ការ​យល់​ច្បាស់។

an 05.050 បាលី cs-km: sut.an.05.050 អដ្ឋកថា: sut.an.05.050_att PTS: ?

នារទសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(១០. នារទសុត្តំ)

[៥០] សម័យមួយ នារទៈដ៏មានអាយុ គង់នៅក្នុងកុក្កុដារាម ទៀបក្រុងបាតលិបុត្ត។ ក៏សម័យនោះ ព្រះនាងភទ្ទាទេវី ជាទីស្រឡាញ់ ពេញព្រះទ័យនៃព្រះរាជាមុណ្ឌៈ ទិវង្គតទៅ។ កាលព្រះនាងភទ្ទាទេវី ជាទីស្រឡាញ់ពេញព្រះទ័យ ទិវង្គតទៅហើយ ទ្រង់មិនស្រង់ទឹក មិនប្រោះព្រំ មិនសោយក្រយាស្ងោយ មិនប្រកបការងារសោះ ទ្រង់ជាប់ព្រះទ័យតែនឹងសរីរៈព្រះនាងភទ្ទាទេវី ទាំងយប់ទាំងថ្ងៃ។ លំដាប់នោះ ព្រះរាជាមុណ្ឌៈ ទ្រង់ត្រាស់ហៅ សោការក្ខាមាត្យ ដែលគាប់ព្រះទ័យមកថា ម្នាលសំឡាញ់ ជាទីស្រឡាញ់ បើដូច្នោះ អ្នកចូរដាក់នូវសរីរៈនាងភទ្ទាទេវី ទៅក្នុងស្នូកប្រេងជាវិការនៃដែក ហើយគ្របដោយស្នូក ដែកដទៃទៀត ទុកឲ្យយើងគ្រាន់ឃើញសរីរៈនាងភទ្ទាទេវី យូរក្រែលបន្តិច។ សោការក្ខាមាត្យ ជាទីគាប់ព្រះទ័យ ទទួលព្រះរាជឱង្ការព្រះរាជាមុណ្ឌៈថា ព្រះករុណាថ្លៃវិសេស ហើយដាក់សរីរៈព្រះនាងភទ្ទាទេវី ក្នុងស្នូកប្រេង ជាវិការនៃដែកហើយ គ្របដោយស្នូកដែកដទៃទៀត។ លំដាប់នោះ សោការក្ខាមាត្យ ជាទីស្រឡាញ់ មានសេចក្តីត្រិះរិះយ៉ាង នេះថា ព្រះនាងភទ្ទាទេវី ជាទីស្រឡាញ់ ពេញព្រះទ័យនៃព្រះរាជាមុណ្ឌៈនេះ ទិវង្គតទៅហើយ កាលព្រះនាងភទ្ទាទេវី ជាទីស្រឡាញ់ ពេញព្រះទ័យ ទិវង្គតទៅហើយ ព្រះរាជានោះ មិនស្រង់ទឹក មិនប្រោះព្រំ មិនសោយក្រយាស្ងោយ មិនប្រកបការងារសោះ ទ្រង់ជ្រប់ទៅក្នុងសរីរៈព្រះនាងភទ្ទាទេវី ទាំងយប់ ទាំងថ្ងៃ។ ព្រះរាជាមុណ្ឌៈចូលទៅជិតសមណព្រាហ្មណ៍ណាហ៎្ន ហើយស្តាប់ធម៌ របស់សមណព្រាហ្មណ៍ណា ទើបនឹងគប្បីលះបង់ នូវសរ គឺសេចក្តីសោកចេញបាន។ លំដាប់នោះ សោការក្ខាមាត្យ ជាទីគាប់ព្រះទ័យ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះនារទៈដ៏មានអាយុនេះ គង់នៅក្នុងកុក្កុដារាម ទៀបក្រុងបាតលិបុត្ត។ ព្រះនារទៈដ៏មានអាយុនោះ មានកិត្តិស័ព្ទដ៏ពីរោះ ខ្ចរខ្ចាយទៅយ៉ាងនេះថា ជាបណ្ឌិត វាងវៃ ជាអ្នកប្រាជ្ញ បានស្តាប់ច្រើន មានវាចាដ៏វិចិត្រ មានបដិភាណល្អ មានវ័យចំរើនផង ជាព្រះអរហន្តផង បើដូច្នោះ គួរតែព្រះរាជាមុណ្ឌៈ ចូលទៅរកព្រះនារទៈ ដ៏មានអាយុ ធ្វើដូចម្តេចហ៎្ន ឲ្យព្រះរាជាមុណ្ឌៈ ទ្រង់ព្រះសណ្តាប់ធម៌ ព្រះនារទៈដ៏មានអាយុហើយ លះបង់នូវសរ គឺសោកចេញបាន។ លំដាប់នោះ សោការក្ខាមាត្យ ជាទីគាប់ព្រះទ័យ ក៏ចូលទៅគាល់ព្រះរាជាមុណ្ឌៈ លុះចូលទៅដល់ហើយ ក៏ក្រាបទូលព្រះរាជាមុណ្ឌៈ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព ព្រះនារទៈដ៏មានអាយុនេះ គង់នៅក្នុងកុក្កុដារាម ទៀបក្រុងបាតលិបុត្ត ព្រះនារទៈដ៏មានអាយុនោះ មានកិត្តិស័ព្ទដ៏ពីរោះ ខ្ចរខ្ចាយទៅ យ៉ាងនេះថា ជាបណ្ឌិត វាងវៃ ជាអ្នកប្រាជ្ញ បានស្តាប់ច្រើន មានវាចាដ៏វិចិត្រ មានបដិភាណល្អ ហើយមានវ័យចំរើនផង ជាព្រះអរហន្តផង បើព្រះសម្មតិទេព ចូលទៅរកព្រះនារទៈដ៏មានអាយុ ធ្វើដូចម្តេចហ៎្ន ឲ្យព្រះសម្មតិទេព ទ្រង់ព្រះសណ្តាប់ធម៌ ព្រះនារទៈដ៏មានអាយុ ហើយលះបង់នូវសរ គឺសោកបាន។ ម្នាលសំឡាញ់ ជាទីស្រឡាញ់ បើដូច្នោះ អ្នកចូរទៅផ្តៀងព្រះនារទៈដ៏មានអាយុចុះ។ ដ្បិតថា បុគ្គលប្រាកដដូចជាយើង មិនសមបើនឹងចូលទៅរកសមណព្រាហ្មណ៍ នៅក្នុងដែន ដែលមិនទាន់បានផ្តៀងជាមុនទេ។ សោការក្ខាមាត្យ ជាទីគាប់ព្រះទ័យ ទទួលព្រះរាជឱង្ការព្រះរាជាមុណ្ឌៈថា ព្រះករុណា ថ្លៃវិសេស ហើយចូលទៅរកព្រះនារទៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះនារទៈដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះសោការក្ខាមាត្យ ជាទីគាប់ព្រះទ័យ អង្គុយក្នុងទីដ៏សមគួរហើយ បានទូលព្រះនារទៈដ៏មានអាយុ យ៉ាងនេះថា បពិត្រព្រះករុណាដ៏ចំរើន ព្រះនាងភទ្ទាទេវី ជាទីស្រឡាញ់ ពេញព្រះទ័យ របស់ព្រះរាជាមុណ្ឌៈនេះ ទិវង្គតទៅហើយ។ កាលព្រះនាងភទ្ទាទេវី ជាទីស្រឡាញ់ ពេញព្រះទ័យ ទិវង្គតទៅហើយ ព្រះរាជានោះ ទ្រង់មិនស្រង់ទឹក មិនប្រោះព្រំ មិនសោយក្រយាស្ងោយ មិនប្រកបការងារ ទ្រង់ជ្រប់ព្រះទ័យ តែក្នុងសរីរៈព្រះនាងភទ្ទាទេវី ទាំងយប់ទាំងថ្ងៃ។ បពិត្រព្រះករុណាដ៏ចំរើន សូមព្រះនារទៈដ៏មានអាយុ មេត្តាសំដែងធម៌ ដល់ព្រះរាជាមុណ្ឌៈឲ្យទាន ឲ្យព្រះរាជាមុណ្ឌៈ ទ្រង់ព្រះសណ្តាប់ធម៌ នៃព្រះនារទៈដ៏មានអាយុ ហើយលះបង់នូវសរ គឺសោកបាន។ ម្នាលបុរស ជាទីស្រឡាញ់ ព្រះរាជាមុណ្ឌៈ សំគាល់កាលគួរ ដែលស្តេចមក ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ សោការក្ខាមាត្យ ជាទីគាប់ព្រះទ័យ ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះនារទៈដ៏មានអាយុ ហើយធ្វើប្រទក្សិណ ចូលទៅគាល់ព្រះរាជាមុណ្ឌៈ លុះចូលទៅដល់ហើយ ក៏បានក្រាបទូលព្រះរាជាមុណ្ឌៈ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព ព្រះនារទៈដ៏មានអាយុ បើកឱកាសថ្វាយហើយ។ ព្រះសម្មតិទេព សំគាល់កាលគួរនឹងស្តេចទៅឥឡូវនេះចុះ។ ម្នាលសំឡាញ់ ជាទីស្រឡាញ់ បើដូច្នោះ អ្នកចូរប្រើនាយសារថី ឲ្យរៀបយានល្អ ៗ។ សោការក្ខាមាត្យ ជាទីគាប់ព្រះទ័យ ទទួលព្រះរាជឱង្ការព្រះរាជាមុណ្ឌៈថា ព្រះករុណា ថ្លៃវិសេស ហើយប្រើនាយសារថី ឲ្យរៀបយានល្អ ៗ ហើយក្រាបទូលព្រះរាជាមុណ្ឌៈ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព យានល្អ ៗ សម្រាប់ព្រះអង្គ រៀបចំរួចស្រេចហើយ។ ព្រះសម្មតិទេព សំគាល់កាលគួរ ដែលព្រះអង្គនឹងស្តេចទៅ ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ ព្រះរាជាមុណ្ឌៈ ស្តេចឡើងគង់យានល្អ ៗ ចូលទៅឯកុក្កុដារាម ដោយយានល្អ ៗ ដោយអានុភាពធំ ដើម្បីចួបព្រះនារទៈដ៏មានអាយុ។ ទីដែលយានទៅបានត្រឹមណា ព្រះរាជាក៏ស្តេចទៅ ដោយយានត្រឹមនោះ ហើយស្តេចចុះអំពីយាន ទ្រង់ព្រះដំណើរ ដោយព្រះបាទ ចូលទៅអារាម។ លំដាប់នោះ ព្រះរាជាមុណ្ឌៈ ចូលទៅរកព្រះនារទៈដ៏មានអាយុ លុះស្តេចចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះនារទៈដ៏មានអាយុ ហើយប្រថាប់ក្នុងទីដ៏សមគួរ។ លុះព្រះរាជាមុណ្ឌៈ គង់ក្នុងទីដ៏សមគួរហើយ ព្រះនារទៈដ៏មានអាយុ ថ្វាយព្រះពរ យ៉ាងនេះថា ថ្វាយព្រះពរ មហារាជ អលព្ភនីយដ្ឋាន គឺហេតុ ដែលសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយ ក្នុងលោក មិនគប្បីបានតាមប្រាថ្នានេះ មាន ៥ យ៉ាង។ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺហេតុដែលសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយ ក្នុងលោក មិនគប្បីបាន តាមសេចក្តីប្រាថ្នាថា ជរាធម៌ កុំគ្រាំគ្រាឡើយ ព្យាធិធម៌ កុំឈឺចាប់ ដូច្នេះឡើយ… មរណធម៌ កុំស្លាប់ដូច្នេះឡើយ… ខយធម៌ កុំអស់ទៅដូច្នេះឡើយ… ហេតុដែលសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយ ក្នុងលោក មិនគប្បីបានតាមសេចក្តីប្រាថ្នាថា នស្សនធម៌ កុំវិនាសទៅដូច្នេះ។ បពិត្រមហារាជ ជរាធម៌ របស់បុថុជ្ជន អ្នកមិនបានស្តាប់ រមែងគ្រាំគ្រាទៅ បុថុជ្ជននោះ មិនពិចារណា ក្នុងជរាធម៌ ដែលគ្រាំគ្រាទៅ ដូច្នេះថា ជរាធម៌ មិនគ្រាំគ្រា ចំពោះលើតែអាត្មាអញម្នាក់ឯងទេ ដោយពិតនោះ ដំណើរមក ដំណើរទៅ សេចក្តីច្យុតិ សេចក្តីកើតឡើង នៃសត្វទាំងឡាយ នៅមានដរាបណា ជរាធម៌ របស់សត្វទាំងឡាយទាំងអស់ រមែងគ្រាំគ្រាទៅ ដរាបនោះ កាលបើជរាធម៌ គ្រាំគ្រាទៅហើយ អាត្មាអញ គប្បីសោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច អាត្មាអញ មិនឃ្លានភត្តផង សម្បុរអាក្រក់ គប្បីធ្លាក់ចុះ ក្នុងកាយផង ការងារក៏មិនប្រព្រឹត្តទៅផង ពួកជនជាសត្រូវ ក៏មានចិត្តត្រេកអរផង មិត្តសំឡាញ់ ក៏តូចចិត្តផងដូច្នេះ។ កាលបើជរាធម៌នោះ គ្រាំគ្រាហើយ បុថុជ្ជននោះ ក៏សោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច បពិត្រមហារាជ នេះហៅថា បុថុជ្ជន អ្នកមិនបានស្តាប់ ត្រូវសរ គឺសោក ដែលលាបដោយថ្នាំពិសចាក់ហើយ ញ៉ាំងខ្លួនឯង ឲ្យក្តៅក្រហាយ។ បពិត្រមហារាជ មួយទៀត ព្យាធិធម៌ របស់បុថុជ្ជន អ្នកមិនបានស្តាប់ តែងឈឺចាប់… មរណធម៌ រមែងស្លាប់… ខយធម៌ រមែងអស់ទៅ… នស្សនធម៌ រមែងវិនាសទៅ បុថុជ្ជននោះ មិនពិចារណា ក្នុងនស្សនធម៌ ដែលវិនាសទៅហើយ ដូច្នេះថា នស្សនធម៌ មិនវិនាសទៅ ចំពោះលើតែអាត្មាអញម្នាក់ឯងទេ ដោយពិតនោះ ដំណើរមក ដំណើរទៅ សេចក្តីច្យុតិ សេចក្តីកើតឡើង របស់សត្វទាំងឡាយ នៅមានត្រឹមណា នស្សនធម៌ របស់សត្វទាំងអស់ រមែងវិនាសទៅត្រឹមនោះ កាលបើនស្សនធម៌ វិនាសទៅហើយ អាត្មាអញ ក៏គប្បីសោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច អាត្មាអញ មិនឃ្លានភត្តផង សម្បុរអាក្រក់ គប្បីធ្លាក់ចុះក្នុងកាយផង ការងារក៏មិនប្រព្រឹត្ត ទៅផង ពួកជនជាសត្រូវ មានចិត្តត្រេកអរផង មិត្រសំឡាញ់តូចចិត្តផង កាលបើនស្សនធម៌ វិនាសទៅហើយ បុថុជ្ជននោះ ក៏សោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច បពិត្រមហារាជ នេះហៅថា បុថុជ្ជនមិនបានស្តាប់ ដែលសរ គឺសោក លាបដោយថ្នាំពិសចាក់ហើយ ញ៉ាំងខ្លួនឯង ឲ្យក្តៅក្រហាយ។ បពិត្រមហារាជ ជរាធម៌ របស់អរិយសាវក អ្នកបានស្តាប់ហើយ គ្រាំគ្រាទៅ អរិយសាវកនោះ ពិចារណាក្នុងជរាធម៌ ដែលគ្រាំគ្រាទៅហើយ ដូច្នេះថា ជរាធម៌ មិនគ្រាំគ្រាទៅ ចំពោះលើតែអាត្មាអញម្នាក់ឯងទេ ដោយពិតនោះ ដំណើរមក ដំណើរទៅ សេចក្តីច្យុតិ សេចក្តីកើតឡើង របស់សត្វទាំងឡាយ នៅមានត្រឹមណា ជរាធម៌ របស់សត្វទាំងអស់ រមែងគ្រាំគ្រាទៅត្រឹមនោះ កាលបើជរាធម៌ គ្រាំគ្រាហើយ អាត្មាអញ គប្បីសោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច អាត្មាអញ គប្បីមិនឃ្លានភត្តផង សម្បុរអាក្រក់ ក៏ធ្លាក់ចុះក្នុងកាយផង ការងារមិនប្រព្រឹត្តទៅផង ពួកជនជាសត្រូវ មានចិត្តត្រេកអរផង ពួកមិត្រសំឡាញ់ តូចចិត្តផង។ កាលបើជរាធម៌ គ្រាំគ្រាហើយ អរិយសាវកនោះ ក៏មិនសោកសង្រេង មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេងភ្លេច បពិត្រមហារាជ បុថុជ្ជន អ្នកមិនបានស្តាប់ ដែលសរ គឺសោក លាបដោយថ្នាំពិសណាចាក់ហើយ រមែងញ៉ាំងខ្លួនឲ្យក្តៅក្រហាយ នេះហៅថា អរិយសាវក អ្នកបានស្តាប់ បានដកនូវសរ គឺសោក ដែលលាបដោយថ្នាំពិសនោះបាន។ អរិយសាវក ដែលមិនមានសរ គឺសោក រមែងញ៉ាំងខ្លួនឯង ឲ្យរលត់ទុក្ខបាន។ បពិត្រមហារាជ មួយទៀត ព្យាធិធម៌ របស់អរិយសាវក អ្នកបានស្តាប់ហើយ រមែងឈឺចាប់… មរណធម៌ រមែងស្លាប់… ខយធម៌ រមែងអស់ទៅ… នស្សនធម៌ រមែងវិនាសទៅ អរិយសាវកនោះ ពិចារណា ក្នុងនស្សនធម៌ ដែលវិនាសទៅ ដូច្នេះថា នស្សនធម៌ មិនវិនាសទៅ ចំពោះលើតែអាត្មាអញម្នាក់ឯងទេ ដោយពិតនោះ ដំណើរមក ដំណើរទៅ សេចក្តីច្យុតិ សេចក្តីកើតឡើង នៃសត្វទាំងឡាយ នៅត្រឹមណា នស្សនធម៌ របស់សត្វទាំងអស់ រមែងវិនាសទៅត្រឹមនោះ កាលបើនស្សនធម៌ វិនាសទៅហើយ អាត្មាអញសោត គប្បីសោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច អាត្មាអញ មិនឃ្លានភត្តផង សម្បុរអាក្រក់ ក៏ធ្លាក់ចុះក្នុងកាយផង ការងារក៏មិនប្រព្រឹត្តទៅផង ពួកជនជាសត្រូវ មានចិត្តត្រេកអរផង ពួកមិត្រសំឡាញ់ ក៏តូចចិត្តផង។ កាលបើនស្សនធម៌ វិនាសទៅហើយ អរិយសាវកនោះ ក៏មិនសោកសង្រេង មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេងភ្លេច បពិត្រមហារាជ បុថុជ្ជនអ្នកមិនបានស្តាប់ ដែលសរ គឺសោក លាបដោយថ្នាំពិសណាចាក់ហើយ រមែងញ៉ាំងខ្លួន ឲ្យក្តៅក្រហាយ នេះហៅថា អរិយសាវក អ្នកបានស្តាប់ បានដកនូវសរ គឺសោក ដែលលាបដោយថ្នាំពិសនោះបាន។ អរិយសាវក មិនមានសរ គឺសោក រមែងញ៉ាំងខ្លួន ឲ្យរលត់ទុក្ខបាន។ បពិត្រមហារាជ អលព្ភនីយដ្ឋាន ៥ យ៉ាងនេះឯង ដែលសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយក្នុងលោក មិនគប្បីបានតាមប្រាថ្នា។

ប្រយោជន៍ក្នុងលោកនេះ សូម្បីបន្តិចបន្តួច បុគ្គលមិនបាន ព្រោះសេចក្តីសោក ខ្សឹកខ្សួលឡើយ ពួកជនជាសត្រូវ ឃើញបុគ្គលនុ៎ះ កំពុងសោកសៅ ដល់នូវទុក្ខ ក៏មានចិត្តត្រេកអរ លុះណាតែបណ្ឌិត អ្នកឈ្វេងយល់នូវហេតុផល ទើបមិនញាប់ញ័រ ក្នុងឧបទ្រពទាំងឡាយ ពួកជនជាសត្រូវ ឃើញ (ទឹក) មុខបណ្ឌិតនោះ មិនប្រែប្រួលប្លែកអំពីដើម ក៏កើតទុក្ខវិញ បុគ្គលគប្បីបានប្រយោជន៍ ក្នុងទីណា ដោយប្រការណា ៗ គប្បីព្យាយាម ក្នុងទីនោះ ៗ ដោយប្រការដូច្នោះ ៗ គឺការនិយាយសរសើរក្តី ការរាយមន្តក្តី ការនិយាយជាសុភាសិតក្តី ការផ្តល់ឲ្យក្តី បវេណីក្តី បើបុគ្គលដឹងថា ប្រយោជន៍នុ៎ះ អាត្មាអញក្តី អ្នកដទៃក្តី មិនគប្បីបានតាមសេចក្តីប្រាថ្នាទេ ហើយមិនសោកសៅ គប្បីអត់ធ្មត់ថា កម្មដ៏មាំ (អាត្មាអញ បានសន្សំទុកហើយ) ឥឡូវនេះ អាត្មាអញ ធ្វើដូចម្តេចហ្ន៎។

កាលព្រះនារទៈ សំដែងយ៉ាងនេះហើយ ព្រះរាជាមុណ្ឌៈ បានទូលព្រះនារទៈដ៏មានអាយុ យ៉ាងនេះថា បពិត្រព្រះករុណាដ៏ចំរើន ធម្មបរិយាយនេះ ឈ្មោះអ្វី។ បពិត្រមហារាជ ធម្មបរិយាយនេះ ឈ្មោះថា សោកសល្លហរណៈ គឺឧបាយ ជាគ្រឿងដកនូវសរ គឺសោក។ បពិត្រព្រះករុណា មែនហើយ ហៅថា សោកសល្លហរណធម៌ បពិត្រព្រះករុណា មែនហើយ ហៅថា សោកសល្លហរណធម៌ បពិត្រព្រះករុណា ខ្ញុំព្រះករុណា បានស្តាប់ធម្មបរិយាយនេះហើយ ក៏លះបង់នូវសរ គឺសោកបាន។ លំដាប់នោះ ព្រះរាជាមុណ្ឌៈ ត្រាស់ហៅសោការក្ខាមាត្យ ជាទីគាប់ព្រះទ័យថា ម្នាលសំឡាញ់ ជាទីស្រឡាញ់ បើដូច្នោះ ចូរអ្នករំលាយសរីរៈនាងភទ្ទាទេវី ហើយកសាងព្រះស្តូប ដើម្បីបញ្ចុះធាតុនាងភទ្ទាទេវីនោះ។ ចាប់ដើមតាំងពីថ្ងៃនេះទៅ យើងនឹងងូតទឹកផង ប្រោះព្រំផង បរិភោគភត្តផង ប្រកបការងារទាំងឡាយផង។

ចប់ មុណ្ឌរាជវគ្គ ទី៥។

ឧទ្ទាននៃមុណ្ឌរាជវគ្គនោះគឺ

ហេតុទាំងឡាយ ដែលបុគ្គលគប្បីបាននូវទ្រព្យ ១ សប្បុរសកើតក្នុងត្រកូល ១ ធម៌ទាំងឡាយជាទីប្រាថ្នា ១ បុគ្គលអ្នកឲ្យនូវរបស់ជាទីគាប់ចិត្ត តែងបានរបស់ជាទីគាប់ចិត្តវិញ ១ គំនរបុណ្យ ១ សម្បទា ១ ទ្រព្យ ១ ហេតុដែលបុគ្គលមិនគប្បីបានតាមប្រាថ្នា ១ ព្រះរាជាបសេនទិកោសល ព្រួយព្រះហឫទ័យ ១ នារទៈសំដែងធម៌ ១។

ចប់ បឋមបណ្ណាសក។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.050.txt · ពេលកែចុងក្រោយ: 2023/07/12 13:42 និពន្ឋដោយ Johann