km:tipitaka:sut:sn:05:sut.sn.05.004



វិជយាសូត្រ ទី៤

សង្ខេប

មារ៖ ម៉េច​​មិន​​ទុក​​ពេល​​ធ្វើ​​សមាធិ​​មួយ​​រយៈ ហើយ​​ចេញ​​ទៅ​​រាំ?

sn 05.004 បាលី cs-km: sut.sn.05.004 អដ្ឋកថា: sut.sn.05.004_att PTS: ?

វិជយាសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៤. វិជយាសុត្តំ)

[១០] សាវត្ថីនិទាន។ គ្រានោះ វិជយាភិក្ខុនី ស្លៀកស្បង់ ក្នុងបុព្វណ្ហសម័យ។បេ។ អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។

[១១] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ ឲ្យកើតឡើង ដល់វិជយាភិក្ខុនី។បេ។ ប្រាថ្នាឲ្យឃ្លាតចាកសមាធិ ក៏ចូលទៅរកវិជយាភិក្ខុនី លុះចូលទៅដល់ហើយ បានពោលគាថានឹងវិជយាភិក្ខុនីថា

នាងជាស្ត្រីក្រមុំ មានរូបឆោម យើងក៏កំឡោះក្មេង ម្នាលនាងម្ចាស់ នាងចូរមក យើងទាំងពីរនាក់ ចូរត្រេកអរជាមួយគ្នា ដោយតន្ត្រី ប្រកបដោយអង្គ៥។1)

[១២] លំដាប់នោះ វិជយាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស បានជាពោលគាថា។ ទើបវិជយាភិក្ខុនី មានសេចក្តីចូលចិត្ត ដូច្នេះថា នេះពិតជាមារមានចិត្តបាប។បេ។ បានជាពោលនូវគាថា។ លុះវិជយាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាបហើយ បានពោលគាថាទាំងឡាយ នឹងមារមានចិត្តបាបថា

រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ជាទីគាប់ចិត្ត យើងប្រគល់ឲ្យអ្នកទាំងអស់ ម្នាលមារ ដ្បិតយើងមិនត្រូវការ ដោយអារម្មណ៍នោះទេ យើងធុញទ្រាន់ នឿយណាយពេកណាស់ ចំពោះកាយស្អុយ ដែលបែកធ្លាយ ពុករលួយនេះ កាមតណ្ហា យើងបានដកចោលហើយ សត្វទាំងឡាយណា ដែលទៅកើតក្នុងរូបភពក្តី សត្វទាំងឡាយណា ដែលមានចំណែកក្នុងអរូបភពក្តី សមាបត្តិណាដ៏ល្អិតក្តី សេចក្តីងងឹតក្នុងភពទាំងអស់នោះ យើងកំចាត់បង់បានហើយ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា វិជយាភិក្ខុនី ស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះឯង។

 

លេខយោង

1)
អាតតំ ស្គរដែលគេដាសពាសតែម្ខាង១ វិតតំ ស្គរតូច ដែលគេដាសពាសទាំងពីរខាង មានសំភោរជាដើម១ អាតតវិតតំ ស្គរធំ ដែលគេដាសពាសទាំងពីរខាង មានស្គរជ័យជាដើម១ ឃនំ គ្រឿងតូរ្យតន្ត្រីតាន់ គ្មានប្រហោង១ សុសិរំ គ្រឿងតូរ្យតន្ត្រីមានប្រហោង១។
km/tipitaka/sut/sn/05/sut.sn.05.004.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann