km:tipitaka:vin:vbu:sk:vin.vbu.sk.v4

(សេក្ខិយ) សក្កច្ចវគ្គ (ទី៤)

សង្ខេប

(?)

vbu sk v4 បាលី cs-km: vin.vbu.sk.v4 អដ្ឋកថា: vin.vbu.sk.v4_att PTS: ?

សេក្ខិយ សក្កច្ចវគ្គ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

អានដោយ ព្រះ​រដ្ឋបាល

(៤. សក្កច្ចវគ្គោ)

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី១ (៣១))

(បឋមសិក្ខាបទំ)

[៤៤៨] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុឆាន់បិណ្ឌបាតមិនគោរព ធ្វើដូច​ជា​មិនចង់​ឆាន់។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងឆាន់បិណ្ឌបាតដោយ​គោរព។

ភិក្ខុត្រូវឆាន់​បិណ្ឌបាតដោយគោរព។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ ហើយឆាន់​បិណ្ឌបាត​មិនគោរព ធ្វើ​ហាក់ដូចជា​មិនចង់​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមាន​ជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី២ (៣២))

(ទុតិយសិក្ខាបទំ)

[៤៤៩] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុបែរ​មើល​ទៅទីនោះៗ​ឆាន់បិណ្ឌបាត​ កាលបើទាយក​កំពុង​អង្គាសក្តី អង្គាស​រួចហើយ​ចេញដើរ​ទៅក្តី ក៏​មិនដឹង​អ្វី​ឡើយ។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងសំគាល់​តែក្នុងបាត្រ​ឆាន់​បិណ្ឌបាត។

ភិក្ខុត្រូវសំគាល់​តែក្នុងបាត្រ ហើយឆាន់​បិណ្ឌបាត។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ សំឡឹង​មើល​ទៅទីនោះៗ ឆាន់​បិណ្ឌបាត​បណ្តើរ ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមាន​ជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី៣ (៣៣))

(តតិយសិក្ខាបទំ)

[៤៥០] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុកកាយ​បាយឲ្យ​ខូង​ក្នុងទី​នោះៗ ឆាន់បិណ្ឌបាត។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងឆាន់​បិណ្ឌបាតវាច​ឲ្យ​ស្មើ។

ភិក្ខុត្រូវឆាន់​បិណ្ឌបាតវាច​ឲ្យស្មើ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ កកាយបាយ​ឲ្យខូង​ក្នុង​ទីនោះៗ ឆាន់​បិណ្ឌបាត​ ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១០យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមាន​ជម្ងឺ១ ភិក្ខុកកាយ​បិណ្ឌបាត​ឲ្យខូង​ឲ្យដល់​ពួក​ជនដទៃ១ ភិក្ខុ​កកាយ​បិណ្ឌបាត​ឲ្យខូង​រោយរាយ​ចុះ​ក្នុង​ភាជនដទៃ១ ភិក្ខុកកាយ​សម្លឧត្តរិភង្គ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី៤ (៣៤))

(ចតុត្ថសិក្ខាបទំ)

[៤៥១] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុកាលឆាន់បិណ្ឌបាត ក៏ឆាន់​សម្លច្រើន​ជាង។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងឆាន់​បិណ្ឌបាត​ឲ្យល្មម​គ្នានឹងសម្ល។

ដែលហៅថា សម្ល បានដល់សម្លពីរយ៉ាង គឺសម្ល​សណ្តែកបាយ១ សម្ល​សណ្តែករាជមាស១ ដែលជនគួរ​នឹងនាំ​ទៅដោយ​ដៃបាន។ ភិក្ខុត្រូវឆាន់​បិណ្ឌបាត​ឲ្យល្មម​គ្នានឹងសម្ល។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ ឆាន់សម្លឲ្យ​ច្រើនជាង ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១២យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមាន​ជម្ងឺ១ សម្ល​មានរស​ដ៏ក្រៃលែង១ ភិក្ខុឆាន់​សម្ល​របស់ញាតិ១ ភិក្ខុឆាន់​សម្លរបស់ជន​ដែលបានបវារណា១ ភិក្ខុឆាន់​សម្លដើម្បីជាប្រយោជន៍​ដល់ជន​ដទៃ​1) ១ ភិក្ខុឆាន់សម្ល​ដែលបាន​មកដោយ​ទ្រព្យ​របស់ខ្លួន១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី៥ (៣៥))

(បញ្ចមសិក្ខាបទំ)

[៤៥២] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុច្រម​ត្រង់កំពូលបាយ ហើយឆាន់បិណ្ឌបាត។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនបាន​ច្រម​ត្រង់កំពូល​បាយ ហើយឆាន់​បិណ្ឌបាត។

ភិក្ខុមិនត្រូវច្រម​ត្រង់កំពូលបាយ ហើយឆាន់​បិណ្ឌបាតទេ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ ច្រមត្រង់​កំពូលបាយ ហើយឆាន់បិណ្ឌបាត ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមាន​ជម្ងឺ១ ភិក្ខុប្រមូល​បិណ្ឌបាត​ដែលសេសសល់​បន្តិច​បន្តួច ឲ្យ​មូលជាមួយគ្នា ហើយច្រម​ឆាន់១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី៦ (៣៦))

(ឆដ្ឋសិក្ខាបទំ)

[៤៥៣] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុកកាយបាយ​លុប​សម្លខ្លះ ម្ហូបខ្លះ ព្រោះអាស្រ័យ​សេចក្តី​ល្មោភច្រើន។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនកកាយ​បាយលុប​សម្ល ឬម្ហូប ព្រោះអាស្រ័យ​សេចក្តី​ល្មោភច្រើន។

ភិក្ខុមិនត្រូវកកាយបាយ​លុបសម្ល ឬម្ហូប ព្រោះអាស្រ័យ​សេចក្តី​ល្មោភ​ច្រើនទេ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ ហើយកកាយបាយ​លុបសម្ល ឬម្ហូប ព្រោះអាស្រ័យ​សេចក្តី​ល្មោភច្រើន ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ពួកជន​ជាម្ចាស់​របស់​គេលុបសម្ល ឬម្ហូប ហើយប្រគេន១ ភិក្ខុ​មិនអាស្រ័យ​សេចក្តីល្មោភច្រើន១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី៧ (៣៧))

(សត្តមសិក្ខាបទំ)

[៤៥៤] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុសូមសម្លខ្លះ បាយខ្លះ ដើម្បី​ប្រយោជន៍​ខ្លួនឯង ហើយឆាន់។ មនុស្សទាំងឡាយក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ពួក​សមណៈ ជាសក្យបុត្ត មិនសមបើ​នឹងហ៊ាន​សូម​សម្លខ្លះ បាយខ្លះ ដើម្បីប្រយោជន៍​ខ្លួនឯង ហើយឆាន់​សោះ អ្នកណា​ហើយដែល​មិនគាប់ចិត្ត​នឹង​អាហារ​ដ៏បរិបូណ៌ អ្នកណាហើយ​ដែល​មិន​គាប់ចិត្ត​នឹង​អាហារ​ដែល​មានរស​ឆ្ងាញ់។ ពួកភិក្ខុ​បានឮ​មនុស្សទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់។ ពួកភិក្ខុណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ​ក៏​ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងហ៊ាន​សូមសម្លខ្លះ បាយខ្លះ ដើម្បីប្រយោជន៍​ខ្លួនឯង ហើយឆាន់សោះ។បេ។ ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា​អ្នកទាំងឡាយ​សូមសម្លខ្លះ បាយខ្លះ ដើម្បីប្រយោជន៍​ខ្លួន​ ហើយឆាន់ ពិតមែនឬ។ ភិក្ខុ​ទាំងនោះ​ក៏ក្រាបទូលថា សូមទ្រង់​ព្រះមេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ​ទ្រង់​បន្ទោសថា ម្នាលមោឃបុរស​ទាំងឡាយ អ្នកទាំងឡាយ​មិនគួរ​បើ​នឹងហ៊ាន​សូមសម្លខ្លះ បាយខ្លះ ដើម្បីប្រយោជន៍​ខ្លួន ហើយឆាន់សោះ ម្នាលមោឃបុរស​ទាំងឡាយ អំពើ​ដែលអ្នក​ធ្វើនេះ នឹង​បានដឹកនាំពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា ឲ្យជ្រះថ្លា​ឡើង ឬពួកជន​ដែល​ជ្រះថ្លាហើយ ឲ្យកាន់​តែ​ជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែង​ឡើងនូវសិក្ខាបទ​នេះ​យ៉ាងនេះថា

ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនសូម​សម្ល ឬបាយ ដើម្បី​ប្រយោជន៍​ខ្លួនឯង​ ហើយឆាន់ទេ។

សិក្ខាបទ​នេះ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្តហើយ​ដល់​ពួក​ភិក្ខុ​យ៉ាងនេះ។

[៤៥៥] សម័យ​នោះឯង ភិក្ខុទាំងឡាយមានជម្ងឺ។ ឯពួកភិក្ខុ​អ្នកសួរ​ជម្ងឺ​បានពោលពាក្យ​នេះ​នឹង​ភិក្ខុដែល​មានជម្ងឺថា ម្នាលអាវុសោ អ្នកទាំងឡាយ​ល្មម​អត់ធន់​បានឬទេ អ្នកទាំងឡាយ​ល្មម​ញុំាង​អត្តភាពឲ្យ​ប្រព្រឹត្តទៅបាន​ឬទេ។ ភិក្ខុទាំងនោះ​ឆ្លើយថា ម្នាលអាវុសោ ពីដើម យើង​តែង​សូមសម្លខ្លះ បាយខ្លះ ដើម្បីប្រយោជន៍​ខ្លួនឯង ហើយឆាន់ ហេតុនោះបាន​ជាយើង​សប្បាយ តែឥឡូវនេះ ព្រះដ៏មានព្រះភាគ​ទ្រង់ហាម​ឃាត់ហើយ ពួកយើង​មានសេចក្តី​រង្កៀស ដូច្នេះ បានជា​មិនហ៊ានសូម​គេ ហេតុនោះ​បានជាយើង​មិនសប្បាយ។ ភិក្ខុទាំងនោះ​បានក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ទ្រង់ធ្វើនូវ​ធម្មីកថា​ក្នុងវេលានោះ រួច​ទ្រង់​ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ដើម្បី​ឲ្យភិក្ខុ​ដែលមានជម្ងឺ​សូមសម្លក្តី បាយក្តី ដើម្បីប្រយោជន៍​ខ្លួន ហើយ​ឆាន់បាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ត្រូវ​សំដែង​ឡើងនូវសិក្ខាបទ​នេះ​យ៉ាងនេះថា

ភិក្ខុគួរ​ធ្វើ​សេចក្តីសិក្សាថា អញ​ឥតមាន​ជម្ងឺ នឹងមិនបានសូម​សម្ល ឬបាយ ដើម្បី​ប្រយោជន៍​ខ្លួន​ ហើយឆាន់។

ភិក្ខុឥតមានជម្ងឺ មិនត្រូវសូមសម្ល ឬបាយ ដើម្បី​ប្រយោជន៍ខ្លួន​ ហើយឆាន់ទេ។ ភិក្ខុណាឥតមានជម្ងឺ អាស្រ័យ​សេចក្តី​មិនអើពើ សូមសម្ល ឬបាយ ដើម្បីប្រយោជន៍​ខ្លួន ហើយឆាន់ ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១១យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមាន​ជម្ងឺ១ ភិក្ខុសូម​ក្នុងសំណាក់ញាតិ១ ភិក្ខុសូម​ក្នុងសំណាក់​ជន​ដែល​បាន​បវារណា១ ភិក្ខុសូមដើម្បី​ប្រយោជន៍​អ្នកដទៃ១ ភិក្ខុបានមក​ដោយទ្រព្យ​របស់ខ្លួន១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី៨ (៣៨))

(អដ្ឋមសិក្ខាបទំ)

[៤៥៦] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុប្រុង​នឹងលើកទោស ហើយសំឡឹង​មើល​បាត្រ​ពួកភិក្ខុដទៃ។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនប្រុងលើកទោស ហើយសំឡឹង​មើល​បាត្រពួកភិក្ខុដទៃ។

ភិក្ខុមិនត្រូវសំឡឹង​មើលបាត្រពួកភិក្ខុដទៃ ដោយប្រុងនឹងលើលទោសទេ។ ភិក្ខុណា​អាស្រ័យ​​សេចក្តី​មិនអើពើ ហើយប្រុងនឹងលើកទោស ក៏សំឡឹងមើលបាត្រពួក​ភិក្ខុឯទៀត ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុសំឡឹងមើល​ដោយគិតថា អញ​នឹងឲ្យ ឬអញ​នឹងប្រើគេឲ្យ​ឲ្យ១ ភិក្ខុមិនបាន​ប្រុង​នឹង​លើកទោស ហើយសំឡឹងមើល១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី៩ (៣៩))

(នវមសិក្ខាបទំ)

[៤៥៧] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុធ្វើពំនូត​បាយធំពេក។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងមិនធ្វើពំនូតបាយ​ឲ្យធំពេក។

ភិក្ខុមិនត្រូវធ្វើពំនូត​បាយឲ្យធំពេកទេ​។2) ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ ហើយ​ធ្វើ​ពំនូតបាយ​ឲ្យធំពេក ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១០យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុ​មានជម្ងឺ១ ភិក្ខុឆាន់​បង្អែម១ ផ្លែឈើតូចធំ១ សម្លឧត្តរិភង្គ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ សក្កច្ចវគ្គ សិក្ខាបទ ទី១០ (៤០))

(ទសមសិក្ខាបទំ)

[៤៥៨] សាវត្ថីនិទាន។ សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុធ្វើពំនូត​បាយវែងពេក ហើយឆាន់។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើ​សេចក្តីសិក្សាថា អញ​នឹងធ្វើពំនូតបាយ​ឲ្យជា​បរិមណ្ឌល គឺឲ្យមូល។

ភិក្ខុត្រូវធ្វើពំនូត​បាយឲ្យជាបរិមណ្ឌល។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ ហើយ​ធ្វើ​ពំនូតបាយ​ឲ្យវែង ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១០យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុ​មានជម្ងឺ១ ភិក្ខុឆាន់​បង្អែម១ ផ្លែឈើតូចធំ១ សម្លឧត្តរិភង្គ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

សក្កច្ចវគ្គ ទី ៤ ចប់។

 

លេខយោង

1)
បទ​ត្រង់នេះ​ហាក់ដូច​ជាលើស ប្រហែល​ចំឡងតាម​សិក្ខាបទ​ខាងដើមត្រង់​អង្គថា ភិក្ខុទទួល​សម្ល​ដើម្បីអ្នក​ដទៃទេដឹង តែសិក្ខាបទនេះ និយាយ​ពីឆាន់សម្ល ភិក្ខុឆាន់​ដើម្បីអ្នកដទៃ ដូចម្តេចបាន បាលីបទនេះ មិនមាន​ក្នុងច្បាប់​ឱរូបទេ។
2)
អដ្ឋកថា ពំនូតបាយធំពេកប៉ុនពងក្ងោក តូចពេក​ប៉ុនពងមាន់​ មិនគួរ បើពូត​ឲ្យទៅជា​កណ្តាល គួរ
km/tipitaka/vin/vbu/sk/vin.vbu.sk.v4.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann