km:tipitaka:sut:sn:01:sut.sn.01.v02



នន្ទនវគ្គ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 01.v02 បាលី cs-km: sut.sn.01.v02 អដ្ឋកថា: sut.sn.01.v02_att PTS: ?

នន្ទនវគ្គ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. នន្ទនវគ្គោ)

នន្ទនសូត្រ ទី១

(១. នន្ទនសុត្តំ)

[២៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានទេវតាមួយអង្គ ជាពួកទេវតាជាន់តាវត្តិង្ស មានពួកស្រីអប្សរចោមរោម ឆ្អែតស្កប់ស្កល់ មូលមិត្ត បម្រើដោយកាមគុណ ទាំង៥ ដ៏ជាទិព្វ ក្នុងនន្ទនវនឱទ្យាន បានពោលគាថានេះ ក្នុងវេលានោះថា

ពួកជនណា មិនបានឃើញនន្ទនវនឱទ្យាន ដែលជាទីនៅ របស់ពួកនរទេវតា នៅក្នុងឋានត្រៃត្រិង្ស មានយសស័ក្តិ ពួកជននោះ ឈ្មោះថា មិនស្គាល់ច្បាស់ នូវសេចក្តីសុខទេ។

[២៥] ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ពោលយ៉ាងនេះហើយ មានទេវតាមួយអង្គទៀត (ជាអរិយសាវិកា) ពោលគាថាតប នឹងទេវតានោះវិញថា

ម្នាលទេវតាពាល អ្នកឯងមិនបានដឹងច្បាស់ នូវពាក្យរបស់ព្រះអរហន្តទាំងឡាយថា សង្ខារទាំងពួងមិនទៀងទេ មានកិរិយាកើតឡើង និងកិរិយារលត់ទៅវិញជាធម្មតា កើតឡើងហើយ តែងរលត់ទៅវិញ លុះតែរម្ងាប់នូវសង្ខារទាំងនោះបាន ទើបនាំមកនូវសេចក្តីសុខ។

នន្ទិសូត្រ ទី២

(២. នន្ទតិសុត្តំ)

[២៦] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

អ្នកមានកូន រមែងត្រេកអរនឹងកូនទាំងឡាយ អ្នកមានគោ រមែងត្រេកអរ នឹងគោទាំងឡាយ ដូច្នោះដែរ ឧបធិ1) ទាំងឡាយ ជាគ្រឿងត្រេកអររបស់ជន អ្នកណា មិនមានឧបធិ អ្នកនោះ មិនមានអ្វីត្រេកអរ (នឹងគេបាន)។

[២៧] ព្រះអង្គត្រាស់ថា

អ្នកមានកូន រមែងសោកសៅនឹងកូនទាំងឡាយ អ្នកមានគោ ក៏សោកសៅនឹងគោទាំងឡាយ ដូច្នោះដែរ ដ្បិតឧបធិទាំងឡាយ ជាគ្រឿងសោកសៅរបស់ជន លុះតែអ្នកណា មិនមានឧបធិ ទើបអ្នកនោះ មិនសោកសៅ។

នត្ថិបុត្តសមសូត្រ ទី៣

(៣. នត្ថិបុត្តសមសុត្តំ)

[២៨] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

សេចក្តីស្រឡាញ់ស្មើនឹងកូន មិនមាន ទ្រព្យស្មើនឹងគោ មិនមាន ពន្លឺស្មើនឹងព្រះអាទិត្យមិនមាន ស្រះទាំងឡាយ ប្រសើរជាងសមុទ្រ។

[២៩] ព្រះអង្គត្រាស់ថា

សេចក្តីស្រឡាញ់ស្មើនឹងខ្លួន មិនមាន ទ្រព្យស្មើនឹងស្រូវ មិនមាន ពន្លឺស្មើនឹងប្រាជ្ញាមិនមាន ទឹកភ្លៀងហ្នឹងឯង ទុកជាស្រះប្រសើរជាង។

ខត្តិយសូត្រ ទី៤

(៤. ខត្តិយសុត្តំ)

[៣០] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ក្សត្រិយ៍ប្រសើរជាងពួកសត្វជើង២ គោ ប្រសើរជាងពួកសត្វជើង៤ ប្រពន្ធក្មេង ប្រសើរជាងប្រពន្ធទាំងឡាយ កូនច្បងប្រសើរជាងកូនទាំងឡាយ។

[៣១] ព្រះអង្គត្រាស់ថា

ព្រះសម្ពុទ្ធប្រសើរជាងពួកសត្វជើង២ អាជានេយ្យ2) ប្រសើរជាងពួកសត្វជើង៤ ប្រពន្ធស្តាប់បង្គាប់ ប្រសើរជាងប្រពន្ធទាំងឡាយ កូនដែលស្តាប់ឱវាទ ប្រសើរជាងកូនទាំងឡាយ។

សកមានសូត្រ ទី៥

(៥. សណមានសុត្តំ)

[៣២] ទេវតាទូលថា

ក្នុងកាលកំពុងថ្ងៃត្រង់ ហ្វូងសត្វបក្សីទំសម្រាក ព្រៃធំហាក់ដូចជាឮសូររំពងខ្លាំង សូរសន្ធឹកនោះឯង ជាភ័យប្រាកដជាក់ស្តែង ដល់ខ្ញុំព្រះអង្គ។

[៣៣] ព្រះអង្គត្រាស់ថា

ក្នុងកាលកំពុងថ្ងៃត្រង់ ហ្វូងបក្សីទំសម្រាក ព្រៃធំហាក់ដូចជាឮសូររំពងខ្លាំង ការអង្គុយម្នាក់ឯងនោះ ជាសេចក្តីត្រេកអរប្រាកដ ដល់តថាគត។

និទ្ទាតន្ទិសូត្រ ទី៦

(៦. និទ្ទាតន្ទីសុត្តំ)

[៣៤] ទេវតាទូលថា

ការល្មោភលក់ សេចក្តីខ្ជិលច្រអូស ការមឹតពត់កាយ សេចក្តីមិនរីករាយ សេចក្តីស្រវឹងអាហារ ព្រោះទោសទាំងនេះ បានជាអរិយមគ្គ មិនជាក់ច្បាស់ ដល់ពួកសត្វក្នុងលោកនេះឡើយ។

[៣៥] ព្រះអង្គត្រាស់ថា

លុះតែលះបង់ការល្មោភលក់ សេចក្តីខ្ជិលច្រអូស ការមឹតពត់កាយ សេចក្តីមិនរីករាយ និងសេចក្តីស្រវឹងក្នុងអាហារនោះ ដោយសេចក្តីព្យាយាមបានហើយ ទើបអរិយមគ្គ ស្អាតបាន។

ទុក្ករសូត្រ ទី៧

(៧. ទុក្ករសុត្តំ)

[៣៦] ទេវតាទូលថា

សមណធម៌ ជាធម៌ដែលបុគ្គលពាលធ្វើបានដោយក្រផង អត់ទ្រាំបានដោយក្រផង ព្រោះថាបុគ្គលពាល រមែងលិចចុះ ក្នុងសមណធម៌ណា សេចក្តីចង្អៀតចង្អល់ជាច្រើន (រមែងមាន) ក្នុងសមណធម៌នោះ។

[៣៧] ព្រះអង្គត្រាស់ថា

បើបុគ្គលឃាត់ចិត្តមិនបានទេ តើគួរប្រព្រឹត្តសមណធម៌បានប៉ុន្មានថ្ងៃ ព្រោះថា បុគ្គល អ្នកលុះក្នុងអំណាចសង្កប្បៈទាំងឡាយ រមែងលិចចុះគ្រប់ៗអារម្មណ៍ ភិក្ខុ កាលរីករាយក្នុងសេចក្តីត្រិះរិះ ដែលកើតឡើងក្នុងចិត្ត ដូចអណ្តើក កាលរីករាយនឹងអវយវៈទាំងឡាយ ក្នុងស្នូករបស់ខ្លួន ជាបុគ្គលមិនបានអាស្រ័យ មិនបៀតបៀនអ្នកដទៃ ដោយតណ្ហា និងទិដ្ឋិ ជាអ្នករំលត់កិលេស មិនបានពោលតិះដៀលបុគ្គលណាមួយឡើយ។

ហិរិសូត្រ ទី៨

(៨. ហិរីសុត្តំ)

[៣៨] ទេវតាទូលថា

បុរសដែលបន្ទោបង់អំពើអាក្រក់ ដោយសេចក្តីអៀនខ្មាសបាន សឹងមានតិចក្នុងលោក អ្នកដែលបន្ទោបង់ការល្មោភលក់ ហើយភ្ញាក់រឭកបាន ដូចជាសេះល្អ (ដែលតក់ស្លុត) ដោយរំពាត់ ក៏មានតិចក្នុងលោកដែរ។

[៣៩] ព្រះអង្គត្រាស់ថា

ពួកជនដែលមានស្មារតីរាល់វេលា ប្រព្រឹត្តទៅ ដើម្បីការពារអំពើអាក្រក់ ដោយសេចក្តីអៀនខ្មាស សឹងមានស្តួចស្តើង លុះតែពួកជន ដែលដល់នូវទីបំផុតទុក្ខ ទើបប្រព្រឹត្តធម៌ស្មើក្នុងលោកសន្និវាសដែលមិនស្មើបាន។

កុដិកាសូត្រ ទី៩

(៩. កុដិកាសុត្តំ)

[៤០] ទេវតាទូលសួរថា

ខ្ទមរបស់ព្រះអង្គ មិនមានទេឬ សំបុករបស់ព្រះអង្គ មិនមានទេឬ តំណវង្សរបស់ព្រះអង្គ មិនមានទេឬ ព្រះអង្គរួចចាកចំណងហើយឬ។

[៤១] ព្រះអង្គត្រាស់ថា

អើខ្ទមរបស់តថាគត គ្មានសោះទេ អើសំបុកក៏គ្មានសោះទេ អើតំណវង្សក៏គ្មានសោះដែរ អើតថាគតរួចចាកចំណងជាប្រាកដហើយ។

[៤២] ទេវតាទូលសួរថា

ចុះខ្ញុំពោលសំដៅអ្វីថាជាខ្ទម របស់ព្រះអង្គ ខ្ញុំពោលសំដៅអ្វីថាជាសំបុក របស់ព្រះអង្គ ខ្ញុំពោលសំដៅអ្វី ថាជាតំណវង្សរបស់ព្រះអង្គ ខ្ញុំពោលសំដៅអ្វី ថាជាចំណង របស់ព្រះអង្គ។

[៤៣] ព្រះអង្គត្រាស់តបថា

អ្នកពោលសំដៅមាតា ទុកជាខ្ទម អ្នកពោលសំដៅភរិយា ទុកជាសំបុក អ្នកពោលសំដៅពួកបុត្រ ទុកជាតំណវង្ស អ្នកពោលសំដៅតណ្ហា ទុកជាចំណង របស់តថាគត។

[៤៤] ទេវតាទូលថា

ព្រះអង្គគ្មានខ្ទមមែនហើយ គ្មានសំបុកមែនហើយ គ្មានតំណវង្សមែនហើយ ព្រះអង្គរួចចាកចំណងពិតមែនហើយ។

សមិទ្ធិសូត្រ ទី១០

(១០. សមិទ្ធិសុត្តំ)

[៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងតបោទារាម ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះសមិទ្ធិមានអាយុ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ចូលទៅឯស្ទឹងតបោទា ដើម្បីស្រោចស្រប់ខ្លួន លុះស្រោចស្រប់ខ្លួន ក្នុងអន្លង់ដែលមានទឹកក្តៅរួចហើយ ឡើងមក មានតែចីវរ១ ឈរសំដិលខ្លួន។

[៤៦] លុះរាត្រីបឋមយាមកន្លងហើយ កាលនោះ ទេវតា១អង្គ មានរស្មីដ៏រុងរឿង ញុំាងស្ទឹងតបោទាទាំងមូល ឲ្យរុងរឿង ហើយចូលទៅរកព្រះសមិទ្ធិមានអាយុ លុះចូលទៅដល់ហើយ ក៏ឋិតនៅនាអាកាស ពោលគាថា នឹងព្រះសមិទ្ធិមានអាយុថា

នែភិក្ខុ លោកមិននៅបរិភោគ (កាមគុណ) មកដើរបិណ្ឌបាត ម្តេចក៏លោកមិនបរិភោគ ហើយសឹមត្រាច់បិណ្ឌបាត នែភិក្ខុ ចូរលោកបរិភោគកាម ហើយសឹមត្រាច់បិណ្ឌបាតចុះ កុំឲ្យកាល (នៅក្មេង) កន្លងហួសលោកឡើយ។

[៤៧] អាត្មាមិនដឹងកាល (ដែលត្រូវស្លាប់) ទេ ព្រោះកាល(ត្រូវស្លាប់) កំបាំងជិតមិនប្រាកដសោះ ហេតុនោះ បានជាអាត្មា មិននៅបរិភោគកាម មកត្រាច់បិណ្ឌបាត កុំឲ្យកាល (ធ្វើសមណធម៌) កន្លងហួសអាត្មាឡើយ។

[៤៨] គ្រានោះឯង ទេវតាអង្គនោះ ត្រឡប់មកឈរលើប្រឹថពីវិញ ហើយនិយាយនឹងព្រះសមិទ្ធិមានអាយុ យ៉ាងនេះថា នែភិក្ខុ លោកនៅកម្លោះ មកបួសទាំងនៅក្មេង កំពុងមានសក់ខ្មៅស្រិល ទើបតែពេញវ័យ កំពុងចម្រើន គឺបឋមវ័យ មិនទាន់បានលេងក្នុងកាមទាំងឡាយឡើយ នែភិក្ខុ ចូរលោកបរិភោគកាម ជារបស់មនុស្សវិញ លោកកុំលះបង់នូវសន្ទិដ្ឋិកកាម3) ហើយស្ទុះទៅរកកាលិកកាម4) ឡើយ។

[៤៩] ម្នាលអាវុសោ អាត្មាលះបង់សន្ទិដ្ឋិកកាមហើយ មិនមែនស្ទុះទៅរកកាលិកកាមទេ ម្នាលអាវុសោ តែអាត្មាលះបង់កាលិកកាម5) ហើយប្រាថ្នាយកសន្ទិដ្ឋិកលោកុត្តរធម៌វិញ ម្នាលអាវុសោ ព្រោះថា កាលិកកាម6) ទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ ខ្លាំងពន់ពេក ធម៌នេះ ជាសន្ទិដ្ឋិកៈ ជាអកាលិកៈ ជាឯហិបស្សិកៈ ជាឱបនយិកៈ ជាបច្ចត្តវេទិតព្វធម៌។

[៥០] នែភិក្ខុ ចុះកាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ ខ្លាំងពន់ពេក តើដូចម្តេច ធម៌នេះ ជាសន្ទិដ្ឋិកៈ ជាអកាលិកៈ ជាឯហិបស្សិកៈ ជាឱបនយិកៈ ជាបច្ចត្តវេទិតព្វធម៌ តើដូចម្តេច។

[៥១] ម្នាលអាវុសោ អាត្មាជាភិក្ខុថ្មី បួសមិនទាន់បានយូរប៉ុន្មាន ទើបតែមកកាន់ធម្មវិន័យនេះថ្មីៗ អាត្មាមិនអាចនឹងប្រាប់អ្នក ដោយពិស្តារបានទេ ព្រះមានព្រះភាគ អង្គនោះ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ ទ្រង់គង់នៅក្នុងតបោទារាម ទៀបក្រុងរាជគ្រឹះ ចូរអ្នកចូលទៅគាល់ព្រះមានព្រះភាគ អង្គនោះ ហើយទូលសួរសេចក្តីនុ៎ះចុះ ព្រះមានព្រះភាគ ទ្រង់ដោះស្រាយ ដល់អ្នកយ៉ាងណា ត្រូវអ្នកចាំសេចក្តីនោះ យ៉ាងនោះចុះ។ ទេវតានោះតបថា នែភិក្ខុ ព្រះមានព្រះភាគ អង្គនោះ យើងមិនងាយនឹងចូលទៅគាល់បានទេ ដ្បិតមានពួកទេវតាដទៃ ដែលមានស័ក្តិធំ ចោមរោមជុំវិញព្រះអង្គ នែភិក្ខុ ប្រសិនបើលោកចូលទៅគាល់ព្រះមានព្រះភាគអង្គនោះ ហើយសួរសេចក្តីនុ៎ះផង ឯខ្ញុំព្រះករុណា ក៏មកដើម្បីស្តាប់ធម៌ដែរ។ ព្រះសមិទ្ធិមានអាយុ ក៏ទទួលពាក្យរបស់ទេវតានោះថា ចម្រើនពរ អាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។

[៥២] លុះព្រះសមិទ្ធិមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គបានក្រោកឡើង ក្នុងបច្ចូសសម័យនៃរាត្រី ហើយក៏ចូលទៅកាន់ស្ទឹងតបោទា ដើម្បីស្រោចស្រប់ខ្លួន លុះស្រោចស្រប់ខ្លួន ក្នុងស្ទឹងតបោទារួចហើយ ឡើងមកវិញ មានតែចីវរមួយ ឈរសំដិលខ្លួន បពិត្រព្រះអង្គដ៏ចំរើន នាកាលរាត្រីបឋមយាម កន្លងហើយ ស្រាប់តែទេវតាមួយអង្គ មានរស្មីរុងរឿង ញុំាងស្ទឹងតបោទាទាំងមូល ឲ្យភ្លឺស្វាងរុងរឿង ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ក៏ឋិតនៅនាអាកាស ពោលគាថានេះថា

នែភិក្ខុ លោកមិននៅបរិភោគ (កាមគុណ) មកដើរបិណ្ឌបាត ម្តេចក៏លោកមិនបរិភោគ ហើយសឹមត្រាច់បិណ្ឌបាត នែភិក្ខុ ចូរលោកបរិភោគ ហើយសឹមត្រាច់បិណ្ឌបាតចុះ កុំឲ្យកាល (នៅក្មេង) កន្លងហួសលោកឡើយ។

បពិត្រព្រះអង្គដ៏ចំរើន កាលទេវតានោះ និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាននិយាយតបនឹងទេវតានោះ ដោយគាថា ដូច្នេះថា

អាត្មាមិនដឹងកាល (ដែលត្រូវស្លាប់) ទេ ព្រោះកាល (ត្រូវស្លាប់) កំបាំងជិតមិនប្រាកដសោះ ហេតុនោះ បានជាអាត្មា មិននៅបរិភោគ មកត្រាច់បិណ្ឌបាត កុំឲ្យកាល (ធ្វើសមណធម៌) កន្លងហួសអាត្មាឡើយ។

បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ទេវតានោះ ត្រឡប់មកឈរលើប្រឹថពីវិញ ហើយនិយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា នែភិក្ខុ លោកនៅកម្លោះ មកបួសទាំងនៅក្មេង កំពុងមានសក់ខ្មៅស្រិល ទើបតែពេញវ័យ កំពុងចម្រើន គឺបឋមវ័យ មិនទាន់បានលេងក្នុងកាមទាំងឡាយឡើយ នែភិក្ខុ ចូរលោកបរិភោគកាម ជារបស់មនុស្សវិញ លោកកុំលះបង់ នូវសន្ទិដ្ឋិកកាម ហើយស្ទុះទៅរកកាលិកកាមឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើទេវតានោះ និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏បាននិយាយនឹងទេវតានោះ យ៉ាងនេះថា ម្នាលអាវុសោ អាត្មាលះបង់សន្ទិដ្ឋិកកាមហើយ មិនមែនស្ទុះទៅរកកាលិកកាមវិញទេ ម្នាលអាវុសោ តែអាត្មាលះបង់កាលិកកាម ប្រាថ្នាយកសន្ទិដ្ឋិកលោកុត្តរធម៌វិញ ម្នាលអាវុសោ ព្រោះថា កាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ ខ្លាំងពន់ពេក ធម៌នេះ ជាសន្ទិដ្ឋិកៈ ជាអកាលិកៈ ជាឯហិបស្សិកៈ ជាឱបនយិកៈ ជាបច្ចត្តវេទិតព្វធម៌។ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ ទេវតានោះ ក៏និយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា នែភិក្ខុ ចុះកាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ ខ្លាំងពន់ពេក តើដូចម្តេច ធម៌នេះ ជាសន្ទិដ្ឋិកៈ ជាអកាលិកៈ ជាឯហិបស្សិកៈ ជាឱបនយិកៈ ជាបច្ចត្តវេទិតព្វធម៌ តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបើទេវតានិយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏បានពោលនឹងទេវតានោះ យ៉ាងនេះថា ម្នាលអាវុសោ អាត្មាជាភិក្ខុថ្មី បួសមិនទាន់បានយូរប៉ុន្មាន ទើបតែមកកាន់ធម្មវិន័យនេះថ្មីៗ អាត្មា មិនអាចនឹងសំដែងប្រាប់អ្នក ដោយពិស្តារបានទេ ព្រះមានព្រះភាគ អង្គនោះ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ ទ្រង់គង់នៅក្នុងតបោទារាម ទៀបក្រុងរាជគ្រឹះ ចូរអ្នកទៅគាល់ព្រះមានព្រះភាគ អង្គនោះ ហើយសួរសេចក្តីនុ៎ះចុះ ព្រះមានព្រះភាគ ទ្រង់ដោះស្រាយដល់អ្នកយ៉ាងណា អ្នកត្រូវចាំសេចក្តីនោះ យ៉ាងនោះចុះ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ ទេវតានោះ និយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា នែភិក្ខុ ព្រះមានព្រះភាគអង្គនោះ ខ្ញុំមិនងាយនឹងចូលទៅគាល់បានទេ ដ្បិតពួកទេវតាដទៃ ដែលមានស័ក្តិធំ ចោមរោមជុំវិញព្រះអង្គ នែភិក្ខុ ប្រសិនបើលោកចូលទៅគាល់ព្រះមានព្រះភាគ អង្គនោះ ហើយសួរសេចក្តីនុ៎ះផង ឯខ្ញុំព្រះករុណា ក៏មកស្តាប់ធម៌ដែរ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពាក្យរបស់ទេវតានេះ ជាពាក្យពិត ទេវតានោះ ឋិតនៅក្នុងទីនេះ មិនឆ្ងាយប៉ុន្មានទេ។ កាលព្រះសមិទ្ធិមានអាយុ និយាយយ៉ាងនេះហើយ ទេវតានោះ ក៏និយាយនឹងព្រះសមិទ្ធិមានអាយុថា នែភិក្ខុ ចូរលោកសួរចុះ នែភិក្ខុ ចូរលោកសួរចុះ ខ្ញុំមកដល់ហើយ។

[៥៣] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងទេវតានោះ ដោយគាថា ដូច្នេះថា

ពួកសត្វដែលមានសេចក្តីសំគាល់ក្នុងបញ្ចក្ខន្ធ ប្រកាន់ស្អិតក្នុងបញ្ចក្ខន្ធ មិនកំណត់យល់ច្បាស់ នូវបញ្ចក្ខន្ធ រមែងលុះក្នុងអំណាច នៃសេចក្តីស្លាប់ បុគ្គលដែលកំណត់យល់ច្បាស់ នូវបញ្ចក្ខន្ធហើយ រមែងមិនត្រូវការបុគ្គលអ្នកប្រាប់ទេ ព្រោះការនោះ មិនមានដល់បុគ្គលនោះឡើយ ហេតុនោះ ជនណាមួយ គប្បីដៀលបុគ្គលនោះ ដោយហេតុណា ហេតុនោះ មិនមានដល់បុគ្គលនោះទេ ម្នាលទេវតា បើអ្នកដឹងច្បាស់ អ្នកត្រូវនិយាយមកចុះ។

ទេវតានោះតបថា

បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែង ដោយសេចក្តីសង្ខេបនេះ ខ្ញុំព្រះអង្គមិនបានដឹងសេចក្តី ដោយពិស្តារទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ដោយសេចក្តីសង្ខេបនេះ ឲ្យខ្ញុំព្រះអង្គបានយល់សេចក្តីដោយពិស្តារ។

[៥៤] ព្រះមានព្រះភាគត្រាស់ថា

បុគ្គលណា សំគាល់ខ្លួនថាស្មើនឹងគេ ថាវិសេសជាងគេ ឬថាថោកទាបជាងគេ បុគ្គលនោះ រមែងទាស់ទែង ដោយសេចក្តីសំគាល់នោះ បុគ្គលណា មិនបានញាប់ញ័រ ក្នុងសេចក្តីប្រកាន់ ទាំង៣ប្រការទេ សេចក្តីប្រកាន់ថាសើ្មនឹងគេ ថាវិសេសជាងគេ រមែងមិនមានដល់បុគ្គលនោះឡើយ ម្នាលទេវតា បើអ្នកដឹងច្បាស់ អ្នកចូរនិយាយមកចុះ។

ទេវតាតបថា

បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ ដោយសេចក្តីសង្ខេបនេះ ខ្ញុំព្រះអង្គមិនយល់សេចក្តី ដោយពិស្តារទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ ដោយសេចក្តីសង្ខេបនេះ ឲ្យខ្ញុំព្រះអង្គយល់ ដោយពិស្តារ។

[៥៥] ព្រះមានព្រះភាគត្រាស់ថា

បុគ្គលបានលះបង់នូវកង្វល់ហើយ រមែងមិនមករកវិមាន (ផ្ទៃនៃមាតាទៀត) ទេ បុគ្គលបានផ្តាច់បង់ចំណង់ក្នុងនាមរូបនេះហើយ ពួកទេវតា និងមនុស្សទាំងឡាយ រកមើលនូវបុគ្គលដែលផ្តាច់ធម៌ ជាគ្រឿងចាក់ស្រែះ ដែលមិនមានទុក្ខ មិនមានសេចក្តីអាឡោះអាឡ័យនោះ ក្នុងលោកនេះ ឬក្នុងលោកខាងមុខ ក្នុងឋានសួគ៌ ឬក្នុងលំនៅរបស់សត្វ7) គ្រប់កន្លែងមិនឃើញទេ ម្នាលទេវតា បើអ្នកដឹងច្បាស់ អ្នកចូរនិយាយមកចុះ។

[៥៦] បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគទ្រង់ត្រាស់ដោយសេចក្តីសង្ខេបនេះ ខ្ញុំព្រះអង្គបានយល់សេចក្តីដោយពិស្តារយ៉ាងនេះថា

បុគ្គលមិនត្រូវធ្វើកង្វល់ដ៏លាមក ដោយវាចា ដោយចិត្ត ឬដោយកាយ ក្នុងលោកទាំងអស់ បុគ្គលមានសតិ និងសម្បជញ្ញៈ បានលះបង់កាមទាំងឡាយហើយ មិនគួរសេពគប់នូវសេចក្តីទុក្ខ ដែលមិនប្រកបដោយប្រយោជន៍ទេ។

ចប់ នន្ទនវគ្គ ទី២។

ឧទ្ទាននៃនន្ទនវគ្គ នោះគឺ

នន្ទនសូត្រ១ នន្ទិសូត្រ១ នត្ថិបុត្តសមសូត្រ១ ខត្តិយសូត្រ១ សកមានសូត្រ១ និទ្ទាតន្ទិសូត្រ១ ទុក្ករសូត្រ១ ហិរិសូត្រ១ មានកុដិកាសូត្រ ជាគម្រប់៩ និងសមិទ្ធិសូត្រ ជាគម្រប់១០ ដែលបានពោលមកហើយ។

 

លេខយោង

1)
ឧបធិ មាន៤យ៉ាងគឺ កាមូបធិ១ ខន្ធូបធិ១ កិលេសូបធិ១ អភិសង្ខារូបធិ១ តែក្នុងទីនេះ លោកសំដៅយកកាមូបធិ គឺទេវតានោះ សំដៅយកអ្នកខ្សត់សម្បត្តិកាមគុណ រមែងរកអ្វីត្រេកអរនឹងគេគ្មានទេ។
2)
អដ្ឋកថា ដំរីក្តី សេះក្តី គោក្តី ដែលចេះដឹង យល់ហេតុឆាប់បាន ហៅថា អាជានេយ្យ។
3)
សន្ទិដ្ឋិកកាម សំដៅយកកាមរបស់មនុស្ស។
4)
កាលិកកាម សំដៅយកកាមរបស់ទេវតា។
5)
១.២សំដៅយកកាមរបស់មនុស្ស និងទេវតា
6)
7)
ទីលំនៅរបស់សត្វ ក្នុងទីនេះ បានដល់ ភព៣ កំណើត៤ គតិ៥ វិញ្ញាណដ្ឋិតិ៧ លំនៅរបស់សត្វ ទាំង៩។
km/tipitaka/sut/sn/01/sut.sn.01.v02.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann