តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មជ្ឈិមបណ្ណាសក » ភិក្ខុវគ្គ »
ព្រះពុទ្ធត្រាស់សួរភិក្ខុ អំពីឱរម្ភាគិយសំយោជនៈ៥ រួចទើបត្រាស់សម្ដែង ពីមគ្គ និង បដិបទាផ្សេងៗ ដើម្បីលះនូវឱរម្ភាគិយសំយោជនៈ៥។
mn 064 បាលី cs-km: sut.mn.064 អដ្ឋកថា: sut.mn.064_att PTS: ?
(ទី៤) មហាមាលុង្ក្យោវាទសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៤. មហាមាលុក្យសុត្តំ)
[១៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់សួរយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ បានចាំឱរម្ភាគិយសំយោជនៈ1) ៥ ដែលតថាគតបានសំដែងហើយដែរឬ។ កាលដែលព្រះមានព្រះភាគ ត្រាស់សួរយ៉ាងនេះហើយ ព្រះមាលុង្ក្យបុត្រមានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំឱរម្ភាគិយសំយោជនៈ៥ ដែលព្រះមានព្រះភាគ សំដែងហើយ។ ព្រះអង្គត្រាស់សួរថា ម្នាលមាលុង្ក្យបុត្រ ចុះអ្នកចាំឱរម្ភាគិយសំយោជនៈ៥ ដែលតថាគតសំដែងហើយ ដូចម្តេចខ្លះ។ មាលុង្ក្យបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំថា សក្កាយទិដ្ឋិ ជាឱរម្ភាគិយសំយោជនៈ ដែលព្រះមានព្រះភាគ សំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំថា វិចិកិច្ឆា ជាឱរម្ភាគិយសំយោជនៈ ដែលព្រះមានព្រះភាគ សំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំថា សីលព្វត្តបរាមាសៈ ជាឱរម្ភាគិយសំយោជនៈ ដែលព្រះមានព្រះភាគសំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំថា កាមឆន្ទៈ ជាឱរម្ភាគិយសំយោជនៈ ដែលព្រះមានព្រះភាគសំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំថា ព្យាបាទៈ ជាឱរម្ភាគិយសំយោជនៈ ដែលព្រះមានព្រះភាគសំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំ នូវឱរម្ភាគិយសំយោជនៈ៥ ដែលព្រះមានព្រះភាគ សំដែងហើយ យ៉ាងនេះឯង។
[១៥៤] ព្រះអង្គត្រាស់ថា ម្នាលមាលុង្ក្យបុត្រ អ្នកចាំបាននូវឱរម្ភាគិយសំយោជនៈ៥យ៉ាងនេះ ដែលតថាគតបានសំដែងហើយ ថាជាសំយោជនៈរបស់អ្នកណា ម្នាលមាលុង្ក្យបុត្រ ក្រែងពួកបរិព្វាជក ជាអន្យតិរ្ថិយ នឹងពោលប្រកួតប្រកាន់ ដោយសេចក្តីប្រកួតប្រកាន់ ដែលប្រៀបដោយកូនក្មេងតូចទេដឹង ម្នាលមាលុង្ក្យបុត្រ ដ្បិតកូនក្មេងតូច កំពុងដេកផ្ងារនៅឡើយ នឹងថាមានសក្កាយមិនទាន់បានទេ តើសក្កាយទិដ្ឋិ នឹងកើតឡើង ដល់កូនក្មេងនោះ ដូចម្តេចបាន តែត្រង់សក្កាយទិដ្ឋានុស័យ របស់កូនក្មេងនោះ គង់ដេកនៅខាងក្នុង ម្នាលមាលុង្ក្យបុត្រ កូនក្មេងតូចខ្ចី កំពុងដេកផ្ងារនៅឡើយ នឹងថាមានធម៌ មិនទាន់បានទេ តើសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ នឹងកើតឡើង ដល់កូនក្មេងនោះ ដូចម្តេចបាន តែត្រង់វិចិកិច្ឆានុស័យ របស់កូនក្មេងនោះ គង់ដេកនៅខាងក្នុង ម្នាលមាលុង្ក្យបុត្រ តាមសេចក្តីពិត កូនក្មេងតូចខ្ចី កំពុងដេកផ្ងារនៅឡើយ នឹងថាមានសីល មិនទាន់បានទេ តើសីលព្វត្តបរាមាសៈ ក្នុងសីលទាំងឡាយ នឹងកើតឡើង ដល់កូនក្មេងនោះ ដូចម្តេចបាន តែត្រង់សីលព្វត្តបរាមាសានុស័យ របស់កូនក្មេងនោះ គង់ដេកនៅខាងក្នុង ម្នាលមាលុង្ក្យបុត្រ កូនក្មេងតូចខ្ចី កំពុងដេកផ្ងារនៅឡើយ នឹងថាមានកាម មិនទាន់បានទេ តើកាមច្ឆន្ទៈ ក្នុងកាមទាំងឡាយ នឹងកើតឡើង ដល់កូនក្មេងនោះ ដូចម្តេចបាន តែត្រង់កាមរាគានុស័យ របស់កូនក្មេងនោះ គង់ដេកនៅខាងក្នុង ម្នាលមាលុង្ក្យបុត្រ កូនក្មេងតូចខ្ចី កំពុងដេកផ្ងារនៅឡើយ នឹងថាមានសត្វ មិនទាន់បានទេ តើព្យាបាទ ទៅរកសត្វទាំងឡាយ នឹងកើតឡើង ដល់កូនក្មេងនោះ ដូចម្តេចបាន តែត្រង់ព្យាបាទានុស័យ របស់កូនក្មេងនោះ គង់ដេកនៅខាងក្នុង ម្នាលមាលុង្ក្យបុត្រ ក្រែងពួកបរិព្វាជក ជាអន្យតិរ្ថិយ នឹងពោលប្រកួតប្រកាន់ ដោយសេចក្តីប្រកួតប្រកាន់ ដែលប្រៀបដោយកូនក្មេងនេះឯង ទេដឹង។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគ កាលនេះ ជាកាលគួរហើយ បពិត្រព្រះសុគត កាលនេះ ជាកាលគួរ ដែលព្រះមានព្រះភាគ នឹងសំដែង នូវឱរម្ភាគិយសំយោជនៈ៥ហើយ ពួកភិក្ខុ បើបានស្តាប់ភាសិត របស់ព្រះមានព្រះភាគហើយ នឹងចងចាំទុកបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ ចូរយកចិត្តទុកដាក់ ដោយប្រពៃចុះ តថាគត នឹងសំដែង។ ព្រះអានន្ទមានអាយុ ក៏ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១៥៥] ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលអានន្ទ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនបានស្តាប់ មិនបានឃើញព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌ របស់ព្រះអរិយៈ មិនបានសិក្សា ក្នុងធម៌របស់ព្រះអរិយៈ ទាំងមិនបានជួបប្រទះពួកសប្បុរស មិនឈ្លាសវៃ ក្នុងធម៌របស់សប្បុរស មិនបានសិក្សា ក្នុងធម៌របស់សប្បុរស ជាអ្នកមានសក្កាយទិដ្ឋិគ្របសង្កត់ចិត្ត មានសក្កាយទិដ្ឋិរួបរឹតចិត្ត ទាំងមិនដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវសក្កាយទិដ្ឋិ ដែលកើតឡើង តាមសេចក្តីពិតបានឡើយ សក្កាយទិដ្ឋិនោះ របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ ក៏មិនអាចនឹងរលាស់ចោលបាន (នេះ) ជាឱរម្ភាគិយសំយោជនៈ១។ ជាអ្នកមានវិចិកិច្ឆា គ្របសង្កត់ចិត្ត មានវិចិកិច្ឆារួបរឹតចិត្ត ទាំងមិនបានដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវវិចិកិច្ឆា ដែលកើតឡើង តាមសេចក្តីពិតបានឡើយ វិចិកិច្ឆានោះ របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ ក៏មិនអាចនឹងរលាស់ចេញបាន (នេះ) ជា ឱរម្ភាគិយសំយោជនៈ ១។ ជាអ្នកមានសីលព្វត្តបរាមាសៈ គ្របសង្កត់ចិត្ត មានសីលព្វត្តបរាមាសៈរួបរឹតចិត្ត ទាំងមិនដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវសីលព្វត្តបរាមាសៈ ដែលកើតឡើង តាមសេចក្តីពិតបានឡើយ សីលព្វត្តបរាមាសៈនោះ របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ មិនអាចនឹងរលាស់ចេញបាន (នេះ) ជាឱរម្ភាគិយសំយោជនៈ១។ ជាអ្នកមានកាមរាគ គ្របសង្កត់ចិត្ត មានកាមរាគរួបរឹតចិត្ត ទាំងមិនដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវកាមរាគ ដែលកើតឡើង តាមសេចក្តីពិតបានឡើយ កាមរាគនោះ របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ មិនអាចនឹងរលាស់ចេញបាន (នេះ) ជាឱរម្ភាគិយសំយោជនៈ១។ ជាអ្នកមានព្យាបាទ គ្របសង្កត់ចិត្ត មានព្យាបាទរួបរឹតចិត្ត ទាំងមិនដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវព្យាបាទ ដែលកើតឡើង តាមពិតបានឡើយ ព្យាបាទនោះ របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ មិនអាចនឹងរលាស់ចេញបាន (នេះ) ជាឱរម្ភាគិយសំយោជនៈ១។ ម្នាលអានន្ទ ចំណែកខាងអរិយសាវ័ក ជាអ្នកបានស្តាប់ បានឃើញពួកព្រះអរិយៈ ជាអ្នកឈ្លាសវៃក្នុងធម៌ របស់ព្រះអរិយៈ បានសិក្សា ក្នុងធម៌របស់ព្រះអរិយៈ ទាំងបានឃើញពួកសប្បុរស ជាអ្នកឈ្លាសវៃក្នុងធម៌ របស់សប្បុរស បានសិក្សាក្នុងធម៌ របស់សប្បុរស ជាអ្នកមិនមានសក្កាយទិដ្ឋិគ្របសង្កត់ចិត្ត មិនមានសក្កាយទិដ្ឋិរួបរឹតចិត្ត ទាំងដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវសក្កាយទិដ្ឋិ ដែលកើតឡើង តាមសេចក្តីពិតបាន អរិយសាវ័កនោះ តែងលះបង់នូវសក្កាយទិដ្ឋិ ដែលប្រកបដោយអនុស័យ2) នោះ។ ជាអ្នកមិនមានវិចិកិច្ឆា គ្របសង្កត់ចិត្ត មិនមានវិចិកិច្ឆារួបរឹតចិត្ត ទាំងដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវវិចិកិច្ឆា ដែលកើតឡើង តាមសេចក្តីពិតបាន អរិយសាវ័កនោះ តែងលះបង់នូវវិចិកិច្ឆា ដែលប្រកបដោយអនុស័យនោះ។ ជាអ្នកមិនមានសីលព្វត្តបរាមាសៈ គ្របសង្កត់ចិត្ត មិនមានសីលព្វត្តបរាមាសៈរួបរឹតចិត្ត ទាំងដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវសីលព្វត្តបរាមាសៈ ដែលកើតឡើង តាមសេចក្តីពិតបាន អរិយសាវ័កនោះ តែងលះបង់នូវសីលព្វត្តបរាមាសៈ ដែលប្រកបដោយអនុស័យនោះ។ ជាអ្នកមិនមានកាមរាគ គ្របសង្កត់ចិត្ត មិនមានកាមរាគរួបរឹតចិត្ត ទាំងដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវកាមរាគ ដែលកើតឡើង តាមសេចក្តីពិតបាន អរិយសាវ័កនោះ តែងលះបង់នូវកាមរាគ ដែលប្រកបដោយអនុស័យនោះ។ ជាអ្នកមិនមានព្យាបាទ គ្របសង្កត់ចិត្ត មិនមានព្យាបាទរួបរឹតចិត្ត ទាំងបានដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវព្យាបាទ ដែលកើតឡើង តាមសេចក្តីពិតបាន អរិយសាវ័កនោះ តែងលះបង់នូវព្យាបាទ ដែលប្រកបដោយអនុស័យនោះ។
[១៥៦] ម្នាលអានន្ទ មគ្គណា បដិបទាណា ប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥ បុគ្គលមិនបាច់អាស្រ័យនូវមគ្គនោះ នូវបដិបទានោះទេ ក៏គង់ដឹង ឬគង់ឃើញ គង់លះបង់នូវឱរម្ភាគិយសំយោជនៈ៥បាន ពាក្យដូច្នេះ មិនសមហេតុទេ។ ម្នាលអានន្ទ ដូចដើមឈើធំ ដែលមានខ្លឹម កំពុងឋិតនៅ បុគ្គលមិនបានច្រាសយកសម្បកចេញ មិនបានចាំងយកស្រាយចេញ ក៏គង់តែកាប់យកខ្លឹមបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ មានឧបមាយ៉ាងណាមិញ ម្នាលអានន្ទ មគ្គណា បដិបទាណា ប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥ បុគ្គលមិនបាច់អាស្រ័យនូវមគ្គនោះ បដិបទានោះទេ ក៏គង់ដឹង ឬគង់ឃើញ គង់លះបង់នូវឱរម្ភាគិយសំយោជនៈ៥បាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ មានឧបមេយ្យយ៉ាងនោះដែរ។ ម្នាលអានន្ទ លុះតែមគ្គណា បដិបទាណា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥ បុគ្គលក៏បានអាស្រ័យនូវមគ្គនោះ នូវបដិបទានោះ នឹងដឹង ឬនឹងឃើញ នឹងលះបង់នូវឱរម្ភាគិយសំយោជនៈ៥បាន ពាក្យដូច្នេះនេះ ទើបសមហេតុមែន។ ម្នាលអានន្ទ ដូចដើមឈើដែលមានខ្លឹម កំពុងឋិតនៅ ហើយគេបានច្រាសសំបកចេញ ចាំងស្រាយចេញ ទើបគេកាប់យកខ្លឹមបាន ពាក្យដូច្នេះនេះ ទើបសមហេតុ មានឧបមាយ៉ាងណាមិញ ម្នាលអានន្ទ មគ្គណា បដិបទាណា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥ បុគ្គលក៏បានអាស្រ័យនូវមគ្គនោះ នូវបដិបទានោះ នឹងដឹង ឬនឹងឃើញ នឹងលះបង់ នូវឱរម្ភាគិយសំយោជនៈ៥បាន ពាក្យដូច្នេះនេះ ទើបសមហេតុ ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ ម្នាលអានន្ទ មួយទៀត ដូចទន្លេគង្គា មានទឹកពេញប្រៀប ស្មើនឹងច្រាំង ល្មមក្អែកទំលើមាត់ច្រាំង ឱនផឹកបាន កាលនោះ មានបុរសមានកំឡាំងខ្សោយ ដើរមកដោយគិតថា អាត្មាអញ នឹងឆ្លងកាត់ខ្សែទឹក ត្រង់ទទឹងទន្លេគង្គានេះដោយដៃ ហើយនឹងបានដល់ទៅត្រើយនាយ ដោយសួស្តីដូច្នេះ បុរសនោះ មិនអាចនឹងឆ្លងកាត់ខ្សែទឹក ត្រង់ទទឹងទន្លេគង្គានេះដោយដៃ ទៅដល់ត្រើយខាងនាយ ដោយសួស្តីបានឡើយ មានឧបមាយ៉ាងណាមិញ ម្នាលអានន្ទ កាលតថាគត សំដែងធម៌ ដើម្បីរំលត់នូវសក្កាយៈ ដល់បុគ្គលណាមួយ ចិត្តរបស់បុគ្គលនោះ មិនស្ទុះទៅ មិនជ្រះថ្លា មិនឋិតនៅស៊ប់ មិនជឿជាក់ ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ បណ្ឌិតត្រូវឃើញពួកជនទាំងនោះ ដូចជាបុរស ដែលមានកំឡាំងខ្សោយនោះឯង។ ម្នាលអានន្ទ ទន្លេគង្គា មានទឹកពេញប្រៀប ស្មើមាត់ច្រាំង ល្មមក្អែកទំលើមាត់ច្រាំង ឱនផឹកបាន កាលនោះ បុរសមានកំឡាំង ដើរមកដោយគិតថា អាត្មាអញ នឹងឆ្លងកាត់ខ្សែទឹក ត្រង់ទទឹងទន្លេគង្គានេះដោយដៃ ហើយនឹងបានដល់ត្រើយខាងនាយ ដោយសួស្តីដូច្នេះ បុរសនោះ អាចនឹងឆ្លងកាត់ខ្សែទឹក ត្រង់ទទឹងទន្លេគង្គានេះដោយដៃ ក៏ដល់ទៅត្រើយខាងនាយ ដោយសួស្តីបាន មានឧបមាយ៉ាងណាមិញ ម្នាលអានន្ទ កាលតថាគត សំដែងធម៌ ដើម្បីរំលត់នូវសក្កាយៈ ដល់បុគ្គលណាមួយ ចិត្ត (របស់បុគ្គលនោះ) ក៏ស្ទុះទៅ ជ្រះថ្លា ឋិតនៅស៊ប់ ជឿជាក់ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បណ្ឌិតត្រូវឃើញពួកជនទាំងនោះ ដូចជាបុរស ដែលមានកំឡាំងនោះឯង។
[១៥៧] ម្នាលអានន្ទ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥បាន។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានឧបធិវិវេក ព្រោះលះបង់ នូវពួកអកុសលធម៌ ព្រោះរម្ងាប់ នូវការប្រព្រឹត្តអាក្រក់ ដោយកាយ ដោយសព្វអន្លើ ហើយស្ងប់ស្ងាត់ ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ បានចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ សុខ ដែលកើតអំពីវិវេក ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ភិក្ខុរមែងពិចារណា ឃើញច្បាស់នូវពួកធម៌ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុងខណៈដែលចូលសមាបត្តិនោះ ថាជារបស់មិនទៀង ជាទុក្ខ ជារោគ ជាបូស ជាព្រួញ ជាសេចក្តីមិនសប្បាយ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សាបសូន្យ ជារបស់មិនស្តាប់បង្គាប់ចិត្ត។ ភិក្ខុនោះ រមែងដោះចិត្ត ចាកធម៌ទាំងនោះ លុះភិក្ខុនោះបានដោះចិត្ត ចាកធម៌ទាំងនោះហើយ ក៏បង្អោនចិត្តទៅ ក្នុងអមតធាតុថា ការរម្ងាប់នូវសង្ខារទាំងពួង ការលះបង់នូវឧបក្កិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្តីនឿយណាយ សេចក្តីរលត់តណ្ហា គឺព្រះនិព្វានណា ព្រះនិព្វាននោះ ជាសេចក្តីល្អិត ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរ។ ភិក្ខុនោះ បានឋិតនៅក្នុងវិបស្សនា ដែលមានព្រះត្រៃលក្ខណ៍ជាអារម្មណ៍នោះហើយ រមែងដល់នូវការអស់ទៅនៃអាសវៈទាំងឡាយ បើមិនបានដល់នូវការអស់ទៅនៃអាសវៈទេ ក៏គង់បានទៅកើតជាឱបបាតិកៈកំណើត ព្រោះសេចក្តីត្រេកអរចំពោះសមថធម៌ និងវិបស្សនាធម៌នោះ ព្រោះសេចក្តីរីករាយ ចំពោះធម៌នោះ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈ៥ហើយ នឹងបរិនិព្វានក្នុងទីនោះ មិនត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលអានន្ទ មគ្គនេះឯង បដិបទានេះឯង ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥។ ម្នាលអានន្ទ មួយទៀត ភិក្ខុព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។បេ។ ចូលកាន់តតិយជ្ឈាន។បេ។ ចូលកាន់ចតុត្ថជ្ឈាន ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់ នូវពួកធម៌ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុងខណៈដែលចូលសមាបត្តិ។បេ។ ដើម្បីលះបង់នូវសំយោជនៈទាំងឡាយ។
[១៥៨] ម្នាលអានន្ទ មួយទៀត ភិក្ខុព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះរំលត់នូវបដិឃសញ្ញា ព្រោះមិនយកចិត្តទុកដាក់ នូវនានត្តសញ្ញា ដោយប្រការទាំងពួង ចូលកាន់អាកាសានញ្ចាយតនៈ ដោយបរិកម្មថា អាកាសមិនមានទីបំផុត ដូច្នេះ។ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់ នូវពួកធម៌ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុងខណៈដែលចូលកាន់សមាបត្តិនោះថា ជារបស់មិនទៀង ជាទុក្ខ ជារោគ ជាបូស ជាព្រួញ ជាសេចក្តីមិនសប្បាយ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សាបសូន្យ ជារបស់មិនស្តាប់បង្គាប់ចិត្ត។ ភិក្ខុនោះ រមែងដោះចិត្ត ចាកធម៌ទាំងនោះបាន លុះភិក្ខុនោះ បានដោះចិត្ត ចាកធម៌ទាំងនោះហើយ ក៏បង្អោនចិត្តទៅ ក្នុងអមតធាតុថា ការរម្ងាប់នូវសង្ខារទាំងពួង ការលះបង់នូវឧបក្កិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្តីនឿយណាយ សេចក្តីរលត់នៃតណ្ហា គឺព្រះនិព្វានណា ព្រះនិព្វាននុ៎ះ ជារបស់ល្អិត ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរល្អ។ ភិក្ខុនោះ បានឋិតនៅក្នុងវិបស្សនា ដែលមានព្រះត្រៃលក្ខណ៍ ជាអារម្មណ៍នោះហើយ រមែងដល់នូវការអស់ទៅនៃអាសវៈទាំងឡាយ បើបែរជាមិនបានដល់ នូវការអស់ទៅ នៃអាសវៈទេ ក៏គង់បានទៅកើតជាឱបបាតិកៈកំណើត ព្រោះសេចក្តីត្រេកអរ ចំពោះធម៌នោះ ព្រោះសេចក្តីរីករាយ ចំពោះធម៌នោះ ព្រោះអស់ទៅ នៃឱរម្ភាគិយសំយោជនៈ៥ហើយ នឹងបរិនិព្វាន ក្នុងទីនោះ មិនត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលអានន្ទ មគ្គនេះឯង បដិបទានេះឯង ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱរម្ភាគិយសំយោជនៈ៥។ ម្នាលអានន្ទ មួយទៀត ភិក្ខុកន្លងបង់ នូវអាកាសានញ្ចាយតនៈ ដោយសព្វអន្លើហើយ ចូលកាន់វិញ្ញាណញ្ចាយតនៈ ដោយបរិកម្មថា វិញ្ញាណ មិនមានទីបំផុត។ ភិក្ខុនោះ ពិចារណា នូវពួកធម៌ គឺ វេទនា។បេ។ ដើម្បីលះបង់នូវសំយោជនៈទាំងឡាយ។ ម្នាលអានន្ទ មួយទៀត ភិក្ខុកន្លងបង់ នូវវិញ្ញាណញ្ចាយតនៈ ដោយសព្វអន្លើហើយ ទើបចូលកាន់អាកិញ្ចញ្ញាយតនៈ ដោយបរិកម្មថា អ្វីបន្តិចបន្តួច មិនមាន។ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់ នូវពួកធម៌ គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុងខណៈដែលចូលកាន់សមាបត្តិនោះថា ជារបស់មិនទៀង ជាទុក្ខ ជារោគ ជាបូស ជាព្រួញ ជាសេចក្តីមិនសប្បាយ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សាបសូន្យ ជារបស់មិនស្តាប់បង្គាប់ចិត្ត។ ភិក្ខុនោះ រមែងដោះចិត្ត ចាកធម៌ទាំងនោះបាន លុះភិក្ខុនោះ បានដោះចិត្ត ចាកធម៌ទាំងនោះហើយ រមែងបង្អោនចិត្តទៅ ក្នុងអមតធាតុថា ការរម្ងាប់បង់នូវសង្ខារទាំងពួង ការលះបង់ នូវឧបក្កិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្តីនឿយណាយ សេចក្តីរលត់តណ្ហា គឺព្រះនិព្វានណា ព្រះនិព្វាននុ៎ះ ជារបស់ល្អិត ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរល្អ។ ភិក្ខុនោះ បានឋិតនៅក្នុងវិបស្សនា ដែលមានព្រះត្រៃលក្ខណ៍ ជាអារម្មណ៍ រមែងដល់នូវការអស់ទៅ នៃអាសវៈទាំងឡាយ បើបែរជាមិនបានដល់នូវការអស់ទៅនៃអាសវៈទាំងនោះទេ ក៏គង់បានទៅកើតជា ឱបបាតិកៈកំណើត ព្រោះសេចក្តីត្រេកអរក្នុងធម៌នោះ ព្រោះសេចក្តីរីករាយ ក្នុងធម៌នោះ ព្រោះការអស់ទៅ នៃឱរម្ភាគិយសំយោជនៈ៥ហើយ នឹងបរិនិព្វានក្នុងទីនោះ មិនត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលអានន្ទ មគ្គនេះឯង បដិបទានេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱរម្ភាគិយសំយោជនៈ៥។
[១៥៩] ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន បើមគ្គនុ៎ះ បដិបទានុ៎ះ ប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥បាន កាលបើដូច្នេះ ចុះហេតុដូចម្តេច បានជាក្នុងសាសនានេះ មានពួកភិក្ខុខ្លះ ជាចេតោវិមុត្តិ ពួកភិក្ខុខ្លះ ជាបញ្ញាវិមុត្តិ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ក្នុងសាសនានេះឯង តថាគត ពោលថា ពួកភិក្ខុទាំងនោះ មានឥន្ទ្រិយផ្សេងៗគ្នា។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ព្រះអានន្ទមានអាយុ ក៏រីករាយ ត្រេកអរ នឹងភាសិត របស់ព្រះមានព្រះភាគ។
ចប់ មហាមាលុង្ក្យោវាទសូត្រ ជាគំរប់៤។