km:tipitaka:sut:an:10:sut.an.10.055

បរិហានសូត្រ ទី៥

សង្ខេប

បុគ្គល​មាន​ធម៌​សាប​សូន្យ និង​បុគ្គល​មាន​ធម៌​មិន​សាប​សូន្យ ហើយ​កាត​ពិចារណា​អំពី​ភាព​ស្រស់​ស្អាត​របស់​ខ្លួន។

an 10.055 បាលី cs-km: sut.an.10.055 អដ្ឋកថា: sut.an.10.055_att PTS: ?

បរិហានសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៥. បរិហានសុត្តំ)

[៥៥] ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោ ភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលថេរវាចារបស់ព្រះសារីបុត្តដ៏មានអាយុថា អាវុសោ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ អ្នកផងតែងនិយាយថា បុគ្គលមានធម៌សាបសូន្យ បុគ្គលមានធម៌សាបសូន្យ ដូច្នេះ ម្នាលអាវុសោទាំងឡាយ អ្នកផង តែងនិយាយថា បុគ្គលមានធម៌មិនសាបសូន្យ បុគ្គលមានធម៌មិនសាបសូន្យ ដូច្នេះ។ ម្នាលអាវុសោទាំងឡាយ បុគ្គលមានធម៌សាបសូន្យ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយបរិយាយដូចម្តេច ចំណែកខាងបុគ្គល មានធម៌មិនសាបសូន្យ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយបរិយាយដូចម្តេច។ ពួកភិក្ខុតបថា ម្នាលអាវុសោទាំងឡាយ យើងទាំងឡាយមកអំពីចម្ងាយ ដើម្បីដឹងនូវសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃព្រះសារីបុត្តដ៏មានអាយុ សូមព្រះសារីបុត្តដ៏មានអាយុ សំដែងនូវសេចក្តីនៃភាសិតនោះឲ្យទាន ពួកភិក្ខុបានស្តាប់ព្រះសារីបុត្តដ៏មានអាយុហើយ នឹងចងចាំបាន។ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ ខ្ញុំនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលថេរវាចា របស់ព្រះសារីបុត្តដ៏មានអាយុថា ករុណា អាវុសោ យ៉ាងនេះ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ បុគ្គលដែលមានធម៌សាបសូន្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយបរិយាយដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានស្តាប់ធម៌ ដែលខ្លួនមិនធ្លាប់បានស្តាប់ផង ធម៌ទាំងឡាយ ដែលភិក្ខុនោះ ធ្លាប់បានស្តាប់ហើយ ក៏ដល់នូវការភ្លេចភ្លាំងទៅផង មួយទៀត ធម៌ទាំងឡាយណា ដែលភិក្ខុនោះ ធ្លាប់ពាល់ត្រូវដោយចិត្ត ក្នុងកាលមុន ធម៌ទាំងនោះ ក៏មិនផុសឡើង ដល់ភិក្ខុនោះផង ភិក្ខុនោះ មិនដឹងនូវធម៌ដែលខ្លួនមិនទាន់ដឹងផង។ ម្នាលអាវុសោទាំងឡាយ បុគ្គលមានធម៌សាបសូន្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយបរិយាយប៉ុណ្ណេះឯង។ ម្នាលអាវុសោទាំងឡាយ បុគ្គលមានធម៌មិនសាបសូន្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយបរិយាយដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្តាប់នូវធម៌ដែលខ្លួនមិនធ្លាប់បានស្តាប់ផង ពួកធម៌ដែលភិក្ខុនោះ ធ្លាប់ស្តាប់ហើយ ក៏មិនដល់នូវការភ្លេចភ្លាំងទៅផង មួយទៀត ពួកធម៌ណា ដែលភិក្ខុនោះ ធ្លាប់ពាល់ត្រូវដោយចិត្តក្នុងកាលមុន ពួកធម៌នោះ ក៏ផុសឡើង ដល់ភិក្ខុនោះឯង ភិក្ខុនោះ ក៏ដឹងច្បាស់នូវធម៌ ដែលខ្លួនមិនធ្លាប់ដឹងផង។ ម្នាលអាវុសោទាំងឡាយ បុគ្គលមានធម៌មិនសាបសូន្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយបរិយាយប៉ុណ្ណេះឯង។ ម្នាលអាវុសោទាំងឡាយ បើភិក្ខុមិនឈ្លាស ក្នុងវារៈនៃចិត្តអ្នកដទៃ គួរគិតថា យើងទាំងឡាយ ជាអ្នកឈ្លាស ក្នុងវារៈនៃចិត្តរបស់ខ្លួន។ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកឈ្លាស ក្នុងវារៈនៃចិត្តរបស់ខ្លួន តើដោយប្រការដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ដូចជាស្រ្តី ឬបុរសកំឡោះ ឬជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង កាលពិចារណាមើលស្រមោលមុខរបស់ខ្លួន ក្នុងកញ្ចក់ដ៏បរិសុទ្ធផូរផង់ ឬក្នុងភាជន៍ទឹកថ្លា បើឃើញធូលី ឬកន្ទួល ក្នុងកញ្ចក់ ឬទឹកនោះ តែងព្យាយាម ដើម្បីលះបង់ធូលី ឬកន្ទួលនោះចេញ បើមិនឃើញធូលី ឬកន្ទួលក្នុងកញ្ចក់ ឬទឹកនោះទេ ក៏មានចិត្តត្រេកអរ មានតម្រិះគ្រប់គ្រាន់ ដោយហេតុនោះថា ឱហ្ន៎ អាត្មាអញមានលាភ ឱហ្ន៎ (មុខ) របស់អាត្មាអញបរិសុទ្ធ មានឧបមាយ៉ាងណា ម្នាលអាវុសោទាំងឡាយ ឧបមេយ្យដូចជាការពិចារណា ក្នុងកុសលធម៌ទាំងឡាយ ជាធម៌មានឧបការៈច្រើនដល់ភិក្ខុថា អាត្មាអញ ជាអ្នកមិនមានអភិជ្ឈាច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកមិនមានចិត្តព្យាបាទច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកប្រាសចាកថីនមិទ្ធៈច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកមានចិត្តមិនអណ្តែតអណ្តូងច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកឆ្លងចាកវិចិកិច្ឆាច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកមិនមានសេចក្តីក្រោធច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកមានចិត្តមិនសៅហ្មងច្រើនឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកបាននូវធម្មប្បាមុជ្ជៈ ខាងក្នុងសន្តានឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកបានចេតោសមថៈ ខាងក្នុងសន្តានឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ អាត្មាអញ ជាអ្នកបាននូវអធិប្បញ្ញាធម្មវិបស្សនាឬហ្ន៎ ធម៌នុ៎ះ មានដល់អាត្មាអញឬហ្ន៎ ឬថាមិនមានទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុពិចារណា មិនឃើញពួកកុសលធម៌ទាំងអស់នេះ ក្នុងខ្លួនទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីបាននូវពួកកុសលធម៌ទាំងអស់នេះ។ ម្នាលអាវុសោទាំងឡាយ ដូចជាសំពត់ដែលត្រូវភ្លើងឆេះ ឬក្បាលដែលត្រូវភ្លើងឆេះ បុគ្គលគួរប្រញាប់ធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលត់នូវសំពត់ ឬក្បាលនោះឯង យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីប្រញាប់ធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីបានចំពោះនូវពួកកុសលធម៌ទាំងនេះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោទាំងឡាយ បើភិក្ខុពិចារណាឃើញនូវកុសលធម៌ទាំងឡាយពួកខ្លះ ក្នុងខ្លួន មិនឃើញនូវកុសលធម៌ទាំងឡាយពួកខ្លះក្នុងខ្លួនទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ពិចារណាឃើញនូវកុសលធម៌ទាំងឡាយណា ក្នុងខ្លួន ឋិតនៅក្នុងកុសលធម៌ទាំងឡាយនោះ (បើ) មិនទាន់ឃើញនូវកុសលធម៌ទាំងឡាយណាក្នុងខ្លួនទេ ត្រូវធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីបាននូវកុសលធម៌ទាំងឡាយនោះ។ ម្នាលអាវុសោទាំងឡាយ ដូចជាសំពត់ដែលត្រូវភ្លើងឆេះ ឬក្បាលដែលត្រូវភ្លើងឆេះ បុគ្គលគប្បីប្រញាប់ធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីលត់សំពត់ ឬក្បាលនោះឯង យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ពិចារណាឃើញ នូវកុសលធម៌ទាំងឡាយណាក្នុងខ្លួន ឋិតនៅក្នុងកុសលធម៌ទាំងឡាយនោះ (បើ) មិនទាន់ឃើញនូវកុសលធម៌ទាំងឡាយណា ក្នុងខ្លួនទេ ត្រូវធ្វើនូវសេចក្តីប៉ុនប៉ងផង ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យលើសលុប ដើម្បីបាននូវកុសលធម៌ទាំងឡាយនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុពិចារណាឃើញកុសលធម៌ទាំងអស់នេះ ក្នុងខ្លួន ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរឋិតនៅ ក្នុងកុសលធម៌ទាំងអស់នេះ ហើយធ្វើនូវសេចក្តីព្យាយាម ដើម្បីអស់ទៅនៃអាសវៈទាំងឡាយតទៅ។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.055.txt · ពេលកែចុងក្រោយ: 2023/05/16 10:40 និពន្ឋដោយ Johann