តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា »
សុភាសិតខ្លីៗ អំពីគុណសម្បត្ដិអ្នកប្រាជ្ញ ដោយព្រះពុទ្ធ។
sut kn dhp v06 បាលី cs-km: sut.kn.dhp.v06 អដ្ឋកថា: sut.kn.dhp.v06_att PTS: ?
បណ្ឌិតវគ្គ ទី៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៦. បណ្ឌិតវគ្គោ)
[១៦] បុគ្គលគួរឃើញនូវអ្នកប្រាជ្ញណា ដែលជាអ្នកពោលសង្កត់សង្កិន ចង្អុលប្រាប់ទោស ថាដូចជាបុគ្គលអ្នកប្រាប់កំណប់ទ្រព្យឲ្យដូច្នោះ គួរគប់អ្នកប្រាជ្ញបែបនោះ (ព្រោះថា) កាលបុគ្គលគប់អ្នកប្រាជ្ញបែបនោះហើយ រមែងមានសេចក្តីគាប់ប្រសើរ ឥតមានទោសដ៏លាមកឡើយ។
បណ្ឌិតគួរទូន្មានប្រៀនប្រដៅ គួរហាមឃាត់នូវជនទាំងឡាយចាកអំពើអសប្បុរស បណ្ឌិតនោះ រមែងជាទីស្រឡាញ់របស់សប្បុរសតែម្យ៉ាង មិនជាទីស្រឡាញ់នៃអសប្បុរសឡើយ។
បុគ្គល មិនគួរគប់មិត្តអាក្រក់ មិនគួរគប់បុរសថោកទាប គួរគប់តែមិត្តដែលល្អ គួរគប់តែបុរសជាន់ខ្ពស់។
បណ្ឌិត ដែលមានសេចក្តីឆ្អែតក្នុងធម៌ មានចិត្តជ្រះថ្លាហើយ រមែងដេកជាសុខ រមែងត្រេកអរក្នុងធម៌ដែលព្រះអរិយៈប្រកាសទុកហើយគ្រប់ពេល។
ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធ្វើព្រួញ តែងពត់ព្រួញ (ឲ្យត្រង់) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន (ដូច្នោះដែរ)។
ភ្នំថ្មតាន់ មិនរំភើបព្រោះខ្យល់ ដូចម្តេចមិញ បណ្ឌិតទាំងឡាយ ក៏មិនរំភើប ព្រោះពាក្យតិះដៀល និងពាក្យសរសើរ (ជាដើម) ដូច្នោះឯង។
អន្លង់ទឹកដែលជ្រៅ រមែងថ្លា មិនល្អក់យ៉ាងណា បណ្ឌិតទាំងឡាយ បើបានស្តាប់ធម៌ទេសនាហើយ រមែងជ្រះថ្លាស៊ប់សួន យ៉ាងនោះ។
ពួកសប្បុរស តែងលះ (ឆន្ទរាគ) ក្នុងធម៌ទាំងពួង ពួកលោកអ្នកស្ងប់ រមែងមិនរអែរអូវ ព្រោះសេចក្តីប្រាថ្នាក្នុងកាម ពួកបណ្ឌិតបើសេចក្តីសុខ ឬទុក្ខពាល់ត្រូវហើយ រមែងមិនសំដែងអាការឡើងចុះឡើយ។
បណ្ឌិតមិនគួរធ្វើអាក្រក់ ព្រោះហេតុនៃខ្លួន មិនគួរធ្វើអាក្រក់ ព្រោះហេតុនៃអ្នកដទៃ មិនគួរប្រាថ្នាកូន មិនគួរប្រាថ្នាទ្រព្យ មិនគួរប្រាថ្នារដ្ឋ មិនគួរប្រាថ្នាសិទ្ធិ ដើម្បីខ្លួន ដោយហេតុមិនមែនជាធម៌ឡើយ លោកគួរជាអ្នកមានសីល មានប្រាជ្ញាប្រកបដោយធម៌។
បណ្តាមនុស្សទាំងឡាយ ពួកជនណា ដែលឆ្លងដល់ត្រើយ គឺព្រះនិព្វាន ពួកជននោះ មានប្រមាណតិច ចំណែកពួកសត្វក្រៅនេះ រមែងស្ទុះទៅកាន់ត្រើយ (គឺសក្កាយទិដ្ឋិ)។
ជនទាំងឡាយណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលព្រះតថាគតទ្រង់សំដែងទុកហើយ ដោយប្រពៃ ជនទាំងនោះ នឹងឆ្លងនូវលំនៅនៃមច្ចុដែលមិនងាយឆ្លងបាន ហើយដល់នូវព្រះនិព្វាន។
បណ្ឌិតគួរលះបង់ធម៌ខ្មៅ1) ចេញ ញ៉ាំងធម៌2) សឲ្យចំរើនឡើង (ដោយវិធី) ចេញចាកអាល័យ គឺកាមគុណ ហើយឈមទៅរកព្រះនិព្វាន ជាធម្មជាតមិនមានអាល័យ គប្បីលះបង់កាមទាំងឡាយចេញ ជាអ្នកមិនមានកង្វល់ ប្រាថ្នានូវសេចក្តីត្រេកអរ ក្នុងវិវេកដែលពួកសត្វត្រេកអរបានដោយក្រនោះ បណ្ឌិតគួរញ៉ាំងខ្លួនឲ្យផូរផង់ចាកគ្រឿងសៅហ្មងចិត្ត។
ចិត្តដែលបណ្ឌិតទាំងឡាយណា បានអប់រំល្អហើយ ក្នុងអង្គនៃធម៌ ជាគ្រឿងត្រាស់ដឹងទាំងឡាយ ឬបណ្ឌិតទាំងឡាយណា មិនប្រកាន់មាំ ត្រេកអរតែក្នុងការលះនូវសេចក្តីប្រកាន់មាំ បណ្ឌិតទាំងឡាយនោះ ៗ រមែងជាអ្នកអស់អាសវៈ មានសេចក្តីរុងរឿង បរិនិព្វានក្នុងលោក។
ចប់ បណ្ឌិតវគ្គ ទី៦។