តើបុគ្គលដែលជាព្រាហ្មណ៍ (បុគ្គលដែលបរិសុទ្ធនិងស្ចារ្យជាង មានសំណាងជាង) ព្រោះជាតិ (កំណើត) ឬព្រោះកម្ម?
mn 098 បាលី cs-km: sut.mn.098 អដ្ឋកថា: sut.mn.098_att PTS: ?
(ទី៨) វាសេដ្ឋសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៨. វាសេដ្ឋសុត្តំ)
[១២១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃឈ្មោះឥច្ឆានង្គលៈ ជិតស្រុកឈ្មោះឥច្ឆានង្គលៈ។ សម័យនោះឯង មានព្រាហ្មណមហាសាលជាច្រើន សុទ្ធតែជាអ្នកមានកេរ្តិឈ្មោះ ល្បីល្បាញ អាស្រ័យនៅក្នុងស្រុកឥច្ឆានង្គលៈ គឺចង្កីព្រាហ្មណ៍ ១ តារុក្ខព្រាហ្មណ៍ ១ បោក្ខរសាតិព្រាហ្មណ៍ ១ ជាណុស្សោណិព្រាហ្មណ៍ ១ តោទេយ្យព្រាហ្មណ៍ ១ មិនតែប៉ុណ្ណោះសោត មានទាំងពួកព្រាហ្មណមហាសាលដទៃទៀត ក៏សឹងជាអ្នកមានកេរ្តិឈ្មោះល្បីល្បាញដែរ។ វេលានោះ វាសេដ្ឋមាណព និងភារទ្វាជមាណព ទាំងពីរនាក់ កំពុងដើរទៅដើរមក ដើម្បីសម្រួលស្មង ក៏ផ្តើមនូវអន្តរាកថានេះថា ម្នាលអ្នកដ៏ចំរើន មនុស្សឈ្មោះថាព្រាហ្មណ៍ តើដោយហេតុដូចម្តេច។ ភារទ្វាជមាណព បានឆ្លើយយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើកាលណាបុគ្គលមានជាតិល្អទាំងពីរចំណែក គឺ ទាំងខាងមាតា និងខាងបិតា ប្រសូតចាកគភ៌ ដ៏បរិសុទ្ធ ដរាបអំពីគូ នៃជីតាជាគំរប់៧មក មិនមានអ្នកណា តិះដៀលចំអកចំអន់ដោយការពោលដល់ជាតិបាន ម្នាលអ្នកដ៏ចំរើន ដោយហេតុប៉ុណ្ណេះឯង មនុស្ស ទើបឈ្មោះថាព្រាហ្មណ៍។ វាសេដ្ឋមាណព បានពោលយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើកាលណាបុគ្គលមានសីលផង បរិបូណ៌ដោយវត្តផង ដោយហេតុប៉ុណ្ណេះ មនុស្ស ទើបឈ្មោះថា ជាព្រាហ្មណ៍បាន។ ភារទ្វាជមាណព មិនអាចដើម្បីពន្យល់វាសេដ្ឋមាណពបាន ចំណែកខាងវាសេដ្ឋមាណព ក៏មិនអាចដើម្បីនឹងពន្យល់ភារទ្វាជមាណពបានដែរ។
[១២២] លំដាប់នោះ វាសេដ្ឋមាណព និយាយនឹងភារទ្វាជមាណពថា ម្នាលភារទ្វាជៈ ដ៏ចំរើន ព្រះសមណគោតមនេះឯង ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ឥឡូវមកគង់នៅក្នុងដងព្រៃ ឈ្មោះឥច្ឆានង្គលៈ ជិតស្រុកឈ្មោះឥច្ឆានង្គលៈ កិត្តិសព្ទដ៏ល្អ នៃព្រះគោតមដ៏ចំរើននោះ ល្បីឮខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកកិលេសហើយ ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រិត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គទ្រង់ទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គ ជាសាស្ត្រាចារ្យនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀតហើយ ម្នាលភារទ្វាជៈដ៏ចំរើន មក យើងនឹងនាំគ្នាចូលទៅគាល់ព្រះសមណគោតម លុះចូលទៅដល់ហើយ យើងនឹងទូលសួរសេចក្តីនុ៎ះ នឹងព្រះសមណគោតម ព្រះសមណគោតម នឹងដោះស្រាយ ដល់យើងទាំងពីរនាក់ យ៉ាងណា យើងនឹងចាំទុកសេចក្តីនោះយ៉ាងនោះ។ ឯភារទ្វាជមាណព ក៏បានទទួលពាក្យរបស់វាសេដ្ឋមាណពថា យ៉ាងហ្នឹងហើយ អ្នកដ៏ចំរើន។ គ្រានោះ វាសេដ្ឋមាណព និងភារទ្វាជមាណព បាននាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។
[១២៣] លុះវាសេដ្ឋមាណព អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះមានព្រះភាគ ដោយគាថាទាំងឡាយថា
ខ្ញុំព្រះអង្គទាំងពីរនាក់ បានទទួលអនុញ្ញាត អំពីអាចារ្យ ដែលបានឲ្យរៀនសូត្រស្រេចហើយ ទាំងបានប្តេជ្ញាខ្លួនឯងថា បានរៀនសូត្រចេះចាំនូវវេទទាំង៣ ខ្ញុំព្រះអង្គជាសិស្សច្បង របស់បោក្ខរសាតិព្រាហ្មណ៍ ឯមាណពនេះ ជាសិស្សច្បង របស់តារុក្ខព្រាហ្មណ៍ បទណាដែលពួកព្រាហ្មណ៍ ចេះនូវវេទទាំង៣ បានប្រាប់ ដោយអត្ថក្តី ដោយព្យញ្ជនៈក្តី ខ្ញុំព្រះអង្គទាំងពីរនាក់ ក៏បានចូលចិត្តក្នុងបទនោះទាំងអស់ ទាំងសេចក្តីព្យាករណ៍នូវបទ របស់ខ្ញុំព្រះអង្គទាំងពីរនាក់ ក៏ប្រាកដស្មើនឹងអាចារ្យ ត្រង់កន្លែងជាទីពោលមន្ត បពិត្រព្រះគោតម ខ្ញុំព្រះអង្គទាំងពីរនាក់ មានសេចក្តីវិវាទ ក្នុងការពោលអំពីជាតិ ភារទ្វាជមាណព ពោលថា បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ ព្រោះជាតិ ចំណែកខ្ញុំព្រះអង្គពោលថា ព្រោះកម្ម បពិត្រព្រះអង្គអ្នកមានចក្ខុ សូមព្រះអង្គទ្រង់ជ្រាបយ៉ាងនេះ ដោយហេតុនោះហើយ បានជាខ្ញុំព្រះអង្គទាំងពីរនាក់ មិនអាចញុំាងគ្នានឹងគ្នាឲ្យដឹងបាន ទើបនាំគ្នាមកក្រាបទូលសួរព្រះមានព្រះភាគ ដែលប្រាកដថា ជាព្រះសម្ពុទ្ធ ពួកជនតាំងអញ្ជលីកម្ម ថ្វាយបង្គំ ចំពោះទៅរកព្រះចន្ទពេញវង់ យ៉ាងណា គេក៏ថ្វាយបង្គំ ចំពោះព្រះគោតមក្នុងលោក យ៉ាងនោះដែរ ខ្ញុំព្រះអង្គទាំងពីរនាក់ សូមទូលសួរព្រះគោតម ដែលមានដួងចក្ខុកើតឡើង បរិសុទ្ធស្អាតក្នុងលោកថា បុគ្គលដែលជាព្រាហ្មណ៍នោះ តើព្រោះជាតិ ឬព្រោះកម្ម ដ្បិតខ្ញុំព្រះអង្គទាំងពីរនាក់មិនស្គាល់ សូមព្រះអង្គទ្រង់សំដែង ល្មមឲ្យខ្ញុំព្រះអង្គទាំងពីរនាក់ ស្គាល់ថាព្រាហ្មណ៍បានផង។
[១២៤] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវាសេដ្ឋៈ) តថាគត នឹងចែករលែកជាតិ នៃសត្វទាំងឡាយនោះ តាមលំដាប់ ប្រាប់អ្នកទាំងឡាយ ដ្បិតជាតិរបស់សត្វទាំងឡាយ ផ្សេងៗគ្នា អ្នកទាំងឡាយ ស្គាល់តិណជាតិ និងរុក្ខជាតិហើយ ចំណែកតិណជាតិ និងរុក្ខជាតិនោះ មិនស្គាល់ខ្លួនវាថា យើងជាតិណជាតិ ជារុក្ខជាតិដូច្នេះឡើយ សណ្ឋានក៏សម្រេចមកអំពីជាតិ ព្រោះជាតិរបស់វា ទីទៃៗពីគ្នា តាំងពីកណ្តូប កន្ទុំរុយ រហូតដល់ស្រមោចខ្មៅ ស្រមោចក្រហម សណ្ឋានក៏សម្រេចមកអំពីជាតិ ព្រោះជាតិរបស់វា ទីទៃៗពីគ្នា មួយទៀត អ្នកទាំងឡាយ ចូរដឹងសត្វជើង៤ទាំងឡាយ ទាំងតូចទាំងធំ សណ្ឋានក៏សម្រេចមកអំពីជាតិ ព្រោះជាតិរបស់វា ទីទៃៗពីគ្នា មួយទៀត អ្នកទាំងឡាយ ចូរដឹងពួកសត្វ ដែលមានពោះជាជើង ដូចជាឧរគជាតិ ដែលមានខ្នងវែង សណ្ឋានក៏សម្រេចមកអំពីជាតិ ព្រោះជាតិរបស់វា ទីទៃៗពីគ្នា មួយទៀត អ្នកទាំងឡាយ ចូរដឹងពួកមច្ឆជាតិ ដែលនៅក្នុងទឹក មានទឹកជាទីគោចរ សណ្ឋានក៏សម្រេចមកអំពីជាតិ ព្រោះជាតិរបស់វា ទីទៃៗពីគ្នា មួយទៀត អ្នកទាំងឡាយ ចូរដឹងពួកសត្វបក្សី ដែលមានស្លាបជាយាន ហើរទៅក្នុងអាកាស សណ្ឋានក៏សម្រេចមកអំពីជាតិ ព្រោះជាតិរបស់វា ទីទៃៗពីគ្នា សណ្ឋានដែលសម្រេចអំពីជាតិក្នុងជាតិទាំងនុ៎ះច្រើន ដូចម្តេចមិញ សណ្ឋាន ដែលសម្រេចមកអំពីជាតិ ក្នុងមនុស្សទាំងឡាយ មិនមានច្រើនដូច្នោះទេ ព្រោះមិនបាននិយមដោយសក់ទាំងឡាយ មិនបាននិយមដោយក្បាល មិនបាននិយមដោយត្រចៀកទាំងពីរ មិនបាននិយមដោយភ្នែកទាំងពីរ មិនបាននិយមដោយមាត់ មិនបាននិយមដោយច្រមុះ មិនបាននិយមដោយបបូរមាត់ទាំងពីរ មិនបាននិយមដោយចិញ្ចើមទាំងពីរ មិនបាននិយមដោយ ក មិនបាននិយមដោយស្មាទាំងសងខាង មិនបាននិយមដោយពោះ មិនបាននិយមដោយខ្នង មិនបាននិយមដោយត្រគាក មិនបាននិយមដោយទ្រូង មិនបាននិយមដោយទីចង្អៀត មិនបាននិយមដោយមេថុន មិនបាននិយមដោយដៃទាំងពីរ មិនបាននិយមដោយជើងទាំងពីរ មិនបាននិយមដោយម្រាមដៃទាំង១០ មិនបាននិយមដោយក្រចកទាំង១០ មិនបាននិយមដោយស្មងទាំងពីរ មិនបាននិយមដោយភ្លៅទាំងពីរ មិនបាននិយមដោយសម្បុរ មិនបាននិយមដោយសំឡេង ជាសណ្ឋានសម្រេចមកអំពីជាតិ ដូចជាក្នុងជាតិពួកសត្វដទៃក៏ទេ មួយទៀត របស់ដែលអាស្រ័យចំពោះខ្លួន ក្នុងសរីរៈរបស់មនុស្ស នឹងបានដូច្នោះក៏ទេ ឯការផ្សេងគ្នា របស់មនុស្សទាំងឡាយ គេហៅតាមឈ្មោះ ព្រោះថា បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយការភ្ជួររាស់ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនោះ ជាអ្នកភ្ជួររាស់ មិនមែនជាព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណា ចិញ្ចឹមជីវិតដោយសិប្បៈផ្សេងៗ (មានការត្បាញជាដើម) ម្នាលវាសេដ្ឋៈ អ្នកចូរដឹង យ៉ាងនេះថា អ្នកនោះ ឈ្មោះថា ជាអ្នកមានសិប្បៈ មិនមែនព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយការជួញ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនោះ ជាពាណិជ្ជ មិនមែនព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយការបំរើអ្នកដទៃ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនោះ ជាអ្នកបំរើគេ មិនមែនព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយការលួច ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនុ៎ះ ជាចោរ មិនមែនព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយការកាន់គ្រឿងសស្ត្រាវុធ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនុ៎ះ ជាទាហាន មិនមែនព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយនាទីជាបុរោហិត ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនុ៎ះ ជាអ្នកបូជា មិនមែនព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ បរិភោគស្រុក ឬដែន ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនុ៎ះ ជាព្រះរាជា មិនមែនព្រាហ្មណ៍ទេ មួយទៀត តថាគត មិនបានពោល បុគ្គលដែលកើតអំពីកំណើត ឬកើតអំពីសំណាក់នៃមាតា ថាជាព្រាហ្មណ៍ទេ បុគ្គលនោះ គ្រាន់តែឈ្មោះថា ភោវាទី (អ្នកពោលថា ភោភោ) ព្រោះបុគ្គលនោះឯង នៅមានកង្វល់ គឺកិលេស លុះតែបុគ្គលមិនមានកង្វល់ មិនមានសេចក្តីប្រកាន់មាំ ទើបតថាគតពោលថា ជាព្រាហ្មណ៍ បុគ្គលណា កាត់បង់នូវសំយោជនៈទាំងអស់ ហើយមិនបានតក់ស្លុត ដោយតណ្ហា តថាគត ពោលនូវបុគ្គលនោះ ដែលជាអ្នកកន្លងបង់ នូវសេចក្តីចំពាក់ ជាអ្នកប្រាសចាកកិលេស ថាជាព្រាហ្មណ៍ បុគ្គលណា កាត់បង់នូវខ្សែរឹត គឺការចងគំនុំ និងព្រ័ត្រ គឺតណ្ហា និងទី-ត គឺកិលេស គ្រឿងស្ទាក់ គឺទិដ្ឋិ ព្រមទាំងទិដ្ឋានុស័យចេញបាន តថាគត ពោលនូវបុគ្គលនោះ ដែលមានបង្គោល គឺអវិជ្ជាដកចេញហើយ អ្នកត្រាស់ដឹង នូវចតុរារិយសច្ច ថាជាព្រាហ្មណ៍ បុគ្គលណា មិនបានប្រទូស្ត អត់សង្កត់ នូវពាក្យជេរ និងការវាយដំ និងចំណងបាន តថាគត ពោលនូវបុគ្គលនោះ ដែលមានអធិវាសនក្ខន្តីជាកំឡាំង មានពួកពល គឺខន្តី ថាជាព្រាហ្មណ៍ បុគ្គលណា មិនមានសេចក្តីក្រោធ មានធុតង្គវត្ត មានសីលគុណ មិនប៉ោងដោយរាគាទិក្កិលេស មិនមានពុតត្បុត មានសរីរៈតាំងនៅក្នុងទីបំផុត តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា មិនជាប់ ក្នុងកាមទាំងឡាយ ដូចទឹកមិនជាប់លើស្លឹកឈូក ឬដូចគ្រាប់ស្ពៃ មិនជាប់លើចុងនៃដែកស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ក្នុងលោកនេះ ដឹងច្បាស់នូវការអស់ទៅ នៃទុក្ខរបស់ខ្លួន តថាគត ពោលនូវបុគ្គលនោះ ដែលមានភារៈដាក់ចុះហើយ ប្រាសចាកកិលេសហើយ ថាជាព្រាហ្មណ៍ បុគ្គលណា ជាអ្នកប្រាជ្ញ មានប្រាជ្ញាជ្រាលជ្រៅ ឈ្លាសវៃ ក្នុងមគ្គ និងមិនមែនមគ្គ មានប្រយោជន៍ដ៏ខ្ពស់សម្រេចហើយ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា មិនច្រឡំដោយបុគ្គលទាំងពីរពួក គឺគ្រហស្ថ និងបព្វជិត មិនបានជាប់នៅក្នុងអាល័យ គឺកាមគុណ ទាំងមិនមានសេចក្តីប្រាថ្នា តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ដាក់ចុះនូវអាជ្ញា ក្នុងពួកសត្វ អ្នកដែលនៅមានសេចក្តីតក់ស្លុត គឺតណ្ហា មានសេចក្តីខ្ជាប់ខ្ជួន គឺមិនមានតណ្ហា មិនសំឡាប់ដោយខ្លួនឯង មិនប្រើអ្នកដទៃឲ្យសំឡាប់ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា មិនខឹង ក្នុងពួកសត្វដែលខឹង មានសេចក្តីត្រជាក់ ទៅលើពួកសត្វ ដែលមានអាជ្ញាក្នុងខ្លួន ជាអ្នកមិនមានសេចក្តីប្រកាន់ក្នុងពួកបុគ្គល ដែលមានសេចក្តីប្រកាន់ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ រាគៈ ទោសៈ មានះ និងសេចក្តីលុបគុណ របស់បុគ្គលណា ជ្រុះចេញហើយ បីដូចជាគ្រាប់ស្ពៃ ធ្លាក់អំពីចុង នៃដែកស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ពោលវាចាឥតទោស ជាវាចាញុំាងបុគ្គលឲ្យស្គាល់ប្រយោជន៍ ជាវាចាពិត ទាំងមិនបានធ្វើបុគ្គលណាមួយ ឲ្យចំពាក់ដោយវាចាណាឡើយ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា មិនបានបង្អោនរបស់វែង ឬខ្លី តូចឬធំ ល្អឬអាក្រក់ ដែលគេមិនបានឲ្យ ក្នុងលោកនេះ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា មិនមានសេចក្តីប្រាថ្នា ក្នុងលោកនេះ និងលោកខាងមុខ តថាគត ពោលនូវបុគ្គល ដែលមិនមានសេចក្តីប្រាថ្នា ជាអ្នកប្រាសចាកកិលេសនោះ ថាជាព្រាហ្មណ៍ បុគ្គលណា មិនមានសេចក្តីអាល័យ ជាអ្នកដឹងច្បាស់ មិនមានសេចក្តីសង្ស័យ តថាគត ពោលនូវបុគ្គល ដែលបានសម្រេច នូវល្វែងនៃព្រះនិព្វាននោះ ថាជាព្រាហ្មណ៍ បុគ្គលណា ក្នុងលោកនេះ កន្លងបង់ នូវសេចក្តីចំពាក់ទាំងពីរ គឺបុណ្យ និងបាបចេញបានហើយ តថាគត ពោលនូវបុគ្គល ដែលមិនមានសោក ប្រាសចាកធូលី គឺកិលេស ជាអ្នកបរិសុទ្ធស្អាតនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ឥតមានមន្ទិលសៅហ្មង ជាបុគ្គលស្អាតផូរផង់ មិនល្អក់ដោយកិលេស មានតម្រេកក្នុងភពអស់ហើយ ដូចព្រះចន្ទប្រាសចាកមន្ទិល តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ឆ្លងផុតនូវផ្លូវវៀច ផ្លូវផុង ដែលនាំសត្វ ឲ្យអន្ទោលទៅ នាំសត្វឲ្យវង្វេងនេះ បានដល់ត្រើយ គឺព្រះនិព្វាន ជាអ្នកដុតបង់នូវកិលេស ឥតមានតណ្ហា ឥតមានសេចក្តីសង្ស័យ ឥតមានប្រកាន់អ្វីបន្តិចបន្តួច ហើយបរិនិព្វាន តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ក្នុងលោកនេះ លះបង់នូវកាមទាំងឡាយចេញបាន ហើយបួសជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម និងភពអស់ហើយនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ក្នុងលោកនេះ លះបង់នូវតណ្ហាចេញបាន ហើយបួស ជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម1) និងភពអស់ហើយនោះ ថាជាព្រាហ្មណ៍ បុគ្គលណា លះបង់នូវធម៌ ជាគ្រឿងប្រកប គឺកាមគុណ៥ ជារបស់មនុស្ស និងធម៌ ជាគ្រឿងប្រកប គឺកាមគុណ ៥ ជារបស់ទិព្វ តថាគត ពោលនូវបុគ្គល ដែលប្រាសចាកធម៌ ជាគ្រឿងប្រកបទាំងអស់នោះ ថាជាព្រាហ្មណ៍ បុគ្គលណា លះបង់នូវតម្រេក (ក្នុងកាមគុណ ៥ផង) នូវសេចក្តីអផ្សុកផង ជាអ្នកត្រជាក់ត្រជំ មិនមានកិលេស គ្របសង្កត់នូវខន្ធលោកទាំងអស់បាន ជាអ្នកមានព្យាយាម តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ដឹងនូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ដោយប្រការទាំងពួង តថាគត ពោលនូវបុគ្គល ដែលមិនចំពាក់ (ក្នុងអារម្មណ៍) មានដំណើរល្អ អ្នកត្រាស់ដឹង នូវចតុរារិយសច្ចនោះ ថាជាព្រាហ្មណ៍ ទេវតា គន្ធព និងមនុស្សទាំងឡាយ មិនដឹងនូវគតិរបស់បុគ្គលណា តថាគត ពោលនូវបុគ្គលនោះ ដែលជាអ្នកមានអាសវៈអស់ហើយ ជាអរហន្ត ថាជាព្រាហ្មណ៍ បុគ្គលណា មិនមានកង្វល់ គឺកិលេស ក្នុងអតីត អនាគត និងបច្ចុប្បន្នទេ តថាគត ពោលនូវបុគ្គល ដែលមិនមានកង្វល់ មិនមានសេចក្តីប្រកាន់នោះ ថាជាព្រាហ្មណ៍ បុគ្គលណា ជាឧសភៈ (អស់អាច) ជាអ្នកប្រសើរ អ្នកមានសេចក្តីព្យាយាម អ្នកស្វែងរកគុណដ៏ធំ អ្នកមានជ័យជំនះ អ្នកមិនមានសេចក្តីញាប់ញ័រ (ដោយតណ្ហា) អ្នកលាងបង់នូវកិលេស អ្នកត្រាស់ដឹង នូវចតុរារិយសច្ច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ដឹងនូវខន្ធ ដែលខ្លួនអាស្រ័យនៅ ក្នុងភពមុនផង ឃើញសួគ៌ និងអបាយផង ដល់នូវការអស់ទៅ នៃជាតិផង តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ នាម និងគោត្រ ដែលគេបានកំណត់តាំងទុក ហៅតៗគ្នាមក ឈ្មោះនេះ គ្រាន់តែជាវោហារក្នុងលោក ដែលពួកញាតិ និងសាលោហិត បានកំណត់តាំងទុក ក្នុងកាលព្រាហ្មណ៍កើតហើយ ក្នុងទីនោះៗ ក៏កើតជាទិដ្ឋិ ដេកត្រាំនៅក្នុងពួកជន ដែលមិនដឹង អស់កាលជាយូរអង្វែង កាលបើពួកជនទាំងនោះ មិនដឹង ក៏នាំគ្នានិយាយថា បុគ្គលជាព្រាហ្មណ៍ព្រោះជាតិ ឯបុគ្គលខូចកាច មិនមែនព្រោះជាតិទេ បុគ្គលដែលជាព្រាហ្មណ៍ ក៏មិនមែនព្រោះជាតិដែរ បុគ្គលដែលខូចកាច ព្រោះកម្ម គឺការងារ ដែលធ្វើក្នុងបច្ចុប្បន្ន បុគ្គលដែលជាព្រាហ្មណ៍ ក៏ព្រោះកម្ម ជាអ្នកស្រែ ក៏ព្រោះកម្ម ជាអ្នកមានសិប្បៈ ក៏ព្រោះកម្ម ជាពាណិជ ក៏ព្រោះកម្ម ជាអ្នកបំរើគេ ក៏ព្រោះកម្ម ទោះបីជាចោរ ក៏ព្រោះកម្ម ជាទាហាន ក៏ព្រោះកម្ម ជាអ្នកបូជា ក៏ព្រោះកម្ម ជាព្រះរាជា ក៏ព្រោះកម្ម អ្នកប្រាជ្ញទាំងឡាយ អ្នកឃើញច្បាស់ នូវធម៌ជាបច្ច័យអាស្រ័យកើតតៗគ្នា អ្នកឈ្លាសក្នុងវិបាករបស់កម្ម តែងឃើញកម្មនេះ តាមសេចក្តីពិត យ៉ាងនេះថា លោកតែងប្រព្រឹត្តទៅតាមកម្ម ប្រជាជន តែងប្រព្រឹត្តទៅតាមកម្ម សត្វទាំងឡាយ ដែលជាប់នៅក្នុងកម្ម ទើបប្រព្រឹត្តទៅបាន ដូចជារទេះ ដែលមានភ្លៅ ទើបបរទៅបាន បុគ្គលដែលជាព្រាហ្មណ៍ ព្រោះកម្ម ៤យ៉ាងនេះ គឺ តបៈ ១ ព្រហ្មចរិយៈ ១ សំយមៈ ១ ទមៈ ១ កម្ម៤យ៉ាង ដ៏ប្រសើរបំផុតនេះ ជាគុណរបស់ព្រហ្មទាំងឡាយ សប្បុរស ដែលបរិបូណ៌ដោយវិជ្ជា៣ មានភពថ្មីអស់ហើយ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនោះ ហៅថាព្រហ្មក៏បាន ហៅថាឥន្ទក៏បាន សម្រាប់ពួកបណ្ឌិតជាអ្នកដឹង។
[១២៥] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វាសេដ្ឋមាណព និងភារទ្វាជមាណព បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតម ដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយនេះ ដូចគេផ្ងាររបស់ ដែលផ្កាប់ចុះ ឬដូចជាគេបើកបង្ហាញរបស់ ដែលបិទបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចគេកាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សមានចក្ខុ មើលឃើញរូបទាំងឡាយបាន យើងខ្ញុំទាំងឡាយនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក ចាប់ដើមតាំងពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវយើងខ្ញុំទាំងឡាយ ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត។
ចប់ វាសេដ្ឋសូត្រ ទី៨។