km:tipitaka:sut:sn:35:sut.sn.35.093



(ទុតិយទ្វយ)សូត្រ ទី១០

សង្ខេប

«វិញ្ញាណ​អាស្រ័យ​អារម្មណ៍​ជា​គូៗ ទើប​កើត​បាន តើ​ដូច​ម្តេច​ខ្លះ?»

sn 35.093 បាលី cs-km: sut.sn.35.093 អដ្ឋកថា: sut.sn.35.093_att PTS: ?

(ទុតិយទ្វយ)សូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ ខេមានន្ទ

(១០. ទុតិយទ្វយសុត្តំ)

[១២២] ម្នាលភិក្ខុទាំងឡាយ វិញ្ញាណអាស្រ័យអារម្មណ៍ជាគូៗ ទើបកើតបាន។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណអាស្រ័យអារម្មណ៍ជាគូៗ ទើបកើតបាន តើដូចម្តេចខ្លះ។ គឺ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ចក្ខុមិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ រូបមិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ កាលបើយ៉ាងនេះ ធម្មជាតជាគូៗនុ៎ះ ជាវត្ថុញាប់ញ័រផង ឈឺចាប់ផង មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ ចក្ខុវិញ្ញាណ មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។ ទុកជាហេតុណា បច្ច័យណា នាំឲ្យកើតចក្ខុវិញ្ញាណ ហេតុនោះ បច្ច័យនោះ ក៏មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។ ម្នាលភិក្ខុទាំងឡាយ គួរចាប់ភ្លឹកថា ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យបច្ច័យ ដែលមិនទៀងទៅហើយ តើនឹងបាន ទៀងទាត់មកពីណា។ ម្នាលភិក្ខុទាំងឡាយ ការជួបជុំ សន្និបាត សមាគម នៃធម៌ទាំង ៣ នេះ ម្នាលភិក្ខុទាំងឡាយ នេះហៅថាចក្ខុសម្ផ័ស្ស។

[១២៣] សូម្បីចក្ខុសម្ផ័ស្ស ក៏មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។ ទុកជាហេតុណា បច្ច័យណា ដែលនាំឲ្យកើតចក្ខុសម្ផ័ស្ស ហេតុនោះ បច្ច័យនោះ ក៏មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។ ម្នាលភិក្ខុទាំងឡាយ គួរកត់សំគាល់ថា ចក្ខុសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យបច្ច័យ មិនទៀងទៅហើយ តើនឹងបានទៀងទាត់មកពីណា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលអារម្មណ៍ពាល់ត្រូវហើយ រមែងដឹងច្បាស់ ដែលអារម្មណ៍ពាល់ត្រូវហើយ រមែងគិត ដែលអារម្មណ៍ពាល់ត្រូវហើយ រមែងចាំបាន កាលបើយ៉ាងនេះ ធម៌ទាំងនោះឯង ជាវត្ថុញាប់ញ័រផង ឈឺចាប់ផង មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។បេ។ ជិវ្ហាវិញ្ញាណកើតឡើង ព្រោះអាស្រ័យជិវ្ហា និងរស ជិវ្ហាមិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ រសក៏មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ កាលបើយ៉ាងនេះ ធម្មជាតជាគូៗនុ៎ះ ជាវត្ថុញាប់ញ័រផង ឈឺចាប់ផង មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ ជិវ្ហាវិញ្ញាណ មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។ ទុកជាហេតុណា បច្ច័យណា ដែលនាំឲ្យកើតជិវ្ហាវិញ្ញាណ ហេតុនោះ បច្ច័យនោះ ក៏មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។ ម្នាលភិក្ខុទាំងឡាយ គួរឲ្យយល់ថា ជិវ្ហាវិញ្ញាណកើតឡើង ព្រោះអាស្រ័យបច្ច័យ មិនទៀងទៅហើយ តើនឹងបានទៀងទាត់មកពីណា។ ម្នាលភិក្ខុទាំងឡាយ ការជួបជុំ សន្និបាត សមាគម នៃធម៌ទាំង ៣ នេះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ជិវ្ហាសម្ផ័ស្ស។

[១២៤] ជិវ្ហាសម្ផ័ស្ស មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។ ទុកជា ហេតុណា បច្ច័យណា ដែលនាំឲ្យកើតជិវ្ហាសម្ផ័ស្ស ហេតុនោះ បច្ច័យនោះ ក៏មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗដែរ។ ម្នាលភិក្ខុទាំងឡាយ គួរចាំទុកថា ជិវ្ហាសម្ផ័ស្ស កើតឡើង ព្រោះអាស្រ័យបច្ច័យ មិនទៀងទៅហើយ តើនឹងបានទៀងទាត់ មកពីណា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលអារម្មណ៍ពាល់ត្រូវហើយ រមែងដឹងច្បាស់ ដែលអារម្មណ៍ពាល់ត្រូវហើយ រមែងគិត ដែលអារម្មណ៍ពាល់ត្រូវហើយ រមែងចាំបាន កាលបើយ៉ាងនេះ ធម៌ទាំងនោះឯង ជាវត្ថុញាប់ញ័រផង ឈឺចាប់ផង មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។បេ។ មនោវិញ្ញាណ កើតឡើង ព្រោះអាស្រ័យមនោ និងធម៌ មនោមិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ ធម៌មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ កាលបើយ៉ានេះ ធម្មជាតជាគូៗ នុ៎ះ ជាវត្ថុញាប់ញ័រផង ឈឺចាប់ផង មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ មនោវិញ្ញាណមិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ។ ទុកជាហេតុណា បច្ច័យណា ដែលនាំឲ្យកើតមនោវិញ្ញាណ ហេតុនោះ បច្ច័យនោះ ក៏មិនទៀង មានសេចក្តី ប្រែប្រួល មានវិបត្តិផ្សេងៗដែរ។ ម្នាលភិក្ខុទាំងឡាយ គួរចូលចិត្តថា មនោវិញ្ញាណ កើតឡើង ព្រោះអាស្រ័យបច្ច័យ មិនទៀងទៅហើយ តើនឹងបានទៀងទាត់មកពីណា។ ម្នាលភិក្ខុទាំងឡាយ ការជួបជុំ សន្និបាត សមាគម នៃធម៌ទាំង ៣ នេះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មនោសម្ផ័ស្ស។

[១២៥] មនោសម្ផ័ស្សមិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សែងៗ។ ទុកជាហេតុណា បច្ច័យណា ដែលនាំឲ្យកើតមនោសម្ផ័ស្ស ហេតុនោះ បច្ច័យនោះ ក៏មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗដែរ។ ម្នាលភិក្ខុទាំងឡាយ ត្រូវសង្កេតថា បើមនោសម្ផ័ស្ស កើតឡើង ព្រោះអាស្រ័យបច្ច័យ មិនទៀងទៅហើយ តើនឹងបានទៀងទាត់ មកពីណា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលអារម្មណ៍ពាល់ត្រូវហើយ រមែងដឹងច្បាស់ ដែលអារម្មណ៍ពាល់ត្រូវហើយ រមែងគិត ដែលអារម្មណ៍ពាល់ត្រូវហើយ រមែងចាំបាន កាលបើយ៉ាងនេះ ធម៌ទាំងនោះឯង ជាវត្ថុញាប់ញ័រផង ឈឺចាប់ផង មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗដែរ។ ម្នាលភិក្ខុទាំងឡាយ មនោវិញ្ញាណ អាស្រ័យអារម្មណ៍ ជាគូៗ ទើបកើតបាន យ៉ាងនេះឯង។

ចប់សូត្រ ទី១០។

ចប់ ឆន្នវគ្គ ទី៤។

ឧទ្ទាននៃឆន្នវគ្គនោះ គឺ

និយាយអំពីលោកបែកធ្លាយ ១ លោកសូន្យ ១ ធម៌សង្ខេប ១ ឆន្នត្ថេរ ១ បុណ្ណត្ថេរ ១ ពាហិយត្ថេរ ១ តណ្ហា ជាគ្រឿងញាប់ញ័រ មាន ២ លើក ធម្មជាតជាគូៗ មាន ២ លើក។

 

លេខយោង

km/tipitaka/sut/sn/35/sut.sn.35.093.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann