User Tools

Site Tools


Translations of this page?:
km:tipitaka:vin:cv:vin.cv.03.02

(បរិវាស ទី២)

សង្ខេប

(?)

vin cv 03 02 បាលី cs-km: vin.cv.03.02 អដ្ឋកថា: vin.cv.03.02_att PTS: ?

(បរិវាស ទី២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

(២. បរិវាសោ)

(អគ្ឃសមោធានបរិវាស)

(អគ្ឃសមោធានបរិវាសោ)

[៤៤០] សម័យនោះឯង ភិក្ខុ១រូប ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ អាបត្តិ១ បិទបាំងទុក២ថ្ងៃ អាបត្តិ១ បិទបាំងទុក៣ថ្ងៃ អាបត្តិ១ បិទបាំងទុក៤ថ្ងៃ អាបត្តិ១ បិទបាំងទុក៥ថ្ងៃ អាបត្តិ១ បិទបាំងទុក៦ថ្ងៃ អាបត្តិ១ បិទបាំងទុក៧ថ្ងៃ អាបត្តិ១ បិទបាំងទុក៨ថ្ងៃ អាបត្តិ១ បិទបាំងទុក៩ថ្ងៃ អាបត្តិ១ បិទបាំងទុក១០ថ្ងៃ។ ភិក្ខុនោះ បានប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១ បិទបាំងទុក១០ថ្ងៃ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលភិក្ខុនោះបិទបាំងទុក១០ថ្ងៃ សង្ឃចូរឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ តាមដម្លៃ1) អាបត្តិនោះ។

[៤៤១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទាពួកភិក្ខុចាស់ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំបានត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១ បិទបាំងទុក១០ថ្ងៃ បពិត្រព្រះសង្ឃដ៏ចំរើន បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំងទុក១០ថ្ងៃ ខ្ញុំសូមសមោធានបរិវាស នឹងសង្ឃ តាមដម្លៃអាបត្តិនោះ។ ភិក្ខុនោះ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។

[៤៤២] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១ បិទបាំងទុក១០ថ្ងៃ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំងទុក១០ថ្ងៃ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ តាមដម្លៃអាបត្តិនោះ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំងទុក១០ថ្ងៃ សង្ឃត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ តាមដម្លៃអាបត្តិនោះចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១ បិទបាំងទុក១០ថ្ងៃ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំងទុក១០ថ្ងៃ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ តាមដម្លៃអាបត្តិនោះ។ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំងទុក១០ថ្ងៃ សង្ឃឲ្យសមោធានបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ តាមដម្លៃអាបត្តិនោះ។ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំងទុក១០ថ្ងៃ ការឲ្យសមោធានបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ តាមដម្លៃអាបត្តិនោះ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំងទុក១០ថ្ងៃ សង្ឃបានឲ្យសមោធានបរិវាស ដល់ភិក្ខុ ឈ្មោះដូច្នេះ តាមដម្លៃអាបត្តិនោះហើយ ការឲ្យសមោធានបរិវាសនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។

(សព្ពចិរប្បដិច្ឆន្នអគ្ឃសមោធានៈ)

(សព្ពចិរប្បដិច្ឆន្នអគ្ឃសមោធានំ)

[៤៤៣] សម័យនោះឯង ភិក្ខុ១រូប ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ អាបត្តិ២ បិទបាំងទុក២ថ្ងៃ អាបត្តិ៣ បិទបាំងទុក៣ថ្ងៃ អាបត្តិ៤ បិទបាំងទុក៤ថ្ងៃ អាបត្តិ៥ បិទបាំងទុក៥ថ្ងៃ អាបត្តិ៦ បិទបាំងទុក៦ថ្ងៃ អាបត្តិ៧ បិទបាំងទុក៧ថ្ងៃ អាបត្តិ៨ បិទបាំងទុក៨ថ្ងៃ អាបត្តិ៩ បិទបាំងទុក៩ថ្ងៃ អាបត្តិ១០ បិទបាំងទុក១០ថ្ងៃ។ ភិក្ខុនោះ បានប្រាប់ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១០ បិទបាំងទុក១០ថ្ងៃ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលបិទបាំងទុកយូរជាងអាបត្តិទាំងអស់ សង្ឃចូរឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ តាមដម្លៃអាបត្តិទាំងនោះចុះ។

[៤៤៤] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង។បេ។ រួចពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១០ បិទបាំងទុក១០ថ្ងៃ បពិត្រព្រះសង្ឃដ៏ចំរើន បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលខ្ញុំបិទបាំងទុកយូរជាងអាបត្តិទាំងអស់ ខ្ញុំសូមសមោធានបរិវាស នឹងសង្ឃ តាមដម្លៃអាបត្តិទាំងនោះ។ ភិក្ខុនោះ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។

[៤៤៥] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១០ បិទបាំងទុក១០ថ្ងៃ បណ្តាអាបត្តិទាំងនោះ អាបត្តិទាំងឡាយឯណា ដែលបិទបាំងទុកយូរជាងអាបត្តិទាំងអស់ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ តាមដម្លៃអាបត្តិទាំងនោះ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ បណ្តាអាបត្តិទាំងនោះ អាបត្តិណា ដែលភិក្ខុនោះបិទបាំងទុកយូរជាងអាបត្តិទាំងអស់ សង្ឃត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ តាមដម្លៃអាបត្តិទាំងនោះចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន អាបត្តិ១ បិទបាំងទុក១ថ្ងៃ។បេ។ អាបត្តិ១០ បិទបាំងទុក១០ថ្ងៃ បណ្តាអាបត្តិទាំងនោះ ពួកអាបត្តិណា ដែលភិក្ខុនោះបិទបាំងទុកយូរជាងអាបត្តិទាំងអស់ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ តាមដម្លៃអាបត្តិទាំងនោះ។ បណ្តាអាបត្តិទាំងនោះ ពួកអាបត្តិណា ដែលភិក្ខុនោះបិទបាំងទុកយូរជាងអាបត្តិទាំងអស់ សង្ឃឲ្យសមោធានបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ តាមដម្លៃអាបត្តិទាំងនោះ។ បណ្តាអាបត្តិទាំងនោះ ពួកអាបត្តិណា ដែលភិក្ខុនោះបិទបាំងទុកយូរជាងអាបត្តិទាំងអស់ ការឲ្យសមោធានបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ តាមដម្លៃអាបត្តិទាំងនោះ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ បណ្តាអាបត្តិទាំងនោះ ពួកអាបត្តិណា ដែលភិក្ខុនោះ បិទបាំងទុកយូរជាងអាបត្តិទាំងអស់ សង្ឃបានឲ្យសមោធានបរិវាស ដល់ភិក្ខុ ឈ្មោះដូច្នេះ តាមដម្លៃអាបត្តិទាំងនោះ ការឲ្យសមោធានបរិវាសនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។

(ទ្វេមាសបរិវាស)

(ទ្វេមាសបរិវាសោ)

[៤៤៦] សម័យនោះឯង ភិក្ខុ១រូបត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស (បរិវាស២ខែ) នឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ ហើយអាត្មាអញ ក៏បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់អាត្មាអញ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែហើយ កាលបើអាត្មាអញ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ប្រាប់ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ ខ្ញុំនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែហើយ ខ្ញុំនោះ ក៏បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ កាលដែលខ្ញុំនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ ខ្ញុំនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ កាលខ្ញុំនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែចុះ។

[៤៤៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង។បេ។ រួចពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ ខ្ញុំនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ ខ្ញុំនោះ ក៏បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ កាលដែលខ្ញុំនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ ខ្ញុំនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ ខ្ញុំក៏បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ខ្ញុំ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ កាលដែលខ្ញុំកំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។

[៤៤៨] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ កាលដែលភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ អាត្មាអញ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់អាត្មាអញ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ កាលដែលអាត្មាអញ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវឲ្យទ្វេមាសបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃា២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ ឥឡូវ ភិក្ខុនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ កាលដែលភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ អាត្មាអញ ក៏បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់អាត្មាអញ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ កាលដែលអាត្មាអញ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ឥឡូវ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ការឲ្យទ្វេមាសបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ សង្ឃបានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែហើយ ការឲ្យនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ព្រោះអាស្រ័យអាបត្តិនោះ។

(ទ្វេ មាសា បរិវសិតព្ពវិធិ)

(ទ្វេ មាសា បរិវសិតព្ពវិធិ)

[៤៤៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ កាលដែលភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ ក៏បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ កាលដែលអាត្មាអញនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ព្រោះអាស្រ័យអាបត្តិនោះ។

[៤៥០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ (ភិក្ខុនោះ) ដឹងអាបត្តិ១ មិនដឹងអាបត្តិ១។ ភិក្ខុនោះដឹងអាបត្តិណា ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែដឹងអាបត្តិ១ទៀត។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែបានដឹងអាបត្តិ១ មិនបានដឹងអាបត្តិ១ អាត្មាអញនោះ ដឹងអាបត្តិណា ក៏បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែហើយ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ស្រាប់តែដឹងអាបត្តិ១ទៀត បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ព្រោះអាស្រ័យអាបត្តិនោះ។

[៤៥១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ (ភិក្ខុនោះ) រលឹកបានតែអាបត្តិ១ អាបត្តិ១ទៀត រលឹកមិនបាន។ ភិក្ខុនោះ រលឹកបានអាបត្តិណា ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែរលឹកឃើញអាបត្តិ១ទៀត។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញ រលឹកបានតែអាបត្តិ១ អាបត្តិ១ទៀត រលឹកមិនបាន អាត្មាអញនោះ រលឹកបានអាបត្តិណា ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិនោះ បិទបាំងទុក២ខែ។ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ស្រាប់តែរលឹកឃើញអាបត្តិ១ទៀត បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ព្រោះអាស្រ័យអាបត្តិនោះ។

[៤៥២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាបត្តិ១ឥតមានសង្ស័យទេ សង្ស័យតែក្នុងអាបត្តិ១។ ភិក្ខុនោះ ឥតមានសង្ស័យក្នុងអាបត្តិណា ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែអស់សេចក្តីសង្ស័យ ក្នុងអាបត្តិ១ទៀត។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាបត្តិ១ ឥតមានសង្ស័យទេ សង្ស័យតែក្នុងអាបត្តិ១ អាត្មាអញ ឥតមានសេចក្តីសង្ស័យ ក្នុងអាបត្តិណា ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ស្រាប់តែអស់សេចក្តីសង្ស័យ ក្នុងអាបត្តិ១ទៀត បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ព្រោះអាស្រ័យអាបត្តិនោះ។

[៤៥៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាបត្តិ១ ភិក្ខុដឹងហើយ បិទបាំងទុក អាបត្តិ១ ភិក្ខុមិនដឹង ហើយបិទបាំងទុក។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត វាងវៃ មានប្រាជ្ញា មានសេចក្តីខ្មាសបាប ជាអ្នកមានសេចក្តីរអែង និងមានសេចក្តីប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុនោះ ក៏សួរយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិអ្វី នៅបរិវាស ចំពោះអាបត្តិអ្វី។ ពួកភិក្ខុនោះ ពោលយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែអាបត្តិ១ ភិក្ខុនោះដឹង ហើយបិទបាំងទុក អាបត្តិ១ ភិក្ខុនោះ មិនដឹង ហើយបិទបាំងទុក ភិក្ខុនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិទាំងនោះ ឥឡូវ ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ ពោលយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិណា ដែលភិក្ខុនោះដឹង ហើយបិទបាំងទុក ការឲ្យបរិវាស ចំពោះអាបត្តិនោះ ឈ្មោះថាប្រកបដោយធម៌ ដុះឡើងតាមសភាវធម៌ ម្នាលអាវុសោ ម្យ៉ាងទៀត អាបត្តិណា ដែលភិក្ខុមិនដឹង ហើយបិទបាំងទុក ការឲ្យបរិវាស ចំពោះអាបត្តិនោះ ឈ្មោះថា មិនប្រកបដោយធម៌ មិនបានដុះឡើង ព្រោះមិនត្រូវតាមសភាវធម៌ ម្នាលអាវុសោ ភិក្ខុគួរដល់មានត្ត ចំពោះអាបត្តិនេះឯង។

[៤៥៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាបត្តិ១ ភិក្ខុរលឹកបាន ហើយបិទបាំងទុក អាបត្តិ១ ភិក្ខុរលឹកមិនបាន ហើយបិទបាំងទុក។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត វាងវៃ មានប្រាជ្ញា ជាអ្នកមានសេចក្តីខ្មាសបាប ជាអ្នកមានសេចក្តីរអែង និងមានសេចក្តីប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុនោះ សួរយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិអ្វី ភិក្ខុនោះ នៅបរិវាស ចំពោះអាបត្តិអ្វី។ ពួកភិក្ខុនោះ ពោលយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាបត្តិ១ ភិក្ខុនោះរលឹកបាន ហើយបិទបាំងទុក អាបត្តិ១ ភិក្ខុនោះ រលឹកមិនបាន ហើយបិទបាំងទុក ភិក្ខុនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិទាំងនោះ ឥឡូវ ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ ពោលយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិណា ដែលភិក្ខុរលឹកបាន ហើយបិទបាំងទុក ការឲ្យបរិវាស ចំពោះអាបត្តិនោះ ឈ្មោះថា ប្រកបដោយធម៌ ដុះឡើងតាមសភាវធម៌ ម្នាលអាវុសោ ម្យ៉ាងទៀត អាបត្តិណា ដែលភិក្ខុរលឹកមិនបាន ហើយបិទបាំងទុក ការឲ្យបរិវាស ចំពោះអាបត្តិនោះ ឈ្មោះថា មិនប្រកបដោយធម៌ មិនដុះឡើង ព្រោះមិនត្រូវតាមសភាវធម៌ ម្នាលអាវុសោ ភិក្ខុគួរដល់មានត្ត ចំពោះអាបត្តិនេះឯង។

[៤៥៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាបត្តិ១ ភិក្ខុឥតមានសេចក្តីសង្ស័យ បិទបាំងទុក អាបត្តិ១ ភិក្ខុមានសេចក្តីសង្ស័យ ហើយបិទបាំងទុក។ ឥឡូវ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត វាងវៃ មានប្រាជ្ញា ជាអ្នកមានសេចក្តីខ្មាសបាប ជាអ្នកមានសេចក្តីរអែង និងមានសេចក្តីប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុនោះ សួរយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិអ្វី ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិអ្វី។ ពួកភិក្ខុនោះ ពោលយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាបត្តិ១ ភិក្ខុនោះ ឥតមានសេចក្តីសង្ស័យ ហើយបិទបាំងទុក អាបត្តិ១ ភិក្ខុនោះ មានសេចក្តីសង្ស័យ ហើយបិទបាំងទុក ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ ដែលបិទបាំងទុក២ខែ ម្នាលអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិទាំងនោះ ឥឡូវ ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ ពោលយ៉ាងនេះថា ម្នាលអាវុសោ អាបត្តិណា ដែលភិក្ខុគ្មានសេចក្តីសង្ស័យ ហើយបិទបាំងទុក ការឲ្យបរិវាស ចំពោះអាបត្តិនោះ ឈ្មោះថា ប្រកបដោយធម៌ ដុះឡើងតាមសភាវធម៌ ម្នាលអាវុសោ ម្យ៉ាងទៀត អាបត្តិណា ដែលភិក្ខុមានសេចក្តីសង្ស័យ ហើយបិទបាំងទុក ការឲ្យបរិវាស ចំពោះអាបត្តិនោះ ឈ្មោះថា មិនប្រកបដោយធម៌ មិនបានដុះឡើង ព្រោះមិនត្រូវតាមសភាវធម៌ ម្នាលអាវុសោ ភិក្ខុគួរដល់មានត្ត ចំពោះអាបត្តិនេះឯង។

[៤៥៦] សម័យនោះ ភិក្ខុ១រូបត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាស (បរិវាស១ខែ) នឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ កាលអាត្មាអញនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ បានប្រាប់ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ ខ្ញុំនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ ខ្ញុំនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ ខ្ញុំនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ ខ្ញុំនោះ បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ កាលខ្ញុំនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៅ។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែចុះ។

[៤៥៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឲ្យភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ ខ្ញុំនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ ខ្ញុំនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ កាលខ្ញុំនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ ខ្ញុំនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ កាលខ្ញុំនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមមាសបរិវាស១ទៀត នឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ បពិត្រព្រះសង្ឃដ៏ចំរើន ឥឡូវ ខ្ញុំនោះ សូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។

[៤៥៨] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់អាត្មាអញ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ កាលអាត្មាអញនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមមាសបរិវាស១ទៀត នឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ឥឡូវ ភិក្ខុនោះ មកសូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃា២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់អាត្មាអញ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ កាលអាត្មាអញ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមមាសបរិវាស១ទៀត នឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ឥឡូវ ភិក្ខុនោះ មកសូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ឥឡូវ សង្ឃឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កិរិយាឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គួរស្ងៀម មិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ សង្ឃបានឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែហើយ (ការឲ្យមាសបរិវាសនោះ) គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ដោយរាប់យកខែខាងដើមផង។

[៤៥៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ បានត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ គួរតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យឯកមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស មានសេចក្តីខ្មាសបាប ចុះស៊ុប (ក្នុងចិត្ត)ថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ អាត្មាអញនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ គួរតែអាត្មាអញ សូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ ក៏បានសូមឯកមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យឯកមាសបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ កាលអាត្មាអញនោះ កំពុងនៅបរិវាស សេចក្តីខ្មាសបាប ក៏ចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ គួរតែអាត្មាអញ សូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ដោយរាប់យកខែខាងដើមផង។

[៤៦០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែភិក្ខុនោះ ដឹង១ខែ មិនដឹង១ខែ។ ភិក្ខុនោះដឹងខែណា ក៏សូមបរិវាសខែនោះ នឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះដឹងខែណា សង្ឃក៏ឲ្យបរិវាសខែនោះ ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែដឹង១ខែទៀត។ ភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែថា បានដឹង១ខែ មិនបានដឹង១ខែ អាត្មាអញនោះ បានដឹងខែណា ក៏សូមបរិវាស១ខែនោះនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញ បានដឹងខែណា សង្ឃបានឲ្យបរិវាស១ខែនោះ ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ស្រាប់តែដឹងខែ១ទៀត បើដូច្នោះ គួរតែអាត្មាអញ សូមមាសបរិវាស១ខែទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមមាសបរិវាស១ទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យមាសបរិវាស១ទៀត ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ដោយរាប់យកខែខាងដើមផង។

[៤៦១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែរលឹកឃើញ១ខែ រលឹកមិនឃើញ១ខែ។ ភិក្ខុនោះរលឹកឃើញខែណា ក៏សូមបរិវាស១ខែនោះ នឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុរលឹកឃើញខែណា សង្ឃក៏ឲ្យបរិវាស១ខែនោះ ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែរលឹកឃើញ១ខែទៀត។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែបានរលឹកឃើញ១ខែ រលឹកមិនឃើញ១ខែ អាត្មាអញនោះ រលឹកឃើញខែណា ក៏សូមបរិវាស១ខែនោះនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញ រលឹកឃើញខែណា សង្ឃក៏បានឲ្យបរិវាស១ខែនោះ ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ស្រាប់តែរលឹកឃើញខែ១ទៀត បើដូច្នោះ គួរតែអាត្មាអញ សូមបរិវាស១ខែទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមបរិវាស១ខែទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យបរិវាស១ខែទៀត ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ដោយរាប់យកខែខាងដើមផង។

[៤៦២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែឥតមានសេចក្តីសង្ស័យ១ខែ មានសេចក្តីសង្ស័យ១ខែ។ ភិក្ខុនោះ ឥតមានសេចក្តីសង្ស័យខែណា ក៏សូមបរិវាស១ខែនោះ នឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ឥតមានសេចក្តីសង្ស័យខែណា សង្ឃក៏ឲ្យបរិវាស១ខែនោះ ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែអស់សេចក្តីសង្ស័យក្នុងខែ១ទៀត។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំង ទុក២ខែ តែឥតមានសេចក្តីសង្ស័យ១ខែ មានសេចក្តីសង្ស័យ១ខែ អាត្មាអញនោះ ឥតមានសេចក្តីសង្ស័យខែណា ក៏សូមបរិវាស១ខែនោះនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញ ឥតមានសេចក្តីសង្ស័យខែណា សង្ឃក៏ឲ្យបរិវាស១ខែនោះ ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ស្រាប់តែអស់សេចក្តីសង្ស័យក្នុងខែ១ទៀត បើដូច្នោះ គួរតែអាត្មាអញ សូមបរិវាស១ខែទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏សូមបរិវាស១ខែទៀតនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យបរិវាស១ខែទៀត ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ដោយរាប់យកខែខាងដើមផង។

[៤៦៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែខែ១ ភិក្ខុដឹងហើយ បិទបាំងទុក ខែ១ទៀត ភិក្ខុមិនដឹង ហើយបិទបាំងទុក។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តីខ្មាសបាប មានសេចក្តីរអែង មានការប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុនោះសួរយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិអ្វី ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិអ្វី។ ភិក្ខុទាំងនោះ ឆ្លើយយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែខែ១ ភិក្ខុនោះដឹងហើយបិទបាំងទុក ខែ១ទៀត ភិក្ខុនោះ មិនដឹង ហើយបិទបាំងទុក ភិក្ខុនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិទាំងនោះ ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិទាំងនោះ។ ភិក្ខុជាបណ្ឌិតនោះ ក៏ពោលយ៉ាងនេះថា នែអាវុសោ ខែណា ដែលភិក្ខុដឹង ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថាប្រកបដោយធម៌ ក៏ដុះឡើងតាមសភាវធម៌ នែអាវុសោ ម្យ៉ាងទៀត ខែណា ដែលភិក្ខុមិនដឹង ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថា មិនប្រកបដោយធម៌ មិនដុះឡើង ព្រោះមិនត្រូវតាមសភាវធម៌ នែអាវុសោ ភិក្ខុគួរដល់មានត្ត តែ១ខែនេះឯង។

[៤៦៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែខែ១ ភិក្ខុនោះរលឹកឃើញ ហើយបិទបាំងទុក ខែ១ទៀត ភិក្ខុនោះ រលឹកមិនឃើញ ហើយបិទបាំងទុក។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តីខ្មាសបាប មានសេចក្តីរអែង មានការប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុជាបណ្ឌិតនោះ ក៏សួរយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិអ្វី ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិអ្វី។ ភិក្ខុទាំងនោះ ឆ្លើយយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែខែ១ ភិក្ខុនោះរលឹកឃើញ ហើយបិទបាំងទុក ខែ១ទៀត ភិក្ខុនោះ រលឹកមិនឃើញ ហើយបិទបាំងទុក ភិក្ខុនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិទាំងនោះ ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិទាំងនោះ។ ភិក្ខុជាបណ្ឌិតនោះ ក៏ពោលយ៉ាងនេះថា នែអាវុសោ ខែណា ដែលភិក្ខុរលឹកឃើញ ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថាប្រកបដោយធម៌ ក៏ដុះឡើងតាមសភាវធម៌ នែអាវុសោ ម្យ៉ាងទៀត ខែណា ដែលភិក្ខុនោះ រលឹកមិនឃើញ ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថា មិនប្រកបដោយធម៌ មិនបានដុះឡើង ព្រោះមិនត្រូវតាមសភាវធម៌ នែអាវុសោ ភិក្ខុគួរដល់មានត្ត តែ១ខែនេះឯង។

[៤៦៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែខែ១ ភិក្ខុនោះ ឥតមានសេចក្តីសង្ស័យ ហើយបិទបាំងទុក ខែ១ទៀត ភិក្ខុនោះ មានសេចក្តីសង្ស័យ ហើយបិទបាំងទុក។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តីខ្មាសបាប មានសេចក្តីរអែង និងមានការប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុជាបណ្ឌិតនោះ ក៏សួរយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិអ្វី ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិអ្វី។ ភិក្ខុទាំងនោះ ក៏ឆ្លើយយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែខែ១ ភិក្ខុនោះ ឥតមានសេចក្តីសង្ស័យ ហើយបិទបាំងទុក ខែ១ទៀត ភិក្ខុនោះ មានសេចក្តីសង្ស័យ ហើយបិទបាំងទុក ភិក្ខុនោះ បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិទាំងនោះ ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិទាំងនោះ។ ភិក្ខុជាបណ្ឌិតនោះ ក៏ពោលយ៉ាងនេះថា នែអាវុសោ ខែណា ដែលភិក្ខុនោះ ឥតមានសេចក្តីសង្ស័យ ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថា ប្រកបដោយធម៌ ក៏ដុះឡើងតាមសភាវធម៌ នែអាវុសោ ម្យ៉ាងទៀត ខែណា ដែលភិក្ខុនោះ មានសេចក្តីសង្ស័យ ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថា មិនប្រកបដោយធម៌ ក៏មិនបានដុះឡើង ព្រោះមិនត្រូវតាមសភាវធម៌ នែអាវុសោ ភិក្ខុគួរដល់មានត្ត តែ១ខែនេះឯង។

(សុទ្ធន្តបរិវាស)

(សុទ្ធន្តបរិវាសោ)

[៤៦៦] សម័យនោះឯង មានភិក្ខុ១រូប ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន។2) ភិក្ខុនោះ មិនដឹងទីកំណត់អាបត្តិ ទាំងមិនដឹងទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ ទាំងរលឹកមិនឃើញទីកំណត់រាត្រី មានសេចក្តីសង្ស័យ ក្នុងទីកំណត់អាបត្តិ ទាំងមានសេចក្តីសង្ស័យ ក្នុងទីកំណត់រាត្រី។ ភិក្ខុនោះ បានប្រាប់ដល់ភិក្ខុទាំងឡាយថា នែអាវុសោ ខ្ញុំត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយមិនដឹងទីកំណត់អាបត្តិ ទាំងមិនដឹងទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ ទាំងរលឹកមិនឃើញទីកំណត់រាត្រី មានសេចក្តីសង្ស័យ ក្នុងទីកំណត់អាបត្តិ ទាំងមានសេចក្តីសង្ស័យ ក្នុងទីកំណត់រាត្រី តើខ្ញុំត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូល ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យសុទ្ធន្តបរិវាស3) (បរិវាស មានសេចក្តីស្អាត ជាទីបំផុត) ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះចុះ។

[៤៦៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង សំពះបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយមិនដឹងទីកំណត់អាបត្តិ ទាំងមិនដឹងទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ ទាំងរលឹកមិនឃើញទីកំណត់រាត្រី មានសេចក្តីសង្ស័យ ក្នុងទីកំណត់អាបត្តិ ទាំងមានសេចក្តីសង្ស័យ ក្នុងទីកំណត់រាត្រី បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ សូមសុទ្ធន្តបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។

[៤៦៨] ត្រូវភិក្ខុអ្នកឆ្លាស ប្រតិពល ផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយមិនដឹងទីកំណត់អាបត្តិ ទាំងមិនដឹងទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ ទាំងរលឹកមិនឃើញទីកំណត់រាត្រី មានសេចក្តីសង្ស័យ ក្នុងទីកំណត់អាបត្តិ ទាំងមានសេចក្តីសង្ស័យ ក្នុងទីកំណត់រាត្រី ភិក្ខុនោះ ក៏សូមសុទ្ធន្តបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរឲ្យសុទ្ធន្តបរិវាស ដល់ភិក្ខុមានឈ្មោះដូច្នេះ ចំពោះអាបត្តិទាំងនោះ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយមិនដឹងទីកំណត់អាបត្តិ ទាំងមិនដឹងទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ ទាំងរលឹកមិនឃើញទីកំណត់រាត្រី មានសេចក្តីសង្ស័យ ក្នុងទីកំណត់អាបត្តិ ទាំងមានសេចក្តីសង្ស័យ ក្នុងទីកំណត់រាត្រី ភិក្ខុនោះ ក៏សូមសុទ្ធន្តបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃឲ្យសុទ្ធន្តបរិវាស ដល់ភិក្ខុមានឈ្មោះដូច្នេះ ចំពោះអាបត្តិទាំងនោះ។ ការឲ្យសុទ្ធន្តបរិវាស ដល់ភិក្ខុមានឈ្មោះដូច្នេះ ចំពោះអាបត្តិទាំងនោះ គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ សុទ្ធន្តបរិវាស សង្ឃបានឲ្យដល់ភិក្ខុ មានឈ្មោះដូច្នេះ ចំពោះអាបត្តិទាំងនោះហើយ ការឲ្យសុទ្ធន្តបរិវាសនោះ គាប់ចិត្តដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។

[៤៦៩] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យសុទ្ធន្តបរិវាសយ៉ាងនេះ។ សង្ឃត្រូវឲ្យបរិវាសយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យសុទ្ធន្តបរិវាស ដូចម្តេចខ្លះ។ (បើ) ភិក្ខុមិនដឹងទីកំណត់អាបត្តិ ទាំងមិនដឹងទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ ទាំងរលឹកមិនឃើញទីកំណត់រាត្រី សង្ស័យ ក្នុងទីកំណត់អាបត្តិ ទាំងសង្ស័យ ក្នុងទីកំណត់រាត្រី ហើយសង្ឃត្រូវឲ្យសុទ្ធន្តបរិវាសចុះ។ (បើ) ភិក្ខុដឹងទីកំណត់អាបត្តិ តែមិនដឹងទីកំណត់រាត្រី រលឹកឃើញទីកំណត់អាបត្តិ តែរលឹកមិនឃើញទីកំណត់រាត្រី មិនសង្ស័យក្នុងទីកំណត់អាបត្តិ តែសង្ស័យក្នុងទីកំណត់រាត្រី សង្ឃក៏ត្រូវឲ្យសុទ្ធន្តបរិវាសដែរ។ (បើ) ភិក្ខុដឹងទីកំណត់អាបត្តិខ្លះ មិនដឹងខ្លះ ទាំងមិនដឹងទីកំណត់រាត្រី រលឹកឃើញទីកំណត់អាបត្តិខ្លះ រលឹកមិនឃើញខ្លះ ទាំងរលឹកមិនឃើញទីកំណត់រាត្រី សង្ស័យក្នុងទីកំណត់អាបត្តិខ្លះ មិនសង្ស័យខ្លះ សង្ស័យ តែត្រង់ទីកំណត់រាត្រី ហើយសង្ឃក៏ត្រូវឲ្យសុទ្ធន្តបរិវាសដែរ។ (បើ) ភិក្ខុមិនដឹងទីកំណត់អាបត្តិ តែដឹងទីកំណត់រាត្រីខ្លះ មិនដឹងខ្លះ រលឹកមិនឃើញទីកំណត់អាបត្តិ តែរលឹកឃើញទីកំណត់រាត្រីខ្លះ រលឹកមិនឃើញខ្លះ សង្ស័យក្នុងទីកំណត់អាបត្តិ ទាំងសង្ស័យក្នុងទីកំណត់រាត្រីខ្លះ មិនសង្ស័យខ្លះ សង្ឃក៏ឲ្យសុទ្ធន្តបរិវាសដែរ។ (បើ) ភិក្ខុដឹងទីកំណត់អាបត្តិ ទាំងដឹងទីកំណត់រាត្រីខ្លះ មិនដឹងខ្លះ រលឹកឃើញទីកំណត់អាបត្តិខ្លះ ទាំងរលឹកឃើញទីកំណត់រាត្រីខ្លះ រលឹកមិនឃើញខ្លះ មិនសង្ស័យក្នុងទីកំណត់អាបត្តិ តែសង្ស័យក្នុងទីកំណត់រាត្រីខ្លះ មិនសង្ស័យខ្លះ សង្ឃក៏ត្រូវឲ្យសុទ្ធន្តបរិវាសដែរ។ (បើ) ភិក្ខុដឹងទីកំណត់អាបត្តិខ្លះ មិនដឹងខ្លះ ដឹងទីកំណត់រាត្រីខ្លះ មិនដឹងខ្លះ រលឹកឃើញទីកំណត់អាបត្តិខ្លះ រលឹកមិនឃើញខ្លះ រលឹកឃើញទីកំណត់រាត្រីខ្លះ រលឹកមិនឃើញខ្លះ សង្ស័យក្នុងទីកំណត់អាបត្តិខ្លះ មិនសង្ស័យខ្លះ សង្ស័យក្នុងទីកំណត់រាត្រីខ្លះ មិនសង្ស័យខ្លះ សង្ឃក៏ត្រូវឲ្យសុទ្ធន្តបរិវាសដែរ។ ម្នាលភិក្ខុទាំងឡាយ សង្ឃក៏ត្រូវឲ្យសុទ្ធន្តបរិវាសយ៉ាងនេះឯង។

[៤៧០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាសដូចម្តេច។ (បើ) ភិក្ខុដឹងទីកំណត់អាបត្តិ ទាំងដឹងទីកំណត់រាត្រី រលឹកឃើញទីកំណត់អាបត្តិ ទាំងរលឹកឃើញទីកំណត់រាត្រី មិនសង្ស័យក្នុងទីកំណត់អាបត្តិ ទាំងមិនសង្ស័យក្នុងទីកំណត់រាត្រី សង្ឃត្រូវឲ្យបរិវាសចុះ។ (បើ) ភិក្ខុមិនដឹងទីកំណត់អាបត្តិ តែដឹងទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ តែរលឹកឃើញទីកំណត់រាត្រី សង្ស័យក្នុងទីកំណត់អាបត្តិ តែមិនសង្ស័យក្នុងទីកំណត់រាត្រី សង្ឃក៏ត្រូវឲ្យបរិវាសដែរ។ (បើ) ភិក្ខុដឹងទីកំណត់អាបត្តិខ្លះ មិនដឹងខ្លះ ដឹងតែទីកំណត់រាត្រី រលឹកឃើញទីកំណត់អាបត្តិខ្លះ រលឹកមិនឃើញខ្លះ រលឹកឃើញតែទីកំណត់រាត្រី សង្ស័យក្នុងទីកំណត់អាបត្តិខ្លះ មិនសង្ស័យខ្លះ មិនសង្ស័យតែត្រង់ទីកំណត់រាត្រី សង្ឃក៏ត្រូវឲ្យបរិវាសដែរ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាសយ៉ាងនេះឯង។

ចប់បរិវាស។

 

លេខយោង

1)
គឺតាមចំនួនថ្ងៃ ដែលបិទក្រោយបង្អស់។
2)
ទីនេះ សំដៅយកតែត្រឹមអាបត្តិសង្ឃាទិសេស៣។
3)
បរិវាស មានបរិសុទ្ធិជាទីបំផុតនោះ ប្រៀបដូចជាភិក្ខុមួយរូប បួសបាន៧ខែ តែ៣ខែខាងដើម ភិក្ខុនោះ នឹកឃើញថា ខ្លួនបរិសុទ្ធ ឥតមានត្រូវអាបត្តិសង្ឃាទិសេស ៤ខែខាងចុង ភិក្ខុនោះដឹងខ្លះ សង្ស័យខ្លះ ថាខ្លួនមិនបរិសុទ្ធ តែមិនដឹងកំណត់អាបត្តិ និងកំណត់រាត្រីជាដើម ត្រូវធ្វើបរិវាស៤ខែ គឺរាប់ថ្ងៃឲ្យទល់នឹងថ្ងៃដែលបរិសុទ្ធ ហៅថា សុទ្ធន្តបរិវាស។
km/tipitaka/vin/cv/vin.cv.03.02.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann