តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » ចូឡយមកវគ្គ »
ព្រះសារីបុត្រឆ្លើយនូវសំណួរព្រះមហាកោដ្ធិកៈ អំពីសម្មាទិដ្ធិ និងការចម្រើននូវធម៌ខ្ពស់ជាលំដាប់ៗ។
mn 043 បាលី cs-km: sut.mn.043 អដ្ឋកថា: sut.mn.043_att PTS: ?
(ទី៣) មហាវេទល្លសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៣. មហាវេទល្លសុត្តំ)
[១៣៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមហាកោដ្ឋិកៈ មានអាយុ ចេញអំពីផលសមាបត្តិ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ ទើបនិយាយពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះសារីបុត្រមានអាយុ លុះបញ្ចប់ពាក្យសំណេះសំណាល និងពាក្យដែលគួររលឹកហើយ ក៏គង់ក្នុងទីដ៏សមគួរ។
[១៣៤] លុះព្រះមហាកោដ្ឋិកៈមានអាយុ គង់ក្នុងទីដ៏សមគួរហើយ ទើបសួរព្រះសារីបុត្រមានអាយុ យ៉ាងនេះថា ម្នាលអាវុសោ គេតែងនិយាយថា បុគ្គលគ្មានប្រាជ្ញា ៗ ម្នាលអាវុសោ បុគ្គលដែលហៅថា អ្នកគ្មានប្រាជ្ញា តើដោយហេតុដូចម្តេច។ ព្រះសារីបុត្រតបថា ម្នាលអាវុសោ បុគ្គលដែលមិនចេះ មិនដឹងច្បាស់ហ្នឹងឯង ហៅថាអ្នកគ្មានប្រាជ្ញា ចុះបុគ្គលនោះ មិនដឹងច្បាស់នូវអ្វី មិនដឹងច្បាស់ថា នេះទុក្ខ មិនដឹងច្បាស់ថា នេះហេតុឲ្យកើតទុក្ខ មិនដឹងច្បាស់ថា នេះជាគ្រឿងរំលត់ទុក្ខ មិនដឹងច្បាស់ថា នេះជាសេចក្តីប្រតិបត្តិ ដែលជាដំណើរ ទៅកាន់ទីរំលត់ទុក្ខ ម្នាលអាវុសោ ព្រោះតែបុគ្គលនោះ មិនចេះមិនដឹង ដូច្នេះឯង ទើបហៅថា អ្នកគ្មានប្រាជ្ញា។ ព្រះមហាកោដ្ឋិកៈ មានអាយុ ក៏ត្រេកអរ អនុមោទនា ចំពោះភាសិត របស់ព្រះសារីបុត្រ មានអាយុថា ម្នាលអាវុសោ ពីរោះណាស់ លុះអនុមោទនាហើយ ទើបសួរប្រស្នា នឹងព្រះសារីបុត្រមានអាយុ តទៅទៀតថា ម្នាលអាវុសោ គេតែងនិយាយថា អ្នកមានប្រាជ្ញាៗ ម្នាលអាវុសោ ចុះបុគ្គល ដែលហៅថា អ្នកមានប្រាជ្ញា តើដោយហេតុដូចម្តេចខ្លះ។ ព្រះសារីបុត្រតបថា ម្នាលអាវុសោ បុគ្គលដែលចេះដឹងច្បាស់ហ្នឹងឯង ដែលហៅថា អ្នកមានប្រាជ្ញា ចុះបុគ្គលនោះ ដឹងច្បាស់នូវអ្វី ដឹងច្បាស់ថា នេះទុក្ខ ដឹងច្បាស់ថា នេះជាហេតុឲ្យកើតទុក្ខ ដឹងច្បាស់ថា នេះជាគ្រឿងរំលត់ទុក្ខ ដឹងច្បាស់ថា នេះជាសេចក្តីប្រតិបត្តិ ដែលជាដំណើរ ទៅកាន់ទីរំលត់ទុក្ខ ម្នាលអាវុសោ ព្រោះតែបុគ្គលនោះ ដឹងច្បាស់ដូច្នេះឯង ទើបហៅថា អ្នកមានប្រាជ្ញា។ ម្នាលអាវុសោ គេតែងហៅថា វិញ្ញាណ វិញ្ញាណ ម្នាលអាវុសោ ចុះធម្មជាត ដែលគេហៅថា វិញ្ញាណ តើដូចម្តេច។ ម្នាលអាវុសោ ធម្មជាត ដែលស្គាល់ច្បាស់ ដឹងច្បាស់នុ៎ះឯង ដែលគេហៅថា វិញ្ញាណ ចុះវិញ្ញាណនោះ ស្គាល់អ្វីខ្លះ ស្គាល់ថាសុខខ្លះ ស្គាល់ថាទុក្ខខ្លះ ស្គាល់ថាមិនមែនទុក្ខ មិនមែនសុខខ្លះ ម្នាលអាវុសោ ព្រោះតែធម្មជាតនោះ ស្គាល់ច្បាស់ ដឹងច្បាស់ ដូច្នេះឯង ទើបហៅថា វិញ្ញាណ។ ម្នាលអាវុសោ ចុះប្រាជ្ញា និងវិញ្ញាណ ធម៌(ទាំងពីរ) នេះ តើដូចគ្នា1) ឬផ្សេងគ្នា មួយទៀត បុគ្គលចែករំលែកធម៌ (ទាំងពីរ) នេះ បញ្ញត្តឲ្យផ្សេងៗគ្នា បានឬទេ។ ម្នាលអាវុសោ ប្រាជ្ញា និងវិញ្ញាណ ធម៌ (ទាំងពីរ)នេះ ជាធម៌ដូចគ្នា មិនមែនផ្សេងគ្នាទេ ទាំងបុគ្គល នឹងចែករំលែកបញ្ញត្តធម៌ទាំងពីរនេះ ឲ្យផ្សេងគ្នាមិនបានទេ ម្នាលអាវុសោ ប្រាជ្ញាដឹងច្បាស់ នូវវត្ថុណា វិញ្ញាណ ក៏ដឹងច្បាស់ នូវវត្ថុនោះដែរ វិញ្ញាណស្គាល់ច្បាស់នូវវត្ថុណា ប្រាជ្ញាក៏ដឹងច្បាស់ នូវវត្ថុនោះដែរ ព្រោះហេតុនោះ បានជាធម៌ (ទាំងពីរ)នេះ ជាធម៌ដូចគ្នា មិនមែនផ្សេងគ្នាទេ ទាំងបុគ្គល នឹងចែករំលែកបញ្ញត្តធម៌ទាំងពីរនេះ ឲ្យផ្សេងគ្នា មិនបានឡើយ។ ម្នាលអាវុសោ បើប្រាជ្ញា និងវិញ្ញាណ ធម៌(ទាំងពីរ) នេះ ដូចគ្នា មិនមែនផ្សេងគ្នាទេ ចុះសេចក្តីប្លែកគ្នាត្រង់ណា។ ម្នាលអាវុសោ ប្រាជ្ញា និងវិញ្ញាណ ធម៌(ទាំងពីរ)នេះ ជាធម៌ដូចគ្នា មិនមែនផ្សេងគ្នាទេ តែប្រាជ្ញា បុគ្គលគួរចំរើន វិញ្ញាណ បុគ្គលគួរកំណត់ដឹង នេះជាសេចក្តីប្លែកគ្នានៃធម៌ (ទាំងពីរ)នោះ។
[១៣៥] ម្នាលអាវុសោ គេតែងហៅថា វេទនា វេទនា ម្នាលអាវុសោ គេហៅថា វេទនា ដោយហេតុដូចម្តេច។ ម្នាលអាវុសោ ធម្មជាតទទួលដឹង នូវអារម្មណ៍ហ្នឹងឯង ដែលគេហៅថា វេទនា វេទនានោះ ដឹងអ្វីខ្លះ ដឹងសុខខ្លះ ដឹងទុក្ខខ្លះ ដឹងមិនមែនទុក្ខ មិនមែនសុខខ្លះ ម្នាលអាវុសោ ព្រោះតែធម្មជាតនោះ ទទួលដឹងអារម្មណ៍ ដូច្នេះឯង ទើបហៅថា វេទនា។ ម្នាលអាវុសោ គេតែងហៅថា សញ្ញា សញ្ញា ម្នាលអាវុសោ ដែលគេហៅថា សញ្ញា ដោយហេតុដូចម្តេច។ ម្នាលអាវុសោ ព្រោះតែធម្មជាតនោះ កត់សំគាល់ ចំណាំ ទើបហៅថា សញ្ញា សញ្ញានោះ តែងសំគាល់អ្វីខ្លះ សញ្ញានោះ តែងសំគាល់ពណ៌ខៀវខ្លះ សំគាល់ពណ៌លឿងខ្លះ សំគាល់ពណ៌ក្រហមខ្លះ សំគាល់ពណ៌សខ្លះ ម្នាលអាវុសោ ព្រោះតែធម្មជាតនោះ កត់សំគាល់ហ្នឹងឯង ទើបហៅថា សញ្ញា។ ម្នាលអាវុសោ វេទនា សញ្ញា និងវិញ្ញាណ ធម៌ទាំងនេះ ជាធម៌ច្រឡំគ្នា ឬមិនច្រឡំគ្នាទេ មួយទៀត បុគ្គលនឹងចែករំលែកធម៌ទាំងនេះ ហើយបញ្ញត្ត កុំឲ្យច្រឡំគ្នា បានឬទេ។ ម្នាលអាវុសោ វេទនា សញ្ញា និងវិញ្ញាណ ធម៌ទាំងនេះ ច្រឡំគ្នា មិនមែនផ្សេងគ្នាទេ ហើយបុគ្គលចែករំលែកធម៌ទាំងនេះ បញ្ញត្តឲ្យផ្សេងគ្នាមិនបានទេ ម្នាលអាវុសោ វេទនាទទួលអារម្មណ៍ណា សញ្ញាក៏សំគាល់អារម្មណ៍នោះដែរ សញ្ញាសំគាល់នូវអារម្មណ៍ណា វិញ្ញាណក៏ដឹងច្បាស់ នូវអារម្មណ៍នោះដែរ ព្រោះហេតុនោះ ធម៌ទាំងនេះ ជាធម៌ដូចគ្នា មិនមែនផ្សេងគ្នាទេ បុគ្គល នឹងចែករំលែកធម៌ទាំងនេះ ហើយបញ្ញត្តឲ្យផ្សេងគ្នា មិនបានទេ។
[១៣៦] ម្នាលអាវុសោ ធម្មជាតអ្វីដែលគេគប្បីដឹង ដោយមនោវិញ្ញាណ ដ៏បរិសុទ្ធ ប្រាសចាកឥន្ទ្រិយទាំង៥ប្រការ។ ម្នាលអាវុសោ អាកាសានញ្ចាយតនជ្ឈាន ដែលបរិកម្មថា អាកាសមិនមានទីបំផុត ដូច្នេះ គប្បីដឹង ដោយមនោវិញ្ញាណ ដ៏បរិសុទ្ធ ប្រាសចាកឥន្ទ្រិយ ទាំង៥ប្រការ វិញ្ញាណញ្ចាយតនជ្ឈាន ដែលបរិកម្មថា វិញ្ញាណ មិនមានទីបំផុត និងអាកិញ្ចញ្ញាយតនៈ ដែលបរិកម្មថា អ្វីតិចតួច មិនមានដូច្នេះ គប្បីដឹងបានដោយមនោវិញ្ញាណ ដ៏បរិសុទ្ធ ប្រាសចាកឥន្ទ្រិយ ទាំង៥ប្រការ។ ម្នាលអាវុសោ ធម៌ដែលគេគប្បីដឹង តើគេតែងដឹងបានដោយអ្វី។ ម្នាលអាវុសោ ធម៌ដែលគេគប្បីដឹងនោះឯង គេតែងដឹងដោយបញ្ញាចក្ខុ។ ម្នាលអាវុសោ ប្រាជ្ញាមានសេចក្តីថាដូចម្តេចខ្លះ។ ម្នាលអាវុសោ ប្រាជ្ញាមានសេចក្តីថា ដឹងប្រាកដ មានសេចក្តីថា ដឹងសព្វ មានសេចក្តីថា លះបង់។
[១៣៧] ម្នាលអាវុសោ បច្ច័យដែលឲ្យសម្មាទិដ្ឋិកើតឡើង មានប៉ុន្មាន។ ម្នាលអាវុសោ បច្ច័យដែលឲ្យសម្មាទិដ្ឋិកើតឡើង មាន២គឺ ការលាន់ឮ អំពីសំណាក់ជនដទៃ១ ការយកចិត្តទុកដាក់ ដោយឧបាយប្រាជ្ញា (ខ្លួនឯង)១ ម្នាលអាវុសោ បច្ច័យ ដែលឲ្យសម្មាទិដ្ឋិកើតឡើង មាន២នេះឯង។ ម្នាលអាវុសោ សម្មាទិដ្ឋិ ដែលមានចេតោវិមុត្តិ ជាផលផង មានផល គឺចេតោវិមុត្តិ ជាអានិសង្សផង មានបញ្ញាវិមុត្តិ ជាផលផង មានផល គឺបញ្ញាវិមុត្តិ ជាអានិសង្សផង មានអង្គប៉ុន្មាន ទំនុកបម្រុង។ ម្នាលអាវុសោ សម្មាទិដ្ឋិ ដែលមានចេតោវិមុត្តិ ជាផលផង មានផល គឺចេតោវិមុត្តិ ជាអានិសង្សផង មានបញ្ញាវិមុត្តិជាផលផង មានផល គឺបញ្ញាវិមុត្តិ ជាអានិសង្សផង មានអង្គ៥ ជួយទំនុកបម្រុង ម្នាលអាវុសោ សម្មាទិដ្ឋិ ក្នុងទីនេះ មានសីល ជួយទំនុកបម្រុង១ មានសុតៈ ជួយទំនុកបម្រុង១ មានសាកច្ឆា ជួយទំនុកបម្រុង១ មានសមថៈ ជួយទំនុកបម្រុង១ មានវិបស្សនា ជួយទំនុកបម្រុង១ ម្នាលអាវុសោ សម្មាទិដ្ឋិ ដែលមានចេតោវិមុត្តិ ជាផលផង មានផល គឺចេតោវិមុត្តិ ជាអានិសង្សផង មានបញ្ញាវិមុត្តិ ជាផលផង មានផល គឺបញ្ញាវិមុត្តិ ជាអានិសង្សផង មានអង្គ៥នេះឯង ជួយទំនុកបម្រុង។
[១៣៨] ម្នាលអាវុសោ ភព តើមានប៉ុន្មាន។ ម្នាលអាវុសោ ភពនេះ មាន៣គឺ កាមភព១ រូបភព១ អរូបភព១។ ម្នាលអាវុសោ ការកើតក្នុងភពថ្មីតទៅទៀត ព្រោះហេតុដូចម្តេច។ ម្នាលអាវុសោ ព្រោះសេចក្តីត្រេកអរក្នុងភពនោះៗ របស់ពួកសត្វ ដែលមានអវិជ្ជាជានីវរណៈ មានតណ្ហាជាសំយោជនៈ ការកើតក្នុងភពថ្មីតទៅទៀតយ៉ាងនេះឯង។ ម្នាលអាវុសោ ការមិនកើតក្នុងភពថ្មីតទៅទៀត ព្រោះហេតុដូចម្តេច។ ម្នាលអាវុសោ ព្រោះប្រាសចាកអវិជ្ជា ព្រោះវិជ្ជាកើតឡើង ព្រោះការរលត់ នៃតណ្ហា ការមិនកើត ក្នុងភពថ្មីតទៅទៀត យ៉ាងនេះឯង។
[១៣៩] ម្នាលអាវុសោ បឋមជ្ឈាន ដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងប់ស្ងាត់ ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ ក៏ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែលកើតអំពីវិវេក ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ម្នាលអាវុសោ នេះហៅថា បឋមជ្ឈាន។ ម្នាលអាវុសោ បឋមជ្ឈាន មានអង្គប៉ុន្មាន។ ម្នាលអាវុសោ បឋមជ្ឈាន មានអង្គ៥ ម្នាលអាវុសោ កាលភិក្ខុក្នុងសាសនានេះ ចូលកាន់បឋមជ្ឈាន មានអង្គ៥ វិតក្កៈ វិចារៈ បីតិ សុខៈ និងចិត្តេកគ្គតា រមែងប្រព្រឹត្តទៅ ម្នាលអាវុសោ បឋមជ្ឈាន មានអង្គ៥ យ៉ាងនេះឯង។ ម្នាលអាវុសោ បឋមជ្ឈាន លះអង្គប៉ុន្មាន ប្រកបដោយអង្គប៉ុន្មាន។ ម្នាលអាវុសោ បឋមជ្ឈាន លះអង្គ៥ ប្រកបដោយអង្គ៥ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ កាលចូលកាន់បឋមជ្ឈាន ជាអ្នកលះបង់កាមច្ឆន្ទៈ លះបង់ព្យាបាទ លះបង់ថីនមិទ្ធៈ លះបង់ឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ចំណែកខាងវិតក្កៈ វិចារៈ បីតិ សុខៈ និងចិត្តេកគ្គតា ក៏ប្រព្រឹត្តទៅ ម្នាលអាវុសោ បឋមជ្ឈាន លះអង្គ៥ ប្រកបដោយអង្គ៥ យ៉ាងនេះឯង។
[១៤០] ម្នាលអាវុសោ ឥន្ទ្រិយទាំង៥ប្រការនេះ មានវិស័យផ្សេងៗគ្នា មានអារម្មណ៍ផ្សេងៗគ្នា ទទួលវិស័យ ដែលកើតជាអារម្មណ៍ជំនួសគ្នា មិនបានទេ ឥន្ទ្រិយទាំង៥ គឺអ្វីខ្លះ គឺចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ ឃានិន្ទ្រិយ១ ជិវ្ហិន្ទ្រិយ១ កាយិន្ទ្រិយ១ ម្នាលអាវុសោ កាលបើឥន្ទ្រិយ ទាំង៥ប្រការនេះ មានវិស័យផ្សេងៗគ្នា មានអារម្មណ៍ផ្សេងៗគ្នា មិនទទួលវិស័យ ដែលកើតជាអារម្មណ៍ ជំនួសគ្នាបានទេ ចុះមានអ្វីជាទីពឹង មួយទៀត សភាពអ្វី ទទួលវិស័យ ដែលកើតជាអារម្មណ៍ របស់ឥន្ទ្រិយទាំង៥ ប្រការនោះ។ ម្នាលអាវុសោ ឥន្ទ្រិយ ទាំង៥ប្រការនេះ មានវិស័យផ្សេងៗគ្នា មានអារម្មណ៍ផ្សេងៗគ្នា មិនទទួលវិស័យ ដែលកើតជាអារម្មណ៍ ជំនួសគ្នាបានទេ ឥន្ទ្រិយទាំង៥ គឺអ្វីខ្លះ គឺចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ ឃានិន្ទ្រិយ១ ជិវ្ហិន្ទ្រិយ១ កាយិន្ទ្រិយ១ ម្នាលអាវុសោ កាលបើឥន្ទ្រិយ ទាំង៥ប្រការនេះឯង មានវិស័យផ្សេងៗគ្នា មានអារម្មណ៍ផ្សេងៗគ្នា មិនទទួលវិស័យ ដែលកើតជាអារម្មណ៍ជំនួសគ្នាបានទេ មានចិត្តជាទីពឹង មានចិត្តទទួលវិស័យ ដែលកើតជាអារម្មណ៍ របស់ឥន្ទ្រិយ ទាំង៥នោះ។
[១៤១] ម្នាលអាវុសោ ឥន្ទ្រិយ៥ប្រការនេះ គឺចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ ឃានិន្ទ្រិយ១ ជីវ្ហិន្ទ្រិយ១ កាយិន្ទ្រិយ១ ម្នាលអាវុសោ ឥន្ទ្រិយទាំង៥នេះឯង អាស្រ័យនឹងអ្វី ទើបតាំងនៅបាន។ ម្នាលអាវុសោ ឥន្ទ្រិយ៥នេះ គឺចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ ឃានិន្ទ្រិយ១ ជិវ្ហិន្ទ្រិយ១ កាយិន្ទ្រិយ១ ម្នាលអាវុសោ ឥន្ទ្រិយទាំង៥នេះឯង អាស្រ័យនឹងអាយុ ទើបតាំងនៅបាន។ ម្នាលអាវុសោ ចុះអាយុ លុះតែអាស្រ័យនឹងអ្វី ទើបតាំងនៅបាន។ អាយុ លុះតែអាស្រ័យចំហាយធាតុភ្លើង ទើបតាំងនៅបាន។ ម្នាលអាវុសោ ចំហាយធាតុភ្លើង អាស្រ័យនឹងអ្វី ទើបតាំងនៅបាន។ ចំហាយធាតុភ្លើង លុះតែអាស្រ័យនឹងអាយុ ទើបតាំងនៅបាន។ អម្បាញ់មិញនេះឯង ខ្ញុំដឹងច្បាស់ភាសិត របស់ព្រះសារីបុត្រមានអាយុ យ៉ាងនេះថា អាយុ លុះតែអាស្រ័យចំហាយធាតុភ្លើង ទើបតាំងនៅបាន ឥឡូវនេះ ខ្ញុំដឹងច្បាស់ភាសិត របស់ព្រះសារីបុត្រមានអាយុ យ៉ាងនេះថា ភ្លើងធាតុ លុះតែអាស្រ័យនឹងអាយុ ទើបតាំងនៅបាន ដូច្នេះវិញ។ ម្នាលអាវុសោ បើដូច្នេះ ខ្ញុំត្រូវយល់សេចក្តីនៃភាសិតនេះ ដូចម្តេច។ ម្នាលអាវុសោ បើដូច្នោះ ខ្ញុំនឹងធ្វើសេចក្តីឧបមាប្រគេនលោក ដ្បិតជនជាអ្នកចេះដឹងពួកខ្លះ ក្នុងលោកនេះ គង់យល់សេចក្តី នៃភាសិត ដោយពាក្យឧបមា បានដែរ ម្នាលអាវុសោ ដូចប្រទីបប្រេង កាលឆេះ មានពន្លឺប្រាកដឡើង ព្រោះអាស្រ័យអណ្តាត អណ្តាតប្រាកដឡើង ព្រោះអាស្រ័យពន្លឺ សេចក្តីនេះ យ៉ាងណាមិញ អាយុ តាំងនៅបាន ក៏ព្រោះអាស្រ័យចំហាយធាតុភ្លើង ចំហាយធាតុភ្លើង តាំងនៅបាន ព្រោះអាស្រ័យអាយុ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាយុ សង្ខារ2) ទាំងនោះ ជាវេទនីយធម៌3) នោះ ឬថាអាយុសង្ខារផ្សេង វេទនីយធម៌ផ្សេង។ ម្នាលអាវុសោ មិនមែនអាយុសង្ខារទាំងនោះ ជាវេទនីយធម៌នោះទេ ម្នាលអាវុសោ ប្រសិនបើ អាយុសង្ខារទាំងនោះ ជាវេទនីយធម៌នោះហើយ ភិក្ខុដែលចូលកាន់សញ្ញាវេទយិតនិរោធនេះ ចេញចាកសមាបត្តិមកវិញ មិនកើតទេ គឺអាយុសង្ខារផ្សេង វេទនីយធម៌ផ្សេង ហេតុនោះ បានជាភិក្ខុចូលកាន់សញ្ញាវេទយិតនិរោធ ចេញចាកសមាបត្តិមកវិញបាន។
[១៤២] ម្នាលអាវុសោ ធម៌ប៉ុន្មាន ដែលលះបង់កាយនេះ ក្នុងកាលណាហើយ កាយនេះ គេចោលរាត់រាយ ដេកស្តូកស្តឹង ដូចជាកំណាត់ឈើ ដែលគ្មានចេតនា។ ម្នាលអាវុសោ ធម៌៣ប្រការគឺ អាយុ១ ចំហាយធាតុភ្លើង១ វិញ្ញាណ១ លះបង់កាយនេះ ក្នុងកាលណាហើយ កាយនេះ គេចោលរាត់រាយ ដេកស្តូកស្តឹង ដូចជាកំណាត់ឈើ ដែលគ្មានចេតនា។ ម្នាលអាវុសោ បុគ្គលដែលធ្វើកាលកិរិយាក្ស័យ១ ភិក្ខុដែលចូលកាន់សញ្ញាវេទយិតនិរោធ១ បុគ្គលទាំង២ពួកនេះ មានសេចក្តីប្លែកគ្នាដូចម្តេច។ ម្នាលអាវុសោ បុគ្គលដែលធ្វើកាលកិរិយាក្ស័យ បុគ្គលនោះ កាយសង្ខារ គឺខ្យល់ដង្ហើមចេញចូល រលត់សូន្យឈឹង វចីសង្ខារ គឺវិតក្កៈ និងវិចារៈ រលត់សូន្យឈឹង ចិត្តសង្ខារ គឺសញ្ញា និងវេទនា រលត់សូន្យឈឹង អាយុក៏អស់ ចំហាយធាតុភ្លើង ក៏រលត់សូន្យឈឹង ឥន្ទ្រិយក៏បែកធ្លាយ ឯភិក្ខុដែលចូលកាន់សញ្ញាវេទយិតនិរោធ ភិក្ខុនោះមានកាយសង្ខារ រលត់សូន្យឈឹង វចីសង្ខាររលត់សូន្យឈឹង ចិត្តសង្ខាររលត់សូន្យឈឹងដែរ តែអាយុ មិនអស់ ចំហាយធាតុភ្លើង មិនរលត់សូន្យទេ ឥន្ទ្រិយនៅថ្លាល្អ ម្នាលអាវុសោ បុគ្គលដែលធ្វើមរណកាលក្ស័យ និងភិក្ខុដែលចូលកាន់សញ្ញាវេទយិតនិរោធ បុគ្គលទាំង២ពួកនេះ មានសេចក្តីផ្សេងគ្នាយ៉ាងនេះឯង។
[១៤៣] ម្នាលអាវុសោ អទុក្ខមសុខចេតោវិមុត្តិសមាបត្តិ មានបច្ច័យប៉ុន្មាន។ ម្នាលអាវុសោ អទុក្ខមសុខចេតោវិមុត្តិសមាបត្តិ មានបច្ច័យ៤ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់នូវសេចក្តីសុខ១ ព្រោះលះបង់នូវសេចក្តីទុក្ខ១ ព្រោះរំលត់នូវសោមនស្ស និងទោមនស្សក្នុងកាលមុន១ ចូលកាន់ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំងបួន១ ម្នាលអាវុសោ អទុក្ខមសុខចេតោវិមុត្តិសមាបត្តិ មានបច្ច័យ៤នេះឯង។ ម្នាលអាវុសោ អនិមិត្តចេតោវិមុត្តិសមាបត្តិ មានបច្ច័យប៉ុន្មាន។ ម្នាលអាវុសោ អនិមិត្តចេតោវិមុត្តិសមាបត្តិ មានបច្ច័យ២ គឺការមិនយកចិត្តទុកដាក់ ចំពោះអារម្មណ៍ទាំងពួង១ ការយកចិត្តទុកដាក់ ចំពោះនិព្វានធាតុ ដែលប្រាសចាកអារម្មណ៍១ ម្នាលអាវុសោ អនិមិត្តចេតោវិមុត្តិសមាបត្តិ មានបច្ច័យ២នេះឯង។ ម្នាលអាវុសោ បច្ច័យដែលឲ្យអនិមិត្តចេតោវិមុត្តិតាំងនៅបានយូរ តើមានប៉ុន្មាន។ ម្នាលអាវុសោ បច្ច័យដែលឲ្យអនិមិត្តាចេតោវិមុត្តិ តាំងនៅបានយូរ មាន៣ប្រការ គឺការមិនយកចិត្តទុកដាក់ ចំពោះអារម្មណ៍ទាំងពួង១ ការយកចិត្តទុកដាក់ ចំពោះនិព្វានធាតុ ដែលប្រាសចាកអារម្មណ៍១ ការបានតាក់តែងទុកពីខាងដើម១ ម្នាលអាវុសោ បច្ច័យដែលឲ្យអនិមិត្តចេតោវិមុត្តិតាំងនៅបានយូរ មាន៣ប្រការនេះឯង។ ម្នាលអាវុសោ បច្ច័យនៃការចេញចាក អនិមិត្តាចេតោវិមុត្តិ មានប៉ុន្មាន។ ម្នាលអាវុសោ បច្ច័យនៃការចេញចាក អនិមិត្តាចេតោវិមុត្តិ មាន២ប្រការគឺ ការយកចិត្តទុកដាក់ ចំពោះអារម្មណ៍ទាំងពួង១ ការមិនយកចិត្តទុកដាក់ ចំពោះនិព្វានធាតុ ដែលមិនមានអារម្មណ៍១ ម្នាលអាវុសោ បច្ច័យនៃការចេញចាក អនិមិត្តាចេតោវិមុត្តិ មាន២ប្រការនេះឯង។
[១៤៤] ម្នាលអាវុសោ អប្បមាណាចេតោវិមុត្តិ4) អាកិញ្ចញ្ញាចេតោវិមុត្តិ5) សុញ្ញតាចេតោវិមុត្តិ6) និង អនិមិត្តចេតោវិមុត្តិ7) ធម៌ទាំងនេះ មានសេចក្តីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង ឬមានសេចក្តីដូចគ្នា គ្រាន់តែព្យញ្ជនៈផ្សេងគ្នាប៉ុណ្ណោះទេ។ ម្នាលអាវុសោ អប្បមាណាចេតោវិមុត្តិណា អាកិញ្ចញ្ញាចេតោវិមុត្តិណា សុញ្ញតាចេតោវិមុត្តិណា និងអនិមិត្តាចេតោវិមុត្តិណា ម្នាលអាវុសោ មានបរិយាយ ដែលធម៌ទាំងនេះអាស្រ័យហើយ មានសេចក្តីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង ម្នាលអាវុសោ មួយទៀត មានបរិយាយ ដែលធម៌ទាំងនេះអាស្រ័យហើយ ក៏បែរជាមានសេចក្តីដូចគ្នា តែព្យញ្ជនៈផ្សេងគ្នា។ ម្នាលអាវុសោ ចុះបរិយាយដូចម្តេច ដែលធម៌ទាំងនេះអាស្រ័យហើយ មានសេចក្តីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តា ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសកណ្តាល ព្រោះយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង។ មានចិត្តប្រកបដោយករុណា… ប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ព្រោះបង្អោនខ្លួន ទៅប្រៀបធៀបនឹងសត្វទាំងពួង ក្នុងទីទាំងពួង ម្នាលអាវុសោ នេះហៅថា អប្បមាណាចោតោវិមុត្តិ។ ម្នាលអាវុសោ អាកិញ្ចញ្ញាចេតោវិមុត្តិ តើដូចម្តេច ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ កន្លងបង់នូវវិញ្ញាណញ្ចាយតនៈ ដោយសព្វអន្លើ ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា អ្វីបន្តិចបន្តួចមិនមានដូច្នេះ ម្នាលអាវុសោ នេះហៅថា អាកិញ្ចញ្ញាចេតោវិមុត្តិ។ ម្នាលអាវុសោ សុញ្ញតាចេតោវិមុត្តិ តើដូចម្តេច ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងសុញ្ញាគារស្ថានក្តី រមែងពិចារណាយ៉ាងនេះថា របស់នេះ តែងសាបសូន្យ ចាកអត្តភាព ឬចាកវត្ថុសម្រាប់ទំនុកបម្រុងខ្លួន មានចីវរជាដើម ម្នាលអាវុសោ នេះលោកហៅថា សុញ្ញតាចេតោវិមុត្តិ។ ម្នាលអាវុសោ អនិមិត្តាចេតោវិមុត្តិ តើដូចម្តេច ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ចូលកាន់ចេតោសមាធិ ដែលមិនមាននិមិត្ត ព្រោះមិនយកចិត្តទុកដាក់ ចំពោះអារម្មណ៍ទាំងពួង នេះហៅថា អនិមិត្តាចេតោវិមុត្តិ។ ម្នាលអាវុសោ នេះឯងជាបរិយាយ ដែលធម៌ទាំងនេះអាស្រ័យហើយ មានសេចក្តីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង។ ម្នាលអាវុសោ ចុះបរិយាយដូចម្តេច ដែលពួកធម៌ទាំងនេះ អាស្រ័យហើយ បែរជាមានសេចក្តីដូចគ្នា តែមានព្យញ្ជនៈផ្សេងគ្នា ម្នាលអាវុសោ រាគៈ ជាកិលេសធ្វើនូវប្រមាណ8) ទោសៈ ជាកិលេសធ្វើនូវប្រមាណ មោហៈ ជាកិលេសធ្វើនូវប្រមាណ កិលេសទាំងនោះ ភិក្ខុដែលជាខីណាស្រព បានលះបង់ហើយ បានផ្តាច់ផ្តិលឫសគល់ហើយ ធ្វើមិនឲ្យកើតតទៅទៀត ដូចដើមត្នោត ដែលគេក្របែល មិនឲ្យដុះតទៅទៀត ធ្វើមិនឲ្យមានបែបភាពតទៅទៀត ជាធម៌មិនកើតតទៅទៀត។ ម្នាលអាវុសោ បណ្តាអប្បមាណាចេតោវិមុត្តិ9) ទាំងប៉ុន្មាន មាន អកុប្បាចេតោវិមុត្តិ10) ប្រសើរជាងវិមុត្តិទាំងនោះ ព្រោះអកុប្បាចេតោវិមុត្តិនោះ សូន្យរាគៈ សូន្យទោសៈ សូន្យមោហៈ។ ម្នាលអាវុសោ រាគៈ ជាគ្រឿងកង្វល់ ទោសៈ ជាគ្រឿងកង្វល់ មោហៈ ក៏ជាគ្រឿងកង្វល់ កិលេសទាំងនោះ ភិក្ខុជាខីណាស្រព បានលះបង់ហើយ បានផ្តាច់ផ្តិលឫសគល់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចដើមត្នោត ដែលគេកាប់ក្របែល ធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅទៀតហើយ។ ម្នាលអាវុសោ អាកិញ្ចញ្ញាចេតោវិមុត្តិ11) ទាំងប៉ុន្មាន មានអកុប្បាចេតោវិមុត្តិ ប្រសើរជាងវិមុត្តិទាំងនោះ ព្រោះអកុប្បាចេតោវុមុត្តិនោះ សូន្យរាគៈ សូន្យទោសៈ សូន្យមោហៈ។ ម្នាលអាវុសោ រាគៈ ជាកិលេសធ្វើនិមិត្ត12) ទោសៈជាកិលេសធ្វើនិមិត្ត មោហៈជាកិលេសធ្វើនិមិត្ត ពួកកិលេសធ្វើនិមិត្តទាំងនោះ ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ បានផ្តាច់ផ្តិលឫសគល់ហើយ ធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចដើមត្នោត ដែលគេក្របែលចោលហើយ ធ្វើឲ្យលែងមានបែបភាពតទៅទៀត ជាធម៌លែងមានកំណើតតទៅទៀតហើយ។ ម្នាលអាវុសោ អនិមិត្តាចេតោវិមុត្តិទាំងប៉ុន្មាន មានអកុប្បាចេតោវិមុត្តិ ប្រសើរជាងវិមុត្តិទាំងនោះ ព្រោះអកុប្បាចេតោវិមុត្តិនោះ សូន្យរាគៈ សូន្យទោសៈ សូន្យមោហៈ។ ម្នាលអាវុសោ នេះឯងជាបរិយាយ ដែលធម៌ទាំងនេះ អាស្រ័យហើយ មានសេចក្តីដូចគ្នា តែមានព្យញ្ជនៈផ្សេងគ្នា។ លុះព្រះសារីបុត្រមានអាយុ បានពោលពាក្យនេះហើយ ព្រះមហាកោដ្ឋិកត្ថេរមានអាយុ ក៏មានចិត្តរីករាយ ត្រេកអរហើយ ចំពោះភាសិត របស់ព្រះសារីបុត្រមានអាយុ។
ចប់ មហាវេទល្លសូត្រ ទី៣។