km:tipitaka:vin:vbu:sk:vin.vbu.sk.v7

មាតិកា

(សេក្ខិយ) បាទុកាវគ្គ (ទី៧)

សង្ខេប

(?)

vbu sk v7 បាលី cs-km: vin.vbu.sk.v7 អដ្ឋកថា: vin.vbu.sk.v7_att PTS: ?

សេក្ខិយ បាទុកាវគ្គ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​​ខេមានន្ទ

អានដោយ ព្រះ​រដ្ឋបាល

(៧. បាទុកវគ្គោ)

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី១ (៦១))

(បឋមសិក្ខាបទំ)

[៤៨០] សាវត្ថីនិទាន។ សម័យនោះឯង ​ពួកឆព្វគ្គិយភិក្ខុ​សំដែង​ធម៌​ដល់​មនុស្ស​ពាក់​ទ្រនាប់ជើង។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺពាក់ទ្រនាប់ជើង។

ភិក្ខុមិនត្រូវសំដែងធម៌​ដល់មនុស្ស​គ្មានជម្ងឺ ពាក់ទ្រនាប់ជើង​ទេ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ សំដែង​ធម៌​ដល់​មនុស្ស​គ្មានជម្ងឺ ជាន់ទ្រនាប់ជើងក្តី ពាក់ក្តី ដោះបង្ហើបកែងបន្តិចក្តី ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុ​មានជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី២ (៦២))

(ទុតិយសិក្ខាបទំ)

[៤៨១] សាវត្ថីនិទាន។ សម័យនោះឯង ​ពួកឆព្វគ្គិយភិក្ខុ​សំដែង​ធម៌​ដល់​មនុស្ស​ពាក់ស្បែកជើង។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺ​ពាក់ស្បែកជើង។

ភិក្ខុមិនត្រូវសំដែងធម៌​ដល់មនុស្ស​គ្មានជម្ងឺ ពាក់ស្បែកជើងទេ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ សំដែង​ធម៌​ដល់​មនុស្ស​គ្មានជម្ងឺ ជាន់លើ​ស្បែកជើងក្តី ពាក់ក្តី ដោះបង្ហើបកែងបន្តិច​ក្តី ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុ​មានជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី៣ (៦៣))

(តតិយសិក្ខាបទំ)

[៤៨២] សាវត្ថីនិទាន។ សម័យនោះឯង ​ពួកឆព្វគ្គិយភិក្ខុ​សំដែង​ធម៌​ដល់​មនុស្សនៅ​លើយាន។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺ​នៅលើយានទេ។

ដែលហៅថា យាន គឺសំដៅ​យក វ​1) រថ រទេះ រថទ្រង់គ្រឿង2) គ្រែស្នែង និង​អង្រឹង។ ភិក្ខុមិនត្រូវសំដែងធម៌​ដល់មនុស្ស​គ្មានជម្ងឺ នៅលើយាន​ទេ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ សំដែង​ធម៌​ដល់​មនុស្ស​គ្មានជម្ងឺ នៅលើយាន ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុ​មានជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី៤ (៦៤))

(ចតុត្ថសិក្ខាបទំ)

[៤៨៣] សាវត្ថីនិទាន។ សម័យនោះឯង ​ពួកឆព្វគ្គិយភិក្ខុ​សំដែង​ធម៌​ដល់​មនុស្សនៅ​លើដំណេក។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺ​នៅលើដំណេក។

ភិក្ខុមិនត្រូវសំដែងធម៌​ដល់មនុស្ស​គ្មានជម្ងឺ នៅលើដំណេក​ទេ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ សំដែង​ធម៌​ដល់​មនុស្ស​គ្មានជម្ងឺ ដោយហោចទៅ សូម្បី​ដេកនៅលើ​ផែនដី ក៏ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុ​មានជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី៥ (៦៥))

(បញ្ចមសិក្ខាបទំ)

[៤៨៤] សាវត្ថីនិទាន។ សម័យនោះឯង ​ពួកឆព្វគ្គិយភិក្ខុ​សំដែង​ធម៌​ដល់​មនុស្សអង្គុយ​ត្របោម​ក្បាលជង្គង់។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺអង្គុយត្របោមក្បាលជង្គង់។

ភិក្ខុមិនត្រូវសំដែងធម៌​ដល់មនុស្ស​គ្មានជម្ងឺ អង្គុយត្របោមក្បាលជង្គង់ទេ។ ភិក្ខុណា​អាស្រ័យ​​សេចក្តី​មិនអើពើ សំដែង​ធម៌​ដល់​មនុស្ស​គ្មានជម្ងឺ អង្គុយត្របោមក្បាលជង្គង់​ដោយដៃក្តី អង្គុយ​ត្របោមក្បាលជង្គង់​ដោយសំពត់ក្តី ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុ​មានជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី៦ (៦៦))

(ឆដ្ឋសិក្ខាបទំ)

[៤៨៥] សាវត្ថីនិទាន។ សម័យនោះឯង ​ពួកឆព្វគ្គិយភិក្ខុ​សំដែង​ធម៌​ដល់​មនុស្ស​ជួតក្បាល។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺ​ជួតក្បាល។

ដែលហៅថា មនុស្សជួតក្បាល គឺសំដៅ​យកមនុស្ស​ដែលជួតក្បាល មិនឲ្យ​ឃើញ​ចុង​សក់។ ភិក្ខុមិនត្រូវសំដែងធម៌​ដល់មនុស្ស​គ្មានជម្ងឺ ជួតក្បាលទេ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ សំដែង​ធម៌​ដល់​មនុស្ស​គ្មានជម្ងឺ ជួតក្បាល ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុ​មានជម្ងឺ១ ភិក្ខុបង្គាប់​មនុស្ស​នោះឲ្យបើក​ឈ្នួត​ឲ្យលេចចុងសក់​ចេញ ហើយទើប​សំដែង១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី៧ (៦៧))

(សត្តមសិក្ខាបទំ)

[៤៨៦] សាវត្ថីនិទាន។ សម័យនោះឯង ​ពួកឆព្វគ្គិយភិក្ខុ​សំដែង​ធម៌​ដល់​មនុស្សទទូរ​ក្បាល។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺ​ទទូរក្បាល។

ដែលហៅថា មនុស្សទទូរក្បាល គឺសំដៅ​យក​មនុស្ស​ដណ្តប់​សំពត់​គ្រប​ទាំងក្បាល។ ភិក្ខុ​មិនត្រូវសំដែងធម៌​ដល់មនុស្ស​គ្មានជម្ងឺ ទទូរក្បាលទេ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ សំដែង​ធម៌​ដល់​មនុស្ស​គ្មានជម្ងឺ ទទូរក្បាល ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុ​មានជម្ងឺ១ ភិក្ខុបង្គាប់គេ​ឲ្យ​បើក​ឈ្នួត​ក្បាល​ហើយទើប​សំដែង​១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី៨ (៦៨))

(អដ្ឋមសិក្ខាបទំ)

[៤៨៧] សាវត្ថីនិទាន។ សម័យនោះឯង ​ពួកឆព្វគ្គិយភិក្ខុ​អង្គុយ​ផ្ទាល់​នឹងដី ហើយសំដែង​ធម៌​ដល់​មនុស្សអង្គុយនៅលើអាសនៈ។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិន​អង្គុយផ្ទាល់​នឹងផែនដី ហើយសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺអង្គុយ​នៅលើ​អាសនៈ។

ភិក្ខុមិនត្រូវ​អង្គុយ​ផ្ទាល់នឹងផែនដី ហើយសំដែងធម៌​ដល់មនុស្ស​គ្មានជម្ងឺ អង្គុយ​នៅលើ​អាសនៈទេ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ អង្គុយ​នៅលើផែនដី ហើយសំដែង​ធម៌​ដល់​មនុស្ស​គ្មានជម្ងឺ អង្គុយនៅលើ​អាសនៈ ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុ​មានជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី៩ (៦៩))

(នវមសិក្ខាបទំ)

[៤៨៨] សាវត្ថីនិទាន។ សម័យនោះឯង ​ពួកឆព្វគ្គិយភិក្ខុ​អង្គុយលើអាសនៈទាប ហើយសំដែង​​ធម៌​ដល់​មនុស្សអង្គុយនៅលើអាសនៈខ្ពស់។ ភិក្ខុទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំង​នោះ ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើ​នឹង​អង្គុយ​លើអាសនៈទាប ហើយ​សំដែង​ធម៌​ដល់មនុស្សអង្គុយលើ​អាសនៈខ្ពស់​សោះ។បេ។ ព្រះដ៏​មានព្រះភាគ​ទ្រង់​ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ បានឮថា អ្នកទាំងឡាយអង្គុយលើ​អាសនៈ​ទាប ហើយសំដែង​ធម៌ដល់​មនុស្ស​អង្គុយ​លើអាសនៈ​ខ្ពស់ ពិតមែនឬ។ ​ភិក្ខុទាំងនោះក្រាប​ទូលថា សូមទ្រង់​ព្រះមេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធជាម្ចាស់​​ដ៏​មាន​ព្រះភាគ ទ្រង់បន្ទោសថា ម្នាល​​មោឃបុរស​ទាំងឡាយ អ្នកទាំងឡាយ មិន​គួរ​នឹងអង្គុយ​លើអាសនៈទាប ហើយសំដែង​ធម៌ដល់​មនុស្ស​អង្គុយលើ​អាសនៈខ្ពស់ទេ ម្នាលមោឃបុរស​ទាំងឡាយ​​​ អំពើដែល​អ្នកធ្វើនេះ​ មិន​បានដឹក​នាំពួកជន​ដែល​មិនទាន់​​ជ្រះថ្លាឲ្យ​ជ្រះថ្លាឡើង ឬពួកជន​ដែល​ជ្រះថ្លា​ហើយ ឲ្យកាន់​​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់​បន្ទោសហើយ ទ្រង់ធ្វើនូវធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកដោយ​ព្រះពុទ្ធដីកា​ថា។

[៤៨៩] ម្នាលភិក្ខុទាំងឡាយ កាលពីដើម​ក្នុងក្រុងពារាណសី មានស្រី​ជាប្រពន្ធ​របស់​បុរស​ចណ្ឌាល​ម្នាក់ ជាស្រីមានគភ៌។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្រីចណ្ឌាលនោះបានពោល​ពាក្យ​នេះ​នឹងបុរស​ចណ្ឌាលនោះថា បពិត្រ​អ្នកជា​អយ្យបុត្រ ឥឡូវ​ខ្លួនខ្ញុំមានគភ៌​ហើយ ខ្ញុំចង់​ទទួល​ទាន​ផ្លែស្វាយណាស់។ ឯប្តីនោះតបវិញថា ផ្លែស្វាយគ្មានទេ (ព្រោះ) កាលនេះ មិនមែន​ជាកាល​មាន​ផ្លែស្វាយ។ ប្រពន្ធនោះ​និយាយ​ថា បើខ្ញុំ​មិនបាន​ផ្លែស្វាយទេ ខ្ញុំមុខជា​នឹងស្លាប់ (ពុំខានឡើយ)។ គ្រានោះឯង មានដើមស្វាយ​របស់ស្តេច (១ដើម) តែងមាន​ផ្លែជាប់​ជានិច្ច។ ម្នាលភិក្ខុទាំងឡាយ សម័យនោះ បុរសចណ្ឌាលនោះក៏​ចូលទៅរក​ដើមស្វាយនោះ លុះចូលទៅ​ដល់ហើយ ក៏ឡើង​ទៅ​ពួន​លើដើមស្វាយនោះ។ ម្នាលភិក្ខុទាំងឡាយ វេលានោះឯង ស្តេចបាន​ទ្រង់រាជដំណើរ​ទៅកាន់​ដើមស្វាយនោះ​ជាមួយ​នឹង​ព្រាហ្មណបុរោហិត លុះដល់ហើយ ក៏គង់​លើអាសនៈ​ដ៏ខ្ពស់ ហើយក៏​រៀន​នូវមន្ត។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ បុរសចណ្ឌាល​នោះមាន​សេចក្តីរិះគិត​យ៉ាងនេះ​ថា ស្តេច​ណាគង់លើ​អាសនៈខ្ពស់ហើយរៀននូវមន្ត ស្តេច​នេះឯង​ ហៅថាមិនប្រកប​ដោយធម៌​ឡើយ។ ម្យ៉ាងទៀត ព្រាហ្មណ៍​ណា​អង្គុយលើ​អាសនៈទាប ហើយបង្ហាញ​មន្តដល់មនុស្ស​ដែលអង្គុយ​លើអាសនៈ​ខ្ពស់ ព្រាហ្មណ៍​នេះឯងហៅថា មិនប្រកបដោយ​ធម៌ដែរ ចំណែកខ្លួន​អញ​ដែល​មកលួច​ផ្លែស្វាយ​របស់ស្តេច ព្រោះហេតុ​អំពីស្រី អញនេះ​ឯង ក៏ហៅថា​មិនប្រកបដោយ​ធម៌ដែរ ឯច្បាប់​ទាំងនេះ វាច្រឡូកច្រឡំ​គ្នាអស់ហើយ។ បុរស​នោះគិត​ដូច្នោះហើយ ក៏លោតចុះ​ពីដើមស្វាយ​មកក្នុង​ទីនោះឯង (ហើយពោល​គាថា) ថា

ព្រាហ្មណ៍ណា​បង្ហាញមន្ត​(ដល់ស្តេច)ក្តី

ស្តេចអង្គណា​រៀនមន្ត​មិនប្រកបដោយ​ធម៌ក្តី

ជនទាំង​ពីរនោះ ឈ្មោះថា​មិនស្គាល់នូវហេតុ

ជនទាំងពីរនោះឈ្មោះថា មិនដឹងនូវផល។

ព្រាហ្មណ៍ក៏ពោលគាថា​តបវិញថា

(នែអ្នកចណ្ឌាល) ខ្ញុំបាន​ទទួលទានបាយអង្ករស្រូវសាលីដែលលាយ​ដោយសាច់​ដ៏ស្អាត​របស់ស្តេច (ជារាល់ថ្ងៃ) ព្រោះហេតុនោះ ខ្ញុំនឹងប្រព្រឹត្តទៅ​ក្នុងធម៌នោះមិនបានទេ (តែខ្ញុំ​ដឹងថា) ធម៌នេះពួក​ព្រះអរិយៈ​តែងសរសើរហើយ។

ឯបុរសចណ្ឌាល​ក៏ពោលគាថា​តបវិញថា

បពិត្រព្រាហ្មណ៍ ការដែលបានទ្រព្យ និងបានយសបែប​នោះ ពាក្យនិន្ទាតែងមាន (ជាធម្មតា) ម្យ៉ាងទៀត ការចិញ្ចឹមជីវិត​ដែលមិនប្រព្រឹត្ត​តាមធម៌ ជាហេតុនាំឲ្យធ្លាក់ចុះ​ទៅក្នុង​អបាយ បពិត្រមហាព្រហ្ម អ្នកឯងចូរ​វៀរចេញ សូម្បីពួកសត្វដទៃ​ក៏គង់​តែចំអិន​បាយ​បរិភោគ (ដូចគ្នាទេ) អ្នកកុំ​ប្រព្រឹត្តឲ្យខុស​ធម៌នោះ​ឡើយ បើអ្នកប្រព្រឹត្ត​ខុសធម៌​ហើយ មុខ​ជា​នឹងបែកធ្លាយ​ដូចជា​ក្អមទឹក​មិនខានទេ។

[៤៩០] ម្នាលភិក្ខុទាំងឡាយ សូម្បីតែ​ក្នុងគ្រានោះ បុគ្គលអង្គុយលើ​អាសនៈ​ទាប ហើយ​បង្ហាញមន្ត​ដល់បុគ្គល​ដែលអង្គុយ​លើអាសនៈ​ខ្ពស់នោះ ម្តេច​ក៏គង់​ជាទីមិនគាប់​ចិត្ត​ដល់​តថាគត នឹងនិយាយ​ទៅថ្វី​ដល់បុគ្គល​ដែលអង្គុយ​លើអាសនៈទាប ហើយសំដែង​ធម៌ដល់​បុគ្គល​ដែលអង្គុយ​​លើអាសនៈខ្ពស់ ក្នុងកាលឥឡូវនេះ ក៏រឹងរឹតតែ​មិនបាន​ជាទីគាប់ចិត្ត​តថាគត​ក្រៃពេក ម្នាលភិក្ខុទាំងឡាយ អំពើនេះ​មិនជាទី​ជ្រះថ្លា​ដល់ពួក​ជនដែល​មិនទាន់​ជ្រះថ្លា ឬនាំពួកជន​ដែល​ជ្រះថ្លាហើយ ឲ្យកាន់តែ​ជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះ​ថា

ភិក្ខុគប្បីធ្វើ​សេចក្តី​សិក្សាថា អញ​នឹងមិនអង្គុយ​លើ​អាសនៈទាប ហើយសំដែងធម៌​ដល់​មនុស្សគ្មានជម្ងឺ​អង្គុយលើ​អាសនៈ​ខ្ពស់។

ភិក្ខុមិនគប្បី​អង្គុយលើអាសនៈ​ទាប ហើយសំដែងធម៌​ដល់មនុស្ស​គ្មានជម្ងឺ អង្គុយលើ​អាសនៈ​ខ្ពស់ទេ។ ភិក្ខុណា​អាស្រ័យ​សេចក្តី​មិនអើពើ អង្គុយលើអាសនៈ​ទាប ហើយសំដែងធម៌​ដល់មនុស្ស​គ្មានជម្ងឺ អង្គុយលើ​អាសនៈ​ខ្ពស់ ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុ​មានជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី១០ (៧០))

(ទសមសិក្ខាបទំ)

[៤៩១] សាវត្ថីនិទាន។ សម័យនោះឯង ​ពួកឆព្វគ្គិយភិក្ខុ​ឈរសំដែង​ធម៌​ដល់​មនុស្សអង្គុយ។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនឈរសំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺដែលអង្គុយ។

ភិក្ខុមិនត្រូវ​ឈរសំដែងធម៌​ដល់មនុស្ស​គ្មានជម្ងឺអង្គុយទេ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ ហើយឈរសំដែង​ធម៌​ដល់​មនុស្ស​គ្មានជម្ងឺ អង្គុយនៅ ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុ​មានជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី១១ (៧១))

(ឯកាទសមសិក្ខាបទំ)

[៤៩២] សាវត្ថីនិទាន។ សម័យនោះឯង ​ពួកឆព្វគ្គិយភិក្ខុ​ដើរខាងក្រោយ សំដែង​ធម៌​ដល់​មនុស្សដើរខាងមុខ។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនដើរ​ខាងក្រោយ សំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺដើរខាងមុខ។

ភិក្ខុមិនត្រូវ​ដើរខាងក្រោយ សំដែងធម៌​ដល់មនុស្ស​គ្មានជម្ងឺ ដើរខាងមុខទេ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ ដើរខាងក្រោយ ហើយសំដែង​ធម៌​ដល់​មនុស្ស​គ្មានជម្ងឺ ដើរខាងមុខ ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុ​មានជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី១២ (៧២))

(ទ្វាទសមសិក្ខាបទំ)

[៤៩៣] សាវត្ថីនិទាន។ សម័យនោះឯង ​ពួកឆព្វគ្គិយភិក្ខុដើរក្រៅផ្លូវ សំដែង​ធម៌​ដល់​មនុស្សដើរតាមផ្លូវ។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនដើរក្រៅផ្លូវ សំដែង​ធម៌​ដល់​មនុស្ស​​គ្មាន​ជម្ងឺដើរតាមផ្លូវ។

ភិក្ខុមិនត្រូវ​ដើរក្រៅផ្លូវ សំដែងធម៌​ដល់មនុស្ស​គ្មានជម្ងឺ ដើរតាមផ្លូវទេ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ ហើយដើរក្រៅផ្លូវ សំដែង​ធម៌​ដល់​មនុស្ស​គ្មានជម្ងឺ ដើរតាមផ្លូវ ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុ​មានជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

បកិណ្ណកៈ

(-)

មាន ៣ សិក្ខាបទ

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី១៣ (៧៣))

(តេរសមសិក្ខាបទំ)

[៤៩៤] សាវត្ថីនិទាន។ សម័យនោះឯង ​ពួកឆព្វគ្គិយភិក្ខុឈរបន្ទោបង់ឧច្ចារៈខ្លះ បស្សាវៈខ្លះ។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញគ្មានជម្ងឺ នឹងមិនឈរ​បន្ទោបង់​ឧច្ចារៈ ឬបស្សាវៈ។

ភិក្ខុគ្មានជម្ងឺ មិនត្រូវឈរបន្ទោបង់​ឧច្ចារៈ ឬបស្សាវៈទេ។ ភិក្ខុណាអាស្រ័យ​សេចក្តី​មិនអើពើ គ្មានជម្ងឺ ហើយឈរបន្ទោបង់​ឧច្ចារៈ ឬបស្សាវៈ ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុ​មានជម្ងឺ១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី១៤ (៧៤))

(ចុទ្ទសមសិក្ខាបទំ)

[៤៩៥] សាវត្ថីនិទាន។ សម័យនោះឯង ​ពួកឆព្វគ្គិយភិក្ខុបន្ទោបង់ឧច្ចារៈខ្លះ បស្សាវៈខ្លះ ស្តោះទឹកមាត់ខ្លះ លើស្មៅស្រស់ ឬឈើស្រស់។បេ។ ទ្រង់ត្រាស់ថា

ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញគ្មានជម្ងឺ នឹងមិន​បន្ទោបង់​ឧច្ចារៈ ឬបស្សាវៈ ឬស្តោះទឹកមាត់​លើស្មៅស្រស់ ឬឈើស្រស់។

ភិក្ខុគ្មានជម្ងឺ មិនត្រូវបន្ទោបង់​ឧច្ចារៈ ឬបស្សាវៈ ឬស្តោះទឹកមាត់​លើស្មៅស្រស់ និងឈើ​ស្រស់​ទេ។ ភិក្ខុណាគ្មានជម្ងឺ អាស្រ័យ​សេចក្តី​មិនអើពើ ហើយបន្ទោបង់​ឧច្ចារៈ ឬបស្សាវៈ ឬស្តោះ​ទឹកមាត់​លើស្មៅស្រស់ ឬឈើស្រស់ ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុ​មានជម្ងឺ១ ឧច្ចារៈ ឬបស្សាវៈ ឬទឹកមាត់​ដែលភិក្ខុ​បន្ទោបង់​ទៅលើ​ទីដែល​ប្រាសចាក​វត្ថុស្រស់ ហើយហូរទៅ​ត្រង់ទីដែលមានស្មៅស្រស់ ឬឈើស្រស់១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

(សេក្ខិយ បាទុកាវគ្គ សិក្ខាបទ ទី១៥ (៧៥))

(បន្នរសមសិក្ខាបទំ)

[៤៩៦] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលទ្រង់​គង់នៅ​វត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ វេលានោះឯង ​ពួកឆព្វគ្គិយភិក្ខុបន្ទោបង់ឧច្ចារៈខ្លះ បស្សាវៈខ្លះ ស្តោះទឹកមាត់​ដាក់លើទឹក។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួក​សមណៈ ជាសក្យបុត្ត មិនសមបើនឹង​ហ៊ានបន្ទោបង់ឧច្ចារៈខ្លះ បស្សាវៈខ្លះ ស្តោះទឹកមាត់ខ្លះ​ដាក់លើទឹក ដូចជា​ពួកគ្រហស្ថ​អ្នកបរិភោគកាមគុណ​សោះ។ ភិក្ខុទាំងឡាយ​បានឮ​មនុស្ស​ទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់។ ភិក្ខុទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំង​នោះ ក៏ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹង​បន្ទោបង់​ឧច្ចារៈខ្លះ បស្សាវៈខ្លះ ស្តោះទឹកមាត់ខ្លះ​ដាក់លើទឹកសោះ។បេ។ ព្រះដ៏​មានព្រះភាគ​ទ្រង់​ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាអ្នកទាំងឡាយបន្ទោបង់ឧច្ចារៈខ្លះ បស្សាវៈខ្លះ ស្តោះទឹកមាត់ខ្លះ​ដាក់លើទឹក ពិតមែនឬ។ ​ភិក្ខុទាំងនោះក្រាប​ទូលថា សូមទ្រង់មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធ​ជា​ម្ចាស់​​ដ៏​មានជោគ ទ្រង់បន្ទោសថា ម្នាល​​មោឃបុរស​ទាំងឡាយ អ្នកទាំងឡាយ មិន​គួរ​នឹងបន្ទោបង់​ឧច្ចារៈខ្លះ បស្សាវៈខ្លះ ស្តោះទឹកមាត់ខ្លះ​ដាក់លើទឹកទេ ម្នាលភិក្ខុ​ទាំងឡាយ​​​ អំពើនេះ មិនជាទី​ជ្រះថ្លា​​ដល់ពួកជន​ដែល​មិនទាន់​​ជ្រះថ្លា ឬនាំពួកជន​ដែល​ជ្រះថ្លា​ហើយ ឲ្យកាន់​​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ត្រូវសំដែង​ឡើងនូវ​សិក្ខាបទ​នេះ​យ៉ាងនេះថា

ភិក្ខុគប្បី​ធ្វើសេចក្តីសិក្សាថា អញនឹងមិនបាន​បន្ទោបង់​ឧច្ចារៈ ឬបស្សាវៈ ឬស្តោះ​ទឹកមាត់​ដាក់លើទឹក។

សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​បានបញ្ញត្ត​ចំពោះពួក​ភិក្ខុ​យ៉ាងនេះ។

[៤៩៧] សម័យនោះឯង ភិក្ខុទាំងឡាយ​មានជម្ងឺ នឹករង្កៀស​នឹងការ​បន្ទោបង់ឧច្ចារៈខ្លះ បស្សាវៈខ្លះ ស្តោះទឹកមាត់​ដាក់លើទឹក។ ភិក្ខុទាំងនោះក៏​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ទ្រង់ធ្វើធម្មីកថា ក្នុងវេលា​នោះ រួច​ទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកដោយ​ព្រះពុទ្ធដីកា​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត្តឲ្យ​ភិក្ខុ​ដែលមានជម្ងឺ បន្ទោបង់ឧច្ចារៈខ្លះ បស្សាវៈខ្លះ ស្តោះទឹកមាត់ខ្លះ​ដាក់លើទឹក​បាន ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បីសំដែង​ឡើងនូវ​សិក្ខាបទ​នេះ​យ៉ាងនេះថា

ភិក្ខុគប្បី​ធ្វើ​សេចក្តី​សិក្សាថា អញគ្មានជម្ងឺ នឹងមិន​បន្ទោបង់​ឧច្ចារៈ ឬបស្សាវៈ ឬស្តោះ​ទឹកមាត់​ដាក់លើទឹក។

ភិក្ខុគ្មានជម្ងឺ មិនត្រូវបន្ទោបង់​ឧច្ចារៈ ឬបស្សាវៈ ឬស្តោះទឹកមាត់​ដាក់លើទឹកទេ។ ភិក្ខុណាគ្មានជម្ងឺ អាស្រ័យ​សេចក្តី​មិនអើពើ ហើយបន្ទោបង់​ឧច្ចារៈ ឬបស្សាវៈ ឬស្តោះទឹកមាត់​​ដាក់លើទឹក ត្រូវអាបត្តិ​ទុក្កដ។

វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុ​មិនក្លែង១ ភិក្ខុមិនមាន​ស្មារតី១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុ​មានជម្ងឺ១ ឧច្ចារៈ​ ឬបស្សាវៈ ឬទឹកមាត់ដែល​ភិក្ខុបន្ទោបង់​ដាក់លើ​គោក ហើយហូរទៅក្នុង​ទឹក១ ភិក្ខុមាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើម​បញ្ញត្តិ១។

បាទុកាវគ្គ ទី ៧ ចប់។

ចំនួនសិក្ខាបទ​ក្នុងសេក្ខិយវត្ត​3) ​នោះគឺ

បរិមណ្ឌលនិវាសន១ បរិមណ្ឌលបារុបន១ សុបដិច្ឆន្នគមន១ សុបដិច្ឆន្ននិសីទន១ សុសំវុតគមន១ សុសំវុតនិសីទន១ ឱក្ខិត្តចក្ខុគមន១ ឱក្ខិត្តចក្ខុនិសីទន១ នឧក្ខិត្តកគមន១ នឧក្ខិត្តកនិសីទន១ នឧជ្ជគ្ឃិកគមន១ នឧជ្ជគ្ឃិកនិសីទន១ អប្បសទ្ទគមន១ អប្បសទ្ទនិសីទន១ នកាយប្បចាលកគមន១ នកាយប្បចាលកនិសីទន១ នពាហុប្បចាលកគមន១ នពាហុប្បចាលកនិសីទន១ នសីសប្បចាលកគមន១ នសីសប្បចាលកនិសីទន១ នក្ខម្ភកតគមន១ នក្ខម្ភកតនិសីទន១ នឱគុណ្ឋិតគមន១ នឱគុណ្ឋិតនិសីទន១ នឧក្កុដិកគមន១ នបល្លត្ថិកនិសីទន១ សក្កច្ចបិណ្ឌបាតបដិគ្គហណ១ បត្តសញ្ញីបដិគ្គហណ១ សមសូបកបដិគ្គហណ១ សមតិគ្គិកបដិគ្គហណ១ សក្កច្ចបិណ្ឌបាតភុញ្ជន១ បត្តសញ្ញីបិណ្ឌបាតភុញ្ជន១ សប្បទានបិណ្ឌបាតភុញ្ជន១ សមសូបកបិណ្ឌបាតភុញ្ជន១ នថូបិកតោមទ្ទនភុញ្ជន១ សូបព្យញ្ជនោទនបដិច្ឆាទន១ សូបោទនវិញ្ញត្តិ១ ឧជ្ឈានសញ្ញីបត្តោលោកន១ នាតិមហន្តកពឡករណ១ បរិមណ្ឌលអាលោបករណ១ នអនាហដទ្វារវិវរណ១ នសព្វហត្ថបក្ខិបន១ នសកពឡព្យាហរណ១ នបិណ្ឌុក្ខេបកភុញ្ជន១ នកពឡាវច្ឆេទក១ នអវគណ្ឌការភុញ្ជន១ នហត្ថនិទ្ធុនកភុញ្ជន១ នសិដ្ឋាវការកភុញ្ជន១ នជិវ្ហានិច្ឆារកភុញ្ជន១ នចបុចបុការកភុញ្ជន១ នសុរុសុរុការកភុញ្ជន១ នហត្ថនិល្លេហកភុញ្ជន១ នបត្តនិល្លេហកភុញ្ជន១ នឱដ្ឋនិល្លេហកភុញ្ជន១ នសាមិសបដិគ្គហណ១ នសសិដ្ឋកឆឌ្ឌន១ នឆត្តបាណិទេសន១ នទណ្ឌបាណិទេសន១ នសត្ថបាណិទេសន១ នអាវុធបាណិទេសន១ នបាទុការុឡ្ហទេសន១ នឧបាហនទេសន១ នយានគតទេសន១ នសយនគតទេសន១ នបល្លត្ថិកទេសន១ នវេដ្ឋិតសីសទេសន១ នឱគុណ្ឋិតសីសទេសន១ នឆមាទេសន១ ននីចាសនទេសន១ នឋិតទេសន១ នបច្ឆតោទេសន១ នឧប្បថទេសន១ នឋិតករណ១ នហរិតករណ១ នឧទកករណ១។

វគ្គទាំង៧នេះគឺ បរិមណ្ឌលវគ្គ១ នឧជ្ជគ្ឃិកវគ្គ១ នខម្ភកតវគ្គ១ នសក្កច្ចវគ្គ១ នាហដវគ្គ១ នសុរុសុរុវគ្គ១ នបាទុកាវគ្គ១។

សេក្ខិយវត្តទាំង​៧៥​សិក្ខាបទ​(នេះ) ព្រះគោតម​ដ៏មានយស ជាទេវតា​ក្រៃលែង​ជាងទេវតា បានបញ្ញត្តហើយ ដើម្បី​ឲ្យពួក​សាវក​សិក្សាតាម។

បពិត្រលោកដ៏មានអាយុ​ទាំងឡាយ វត្តដែលគប្បីសិក្សា​ទាំងឡាយ ខ្ញុំបាន​សំដែង​ឡើងហើយ។ ខ្ញុំសូមសួរ​អស់លោក​ដ៏មានអាយុ​ក្នុងសេក្ខិយវត្តទាំងនោះ លោកទាំងឡាយ​បរិសុទ្ធ​ហើយឬ ខ្ញុំសួរជាគំរប់​ពីរដងផង លោកទាំងឡាយជាអ្នក​បរិសុទ្ធ​ហើយឬ ខ្ញុំសួរជាគំរប់បីដងផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ អស់លោក​ដ៏មានអាយុ​ជាអ្នកបរិសុទ្ធ​ក្នុងសេក្ខិយវត្ត​ទាំងនេះ​ហើយ ព្រោះហេតុនោះ បានជា​អស់​លោកស្ងៀមនៅ។ ខ្ញុំ​សូមចាំទុក​នូវ​សេចក្តី បរិសុទ្ធ​នេះ ដោយអាការ​ស្ងៀមនៅ​យ៉ាងនេះ។

សេក្ខិយកណ្ឌ ចប់។

 

លេខយោង

1)
អដ្ឋកថា យានជំនិះដែល​គេប្រក់​ដំបូល​ខាងលើ​មានសណ្ឋាន​ដូចជាមណ្ឌប។
2)
ទាំងពីរ​ខាងនៃរថនោះ គេពាក់​បង្កង់​សុទ្ធ​សឹង​តែធ្វើ​ពីរបស់ល្អៗ មានមាសប្រាក់​ជាដើម មានទ្រង់ទ្រាយ​ដូចជា​ស្លាបគ្រុឌ។
3)
ព្រះត្រៃបិដក អក្សរឱរុប និងភូមា មិនមាន​គាថាប្រាប់ចំនួន​សិក្ខាបទ​ក្នុងសេក្ខិយកណ្ឌនេះ ដូចក្នុងកណ្ឌឯទៀតៗ​ខាងដើម​នោះទេ ឯកណ្ឌខាងដើម គឺបារាជិកកណ្ឌ​ក្តី តេរសកណ្ឌក្តី រហូត​ដល់បាចិត្តិយកណ្ឌ ក៏សុទ្ធតែ​មានគាថា​ប្រាប់ចំនួន​សិក្ខាបទ​ទាំងអស់ ប្លែកគ្នា​តែ​កន្លែង​ដាក់គាថា កណ្ឌខ្លះ​ដាក់ត្រង់​ចុងបំផុតវគ្គ កណ្ឌខ្លះ​ដាក់​ត្រង់ចុង​បំផុត​កណ្ឌ ឯក្នុង​បាលីស្លឹករឹតអក្សរខម មានគាថាប្រាប់​ចំនួន​សិក្ខាបទ​គ្រប់កន្លែង តាំងពី​បារាជិកកណ្ឌ​ដល់​សេក្ខិយកណ្ឌ។
km/tipitaka/vin/vbu/sk/vin.vbu.sk.v7.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann