km:tipitaka:sut:sn:48:sut.sn.48.010



(ទុតិយវិភង្គសូត្រ ទី១០)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 48.010 បាលី cs-km: sut.sn.48.010 អដ្ឋកថា: sut.sn.48.010_att PTS: ?

(ទុតិយវិភង្គសូត្រ ទី១០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. ទុតិយវិភង្គសុត្តំ)

[១៨៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។

[១៨៨] ម្នាលភិក្ខុទាំងឡាយ ចុះសទ្ធិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានសទ្ធា ជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់ នូវត្រៃលោក ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាសើ្ម ទូន្មាននូវបុរស ដែលគួរ ទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹង នូវអរិយសច្ចធម៌ លែងវិលមកកាន់ភពថ្មីទៀត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធិន្ទ្រិយ។

[១៨៩] ម្នាលភិក្ខុទាំងឡាយ ចុះវិរិយិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រារព្ធព្យាយាម ដើម្បីលះបង់ពួកអកុសលធម៌ ដើម្បីញុំាងពួកកុសលធម៌ ឲ្យបរិបូណ៌ មានសេចក្តីប្រឹងប្រែង មានសេចក្តីខ្នះខ្នែងមាំ មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ។ អរិយសាវកនោះ ញុំាងឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីញុំាងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន។ ញុំាងឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយ។ ញុំាងឆន្ទៈ ឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលមិនទាន់ កើតឡើង ឲ្យកើតឡើងបាន។ ញុំាងឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ឲ្យដល់ព្រម មិនឲ្យវិនាស ឲ្យចំរើនធំទូលាយ ពេញបរិបូណ៌ក្រៃលែង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិរិយិន្ទ្រិយ។

[១៩០] ម្នាលភិក្ខុទាំងឡាយ ចុះសតិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានស្មារតី ប្រកបដោយបញ្ញាចាស់ក្លា ដ៏ប្រសើរ រឭកបាន ចាំបាននូវកិច្ច ដែលខ្លួនធ្វើយូរមកហើយ និងសំដី ដែលខ្លួននិយាយយូរមកហើយ។ អរិយសាវកនោះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិន្ទ្រិយ។

[១៩១] ម្នាលភិក្ខុទាំងឡាយ ចុះសមាធិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ធ្វើនូវព្រះនិព្វានជាអារម្មណ៍ បាននូវសមាធិ បាននូវឯកគ្គតាចិត្ត។ អរិយសាវកនោះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ព្រោះរម្ងាប់វិតក្កៈ វិចារៈ រួចក៏ចូលកាន់ទុតិយជ្ឈាន ដែលកើតមានក្នុងសន្តាន ជាទីផូរផង់ មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ ព្រោះ ប្រាសចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិសម្បជញ្ញៈផង រមែងសោយសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏ចូលកាន់តតិយជ្ឈាននោះ ព្រោះលះបង់ នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្ស ក្នុងកាលមុនអស់ទៅផង ក៏ចូលកាន់ចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍ មិនមែនជាទុក្ខ មិនមែនជាសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមាធិន្ទ្រិយ។

[ ១៩២] ម្នាលភិក្ខុទាំងឡាយ ចុះបញ្ញិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដ៏ប្រសើរ ជាគ្រឿងកំណត់ នូវសេចក្តីកើត និងរលត់ ប្រព្រឹត្តទៅ ដើម្បីទំលុះទំលាយ ប្រព្រឹត្តទៅ ដើម្បីដល់នូវកិរិយាអស់ទៅ នៃទុក្ខដោយប្រពៃ។ អរិយសាវកនោះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុ ជាទីកើតឡើងនៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជាសេចក្តីរលត់នៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាហេតុឲ្យដល់នូវសេចក្តីរលត់នៃទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បញ្ញិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ មាន ៥ ប្រការ ដូច្នេះឯង។

ចប់ សុទ្ធិកវគ្គទី ១។

ឧទ្ទាននៃសុទ្ធិកវគ្គនោះគឺ

ពោលអំពីឥន្ទ្រិយសុទ្ធ ១ អំពីព្រះសោតាបន្ន មានពីរលើក អំពីព្រះអរហន្តដទៃទៀត មានពីរលើក អំពីសមណព្រាហ្មណ៍ ១ អំពីឥន្ទ្រិយ ដែលបណ្ឌិតគប្បីយល់ឃើញ ក្នុងអង្គ នៃសោតាបត្តិមគ្គ ជាដើម ១ អំពីការចែកឥន្ទ្រិយ មានពីរលើកដទៃទៀត។

 

លេខយោង

km/tipitaka/sut/sn/48/sut.sn.48.010.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann