User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.044



ចូឡវេទល្លសូត្រ ទី៤

សង្ខេប

ឧបាសក​ម្នាក់ បានចូលទៅរក ធម្មទិន្នាភិក្ខុនី ដែល​ធ្លាប់​ជា​អតីត​​ប្រពន្ធ​របស់​គាត់​ ហើយចោទ​​សួរ​នូវ​សំណួរ​ជា​បន្ត​បន្ទាប់​…

mn 044 បាលី cs-km: sut.mn.044 អដ្ឋកថា: sut.mn.044_att PTS: ?

(ទី៤) ចូឡវេទល្លសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៤. ចូឡវេទល្លសុត្តំ)

[១៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ឧបាសកឈ្មោះ វិសាខ បានចូលទៅរក ធម្មទិន្នាភិក្ខុនី លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំធម្មទិន្នាភិក្ខុនី ហើយក៏អង្គុយក្នុងទីដ៏សមគួរ។

[១៤៦] លុះវិសាខឧបាសកអង្គុយក្នុងទីដ៏សមគួរហើយ ទើបទូលសួរ​ធម្មទិន្នាភិក្ខុនី យ៉ាងនេះថា បពិត្រព្រះនាងជាម្ចាស់ ព្រះមានព្រះភាគ តែងត្រាស់ថា សក្កាយៈ សក្កាយៈ បពិត្រព្រះនាងជាម្ចាស់ ធម៌ដូចម្តេចខ្លះ ដែលព្រះមានព្រះភាគ ត្រាស់ថា សក្កាយៈ។ ធម្មទិន្នាភិក្ខុនីតបថា ម្នាលអាវុសោវិសាខ ឧបាទានក្ខន្ធ៥ ប្រការនេះឯង ដែល​ព្រះមានព្រះភាគត្រាស់ថា សក្កាយៈ ឧបាទានក្ខន្ធ៥ គឺ រូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១ ម្នាលអាវុសោវិសាខ ឧបាទានក្ខន្ធទាំង៥ប្រការនេះឯង ដែលព្រះមានព្រះភាគ ត្រាស់ថា សក្កាយៈ។ វិសាខឧបាសក ក៏ត្រេកអរនឹងភាសិត របស់ធម្មទិន្នាភិក្ខុនីថា ពីរោះណាស់ ព្រះ​នាងជាម្ចាស់ ហើយក៏បានសួរប្រស្នា នឹងធម្មទិន្នាភិក្ខុនី តទៅទៀតថា បពិត្រព្រះនាង​ជាម្ចាស់ ព្រះមានព្រះភាគ ទ្រង់តែងត្រាស់ថា ហេតុដែលនាំឲ្យកើតសក្កាយៈ ហេតុដែល​នាំឲ្យកើតសក្កាយៈ បពិត្រព្រះនាងជាម្ចាស់ ធម៌ដូចម្តេចហ្ន៎ ដែលព្រះមានព្រះភាគ​ទ្រង់ត្រាស់ថា ជាហេតុនាំឲ្យកើតសក្កាយៈ។ ធម្មទិន្នាភិក្ខុនីតបថា ម្នាលអាវុសោវិសាខ តណ្ហា​ដែលនាំឲ្យសត្វកើត​ក្នុងភពថ្មីទៀត ប្រកបដោយនន្ទិរាគៈ មានសេចក្តីត្រេកអរ ក្នុងភព​នោះៗ តណ្ហានោះគឺ កាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១ ម្នាលអាវុសោវិសាខ​ នេះឯង​ហើយ ដែលព្រះមានព្រះភាគ ត្រាស់ថា ហេតុនាំឲ្យកើតសក្កាយៈ។ បពិត្រ​ព្រះនាង​ជាម្ចាស់ ព្រះមានព្រះភាគ ត្រាស់ថា ការរំលត់សក្កាយៈ ការរំលត់សក្កាយៈ បពិត្រព្រះនាង​ជាម្ចាស់ ធម៌ដូចម្តេចហ្ន៎ ដែលព្រះមានព្រះភាគ ត្រាស់ថា ជាគ្រឿង​រំលត់​សក្កាយៈ។ ម្នាលអាវុសោវិសាខ សេចក្តីនឿយណាយ និងការរំលត់ ដោយមិនសល់ ការ​លះបង់ ការជម្រុះចោល ការរួចស្រឡះ ការលែង​អាឡោះអាល័យ ចំពោះតណ្ហានោះឯង ម្នាលអាវុសោវិសាខ នេះឯងហើយ ដែលព្រះមានព្រះភាគ ត្រាស់ថា ការរំលត់​សក្កាយៈ។ បពិត្រព្រះនាង​ជាម្ចាស់ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បដិបទា ជាដំណើរ​ទៅកាន់​សេចក្តី​​រំលត់សក្កាយៈ បដិបទា ជាដំណើរ​ទៅកាន់សេចក្តីរំលត់សក្កាយៈ បពិត្រព្រះនាង​ជាម្ចាស់ ធម្មជាតដូចម្តេចហ្ន៎ ដែលព្រះមានព្រះភាគ ត្រាស់ថា បដិបទា​ ជាដំណើរ​ទៅកាន់សេចក្តី​រំលត់សក្កាយៈ។ ម្នាលអាវុសោវិសាខ មគ្គប្រកបដោយអង្គ៨ ដ៏​ប្រសើរ​នេះឯង ដែលព្រះមានព្រះភាគ ត្រាស់ថា បដិបទា ជាដំណើរ​ទៅកាន់សេចក្តីរំលត់​សក្កាយៈ មគ្គដែលប្រកបដោយអង្គ៨នោះគឺ សេចក្តីយល់ត្រូវ១ ការត្រិះរិះត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តីព្យាយាមត្រូវ១ ស្មារតីត្រូវ១ ការតំកល់​ចិត្តនឹងត្រូវ១។ បពិត្រព្រះនាង​ជាម្ចាស់ ឧបាទាននោះ គឺឧបាទានក្ខន្ធទាំង​៥ នោះឯង ឬក៏ឧបាទានដោយឡែក អំពី​ឧបាទានក្ខន្ធ ទាំង៥ (នោះ)ទេ។ ម្នាលអាវុសោ​វិសាខ ឧបាទាននោះឯង មិនមែនជាឧបាទានក្ខន្ធ ទាំង៥នោះទេ ឯឧបាទាន (នោះ) សោត ក៏មិនមែនដោយឡែក អំពីឧបាទានក្ខន្ធ ទាំង៥ដែរ ម្នាលអាវុសោវិសាខ ឧបាទាននោះឯង មិនមែនជាឧបាទានក្ខន្ធ ទាំង៥នោះទេ តែឧបាទាន​ នឹងញែកចេញ អំពីឧបាទានក្ខន្ធ ​មិន​បានដែរ ម្នាលអាវុសោវិសាខ សេចក្តីត្រេកត្រអាល ក្នុងឧបាទានក្ខន្ធ ទាំង៥ ឈ្មោះថា ឧបាទាន ក្នុងឧបាទានក្ខន្ធនោះ។

[១៤៧] បពិត្រព្រះនាង​ជាម្ចាស់ ចុះ សក្កាយទិដ្ឋិ ដូចម្តេច។ ម្នាលអាវុសោវិសាខ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានជួបប្រទះនឹងពួកព្រះអរិយៈ1) មិនឈ្លាសវៃក្នុងធម៌ព្រះអរិយៈ មិនបានហាត់​ខ្លួន ក្នុងធម៌របស់ព្រះអរិយៈ ទាំងមិនបានឃើញពួកសប្បុរស2) មិនឈ្លាសវៃ ក្នុងធម៌របស់សប្បុរស មិនបាន​ហាត់ចិត្ត ក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញ នូវរូបថាខ្លួនខ្លះ ពិចារណា​ឃើញនូវ​ខ្លួន ថាមានរូបខ្លះ ពិចារណាឃើញរូបក្នុងខ្លួនខ្លះ ពិចារណាឃើញ​ខ្លួន ក្នុងរូបខ្លះ ពិចារណាឃើញវេទនា… សញ្ញា… សង្ខារទាំងឡាយ… ពិចារណាឃើញវិញ្ញាណ ថាខ្លួន​ខ្លះ ពិចារណា​ឃើញ​ខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញវិញ្ញាណក្នុងខ្លួនខ្លះ ពិចារណាឃើញ​ខ្លួន ក្នុងវិញ្ញាណខ្លះ ម្នាលអាវុសោវិសាខ យ៉ាងនេះឯងហើយ ដែល​ហៅ​ថា សក្កាយទិដ្ឋិ។ បពិត្រព្រះនាង​ជាម្ចាស់ ដែលហៅថា មិនមានសក្កាយទិដ្ឋិ ដូចម្តេច។ ម្នាលអាវុសោវិសាខ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង បានឃើញពួក​ព្រះអរិយៈ ឈ្លាសវៃក្នុងធម៌ ​របស់ព្រះអរិយៈ បានហាត់ចិត្តល្អ ក្នុងធម៌ព្រះអរិយៈ ទាំងបានជួបប្រទះ​នឹង​ពួកសប្បុរស ឈ្លាសវៃក្នុងធម៌​របស់សប្បុរស បានហាត់ចិត្តដោយល្អ ក្នុងធម៌របស់​សប្បុរស មិនបាន​ពិចារណា​ឃើញនូវរូប ថាខ្លួនខ្លះ មិនបានពិចារណាឃើញនូវ​ខ្លួន ថាមានរូបខ្លះ មិនពិចារណាឃើញរូបក្នុងខ្លួនខ្លះ មិនពិចារណាឃើញ​ខ្លួន ក្នុងរូបខ្លះ មិនបាន​ពិចារណាឃើញវេទនា… សញ្ញា… សង្ខារទាំងឡាយ… មិនបាន​ពិចារណា​ឃើញវិញ្ញាណ ថាខ្លួនខ្លះ មិនបាន​ពិចារណា​ឃើញខ្លួន ថាមានវិញ្ញាណខ្លះ មិនបានពិចារណាឃើញវិញ្ញាណក្នុងខ្លួនខ្លះ និងមិនពិចារណាឃើញ​ខ្លួន ក្នុងវិញ្ញាណខ្លះ ម្នាលអាវុសោវិសាខ យ៉ាងនេះឯងហើយ ដែលហៅថា មិនមានសក្កាយទិដ្ឋិ។

[១៤៨] បពិត្រព្រះនាង​ជាម្ចាស់ មគ្គប្រកបដោយអង្គ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលអាវុសោវិសាខ មគ្គដែល​ប្រកបដោយអង្គ៨ប្រការ ដ៏ប្រសើរនេះឯង គឺសេចក្តីយល់​ត្រូវ១ សេចក្តីត្រិះរិះត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ ការព្យាយាមត្រូវ​១ ស្មារតីត្រូវ១ ការតំកល់ចិត្តនឹងត្រូវ១ បពិត្រព្រះនាង​ជាម្ចាស់ ចុះ អដ្ឋង្គិកមគ្គ ដ៏ប្រសើរ​នោះ ជា សង្ខតធម៌3) ឬជាអសង្ខតធម៌។ ម្នាលអាវុសោវិសាខ អដ្ឋង្គិកមគ្គ ដ៏ប្រសើរ ជាសង្ខតធម៌។ បពិត្រព្រះនាង​ជាម្ចាស់ ខន្ធទាំង៣ប្រការ លោកសង្គ្រោះចូល ក្នុងអដ្ឋង្គិកមគ្គ ដ៏ប្រសើរ ឬ​អដ្ឋង្គិកមគ្គ ដ៏ប្រសើរ លោកសង្គ្រោះចូល ក្នុងខន្ធ ទាំង៣ប្រការវិញ។ ម្នាលអាវុសោវិសាខ ខន្ធទាំង៣ប្រការ លោកមិនបានសង្គ្រោះ​ចូល ក្នុងអដ្ឋង្គិកមគ្គ ដ៏ប្រសើរទេ ម្នាលអាវុសោ​វិសាខ តែអដ្ឋង្គិកមគ្គ ទាំង៨ប្រការ ដ៏ប្រសើរ លោកសង្គ្រោះ ចូលក្នុងខន្ធ ទាំង៣ប្រការវិញ ម្នាលអាវុសោវិសាខ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ ធម៌ទាំង (៣) នេះ លោកសង្គ្រោះ ចូល​ក្នុងសីលក្ខន្ធ សម្មាវាយាមៈ១ សម្មាសតិ១ សម្មាសមាធិ១ ធម៌​ទាំង​ (៣) នេះ លោកសង្គ្រោះ ចូលក្នុងសមាធិក្ខន្ធ សម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ ធម៌ទំាង (២) នេះ លោក​សង្គ្រោះ ចូលក្នុងបញ្ញាខន្ធ។ បពិត្រព្រះនាង​ជាម្ចាស់ សមាធិ ដូចម្តេច ពួក​ធម៌ជា​ សមាធិនិមិត្ត ដូចម្តេច ពួកធម៌ជា សមាធិបរិក្ខារ ដូចម្តេច សមាធិភាវនា ដូចម្តេច។ ម្នាលអាវុសោវិសាខ សភាវៈ ដែលធ្វើចិត្តឲ្យនឹង នៅក្នុងអារម្មណ៍តែមួយ ហៅថា សមាធិ សតិប្បដ្ឋានទាំង៤ ហៅថា សមាធិនិមិត្ត សម្មប្បធាន៤ ហៅថា សមាធិបរិក្ខារ ការធ្វើចិត្ត​ឲ្យតំកល់នឹង ការចំរើន និងការធ្វើឲ្យច្រើន ចំពោះ​ធម៌ទាំងនោះឯង ហៅថា សមាធិភាវនា។

[១៤៩] បពិត្រព្រះនាង​ជាម្ចាស់ ចុះសង្ខារទាំងឡាយ មានប៉ុន្មាន។ ម្នាលអាវុសោ​វិសាខ សង្ខារទាំងឡាយនេះ មាន៣ គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១។ បពិត្រព្រះនាង​ជាម្ចាស់ កាយសង្ខារ តើដូចម្តេច វចីសង្ខារ ដូចម្តេច ចិត្តសង្ខារ ដូចម្តេច។ ម្នាលអាវុសោវិសាខ ខ្យល់ដង្ហើមចេញចូលហ្នឹងឯង ហៅថា កាយសង្ខារ វិតក្កៈ និងវិចារៈ ហៅថា វចីសង្ខារ សញ្ញា និងវេទនា ហៅថា ចិត្តសង្ខារ។ បពិត្រព្រះនាង​ជាម្ចាស់ ព្រោះ​ហេតុអ្វី បានជាខ្យល់ដង្ហើមចេញចូល ហៅថា កាយសង្ខារ ព្រោះ​ហេតុអ្វីបានជាវិតក្កៈ និងវិចារៈ ហៅថា វចីសង្ខារ ព្រោះ​ហេតុអ្វីបានជាសញ្ញា និងវេទនា ហៅថា ចិត្តសង្ខារ។ ម្នាលអាវុសោវិសាខ ការដកដង្ហើមចេញចូលហ្នឹងឯង ជាធម៌ប្រព្រឹត្តទៅក្នុងកាយ ធម៌ទាំង​នុ៎ះ ជាធម៌ជាប់ទាក់ទងនឹងកាយ ព្រោះហេតុនោះ បានជាខ្យល់​ដកដង្ហើម​ចេញចូល ហៅថា កាយសង្ខារ ម្នាលអាវុសោវិសាខ បុគ្គលត្រិះរិះពិចារណាមុនសិន ទើបបញ្ចេញ​វាចា (ក្រោយ) ព្រោះហេតុនោះ បានជាវិតក្កៈ និងវិចារៈ ហៅថា វចីសង្ខារ ឯសញ្ញា និងវេទនា ជាធម៌ប្រព្រឹត្តទៅក្នុងចិត្ត ធម៌ទាំងនុ៎ះ ជាធម៌​ជាប់ទាក់ទងនឹងចិត្ត ព្រោះ​ហេតុនោះ បានជា​សញ្ញា និងវេទនា ហៅថា ចិត្តសង្ខារ។

[១៥០] បពិត្រព្រះនាង​ជាម្ចាស់ ចុះ សញ្ញាវេទយិតនិរោធសមាបត្តិ ដូចម្តេច។ ម្នាលអាវុសោវិសាខ ភិក្ខុដែលកំពុងចូល សញ្ញាវេទយិតនិរោធ (នោះ) មិនមានគំនិត​យ៉ាងនេះថា អាត្មាអញ នឹងចូលសញ្ញាវេទយិតនិរោធ ឬថា អាត្មាអញ កំពុងចូល​សញ្ញាវេទយិតនិរោធ ឬក៏ថា អាត្មាអញ ចូលសញ្ញាវេទយិតនិរោធហើយ ដូច្នេះឡើយ តែថា មុននឹងដល់ ​និរោធសមាបត្តិនោះ ភិក្ខុនោះ បានចំរើនចិត្តយ៉ាងនោះ បានជា​បង្អោន​ទៅដើម្បី​ជាបុគ្គល​រលត់ចិត្តសង្ខារ។4) បពិត្រព្រះនាង​ជាម្ចាស់ ចុះភិក្ខុដែលចូល​សញ្ញាវេទយិតនិរោធ ពួកធម៌ណារលត់មុន កាយសង្ខារ ឬវចីសង្ខារ ឬក៏​ចិត្តសង្ខារ (រលត់មុន)។ ម្នាលអាវុសោវិសាខ ភិក្ខុដែលចូលសញ្ញាវេទយិតនិរោធនោះ វចីសង្ខារ រលត់មុន តមក ទើបកាយសង្ខារ (រលត់) តពីនោះមកទៀត ទើបចិត្តសង្ខារ (រលត់)។ បពិត្រព្រះនាង​ជាម្ចាស់ ការចេញអំពីសញ្ញាវេទយិតនិរោធសមាបត្តិមកវិញ ដោយប្រការដូចម្តេច។ ម្នាលអាវុសោវិសាខៈ ភិក្ខុដែលចេញអំពីសញ្ញាវេទយិតនិរោធ​សមាបត្តិ (នោះ) មិនមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចេញអំពី​សញ្ញាវេទយិត​និរោធសមាបត្តិ ឬថា អាត្មាអញ ចេញអំពីសញ្ញាវេទយិតនិរោធសមាបត្តិឥឡូវនេះ ឬក៏ថា អាត្មាអញ ចេញហើយ អំពី​សញ្ញាវេទយិតនិរោធសមាបត្តិ ដូច្នេះឡើយ តែថា មុននឹងចេញអំពី ​និរោធសមាបត្តិនោះ ភិក្ខុនោះ ចំរើនចិត្តយ៉ាងនេះ បានជាបង្អោន​ចិត្តទៅ ដើម្បី​ជាបុគ្គល មានចិត្តសង្ខារឡើង​វិញ។ បពិត្រព្រះនាង​ជាម្ចាស់ ចុះភិក្ខុដែល​ចេញ ​អំពីសញ្ញាវេទយិតនិរោធ ពួកធម៌ណា​កើតមុន កាយសង្ខារ ឬវចីសង្ខារ ឬក៏ចិត្តសង្ខារ (កើតមុន)។ ម្នាលអាវុសោវិសាខៈ ភិក្ខុដែល​ចេញ អំពីសញ្ញាវេទយិតនិរោធ​សមាបត្តិ (នោះ) ចិត្តសង្ខារកើតមុន តមក ទើប​កាយសង្ខារ (កើត) តអំពីនោះមកទៀត ទើបវចីសង្ខារ (កើត)។ បពិត្រព្រះនាង​ជាម្ចាស់ ភិក្ខុដែលចេញអំពី​សញ្ញាវេទយិតនិរោធ​សមាបត្តិមកវិញ មានផស្សៈ​ប៉ុន្មានពាល់ត្រូវ។ ម្នាលអាវុសោវិសាខៈ ភិក្ខុដែលចេញ អំពីសញ្ញាវេទយិតនិរោធសមាបត្តិមកវិញ មានផស្សៈ ​៣ប្រការ ពាល់ត្រូវគឺ សុញ្ញតផស្សៈ5) ១ អនិមិត្តផស្សៈ6) ១ អប្បណិហិតផស្សៈ7) ១។ បពិត្រព្រះនាង​ជាម្ចាស់ ភិក្ខុដែលចេញ​អំពីសញ្ញាវេទយិតនិរោធសមាបត្តិ ចិត្ត (លោក) បង្អោនទៅរកអ្វី ទោរទន់ទៅរកអ្វី ឈមទៅរកអ្វី។ ម្នាលអាវុសោវិសាខ ភិក្ខុដែល​ចេញ អំពីសញ្ញាវេទយិតនិរោធសមាបត្តិ ចិត្តលោក បង្អោនទៅរកវិវេក ទោរទន់​ទៅរកវិវេក ឈមទៅរកវិវេក។

[១៥១] បពិត្រព្រះនាង​ជាម្ចាស់ វេទនា តើមានប៉ុន្មាន។ ម្នាលអាវុសោវិសាខ វេទនា​មាន៣ប្រការគឺ សុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១។ បពិត្រព្រះនាង​ជាម្ចាស់ ចុះ សុខវេទនា តើដូចម្តេច ទុក្ខវេទនា ដូចម្តេច អទុក្ខមសុខវេទនា ដូចម្តេច។ ម្នាលអាវុសោវិសាខ ធម្មជាត ដែលទទួលអារម្មណ៍ជាសុខ ដ៏ឆ្ងាញ់ ប្រព្រឹត្តទៅក្នុងកាយ ឬ​ប្រព្រឹត្តទៅក្នុងចិត្ត នេះហៅថា សុខវេទនា ម្នាលអាវុសោវិសាខៈ ធម្មជាត ដែលទទួលអារម្មណ៍ជាទុក្ខ មិនឆ្ងាញ់ ប្រព្រឹត្តទៅក្នុងកាយ ឬ​ប្រព្រឹត្តទៅក្នុងចិត្ត នេះហៅថា ទុក្ខវេទនា ម្នាលអាវុសោវិសាខៈ ធម្មជាត ដែលទទួលអារម្មណ៍ ដែលឆ្ងាញ់ ក៏មិនមែន មិនឆ្ងាញ់ ក៏មិនមែន ប្រព្រឹត្តទៅក្នុងកាយ ឬ​ប្រព្រឹត្តទៅក្នុងចិត្ត នេះហៅថា អទុក្ខមសុខវេទនា។ បពិត្រព្រះនាង​ជាម្ចាស់ ចុះសុខវេទនា មានអ្វីជាសុខ មានអ្វីជាទុក្ខ។ ម្នាលអាវុសោវិសាខ សុខវេទនា មានកិរិយា​ឋិតនៅដដែលជាសុខ មានការប្រែប្រួល​ទៅវិញ ជាទុក្ខ ទុក្ខវេទនា មានកិរិយានៅជាទុក្ខ មានកិរិយាប្រែប្រួលទៅវិញជាសុខ ឯ​អទុក្ខមសុខវេទនា មានការដឹងច្បាស់ជាសុខ មានការមិនដឹងជាទុក្ខ។ បពិត្រព្រះនាង​ជាម្ចាស់ ចុះអនុស័យអ្វី ដេកសម្ងំនៅក្នុងសុខវេទនា អនុស័យអ្វី ដេកសម្ងំនៅក្នុងទុក្ខវេទនា អនុស័យអ្វី ដេកសម្ងំនៅក្នុងអទុក្ខមសុខវេទនា។ ម្នាលអាវុសោ​វិសាខៈ រាគានុស័យ ដេកសម្ងំនៅក្នុងសុខវេទនា បដិឃានុស័យ ដេកសម្ងំនៅក្នុងទុក្ខវេទនា អវិជ្ជានុស័យ ដេកសម្ងំនៅក្នុងអទុក្ខមសុខវេទនា។ បពិត្រព្រះនាង​ជាម្ចាស់ រាគានុស័យ សុទ្ធតែដេកសម្ងំនៅក្នុងសុខវេទនាទាំងអស់ បដិឃានុស័យ សុទ្ធតែដេកសម្ងំ នៅក្នុងទុក្ខវេទនាទាំងអស់ អវិជ្ជានុស័យ សុទ្ធតែដេកសម្ងំ នៅក្នុងអទុក្ខមសុខវេទនាទាំងអស់ ឬដូចម្តេច។ ម្នាលអាវុសោវិសាខ រាគានុស័យ មិនសុទ្ធតែដេកសម្ងំ នៅក្នុងសុខវេទនាទាំងអស់ទេ បដិឃានុស័យ មិន​សុទ្ធតែដេកសម្ងំ នៅខាងក្នុងទុក្ខវេទនាទាំងអស់ អវិជ្ជានុស័យ មិន​សុទ្ធតែដេកសម្ងំ នៅខាងក្នុងអទុក្ខមសុខវេទនា​ទាំងអស់ទេ។ បពិត្រព្រះនាង​ជាម្ចាស់ ចុះអ្វី ដែលបុគ្គលត្រូវលះបង់ ដោយសុខវេទនា អ្វីដែលត្រូវលះបង់ ដោយទុក្ខវេទនា អ្វី​ដែលត្រូវលះបង់ដោយអទុក្ខមសុខវេទនា។ ម្នាលអាវុសោវិសាខ រាគានុស័យ ត្រូវលះបង់ដោយសុខវេទនា បដិឃានុស័យ ត្រូវលះបង់ដោយទុក្ខវេទនា អវិជ្ជានុស័យ ត្រូវលះបង់ដោយអទុក្ខមសុខវេទនា។ បពិត្រព្រះនាង​ជាម្ចាស់ រាគានុស័យ ត្រូវលះបង់ដោយសុខវេទនាទាំងអស់ បដិឃានុស័យ ត្រូវលះបង់ដោយទុក្ខវេទនាទាំង​អស់ អវិជ្ជានុស័យ ត្រូវលះបង់ដោយអទុក្ខមសុខវេទនាទាំងអស់ឬ។ ម្នាលអាវុសោវិសាខ រាគានុស័យ មិនត្រូវលះបង់ ដោយសុខវេទនាទាំងអស់ទេ បដិឃានុស័យ មិនត្រូវលះបង់ ដោយទុក្ខវេទនាទាំង​អស់ទេ អវិជ្ជានុស័យ មិនត្រូវលះបង់ ដោយអទុក្ខមសុខវេទនា​ទាំងអស់ទេ។ ម្នាលអាវុសោវិសាខ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងប់​ស្ងាត់ ចាកកាម ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់​បឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែលកើតអំពីវិវេក លោកលះបង់រាគៈ ដោយ​បឋមជ្ឈាននោះ ឯរាគានុស័យ ដេកសម្ងំនៅក្នុងបឋមជ្ឈាន​នោះ មិនបានទេ ម្នាល​អាវុសោវិសាខៈ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ ដូច្នេះថា កាលណាហ្ន៎ អាត្មាអញ នឹងបានចូលកាន់អាយតនៈ គឺអរហត្ត ដែលពួក​ព្រះអរិយៈ តែងចូលក្នុងកាលឥឡូវនេះ កាលបើភិក្ខុតាំងនូវសេចក្តីប្រាថ្នា ចំពោះពួកវិមោក្ខដ៏​ប្រសើរ ដូច្នេះហើយ ទោមនស្សរមែងកើតឡើង ព្រោះសេចក្តី​ប្រាថ្នាជាបច្ច័យ ភិក្ខុនោះ រមែង​លះបង់នូវបដិឃៈ ដោយទោមនស្ស8) ឯបដិឃានុស័យ ក៏សម្ងំនៅក្នុងទោមនស្ស​នោះ មិនបានទេ ម្នាលអាវុសោវិសាខៈ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់សេចក្តីសុខផង លះបង់​សេចក្តី​ទុក្ខផង រំលត់សោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ក៏ចូលកាន់ចតុត្ថជ្ឈាន ដែល​ឥតសុខ ឥតទុក្ខ មានតែសតិ ដ៏បរិសុទ្ធដោយឧបេក្ខា សម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថទាំង៤ ភិក្ខុនោះ រមែង​លះបង់អវិជ្ជា ដោយចតុត្ថជ្ឈាននោះ អវិជ្ជានុស័យ ដេកសម្ងំនៅក្នុងចតុត្ថជ្ឈាន​នោះ មិនបានឡើយ។

[១៥២] បពិត្រព្រះនាង​ជាម្ចាស់ ចុះសុខវេទនា មានអ្វីជាគ្រឿងប្រៀបធៀបឲ្យ​ប្រហែលគ្នា។ ម្នាលអាវុសោវិសាខ សុខវេទនា មានរាគៈ ជាគ្រឿង​ប្រៀបធៀប។ បពិត្រព្រះនាង​ជាម្ចាស់​ ចុះទុក្ខវេទនា មានអ្វីជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខ ទុក្ខវេទនា មានបដិឃៈ ជាគ្រឿង​ប្រៀបធៀប។ បពិត្រព្រះនាង​ជាម្ចាស់​ ចុះអទុក្ខមសុខវេទនា មានអ្វីជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខៈ អទុក្ខមសុខវេទនា មានអវិជ្ជា ជាគ្រឿង​ប្រៀបធៀប។ បពិត្រព្រះនាង​ជាម្ចាស់​ ចុះអវិជ្ចា មានអ្វីជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខៈ អវិជ្ចា មានវិជ្ជា ជាគ្រឿង​ប្រៀបធៀប។ បពិត្រព្រះនាង​ជាម្ចាស់​ វិជ្ជា មានអ្វីជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខ វិជ្ជា មានវិមុត្តិ ជាគ្រឿង​ប្រៀបធៀប។ បពិត្រព្រះនាង​ជាម្ចាស់​ ចុះវិមុត្តិ មានអ្វី ជាគ្រឿង​ប្រៀបធៀប។ ម្នាលអាវុសោវិសាខៈ វិមុត្តិ មានព្រះនិព្វាន ជាគ្រឿង​ប្រៀបធៀប។ បពិត្រព្រះនាង​ជាម្ចាស់​ ចុះព្រះនិព្វាន មានអ្វី ជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខៈ អ្នកសួរជ្រុលហួសពេកហើយ អ្នកណា ក៏​មិនអាចនឹង​កាន់យក​ទីបំផុត របស់ប្រស្នាទាំងឡាយ (នេះ) បានទេ ម្នាលអាវុសោវិសាខៈ ព្រោះព្រហ្មចរិយធម៌ ឈមទៅកាន់ព្រះនិព្វាន មានព្រះនិព្វាន ជាទីប្រព្រឹត្តទៅខាងមុខ មានព្រះនិព្វានជាទី​បំផុត ម្នាលអាវុសោវិសាខៈ បើអ្នកត្រូវការ គប្បីចូលទៅគាល់ព្រះមានព្រះភាគ ក្រាបទូល​សួរសេចក្តីនេះចុះ បើព្រះមានព្រះភាគ ទ្រង់ព្យាករដល់អ្នក យ៉ាងណា ត្រូវអ្នកចាំទុកនូវ​សេចក្តីនោះ យ៉ាងនោះចុះ។

[១៥៣] លំដាប់នោះឯង វិសាខឧបាសក បានត្រេកអរ រីករាយនឹងភាសិតរបស់​ធម្មទិន្នាភិក្ខុនី ហើយក្រោកចាកអាសនៈ ថ្វាយបង្គំធម្មទិន្នាភិក្ខុនី ធ្វើប្រទក្សិណ ហើយក៏​ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានបុញ្ញរាសី ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះវិសាខឧបាសក អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាប​ទូលពាក្យ ដែលខ្លួនបានចរចា នឹងធម្មទិន្នាភិក្ខុនី ទាំងប៉ុន្មាន ចំពោះព្រះមានព្រះភាគ ដោយសព្វគ្រប់។ លុះវិសាខឧបាសក ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ នឹងវិសាខឧបាសក យ៉ាងនេះថា ម្នាលវិសាខៈ ធម្មទិន្នាភិក្ខុនី ជាបណ្ឌិត ម្នាល​វិសាខៈ ធម្មទិន្នាភិក្ខុនី ជាស្ត្រីមានប្រាជ្ញាច្រើន ម្នាលវិសាខៈ បើទុកជាអ្នកត្រឡប់​សួរ​សេចក្តី​នុ៎ះ នឹងតថាគតវិញ តថាគត ក៏ត្រូវព្យាករសេចក្តីនុ៎ះ ដូចសេចក្តីដែលនាង​ធម្មទិន្នាភិក្ខុនី ព្យាករហើយ យ៉ាងនោះដែរ សេចក្តីនៃប្រស្នានោះ យ៉ាងហ្នឹងហើយ ចូរអ្នក​ចាំទុកប្រស្នានុ៎ះ យ៉ាងនេះចុះ។ លុះព្រះមានព្រះភាគ ត្រាស់ភាសិតនេះហើយ វិសាខឧបាសក ក៏ត្រេកអរ នឹងភាសិត របស់ព្រះមានព្រះភាគ។

ចប់ ចូឡវេទល្លសូត្រ ទី៤។

 

លេខយោង

1)
បុគ្គល​ដែល​ឆ្ងាយចាកកិលេស ហៅថា អរិយៈ។
2)
បុរសដែលល្អ ដោយលោកុត្តរគុណ ហៅថា សប្បុរស ឈ្មោះទាំងពីរនេះ សំដៅយកព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះពុទ្ធសាវ័ក។ អដ្ឋកថា។
3)
ជាធម៌ដែលព្រះអរិយៈ​នៅធ្វើ នៅតាក់តែង ត្រូវតែប្រតិបត្តិ ហៅថា សង្ខតៈ។
4)
តាមសេចក្តីយល់ថា របៀបចូល​សញ្ញាវេទយិតនិរោធ​នោះ ត្រូវចូលរូបជ្ឈាន និងអរូបជ្ឈានសិន រួចទើបចូលសញ្ញាវេទយិតនិរោធ។ មុននឹង​ដល់​សញ្ញាវេទយិតនិរោធនោះ ភិក្ខុនៅមាន​គំនិតថា នឹងចូល ឬចូលយ៉ាងនេះ តែបន្ទាប់ពី​នេវសញ្ញានាសញ្ញាយតនៈទៅ ភិក្ខុនោះ មិនមានគំនិតថា នឹងចូលនិរោធនោះទេ តែដោយអំណាច ដែលបាន​ហាត់ចិត្តស្ទាត់​មក​ហើយនោះ ក៏ស្រាប់តែរអិល ដល់និរោធនោះតែម្តង។ ក្នុងនិរោធនោះសោត គ្មានចិត្ត​សង្ខារទេ គឺរលត់សញ្ញា និងវេទនាអស់ ដូចជាបុគ្គល​គ្មានចិត្ត។
5)
ដែលកើតជាមួយនឹងសុញ្ញតផលសមាបត្តិ ឈ្មោះថា សុញ្ញតផស្សៈ។
6)
ផស្សៈដែលកើតជាមួយនឹង​អនិមិត្តផលសមាបត្តិនោះ ហៅថា អនិមិត្តផស្សៈ។
7)
ផស្សៈ ដែល​កើតជាមួយនឹង​អប្បណិហិតផលសមាបត្តិនោះ ហៅថា អប្បណិហិតផស្សៈ។ អដ្ឋកថា។
8)
អដ្ឋកថា ពន្យល់ថា មិនមែនលះបង់បដិឃៈ ដោយទោមនស្សតែម្តងទេ គឺភិក្ខុដែលមានសេចក្តីប្រាថ្នា ចង់បានអរហត្តផល ហើយមិន​បានដូចប្រាថ្នា ទោមនស្សក៏កើតឡើង ម្ល៉ោះហើយ ភិក្ខុនោះ ខំប្រឹងប្រែង ធ្វើសេចក្តីព្យាយាម រហូតដល់បានរលាស់បដិឃៈចោល ដោយអនាគាមិមគ្គបាន។ ម្យ៉ាង​ទៀត ទោមនស្សនេះ ពិតជាអកុសលដោយចំណែកមួយមែនហើយ តែទោមនស្សនេះ គួរសេពគប់។
km/tipitaka/sut/mn/sut.mn.044.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann